អាជីវកម្ម រ៉ែ ប្រេង ឧស្ម័ន ជាប្រធានបទក្នុងទំព័រមួយនេះ សិក្សាអំពី មូលហេតុជាប់គាំង ការធ្វើអាជីវកម្មរ៉ែ ប្រេង ឬ ឧស្ម័ននៅកម្ពុជាង ៦០ ឆ្នាំមកនេះ។ កម្ពុជាមាន ផែនទី ប្រេង ឧស្ម័ន និង ផែនទីព្រំដែនទឹកជាប់ជាមួយ ប្រទេសថៃ វៀតណាម ដែលប្រទេសទាំងនេះអាចធ្វើអាជីវកម្មបាន លើកលែងតែកម្ពុជា ឃើញតែអាក់ខាន តាំងពីឆ្នាំ ១៩៦០ ដល់ ២០២០ នេះ តើអ្វីជាមួលហេតុពិតប្រាកដ?
កម្ពុជាក្នុងសង្រ្គាមថាមពល Cambodia in Energy War ៖ថាមពល វាអាចជា លុយ ឬ ជាបច្ចេកវិជ្ជា ឧ. សង្រ្គាមលោកទី ១ និង ទី ២ កងទ័ពអាមេរិក កាណដា ត្រូវបានដាក់ពង្រាយលើតំបន់ មាន រ៉ែ អ៊ុយរ៉ានីញ៉ូម ឬ ប្រេងកាត ព្រោះជាប្រភពថវិកា ឬ នុយក្លេអ៊ែរដែល អាល្លឺម៉ង់ ជប៉ុន អ៊ីតាលីអាចប្រើប្រាស់ក្នុងសង្រ្គាម។ ងាកបែ ទៅ អ៊ឺរ៉ង់ អាមេរិករារាំងការនាំប្រេងចេញ ដែលជាប្រភពថវិកា អាមេរិកតាមសម្លាប់ អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែររបស់ អឺរ៉៉ង់ គឺការពារកុំឲ្យអ៊ឺរង់មាន អាវុធនុយក្លេអែរ។ ចុះសង្រ្គាមថាមពលនេះ ទាក់ទងជាមួយកម្ពុជា? ទោះកម្ពុជា មានត្រឹម សកលវិទ្យាល័យការពារជាតិ University of National Defense តែ មិនទាន់មាន មហាវិទ្យាល័យសឹកសង្រ្គាមទេ Faculty of War ដូច្នេះ ពិបាកដឹងរឿងសង្រ្គាមនេះ តែបើពិនិត្យតាមប្រវត្តិសាស្រ្ត គឺ ថៃ សាំងហ្គាពូ អាមេរិក គេបានប្រើប្រាស់ សង្រ្គាមថាមពល នៅកម្ពុជា ព្រោះកម្ពុជា ព្យាយាមរកស៊ីផលិតប្រេងតាំងពី ឆ្នាំ ១៩៦០ ត្រូវបរាជ័យរហូត សូម្បី ឆ្នាំ ២០២០ នេះ ក័សាំងហ្គាពូ ថៃ នៅ អាមេរិក នៅតែ ប្រឆាំងកម្ពុជា !! សាំងហ្គាពូ ពន្យារពេលរហូត...អាមេរិកស្រាវជ្រាវរហូត តាំងពីឆ្នាំ ១៩៦០ បានត្រឹមស្រាវជ្រាវ សង្រ្គាមឆ្នាំ ១៩៧៥ យន្តហោះអាមេរិករាប់សិបគ្រឿងចូលមកទំលាក់គ្រាប់បែក កំទេច រោងចក្រប្រេងកាតនៅកំពង់សោម កន្លែងដែលគ្មាន យោធាខ្មែរក្រហមទាល់តែសោះ !!!
- ការផ្តល់សប្បទាន ឬ ការលក់អាជ្ញាបណ្ណ Concession or License Agreements ឯកជនគ្រប់គ្រង
- កិច្ចព្រមព្រៀងបែងចែកប្រាក់ចំណេញ Production-sharing agreements រដ្ឋាភីបាលគ្រប់គ្រង
- កិច្ចសន្យារួមគ្នា ២ទៅ ៣ ភាគី Joint Ventures ក្រុមហ៊ុនឯកជនចម្រុះគ្រប់គ្រង
- កិច្ចព្រមព្រៀងរដ្ឋាភិបាល និងឯកជន Service contracts រដ្ឋាភិបាលជួលឯកជន
TOP NEWS: មហាជោគជ័យរបស់កម្ពុជា ! ទីបំផុតដំណក់ប្រេងលើកដំបូងរបស់ខ្មែរបានចាប់ផ្តើមហើយ ស្របពេលចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន 2020-12-29 07:01am
(ភ្នំពេញ)៖ នៅទីបំផុតការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមក, នៅពេលនេះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។
ជាការប្រពៃណាស់ ការចាប់ផ្តើមបូមប្រេងជាលើកដំបូងនេះ ពិតជាអស្ចារ្យពោលគឺចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើមបំផុតរបស់កម្ពុជា។
ដំណឹងពិសេសនៃការទទួលបានជោគជ័យរបស់កម្ពុជានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសភ្លាមៗតាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះដោយបានរៀបរាប់ខ្លឹមសារផ្ញើជូនជនរួមជាតិទាំងអស់ដូចតទៅ៖
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើម ផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។
ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាន នូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ការបំពាក់គ្រឿងសម្ភារៈ និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។
ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។
ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy)។
សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ២០១០ ក្រុមហ៊ុន Chevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្មជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះផលិតកម្មប្រេងដំបូង គ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធ និងផែនការអភិវឌ្ឍ និងអាជីវកម្មស្នើ ឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាព ជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌ កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការ ផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។
ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាល និងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់ និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។
ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្មជារួមមាន៖
* ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាង នៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។
* កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែកញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា ២០២០។
អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ២០២០នេះ។ ក្រៅពីនេះមានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ ការចាប់ផ្តើមផលិតកម្មប្រេងនេះគឺជាពរជ័យសម្រាប់កម្ពុជា។
នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗរួមមាន៖ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិ នៅក្នុងវិស័យនេះ។ ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។
កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយ ដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២១តទៅ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតឱកាសដ៏មហោឡារិកនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មជា មួយនិងរាជរដ្ឋាភិបាលនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនាពេលកន្លងនេះ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងជូនពរបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដំណើរការប្រតិបត្តិការបូមប្រេង ប្លុក A របស់ក្រុមហ៊ុន KrisEnergy កំពុងត្រូវបានខកខានបន្ទាប់ពីក្រុមហ៊ុនបានដាក់សំណើទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យពន្យារពេលនៃប្រតិបត្តិការបូមប្រេងរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសម្អាងលើហេតុផលថា ក្រុមហ៊ុនកំពុងជួបប្រទះបញ្ហាប្រឈម ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ដំបូងឡើយរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ជាថ្ងៃទាញយកដំណក់ប្រេងដំបូងរបស់កម្ពុជា ប៉ុន្តែរយៈពេល៨ឆ្នាំមកនេះ ការបូមយកដំណក់ប្រេងពីដែនដីកម្ពុជា ត្រូវបានពន្យាពេលជាបន្តបន្ទាប់។
លោកជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែនិងថាមពល ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា តាមការប្រកាសរបស់ ក្រុមហ៊ុន KrisEnergy តំណត់ប្រេង ដែលអាចទាញយកមកបានដំបូង គឺក្នុងខែតុលា ឆ្នាំ២០២០ ប៉ុន្តែដោយហេតុថា មានបញ្ហាកូវីដ-១៩ ក្រុមហ៊ុននេះ បានសម្រេចស្នើសុំពន្យារការផលិតប្រេងរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
លោកជៀប សួរ បន្តថាពេលវេលាស្នើសុំពន្យារពេលនេះ មិនជាយូរប៉ុន្មាននោះឡើយ ហើយបើគិតពីទំហំនៃផលប៉ះពាល់ក៏ជាមិនធំដុំនោះដែរ ខណៈបច្ចុប្បន្នអ្វីៗជាចម្បងនៃក្រុមហ៊ុននេះ រាប់ទាំងសម្ភារៈ និងបុគ្គលិកភាគច្រើន គឺក្រុមហ៊ុនមានរួចជាស្រេចអស់ហើយ ហើយក្រុមហ៊ុនក៏កំពុងធ្វើការខួងអណ្តូងបណ្តើរៗ សង្ឃឹមថា ក្រុមហ៊ុនអាចនឹងបូមប្រេងបានក្នុងពេលឆាប់ៗនេះ។
លោកអគ្គនាយកប្រេងកាតរូបនេះ ធ្លាប់បានប្រាប់វិទ្យុវាយោថា នៅពេលកម្ពុជាក្លាយជាប្រទេសផលិតប្រេងនោះ កម្ពុជារំពឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន តាមរយៈចំណូលសារពើពន្ធ, មានសន្ដិសុខថាមពល, កំណើនឧស្សាហកម្មពាក់ព័ន្ធ,ជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះ នឹងទាក់ទាញវិនិយោគិនក្នុង និងក្រៅស្រុក, បង្កើនផលិតផលក្នុងស្រុកសរុប,បង្កើនការងារដល់ប្រជាពលរដ្ឋនិងចំណេះដឹង និងបង្កើនចំណូលប្រជាពលរដ្ឋ ផងដែរ។
ក្រុមហ៊ុនប្រេង និងឧស្ម័ន KrisEnergy ជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណលើវិស័យមួយនេះ មានភាគហ៊ុន៩៥ភាគរយ និងរដ្ឋាភិបាលកម្ពុជា៥ភាគរយ។ ក្រុមហ៊ុនធ្លាប់បានប្រកាសថា ខ្លួនរំពឹងនឹងផលិតប្រេងឆៅ៧៥០០បារ៉ែលក្នុងមួយថ្ងៃ។
លោកជៀប សួរ ធ្លាប់បានបញ្ជាក់ថា ចំពោះការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនKris Energy នេះ មានកុងត្រារយៈពេល២៥ឆ្នាំ។ ក្នុងលក្ខខណ្ឌដែលការបូមប្រេងនៅមិនទាន់អស់ ក្រោយបញ្ចប់កុងត្រាក្រុមហ៊ុនអាចនឹងមានលទ្ធភាពពិភាក្សាជាមួយនឹងក្រសួងក្នុងការផ្តល់កុងត្រារយៈ៥ឆ្នាំម្តង។
ពាក់ព័ន្ធនឹងដំណក់ប្រេងរបស់កម្ពុជានេះ ធ្លាប់មានសំណួរថា តើទៅថ្ងៃអនាគតកម្ពុជាធ្លាប់មានក្តីរំពឹងថា នឹងអភិវឌ្ឍន៍ខ្លួន ដើម្បីមានសមត្ថភាពក្នុងការឈានទៅរុករក និងទាញយកប្រេងដោយខ្លួនឯងដែរទេ? លោកជៀប សួរ មានប្រសាសន៍បញ្ជាក់ថា នៅពេលដែលកម្ពុជាពង្រឹងសមត្ថភាពមន្ត្រីជំនាញបានហើយ ប្រាកដណាស់ថា កម្ពុជានឹងឈានទៅរុករកលើវិស័យប្រេងនេះដោយខ្លួនឯង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានឹងនៅតែបន្តស្វាគមន៍សម្រាប់ការវិនិយោគរបស់វិស័យឯកជន។
គួរជម្រាបជូនថា កិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍន៍អណ្តូងប្រេងកាត់នៅប្លុក A នៃដែនសមុទ្រកម្ពុជា ត្រូវរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុន គ្រីសអេនើជី ធ្វើផលិតកម្មលើកទី១របស់ខ្លួន គឺជំហាន 1A និង 1B នៃប្លុក A ដែលមានផ្ទៃក្រឡា១៩៨គីឡូម៉ែត្រការ៉េ នៃទំហំប្លុក A ទាំងមូលចំនួន ៣,០៨៣គីឡូម៉ែត្រការ៉េ។ តំបន់កិច្ចសន្យាប្លុក A របស់កម្ពុជា ស្ថិតនៅក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅទឹកចន្លោះពី៥០ម៉ែត្រ ទៅ៨០ម៉ែត្រ។
បរិមាណសក្តានុពលធនធានប្រេងកាត ដែលត្រូវបានសិក្សារកឃើញ និងរំពឹងទុកសម្រាប់ដំណាក់កាលដំបូង នៅតំបន់ប្លុក A ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី៣០លានបារ៉ែល ដែលអាចមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញកម្ពុជាឲ្យក្លាយជាប្រទេស ផលិតប្រេងឆៅមួយផងដែរទៅថ្ងៃអនាគត៕ ដោយ៖ សៅ វិសាល
ដំណក់ប្រេងកម្ពុជាលើកដំបូងនៅប្លុក A នឹងចាប់ផ្តើមទាញយកក្នុងពេលឆាប់ៗនេះ ភ្នំពេញ៖ ក្រុមហ៊ុន KrisEnergy Ltd មានមូលដ្ឋាននៅប្រទេសសឹង្ហបូរី និងជាម្ចាស់អណ្តូងប្រេងអប្សរាក្នុងប្លុក A បានឱ្យដឹងថា ការអភិវឌ្ឍន៍ផ្លាតហ្វមរុករកប្រេងបានចាប់ផ្តើម ហើយរំពឹងថា ដំណក់ប្រេងដំបូងនឹងចាប់ផ្តើមទាញបាននៅពាក់កណ្តាលឆ្នាំនេះ។ពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បរិក្ខារអប្បបរមាផ្នែកក្បាលអណ្តូង ត្រូវបានធ្វើឡើងនៅឯរោងចក្រផលិតនៅកោះបាតាម ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ៩ ខែ ធ្នូ។ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោកម៉េង សក្តិធារ៉ាបានចូលរួមក្នុងពិធីនោះដែលតំណាងឱ្យប្រតិភូរដ្ឋាភិបាលកម្ពុជា។
លោក សក្តិធារ៉ា បានថ្លែងថា “ថ្ងៃនេះគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការអភិវឌ្ឍអណ្តូងប្រេងអប្សរា។ យើងសូមអបអរសាទរក្រុម KrisEnergy ចំពោះការរីកចម្រើនរបស់ពួកគេមិនត្រឹមតែនៅលើការសាងសង់ផ្លាតហ្វម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើនាវាអ៊ីនទីញ៉ូមទី ២ នៅប្រទេសសឹង្ហបូរីផងដែរ។
លោក បានបន្តថា “ការផលិតប្រេងដំបូងរបស់ប្រទេសកម្ពុជានៅក្នុងដែនទឹកសមុទ្ររបស់យើងនឹងជាជំហានដ៏សំខាន់មួយនៅតាមបណ្តោយផ្លូវរបស់យើងឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពជាតិ ហើយត្រូវនឹងគោលដៅអភិវឌ្ឍន៍ដ៏សំខាន់របស់រដ្ឋាភិបាល”។
ក្រុមហ៊ុន Kris Energy រំពឹងថាប្រេងនឹងហូរចេញពីកន្លែងនានានៅឆមាសទីមួយនៃឆ្នាំ ២០២០ ហើយរំពឹងថានឹងឈានដល់អត្រាខ្ពស់បំផុត ៧,៥០០ បារ៉ែលក្នុងមួយថ្ងៃ៕
ក្រុមហ៊ុនរុករកប្រេងនៅកម្ពុជា KrisEnergy ស្នើពន្យារពេលបូមប្រេង ព្រោះតែកូវីដ-១៩
ដំណើរការប្រតិបត្តិការបូមប្រេង ប្លុក A របស់ក្រុមហ៊ុន KrisEnergy កំពុងត្រូវបានខកខានបន្ទាប់ពីក្រុមហ៊ុនបានដាក់សំណើទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យពន្យារពេលនៃប្រតិបត្តិការបូមប្រេងរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសម្អាងលើហេតុផលថា ក្រុមហ៊ុនកំពុងជួបប្រទះបញ្ហាប្រឈម ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់នៅថ្ងៃទី ១៦ ខែវិច្ឆិកាថា រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យសំណើសុំពន្យារពេលបូមប្រេងរបស់ក្រុមហ៊ុន KrisEnergy ហើយដំណើរការពិនិត្យសម្រេចនេះ អាចនឹងដឹងលទ្ធផលថា តើគួរតែអនុញ្ញាត ឬយ៉ាងណា គឺប្រហែលជា ២ទៅ៣ ថ្ងៃខាងមុខទៀត។
ឯកឧត្តមបញ្ជាក់ថា តាមការប្រកាសជូនដំណឹងរបស់ ក្រុមហ៊ុន KrisEnergy តំណត់ប្រេង ដែលអាចទាញយកមកបានដំបូង គឺក្នុងខែតុលា ឆ្នាំ២០២០ នេះ ប៉ុន្តែដោយហេតុថា មានបញ្ហាកូវីដ-១៩ ក្រុមហ៊ុននេះ បានសម្រេចស្នើសុំពន្យារការផលិតប្រេងរហូតដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០២០ នេះ។ឯកឧត្តមអះអាងបន្តថា ពេលវេលាស្នើសុំពន្យារពេលនេះ មិនជាយូរប៉ុន្មាននោះឡើយ ហើយបើគិតពីទំហំនៃផលប៉ះពាល់ក៏ជាមិនធំដុំនោះដែរ ខណៈបច្ចុប្បន្នអ្វីៗជាចម្បងនៃក្រុមហ៊ុននេះ រាប់ទាំងសម្ភារ និងបុគ្គលិកភាគច្រើន គឺក្រុមហ៊ុនមានរួចជាស្រេចអស់ហើយ ហើយក្រុមហ៊ុនក៏កំពុងធ្វើការខួងអណ្តូងបណ្តើរៗ សង្ឃឹមថា ក្រុមហ៊ុនអាចនឹងបូមប្រេងបានក្នុងពេលឆាប់ៗនេះ។
សូមជម្រាបថា កម្ពុជាបានបែងចែកប្លុក ស្វែងរុករកប្រេងកាតជាចំនួន ២៥កន្លែង នៅក្នុងដែនសមុទ្រ និងដែនគោក។ ក្នុងនោះ ដែនសមុទ្រ ៦ប្លុក ដែនគោក ១៩ប្លុក និង ៤តំបន់នៅដែនសមុទ្រទាមទារ ត្រួតគ្នារវាងកម្ពុជា-ថៃ។ទោះយ៉ាងណា បើតាមឯកឧត្តម ជៀប សួរ ក្នុងអំឡុងពេលនេះដែរ ដំណើរការសាងសង់រោងចក្រផលិតប្រេងកាតមួយកន្លែងនៅកម្ពុជា ក៏បានផ្អាកដំណើរការសកម្មភាពរបស់ខ្លួនមួយរយៈហើយដែរ ដោយសារតែដៃគូវិនិយោគជាមួយគ្នាជួបបញ្ហាហិរញ្ញវត្ថុ។
ក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី គឺជាក្រុមហ៊ុនរុករកប្រេងកាត និងឧស្ម័នឯករាជ្យមួយ ដែលផ្តោតសំខាន់ លើការរុករក អភិវឌ្ឍ និងផលិតប្រេងកាត និងឧស្ម័ន ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជុំវិញតម្រូវការប្រេងនៅកម្ពុជា ឯកឧត្តម ជៀប សួរ បញ្ជាក់ថា កាលពីឆ្នាំ២០១៩ កន្លងទៅកម្ពុជាបានចូលប្រេងពីក្រៅប្រទេសប្រមាណ ៣លានតោន ដោយបូកបញ្ចូលទាំងប្រេងសាំង ប្រេងម៉ាស៊ូត និងឧស្ម័ន LPG។ ទោះយ៉ាងណា នៅក្នុងឆ្នាំនេះបរិមាណនាំចូលប្រេងអាចនឹងថមថយបន្តិច ខណៈរោងចក្រក្នុងស្រុកមួយចំនួនបានផ្អាកសកម្មភាពផលិត ដោយសារតែបញ្ហាកូវីដ-១៩ ដែលវាបានធ្វើឲ្យតម្រូវការប្រេងមានការថយចុះ៕
ដំណក់ប្រេងដំបូងរបស់កម្ពុជាអាចនឹងហូរនៅឆ្នាំ២០១៦ ភ្នំពេញ៖ កម្ពុជាទំនងជានឹងត្រូវពន្យាពេលខួងយកប្រេងក្នុងដែនសមុទ្ររបស់ខ្លួនរហូតដល់ឆ្នាំ២០១៦។ ក៏ប៉ុន្តែពុំមានក្រុមមន្ដ្រីណាម្នាក់បញ្ជាក់ពីមូលហេតុពិតប្រាកដនោះទេ។
រដ្ឋាភិបាលធ្លាប់បានប្រកាសថា ក្រុមហ៊ុនChevronរបស់សហរដ្ឋអាមេរិកដែលជាក្រុមហ៊ុនមួយក្នុងចំណោមជាងដប់ក្រុមហ៊ុនដែលទទួលសិទ្ធិវិនិយោគប្រេងនៅកម្ពុជានឹងធ្វើការបូមប្រេងជាលើកដំបូងនៅដំណាច់ឆ្នាំ២០១២នេះ។ ប៉ុន្តែក្រុមមន្ដ្រីបានលើកឡើងថាមានបញ្ហាប្រឈមជាច្រើនដែលធ្វើឲ្យកម្ពុជាមិនអាចសម្រេចគោលដៅនេះបាន។
លោក បណ្ឌិត ម៉ែន ដែន អគ្គនាយករងទទួលបន្ទុកការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ធនធានប្រេងកាត លើកឡើងថាកម្ពុជាជាប្រទេសមានពិសោធន៍ថ្មីទាក់ទងនឹងនៃការរុករកប្រេងកាតដូច្នេះកម្ពុជាត្រូវការពេលវេលាច្រើនសម្រាប់រៀបចំខ្លួនមុននឹងអាចចាប់ផ្តើមអាជីវកម្មប្រេងបាន។
លោក បណ្ឌិត ម៉ែន ដែន បន្ថែមទៀតថានៅពេលនេះកម្ពុជាកំពុងរៀបចំនីតិវិធីជាច្រើន។
«យើងមានការងារច្រើនណាស់សម្រាប់ធ្វើ។ ដូចជាការងារផ្នែកច្បាប់។ ច្បាប់ផ្នែកគ្រប់គ្រង និងពន្ធដារ ហើយផ្នែកសេដ្ឋកិច្ចដែលក្រុមហ៊ុនកំពុងពិភាក្សាជាមួយ ស៊ី អ៊ិន ភី អេ(អាជ្ញាធរជាតិប្រេងកាតកម្ពុជា)។ កិច្ចការរបស់ក្រុមហ៊ុនដែលត្រូវសម្រេចលើ FID (ការសម្រេចវិនិយោគចុងក្រោយ) តើធ្វើទៅមុខទៀតឬក៏មិនធ្វើហើយវាផ្អែកលើសេដ្ឋកិច្ចចំណេញឬក៏ខាត»។
លោក យ៉េនលេន (Yan Lan) មន្ត្រីព័ត៌មាននិងទំនាក់ទំនងរបស់ក្រុមហ៊ុន Chevron ក៏មិនបានបញ្ជាក់ពីមូលហេតុអ្វីនោះទេដោយគ្រាន់តែឆ្លើយតបមកវីអូអេ តាមរយៈសារអេឡិកត្រូនិកថា ភាគីខាង Chevronនឹងបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាលើកិច្ចព្រមព្រៀងនានាដើម្បីធ្វើឈានទៅរកការសម្រេចចិត្តវិនិយោគចុងក្រោយក្នុងរយៈពេលចាប់ៗតាមដែលអាចធ្វើទៅបាន។
លោក ម៉ម សម្បត្តិ ប្រធានសម្ព័ន្ធភាពកម្ពុជា ដើម្បីតម្លាភាពចំណូលធនធាន បញ្ជាក់ដែរថាលោកមិនបានទទួលឯកសារលម្អិត ពីមូលហេតុនៃការពន្យាពេលទេ។
ក៏ប៉ុន្តែលោកគិតថាការពន្យាពេលនេះនឹងក្លាយជាឱកាសល្អសម្រាប់ភាគីប្រទេសកម្ពុជាដោយហេតុថាវាធ្វើឱ្យក្រុមហ៊ុនដែលមកវិនិយោគមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ ខ្លួនឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក៏ដូចជាបទដ្ឋាននានា។
លោកម៉ម សម្បត្តិបញ្ជាក់បន្ថែមថា៖
«និយាយទៅការពន្យាពីឆ្នាំ ២០១២ ទៅ ២០១៦ គឺវាសុទ្ធតែមានឱកាសទៀត ដោយហេតុថាវាផ្តល់ឱកាសដល់បុគ្គលិកកសាងសម្មត្ថភាពកាន់តែប្រសើរថែមទៀតដើម្បីធ្វើការជាមួយក្រុមហ៊ុន Chevron ទៅថ្ងៃមុខ។ ទីពីការមើលឡើងវិញនូវសេចក្តីព្រាងច្បាប់ស្តីពីការដកហូតពន្ធពីវិស័យប្រេងនេះផងដែរក៏ដូចជាបទដ្ឋានគតិយុត្តិផ្សេងៗឱ្យបានសុក្រិត»។
ក្រុមហ៊ុន Chevron គឺជាក្រុមហ៊ុនដ៏ធំមកពីសហរដ្ឋអាមេរិកនឹងមានភាគហ៊ុន ៣០% លើគម្រោងការខួងរុករកប្រេងកាតឆៅក្នុងប្លុក A ឬក៏តំបន់ Apsara។
យោងតាមទិន្នន័យផ្សព្វផ្សាយដោយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ឆ្នាំ២០០៦ ដែល ដកស្រង់ព័ត៌មានពី IMF ឱ្យដឹងថាក្នុងប្លុកA អាចមានប្រេងប្រហែល ៥០០ លានបារ៉េល។
យោងតាមការសិក្សាស្រាវជ្រាវអំពីការវាយតម្លៃផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុន Chevron ចុះផ្សាយកាលពីខែមិនាឆ្នាំ២០១២ ឱ្យដឹងថាក្រុមហ៊ុន Chevron គ្រោងនឹងចំណាយ រយៈពេល ៣០ ឆ្នាំធ្វើអាជីវកម្មប្រេងកាតនៅកម្ពុជា។ ហើយក្រុមហ៊ុននឹងគ្រោងដំឡើងម៉ាស៊ីនចំនួន ១០គ្រឿង ដោយម៉ាស៊ីននីមួយៗបើតាមការគ្រោងទុកអាចនឹងផលិតប្រេងបាន ២០.០០០ ធុងក្នុងមួយថ្ងៃ។ ប្រទេសកម្ពុជាមានប្លុកប្រេងកាតចំនួន 6 កន្លែងផ្សេងគ្នា តាមបណ្តោយ ឈូងសមុទ្រ គឺប្លុក A, B, C, D, E ហើយនិង F៕
ដំណក់ប្រេងរបស់កម្ពុជា៖ ពរជ័យ ឬ បណ្ដាសារ? កម្ពុជាកំពុងតែសាទរចំពោះដំណក់ប្រេងដំបូងរបស់ខ្លួន ដែលនឹងទទួលបាននៅចុងឆ្នាំ២០១៩ ឬយ៉ាងយូរ ដើមឆ្នាំ២០២០ខាងមុខនេះ។ សម្រាប់មនុស្សមួយចំនួន ភោគលាភដែលទទួលបានពីអណ្ដូងប្រេង គឺជាពរជ័យសម្រាប់កម្ពុជា។ ប៉ុន្តែអ្នកខ្លះទៀតបារម្ភថា ការទាញយកប្រេងនៅកម្ពុជានេះ អាចក្លាយជាបណ្ដាសារទៅវិញ។ ហេតុអ្វី?នៅកម្ពុជា ផែនការបូមយកប្រេង មិនមែនជារឿងថ្មីទេ។ ការងារនេះបានចាប់ផ្ដើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយក្រុមជំនាញប្រេងកាតរបស់បារាំង ប៉ុន្តែបានផ្អាកទៅវិញដោយសារតែសង្គ្រាម។ បន្ទាប់ពីសង្គ្រាមបិទបញ្ចប់ ការសិក្សាស្រាវជ្រាវអំពីការបូមប្រេងនៅកម្ពុជា បានចាប់ផ្ដើមឡើងវិញ នៅឆ្នាំ១៩៨៧។ ជាបន្តបន្ទាប់ ក្រុមអ្នកជំនាញមកពីប្រទេសផ្សេងៗ រាប់ចាប់តាំងពីអតីតសហភាពសូវៀត ជប៉ុន និងអាមេរិក បានរកឃើញការវិវត្តថ្មីៗស្ដីពីប្លុកប្រេងកាតនៅកម្ពុជា និងបានព្យាយាមបោះជំហានទៅបូមប្រេងទាំងនោះចេញពីជម្រៅបាតសមុទ្រ។
ដ្បិតតែទទួលបរាជ័យម្ដងជាពីរដង ប៉ុន្តែតាមរយៈការពុះពារមិនចុះញ៉ម ក្ដីស្រមៃនៃការទាញយកប្រេងឆៅនៅក្នុងជម្រៅបាតសមុទ្រ កំពុងតែខិតទៅរកការពិតមែនទែនហើយ។ ក្រសួងរ៉ែនិងថាមពលរបស់កម្ពុជា ព្រមទាំងក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី បានបញ្ជាក់ច្បាស់ថា ដំណើការបូមយកប្រេងនៅកម្ពុជា នឹងចាប់ផ្ដើមជាផ្លូវការនៅចុងឆ្នាំ២០១៩នេះ ឬយ៉ាងយូរនៅដើមឆ្នាំ២០២០។
វាប្រៀបបានទៅនឹងសុបិនក្លាយជាការពិត។ កម្ពុជានឹងក្លាយទៅជាប្រទេសផលិតប្រេង។ ប្រេងដែលជារ៉ែមានតម្លៃ និងជាសេចក្ដីត្រូវការរបស់បណ្ដាប្រទេសមានលុយជាច្រើននៅលើសកលលោក។ ចង់ឬមិនចង់ តាមរយៈការបូមប្រេងនេះ កម្ពុជានឹងបានទទួលផលសេដ្ឋកិច្ចថ្មី បន្ថែមពីលើអ្វីដែលមានរួចស្រាប់នាពេលបច្ចុប្បន្ន។
សម្រាប់មនុស្សមួយចំនួន ភោគលាភដែលទទួលបានពីអណ្ដូងប្រេង គឺជាពរជ័យសម្រាប់កម្ពុជា។ ប៉ុន្តែអ្នកខ្លះទៀតបារម្ភថា ការទាញយកប្រេងនៅកម្ពុជានេះ អាចក្លាយជាបណ្ដាសារទៅវិញ។
នៅលើសកលលោក មានបណ្ដាប្រទេសច្រើនណាស់ ដែលរងបណ្ដាសារដោយសារតែការផលិតប្រេង ឧទាហរណ៍ដូចជា ប្រទេសនីហ្សេរីយ៉ា សៀរ៉ាឡេអូន អង់ហ្គូឡា និងវេណេស៊ុយអេឡាជាដើម។ ផ្ទុយស្រឡះពីការបានភោគផលហើយប្រែក្លាយខ្លួនជាប្រទេសអ្នកមាន ប្រទេសផលិតប្រេងទាំងនោះបានធ្លាក់ខ្លួនក្រីក្រតោកយ៉ាកទៅវិញ នៅពេលដែលសេដ្ឋកិច្ចរបស់ខ្លួន ពឹងផ្អែកខ្លាំងជ្រុលពេកលើឧស្សាហកម្មប្រេង។ ការពឹងផ្អែកខ្លាំងពេកលើវិស័យប្រេង ធ្វើឲ្យការវិនិយោគក្នុងវិស័យផ្សេងទៀតចុះខ្សោយ និងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះងាយរងគ្រោះនៅពេលតម្លៃប្រេងមានការប្រែប្រួលធ្លាក់ចុះ ឬនៅពេលដែលធនធានប្រេងនោះចាប់ផ្ដើមរីងស្ងួត។
ដើម្បីចៀសផុតពីបណ្ដាសារ ការសិក្សាស្រាវជ្រាវជាច្រើនបានផ្ដល់ទម្ងន់ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលអាចជួយដល់ការអភិវឌ្ឍប្រទេសក្នុងរយៈពេលវែង។ យ៉ាងណាក៏ដោយ ការធ្វើពិពិធកម្មសេដ្ឋកិច្ចតែម្យ៉ាងនៅមិនទាន់គ្រប់គ្រាន់ទេ។
នៅក្នុងករណីកម្ពុជា ដែលជាប្រទេសក្មេងខ្ចីក្នុងវិស័យប្រេង កម្ពុជាត្រូវតែមានច្បាប់ដ៏រឹងមាំ និងប្រព័ន្ធគ្រប់គ្រងប្រកបដោយតម្លាភាព។ ឥឡូវនេះ កម្ពុជាបានរៀបចំរួចហើយ ច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។ ប៉ុន្តែមានច្បាប់តែម្យ៉ាងនៅមិនទាន់គ្រប់គ្រាន់ទេ។ កម្ពុជាត្រូវអនុវត្តច្បាប់នេះឲ្យបានត្រឹមត្រូវនិងរឹងមាំ ដើម្បីធានាឲ្យបានថា ផលដែលកម្ពុជាទទួលបានពីវិស័យប្រេងកាត ត្រូវបានប្រើប្រាស់ចំទិសដៅនិងសមហេតុផល ចៀសផុតពីការកេងប្រវ័ញ្ចនិងអំពើពុករលួយផ្សេងៗ។
ជាពរជ័យឬបណ្ដាសារ វាអាស្រ័យលើការប្រយ័ត្នប្រយែង និងភាពល្អិតល្អន់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការចាត់ចែងភោគលាភពីដំណក់ប្រេង។ ដំណក់ប្រេងដែលកម្ពុជានឹងទទួលបានជាលើកដំបូង ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
កម្ពុជា មិនរំពឹងថាទទួលបានដំណក់ប្រេងដំបូងនៅឆ្នាំ២០១៨ ការធ្លាក់ថ្លៃប្រេងនាពេលបច្ចុប្បន្ន គឺជាឧបសគ្គចម្បងក្នុងការពន្យារពេលនៃការសម្រេចកិច្ចព្រមព្រៀងប្រេងកាត រវាងក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ប្រទេសសិង្ហបុរីKrisEnergyជាមួយនឹងក្រសួងក្រសួងរ៉ែ និងថាមពល ទាក់ទងនឹងការយកប្រេងនៅប្លុក A។ នេះបើយោងតាមមន្ត្រីនៅក្រសួងរ៉ែ និងថាមពល។ …
May 2, 2019 រដ្ឋសភាផ្តើមសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត ខណៈដំណក់ប្រេងដំបូងរំពឹងទទួលបានចុងឆ្នាំនេះ ភ្នំពេញ៖ គណៈកម្មការជំនាញនៃរដ្ឋសភា ផ្តើមពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ខណៈកម្ពុជារំពឹងទទួលបានដំណក់ប្រេងកាតជាលើកដំបូងនៅចុងឆ្នាំនេះ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការសារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាកាលពីចុងខែមេសាឆ្នាំ ២០១៩កន្លងមកនេះបានឲ្យដឹង សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ត្រូវបានតាក់តែងឡើង ស្របនឹងបរិបទការរីកចម្រើនបស់សង្គមជាតិ និងដើម្បីជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តភាព ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិបានយូរអង្វែង។
លោករដ្ឋមន្ត្រីបន្តថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានកាត់តែងឡើងដោយអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្នុងឆ្នាំ១៩៩៩ ដោយមានការចូលរួម ពីអ្នកជំនាញច្បាប់ មកពីធនាគារអភិវឌ្ឍន៍អាស៊ី។បន្ទាប់មកមានការចូលរួមពីអ្នកជំនាញច្បាប់ ពីក្រុមហ៊ុនជប៉ុន។ លុះមកដល់ឆ្នាំ២០០៦ អតីតអាជ្ញាធរប្រេងកាតជាតិកម្ពុជា បានយកសេចក្តីព្រាងច្បាប់នេះទៅកែសម្រួល ដោយមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញបច្ចេកទេស និងច្បាប់ជាតិ អន្តរជាតិ។
លោកស្រី និន សាផុន គណៈកម្មការសារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាបានមានប្រសាសន៍ថា កន្លងមកគណៈកម្មការបានប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងមានគម្រោងរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយ និងទទួលយកមតិយោបល់នានា ពីអ្នកពាក់ព័ន្ធ។
លោកស្រីបន្តថា សិក្ខាសាលាគ្រោងនឹងរៀបចំធ្វើ នៅខែមិថុនា ឆ្នាំ២០១៩ ដោយគ្រោងនឹងអញ្ជើញ សមាជិក សមាជិកា រដ្ឋសភា ព្រឺទ្ធសភា ព្រមទាំងអន្តរក្រសួង ក្រុមប្រឹក្សាសេដ្ឋកិច្ច ក្រុមប្រឹក្សាអ្នកច្បាប់ និងអ្នកជំនាញ ភាគីពាក់ព័ន្ធជាច្រើនទៀត។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតមានចំនួន៩ជំពូក និង៧២មាត្រាត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីអនុម័ត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩កន្លងមកនេះ។ ច្បាប់នេះមានវិសាលភាពអនុវត្តន៍ លើរាល់សកម្មភាពក្នុងវិស័យប្រេងកាតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា រួមទាំងបាតសមុទ្រ និងស្រទាប់ដីក្រោមបាតសមុទ្រ នៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ ព្រមទាំងតំបន់ផ្សេងៗទៀតដែលរកម្ពុជាមានសិទ្ធិអធិបតេយ្យ៕
ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៩ រដ្ឋសភា កំពុងពិនិត្យច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត នៅក្នុងឱកាសពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតរួមគ្នា ទំាងគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានសម្តែង សុទិដ្ឋិយមថា សេចក្តីព្រាងច្បាប់ខាងលើនេះ នឹងក្លាយជាយន្តការដ៏សំខាន់មួយសម្រាប់ធានាការពារដល់ ការអភិវឌ្ឍធនធានប្រេងកាតរបស់កម្ពុជាឲ្យមានតម្លាភាព ប្រសិទ្ធភាព ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋ។ គណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល កាលពីសប្តាហ៍មុននេះនៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។
ឯកឧត្តម សុខ ខាវ៉ាន់ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ខាងលើនេះ បានតាក់តែងឡើងតំាងពីឆ្នាំ១៩៩៩ ដោយមានការចូលរួមពី អ្នកជំនាញច្បាប់ជាតិ និងអន្តរជាតិ។ ឯកឧត្តមបន្តថា នៅក្នុងអាណត្តិទី៦នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានខិតខំជំរុញដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះ បានអនុម័តក្លាយជាយន្តការច្បាប់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានប្រេងកាតឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទំាងផ្តល់ ទំនុកចិត្តដល់អ្នកវិនិយោគទុនដែលវិនិយោគនៅក្នុងឧស្សាហកម្មប្រេងកាតនេះ។
ឯកឧត្តមបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត បានតាក់តែងឡើងស្របតាមបទដ្ឋាន និងឧត្តមានុភាពជាអន្តរជាតិក្នុងវិស័យរ៉ែ និងបានការពារដល់បរិស្ថាន និងធនធានធម្មជាតិ ដោយនិរន្តរភាព។ នៅក្នុងឱកាសពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនេះ ក្រសួងរ៉ែ និងថាមពល បានធ្វើបទបង្ហាញ យ៉ាងលម្អិតពីយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងធនធានរ៉ែ និងប្រេងកាតនៅកម្ពុជា។ ដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីប្រេងកាតនេះ ព្រមទំាងបាន ធ្វើបទបង្ហាញពីយន្តការលើកកម្ពស់ការចូលរួម និងផ្សព្វផ្សាយព័ត៌មានពីធនធានរ៉ែ និងប្រេងកាត ជូនដល់គណៈកម្មការជំនាញរដ្ឋសភាទៀតផង។ ចំណែកលោកជំទាវ និន សាផុន បានថ្លែងការកោតសរសើរចំពោះការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការចងក្រងសេចក្តីព្រាងច្បាប់នេះឡើង។ លោកជំទាវមាន ជំនឿមុតមាំថា សេចក្តីព្រាងច្បាប់នេះ នឹងជួយជំរុញការអភិវឌ្ឍនៅកម្ពុជាកាន់តែលឿនឡើង សំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាជនឲ្យកាន់តែសម្បូរសប្បាយឡើង។ ជាមួយគ្នានេះ រដ្ឋសភាគ្រោងរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធទំាងអស់ បានស្វែងយល់ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនេះ ផងដែរ។ បើតាមការអះអាងរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនាពេលកន្លងមកនេះថា ចំណូលដែលនឹងទទួលបានពីវិស័យប្រេងកាតនាពេលខាងមុខនេះ អាចក្នុងរង្វង់ជាង ១០០០លានដុល្លារ ពោលគឺប្រមាណជាង ១០០លានដុល្លារក្នុងមួយឆ្នាំៗ ហើយរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច នឹងយកថវិកាទាំងនេះប្រើប្រាស់ក្នុងវិស័យអាទិភាពសំខាន់ៗ ដែលជួយដល់សេដ្ឋកិច្ច និងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងរយៈពេលយូរអង្វែង។ ហើយថា ចំណូលពីវិស័យប្រេង នឹងត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្នបំផុត ដោយមិនត្រូវយកទៅប្រើប្រាស់សម្រាប់បើកប្រាក់បៀរវត្ស មន្ត្រីរាជការ ឬប្រើប្រាស់ក្នុងកិច្ចការពុំចាំបាច់នោះឡើយ។ កាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិឲ្យទៅ ក្រុមហ៊ុន KrisEnergy របស់សឹង្ហបុរី ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រេងនៅប្លុក A ដែលនឹងទាញយកដំណក់ប្រេងលើកបំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា នៅឆ្នាំ ២០១៩នេះ។ យោងតាមកិច្ចព្រមព្រៀង ភាគហ៊ុន ៥ភាគរយ នៃប្រតិបត្តិការក្នុងប្លុក A នឹងត្រូវផ្ទេរទៅឲ្យរាជ រដ្ឋាភិបាលកម្ពុជា ចំណែកក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុនចំនួន ៩៥ភាគរយដែលនៅសល់។ បន្ថែមពីលើនេះរាជរដ្ឋាភិបាលនឹងទទួលបានពន្ធលើប្រាក់ចំណូល ២៥ភាគរយ សម្រាប់រយៈ ពេល ៥ឆ្នាំដំបូង រាប់ចាប់ពីឆ្នាំដំបូងដែលមានចំណូលជាប់ពន្ធ និង ៣០ភាគរយ សម្រាប់ឆ្នាំបន្តបន្ទាប់ ហើយអត្រាពន្ធនេះនឹងបន្តកើនឡើងថែមទៀត ក្នុងករណីក្រុមហ៊ុនរកប្រាក់ចំណេ ញបានកាន់តែខ្ពស់។ តាមក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា បរិមាណសក្តានុពលធនធានប្រេងកាតដែលត្រូវបានសិក្សារកឃើញ និងរំពឹងទុកគម្រោងប្រេងកាតប្លុក A សម្រាប់ដំណាក់កាលដំបូង 1A និង 1B ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេលផលិតកម្ម ៩ឆ្នាំ ហើយអាចមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញកម្ពុជាឲ្យក្លាយជាប្រទេសផលិតប្រេងឆៅផងដែរនៅពេលអនាគត៕
រាជរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ជាមួយក្រុមហ៊ុនក្រុមហ៊ុន Kris Energy សម្រាប់ការអភិវឌ្ឍន៍ប្រេងនៅប្លុក A។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍន៍ប្រេងនៅប្លុក A បានប្រព្រឹត្តទៅ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល ជាមួយក្រុមហ៊ុន Kris Energy តំណាងដោយលោក Kelvin Tang នាយកប្រតិបត្តិ ក្រុមហ៊ុន Kris Energy Group និង ជាប្រធានក្រុមហ៊ុន KrisEnergy ( Cambodia) លើកញ្ចប់ឯកសារកិច្ចព្រមព្រៀងប្រេងកាត ប្លុក A ដូចខាងក្រោម៖
១- កិច្ចព្រមព្រៀងវិសាធនកម្ម និង ការចែងឡើងវិញ នៃ កិច្ចព្រមព្រៀងប្រេងកាតប្លុក A ចុះថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០០២
២- កិច្ចព្រមព្រៀងប្រេងកាតប្លុកA ក្រោយធ្វើវិសោធនកម្មរួច និង ការចែងឡើងវិញ
៣- កិច្ចព្រមព្រៀងប្រគល់ផ្ទៃក្រឡាសងវិញ
៤- វិសោធនកម្មកិច្ចព្តមព្រៀងប្រតិបត្តិការរួមគ្នា
៥- កិច្ចសន្យាប្រគល់សិទ្ធិ និង ទទួលយកកាតព្វកិច្ច
៦- លិខិតអនុញ្ញាតផលិតកម្មលើកទី១
ការចុះហត្ថលេខាលើកញ្ចប់កិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតអប្សរានៃប្លុកA នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងនៅសមិទ្ធិផលដ៏អស្ចារ្យថ្មីថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងប្រេងកាតប្លុក A នេះគឺជាគម្រោងកាតទី១ ដែលបើកសករាជអោយកម្ពុជា ក្លាយជាប្រទេសផលិតប្រេង និងឈានទៅធ្វើការស្វែងរុករកដ៏ខ្លាំងក្លាផែមទៀត លើប្លុកប្រេងកាត ដែលនៅទំនេរ ចំនួន ៥ ប្លុកទៀត ក្នុងចំណោមប្លុកប្រេងកាតចំនួន ៦ នៅដែនសមុទ្រ និង ១៨ប្លុកនៅដែនគោក។
សូមបញ្ជាក់ថា ដើម្បីអភិវឌ្ឍន៍វិស័យប្រេងកាតនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំជំរុញរៀបចំបញ្ចប់ច្បាប់ស្តីពីការគ្រប់គ្រងងវិស័យប្រេងកាត និងលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ដើម្បីធានាដល់បរិស្ថានវិនិយោគ និងភាពច្បាស់លាស់ ក្នុងការដាក់ទុនវិនិយោគរបស់វិស័យឯកជន។ ជាក់ស្តែងថ្មីៗនេះ មានក្រុមហ៊ុនមួយចំនួនកំពុងមានចំណាប់អារម្មណ៏លើប្លុកប្រេងកាត បំពង់បង្ហូរប្រេង និង ឧស្ម័ន ក៏ដូចជាការនាំចូលឧស្ម័នធម្មជាតិ (LNG) ដែលជាប្រភពថាមពលស្អាត និង កំពុងពេញនិយមនៅលើពិភពលោក។
តំបន់កិច្ចសន្យាប្លុកA កម្ពុជាមានទំហំ ៣, ០៨៣ គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅទឹកចន្លោះពី៥០ម៉ែត្រ ទៅ៨០ម៉ែត្រ។ ដំណាក់កាល 1A នៃគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងកាតអប្សរា រួមមានផ្លាតហ្វមក្បាលអណ្តូងផលិតកម្ម ដែលបញ្ជាពីចម្ងាយមួយទ្រទ្រង់ដល់អណ្តូងបូមប្រេងចំនួន ២៤ ដែលបញ្ចូនសន្ទនីយ ( fluid) ដែលបូមបានក្នុងបរិមាណ ៣ ម៉ឺនបារែលក្នុងមួយថ្ងៃ ទៅកាន់នាវាផលិតកម្មមួយដែលអាចប្រព្រឹត្តកម្មប្រេង ដោយញែកយកឧស្ម័ន ប្រេង និងទឹកចេញពីគ្នា។ ប្រេងឆៅដែលបានញែកបានប្រមាណ ៨០០០ បារ៉ែល ក្នុងមួយថ្ងៃ។ ក្រុមហ៊ុន Kris Energy នឹងបញ្ជូនតាមបំពង់បង្ហួរប្រេងប្រវែង ១,៥គីឡូម៉ែត្រ ទៅកាន់នាវាបណ្តែតផ្ទុក និងប្រេងហៅកាត់ថា FSO។
រាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគ ពង្រឹងការគាំពារបុគ្គលិក បរិក្ខារ និង បរិស្ថាន នឹងត្រូវទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងអំឡុងពេលអភិវឌ្ឍន៍ប្លុកAនេះ។ ដើម្បីធានាអោយបាននូវចំណុចទាំងនេះ ផែនការសុវត្ថិភាពជាច្រើនត្រូវបង្កើតឡើង ដែលគ្របដណ្តាប់រាលើបញ្ហាសុខភាព និង សុវត្ថិភាពទាំងអស់ ក្នុងអំឡុងពេលរៀបចំគ្រោងការប្លង់ ការសាងសង់ និង ធ្វើប្រតិបត្តិការ។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ( EIA) ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិស្តីពីបរិស្ថាននៃកម្ពុជា និង បានអនុម័តដោយក្រសួងបរិស្ថាន កាលពីថ្ងៃ២៩ ខែ ឧសភា ឆ្នាំ ២០១៣។ ក្រុមហ៊ុន Kris Energy ត្រូវពិនិត្យឡើងវិញនិងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលមានស្រាប់នេះ ដើម្បីអាចញគ្របដណ្តប់ការងារអភិវឌ្ឍន៍ថ្មីៗនានា។
រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ បង្ករលក្ខណៈងាយស្រួលសព្វបែបយ៉ាង និងពុះពារដើម្បីសម្រេចអោយបាននូវការចេញលិខិតបទដ្ឋានពាក់ព័ន្ធនឹងគម្រោងវិនិយោគប្រេងកាតប្លុកA នេះតាមការព្រមព្រៀងដោយអនុលោមតាមច្បាប់ និង របបលើកទឹកចិត្តជាធរមាន ដើម្បីធ្វើអោយគម្រោងវិនិយោគប្រេង និង ឧស្ម័ន ក្នុងប្លុកA ទទួលបានជោគជ័យតាមការគ្រោងទុក។ ដូចគ្នាដែរ ភាគីក្រុមហ៊ុនត្រូវបំពេញកាតព្វកិច្ចពាក់ព័ន្ធនានា ដូចមានចែងក្នុងកញ្ចប់កិច្ចព្រមព្រៀងប្រេងប្លុកA។ ប្រតិបត្តិការដោយរលូន និង ជោគជ័យរបស់ក្រុមហ៊ុន Kris Energy ក្នុងដំណាក់កាលទី១ នៃប្លុកA នឹងបើកផ្លូវពន្លឿនសន្ទុះសម្រាប់ផែនការស្វែងរុករក វាយតម្លែ និងអភិវឌ្ឍន៍ធនធានប្រេងកាត នៅដំណាក់កាលទី២ និង ទី ៣ នៅប្លុកA ទាំងមូល បន្តទៀត ក៏ដូចជាចរចា និង រៀបចំកិច្ចព្រមព្រៀងក្នុងប្លុកផ្សេងៗទៀត៕
ហ៊ គីមសាយ | Publication date 08 September 2017 | 09:05 ICTភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល (MME) បានដកហូតអាជ្ញាប័ណ្ណរុករកប្រេង និងឧស្ម័នស្ទើរតែទាំងអស់ ទាំងអាជ្ញាប័ណ្ណសម្រាប់ការរុករកប្រេងនៅដែនគោក និងដែនសមុទ្រ លើកលែងតែប្លុក A ដែលនៅមានសកម្មភាព និងអាជ្ញាប័ណ្ណសម្រាប់ដែនគោកមួយដែលនៅមានសុពលភាព។ នេះបើយោងតាមមន្ដ្រីជាន់ខ្ពស់មួយរូបកាលពីម្សិលមិញ។
លោក ម៉េង ស័ក្ដិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឲ្យដឹងកាលពីម្សិលមិញថា ក្នុងចំណោមប្លុកនៅដែនសមុទ្រសរុបចំនួន៦ (ប្លុក A ដល់ប្លុក F) និងប្លុកនៅដែនគោកចំនួន១៩ (ប្លុក I ដល់ប្លុក XIX) នៃតំបន់ការរុករក និងផលិតកម្មប្រេង និងឧស្ម័នរបស់កម្ពុជា មានតែអាជ្ញាប័ណ្ណពីរប៉ុណ្ណោះដែលនៅមានសុពលភាព មួយនៅដែនសមុទ្រដែលបានផ្ដល់ឲ្យក្រុមហ៊ុន Kris Energy និងមួយទៀតនៅដែនគោកគឺប្លុក XV ដែលមានទីតាំងនៅភាគខាងកើតបឹងទន្លេសាបក្នុងខេត្តកំពង់ធំដែលបានផ្ដល់ឲ្យក្រុមហ៊ុនថាមពល PetroVietnam របស់ប្រទេសវៀតណាម។
យោងតាមលោក ស័ក្ដិធារ៉ា តម្លៃប្រេងទាបនៅលើទីផ្សារអន្តរជាតិ និងការចរចារយៈពេលយូរនៃកិច្ចព្រមព្រៀងបែងចែកផលិតកម្មជាមួយក្រុមហ៊ុន KrisEnergy ដែលចុះបញ្ជីនៅប្រទេសសិង្ហបុរីសម្រាប់ប្លុក A គឺជាមូលហេតុដ៏សំខាន់ដែលធ្វើឲ្យបណ្ដាក្រុមហ៊ុនផ្សេងទៀតផ្អាកដំណើរការ ឬដកខ្លួនចេញពីគម្រោងរុករករបស់ពួកគេពីប្លុករុករកប្រេងផ្សេងទៀត។
លោកបានថ្លែងថា៖ «ពេលដែលថ្លៃប្រេងធ្លាក់ចុះយ៉ាងគំហុកហ្នឹង ធ្វើឲ្យក្រុមហ៊ុនរុករកប្រេងធំៗគាត់ស្ទាក់ស្ទើរ គាត់ដកថយច្រើន»។
លោកបន្ថែមថា កត្តានេះបានធ្វើឲ្យការចរចាមួយចំនួនត្រូវរាំងស្ទះ ព្រោះខាងរដ្ឋាភិបាលនៅតែទាមទារចំណែកផលប្រយោជន៍ច្រើន។
លោកមានប្រសាសន៍ទៀតថា៖ «ខ្ញុំរំពឹងថានៅពេលដែលប្លុក A យើងចាប់ផ្តើមដំណើរការ [ទាញយកប្រេង] ខ្ញុំជឿថា ប្លុកផ្សេងៗទៀតនឹងមានភាពទាក់ទាញពុះកញ្ច្រោលឡើងវិញ»។
កាលពីថ្ងៃទី២៣ ខែសីហា រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែងចែក ផលិតកម្មជាមួយក្រុមហ៊ុន KrisEnergy ដើម្បីអភិវឌ្ឍអណ្ដូងប្រេងលើកដំបូងរបស់ប្រទេសកម្ពុជា។
យោងតាមកិច្ចព្រមព្រៀងស្តីពីសារពើពន្ធ និងបច្ចេកទេស ក្រុមហ៊ុន KrisEnergy មានរយៈពេល៦០ថ្ងៃដើម្បីប្រកាសអំពីការសម្រេចចិត្តវិនិយោគចុងក្រោយមួយដែលបញ្ជាក់ពីតម្លៃវិនិយោគសម្រាប់ដំណាក់កាល Phase 1A នៃគម្រោងអភិវឌ្ឍន៍ប្រេងអប្សរា ហើយនឹងចាប់ផ្ដើមការទាញយកប្រេងឆៅនៅពេលណាមួយនៅចុងឆ្នាំ ២០១៩ ឬ ដើមឆ្នាំ ២០២០។
ប្លុក A ត្រូវបានជឿជាក់ថាមានកំណប់ប្រេងប្រហែល ៣០ លានបារ៉ែល ដែលនឹងទាញយកក្នុងរយៈពេល៩ឆ្នាំ។ ដោយតម្លៃប្រេងឆៅប្រភេទ Brent បច្ចុប្បន្នដែលមានតម្លៃប្រហែល ៥០ ដុល្លារក្នុងមួយបារ៉ែល រដ្ឋាភិបាលរំពឹងថានឹងរកបានប្រាក់ចំណូលសរុបចំនួន ៥០០លានដុល្លារពីសួយសារ និងពន្ធសម្រាប់រយៈពេលរបស់គម្រោងនេះ។
ក្នុងចំណោមប្លុកនៅដែនសមុទ្រចំនួន៦ (ប្លុក A ដល់ប្លុក F) ប្លុក A មានសក្តានុពលខ្ពស់បំផុតទាក់ទងនឹងផែនការរុករក និងការផលិត។ សម្រាប់ប្លុកនៅដីគោកទាំងអស់ ១៩ (ប្លុក I ដល់ប្លុក XIX) ប្លុកទាំងនេះមិនត្រូវបានអភិវឌ្ឍនោះទេ ដោយមានកិច្ចព្រមព្រៀងតែ៣ប៉ុណ្ណោះដែលបានផ្ដល់សម្រាប់ការរុករក។
ប្លុក XII ដែលមានទីតាំងនៅភាគខាងលិចបឹងទន្លេសាប ពីមុនត្រូវបានផ្ដល់ឲ្យក្រុមហ៊ុន Medco Energy និងក្រុមហ៊ុន JHL Petroleum ដែលនៅពេលនេះអាជ្ញាប័ណ្ណនេះត្រូវផុតកំណត់ ខណៈប្លុក XVII ដែលមានទីតាំងនៅខេត្ត ព្រះវិហារ សៀមរាប និងកំពង់ធំដែលគ្របដណ្ដប់លើផ្ទៃដី ៦៥ ០០ គីឡូម៉ែត្រ ពីមុនត្រូវបានផ្ដល់ឲ្យក្រុមហ៊ុន Japan Oil ក្រុមហ៊ុន Gas and Metals National Corporation ប៉ុន្តែទីបញ្ចប់អាជ្ញាប័ណ្ណនេះត្រូវបានដកហូត។
លោក ម៉េង ស័ក្ដិធារ៉ា បានមានប្រសាសន៍បន្តថា មានតែប្លុក XV ដែលត្រូវបានផ្ដល់ដល់ក្រុមហ៊ុន PetroVietnam នោះ នៅមានសុពលភាពនៅឡើយ ប៉ុន្តែមិនមានសកម្មភាពរុករកនោះទេគិតចាប់តាំងពីដើមឆ្នាំ២០១៧៕ LA
ប្រទេសកម្ពុជានឹងចាប់ផ្តើមផលិតប្រេងនៅឆ្នាំ២០១៩ នៅក្នុងប្លុក A និង B ដោយក្រុមហ៊ុនសិង្ហបុរី រីឯប្លុក C ប្រទេសម៉ាឡេសីុកំពុងសិក្សា ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាម ពលបានថ្លែងថា កម្ពុជានឹងចាប់ផ្តើម ផលិតប្រេងនៅឆ្នាំ២០១៩ខាងមុខនេះ ដោយក្រុមហ៊ុនសិង្ហបុរីដែលអាចផលិត ប្រេងកាតបាន៣១លានបារ៉ែល នៅ ដំណាក់កាលទី១ ក្នុងប្លុកA និងB ខណៈ ប្លុក C ក្រុមហ៊ុនម៉ាឡេស៊ីកំពុងសិក្សា ស្រាវជ្រាវ និងប្លុកផ្សេងទៀតមានក្រុមហ៊ុន បរទេសកំពុងដាក់ពាក្យសុំរុករកបន្ថែម។
ថ្លែងនៅក្នុងឱកាសធ្វើបាឋកថា ចែក រំលែកចំណេះដឹង និងបទពិសោធន៍លើ ប្រធានបទស្តីពី “យន្តការគ្រប់គ្រងវិស័យរ៉ែ និងថាមពលនៅកម្ពុជា និងការបង្ការទប់ ស្កាត់ផលប៉ះពាល់ធនធានធម្មជាតិ” ជូន គ្រូសារនគរបាលជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិតសិក្ខាកាមនៃបណ្ឌិត្យសភានគរ បាលកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧។
លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា រហូតមកដល់ ពេលបច្ចុប្បន្ននេះកម្ពុជាបានរកឃើញតំបន់ មានប្រេងកាតទាំងសមុទ្រនិងលើគោក មានចំនួន២៥ប្លុក ដែលអាចផលិតប្រេង បានចំនួន៥លានតោនក្នុងមួយឆ្នាំៗ។
លោករដ្ឋមន្ត្រីបានបន្តថា តំបន់ប្រេង ក្នុងសមុទ្រ គឺមានចំនួន៦ប្លុក គឺប្លុក A.B. C.D.E និងប្លុក F ប៉ុន្តែប្លុក A និង B នឹង ចាប់ផ្តើមផលិតនៅឆ្នាំ២០១៩ខាងមុខ ដោយក្រុមហ៊ុនគ្រីសរបស់ប្រទេសសិង្ហបុរី ដែលអាចផលិតជាដំណាក់កាលទី១បាន ចំនួន៣១លានបារ៉ែល ហើយប្លុក C មាន ក្រុមហ៊ុនម៉ាឡេស៊ីកំពុងសិក្សាស្រាវជ្រាវ និងប្លុកមួយចំនួនទៀត មានក្រុមហ៊ុនផ្សេង កំពុងដាក់ពាក្យសុំរុករកស្រាវជ្រាវនាពេល ឆាប់ៗនេះផងដែរ។
លោករដ្ឋមន្រ្ដីបានលើកឡើងថា ដោយ ឡែកសម្រាប់តំបន់ប្រេងនៅលើគោកវិញ គឺគេបានរកឃើញនៅខេត្តកំពង់ធំ ដោយ មានចំនួន១៩ប្លុក ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនភីត្រូរបស់វៀតណាម កំពុងបានដាក់ពាក្យសុំសិក្សាស្រាវជ្រាវ ហើយចំនួន១៨ប្លុកទៀត គឺពុំទាន់មាន ក្រុមហ៊ុនណាមួយស្ម័គ្រចិត្តទាន់ចូលធ្វើ ការសិក្សានៅឡើយ។
លោក ស៊ុយ សែម បានបន្ថែមទៀតថា អាជ្ញាធរនឹងរៀបចំឱ្យបានល្អប្រសើរ និង ងាយស្រួលដល់ការដឹកជញ្ជូន ហើយធ្វើ បំពង់បង្ហូរប្រេងពីខេត្តព្រះសីហនុមករាជ ធានីភ្នំពេញ និងខេត្តមួយចំនួន ដែលពាក់ ព័ន្ធផងដែរ។
ជាមួយគ្នានេះដែរនៅដើមឆ្នាំ២០១៨ ខាងមុខនេះក្រសួងរ៉ែ និងថាមពលនឹងដាក់ សេចក្តីព្រាងច្បាប់ស្តីពីប្រេងកាតនៅកម្ពុជា ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងអនុម័ត ៕ ហេង នរិន្ទ្រ
ប្រេងកាតតំបន់អប្សរារបស់កម្ពុជា គ្រោងនឹងផលិតក្នុងឆមាសទី១ ឆ្នាំ២០២០, ក្នុង១ថ្ងៃរំពឹងថា បូមបាន៧៥០០បារ៉ែល (ភ្នំពេញ)៖ ក្រុមហ៊ុន គ្រីសអែននីជី (KrisEnergy) របស់ប្រទេសសិង្ហបុរី ដែលទទួលបានសិទ្ធិវិនិយោគ គម្រោងប្រេងកាតប្លុក (A) របស់កម្ពុជា បានអះអាងថា ការបូមប្រេងកាតចេញពីតំបន់អប្សរា គ្រោងនឹងត្រូវធ្វើឡើងនៅឆមាសទី១ ឆ្នាំ២០២០ខាងមុខនេះ ដែលមានអត្រាផលិតកម្មខ្ពស់បំផុត៧៥០០បារ៉ែលក្នុង១ថ្ងៃ។
ការអះអាងបែបនេះរបស់ KrisEnergy ធ្វើឡើងក្នុងសេចក្តីប្រកាសព័ត៌មាន ចុះកិច្ចសន្យាសាងសង់ផ្លាតហ្វមបូមប្រេង សម្រាប់តំបន់ប្រេងអប្សរា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
KrisEnergy បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រេងពីតំបន់អប្សរាត្រូវបានគ្រោងនឹងផលិតក្នុងឆមាសទី១ ឆ្នាំ២០២០ ហើយតំបន់នេះត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត៧៥០០បារ៉ែលក្នុង១ថ្ងៃ»។
ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) ឯ.ក បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន PT Profab ដើម្បីផ្គត់ផ្គង់ផ្លាតហ្វមក្បាលអណ្តូងផលិតកម្មខ្នាតតូច សម្រាប់តំបន់ប្រេងអប្សរា ដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់របស់កម្ពុជា។
ថ្លែងក្នុងឱកាសចូលរួមបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្ររបស់ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង នៅលើទឹកដីខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ លោក ស៊ុយ សែម បានអះអាងថា កម្ពុជានឹងផលិតដំណក់ប្រេងទី១ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ទន្ទឹមនឹងច្បាប់ប្រេងកាត ដែលទើបបានអនុម័ត និងដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ យើងមានគម្រោងប្រេងកាតប្លុក (A) ដែលវិនិយោគដោយក្រុមហ៊ុនគ្រីសអែននីជី (KrisEnergy) មកពីប្រទេសសិង្ហបុរី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងផលិតកម្ម។ តាមផែនការរបស់ក្រុមហ៊ុន កម្ពុជានឹងផលិតដំណក់ប្រេងទីមួយរបស់យើង ក្នុងពេលដ៏ខ្លីខាងមុខនេះ»។
រដ្ឋមន្ត្រីក្រសួងរ៉ែ បានបន្ថែមទៀតថា កម្ពុជាមានគម្រោងអភិវឌ្ឍរោងចក្រ ចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ ដែលមានសមត្ថភាពចម្រាញ់សរុប៥លានតោន ក្នុងមួយឆ្នាំ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ហើយរំពឹងថា នឹងអាចចាប់ផ្តើមដំណើរការ ផលិតកម្មដំណាក់កាលដំបូង ដែលមានសមត្ថភាព ២លានតោនក្នុងមួយឆ្នាំ នាឆ្នាំខាងមុខ។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «យើងរំពឹងថា ប្រសិនបើប្រេងស្ថិតក្នុងតម្លៃ៨០ដុល្លារក្នុង១ប៉ារែល ហើយក្នុងរយៈពេលអភិវឌ្ឍន៍គម្រោងប្លុក A ៩ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានចំណូលប្រហាក់ប្រហែល៩០០លានដុល្លារ»៕
រដ្ឋាភិបាលប្រគល់សិទ្ធិឲ្យក្រុមហ៊ុនចិនសិក្សារកប្រេងកាតនៅប្លុក D ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ បានប្រគល់សិទ្ធិមួយដល់ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ក្នុងការរុករកស្រាវជ្រាវ និង សិក្សារ៉ែប្រេងកាត នៅតំបន់ប្លុកD នៃឈូងសមុទ្ររបស់ប្រទេសកម្ពុជា និងត្រៀមទាញ យកធនធានប្រេងមកប្រើប្រាស់ ខណៈធនធានរ៉ែប្រេងកាតនៅតំបន់ប្លុក A ត្រូវបានក្រុម ហ៊ុនរបស់សិង្ហបុរី កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងត្រៀមទាញយកនៅអំឡុងឆ្នាំ ២០១៩ខាងមុខនេះ ។
លោក ជៀប សួរ អ្នកនាំពាក្យនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃ ក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ដំណើរការនេះ ទើបតែទទួលបានចំណារពី រាជរដ្ឋាភិបាលអោយបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចរចារពីកិច្ចនេះ ។
សម្រាប់បច្ចុប្បន្ននេះ អ្វីដែលកម្ពុជាបាននឹងកំពុងធ្វើនិងតាមដានជាប់ជាប្រចាំនោះ គឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រទាញយកប្រេងកាតនៅតំបន់ប្លុក A ជាមុនសិន ។ចំពោះការអភិវឌ្ឍន៍និងកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍ប្រេងកាតនៅតំបន់ប្លុក D នឹងមាន កើតឡើងជាពេលបន្តបន្ទាប់ ។
លោក បន្តថា បច្ចុប្បន្ននេះ ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរោងចក្រទាញ ប្រេង កាត នៅតំបន់ប្លុក A កំពុងតែមាន សកម្មភាពទៅមុខជាបណ្ដើរៗ ហើយរហូតមកដល់ ពេលនេះ ពោលគឺចាប់តាំងពីកិច្ចព្រម ព្រៀងរវាងក្រុមហ៊ុន អភិវឌ្ឍន៍ និងក្រសួងរ៉ែ និង ថាមពល មិនទាន់មានសញ្ញាណាមួយ បង្ហាញពីការខកខាន រឺបរាជ័យដូចគម្រោងមុនៗ នោះទេ ។
លោកបានបន្តទៀតថា ដើម្បីអោយប្រាកដប្រជានូវគម្រោង ទាញយកប្រេងពីឈូង សមុទ្រកម្ពុជា ក្រុមការងារអន្តរជាតិក្រសួង ដែលមានក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែប្រជុំតាមដានជារៀងរាល់ខែ ពីសកម្មភាពការងារ អភិវឌ្ឍន៍គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រទាញយកប្រេង ។
លោក បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍ បានយក ទឹក សមុទ្រទៅវិភាគមើលពីស្ថានភាពប្រេងនៅក្នុងតំបន់ដែលត្រូវអភិវឌ្ឍន៍ ។ ម្យ៉ាងទៀត ក្រុមការងារក៏បានចុះពិនិត្យនិងពិគ្រោះយោបល់ជាមួយ ក្រុមអ្នកនេសាទនៅខេត្តជិតៗ ដូចជា ខេត្តកំពត និងខេត្តកោះកុង ដើម្បីសិក្សាឈានទៅការបូមប្រេងនៅតំបន់ជិតៗនោះ ផងដែរ ។
លោក ស៊ុយ ឌីម៉ង់ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងរ៉ែ និង ថាមពលក៏បានអោយដឹងផងដែរថា កិច្ចព្រមព្រៀងប្រេងកាតក្នុងដែនសមុទ្រក្នុងប្លុក A បានឈានចូលក្នុងដំណាក់កាលនៃការធ្វើអាជីវកម្មលើកដំបូង នៅចុងឆ្នាំ ២០១៩ ក្នុងគោលបំណងបង្កើនចំណូលជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជំរុញការអភិវឌ្ឍ វិស័យប្រេងកាតនៅកម្ពុជា ជាលើកដំបូង ។
លើសពីនេះ ក្រសួងរ៉ែនិងថាមពល ក៏បានផ្ដល់អាជ្ញាប័ណ្ណ គម្រោងសម្បទានប្រេង កាតផ្នែកដោនស្ទ្រីម ចំនួន១០អាជ្ញាបណ្ណ ក្នុងនោះបង្កើតនិងដាក់ឱ្យដំណើរការ មណ្ឌល សន្និធិប្រេងឥន្ធនៈ និងមណ្ឌលឧស្ម័នធម្មជាតិ ពង្រាវ ផ្ដល់គោលការណ៍នាំចូលប្រេង និង ឧស្ម័នឥន្ធនៈ គោលការណ៍សិក្សាលទ្ធភាពគម្រោងបំពង់បង្ហូរប្រេង និងឧស្ម័ន និងគម្រោង សិក្សាលទ្ធភាពបង្កើតរោងចក្រចម្រាញ់ប្រេងផងដែរ ៕
ក្រុមហ៊ុនចិន ស្នើចរចាលើប្លុក D ជាមួយរដ្ឋាភិបាល ភ្នំពេញៈ ក្រុមហ៊ុនរុករករ៉ែមានមូលដ្ឋាននៅប្រទេសចិន និងជាដៃគូប្រទេសកាណាដា បានចូលក្នុងការចរចាបឋមជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីទទួលបានអាជ្ញាប័ណ្ណរុករកនៅប្លុក D (Block D) នៅឈូងសមុទ្រថៃ។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាល។
លោក ជៀប សួរ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលដែលទទួលបន្ទុកប្រេងកាតបានថ្លែងថា រដ្ឋាភិបាលបានយល់ព្រមលើការដាក់ពាក្យសុំពីក្រុមហ៊ុន Cambodian Resource Energy Development Co. Ltd ហើយនៅពេលនេះកំពុងស្ថិតក្នុងដំណើរការនៃការបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីចរចាជាមួយក្រុមហ៊ុន។
លោកថ្លែងថា៖ «ប្រសិនបើយើងចរចាលើកិច្ចព្រមព្រៀងនេះដោយជោគជ័យ បន្ទាប់មកយើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដើម្បីក្រុមហ៊ុនអាចចាប់ផ្ដើមការងាររបស់ពួកគេបាន»។ លោកបន្ថែមថាការចរចា «កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ»។
គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ក្រុមហ៊ុន Cambodian Resource Energy Development Co. Ltd បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីខែមេសា ឆ្នាំ ២០១៧ និងបានចុះឈ្មោះ លោក Chen Bo ជាប្រធានក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុន។ មិនមានព័ត៌មានសម្រាប់ទំនាក់ទំនងលោក Bo នោះទេ។
ប្លុក D មានតំបន់ប្រវែង ៥៥០០ គីឡូម៉ែត្រការ៉េនៅឈូងសមុទ្រថៃ ដែលលើកមុនបានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Cambodian firm CPHL (Cambodia)។ រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណរុករកនោះ កាលពីខែឧសភា ឆ្នាំ ២០១៦ បន្ទាប់ពីក្រុមហ៊ុនមិនបានឆ្លើយតបបានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
លោក ជៀប សួរ ថ្លែងថាលោកមិនអាចព្យាករនៅពេលណា ឬថា តើកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុន Cambodian Resource Energy Development នឹងត្រូវសម្រេចបាននោះទេ។
ក្រសួងរ៉ែ និងថាមពល (MME) បានដកហូតអាជ្ញាប័ណ្ណរុករកប្រេង និងឧស្ម័នស្ទើរតែទាំងអស់ ទាំងអាជ្ញាប័ណ្ណសម្រាប់ការរុករកប្រេងនៅដែនគោក និងដែនសមុទ្រ លើកលែងតែប្លុក A ដែលនៅមានសកម្មភាព និងអាជ្ញាប័ណ្ណសម្រាប់ដែនគោកមួយចំនួនដែលនៅមានសុពលភាព។
តំបន់ការរុករក និងផលិតកម្មប្រេង និងឧស្ម័នរបស់កម្ពុជាមាន ២ ប្លុកគឺប្លុកនៅដែនសមុទ្រដែលមានសរុបចំនួន ៦ (ប្លុក A ដល់ប្លុក F) និងប្លុកនៅដែនគោកចំនួន ១៩ (ប្លុក I ដល់ប្លុក XIX) ។
សម្រាប់ប្លុកនៅដែនសមុទ្រមានតែអាជ្ញាប័ណ្ណមួយប៉ុណ្ណោះដែលនៅមានសុពលភាពដែលបានផ្ដល់ឲ្យក្រុមហ៊ុន Kris Energy។ ប្លុក A ត្រូវបានជឿជាក់ថាមានកំណប់ប្រេងប្រហែល ៣០ លានបារ៉ែល ដែលនឹងទាញយកក្នុងរយៈពេល ៩ ឆ្នាំ។
នៅពេលដែលតម្លៃប្រេងឆៅប្រភេទ Brent មានតម្លៃប្រហែល ៥០ ដុល្លារក្នុងមួយបារ៉ែលនៅលើទីផ្សារអន្តរជាតិ រដ្ឋាភិបាលរំពឹងថានឹងរកបានប្រាក់ចំណូលសរុបចំនួន ៥០០ លានដុល្លារពីសួយសារ និងពន្ធសម្រាប់រយៈពេលរបស់គម្រោងនេះ៕
Chanbotom 2019-01-16 10:45:32 ក្រុមមន្រ្តីអន្តរក្រសួងបើកកិច្ចប្រជុំ លើគម្រោងរុករកប្រេង និងឧស្ម័ន នៅប្លុក A ក្នុង ដែនសមុទ្រកម្ពុជា របស់ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) អិលធីឌី
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
ភ្នំពេញ៖ នារសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំ កិច្ច ប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដំបូង (IESIA) លើគម្រោងស្វែងរុករកប្រេង និងឧស្ម័ន ដោយប្រើវិធី 3D Seismic លើផ្ទៃទំហំ ១.២០០ គីឡូម៉ែត្រការ៉េ ស្ថិតនៅប្លុក A ក្នុង ដែន សមុទ្រកម្ពុជា របស់ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) អិលធីឌី ព្រមទាំង សិក្សា និងរៀបចំ របាយ ការណ៍ (IESIA) ដោយក្រុមហ៊ុន ទីប្រឹក្សា E & A CONSULTANT CO., LTD. និងក្រុមហ៊ុន ទីប្រឹក្សា ERM-Siam Co., Ltd. ។លទ្ធផលនៃកិច្ចប្រជុំនេះបាន ផ្តោត សំខាន់ ទៅលើ (១). អង្គប្រជុំគាំទ្រទៅលើគម្រោងស្វែងរុករកប្រេង និងឧស្ម័ន (២). ត្រូវបន្ថែមព័ត៌មាន/ទិន្នន័យផ្លូវការណ៍ស្តីពីរដ្ឋបាលខេត្តពាក់ព័ន្ធ (៣). ត្រូវ ជូន ដំណឹងដល់ អាជ្ញាធរ មូលដ្ឋាន ដើម្បី ធ្វើការផ្សព្វផ្សាយ ដល់អ្នកនេសាទ ដែលមានទូកធំៗ ចៀសវាង ការបុកប៉ះទង្គិច ជាមួយកប៉ាល់សិក្សា (៤). ត្រូវសហការ ជាមួយគណៈកម្មការ សន្តិសុខ លំហសមុទ្រ ដែល ពាក់ ព័ន្ធ នឹង បញ្ហាសន្តិសុខ (៥). ត្រូវ បញ្ជាក់ ពី ឧបករណ៍ និងកម្រិត រលក សំឡេង ដែលពាក់ព័ន្ធ នឹងការដេញ ពពួក ថនិកសត្វសមុទ្រ ចៀស វាង ការ ប៉ះពាល់ នៅ ពេល សិក្សា តាមរលកសំឡេង (៦). ត្រូវ គ្រប់គ្រង សំណល់រឹង និងសំណល់ រាវ ដោយ អនុលោម ទៅតាម ច្បាប់ MARPOL 73/78 (៧). ត្រូវបកប្រែឯកសារ ឧបសម័្ពន្ធ នៃរបាយការណ៍ IESIA នេះជាខេមរៈភាសា និង (៨). ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួលនូវចំណុចខ្វះខាត ដែល មាន នៅក្នុងរបាយការណ៍ IESIA ទៅតាមការផ្តល់យោបល់របស់អង្គប្រជុំឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងសម្រេច។សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពី តំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលជលផល) ក្រសួង សាធារណការ និង ដឹក ជញ្ជូន ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តកោះកុង មន្ទីរ បរិស្ថានខេត្ត កំពត មន្ទីរ បរិស្ថានខេត្ត ព្រះសីហនុ មន្ទីរបរិស្ថានខេត្តកោះកុង នាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់ បរិស្ថាន ក្រុមហ៊ុនម្ចាស់ គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ៕rady