ទឹកដីខេត្តមេ-ស មេ-ស ជាខេត្តខ្មែរមួយនៅតំបន់ដែន ដីសណ្តទន្លេមេគង្គនៃទឹកដីកម្ពុជាក្រោម នៃអាណាចក្រនគរភ្នំ ដែលយួនបានប្តូរឈ្មោះទៅជាភាសាយួនថាខេត្តដិនតឿង (Định Tường) ក្រោយមកប្តូរទៅជាម៉ីថ (Mỹ Tho) និងក្រោយមកទៀតរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនបានដាក់បញ្ចូល ខេត្តកោះគង (Gò Công) និងខេត្តមេ-ស ឲ្យចូលគ្នាធ្វើជា ខេត្ត មួយ រួចបានប្តូរទៅជាតៀងយ៉ាង (Tiền Giang) ។
បច្ចុប្បន្ន ខេត្ត មេ-ស គឺជាទីក្រុងចំណាត់ ថ្នាក់លេខ ២ របស់ខេត្តតៀងយ៉ាង (Tiên Giang) នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ។
ពន្យល់ពាក្យ អត្ថន័យពាក្យថា មេ-ស
យោងតាមវចនានុក្រមខ្មែររបស់ សម្តេចព្រះ សង្ឃរាជ ជួន ណាត (ជោតញ្ញាណោ បោះពុម្ភឆ្នាំ១៩៦៧) បានពន្យល់ត្រង់ពាក្យថា មេ-ស មានន័យយ៉ាងនេះ ៖
មេ-ស (មេ-ស) ន.បិសាចស្រី, យាយទេព, អ្នក តាស្រីៈមេ-ស ជ្រៃ, មេ-ស ប្រចណ្ឌ ។ល។
អត្ថន័យពាក្យថា Mỹ Tho
ជនជាតិយួនគេហៅ ខេត្តមេ-ស ជាភាសា យួនថា ម៉ីថ (Mỹ Tho) ។ ពាក្យថា ម៉ីថ នៅ ក្នុងភាសាយួននេះគ្មានន័យទេ ព្រោះពាក្យនេះជាភាសាខ្មែរថា មេ-ស ហើយ ជនជាតិ យួន ហៅមិនច្បាស់ក្លាយជា ម៉ីថ ដែលអក្សរយួនសរសេរថា Mỹ Tho ។
ទីតាំងភូមិសាស្ត្រ
ទីក្រុងមេ-ស បច្ចុប្បន្ន មានទីតាំងឋិតនៅច្រាំង ខាងជើងនៃដងទន្លេលឿង (Xông Tiền) ទិសឦសានជាប់នឹងស្រុកផ្សារអង្ករ (huyện Chợ Gạo) ទិសខាងលិចជាប់នឹង ស្រុកជុំក្រុង (Châu Thành) ខាង ត្បូងជាប់នឹងទន្លេលឿង (Sông Tiền) និងខេត្តកំពង់ឫស្សី (Bến Tre) ។
ផ្ទៃដី និង ចំនួនប្រជាជន
ទីក្រុងមេ-ស មានផ្ទៃដីធម្មជាតិចំនួន ៤៩,៩៨ គ.ម២ ។ ទីក្រុង មេ-ស មាន ១១ សង្កាត់ និង ៤ ឃុំ និងមានប្រជាជនសរុប ១៦៥.០៧៤ នាក់ ។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០០៨ គណៈកម្មាធិការប្រជាជនទីក្រុងមេសអាណត្តិ IX នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនបានបើកកិច្ចប្រជុំលើកទី១៣ (វិសាមញ្ញ ដើម្បីពិនិត្យលើគំរោងការផ្លាស់ប្តូររដ្ឋបាលភូមិសាស្ត្រក្នុងការពង្រីកទីក្រុងមេ-ស) ។
ក្រោយពីកិច្ចប្រជុំនេះ ទីក្រុងមេ-ស ត្រូវបាន រដ្ឋាភិបាលយួនសម្រេចធ្វើការពង្រីកដោយមានផ្ទៃដីធម្មជាតិចំនួន ៨.១៥៤,០៨ ហត (កើនឡើង ៣.២៩៥,២៨ ហត) ។ ប្រជាមាន ២០៤.១៤២ នាក់ (កើនឡើងចំនួន ៩៤.៧២៥ នាក់) ។
ប្រវត្តិខេត្តមេ‑ស
សម័យអាណានិគមនិយមបារាំង
ឆ្នាំ១៨៧៦ ខេត្តមេ-ស ត្រូវបានស្តេចយួនប្តូរ ឈ្មោះទៅជាភាសាយួនថាខេត្តដិន តឿង (Định Tường) ក្នុងចំណោមខេត្តទាំង៦ នៅដែនដីកម្ពុជាក្រោម ។ ពេលបារាំងចូលកាន់កាប់កម្ពុជាក្រោម មេ-ស បានក្លាយទៅជានិគម (arrondissement) មួយឋិតនៅក្នុងតំបន់មេ-ស តាមរដ្ឋបាលភូមិសាស្ត្រ ដែលបារាំងបានកំណត់ ។
យោងតាមកិច្ចព្រមព្រៀងថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៨៩៩ របស់សហព័ន្ធឥណ្ឌូចិនដើម្បីធ្វើការផ្លាស់ប្តូរនិគមទៅជាខេត្តចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ១៩០០ នោះ និគមមេ-ស ត្រូវបានគេប្តូរទៅជាខេត្តមេ-សវិញ ។ ទីរួមខេត្តរបស់ខេត្តមេ-ស ពេលនោះ គឺទីរួម ខេត្តមេ-ស ។ មុនដំបូងខេត្តមេ-សមានមជ្ឈមណ្ឌលរដ្ឋបាល ភូមិសាស្ត្រ ៣ តំបន់ធំហើយចែកចេញជា ១៥ស្រុក ។
ចាប់ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩១៣ ដល់ថ្ងៃទី០២ ខែកុម្ភៈ ១៩២៤ ខេត្តកោះគង (Gò Công ត្រូវបានគេដាក់បញ្ចូលទៅក្នុងខេត្តមេ-ស គឺជាខណ្ឌ កោះគង ។
ពីឆ្នាំ ១៩៤៥ ដល់ ១៩៧៥
ឆ្នាំ១៩៥៦ រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa) បានប្តូរឈ្មោះ ខេត្តមេ-ស ទៅជាភាសាយួនថា ខេត្តដិនតឿង (Định Tường) តាមបទបញ្ជាលេខ 143-NV ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៥៦។ ការប្តូរឈ្មោះនេះត្រូវបានរដ្ឋាភិបាលរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង (Mặt trận dân tộc giải phóng miền Nam Việt Nam) ដែល ជារដ្ឋាភិបាលបង្កើតឡើងដោយក្រុមជនជាតិយួនកុម្មុយនិស្តនិយមធ្វើការបដិសេធឈ្មោះដែលបានប្តូរថ្មីនេះ ហើយរក្សាឲ្យនៅជា ខេត្តម៉ីថ (Mỹ Tho) ដូចដើម ។ ខែសីហា ឆ្នាំ១៩៦៨ ខណ្ឌកោះគង (Gò Công) ត្រូវបានរដ្ឋាភិបាលរណសិរ្សជាតិ រំដោះវៀតណាមខាងត្បូង ផ្តាច់ចេញពីខេត្តមេ-ស ហើយបង្កើតឲ្យមានខេត្តកោះគងឡើងវិញ ។
ខែកុម្ភៈ ឆ្នាំ១៩៧៦ ខេត្តមេ-ស និង ខេត្តកោះ គង ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ដាក់បញ្ចូលចូលគ្នាហើយបង្កើតទៅជាខេត្តថ្មីមួយទៀតដែលភាសាយួនហៅថា ខេត្តតៀងយ៉ាង (Tiền Giang) ។
ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ខេត្តមេ-ស ត្រូវបានក្លាយជាទីក្រុងចំណាត់ថ្នាក់លេខ២ របស់ខេត្តតៀងយ៉ាង (Tiền Giang) ដោយមានការទទួលស្គាល់ពីនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ៕
ដែនដីកម្ពុជាក្រោម
កម្ពុជាក្រោមស្ថិតនៅទិសខាងកើត ឆៀងខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា និង ស្ថិតទិសខាងត្បូងបំផុតនៃប្រទេសវៀតណាម ហើយមានផ្ទៃដី ៦៨,៩៦៥ គ.មក្រលាហើយចែកចេញជា ២១ ខេត្ត/ក្រុង, ស្រុកចំនួន ១៧១ស្រុក, ឃុំចំនួន ១,៣៦៨ឃុំ, ភូមិចំនួន១៤,៧៧៨ភូមិ,មានកោះធំៗចំនួន២គឺកោះត្រល និង កោះត្រឡាច ។ សព្វថ្ងៃមានប្រជាជានខ្មែរប្រមាណជា ជាង១៣ លាននាក់ មានព្រះសង្ឃជាង ២០,០០០ អង្គ និងមានវត្តព្រះពុទ្ធសាសនា ៥៦៧ វត្ត ។
សូមជំរាបថា ទឹកដីកម្ពុជាក្រោមនេះ ត្រូវបានបាត់បង់ទៅប្រទេសយួនចាប់តាំងពីរាជ្យរបស់ព្រះបាទជ័យជេដ្ឋាទី២ក្នុងឆ្នាំ១៦២៣មកម្ល៉េះ ហើយបន្តបាត់បង់ជាបន្តបន្ទាប់នៅក្នុងរាជ្យកាលព្រះរាជាខ្មែរក្រោយៗមកទៀត (ពោលគឺពេញមួយសម័យឧត្តុង្គតែម្តង)។ ទីបំផុតទឹកដីកម្ពុជាក្រោមទាំងមូលនេះ ត្រូវបានសភាបារាំងអនុម័តសម្រេចបញ្ចូលទឹកដីនេះជាកម្មសិទ្ធិរបស់ប្រទេសយួនជាផ្លូវការនាថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៤៩។
ដូច្នេះដើម្បីឲ្យកាន់តែជ្រៀបច្បាស់ខ្ញុំសូមជំរាបជូនពីឈ្មោះខេត្តនិងឆ្នាំ ដែលខេត្តទាំងនោះត្រូវបាត់បង់ទៅប្រទេសយួនដូចតទៅ:
- ១.ខេត្ត ព្រះត្រពាំង (យួនទន្រ្ទានយកដោយខុសច្បាប់នៅឆ្នាំ ១៧៣១)
- ២.ខេត្ត ឃ្លាំង (យួនទន្រ្ទានយកដោយខុសច្បាប់ឆ្នាំ ១៧៥៨)
- ៣.ខេត្ត មាត់ជ្រូក (យួនទន្រ្ទានយកដោយខុសច្បាប់ឆ្នាំ ១៧១៥)
- ៤.ខេត្ត ក្រមួនស (យួនទន្រ្ទានយកដោយខុសច្បាប់នៅឆ្នាំ ១៧១៥)
- ៥.ខេត្ត ពោលើ (យួនទន្រ្ទានយកដោយខុសច្បាប់នៅឆ្នាំ ១៨៤០)
- ៦.ខេត្ត ពាម (យួនទន្រ្ទានយកដោយខុសច្បាប់នៅឆ្នាំ ១៧១៥)
- ៧.ខេត្ត ព្រែកឬស្សី (យួនទន្រ្ទានយកដោយខុសច្បាប់នៅឆ្នាំ ១៧៥៨)
- ៨.ខេត្ត លង់ហោ (យួនទន្រ្ទានយកដោយខុសច្បាប់នៅឆ្នាំ ១៧៣១)
- ៩.ខេត្ត ពាមបារ៉ាជ្ញ (យួនទន្រ្ទានយកដោយខុសច្បាប់នៅឆ្នាំ ១៧១៥)
- ១០.ខេត្ត រោងដំរី (យួនទន្រ្ទានយកដោយខុសច្បាប់នៅឆ្នាំ ១៧៧០)
- ១១.ខេត្ត ទួលតាមោក (យួនទន្រ្ទានយកដោយខុសច្បាប់នៅឆ្នាំ ១៦៩៦)
- ១២.ខេត្ត ផ្សារដែក (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៧៥៧)
- ១៣.ខេត្ត ចង្វាត្រពាំង (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៦៥១)
- ១៤.ខេត្ត មេ សរ (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៧៣១)
- ១៥.ខេត្ត ព្រះសួគ៌ា (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៦៥១)
- ១៦.ខេត្ត កោះគង (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៧៣១)
- ១៧.ខេត្ត កំពង់គោ (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៦៦៩)
- ១៨.ខេត្ត កំពង់ឬស្សី (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៧៣២)
- ១៩.ខេត្ត អូកាប់ (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៦៥១)
- ២០.ក្រុង ព្រៃនគរ (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៦៩៦)
- ២១.ខេត្ត ទឹកខ្មៅ (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៨៤០)
- ២២កោះត្រឡាច (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៧៦៥)
- ២៣.កោះត្រល់ /ពាម (យួនទន្រ្ទានយកដោយខុសច្បាប់នៅ ១៩៣៩)
(ឯកសាររបស់ លោកសួន សុខរស់)
កែសម្រួលដោយ គេហទំព័រព្រះបាទចន្ទរាជា (អង្គចន្ទទី១)