តើអ្វីទៅជា ការជីកយករ៉ែ មាស ត្បូង? គេបានធ្វើការរៀបរាប់ខ្លះៗថា ការជីករែ៉មាស ត្បូង មាន ២ សណ្ឋាន គឺ គ្រួសារ និង បែបក្រុមហ៊ុនធ្វើអាជីវកម្ម។ របៀបជីករែ៉ មាន៖ ការជីកដីយកទៅរែងក្នុងទឹក, ការបូមទឹកបាញ់លើដីចម្រោះដីយករ៉ែ, ការដាក់រំសេវបំផ្ទុះអាចម៍ដី, ការដាក់ទឹកអាស៊ីតដើម្បីធ្វើថ្មពុកផុយ, ការប្រើគ្រឿងចក្រឈូសឆាយដីដើម្បីរែងអាចម៍ដី។ តែក្នុងអាជីវកម្មធំ" គេមានជំហាននៃការផលិតចេញជាមាស គេត្រូវធ្វើតាមវិធីមួយចំនួនដូចខាងក្រោមនេះ គឺ៖
- ធ្វើការស្រាវជ្រាវ និង វិភាគដី រ៉ែ
- ខូងដី យកស្រទាប់ដី ធ្វើការវិភាគ
- ផលិតចេញជាផែនទីរ៉ែផ្សេង និង រ៉ែមាសតាមស្រទាប់ដី កំពស់ ជម្រៅដី
- ធ្វើការឈូសឆាយសំអាតស្រទាប់ដីខាងលើ
- ធ្វើការបំផ្ទុះដោយការប្រើរំសេវ គ្រឿងផ្ទុះដើម្បីបំបែកថ្ម
- ប្រមូល រក្សាទុក ដឹកជញ្ជូនរ៉ែថ្មទៅកាន់ រោងចក្រ
- បញ្ចូលទឹក លាង និង ស្តុក លាយសារធាតុគីមី បំបែក មាស ចេញពី ដី ថ្ម
- យកកំទេចមាស បញ្ចូលក្នុងឡ ចំរ៉ាញ់ជា ទឹកមាស
- ចាក់ចូលពុម្ព ទម្ងន់ ១០ គក តាមរួបរាងនៃពុម្ព ៕
2010-05-24 រ៉ែមាស ចំនួន ៨,១លាន តោន ត្រូវបានរកឃើញនៅមណ្ឌលគិរី មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅថ្ងៃ២៤ ឧសភានេះ បានប្រកាសឲ្យដឹងថា ក្រុមហ៊ុន OZ របស់ប្រទេសអូស្ត្រាលី បានរកឃើញធនធានរ៉ែមាសចំនួន ៨,១លានតោន នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាការបើកផ្លូវដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាអនុញ្ញាតឲ្យមានការធ្វើវិយោគទុន ក្នុងវិស័យរ៉ែនាពេលឆាប់ៗនេះ។
ប្រភេទរ៉ែមួយចំនួនទៀតដែលគេបានរកឃើញផងដែរនោះ មានដូចជា រ៉ែដែក នៅក្នុងខេត្តព្រះវិហារ កំពង់ធំ និងសៀមរាប។ រ៉ែស្ពាន់ មាននៅក្នុងព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តសៀមរាប។ រ៉ែមាស និងរ៉ែស្ពាន មាននៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក សុខ ទ្បេង បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅឯអង្គការ UNDP ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃច័ន្ទនេះថា ប្រទេសកម្ពុជាកំពុងតែខ្វះខាតធនធានមនុស្សក្នុងវិស័យរ៉ែនេះ។ ការដ្ឋានរ៉ែមួយកន្លែងគេត្រូវការកម្មករចំនួន ៣០០នាក់ ហើយគេត្រូវការកម្មករសរុបចំនួន ៣៥០០នាក់សម្រាប់ការដ្ឋានរ៉ែចំនួន ១០កន្លែង។
លោកបន្តថា ៖ «កន្លែងខ្លះដែលយើងមិនដែលបានសិក្សាសោះ ហើយមានអ្នកវិនិយោគថ្មីមកសិក្សា គឺយើងបានរកឃើញរ៉ែយ៉ាងខ្ពស់ ដែលជាទីមោទនៈទៅវិញ!»។
មន្ត្រីសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) លោក ឌូក្លាស ប្រតឌ័ររិកស៍ (Douglas Broderick) បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនោះថា ៖ «ជាការពិត យើងចង់ឃើញសន្និសីទអន្តរជាតិស្ដីពីរ៉ែនាពេលខាងមុខនេះ ដែលជាការលើកទឹកចិត្តក្នុងការធ្វើវិនិយោគនៅក្នុងវិស័យរ៉ែ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា»។
លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងជាមន្ត្រីអ្នកនាំពាក្យនៃគណបក្សនេះ បានមានប្រសាសន៍អត្ថាធិប្បាយថា លោកសាទរ ប៉ុន្តែលោកមានការព្រួយបារម្ភអំពីការចាត់ចែងប្រាក់ចំណូល។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ៖ «ដោយសារទី១ ប្រទេសកម្ពុជាជោកជាំទៅដោយអំពើពុករលួយ ដូច្នេះយើងអាចនឹងគ្រោះថ្នាក់ នឹងបាត់បង់ប្រាក់ចំណូលដ៏ច្រើនលើសលុបនេះ ដោយសារអំពើពុករលួយ!»។
ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យក្រុមហ៊ុននានារុករករ៉ែតាំងពីឆ្នាំ១៩៩៣មក មានក្រុមហ៊ុនជាតិ និងបរទេស ចំនួន ៦០ហើយ មកពីប្រទេសចិន អូស្ត្រាលី វៀតណាម និងកូរ៉េ កំពុងតែធ្វើការសិក្សារាវរកធនធានរ៉ែនៅក្នុងប្រទេសកម្ពុជា ដូចជារ៉ែទង់ដែង រ៉ែដែក រ៉ែមាស រ៉ែបុកស៊ីត និងរ៉ែធ្យូងថ្ម ជាដើម។
មន្ត្រីឲ្យដឹងថា គោលការណ៍របស់រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវរាវរកធនធានរ៉ែរយៈពេល ២ឆ្នាំជាលើកដំបូង ប៉ុន្តែបើសិនជាក្រុមហ៊ុននោះរកមិនឃើញរ៉ែទេ ក្រសួងនឹងបន្តឲ្យ ២ឆ្នាំទៀត។ នៅពេលណាក្រុមហ៊ុននោះរកឃើញធនធានរ៉ែ ក្រសួងអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែរយៈពេល ៣៥ឆ្នាំ ហើយអាចពន្យារបន្តរយៈពេល ៥ឆ្នាំ ២ដងទៀត។
កាលពីដើមខែឧសភាថ្មីៗនេះ មានសេចក្ដីរាយការណ៍នានាចោទប្រកាន់ថា ក្រុមហ៊ុន BHP Billiton របស់ប្រទេសអូស្ត្រាលី បានសូកប៉ាន់រដ្ឋាភិបាលកម្ពុជាចំនួន ២,៥លានដុល្លារអាមេរិក ដើម្បីទទួលបានសិទ្ធិក្នុងការរាវរករ៉ែបុកស៊ីតនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសបដិសេធភ្លាមៗចំពោះសេចក្ដីរាយការណ៍នោះ។ លោកបានពន្យល់ថា ប្រាក់នោះគឺជាប្រាក់សម្រាប់មូលនិធិសង្គម ដែលមានចែងក្នុងកិច្ចសន្យា៕
កម្ពុជារុករករ៉ែមាស បានតែ ៥ ទៅ ១០ គីឡូក្រាម ប៉ុណ្ណោះ ក្នុង១ខែ! មន្ត្រីជាន់ខ្ពស់ ក្រសួងរ៉ែ និងថាមពល បានប្រាប់ខេមបូណូមីសថា ក្នុង១ខែៗ កម្ពុជាអាចរុករក និងកែច្នៃ រ៉ែមាសបានប្រមាណ តែ ៥ ទៅ១០ គីឡូក្រាមប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណក្នុងការរុករករ៉ែនៅសល់ប្រមាណ ៥០ ក្រុមហ៊ុន បន្ទាប់ពីបានដក និងលុបអាជ្ញាបណ្ណអស់ ២៥០ ក្រុមហ៊ុន។
ឯកឧត្តម ម៉េង សក្ដធារ៉ា រដ្ឋលេខាធិកាក្រសួង រ៉ែ និងថាមពលបានឲ្យដឹងថា តាមការប៉ាន់ស្មានរបស់ក្រសួងរ៉ែ និងថាមពលដោយបានស្រង់របាយការណ៍នាពេលកន្លងមក ឃើញថា ក្នុងមួយខែៗ មានមាសប្រមាណ ៥ ទៅ១០ គីឡូក្រាមប៉ុណ្ណោះ ត្រូវបានរុករកឃើញ និងកែច្នៃ។ ក្នុងនោះ ការរុករកមានសឹងតែគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ប៉ុន្ដែ តំបន់ដែលមានសក្ដានុពលក្នុងការរុករករ៉ែមាសច្រើនជាងគេ គឺនៅខេត្តរតនគីរី មណ្ឌលគីរី និងព្រះវិហារ។
តាមការអះអាង របស់មន្ត្រីជាន់ខ្ពស់រូបនេះ បានជាការរុករករ៉ែមាស បានក្នុងចំនួនតិចតួចយ៉ាងដូច្នេះ ដោយសារតែ ការរុករករ៉ែមាសនាពេលបច្ចុប្បន្ន មានភាគច្រើនគឺធ្វើឡើងដោយក្រុមហ៊ុនខ្នាតតូច លក្ខណៈសិប្បកម្មនៅឡើយ ខណៈដែលធនធានរ៉ែមាសនេះ មានខ្លះ គឺទាមទារបច្ចេកទេសខ្ពស់ ក្នុងការស្វែងរក ដែលត្រូវការក្រុមហ៊ុនវិនិយោគខ្នាតធំ លក្ខណៈឧស្សាហកម្ម។
ទោះយ៉ាងណា ឯកឧត្តម ម៉េង សក្ដធារ៉ា ពន្យល់ថា ជាទូទៅ ក្រុមហ៊ុនរុករករ៉ែធំៗ ទាំងនោះ មុននឹងចូលមកធ្វើការរុករកគេតែតាមដាន និងសិក្សាច្បាស់លាស់ណាស់ ពីសក្ដានុពលនៃតំបន់ដែលត្រូវរុករក ហើយបើតាមបទពិសោធន៍ របស់ប្រទេសដែលធ្លាប់ជោគជ័យក្នុងការរុករករ៉ែមាសនេះ គឺមិនខុសពីកម្ពុជានាពេលនេះទេ ដំបូង គឺផ្ដើមចេញពីអ្នករុករកដែលជាប្រជាជន បន្ទាប់មកមានការរុករកដោយក្រុមហ៊ុនខ្នាត បែបសិប្បកម្ម ហើយនៅពេលដែលមើលទៅមានសក្ដានុពល និងជាឱកាស ទើបមានក្រុមហ៊ុនធំៗចូលមករុករកបន្ត។
រដ្ឋលេខាធិកាក្រសួង រ៉ែ និងថាមពលរូបនេះ បានលើកឡើងទៀតថា បច្ចុប្បន្នវិស័យរ៉ែមាសកម្ពុជា កំពុងឈានជើងមួយជំហានទៀត ឆ្ពោះទៅរកការធ្វើឧស្សាហកម្មរុករករ៉ែមាសខ្នាតធំ ខណៈដែលកន្លងមកភាគច្រើនគ្រាន់តែជាការរុករកខ្នាតតូច លក្ខណៈសិប្បកម្ម បែបសាមញ្ញៗប៉ុណ្ណោះ។ ជាក់ស្ដែង មានក្រុមហ៊ុនរុករករ៉ែមាសអន្តរជាតិធំ២ នឹងចាប់ផ្ដើមប្រតិបត្តិការរុករករ៉ែមាសលក្ខណៈឧស្សាហកម្មនៅពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ មានដូចជា ក្រុមហ៊ុន ក្រុមហ៊ុន Mesco Gold មកពីប្រទេសឥណ្ឌា នឹងចាប់ផ្ដើមអាជីវកម្ម រុករករ៉ែមាស នៅខេត្តរតនគីរី នាចុងឆ្នាំនេះ និងក្រុមហ៊ុនហ៊ុន Renaissance Minerals មកពីអូស្ត្រាលី អាចនឹងចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មរុករកនៅមណ្ឌលគីរីនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ ២០២១។
ឯកឧត្តម ម៉េង សក្ដធារ៉ា បញ្ជាក់ទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងរៀបចំនូវខឿនសេដ្ឋកិច្ចថ្មីរបស់វិស័យរ៉ែនេះ តួយ៉ាង តាមរយៈវឌ្ឍនភាពនៃការរុករកប្រេងកាត ដែលនឹងទទួលបានដំណក់ប្រេងលើកដំបូង និងក្រុមហ៊ុនរុករករ៉ែមាសធំៗដែលនឹងប្រតិបត្តិការអាជីវកម្មខ្នាតឧស្សាហកម្មនាពេលឆាប់ៗខាងមុខនេះ នឹងក្លាយជាកម្លាំងមួយស្រូបទាញការវិនិយោគធំៗក្នុងវិស័យរ៉ែ កាន់តែច្រើនឡើងថែមទៀត។ បើតាមការយល់ឃើញផ្ទាល់របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ កម្ពុជា ត្រូវការពេល១អាណត្តិទៀត ដើម្បី ពង្រឹងខឿនសេដ្ឋកិច្ចវិស័យរ៉ែ ឲ្យមានភាពរឹងមាំ។
ដោយឡែក ទាក់ទងនឹងការដកហូតអាជ្ញាបណ្ណ ក្រុមហ៊ុនរុករករ៉ែមកនៅត្រឹម៥០ ក្រុមហ៊ុននាពេលបច្ចុប្បន្នត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលឯកឧត្តម ម៉េង សក្ដធារ៉ា អះអាងថា គឺដោយសារតែក្រសួងមានការធ្វើកំណែទម្រង់ថ្មី និងរកឃើញថា មានក្រុមហ៊ុនខ្លះ មានអាជ្ញាបណ្ណហើយ តែមិនមានសកម្មភាព និងខ្លះទៀត មានសកម្មភាពផ្ទុយពីច្បាប់កំណត់ ហើយក៏មានក្រុមហ៊ុនមួយចំនួនទៀត បរាជ័យក្នុងការរុករកដោយខ្លួនផងដែរ។
ឯកឧត្តម ម៉េង សក្ដធារ៉ា បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនជិត ៥០ ក្រុមហ៊ុន ដែលទទួលបានសិទ្ធិរុករ៉ែមាននៅកម្ពុជា ក្នុងនោះមាន ក្រុមហ៊ុនខ្លះ កំពុងចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ខ្លះទៀត កំពុងសាសង់ហេដ្ឋារចនាសម្ពន្ធ និងដំណើរការសាកល្បង និងមួយចំនួនផ្សេងទៀត កំពុងធ្វើការសិក្សានៅឡើយ។
ក្រុមហ៊ុនរុករករ៉ែមាសធំៗ នាពេលបច្ចុប្បន្ន មានមកពីប្រទេសអូស្ត្រាលី កាណាដា និងឥណ្ឌា និងមានក្រុមហ៊ុនតូចៗមួយចំនួនទៀត មកពីប្រទេសចិន ថៃ និងប្រទេសអាស៊ានផ្សេងៗជាច្រើនទៀត។
គួរបញ្ជាក់ថា វិស័យរ៉ែ របស់កម្ពុជា បាននិងកំពុងចាប់ផ្ដើមមានការលូតលាស់ងើបមុខឡើងគួរឲ្យកត់សម្គាល់ តួយ៉ាង កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៌ជាច្រើនកន្លែង ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៌រាប់លានតោនក្នុងមួយឆ្នាំ ខណៈដំណក់ប្រេងដំបូងរបស់កម្ពុជា ក៏អាចនឹងទទួលបាននៅចុងឆ្នាំនេះដែរ។ អ្វីដែល ពិសេសទៀតនោះ គឺ ការរុករករ៉ែមាសក៏កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនរុករកធំៗកាន់តែច្រើនផងដែរ។
បើតាមច្បាប់បានតម្រូវសម្រាប់ក្រុមហ៊ុនរុករករ៉ែមាស គឺមិនឲ្យធ្វើការរុករករ៉ែមាស លើសពីផ្ទៃដី ២០០ គីឡូម៉ែត្រការ៉ែ ខណៈការរុករក គឺមានរយៈពេល៧ឆ្នាំ។
របាយការណ៍ ពី ក្រសួងរ៉ែ និងថាពលបង្ហាញថា ការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ មានការកើនឡើងជារៀងរាល់ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៤ មានត្រឹមតែប្រហែល ៤ លានដុល្លារអាមេរិក មកដល់ឆ្នាំ ២០១៧ ប្រហែល ១៤ លានដុល្លារអាមេរិក៕
ធូ វិរៈ | Publication date 10 June 2021 កម្ពុជា ប្រកាសដំណើរការការដ្ឋានអាជីវកម្ម និង រោងចក្រចម្រាញ់ រ៉ែមាស ជាលក្ខណៈឧស្សហកម្ម លើកដំបូង ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និង រោងចក្រចម្រាញ់ រ៉ែមាសជាលក្ខណៈ ឧស្សហកម្ម លើកដំបូងរបស់កម្ពុជានៅតំបន់ អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ តទៅ។
ការដាក់ឲ្យដំណើរការនេះ បន្ទាប់ពីសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេល ១៤ ឆ្នាំ ដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដែលជាក្រុមហ៊ុន អូស្ត្រាលីទី១ ដែលបានចាប់ផ្តើមធ្វើអាជីវកម្មជាលក្ខណៈឧស្សាហកម្មតាមស្តង់ដាអន្តរជាតិ ដែលផលិតបានមួយថ្ងៃជាមាសដុំ ពាក់កណ្តាលសម្រេចដែលមានអត្រាមាស ៩០ភាគរយ។
តាមរបាយការណ៍ សមិទ្ធិលទ្ធភាពដែលបានផ្តល់ឲ្យក្រុមហ៊ុនផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុង ១ឆ្នាំសម្រាប់រយៈពេល ៨ ឆ្នាំដំបូង។
លោក ហ៊ុន សែន បានថ្លែងថា កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លាក្នុងមួយឆ្នាំ។ ក្នុងនោះចំណូលថវិកាជាតិពី សួយសារនិង សារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០ លានដុល្លារក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
លោកថ្លែងទៀតថា៖ «ជាមួយគ្នានឹងសក្តានុពលនេះ ខ្ញុំក៏សូមក្រើនរំឭកផងដែរថា អាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈនិងបច្ចេកវិទ្យាពិតប្រាកដ។ ដូចដែលបានរៀបរាប់ពីប្រវត្តិនៃការវិនិយោគខាងលើមិនមែនគ្រប់គ្នាចេះ តែអាចធ្វើការអភិវឌ្ឍបាននោះទេ ការដាក់ឱ្យដំណើរការឧស្សាហកម្ម រ៉ែមាស ថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយ ចាប់យករបរអាជីវកម្ម រ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំងត្រូវការដើមទុនច្រើននិងជំនាញពិតប្រាកដ »។
លោកឲ្យដឹងទៀតថា ស្របជាមួយការចាប់ផ្តើមនៃអាជីវកម្ម រ៉ែមាសខ្នាត ឧស្សាហកម្មតាមស្តង់ដាអន្តរជាតិជាលើកដំបូងនៅកម្ពុជា ប្រតិបត្តិការ ធនធានរ៉ែ នៅតំបន់អូរខ្វាវ នឹងបង្កើតបានជាគំរូមួយសម្រាប់នាំមុខដល់ការធ្វើអាជីវកម្មធនធានរ៉ែ ដទៃទៀត ស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។
លោកបញ្ជាក់ថា ៖«ការចាប់ផ្តើមនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់យើងនាពេលកន្លងមកនៅក្នុងវិស័យរ៉ែ ពិតជាអាចទាញយក ធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ យើងបានប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការការពារផលប្រយោជន៍បរិស្ថាននិងសង្គម។ បណ្តាក្រុមហ៊ុនរ៉ែទាំងអស់នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវបែបនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន»៕
កន្លែងជីករ៉ែមាសរបស់ក្រុមហ៊ុនចិនដែលមាន កម្មករស្លាប់មានការយាមតឹងតែង ការដ្ឋានរបស់ក្រុមហ៊ុនចិន ដែលបានទទួលអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល កាលពីចុងឆ្នាំ២០១១ សម្រាប់ធ្វើអាជីវកម្មរ៉ែមាស នៅក្នុង ស្រុកសម្បូរ គឺឋិតនៅក្នុងចម្ងាយប្រមាណជាង៤០គីឡូម៉ែតពីទីរួមក្រុងក្រចេះ។ ផ្លូវគមនាគមន៍មានការលំបាកបន្ទាប់ពីចុះចេញពីផ្លូវជាតិ ទៅកាន់ការដ្ឋានចម្ងាយប្រមាណជាង១៣គីឡូម៉ែត។
នៅពេលដែលធ្វើដំណើរប្រមាណ៧គីឡូម៉ែតពីផ្លូវលំ ទៅដល់ភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសម្បូរ មានចំណុចឆែកឆេរមួយកន្លែងរបស់ក្រុមហ៊ុនចិន ដែលមានការយាមយ៉ាងតឹងរឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ។ នៅចំណុចឆែកឆេរនេះ គេមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានឆ្លងកាត់ទេ ក្រោយពីហេតុការណ៍ដែលបណ្តាលឲ្យកម្មករខ្មែរស្លាប់បាត់បង់ជីវិតនៅក្នុងអណ្តូងរ៉ែ ក៏ប៉ុន្តែអ្នកសារព័ត៌មានមួយក្រុមត្រូវបានអនុញ្ញាតឲ្យចូល ដោយសារតែមន្ត្រីកងរាជអាវុធហត្ថដែលប្រចាំការនៅទីនោះធ្លាប់ស្គាល់គ្នាជាមួយអ្នកកាសែត។
កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងបរិវេណអាជីវកម្មអណ្តូងរ៉ែរបស់ក្រុមហ៊ុនចិនXing Yuan Kanng Yeak មានការរៀបចំពិធីសូត្រមន្តដើម្បីរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់បាត់បង់ជីវិតគំរប់៧ថ្ងៃ។
នៅក្នុងបរិវេណអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនចិននេះ ពុំមានកម្មករច្រើនធ្វើការដូចមុនទេ គឺមានកម្មករធ្វើការប្រមាណតែ៤ឬ៥នាក់តែប៉ុណ្ណោះ។ ក្រុមកម្មករបានធ្វើបទសម្ភាស៍ជាមួយនឹងវីអូអេសម្លេងសហរដ្ឋអាមេរិកថា មានកម្មករខ្មែរប្រមាណជាង៩០ភាគរយបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញហើយ បន្ទាប់ពីមិត្តរួមការងាររបស់ពួកគេបានស្លាប់។
កាលពីសប្តាហ៍មុន មានកម្មករខ្មែរប្រមាណ៨នាក់បានស្លាប់បាត់បង់ជីវិត និងមានកម្មករពីរនាក់ផ្សេងទៀតបានទទួលរងរបួសនៅក្នុងអណ្តូងរ៉ែមាសមួយដែលមានជម្រៅប្រមាណជាង៣០០ម៉ែត ដោយសារតែកម្មករជនជាតិចិនបំផ្ទុះថ្មដើម្បីយករ៉ែ ហើយប៉ះចំដង្ហើមទឹកក្រោមដី បណ្តាលឲ្យទឹកបាញ់ចេញយ៉ាងគំហុកលាយឡំជាមួយនឹងកម្ទេចថ្ម ដែលធ្វើឲ្យកម្មករស្លាប់ដោយសារការឆ្លក់ទឹក។
លោកពុំ អឿន អាយុ២៨ កម្មករនៅក្នុងអណ្តូងរ៉ែ មកពីខេត្តកំពង់ចាម ដែលបានធ្វើការងារជាកម្មករអណ្តូងរ៉ែអស់រយៈពេលជាងមួយខែ បាននិយាយថា ការចូលបម្រើជាកម្មករនៅទីនេះ ក្រុមហ៊ុនមិនបានបង្រៀនអំពីវិធីសាស្ត្រជម្លៀសចេញ នៅក្នុងគ្រាមានអាសន្នទេ។
លោកពុំ អឿនបាននិយាយថា ខាងក្រុមហ៊ុនបានឲ្យកម្មករពាក់មួកសុវត្ថិភាពនិងមានពាក់ពិលនៅលើក្បាល ព្រមទាំងឧបករណ៍វាយថ្មតែប៉ុណ្ណោះ។ ចំណែកឯបច្ចេកទេសផ្សេងទៀត ក្រុមហ៊ុនមិនបានបង្ហាត់បង្រៀនដល់ពួកគេទេ។
«អត់មានដឹងផង ព្រោះអីកម្មករនៅទីហ្នឹង បើចុះធ្វើនៅហ្នឹង បើថាដាច់ភ្លើង ដាច់អីនៅហ្នឹង គឺងងឹតសូន្យ ងងឹតសូន្យតែម្តង នៅក្នុងហ្នឹង»។
កន្លែងធ្វើអាជីវកម្មរុករករ៉ែរបស់ក្រុមហ៊ុនចិនមានចំនួនពីរអណ្តូងគឺនៅប៉ែកខាងកើត និងប៉ែកខាងលិច ក៏ប៉ុន្តែមានតែមួយអណ្តូងតែប៉ុណ្ណោះ ដែលធ្វើឲ្យកម្មករខ្មែរស្លាប់បាត់បង់ជីវិត។
ប្អូនប្រុសម៉ៅ សិលា អាយុ១៩ មកពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាននិយាយថា ជារៀងរាល់លើក នៅពេលដែលក្រុមហ៊ុនដាក់គ្រាប់គីប ដើម្បីកម្ទេចថ្មតែងតែចុចកណ្តឹងប្រកាសអាសន្ន ក៏ប៉ុន្តែនៅថ្ងៃកើតហេតុនេះ ក្រុមហ៊ុនមិនបានប្រកាសអាសន្នដល់ពួកគេទេ។ ប្អូនប្រុសបាននិយាយថា ប្រសិនណាបើក្រុមហ៊ុនបានបង្រៀនវិធីគេចចេញពីគ្រោះថ្នាក់ ឬក៏ប្រាប់ឲ្យដឹងជាមុន ប្រហែលជាពួកគេមិនបានស្លាប់បាត់បង់ជីវិតទាំងប្រាំបីនាក់នោះទេ។
«ខ្ញុំចង់ថា មានសំណូមពរឲ្យជួយពិនិត្យមើលកម្មករគ្រប់រូប ដើម្បីមុននឹងចុះទៅធ្វើការឲ្យមានសុវត្ថិភាព។ ការពារអាយុជីវិត អាយុកម្ពុជាខ្មែរយើង»។
កម្មករខ្មែរ ដែលបានធ្វើការងារនៅក្នុងអណ្តូងរ៉ែ មិនបានទទួលប្រាក់បៀវត្សរ៍ប្រចាំខែទេ។ ក្រុមកម្មករទទួលបាន៩០០០រៀល គឺស្មើនឹងជាងពីរដុល្លារ ប្រសិនណាបើកម្មករយករ៉ែមួយធុងពីក្រោមដីយកមកលើបាន។
ប្អូនប្រុសកាយ បុរី អាយុ២៧ បាននិយាយយ៉ាងដូច្នេះថា៖
«គេគិតជាធុង មួយធុង។ ក្រុមរណ្តៅខ្ញុំខាងនោះធ្វើបានមួយធុងប្រាំបួនពាន់ អាជាន់ក្រោម។ ចំណែកអាជាន់លើបានមួយម៉ឺន ឬមួយម៉ឺនមួយពាន់។ ជួបដែររ៉ែហ្នឹង ប៉ុន្តែយើងមិនដឹងថា រ៉ែហ្នឹងមាសទេ។ ទាល់តែយើងយកទៅកិនបានយើងឃើញ»។
តំណាងក្រុមហ៊ុនចិនបានបដិសេធមិនផ្តល់អត្ថាធិប្បាយណាមួយប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកទេ នៅពេលដែលព្យាយាមសួរតាមរយៈអ្នកបកប្រែ។
បន្ទាប់ពីព្រឹត្តិការណ៍បណ្តាលឲ្យក្រុមកម្មករខ្មែរ៨នាក់បានស្លាប់ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បាននិយាយថា ក្រសួងនឹងកោះប្រជុំជាបន្ទាន់ជាមួយនឹងក្រុមហ៊ុន ប៉ុន្តែរហូតមកដល់ថ្ងៃអាទិត្យនេះ លទ្ធផលនៃជំនួបនេះមិនទាន់បានប្រកាសនៅឡើយ៕
ម៉ៃ ទិត្យថារ៉ា 31 January 2015 អាជីវកម្មជីករ៉ែមាស ជាលក្ខណៈគ្រួសាររបស់អ្នកស្រុករវៀង កំពុងប្រឈមនឹងការវាតទីពីក្រុមហ៊ុនបរទេស ខណៈ សំឡេងម៉ាស៊ីនរោទ៍ប្រៀបដូចជាសំឡេងកាណូតក្នុងទន្លេ បើក្រឡេកទៅខ្ពង់រាបមួយនៅ ជើងភ្នំលុង ក្នុងឃុំរំដេង ស្រុករវៀង ខេត្តព្រះវិហារ មានក្រុមមនុស្សជា ច្រើនកំពុងធ្វើការនៅក្រោមកម្តៅ ថ្ងៃ អ្នកខ្លះជីកដី ខ្លះជញ្ជូនដីយកទៅដាក់នៅលើធ្នើរដើម្បីបាញ់ទឹករំលាយនៅសល់តែកម្ទេចតូចៗ ដើម្បីរែងរករ៉ែមាសដែលមើលស្ទើរតែមិនឃើញ បើទោះជារបរនេះកំពុងតែប្រឈមនឹងការផុតរលត់ ដោយសារតែការទន្ទ្រានពីក្រុមហ៊ុនដែលទទួលបានដីសម្បទានរ៉ែពីរាជរដ្ឋាភិបាលក្ដី។
បើទោះជាត្រូវចំណាយពេលច្រើនក្នុងការបំបែកដុំដីនោះឲ្យរលាយទៅជាល្បាយតូចៗ និងត្រូវចំណាយពេលជាច្រើនម៉ោង ក៏ពួកគាត់ទាំងនោះពុំអាចប្រកបរបរជីករករ៉ែមាសនេះដោយសេរីបានដែរ បន្ទាប់ពីមានក្រុមហ៊ុនឯកជនជាច្រើនទទួលបានដីសម្បទានរ៉ែ ដើម្បីវិនិយោគពីសំណាក់រដ្ឋាភិបាលក្នុងតំបន់នោះ ធ្វើការហាមឃាត់ដោយសំអាងថា គេមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល។
កំពុងតែកាន់ដែករែងរកកម្ទេចមាសដែលតូចមើលស្ទើរតែមិនឃើញនោះ លោក រៀម វាសនា ដែលប្រកបមុខរបរនោះ ៧ ឆ្នាំ មកហើយបានឲ្យដឹងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋដែលប្រកបរបររករ៉ែមាស ជាលក្ខណៈគ្រួសារគឺប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែ ក្រុមហ៊ុនចិន និងវៀតណាម មិនឲ្យទៅជីករកនៅលើភ្នំដូចពីមុន ហើយត្រូវផ្អាកការរុករករ៉ែនៅពេលណាដែលមានបុគ្គលិកចិនឡើងមកក្នុងតំបន់នោះ។
លោកបាននិយាយថា៖ «សព្វថ្ងៃនេះ យើងធ្វើបានត្រឹមតែដូរបាយព្រឹកល្ងាចប៉ុណ្ណោះ បើមិនរកមាស វាមិនដឹងទៅធ្វើអី ពីព្រោះខ្ញុំមិនចេះអី ក្រៅពីនេះទេ ហើយបើធ្វើការសំណង់ក៏ពិបាក លុះត្រាតែចំណាកស្រុក ដូច្នេះមានតែទ្រាំធ្វើមុខរបរនេះទៅ»។
បើទោះជាការប្រកបរបរនេះនៅក្រោមកម្តៅថ្ងៃនិងត្រូវជីកដីលុងជម្រៅ ៣ ម៉ែត្រចុះក្រោមក៏ដោយ ក៏បរុសមួយក្រុមនោះ នៅតែចាត់ទុកថា ជារបរមួយងាយស្រួលជាង ទៅធ្វើជាជាងសំណង់ដែរ ពីព្រោះពួកគេអាចឈប់ពេលណាដែលពួកគេនឿយហត់ដោយមិនខ្វល់។
លោក រៀម ស៊ីនិច អាយុ ២៧ ឆ្នាំបានប្រាប់ថា៖ «បើយើងធ្វើសំណង់ឲ្យគេ ទោះជាឈឺក៏មិនហ៊ានឈប់ដែរ ខ្លាចគេកាត់លុយ ប៉ុន្តែបើជីករ៉ែមាសពេលណាយើងឈឺឬហត់ នោះយើងឈប់តាមតែចិត្តយើងបាន»។
និយាយបែបចង់អស់សំណើចនៅពេលសួរទៅដល់ចំណុចថា តើក្នុង ១ ខែអាចរកប្រាក់ចំណូលបានប៉ុន្មាននោះ លោក ស៊ីនិច បានតបតិចៗថា ពួកគាត់គឺពុំមានសល់លុយរាល់តែខែប៉ុន្មានៗទេ ពីព្រោះរកមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។ គាត់ថា ជារៀងរាល់ ៣ ទៅ ៤ ថ្ងៃម្តង គាត់តែងឡើងទៅលក់កម្ទេចមាសយកលុយមកទិញម្ហូបអាហារនិងប្រេងសាំង។
លោកផ្ទុះសំណើចថា៖ «ក្នុងមួយខែៗ គឺយើងគ្មានសល់អ្វីទេ មានតែជំពាក់ថ្លៃម្ហូបអាហារគេផង នៅពេលដែលរកមាសមិនបាន តែនៅពេលណាយើងរកបាន ក៏ឡើងទៅលក់សងគេវិញអស់»។
កំពុងតែកាន់ទុយោបាញ់រំលាយដីល្បាប់នៅក្នុងរណ្តៅដ៏ធំមួយ ដើម្បីបូបឡើងទៅកន្លែងចម្រោះរកកម្ទេចមាសនោះ លោក យ៉ុន ថា អាយុ ២២ ឆ្នាំ ដែលធ្វើដំណើរមកពីខេត្ត តាកែវ ដើម្បីប្រកបរបរជីករករ៉ែមាសនៅជើងភ្នំ លុង នេះ រៀបរាប់ថា ក្នុងមួយថ្ងៃៗ ក្រុមគាត់មានគ្នា ៣ នាក់ ចាប់ធ្វើការពីម៉ោង ៧ ព្រឹកដល់ម៉ោង ៥ ល្ងាចនោះ អាចរកកម្ទេចរ៉ែមាសត្រឹមតែ ៣ ទៅ ៤ ហ៊ុន ប៉ុណ្ណោះ ខណៈដែលតម្លៃក្នុងមួយជីមាសលក់បានត្រឹមតែ ៥៤ ដុល្លារ។ គាត់ថា បើក្រុមហ៊ុនវិញរកបាន រាប់តម្លឹង ក្នុង ១ ថ្ងៃៗ។
លោក យ៉ុន ថា និយាយថា៖ «យើងបូមដីឬក៏កាយរករ៉ែនឹងដៃ តែក្រុមហ៊ុនគេយក អេស្កា មកកាយរករ៉ែតែម្តង ដូច្នេះ បានជាគេរក បានច្រើន។ ពលរដ្ឋយើងបើសិនឲ្យជីកដោយដៃក៏ដោយ ឲ្យតែគេឲ្យទៅជីកនៅក្នុងភ្នំលុង យើងក៏អាចជីកបានច្រើនដែរ»។
សូរសំឡេងម៉ាស៊ីនលាន់ឮទ្រហឹងនៅកណ្តាលព្រៃតំបន់នេះ តែមានថ្ងៃខ្លះក៏ត្រូវផ្អាកដែរ នៅពេលណាដែលពលរដ្ឋឲ្យដំណឹងមកថា ជនជាតិចិនជាថៅកែឬបុគ្គលិកក្រុមហ៊ុន គេចុះមកត្រួតពិនិត្យការដ្ឋាន ១ ខែឬ ២ ខែម្តង ហើយអាជ្ញាធរក៏ហាមពលរដ្ឋមិនឲ្យធ្វើដែរ ដើម្បីកុំឲ្យឮសំឡេងម៉ាស៊ីន។
លោក យ៉ុន ថា បញ្ជាក់ថា៖ «យើងធ្វើការនៅឆ្ងាយពីក្រុមហ៊ុន តែគេនៅតែមិនឲ្យយើងធ្វើ ដូច្នេះយើងត្រូវសម្រាកនៅពេលដែលថៅកែគេចុះមកមើល បើមិនដូច្នេះបុគ្គលិកដែលយាមឲ្យក្រុមហ៊ុនស្លៀកពាក់ឯកសណ្ឋានជាប៉ូលិស ទាហានឬក៏ប៉េអឹម គេនឹងបាញ់មកលើយើងនៅពេលគេឮសូរសំឡេងម៉ាស៊ីន»។
អ្នកស្រុកនៅតំបន់នោះគ្រាន់តែដឹងថា ក្រុមហ៊ុនរុករករ៉ែតំបន់នោះ មានទាំងក្រុមហ៊ុនខ្មែរ ចិន និងវៀតណាម ពួកគេមានទាហាននៅយាមការពារហាមមិនឲ្យពលរដ្ឋដែលជីករករ៉ែលក្ខណៈគ្រួសារចូលជីកក្នុងតំបន់ភ្នំនោះទេ រហូតមានករណីបាញ់ប្រហារមកលើពលរដ្ឋទៀតផង នៅពេលមានអ្នកព្យាយាមលួចចូលទៅរុករកក្នុងតំបន់គេហាមនោះ។
លោកនិយាយថា៖ «ដីរបស់ខ្មែរសោះឲ្យបរទេសគេមករកមានទាំងទាហានការពារទៀត តែខ្មែរឯងម្ចាស់ដីត្រូវគេហាមទៅវិញខ្ញុំឆ្ងល់មែនទែន»។
លោក ឆា ឆន អាយុ ៣០ ឆ្នាំ ដែលមកជីករ៉ែមាសនេះបីឆ្នាំមកហើយបានឲ្យដឹងដែរថា ក្រុមហ៊ុនគេហាមឃាត់ជាង ១ ឆ្នាំហើយ ហើយចាប់តាំងពីពេលដែលគេហាមមិនឲ្យឡើងភ្នំលុងមក ពលរដ្ឋយើងក៏រកមាសមិនបានច្រើនដែរ គឺរកបានតិចតួចបំផុត រហូតមានថ្ងៃខ្លះ ស្ទើរតែរកកម្ទេចមាសតូចមួយមិនបានផង។
លោកបន្តថា៖ «បើសិនតែនៅបន្តរឹតបន្តឹង ហើយហាមពលរដ្ឋមិនឲ្យរករ៉ែទៀតនោះ មិនយូរនោះទេ ពួកយើងនឹងដាច់បាយស្លាប់មិនខាន ពីព្រោះ បើទៅរកមាសក៏មិនបាន មានតែត្រូវឈប់រក ណាមួយនៅកន្លែងមានមាសខាងក្រុមហ៊ុនគេវាតយកអស់ទៅហើយ»។
មិនខុសពីអ្នកជីករករ៉ែមាស ក្នុងតំបន់នេះដែរ យុវជន ដេត ឆៃ អាយុ១៨ ឆ្នាំ មកពីខេត្ត កំពង់ធំ ដែលចំណាយពេលបីឆ្នាំក្នុងរបរនេះនិយាយថា ដោយសារតែបញ្ហាជីវភាព រូបគេបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី ៦ ដើម្បីមកជួយបងប្អូនជីករករ៉ែមាសនេះ បើទោះជាមករកពុំសូវបានច្រើនក៏ដោយ ពីព្រោះគ្រួសារគេគ្មានមុខរបរអ្វីក្រៅពីជីករកមាសនោះទេ ហើយខ្លួនក៏ព្រួយបារម្ភផងដែរចំពោះស្ថានភាពសព្វថ្ងៃថា អាចប្រឈមនឹងបញ្ហាជីវភាពទៅថ្ងៃអនាគតមិនខាន។
យុវជនរូបនេះត្អូញត្អែរថា៖ «ខ្ញុំមិនដែលស្គាល់មាសទេ ហើយមុនដំបូងខ្ញុំស្មានតែគេមកជីកបានមាសទាំងដុំៗ ខ្ញុំមិនដឹងថា គេមកជីករកកម្ទេចមាសតូចៗមើលស្ទើរមិនឃើញនោះទេ»។
ដោយមានជើងធូបដោតជាប់នៅនឹងដីក្បែរកន្លែងជីករករ៉ែមាសនោះ លោក សាន់ សារ៉ន អាយុ ៤៧ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានប្រកបមុខរបរនោះអស់រយៈពេលជាង ១០ ឆ្នាំមកហើយនោះ បានថ្លែងថា ការប្រកបរបររករ៉ែមាសនេះ ពលរដ្ឋក៏មានជំនឿផងដែរ នៅក្នុងការបន់ស្រន់ទៅលើម្ចាស់ទឹក ម្ចាស់ដី គឺមុននឹងជីករករ៉ែមាសត្រូវបន់សែន ម្ចាស់ទឹកម្ចាស់ដី អារក្ខ អ្នកតា ដើម្បីសុំសេចក្តីសុខនិងជីកឃើញរ៉ែមាសបានច្រើន។
លោកបានថ្លែងថា៖ «ជួនកាលយើងជីកជម្រៅ៣ម៉ែត្រចុះក្រោមចំណាយពេល៣ថ្ងៃនៅពេលដែលរំលាយរកមាសទៅសូម្បីតែបន្តិចក៏មិនបានផង។ នេះបើសិនយើងភ្លេចសែនព្រេន ដូច្នេះពួកយើងត្រូវតែនឹកឃើញរឿងនេះ នៅមុនពេលចាប់ផ្តើមជីករកមាស»។
នៅមុខផ្ទះមួយដែលមានដាក់ស្លាកថា «ទិញមាស»ដែលមាន ជញ្ជីងថ្លឹងនៅក្នុងទូ អ្នកផ្ទះទាញយកមាសរំលាយជាដុំ ១ តម្លឹងមកបង្ហាញនិងត្អូញត្អែរថា គាត់ក៏មិនខុសពីអ្នកជីករករ៉ែមាសដែរ បើបរិមាណមាសដែលអ្នកជីករកមកលក់ឲ្យគាត់ចេះតែថយចុះបែបនេះ។
លោក សុផល ដែលជាអ្នកទិញមាសរាប់ឆ្នាំនៅក្នុងតំបន់នោះបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្ននេះលែងមានអ្នកលក់មាសច្រើនដូចកាលពីមុនហើយ។ កាលពីមុនមួយថ្ងៃៗគាត់ទិញមាសបាន ១ ទៅ ២ តម្លឹងរាល់ថ្ងៃ ប៉ុន្តែសព្វថ្ងៃពេលខ្លះរកទិញតែមួយជីមិនបានផង។
លោកនិយាយទៀតថា៖ «ខ្ញុំគិតថា របរខ្ញុំជាអ្នកទិញមាស និងអ្នករកមាសគឺប្រហែលជាមិនស្ថិតស្ថេរយូរប៉ុន្មានទៀតទេ បើចិននៅតែតឹងរ៉ឹងមិនឲ្យពលរដ្ឋរកដូចកាលពីពេលមុននោះ»។
លោកបន្តថា តំបន់នេះ (តំបន់ ភ្នំលុង) គឺជាតំបន់ដែលសម្បូររ៉ែមាស និងរ៉ែដែកបំផុតហើយ ក៏ ប៉ុន្តែ បច្ចុប្បន្នចាប់ផ្តើមថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែក្រុមហ៊ុនចិននិងក្រុមហ៊ុន វៀតណាម ដែលគេកំពុងតែធ្វើអាជីវកម្មខ្នាតធំ ខុសពីប្រជាពលរដ្ឋដែលរែងដោយដៃ ហេតុដូច្នេះក្នុង ១ ថ្ងៃៗ គេរកបានរាប់រយតម្លឹង។
លោកអះអាងថា៖ «ក្រុមហ៊ុន គេជីក ៣ ទៅ ៤ រយម៉ែត្រចុះទៅក្រោម ឡើងប្រេះភ្នំអស់ទៅហើយ»។
ផ្លូវចូលទៅក្នុងក្រុមហ៊ុនចិនដែលពលរដ្ឋបានអះអាងនោះត្រូវបានមន្ត្រី ប៉េអឹម ដេកចងអង្រឹងយាមកាមមិនអនុញ្ញាតឲ្យអ្នកណាចេញចូលក្រៅពីបុគ្គលិកក្រុម-ហ៊ុនទៅលើភ្នំដែលមើលឃើញសកម្មភាព អេស្កាវ៉ាទ័រ កំពុងជីកកកាយរុករករ៉ៃមាសនោះទេ ។
មន្ត្រីប៉េអឹមជាឆ្មាំយាមច្រកម្នាក់នោះប្រាប់ថា ចង់ចូលឲ្យទាក់ទងទៅថ្នាក់លើ គឺទាក់ទងទៅខាងក្រុមហ៊ុន CWS ដែលមានឈ្មោះ លោក បារាំង ប៉ុន្តែលោក បារាំង ភ្នំពេញ ប៉ុស្តិ៍ ពុំអាចទាក់ទងដើម្បីសុំព័ត៌មានអំពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនចិនបានទេដោយលោកឆ្លើយថា៖ «ច្រឡំលេខហើយ»។
លោក អ៊ូច ឡេង នាយកអង្គការក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា បានប្រាប់ឲ្យដឹងថា ការផ្តល់ដីសម្បទានរ៉ែរបស់រដ្ឋាភិបាលទៅដល់ក្រុមហ៊ុនចិននោះគឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបរិស្ថានក្នុងតំបន់នោះ ដោយសារតែរដ្ឋាភិបាលពុំបានគ្រប់គ្រងទិន្ន័យឲ្យច្បាស់លាស់។
លោកថ្លែងថា៖ «គម្រោងនេះបានធ្វើឲ្យបាត់បង់ចំណូលពលរដ្ឋជាម្ចាស់រ៉ែមាសយ៉ាងធ្ងន់ធ្ងរ»។
លោក ឯ សារូ អភិបាលស្រុក រវៀងបានឲ្យដឹងថា នៅក្នុងឃុំរំដេងមានក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន Delcom Cambodia Pte.,Ltd ទទួលអាជ្ញាប័ណ្ណវិនិយោគនៅលើភ្នំលុង ហើយនិងក្រុមហ៊ុនសរសេរអក្សរកាត់ CWS របស់ចិន គឺទទួលបានការសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ។
លោកបន្តថា ៖«យើងពុំមានសិទ្ធិហាមឃាត់គេនោះទេ ប៉ុន្តែក្រុមហ៊ុនគេធ្វើទៅតាមច្បាប់»។
បើយោងតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលថ្មីៗនេះ បានរកឃើញថា រហូតមកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរុករករ៉ែ ប្រេង និងឧស្ម័ន ចំនួន ១៤៧ ក្រុមហ៊ុន ក្នុងនេះ ក្រុមហ៊ុនដែលកំពុងតែដំណើរការធ្វើអាជីវកម្មស្ថិតក្នុង ១៨ ខេត្ត នៅទូទាំងប្រទេសលើផ្ទៃដីជាង ២,៥ លានហិកតា។ ក្រុមហ៊ុនទាំងនេះមកពីប្រទេសអូស្ត្រាលី អាមេរិក កូរ៉េ វៀតណាម ចិន ជប៉ុន សិង្ហបុរី ថៃ បារាំង និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនផងដែរ៕
Chhut Bunthoeun / Khmer Times First gold production is to proceed despite pandemic Renaissance Minerals (Cambodia) Ltd, a subsidiary of Australia-listed Emerald Resources NL, has reiterated that its first gold production will go as planned despite the impact of the COVID-19 pandemic.The first gold production at Okvau Gold Project, the company’s most advanced project, in Mondulkiri province, is scheduled to begin in the second quarter of next year, the company said.
The exploration firm released its definitive feasibility study in May 2017 and revealed that the project could produce 106,000 ounces of gold per year on average over seven years from a single open pit.The company has already initiated many activities towards production. It inked a $230 million mining contract with Mining and Civil Australia (Maca), to supply earth-moving equipment and conduct contract mining services at the Okvau Gold Project for more than seven years.
In addition, Emerald and Sprott Private Resource Lending II (Collector), LP, a leading financier to the mining sector globally, signed a credit agreement for a $60 million project finance facility, which the firm said was a significant milestone for the development of the Okvau Gold project.Investment capital by both foreign and local investors in the mining sector was valued at $1.157 billion as of 2019. About 40 companies have mining exploration licences in the country.
2016-10-24 01:58pm Fresh News អាជីវកម្មរ៉ែមាសក្នុងស្រុកកែវសីមា កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យផ្ទុយពីច្បាប់របស់ក្រសួង (មណ្ឌលគិរី)៖ អាជីវកម្មរ៉ែមាស ដែលមានម្ចាស់ភាគច្រើនជាជនជាតិវៀតណាម និងចិននោះ កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង និងអនាធិបតេយ្យក្នុង សហគមន៍មួយនៅចំណុចពូទុងអូរក្ល ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អាជីវកម្មរ៉ែមាស ដែលប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជាទំនើបៗនេះ ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍អះអាងថា ធ្វើផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង។ ប្រជាពលរដ្ឋក្នុងសហគមន៍ បានឲ្យដឹងថា ការជីករណ្តៅរ៉ែមាសជាច្រើនរណ្តៅនៅទីនោះ ម្ចាស់រណ្តៅរ៉ែទាំងអស់យកម៉ាស៊ីនខ្នាតយក្សធំៗមកប្រើប្រាស់ ហើយគ្រប់រណ្តៅគេបានដាក់ រំសេវគ្រឿងបំផ្ទុះ ដោយសេរី។ រណ្តៅនីមួយៗមាន ជម្រៅរាប់រយម៉ែត្រ ទៅក្រោម មានជនជាតិបរទេសដូចជា វៀតណាម និងចិន ជាម្ចាស់។ អ្វីដែលគេកត់សម្គាល់ ការធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះ មានការឃុបឃិតគ្នាជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធរួមនិងមន្រ្តីមន្ទីររ៉ែ និងថាមពលខេត្តផងដែរ ដើម្បីជួយសម្រួលឲ្យក្រុមម្ចាស់អាជីវកម្មធ្វើសកម្មភាពដោយរលូន បើទោះបីពួកគេធ្វើផ្ទុយពីច្បាប់យ៉ាងណាក្តី។ តាមច្បាប់ និងអាជ្ញាប័ណ្ណអនុញ្ញាត្តរបស់ក្រសួងរ៉ែ និងថាមពល តម្រូវឲ្យសហគមន៍ខួង ឬជីករណ្តៅរ៉ែមាសពីផ្ទៃដីរាបជម្រៅ ២០ម៉ែត្រប៉ុណ្ណោះ ហើយតម្រូវឲ្យជនជាតិខ្មែរជាអ្នកធ្វើអាជីវកម្ម ការប្រើប្រាស់សម្ភារៈ ឬឧបករណ៍ និងរំសេវគ្រឿងបំផ្ទុះ តម្រូវឲ្យមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីមន្រ្តីសមត្ថកិច្ច និងមន្រ្តីជំនាញមុនធ្វើការប្រើប្រាស់។
តែអាជីវកម្មនោះកំពុងធ្វើផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង រីឯការចុះស្រាវជ្រាវ និងពិនិត្យអាជីវកម្មរ៉ែមាសនៅទីតាំងនោះ របស់មន្ទីរជំនាញវិញ ត្រូវបង្ខំបិទភ្នែកធ្វើមិនដឹងមិនឮក្រោមទម្ងន់សំណូកទឹកប្រាក់របស់ម្ចាស់អាជីវកម្ម។ ពេលបែកធ្លាយរឿងរ៉ាវដ៏រស៊ើបបែបនេះ ក្រសួងរ៉ែ និងថាមពល បានចាត់ឲ្យមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ចុះពិនិត្យនិងបិទជាបន្ទាន់ ប៉ុន្តែលទ្ធផលមហាជនកំពុងទន្ទឹងរង់ចាំមើលករណីនេះយ៉ាងអន្ទះសារព្រោះពួកគេមិនសូវមានទំនុកចិត្តលើមន្រ្តីមន្ទីររ៉ែ និងថាមពលនោះឡើយ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងប្រាប់ Fresh News ថា លោកបាន ដាក់បទបញ្ជាឲ្យមន្រ្តីសាលាខេត្ត មន្ទីររ៉ែ ថាមពលខេត្ត និងសមត្ថកិច្ចដែលជាគណៈកម្មការចម្រុះដឹកនាំកម្លាំងចុះទៅពិនិត្យនៅទីតាំងអាជីវកម្មរ៉ែមាសនៅទីនោះ។
លោកបានបញ្ជាក់ផងដែរថា លោកបានបញ្ជាឲ្យបិទ និងបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសរបស់សហគមន៍ ដែលអនុវត្តផ្ទុយពីគោលការច្បាប់ឲ្យខាងតែបាន ហើយខេត្តរង់ចាំទទួលស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនវិនិយោគណា ដែលចូលមកធ្វើការវិនិយោគអភិវឌ្ឍន៍ពិតប្រាកដស្របតាមគោលការណ៍អនុញ្ញាត្តរបស់ក្រសួង ប្រយោជន៍នាំចំណូលពន្ធចូលរដ្ឋ និងប្រជាពលរដ្ឋក្នុងស្រុកមានការងារធ្វើកាត់បន្ថយការធ្វើចំណាកស្រុក។
ពាក់ព័ន្ធករណីនេះលោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តនៅថ្ងៃនេះ មិនអាចសុំការទាក់ទងពន្យល់ពីលោកបានទេ៕
Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣ តោន ក្នុងមួយឆ្នាំ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។
ក្នុងសារលិខិតផ្ញើជូនជនរួមជាតិពីដំណឹងដ៏រីករាយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។
សម្តេចតេជោ បានឱ្យដឹងផងដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មរ៉ែមាសនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់រាជរដ្ឋាភិបាលនាពេលកន្លងមកនៅក្នុងវិស័យរ៉ែពិតជាអាចទាញយកធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយ ការទទួលខុសត្រូវខ្ពស់លើការការពារផលប្រយោជន៍បរិស្ថាន និងសង្គម។
ក្នុងសារលិខិតនេះ សម្តេចតេជោ បានក្រើនរំលឹកផងដែរថា មិនឱ្យមានការធ្វើអាជីវកម្មមិនមានវិជ្ជាជីវៈ រួមទាំងរ៉ែមាសលក្ខណៈគ្រួសារដែលប្រឈមនឹងគ្រោះថ្នាក់។
សម្តេចតេជោ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យក របរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុន ច្រើននិងជំនាញពិតប្រាកដ។ អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង ចម្រាញ់យកមាសដោយ ដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។ ទន្ទឹមនឹងនេះការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗបែបនេះ ក៏មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង»។
សម្តេចតេជោ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា បណ្តាក្រុមហ៊ុនរ៉ែទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវដូចក្រុមហ៊ុនអូស្ត្រាលីនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន៕