- ទឹកធ្លាក់ស្រុកខ្មែរ "Waterfalls of Cambodia"
- https://sakkarach.com/2022/05/25/121139/
- https://sbm.news/articles/62610f2ac1a2dfdf38b5e1ab
យុវតីស្រឡាញ់បរិស្ថាន ដើរផ្សងព្រេងស្វែងរកជ្រោះមរណៈកណ្ដាលព្រៃរយៈពេល ១០ ថ្ងៃ
ហុង រស្មី | Publication date 30 June 2022 | 13:59 ICT ឆាយ១០០ទឹកដីខេត្តកោះកុង!
ដំណើរផ្សងព្រេងទៅកាន់តំបន់ជ្រោះមរណៈកាលពីពេលកន្លងមក ។ រូបថត សហការី
ភ្នំពេញ: ឮសម្ដីចាស់ៗនិយាយតំណាលប្រាប់ថា នៅក្នុងព្រៃជ្រៅនៃជួរភ្នំក្រវាញមានជ្រោះដ៏ជ្រៅបំផុតមួយនៅក្នុងប្រទេសកម្ពុជា នោះហៅថា ឆាយ ១០០ ឬជ្រោះមរណៈ។
ទោះឆ្ងាយប៉ុនណា លំបាកប៉ុនណា ឱ្យតែទីឋានរម្យនាដែលនឹងក្លាយជាតំបន់អេកូទេសចរណ៍ថ្មីសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិយ៉ាងណាក៏ដោយ ក៏យុវតី ផេង ស្រីស តាំងចិត្ដឆ្លងកាត់ព្រៃភ្នំទ័ពទាកខាំ តាំងពីចុងជើងរហូតដល់ក្បាល ចេញយាត្រាស្វែងរកឱ្យទាល់តែបាន។
ស្បៀងអាហារក្រៀមៗ និងចំណីកញ្ចប់ផ្សេងៗ ត្រូវបានរៀបចំទុកសម្រាប់រយៈពេល ១ សប្ដាហ៍ កញ្ញា ស្រីស និងដៃគូ ក៏ដូចជាអ្នកនាំផ្លូវ៣នាក់ទៀត ចាប់ផ្ដើមដំណើរផ្សងព្រេងស្វែងរកជ្រោះមរណៈ។ឆាយ ១០០ ឬជ្រោះមរណៈក៏ជាទីឋានផ្ដល់បទពិសោធដ៏រីករាយផង និងធ្លាក់ក្អួតផងជាមួយដំណើរផ្សងព្រេងចាប់ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ១៣ ខែមីនាកន្លងទៅនេះ។
កញ្ញាខ្លួនល្អិតតូចច្រឡឹង តែជើងវែង ស្រីស បានរំឭកថា៖ «មុនចេញដំណើរ គ្រប់យ៉ាងបានត្រៀមទុករួចរាល់សម្រាប់រយៈពេលយ៉ាងយូរ ៧ ថ្ងៃ ដោយត្រូវត្រឡប់មកដល់ភូមិវិញ ក្នុងនោះមានទាំងស្បៀងអាហារ កាហ្វេ នំ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់មួយចំនួន»។
ជាមួយសមាជិក ៥ នាក់ ដោយ ៣ នាក់ ជាអ្នកនាំផ្លូវនៅក្នុងសហគមន៍ កញ្ញា ស្រីស និងមិត្ដភក្ដិម្នាក់ទៀត បានរៀបរាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ជាមួយបទពិសោធបានឃើញទេសភាពស្រស់ស្អាតប្លែកៗនិងឧបសគ្គនានា រួមទាំងការខ្វះស្បៀងផងដែរ។
- ថ្ងៃទី១៖ ពួកគេធ្វើដំណើរដោយថ្មើរជើងចេញពីភូមិលើចម្ងាយផ្លូវ ១២ គីឡូម៉ែត្រឡើងភ្នំទៅកាន់តំបន់ទេសចរណ៍ខ្នងផ្សារ និងសម្រាកមួយយប់។
- ថ្ងៃទី២៖លើកសម្ពាយដាក់លើស្មារួចចរយាត្រាពីម៉ោង ៨ ព្រឹក ពីខ្នងផ្សារឆ្ពោះទៅកាន់ក្បាលស្ទឹងអន្ទៀស និងតម្រង់គោលដៅទៅរកច្រមុះភ្នំធំ មុនពេលចុះដល់ក្បាលឆាយ ១០០ (ក្បាលស្ទឹងត្រង់)។កញ្ញាបានឱ្យដឹងថា៖ «នៅតាមផ្លូវត្រូវដើរឡើងចុះភ្នំនិងឆ្លងអូរតូចៗដើរមិនសូវជាបានសម្រាកជើងទេយ៉ាងច្រើនពួកខ្ញុំ និង (guides) ឈប់ឈរហូបទឹកបន្តិចក៏បន្តដំណើរទៅមុខទៀត។ ដើរអស់ពេលជាង ៣ ម៉ោង យើងក៏បានមកដល់ក្បាលស្ទឹងអន្ទៀសដូចការរំពឹងទុក»។ ក្បាលស្ទឹងអន្ទៀស ជាទីសំចតរាត្រីទី២ ដោយពួកគេបារម្ភខ្លាចមិនដល់គោលដៅនិងគ្មានទឹកប្រើប្រាស់ បើពួកគេសម្រេចបន្ដដំណើរដោយមិនបោះជំរំ។
- ថ្ងៃទី៣៖ ក្រុមផ្សងព្រេងស្រស់ស្រូបអាហារពេលព្រឹក និងក្រេបកាហ្វេមុនពេលបន្ដដំណើរដែលដើរឡើងភ្នំរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ និងសម្រាកបាយថ្ងៃត្រង់ រួចបន្ដដំណើរ ៣ ម៉ោងទៅដល់ក្បាលឆាយ ១០០។ស្រីស បានបន្ដថា៖ «បន្ទាប់ពីសម្រាកបាយត្រឹម ១៥ នាទី ក៏រូតរះបន្តដំណើរទៅមុខទៀតដោយដើរទៅមុខបានប្រហែល ១ ម៉ោង (guides) ប្រាប់ថា បាត់ផ្លូវចុះ អ៊ីចឹងក៏ដើរចុះឡើងរហូតឃើញផ្លូវចាស់មួយ។ យើងចេះតែដើរឡើងចុះភ្នំរហូតដល់ម៉ោង ៥ ល្ងាច នៅតែមិនដល់ទាន់ឮសំឡេងទឹកឆាយទៀត។មេឃក៏ផ្តើមងងឹតបន្តិចស្រាប់តែ (guides) ប្រាប់ថា យើងចុះតែបន្តិចទៀតដល់ក្បាលស្ទឹងអន្ទៀសវិញបាត់»។ស្ដាប់ឮពាក្យថា វិលមកកន្លែងដើមវិញ ចិត្តរាងអស់សង្ឃឹមបន្តិច តែចិត្ដមិនរួញរាឡើយ។ ពួកគេគិតគ្នាបន្តិចក៏សម្រេចចិត្តចែកផ្លូវគ្នារកប្រភពទឹកសិន ព្រោះបើគ្មានទឹក ពួកគេមិនអាចបោះជំរំសម្រាកបានទេ។ សំណាង ល្អ ពួកគេប្រទះឃើញកូនអូរតូចមួយដែលសល់ទឹកមួយថ្លុកតូច។
- ថ្ងៃទី៤៖ ជាថ្មីម្ដងទៀត ពួកគេឡើងភ្នំចោតខ្លាំងសំដៅទៅកំពូលភ្នំដើម្បីស្វែងរកក្បាលឆាយ។ ដើរឡើងដើរចុះ ឆ្លងខ្នងមួយទៅខ្នងមួយពីអូរមួយទៅអូរមួយទៀតនៅតែរកក្បាលស្ទឹងមិនឃើញ។កញ្ញា ស្រីស បាននិយាយថា៖ «លុះដល់ម៉ោង ១២ ថ្ងៃត្រង់ យើងបានដើរជួបក្បាលស្ទឹងធំគួរសមមួយហើយ (guides) ប្រាប់ថា នេះហើយក្បាលស្ទឹងឆាយ។ ឮហើយក្នុងចិត្តក៏រាងសប្បាយមកវិញ ព្រោះមានសង្ឃឹមអាចទៅដល់ឆាយ ១០០ នៅល្ងាចនេះ»។យ៉ាងណាមិញ ពួកគេដើររហូតដល់ម៉ោង ៥ ល្ងាចទៅហើយ នៅតែមិនឃើញឆាយ ១០០ តែជាកន្លែងមានថ្មធំៗ ហើយក៏ជាទីជម្រាលមួយ ដែលពួកគេយកធ្វើជាកន្លែងសំចតមួយរាត្រីទៀត។ដោយគ្មានកន្លែងបោះតង់ស្រួលដោយសារវាតូចចង្អៀត និងពិបាកដើរសូម្បីតែចៀសគ្នា។ ស្ថានភាពនោះ មានអ្នកនាំផ្លូវម្នាក់កើតអាការគ្រុន ខណៈសមាជិកម្នាក់ៗសុទ្ធតែអស់កម្លាំងខ្លាំងក្រោយដើរជាង ៨ ម៉ោង។កញ្ញាបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មុនចូលគេងខ្ញុំរកកន្លែងបត់ជើងតូចមិនបានផងព្រោះកន្លែងតូចចង្អៀត។ អង្រឹងរបស់ (guides) និងតង់ខ្ញុំសឹងតែជាប់គ្នាហើយ។ ណាមួយស្រីតែម្នាក់ឯងមានតែចូលតង់អង្គុយសម្ងំរង់ចាំ (guides) សម្រាន្ដអស់ទើបចេញមកថ្មមៗដើម្បីបត់ជើងតូច»។
- ថ្ងៃទី៥៖ ពួកគេចាប់ផ្ដើមដើរត្របាញ់ជើងដោយរយៈពេល ២ ឬ ២ ម៉ោងសម្រាកតែ ៣-៤ នាទី ដោយឆ្លងកាត់ព្រៃទាក និងមិនមានពេលអង្គុយបេះទាកនោះទេ។ រហូតដល់ម៉ោង ១២:៣០ ទើបសម្រាកបាយថ្ងៃត្រង់ ប្រមាណ ១៥ នាទី ពួកគេក៏ស្រូតរូតដំណើរ បានទៅដល់ស្ទឹងក្រោមឆាយ ១០០។មកដល់គោលដៅនេះ ទើបពួកគេបានដឹងថា អ្វីដែលយល់ថា ជាក្បាលឆាយ ១០០ វាមិនមែនទេ តាមពិតវាជាពាមស្ទឹងក្រោមឆាយ ១០០ ហើយពួកគេត្រូវដើរកាត់ព្រៃ កាត់ទឹក ដើម្បីឡើងទៅកាន់ឆាយ ១០០។ដើរជាង ៣ ម៉ោង កញ្ញា ស្រីស បាននិយាយទាំងក្ដីសង្ឃឹមទៅកាន់អ្នកនាំផ្លូវ និងដៃគូថា៖ «ថ្ងៃនេះដើរឱ្យដល់គោលដៅមើល ប៉ុន្មានថ្ងៃហើយយប់នេះទៅដេកនៅក្រោយឆាយ ១០០ តែម្តង។ដើរយូរៗទៅមេឃក៏ចាប់ផ្តើមងងឹតម្តងបន្តិចៗហ្គាយ (guides) ក៏ចាប់ផ្តើមគិតគ្នារកកន្លែងដាក់សំណាក់មួយយប់ទៀត ព្រោះបើទៅមុខក៏យប់ហើយខ្លាចអត់កន្លែងសម្រាក»។ទីសំណាក់ថ្ងៃទី៥ មានខ្សាច់និងថ្មធំៗ ដែលអំណោយផលដល់ការបោះតង់ក៏ដូចជាចងអង្រឹងសម្រាក។ ពួកគេថែមទាំងបានឆ្ងាញ់មាត់ជាមួយត្រីធម្មជាតិស្ងោរជ្រក់ និងអាំងជ្រលក់ទឹកត្រីអម្ពិលទុំមុនពេលចូលនិន្ទ្រា។
- ថ្ងៃទី៦៖ ចាប់ផ្ដើមបន្ដដំណើរពួកគេដើរមួយបត់ហើយមួយបត់ទៀត ហួសជ្រលងភ្នំមួយទៅជ្រលងភ្នំមួយទៀត ដើរឆ្លងទឹកកម្ពស់ត្រឹមចង្កេះ ដើរតោងវល្លិ តោងថ្ម និងជញ្ជាំងថ្មដាច់ទាំងញ័រជើង ដែលមានអន្លង់ទឹកខ្មៅងងឹតនៅពីក្រោម និងឆ្លងកាត់ថ្មរអិល ដួលទីណាត់ ទីណែង ឈឺទាំងស្មានិងជង្គង់នៅសល់តែកម្លាំងចិត្ដអស់រលីងកម្លាំងកាយ អស់រយៈពេល ៧ ម៉ោង។អ្នកខេត្ដតាកែវរូបនេះ បានបន្ដថា៖ «ពេលហ្គាយ (guides) មកពីមើលផ្លូវវិញ រួចប្រាប់ថា មិនទាន់ឃើញតម្រុយឆាយ ១០០ នៅឡើយ ឮហើយអារម្មណ៍ក៏ចាប់ផ្ដើមអស់សង្ឃឹមទៅមុខលែងរួច បកក្រោយក៏ខាតពេល និងមិនប្រាកដថានឹងអាចមើលឃើញឆាយ ១០០។ម្នាក់ៗអស់អារម្មណ៍និងទឹកចិត្ដ ណាមួយដៃគូរបស់កញ្ញាជ្រុះទូរស័ព្ទទើបទិញបាត់ហើយដើររកគោលដៅកាន់តែឆាយទៅៗ។ក្រោយបាយដាំឆ្អិន ពួកគេអង្គុយជុំគ្នាជាមួយផ្អក៤ដុំ ឆីនៅលើថ្មក្បែរឆាយតូចមួយ ហើយមិនយូរប៉ុន្មានអ្នកនាំផ្លូវម្នាក់រកត្រីបានយ៉ាងច្រើន ពួកគេក៏ដាក់អាំង និងឆ្អើរទុកខ្លះមុនពេលប្រាសខ្លួនដេកលើផ្ទាំងថ្មទាំងឈឺចុកចាប់។
- ថ្ងៃទី៧៖ ត្រីស្ងោរជ្រក់ជាអាហារពេលព្រឹកដ៏មានកម្លាំងសម្រាប់ក្រុមរុករកឆាយ ១០០ មុនពេលដំណើរ។តែវាជាថ្ងៃត្រូវដើរទន់ជើងជាមួយការឡើងជញ្ជាំងដាច់តោងវល្លិ និងតោងថ្ម។ស្រីសបានបន្ដថា៖ «តោងឡើងជញ្ជាំងថ្មផុតបន្ដិចម្ដងៗកាន់តែខ្ពស់ទៅៗខ្ញុំលែងហ៊ានសម្លឹងមើលខាងក្រោម។ ឡើងដល់ចង្កេះភ្នំ ក៏រាងធូរចិត្ដ ពីព្រោះដើរផុតជញ្ជាំងដាច់ តែយើងត្រូវដើរឡើងរហូតដល់កំពូលភ្នំ។ខ្ញុំបានឮដៃគូស្រែកឡើងថា ដល់ឆាយ ១០០ ហើយយើងខ្ញុំឡើងមិនទាន់ដល់ស្រួលបួលផងគ្រាន់តែឃើញពីចម្ងាយ ក្នុងចិត្ដចាប់ផ្ដើមរីករាយបណ្ដើរៗទៅហើយ»។ប៉ុន្ដែពួកគេត្រូវដើរប្រមាណ ១ ម៉ោងទៀត និងសម្រាកទទួលទានបាយថ្ងៃត្រង់នៅម៉ោង ១ រសៀល មុនពេលទៅដល់ឆាយ ១០០។កញ្ញាបានបន្ថែមថា៖ «បាយរួចយើងក៏ដើរចុះទៅទឹកឆាយដើរបន្តិចថតៗពីដំណាក់លើរហូតដំណាក់ទី២នៅដំណាក់ទី៣។ ខាងក្រោមផុតហ្គាយរកផ្លូវចុះមិនទាន់ឃើញបានត្រឹមថតនៅផ្នែកខាងលើ ថតបានបន្តិចមេឃក៏ចាប់ផ្តើមភ្លៀងរលឹមតិចៗមកម៉ោងប្រហែល ៥ ល្ងាចយើងក៏ចាប់ផ្តើមឡើងត្រឡប់មកកន្លែងសម្រាកវិញ»។
- ថ្ងៃទី៨៖ ព្រឹកឡើងបន្ទាប់ពីចុះថតរូបទឹកជ្រោះដំណាក់ទី៣រួច ពួកគេក៏ចាប់ផ្តើមបន្តដំណើរឡើងភ្នំ ដើម្បីត្រឡប់ទៅផ្ទះវិញ។ អ្នកនាំផ្លូវប្រាប់ថាដើរ ១ ថ្ងៃដល់ស្ទឹងអន្ទៀសហើយដោយពួកគេត្រូវសម្រាកតែ ១ យប់ដល់ភូមិវិញ។កញ្ញានិយាយថា៖ «យើងគិតថា យើងដើរមិនច្រឡំផ្លូវទៀតទេ។យើងក៏ប្រឹងឡើងតម្រង់ទៅកំពូលខ្នងស្រួលរួចចុះទៅស្ទឹងមួយដើរឡើងចុះៗអស់ពេល ៤ ម៉ោងកន្លះ មេឃក៏ជិតងងឹតហ្គាយប្រាប់ថា ដើរមិនទាន់ដល់ខ្នងស្រួចទេ អ៊ីចឹងត្រូវសម្រាកដាក់ដំណាក់ ១ យប់សិន ស្អែកចាំបន្តដំណើរទៅមុខទៀត»។
- ថ្ងៃទី៩៖ ចំពោះដំណើរវិលវិញ ដែលគិតថា នឹងឆាប់ដល់ប្រែជាអស់សង្ឃឹមនៅពេលអ្នកនាំផ្លូវបានស្រែកប្រាប់ថា ទើបដល់ស្ទឹងត្រង់ (ស្ទឹងក្រោមឆាយ ១០០)។យុវតីខ្លួនតូចចិត្ដក្លាហានរូបនេះបានបន្ដថា៖ «ខ្ញុំឮហើយអស់សង្ឃឹមព្រោះម៉ោង ៣ រសៀលហើយណាមួយស្បៀងក៏ជិតអស់ទៀត។ បើសម្រាកនៅស្ទឹងត្រង់នេះច្បាស់ថា ស្អែកនឹងមិនអាចមកដល់ភូមិទេ។ ដៃគូខ្ញុំក៏រាងអន់ចិត្តក៏និយាយថា សម្រាកនៅស្ទឹងត្រង់ស្អែកចាំបន្ត។តែហ្គាយ និងខ្ញុំក៏ជម្នះចង់ដើរឡើងត្រឡប់ទៅវិញ ព្រោះយ៉ាងហោចណាស់សល់ពេល ២ ម៉ោងទៀត មុនពេលមេឃងងឹត»។ចៃដន្យយប់ទី៩ នេះ ពួកគេត្រូវបោះជំរំសម្រាកនៅកណ្ដាលព្រៃទាក និងជាវេលាជិតអស់ស្បៀង។ អ្នកនាំផ្លូវ បានដាំបបរ ១ ឆ្នាំង ដោយទុកអង្ករខ្លះសម្រាប់មួយពេលចុងក្រោយនៅថ្ងៃបន្ទាប់។កញ្ញាបានរំឭកថា៖ «ម្នាក់ៗហេវផង ហត់ផង ឆ្អិនមិនទាន់ទេ ក៏កាន់ចានមកអង្គុយដួសញ៉ាំ។ យប់នេះ គ្មានទឹកងូត គ្មានសូម្បីតែទឹកលាងដៃឬលុបមុខ»។
- ថ្ងៃទី១០៖ ព្រឹកឡើង អ្នកនាំផ្លូវ ដាំបាយមួយឆ្នាំងចុងក្រោយ ទុកទទួលទានតាមផ្លូវពេលពួកគេស្រេកឃ្លានខ្លាំង និងអាំងសាច់ក្រក ២ ដុំ ជាមួយត្រីហើមមួយកន្ទុយចុងបង្ហើយ។កញ្ញា ស្រីស បានឱ្យដឹងថា៖ «ម៉ោងប្រហែល ៧ ព្រឹក យើងក៏ចាប់ផ្តើមដើរឡើងលើកំពូលភ្នំខ្នងស្រួចរួចបន្តដើររហូតដល់ស្ទឹងអន្ទៀសទើបយើងឈប់បេះទាក និងសម្រាកបាយថ្ងៃត្រង់។ ញ៉ាំរួចក៏រុះរានបន្តដំណើរមកខ្នងផ្សារហើយចុះមកភូមិវិញ។ ម៉ោងប្រហែលជា ៤ រសៀលយើងទាំងអស់គ្នាក៏បានត្រឡប់មកដល់ភូមិវិញដោយសុវត្ថិភាព»។
នេះដំណើរផ្សងព្រេងលើកចុងក្រោយបំផុតរបស់កញ្ញា ផេង ស្រីស រួមជាមួយដៃគូ និងអ្នកនាំផ្លូវ ៣ នាក់ទៀត ដែលបានចំណាយកម្លាំងកាយនិងកម្លាំងចិត្តស្ទើរអស់ពីខ្លួន។
កញ្ញាបានលើកឡើងថា៖ «ការផ្សងព្រេងរយៈពេល ៩ យប់ ១០ ថ្ងៃនេះ យើងដើរថ្មើរជើងរហូត ដោយចំណាយកម្លាំងច្រើនបំផុតការហូបចុកក៏មិនគ្រប់គ្រាន់ ណាមួយម្នាក់ៗត្រូវទាកខាំច្រើនហូរឈាមរហាមរាល់ថ្ងៃ។ កម្លាំងខ្ញុំជាមនុស្សស្រីអាចទន់ខ្សោយជាងបុរសបន្តិចមែន តែកម្លាំងចិត្តខ្ញុំអាចឱ្យខ្ញុំស៊ូជម្នះគ្រប់ឧបសគ្គដោយសារការស្រឡាញ់និងការចូលចិត្តរបស់ខ្ញុំផ្ទាល់។ ឆ្លងកាត់ការផ្សងព្រេងលើកនេះរួចខ្ញុំក៏រឹតតែទទួលបានបទពិសោធផ្សងព្រេង និងរៀនជម្នះការលំបាកបានកាន់តែច្រើន»។
យុវតីរូបនេះបានបញ្ជាក់ថា ការដើរផ្សងព្រេងកើតចេញពីក្ដីស្រឡាញ់ មិនមែនបម្រើឱ្យស្ថាប័នណាមួយឡើយ និងមិនដើម្បីប្រាក់ចំណូលនោះទេ។
កញ្ញា ស្រីស បានឱ្យដឹងថា៖ «វាជាការរុករកទីតាំងថ្មីៗ ដែលស្រស់ស្អាត។ វាជាការផ្សព្វផ្សាយពីភាពស្រស់ស្អាតនៃតំបន់នោះដល់ភ្ញៀវទេសចរផ្សងព្រេង អ្នកបោះតង់បានស្គាល់។ វាជាការបង្កើនចំណូលដល់សហគមន៍តាមរយៈការផ្ដល់សេវាកម្មផ្សេងៗ។ វាកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការដាក់អន្ទាក់សត្វព្រៃ។ វាផ្ដល់ចំណេះដឹងអំពីការទទួលភ្ញៀវទេសចរ របៀបថែរក្សាអនាម័យ និងបរិស្ថាន»៕
ទឹកធ្លាក់ឆាយ ១០០ មានកម្ពស់ប្រហែល១០០ម៉ែត្រ ជាទីចាប់អារម្មណ៍ថ្មី សម្រាប់អ្នកធ្វើដំណើរបែបផ្សេងព្រេងដោយថ្មេីរជេីងកម្សាន្ត នៅតាមទេសចរណ៍ធម្មជាតិ ខេត្តកោះកុង៖ យោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកព្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០២២នេះថា៖
ទឹកធ្លាក់ឆាយ ១០០ មានកម្ពស់ប្រហែល១០០ម៉ែត្រ ជាទីចាប់អារម្មណ៍ថ្មី សម្រាប់អ្នកធ្វើដំណើរបែបផ្សេងព្រេង ដោយថ្មេីរជេីងកំសាន្ត នៅតាមទេសចរណ៍ធម្មជាតិ។
ប្រភពដដែលបន្តថា ទឹកធ្លាក់ឆាយ១០០ ឬ ឆាយខ្ពស់ ជាតំបន់ទឹកធ្លាក់ដែលស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល ភូមិសាស្រ្តជាប់ព្រំប្រទល់ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។
ក្រសួងបរិស្ថាន បានបន្ថែមថា បើតាមអ្នកភូមិតាំងបំពង់ ការធ្វើដំណើរ តាមផ្លូវ យើងតែងប្រទះឃើញប្រភេទសត្វព្រៃ និងជីវៈចម្រុះជាច្រើនប្រភេទទៀត ដែលនាំឱ្យការធ្វើដំណេីរកំសាន្តរបស់យើង មានអារម្មណ៍រីករាយ និងគយគន់ទស្សនីយ៍ភាពតាមឧទ្យានជាតិ ដូចផ្ទាំងគំនូរជាធម្មជាតិ។
គួរជម្រាបដែរថា កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថាន ក៏បានបង្ហាញពីទិដ្ឋភាព ទឹកឆាយរកាស្ទឹងអារ៉ែង ស្ថិតនៅឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ជាសរសៃឈាមភ្នំក្រវាញ ដែលហូរពីខេត្តពោធិ៍សាត់ កាត់មកខេត្តកោះកុង តាមជ្រលងភ្នំជាច្រើន។ ជួរភ្នំក្រវ៉ាញគឺជាព្រៃទាក់ទាញទឹកភ្លៀងធំជាងគេនៅអាស៉ីអាគ្នេយ៍ និងសំបូរសត្វព្រៃជាច្រើនប្រភេទ៕
ចុះផ្សាយកាលពី៖ 21 មេសា 2022 7:00 P
កោះកុង ៖ ទឹកធ្លាក់ឆាយ១០០ ឬទឹកធ្លាក់ឆាយខ្ពស់ ដែលមានកម្ពស់ប្រហែល១០០ម៉ែត្រ ជាទីចាប់អារម្មណ៍ថ្មី សម្រាប់អ្នកធ្វើដំណើរបែបផ្សងព្រេង ដោយថ្មើរជើងកម្សាន្ត នៅតាមទេសចរណ៍ធម្មជាតិ។ នេះបើយោងតាមទំព័រហ្វេសបុករបស់ក្រសួងបរិស្ថាននាថ្ងៃទី២១ មេសា នេះ។
ទឹកធ្លាក់ឆាយ១០០ ឬ ឆាយខ្ពស់ ជាតំបន់ទឹកធ្លាក់ដែលស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល ភូមិសាស្ត្រជាប់ព្រំប្រទល់ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។ បើតាមអ្នក ភូមិតាំងបំពង់ ការធ្វើដំណើរ តាមផ្លូវ យើងតែងប្រទះឃើញប្រភេទសត្វព្រៃ និងជីវៈចម្រុះជាច្រើនប្រភេទទៀត ដែលនាំឱ្យការធ្វើដំណើរកម្សាន្តរបស់យើង មានអារម្មណ៍រីករាយ និងគយគន់ទស្សនីយភាពតាមឧទ្យានជាតិ ដូចផ្ទាំងគំនូរជាធម្មជាតិ។
ការធ្វើដំណើរទៅកាន់ ឆាយ ១០០ ឬឆាយខ្ពស់ ត្រូវចេញដំណើរពី ភូមិចំណារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ៤៥គីឡូពីភូមិចំណារ ចំណាយពេល៣យប់៤ថ្ងៃទាំងទៅទាំងមក។ ដោយយើងត្រូវដើរស្របតាម ស្ទឹងអារ៉ែង រហូត យើងនឹងទៅដល់ឆាយ១០០ ឬឆាយខ្ពស់ ស្ថានភាពផ្លូវត្រូវដើរកាត់តាមថ្មតូចធំដែលនៅមាត់ស្ទឹង និងត្រូវដើរឆ្លងទឹកជាច្រើនកន្លែង ថ្មមានស្លែរដុះច្រើន រអិលខ្លាំង ងាយធ្វើឱ្យយើងគ្រេចជើង។
ការធ្វើដំណើរតាមផ្លូវ អ្នកនឹងបានឃើញសត្វព្រៃជាច្រើនប្រភេទ រួមមាន អន្សង ភេ ឆ្កែព្រៃ ពស់ខ្មៅ ប្រើស ឈ្លូស ជ្រូកព្រៃ ខ្លាឃ្មុំធំ និងជីវចម្រុះជាច្រើនប្រភេទទៀត ៕