ក្រសួងធនធានទឹក បើកការដ្ឋានសង់ផ្លូវកៅស៊ូប្រវែង២១គីឡូម៉ែត្រ លើខ្នងទំនប់មេ អាងទឹកត្រពាំងថ្ម ក្រសួងធនធានទឹក និងឧតុនិយម បានបើកការដ្ឋានសង់ផ្លូវក្រាលកៅស៊ូ លើខ្នងទំនប់មេអាងទឹកត្រពាំងថ្ម មានប្រវែងសរុប២១គីឡូម៉ែត្រ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ពិធីបើកការដ្ឋាននេះ ធ្វើឡើងនៅទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។ក្នុងប្រត្តិបត្តិការនេះ ក្រសួងបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ សរុបចំនួន ៣៧ គ្រឿងរួមមាន -នីវីលរ័ ០៣គ្រឿង រ៉ូឡូ ០៦គ្រឿង អេចស្កាវ៉ាទរ័ ១៥គ្រឿង រថយន្តបែន ១០គ្រឿង និងឡានទឹក ០៣គ្រឿង ៕ ការបើកការដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសទិវាមឆ្ឆជាតិកាលពីថ្ងៃទី០១ កក្កដា ឆ្នាំ២០២២ នៅអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
កោះសន្តិភាព ខេត្តបន្ទាយមានជ័យ ៖ អាងត្រពាំងថ្មមិនត្រឹមតែជាតំបន់ទេសចរណ៍នោះទេ គឺជាកន្លែងអភិរក្សសត្វដែលកម្រមានផងដែរ ហើយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សង្កេតឃើញអ្នកទៅលេងក្នុងមួយថ្ងៃមានជាង៥.០០០នាក់ ដែលទីតាំងស្ថិតក្នុងស្រុកភ្នំស្រុក ។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក បានប្រាប់ថ្ងៃទី២៩ កញ្ញា ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ នៅអាងត្រពាំងថ្មស្រុកភ្នំស្រុកឃើញមានភ្ញៀវទេសចរមកលេងកំសាន្តក្នុង១ថ្ងៃមានប្រមាណជាង៥.០០០នាក់ គឺមានការកើនឡើង បើប្រៀបធៀបឆ្នាំ២០១៨ មានត្រឹមតែជាង៣.០០០នាក់ទេ ។
លោកបញ្ជាក់ថា ភ្ញៀវជាតិមកកំសាន្តដូចជាមកលេងទឹក និងជិះកាណូតទៅមើលទេសភាពកណ្តាល
អាងនិងអង្គុយលេងមើលទេសភាពហូបបាយលក្ខណៈគ្រួសារនៅតាមមាត់អាងត្រពាំងថ្ម ។ លោក យឹម សំណាង បានបញ្ជាក់ទៀតថា អាងត្រពាំងថ្មស្រុកភ្នំស្រុក នៅមានផ្ទៃអាងបណ្តោយប្រវែងជាង១៤គីឡូ ម៉ែត្រ និងទទឹងជាង១០គីឡូម៉ែត្រ និងផ្ទៃទឹកឆ្នាំ២០១៩នេះ មានប្រមាណ១៨០លានម៉ែត្រគីប ដែលផ្ទៃទឹកមានច្រើនជាងឆ្នាំ២០១៨កន្លង ។ ដោយឆ្នាំនេះ ស្រុកភ្នំស្រុករងការលិចលង់ដោយទឹកជំនន់ធ្លាក់ពីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ បណ្តាលប៉ះពាល់ឃុំមួយចំនួននិងលិចកសិផលមានស្រែនិងចំការនិងលិចផ្លូវមួយចំនួន។
លោកបានបញ្ជាក់ថា អាងត្រពាំងថ្មក្រៅពីតំបន់ទេសចរណ៍ គឺជាតំបន់អភិរក្សសត្វដែលកម្រក្នុងលោកដែលរស់នៅតំបន់នេះ មានសត្វស្លាបជាច្រើនប្រភេទដូចសត្វដែលកម្រមានសត្វគ្រាលក្បាលក្រហម ដែលរស់នៅអភិរក្សដោយមន្ត្រីជំនាញដែលកំពុងការពារថែរក្សាទុក ។
អាងទឹកត្រពាំងថ្ម # បឹងឬស្រះឬអាង អាងទឹកត្រពាំងថ្ម មានទីតាំងស្ថិតនៅ ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រហែល ~58km ពីរង្វង់មូលក្រុងសិរីសោភ័ណ។ អាងទឹកត្រពាំងថ្ម ស្ថិតនៅក្នុងប្រភេទ៖ បឹងឬស្រះឬអាង។ រីឯចំណុចសំខាន់ៗនៅ អាងទឹកត្រពាំងថ្ម មានដូចជា៖ លេងទឹកឬហែលទឹក, ជិះទូក, ម្ហូប, មើលសត្វបក្សាបក្សីឬសត្វស្លាប, ដើរលេងដោយថ្មើរជើង និងចំណុចផ្សេងៗទៀត។
ថ្មី ថ្មី អាងត្រពាំងថ្ម ជាកន្លែងកម្សាន្ត សម្បូរដោយធនធានធម្មជាតិ និងជីវចម្រុះនៅខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ អាងត្រាំងថ្ម ទីតាំងសម្បូរដោយធនធានធម្មជាតិ ដែលអាចបម្រើដល់វិស័យទេសចរណ៍និងជាប្រភពចំណូលសម្រាប់ពលរដ្ឋនៅជុំវិញតំបន់នេះ។ អាងត្រាំថ្ម កំពុងដើរតួរនាទីសំខាន់សម្រាប់ផ្តល់ជាជម្រកដល់ត្រីមេពូជទឹកសាបច្រើនប្រភេទ នៅក្នុងខេត្តបន្ទាយមានជ័យ។សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប ១២ ៦០៥០ ហិកតា ដែលមានបណ្ដាយ១៥គីឡូម៉ែត្រ និងមានទទឹង ១១គីឡូម៉ែត្រ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោក តក់ ប៊ុយ អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិ ទេសចរណ៍អាងត្រពាំងថ្ម បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា បច្ចុប្បន្ន អាងត្រពាំងថ្ម បានក្លាយជាទីតាំងសក្ដានុពលមួយ សម្រាប់សហគមន៍នៅក្នុងឃុំប៉ាយចារ នឹងអាចរកចំណូលសម្រាប់ផ្គត់ផ្គងគ្រួសារ ដោយផ្អែកលើរបរនេសាទ។ មួយវិញទៀត ពលរដ្ឋនៅក្នុងតំបន់អាចអាស្រ័យផលពីវិស័យទេសចរណ៍ពីអាងត្រពាំងថ្មផងដែរ។ លោក តក់ ប៉ុយលើកឡើងដូច្នេះ៖ « យើងនៅពេលនេះ មានប៉មកម្ពស់១៦ម៉ែត្រ សម្រាប់មើលសត្វ មានផែថ្មីឱ្យអ្នកទស្សនាអាចឈគយគន់ទេសភាពមាត់អាង និងផ្ដិតយលរូបភាពស្អាតៗទាំងពេលព្រឹកល្ងាច។ ទាំងប៉ម និងផែទើបធ្វើរួចរាល់ និងបានដាក់ឱ្យប្រើចាប់ពីថ្ងៃ១កក្កដា ក្នុងកម្មវិធីទិវាមច្ឆជាតិឆ្នាំ២០២២»
ទន្ទឹមនេះលោកក៏សង្ឃឹមថា ប៉មទើបនឹងដាក់ឱ្យប្រើប្រាស់អាចដើរតួនាទីសំខាន់ សម្រាប់ការឃ្លាំមើលបទល្មើសនេសាទនៅក្នុងដែនការពារទៀតផង។
លោក ឌី សីង ជាពលរដ្ឋរស់នៅក្នុងអាងត្រពាំងថ្មបានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ថា ពលរដ្ឋភាគច្រើនរស់នៅក្នុងតំបន់ និងនៅជុំវិញអាងនេះ ប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិត។ លោកបានបង្ហើបថា អ្នកនេសាទនៅក្នុងតំបន់នេះ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានគួរសម ដោយពឹងលើការនេសាទត្រីចេញពីអាងត្រពាំងថ្ម។ « អ្នកនៅទីនេះ ទោះគ្មានរបរអ្វីផ្សេងក្រៅពីនេសាទក៏រស់ដែរ ដោយសារមួយថ្ងៃៗ អ្នកនេសាទអាចរកត្រីបានច្រើន អាចចន្លោះពីដប់ម៉ឺនរៀល ទៅហាសិបម៉ឺនរៀល។ អ្នកអត់អង្ករហូប រកតែត្រីក្នុងអាងក៏រស់ដែរ។ ត្រីនៅទីនេះច្រើនណាស់ មិនដឹងប៉ុណ្ណាទេ អ្នកនេសាទរករាល់ថ្ងៃហើយនៅតែមាន»។
លោក លឿម សុភី ជាមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានប្រចាំនៅទីស្នាក់ការត្រពាំងថ្ម បានលើកឡើងថា អាងត្រពាំងថ្មជាទីតាំងមួយដែលសម្បូរត្រី និងសត្វស្លាបតាមរដូវ។ ជាមួយគ្នានេះ តំបន់ខាងលើក៏ជាកន្លែងចុះចតរបស់សត្វក្រៀលនៅរដូវមិនបន្តពូជ បន្ទាប់ពីចាកចេញពីខេត្តព្រះវិហារ នៅរដូវពងកូន។ លោក សុភី លើកឡើងថា រុមឧទ្យានុរក្ស រួមជាមួយសហគមន៍ និងអង្គការដៃគូរប្រឹងប្រែងការពារតំបន់នេះ មិនទាន់បានល្អមួយរយភាគរយនៅឡើយ ដោយសារត្រូវការពេល និងការចូលរួមពីមជ្ឈដ្ឋានជុំវិញ ដើម្បីការការពារធនធានទាំងនោះ។ លោក សុភីថា៖ « ធាតុពិតទៅសព្វថ្ងៃការការពាររបស់ពួកយើងមិនទាន់ជោគជ័យទាំងស្រុងឡើយ នោះដោយសារករណីនេសាទខុសច្បាប់នៅបន្តកើតមាន។ ពេលនេះ អាជ្ញាធរ រួមជាមួយសហគមន៍ ក្រសួងបរិស្ថាន និងអង្គការដៃគូ កំពុងខិតខំប្រឹងប្រែងផ្សព្វផ្សាយឱ្យពលរដ្ឋរស់នៅតំបន់ជុំវិញស្វែងយល់បន្ថែម ដើម្បីឱ្យគ្រប់គ្នាយល់ដឹង និងចេះថែរក្សា ធនធានដែលមាននៅក្នុងអាងត្រពាំងថ្ម ឱ្យនៅតែសម្បូរដូចបច្ចុប្បន្ន»៕
FreshNews អភិបាលខេត្តបន្ទាយមានជ័យ៖ អាងត្រពាំងថ្ម មរតកឈាម និងទឹកភ្នែកនៃរបបខ្មែរក្រហម ក្លាយជាកន្លែងផ្តល់ស្នាមញញឹមសម្រាប់ពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ (បន្ទាយមានជ័យ)៖ អាងត្រពាំងថ្ម ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជាមរតកឈាម និងទឹកភ្នែករបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថាខ្មែរក្រហមនោះ តែបច្ចុប្បន្នទីតាំងស្លាកស្នាមប្រវត្តិសាស្ត្រដ៏ឈឺចាប់មួយនេះ បានប្រែក្លាយជាកន្លែងផ្តល់ស្នាមញញឹមសម្រាប់ប្រជាពលរដ្ឋតាមរយៈការទាញប្រយោជន៍ពីប្រភពទឹកនៅក្នុងអាងនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅកាន់អាងត្រពាំងថ្មីជាថ្មីម្តងទៀត នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណជាមួយលានក្បាល។ កាលពីខែមីនា ឆ្នាំ២០០៦ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញមកអាងត្រពាំងថ្មនេះរួចម្តងមកហើយ ដើម្បីសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់។
មុនការឈានមកដល់នៃការទទួលបដិសណ្ឋារកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនោះ ក្រុមការងាររៀបចំកម្មវិធីទាំងថ្នាក់ជាតិ និងខេត្ត បានរួមគ្នាសស្រាក់សស្រាំរៀបចំទីតាំងប្រារព្ធពិធីយ៉ាងសស្រាក់សស្រាំ ដើម្បីធានាថាកម្មវិធីដំណើរការទៅតាមការគ្រោងទុក។
ឆ្លៀតពេលចុះពិនិត្យទីតាំងប្រារព្ធពិធីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានផ្តល់បទសម្ភាសន៍ខ្លីមួយជាមួយអង្គភាពព័ត៌មាន Fresh News ដើម្បីរំលឹកបើកកកាយពីប្រវត្តិនៃការកសាងអាងត្រពាំងថ្មី និងគុណប្រយោជន៍របស់អាងត្រពាំងថ្មីសម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ការស្រោចស្រពស្រូវ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អាងត្រពាំងថ្មនេះ កាលដើមឡើយជាផ្ទៃដីស្រែធម្មតារបស់ប្រជាពលរដ្ឋ។ លុះក្នុងរបបខ្មែរក្រហម មេដឹកនាំខ្មែរក្រហមបានចាប់បង្ខំប្រជាពលរដ្ឋឱ្យជីកដីលើកជាទំនប់ ដើម្បីទប់យកទឹកបម្រើការធ្វើស្រែនៅតំបន់នេះ។
តែការសាងសង់មិនទាន់បានរួចរាល់ទាំងស្រុងនោះឡើយ ហើយអាកខានទៅវិញ នៅពេលរបបដ៏ឃោរឃៅនេះ ត្រូវបានកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែ មករា ឆ្នាំ១៩៧៩។ បើតាមលោកអភិបាលខេត្ត ក្នុងពេលសាងសង់អាងត្រពាំងថ្មនោះ មេដឹកនាំខ្មែរក្រហម បានបង្ខំប្រជាពលរដ្ឋឱ្យធ្វើការយ៉ាងទារុណបំផុត ធ្វើការដោយហួសកម្លាំង និងបរិភោគអាហារមិនគ្រប់គ្រាន់នោះឡើយ។
ការធ្វើការដោយទារុណ និងបរិភោគអាហារមិនបានគ្រប់គ្រាន់នោះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមិនតិចនោះឡើយបានស្លាប់បាត់បង់ជីវិតនៅក្នុងការដ្ឋានជីកដីលើកទំនប់អាងត្រពាំងថ្មនេះ ពោលប្រជាពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ បានចោលឆ្អឹងក្នុងការដ្ឋានទំនប់ត្រពាំងថ្ម។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំទៅ ភូមិសាស្ត្រនៃស្រុកភ្នំស្រុកនេះ នៅតែជាកន្លែងមានអំណោយផលខ្ពស់សម្រាប់ការធ្វើស្រែ តែបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះ គឺការខ្វះទឹកសម្រាប់ស្រោចស្រព។ ដោយមើលឃើញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមជំនួយថវិកាពីរដ្ឋាភិបាលជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចធ្វើការស្តារ ជួសជុល និងកែលំអរអាងត្រពាំងថ្មនេះ ដើម្បីទាញយកទឹកបម្រើដល់ការស្រោចស្រព និងការប្រើប្រាស់។
ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោករដ្ឋមន្ត្រី លឹម គានហោ បានចាប់ផ្តើមដំណើរការស្តារ កែលំអរ និងជួសជុលអាងនេះ នៅនៅឆ្នាំ២០០៤ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅខែមីនា ឆ្នាំ២០០៦។
របាយការណ៍ការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅឆ្នាំ២០០៤ ក្រោមគម្រោងថវិការបស់រដ្ឋាភិបាលជប៉ុន ក្រសួងបានជួសជុលទំនប់ភ្លឺអាង និងសំណង់។ នៅឆ្នាំ២០១០ ដល់ ២០១២ គម្រោងមូលនិធិទ្រទ្រង់ថវិកា (Budget Support) ជួសជុលស្តារប្រឡាយមេចំនួន ៤ខ្សែ MC1,MC2 and MC3 និងប្រឡាយកុមារ ប្រវែងសរុប ៧១គីឡូម៉ែត្រ ប្រឡាយរងចំនួន ១២ខ្សែ ប្រវែងសរុប ៨៧គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បៈការតូចធំ ៨០កន្លែង។
នៅឆ្នាំ២០១៤ ដល់ ២០១៦ គម្រោងថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួសជុលទំនប់ភ្លឺអាងប្រវែង ២១គីឡូម៉ែត្រ និងរៀបថ្មធំជើងទេរទំនប់ប្រវែង ១០គីឡូម៉ែត្រ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។ នៅឆ្នាំ២០២០ ដល់ ២០២១ គម្រោងថវិការបស់រដ្ឋាភិបាលសង្រោះបន្ទាន់ទឹកជំនន់ឆ្នាំ២០២០ ជួសជុលទំនប់ភ្លឺអាងប្រវែង ១០គីឡូម៉ែត្រ និងជួសជុលភ្លឺប្រឡាយមេប្រវែង ១៥គីឡូម៉ែត្រ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។
នៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ជីកប្រឡាយជើងក្អែបនៅប្រព័ន្ធអាងត្រពាំងថ្ម ចំនួន ២១៦ខ្សែ និងសាងសង់ សំណង់សិល្បះការលើប្រឡាយជើងក្អែប ចំនួន ៣៣កន្លែង អនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយម។
របាយការណ៍បានបញ្ជាក់ថា ប្រព័ន្ធអាងត្រពាំងថ្ម និងប្រព័ន្ធពាក់ព័ន្ធត្រូវបានកែលម្អរជួសជុលឡើងវិញប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងថវិការដ្ឋាភិបាល អស់ថវិកាសរុប ៤៥លានដុល្លារអាមេរិក ដើម្បីធានាបានសម្រាប់ការស្រោចស្រពលើផ្ទៃដីចំនួន ៣៥,០០០ហិកតា និងធានាការរំដោះគ្រោះទឹកជំនន់របស់ស្រុកភ្នំស្រុក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជាផែនការបន្ត ក្រសួងធនធានទឹក និងឧតុនិយម បានលើកផែនការធ្វើទំនើបកម្មវិស្វកម្ម ឲ្យទៅជាបេតុងដោយប្រើប្រាស់ថវិកាកម្ចីពីធនាគារវិនិយោគរបស់សហគមន៍ អ៉ឺរ៉ុប និងEIB។
SEP 20, 2021 ទ្វារទឹកទាំងអស់ របស់អាងត្រពាំងថ្ម បានបើក បន្ទាប់ពីទឹកឡើង លើសកម្រិតរក្សាទុក ដោយៈ ប.ខុន / ភ្នំពេញៈ ទ្វារទឺកទាំងអស់របស់អាងត្រពាំងថ្ម ត្រូវបានបើកបញ្ចេញទឹកចោល បន្ទាប់ពីទឹកក្នុងអាង បន្តឡើងលើសពី កម្រិតរក្សាទុក និងនៅតែមានភ្លៀង ធ្លាក់ច្រើន មកទៀត នៅតំបន់ផ្ទៃរងទឹកភ្លៀង របស់អាងត្រពាំងថ្ម រួចមក។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថាៈ ទឹកក្នុងអាងត្រពាំងថ្ម បានឡើងដល់កម្រិត រក្សាទុក ១៨០ លានម៉ែត្រគូប ហើយនៅតែបន្តឡើងខ្លាំង ថែមទៀត នៅថ្ងៃទី២០ កញ្ញានេះ ព្រមពេលជាមួយគ្នានេះ ទ្វារទឹកទាំងអស់ របស់អាងនេះ បានបើកទាំងអស់ បញ្ចេញទឹកចោល ដើម្បីបន្ថយការកើនឡើង ថែមទៀត។
ប្រធានមន្ទីរខាងលើ បានបញ្ជាក់ថាៈ ក្នុងពេលទឹកពេញអាង ហើយភ្លៀង នៅតែមានធ្លាក់ ច្រើនថែម មកទៀត នៅតំបន់ផ្ទៃរង ទឹកភ្លៀងរបស់អាង។ ទឹកភ្លៀងនេះជាទឹក ភ្លៀងដែលធ្លាក់ នៅក្នុងប្រទេសកម្ពុជា មិនទាន់មានទឹកធ្លាក់ មកពីខាងប្រទេសថៃ នៅឡើយទេ។ ប៉ុន្មានថ្ងៃមកនេះ ភ្លៀងធ្លាក់មានបរិមាណ ច្រើនគ្រប់កន្លែង ក្នុងខេត្ត កន្លែងខ្លះដល់ជាង ១០០ មីលីម៉ែត្រ។ ទោះជាយ៉ាងណា ទំនប់អាងត្រពាំងថ្ម មិនទាន់មានការប្រឈម កន្លែងណាមួយ នៅឡើយទេ។
ក្រមិតទឹកភ្លៀងដែលបានធ្លាក់ រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា លើខេត្តបន្ទាយមានជ័យ នៅក្រុងសិរីសោភ័ណ ៤៥ មីលីម៉ែត្រ ប៉ោយប៉ែត ១០៩ មីលីម៉ែត្រ ស្រុកអូរជ្រៅ ៩៨ មីលីម៉ែត្រ ស្រុកម៉ាឡៃ ៨៧ មីលីម៉ែត្រ ស្រុកមង្គលបូរី ៨៩ មីលីម៉ែត្រ ស្រុកព្រះនេត្រព្រះ ៤៥ មីលីម៉ែត្រ ស្រុកភ្នំស្រុក ៦៥ មីលីម៉ែត្រ ស្រុកស្វាយចេក ៤២ មីលីម៉ែត្រ និងស្រុកថ្មពួក ៣៥ មីលីម៉ែត្រ។
នៅឯខេត្តឧត្តរមានជ័យវិញ មានភ្លៀងធ្លាក់ដល់ ៥៩ មីលីម៉ែត្រ នៅក្រុងសំរោង ២៦ មីលីម៉ែត្រ នៅចុងកាល់ ៥៣ មីលីម៉ែត្រ នៅបន្ទាយអំពិល ៣៤ មីលីម៉ែត្រ នៅស្រុកអន្លង់វែង និង ៥៣ មីលីម៉ែត្រនៅស្រុកត្រពាំងប្រាសាទ៕/V
បច្ចុប្បន្នអាងត្រពាំងថ្ម អាចរក្សាទឹកបានប្រមាណ ១៨០លានម៉ែត្រគូប នៅរដូវវស្សា។ នៅរដូវប្រាំងអាងទឹកនេះអាចរក្សាទឹកបាន ១២០លានម៉ែត្រគូប ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាទំហំ ២៥,០០០ហិកតា និងស្រែប្រាំងទំហំ ១២,០០០ហិកតា។
លោក អ៊ុំ រាត្រី បានឱ្យដឹងថា ក្រោយពីអាងត្រពាំងថ្ម ត្រូវបានស្តារ ជួសជុល និងកែលំអរឡើងវិញ បានហុចផលប្រយោជន៍ជាច្រើនលើការធ្វើស្រែ សម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកភ្នំស្រុក និងផ្នែកខ្លះនៃស្រុកព្រះនេត្រព្រះ។ លោកបានបញ្ជាក់ថា អាងត្រពាំងថ្មីនេះ ក្រៅតែពីផ្តល់ទឹកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែពីរដងក្នុងមួយឆ្នាំហើយនោះ ក៏បានផ្តល់ជាផលត្រី និងកន្លែងទេសចរណ៍ដ៏ទាក់ទាញផងដែរ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានចាត់ទុកអាងត្រពាំងថ្មនេះ គឺជាមរតកឈាម និងទឹកភ្នែកនៃរបបខ្មែរក្រហម ហើយបានប្រែក្លាយជាកន្លែងផ្តល់នូវស្នាមញញឹមដ៏រីករាយមួយសម្រាប់ប្រជាពលរដ្ឋក្នុងពេលស្រុកជួបសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ដូច្នេះថា «ទីនេះពីមុនជាកន្លែងសោកនាដកម្ម ជាកន្លែងរងដោយទឹកភ្នែកក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋខ្មែរយើងបានសម្លាប់យ៉ាងច្រើននៅទីនេះ។ ប៉ុន្តែឥឡូវនេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាព ធ្វើឱ្យប្រជាពលរដ្ឋប្រឹងប្រែងបង្កបង្កើនផលទ្រទ្រង់ជីវភាព»។
បើតាមលោកអភិបាលខេត្ត អាជ្ញាធរខេត្ត ក៏មានគម្រោងប្រែក្លាយតំបន់អាងត្រពាំងថ្មឱ្យក្លាយទៅជាកន្លែងទេសចរណ៍កាន់តែទាក់ទាញបន្ថែមទៀតនាពេលអនាគត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដោយអាចរកចំណូលបន្ថែមពីលើការធ្វើស្រែ។
សូមបញ្ជាក់ថា អាងត្រពាំងថ្មី ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានចម្ងាយជាង ៦០គីឡូម៉ែត្រពីទីរួមខេត្ត និងចម្ងាយជាង ៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ គេអាចធ្វើដំណើរទៅកាន់អាងត្រពាំងថ្ម តាមផ្លូវជាតិលេខ៦ ជិះផុតពីទីរួមស្រុកក្រឡាញ់ប្រហែលជា ២០គីឡូម៉ែត្រ គេនឹងឃើញផ្លូវបត់ខាងស្តាំដៃ ដែលជាផ្លូវបត់ចូលទីរួមស្រុកភ្នំស្រុក ហើយជិះពីទីរួមស្រុកប្រមហែល ៧គីឡូម៉ែត្រទៀត នឹងដល់អាងត្រពាំងថ្មនេះ៕
Koh Santepheap Daily ប្រវត្តិគួរឱ្យព្រឺព្រួច មានសាកសពជាច្រើនដែលបានកប់ក្រោមអាងមួយនេះកាលសម័យ ប៉ុល ពត ខេត្តបាត់ដំបង ៖ អាងបឹងកំពីងពួយជាតំបន់ទេសចរណ៍កែច្នៃមួយមានចម្ងាយ៣៦គីឡូម៉ែត្រពីក្រុងបាត់ដំបងដែលបានបន្សល់ទុកពីសម័យ ប៉ុល ពត បានកែនមនុស្សរាប់ពាន់រាប់ម៉ឺននាក់ឲ្យទៅជីករែកដីដោយដៃ និងផ្តល់ការហូបចុកមិនគ្រប់គ្រាន់ប្រកាន់ទោសផ្នែកសីលធម៌ ដើរហើរសេរី ដោយត្រូវកាប់សម្លាប់អស់ប្រមាណ៥០% នៃកសិករលើកទំនប់ដែលមានសាកសពខ្លះត្រូវបានកប់ចោលនៅបាតទំនប់ និងនៅបាតក្រោមស្ពានទ្វារទឹក ដែលមានសាក្សីកំពុងរស់នៅសព្វថ្ងៃភាគច្រើនអ្នកស្រុកបាត់ដំបង ។
លោក មាស សឿន អាយុ៦៧ឆ្នាំ រស់នៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានបញ្ជាក់ថា លោកគឺជាកងចល័តក្នុងសម័យស្រេកឃ្លានក្នុងរបបប្រល័យពូជសាសន៍នោះដោយបានចាប់ផ្តើមកសាងឡើងនៅឆ្នាំ១៩៧៧ ដោយតំបន់នេះជាទំនាបចន្លោះកណ្តាលនៃភ្នំសងខាងគឺ ភ្នំតាង៉ែន និង ភ្នំ១៥០ ហើយពេលមានភ្លៀងមកម្តងៗទឹកតែងតែហូរចាក់ពីចំណុចភ្នំខ្ពស់ទាំងសងខាងធ្លាក់មកចំណុចនេះក៏មានទឹកខួបប្រាំង ខួបវស្សាកើតជាកូនបឹងតូចមួយតាំងពីយូរលង់ណាស់មកហើយ ។ កន្លងមកក្នុងសម័យ ប៉ុល ពត បានចេញផែនការកសាងទំនប់ស្ទាក់ទឹកនេះដែលមានបណ្តោយប្រវែង៧៥០០ម៉ែត្រ ទទឹង១៩០០ម៉ែត្រ កំពស់ទំនប់៣០ម៉ែត្រ ទំហំទទឹងទំនប់៧០ម៉ែត្រអាចផ្ទុកទឹកបាន១១០លានម៉ែត្រគីប មានទ្វារទឹក២សម្រាប់បែងចែក មួយចែកចាយទៅស្រុកបាណន់ និងមួយទៀតចែកទៅស្រុកថ្មគោល សម្រាប់បន្តប្រើប្រាស់ស្រោចដំណាំ និងធ្វើស្រែប្រាំងបាន ហើយកាលពី៣ឆ្នាំមុនអាចចែករំលែកទៅដល់ស្ទឺងមង្គលបូរីខេត្តបន្ទាយមានជ័យទទួលបានប្រើប្រាស់នៅពេលខ្វះខាតទឹកផងដែរ ។អាជ្ញាធរដែលនៅរក្សាសន្តិសុខតំបន់នោះបានថ្លែងប្រាប់ដែរថា កាលពីឆ្នាំ២០១៣ ទឹកភ្លៀងធ្លាក់មកច្រើនឡើងហៀរលើមាត់ទំនប់ បណ្តាលឲ្យបាក់ទំនប់ហៀរមកខូចខាត ដំណាំ និងផ្ទះប្រជាពលរដ្ឋបន្តិចបន្តួចម្តងមកហើយ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ ហើយអាជ្ញាធរខេត្តបានយកគ្រឿងចក្រកសាងទំនប់ខូចខាតនេះឡើងវិញបន្តរហូតដល់សព្វថ្ងៃនេះ ។ចំពោះមនុស្សភាគច្រើនទៅកំសាន្ត នៅពេលថ្ងៃសៅរ៍-អាទិត្យ ដែលជាថ្ងៃឈប់សម្រាក ហើយបើចំថ្ងៃមានបុណ្យចូលឆ្នាំចិន ខ្មែរ ឬភ្ជុំបិណ្យវិញ រកកន្លែងអង្គុយស្ទើរពុំបាន ព្រោះនៅតំបន់នោះសម្បូរម្ហូប អាហារសម្រាប់ពិសារបាយ មានត្រីចម្រុះក្នុងបឹងនោះតាមបែបធម្មជាតិពិតៗ និងមាន់ដុតតាមបែបស្រុកស្រែ គួបផ្សំនឹងបរិយាកាសផ្ទៃទឹកដ៏ធំល្វឹងល្វើយដែលពុំធ្លាប់មានពីមុនមកនោះ ហើយអាចជិះទូក កាណូតទៅបេះឈូក ឬបង់ត្រីនា កណ្តាលបឹងកំសាន្តលេងបានតាមសប្បាយ សំខាន់ការងូតទឹក លេងទឹក ដ៏ត្រជាក់ ដែលភាគច្រើននៅក្នុងតំបន់នេះជាតំបន់ព្រៃភ្នំ មិនសូវមានទឹកធំសម្រាប់កំសាន្ត ទើបចេះតែមានមនុស្សមកកំសាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិ ។
២៨ ឧសភា ២០២០ ព័ត៌មានក្នុងស្រុក ភ្នំចំនួន៦ មានផ្ទៃដីសរុបប្រមាណ ២០០០ហិកតា ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំចំនួន៦ មានផ្ទៃដីសរុបប្រមាណ ២០០០ហិកតា ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិរមណីយដ្ឋានភ្នំចំនួន ០៦ ដែលមានផ្ទៃដីសរុបប្រមាណ២០០០ ហិកតា ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋាភិបាល ប្រកាសបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ ដោយអនុក្រឹត្យចំនួនប្រាំមួយផ្សេងគ្នា ដែលចុះកាលបរិច្ឆេទថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា។
“ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង០៦ នេះ ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។”នេះជាការលើកឡើងរបស់លោក លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០។លោករៀបរាប់ថា តំបន់បេតិកភណ្ឌធម្មជាតិទាំង ០៦ រួមមាន៖
- ទី១៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ-ភ្នំវែង ដែលមានទំហំផ្ទៃដី ១៥០០ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
- ទី២៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំយាយសំ ដែលមានទំហំផ្ទៃដី ៤១៦ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
- ទី៣៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំបាក់ ដែលមានទំហំផ្ទៃដី ៣៦ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
- ទី៤៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង ដែលមានទំហំផ្ទៃដី ១៩ (ដប់ប្រាំបួន)ហិកតា ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
- ទី៥៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំស្វាយ ដែលមានទំហំផ្ទៃដី ១៦ (ដប់ប្រាំមួយ) ហិកតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
- និងទី៦៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះនេត្រព្រះ ដែលមានទំហំផ្ទៃដី ១៣ (ដប់បី)ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកបានបន្តថា ការដាក់ចេញអនុក្រឹត្យទាំងនេះ មិនបណ្តាលឱ្យមានការរំលោភបំពានដីរបស់ប្រជាពល រដ្ឋនៅតំបន់ទាំងនោះទេ។ ប្រជាពលរដ្ឋមានការគាំទ្រចំពោះការងារនេះ ពីព្រោះវាជាប្រយោជន៍រួមទាំងអស់គ្នា។
លោកបន្ថែមថា “ក្នុងគម្រោងថ្ងៃអនាគត ក្រសួងបរិស្ថាន នឹងផ្សព្វផ្សាយឱ្យដឹង និងអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការថែរក្សាតំបន់បេតិកភណ្ឌធម្មជាតិទាំងនោះ ជាពិសេសថែរក្សាព្រៃឈើ និងសត្វព្រៃ។”
គួរបញ្ជាក់ផងដែរថា ក្នុងពេលជាមួយគ្នានេះ នៅក្នុងខេត្តបាត់ដំបង រដ្ឋាភិបាលក៏ទើបនឹងបានសម្រេចដាក់រមណីយដ្ឋានភ្នំចំនួន០២ ជាតំបន់បេតិកភ័ណ្ឌធម្មជាតិ ដែលមានផ្ទៃដីសរុបប្រមាណជាង ៤០០ ហិកតា៕