ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ៖
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចរីករាយជាអនេកបានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនកំពតផត ដែលបានប្រឹងប្រែងរួមគ្នាសាងសង់កំពង់ផែនេះឱ្យចេញជារូបរាង។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែពហុបំណងកំពត គឺជាកំពង់ផែស្តង់ដារកម្រិតអន្តរជាតិមុនគេនៅកម្ពុជា។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និង ធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និង កៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ឱ្យកាន់តរីកចម្រើនថែមទៀត។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែពហុបំណងកំពតនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើប និង មានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើ មុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានគោលនយោបាយត្រឹមត្រូវ តែប្រទេសគ្មានលំនឹង, ប្រទេសមានលំនឹង តែគ្មានគោលនយោបាយត្រឹមត្រូវ មិនអាចធ្វើឱ្យប្រទេសរីកចម្រើនឡើយ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីប្រទេសមួយរីកចម្រើន ទាមទារឱ្យរាជធានី ខេត្តទាំងអស់ មានការរីកចម្រើន។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ គឺត្រូវធ្វើឱ្យប្រជាពលរដ្ឋនៅគ្រប់រាជធានី ខេត្ត មានជីវភាពល្អប្រសើរ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យប្រទេសមួយមានការរីកចម្រើន មិនមែនយករាជធានី ខេត្តទៅប្រកួតប្រជែងគ្នានោះទេ គឺត្រូវប្រមូលផ្តុំកម្លាំងគ្នា។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញផែនការអភិវឌ្ឍខេត្តជាប់សមុទ្រ ដើម្បីជំរុញការអភិវឌ្ឍខេត្តជាប់សមុទ្រ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តជាប់សមុទ្រមានសក្តានុពលសម្រាប់សេដ្ឋកិច្ចច្រើន។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែមិនមែនដើម្បីតាំងលំអនោះទេ គឺបម្រើឱ្យការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមស្រមៃ នរណាក៏ស្រមៃបានដែរ ប៉ុន្តែការធ្វើឱ្យលេចចេញជារូបរាងកំពង់ផែពហុបំណងកំពត ក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចមិនមែនជារឿងងាយស្រួលនោះទេ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមស្រមៃ នរណាក៏ស្រមៃបានដែរ ប៉ុន្តែការធ្វើឱ្យលេចចេញជារូបរាងកំពង់ផែពហុបំណងកំពត ក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចមិនមែនជារឿងងាយស្រួលនោះទេ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តកំពត និងខេត្តកែប មិនអនុញ្ញាតឱ្យបើកកាស៊ីណូនោះឡើយ។ សម្រាប់ខេត្តកំពត អនុញ្ញាតតែលើភ្នំពូកគោ និងព្រំដែនប៉ុណ្ណោះ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានរៀបចំផែនការរួចរាល់ហើយ សម្រាប់ការកសាងផែ ដើម្បីបម្រើប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ មិនមែនមានតែទ្រឹស្តីទេ តែក៏បានលេចចេញជារូបរាងហើយ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបច្ចុប្បន្នសម្តេចយកការរិះគន់របស់អ្នកប្រឆាំង ធ្វើជាការកម្សាន្ត និងនាំសំណើច។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងកសាងផ្លូវ ស្ពានយ៉ាងប្រទាក់ក្រឡាគ្នា។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត មានបំណងចង់ជិះរថភ្លើងកម្ពុជា។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនខ្មែរដែលចូលរួមវិនិយោគព្រែកជីក ហ្វូណនតេជោ រួមមានកំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនឯកជនមួយទៀត។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរពីបច្ចុប្បន្នទៅអនាគត មិនមែនដើម្បីប្រយោជន៍បរទេសនោះឡើយ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅលោក សម រង្ស៉ី កុំប្រឆាំងគ្រប់រឿង ជាពិសេសកុំប្រឆាំងនឹងរឿងដែលជាឧត្តមប្រយោជន៍ជាតិ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋនៅតាមតម្រាយនៃគម្រោងព្រែកជីកហ្វូណនតេជោ សូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យព្រែកជីកនេះលេចចេញជារូបរាង។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការបង្ក្រាបក្មេងទំនើងអនុវត្តដោយគ្មានការដកថយឡើយ។ ងើបមួយចាប់មួយ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកតុលាការ «កុំសមត្ថកិច្ចប្រឹងចាប់ ហើយតុលាការលើកហេតុផលដោះលែង»។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យមានចលនាទិញដី ស្ថិតនៅតាមតម្រាយគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីទារសំណងពីរដ្ឋ។
- * សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
កំពត៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញ អមដំណើរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត នៅភូមិចង្ហោន សង្កាត់ ព្រែក ត្នោត ក្រុងបូកគោ ខេត្តកំពត។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកឧកញ៉ា លោកឧកញ៉ា ប្រធានក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត និងតំណាងមកពីវិស័យឯកជនទាំងអស់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ។
ថ្លែងក្នុងរបាយការណ៍ស្វាគមន៍គោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តមទេស រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវទិសដៅកំណើនសេដ្ឋកិច្ចតាមការរំពឹងទុក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែ ពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា៖ កំពង់ ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញអនុវត្តឱ្យបានជោគជ័យនូវផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចុះក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ជាងនេះទៅទៀត គម្រោងនេះនឹងចូលរួមចំណែកផងដែរក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនិង ភស្តុភារកម្ម និងជួយបំពេញនូវគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា៖ ក្រសួងមានផែនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ នៅក្នុងពេលដ៏ខ្លីខាងមុខ ដែលនឹងមានអំណោយផលល្អ ក្នុងការតភ្ជាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ជាមួយតំបន់ផ្សេងៗនៅទូទាំង ប្រទេស និងជាមួយប្រទេសជិតខាង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកំពតឡូជី ស្ទីក អេន ផត ដែលបានបោះទុនដ៏ច្រើនវិនិយោគលើការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យភស្តុភារកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរចំពោះក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងក្រុមហ៊ុនសំណង់ផ្សេងៗទៀត ព្រមទាំងអាជ្ញាធរ ដែនដីខេត្តកំពត និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការល្អក្នុងពេល ចុះសិក្សា និងសម្របសម្រួលឱ្យគម្រោងនេះមានដំណើរការឈានមកដល់ការប្រារព្ធធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាពេលនេះ។
ជាមួយគ្នានោះផងដែរ មានមតិសំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវគ្រប់កាលៈទេសៈ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការកែទម្រង់ដ៏មុតស្រួចដែលបានដាក់ចេញ តាមរយៈផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តត្រីកោណ និងយុទ្ធ សាស្រ្ត ចតុកោណគ្រប់ដំណាក់កាល និងឆន្ទៈដ៏មោះមុតលើការបន្តកំណែទម្រង់ស៊ីជម្រៅ បាននាំ កម្ពុជាទទួលបានការរីកចម្រើនគ្រប់វិស័យ។
សូមជម្រាបជូនថា៖ ផ្អែកលើលទ្ធផលនៃការសិក្សាលម្អិត គម្រោងវិនិយោគនេះឋិតទីតាំងដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសក្តានុពលខ្ពស់សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង ដោយមានកត្តាអំណោយផលពីធម្មជាតិរួមមាន៖ ជាតំបន់សមុទ្រទឹកជ្រៅ និងជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ ជាពិសេស ក្រុមហ៊ុនក៏បានសាងសង់ឃ្លងនាវាចរណ៍រួចជាស្រេចផងដែរ។
មិនតែប៉ុណ្ណោះ ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។
គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា ៣ ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១៥០០ លានដុល្លារអាមេរិក ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក។
គម្រោងនេះនឹងរួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេស ចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។
ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ តម្លៃប្រមាណជា ១៤០លានដុល្លារ លើផ្ទៃដី សរុប ២០៧ហិកតា ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធិសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ នេះ បានសាងសង់ជាស្ថាពរនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖
- ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មានបង្គោលចងពួរ សម្រាប់នាវាចូលចតែអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា
- ការសាងសង់ទីលាន កុងតឺន័រ មានទំហំផ្ទៃសរុប ៥៥.០០០ម៉ែត្រការ៉េ
- ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨.៨០០ ម៉ែត្រការ៉េ
- អគារត្រួតពិនិត្យទំនិញ មានទំហំ ១.៣៣០ម៉ែត្រការ៉េ
- ការសាងសង់ច្រកទ្វារចូល- ចេញផ្នែកខាងមុខ មានរបាំងប៉ុស្តិ៍យាមហុំព័ទ្ធដោយរបងជុំវិញ
- រោងម៉ាស៊ីនភ្លើងចំនួន ២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាល កម្ពស់ ៣ជាន់ មានទំហំសរុប ១.៦៨៩ម៉ែត្រការ៉េ។
ដោយឡែកដំណាក់កាល ទី២ និង ដំណាក់កាលទី៣ គ្រោងនឹងសាងសង់ឡើង ដោយមានជម្រៅទឹករហូតដល់ ១៣ ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២០.០០០តោន អាចធ្វើប្រតិបត្តិការចូល-ចេញ កំពង់ផែប្រកបដោយសុវត្ថិភាព និងមានការសាងសង់ នូវឋបនីយភណ្ឌផែ សម្រាប់អ្នកដំណើរផងដែរ។
ក្នុងពិធីសម្ពោធ សម្តេចបវរធិបតី បានមានប្រសាសន៍ថា កំពង់ផែពហុបំណងនឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត។
លើសពីនេះ កំពង់ផែថ្មីនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។
ទន្ទឹមនឹងនេះ ការដឹកជញ្ជូនពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹងទៅដល់គោលដៅចុងក្រោយ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២២ កន្លងទៅ ទិន្នន័យរបស់ GlobalData ធ្លាប់បានចាត់ចំណាត់ថ្នាក់ថា កំពង់ផែពហុបំណងកំពត ជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក។
កំពង់ផែកំពត តម្លៃ $១៥០០លាន ជាប់ជាកំពង់ផែធំជាងគេលើពិភពលោក
កំពង់ផែខ្នាតយក្ស-កម្រិតអន្តរជាតិតម្លៃ ១៥០០លានដុល្លារអាមេរិក នៅកំពត បានក្លាយជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក នេះបើយោងតាម ទិន្នន័យរបស់ GlobalData។ ក្នុងរបាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ ២០២២ នេះ មានគម្រោងកំពង់ផែខ្នាតយក្សចំនួន ៥ ដែលក្នុងនោះកំពង់ផែកម្ពុជា ជាប់លំដាប់លេខ១។
មកស្វែងយល់ពីគម្រោងកំពង់ផែខ្នាតយក្សទាំង ៥ ដូចខាងក្រោម៖
- ១. មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត_ មានទុនវិនិយោគសរុប ១៥០០ លានដុល្លារអាមេរិក ត្រូវបានកសាងឡើងលើផ្ទៃដី ៦០០ហិកតា ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ប្រទេសកម្ពុជា។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០៣០។ កំពង់ផែខ្នាតយក្សមួយនេះ អាចបង្កើតការងារបានប្រមាណជា ១០០០០កន្លែង ជូនប្រជាពលរដ្ឋ។
- ២. Ethane Terminal Development – មានទុនវិនិយោគសរុប ៤០០លាន ដុល្លារអាមេរិក ជាគម្រោងសាងសង់ស្ថានីយ Ethane នៅ Laguna de Pajaritos, Coatzacoalcos, Veracruz, Mexico ។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០២៤។ គម្រោងនេះត្រូវបានសាងសង់ជាស្ថានីយអេតានខ្នាតពិភពលោក ដែលស្ថិតនៅក្នុង CIIT – Interoceanic Corridor នៃ isthmus Tehuantepec។
- ៣. Aracruz Industrial Port Terminal –មានទុនវិនិយោគសរុប ២២៣ លានដុល្លារអាមេរិក ជាគម្រោងចំណតកំពង់ផែឧស្សាហកម្ម ស្ថិតនៅលើផ្ទៃដី ៣៥,៤ហិកតា នៅ Barra do Riacho, Aracruz, Espirito Santo ប្រទេសប្រេស៊ីល។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេព្យាករណ៍ថានឹងបញ្ចប់នៅក្នុង Q២ ២០២៥។ កំពង់ផែមួយនេះអាចផ្ទុកនាវាប្រវែង ៦០-១២០ ម៉ែត្រ និងមានសមត្ថភាពផ្ទុកទំនិញបាន ២០០០តោនក្នុងមួយឆ្នាំ។
- ៤. Stornoway Deep Water Terminal – មានទុនវិនិយោគសរុប ៦៦លានដុល្លារ អាមេរិក ជាគម្រោងកំពង់ផែទេសចរណ៍ សម្រាប់ទទួលចតកប៉ាល់កម្សាន្តប្រវែង ៣៦០ ម៉ែត្រ នៅកោះ Harris នៃចក្រភពអង់គ្លេស។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q២ ២០២៣។ គម្រោងនេះសាងសង់ឡើងដើម្បីលើកកំពស់សក្តានុពលសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍ នៅកោះ Harris ដោយរួមមានថាមពលកកើតឡើងវិញ ការផ្តាច់ប្រេង-ឧស្ម័ន និងទេសចរណ៍។
- ៥. Quarleshaven Quay Development –មានទុនវិនិយោគសរុប ៤៦លាន ដុល្លារអាមេរិក ជាគម្រោងសាងសង់ផ្លូវលំប្រវែង ៨០០ម៉ែត្រ ក្នុងទីក្រុង Zeeland ប្រទេសហូឡង់។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០២៤។ គម្រោងនេះសាងសង់ឡើងដើម្បីពង្រីកកន្លែងបន្ថែមទៀត សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ មានដូចជា បន្ទះឈើ ហ្គីបស៊ូម វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មដែក ផលិតផលកសិកម្មសរីរាង្គ និងផ្ទាំងថ្មសម្រាប់ពង្រឹងទួរប៊ីនខ្យល់នៅឯសមុទ្រ។
Hout Songhak ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ
---------
(កំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក។
កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតឡើងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពតនៅក្នុងដំណាក់កាលទី១ បានបញ្ចប់ការ សាងសង់ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេសនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖
- ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មានបង្គោលចងពួរ សម្រាប់នាវាចូលចតអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា,
- ការសាងសង់ទីលានកុងតឺន័រ មានទំហំផ្ទៃសរុប ៥៥,០០០ម៉ែត្រការ៉េ, ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨,៨០០ម៉ែត្រការ៉េ,
- អគារត្រួតពិនិត្យទំនិញមានទំហំ ១,៣៣០ម៉ែត្រការ៉េ,
- ការសាងសង់ច្រកទ្វារចូល-ចេញផ្នែកខាងមុខមានរបាំងប៉ុស្តិ៍យាមហ៊ុមព័ទ្ធដោយរបងជុំវិញ និងរោងម៉ាស៊ីនភ្លើងចំនួន២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាលកម្ពស់ ៣ជាន់ មានទំហំសរុប ១,៦៨៩ម៉ែត្រការ៉េ សម្រាប់ជាការិយាល័យបំពេញការងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយ និងរដ្ឋាករកម្ពុជា មន្ត្រីសុខាភិបាល មន្ត្រីអន្តោប្រវេសន៍ និងការិយាល័យរបស់មន្ត្រីមេបញ្ជាការផែ និងកណ្ណធារ និងការរៀបចំត្រៀម នូវបន្ទប់សម្រាប់ប្រើប្រាស់ជាមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវា ដែលធ្វើប្រតិបត្តិការ ចូល-ចេញតាមផ្លូវទឹកផងដែរ។
ចំពោះដែនទឹករបស់កំពង់ផែ គឺជាសម្បត្តិរបស់រដ្ឋដែលរាជរដ្ឋាភិបាល បានកំណត់ផ្តល់សិទ្ធិប្រើប្រាស់ក្នុងទំហំសរុប ៦៧៨ហិកតា រួមជាមួយការស្ថាបនាប្រឡាយនាវាចរណ៍ មានបណ្តោយ ២,៦០០ម៉ែត្រ ទទឹងប្រវែង ១៧០ម៉ែត្រ និងជម្រៅទឹក ១០ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាចំណុះ ១០,០០០តោន ឬស្មើនឹង ៦៦៦TEU ចូលចតបាន។
ផ្លូវនាវាចរណ៍នេះ ក៏មានរៀបចំនូវកន្លែងអាងបត់សម្រាប់នាវាធ្វើចលនាបត់ ដែលមានអង្កត់ផ្ចិត ១,០០០ម៉ែត្រ និងការបំពាក់ពោងសញ្ញាជំនួយនាវាចរណ៍ ដែលអាចឱ្យនាវាធ្វើប្រតិបត្តិការដឹកជញ្ជូនប្រកបដោយសន្តិសុខ និងសុវត្ថិភាព។
សម្រាប់ផ្នែកប្រតិបត្តិការផ្ទេរផ្ទុក និងលើកដាក់ទំនិញ, កំពង់ផែ ក៏បានបំពាក់គ្រឿងចក្រ និងឧបករណ៍គ្រប់គ្រាន់សម្រាប់ធានាដល់ប្រតិបត្តិការ រួមមាន៖ គ្រឿងចក្រលើកដាក់ចល័ត គែមផែប្រភេទ PORT QCS ចំនួន ៣គ្រឿង ដែលមួយគ្រឿងមានសមត្ថភាពលើកដាក់រហូតដល់ ៤៥តោន, គ្រឿងចក្រលើកដាក់កុងតឺន័រចល័តនៅទីលាន ប្រភេទ RTG ចំនួន៣គ្រឿង និង ការបំពាក់សម្ភារបរិក្ខារផ្សេងៗទៀតដែលបម្រើដល់សកម្មភាពប្រតិបត្តិការរបស់កំពង់ផែ រួមទាំងការបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាព សន្តិសុខ ដែលគ្របដណ្ដប់លើដែនគោក និងដែនទឹក របស់កំពង់ផែផងដែរ។
កំពង់ផែនេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់លិខិតអនុញ្ញាតឱ្យធ្វើ ប្រតិបត្តិការអាជីវកម្ម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដែលមានសេវាកម្មសំខាន់ៗ ដូចជាសេវាកម្មនាវាចរ-កណ្ណធារ, សេវាកម្មផ្ទេរផ្ទុក លើកដាក់ និងដឹកជញ្ជូនទំនិញ, សេវាកម្មស្ដុក និងថែរក្សាទំនិញ, សេវាកម្មនាវាទេសចរណ៍អន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្ន កំពង់ផែបាននិងកំពុងធ្វើប្រតិបត្តិការដោយទទួលទំនិញរាយ និងទំនិញជាច្រើនប្រភេទមាន ជាអាទិ៍ដូចជា ធ្យូងថ្ម ម្នាងសិលា ដែក និងទំនិញប្រភេទផ្សេងទៀត។
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១នេះ បានចំណាយថវិកា សាងសង់សរុបប្រមាណ ១៤០លានដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត។
ក្រុមហ៊ុនកំពតផត ក៏មានគម្រោងសាងសង់ពង្រីកហេដ្ឋា រចនាសម្ព័ន្ធរបស់កំពង់ផែពហុបំណងកំពតនេះ ក្នុងដំណាក់កាលបន្តបន្ទាប់ទៀតផងដែរ។ ក្នុងនោះដំណាក់កាលទី២ និងដំណាក់កាលទី៣ គ្រោង សាងសង់ឡើងដោយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២០,០០០តោន អាចធ្វើប្រតិបត្តិការចូល-ចេញកំពង់ផែប្រកបដោយសុវត្ថិភាព និងមានការសាងសង់នូវឋបនីយភណ្ឌផែ សម្រាប់អ្នកដំណើរផងដែរ។
កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ ការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែ ពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការ ដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹង ទៅដល់គោលដៅចុងក្រោយ។
ជាមួយគ្នានេះ កំពង់ផែថ្មីនេះ ក៏នឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តកំពត និងប្រជាពលរដ្ឋខេត្តដទៃទៀតផងដែរ។ បច្ចុប្បន្នបុគ្គលិក កម្មករ និយោជិត ដែលបាននិងកំពុងបម្រើការងារនៅកំពង់ផែនេះ មានចំនួនសរុប ១៧៦នាក់ ហើយ ចំនួននេះនឹងមានការកើនឡើងបន្ថែមទៀតនាពេលអនាគតទៅតាមទំហំប្រតិបត្តិការ និងការរីកចម្រើនរបស់កំពង់ផែ។
សម្រាប់ទីតាំងភូមិសាស្ត្រវិញ កំពង់ផែពហុបំណងកំពត ស្ថិតនៅតំបន់មានអំណោយផលល្អសម្រាប់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែកមកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤៨ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងតភ្ជាប់ផ្លូវដែក ភាគខាងត្បូងទៅភាគខាងជើងរបស់កម្ពុជា។
សូមបញ្ជាក់ដែរថា ទីតាំងរបស់កំពង់ផែនេះ ក៏មានការសាងសង់ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញ គ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវាប្រភេទជាសាឡង់ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ តាមរយៈផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលគ្រោងបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ៕