Sunday, July 3, 2022

អាជីវកម្ម ទឹកឃ្មុំ

ឯកសារការចិញ្ចឹមឃ្មុំស្រុក 👉
ឯកសារនៃការធ្វើសំយោគ ទឹកអម្រិត ទៅជា ទឹកឃ្មុំ Nectar to Pollen  👉
វិធីធ្វើតេស្ត ទឹកឃ្មុំ សុទ្ធ​ឬ មិនសុទ្ធ? 👉

សត្វឃ្មូ ប្រៀបប្រដូចបានទៅ នឹង រោងចក្រផលិត ទឹកស្ករ ដែល ឃ្មុំ វាហោះទៅ បឺតទឹក អម្រិត ឬ ទឹក លំអងផ្កានានា ។ លំអងផ្កា បង្តើតជាសំបុក និង ទឹក យកទៅ ដាក់បំពេញក្នុងសំបុកនោះ ពេលត្រូវកដៅថ្ងៃ ទឹកហួតរីងអស់ នៅសល់់តែទឹតស្ក ហៅថាទឹកឃ្មុំធម្មជាតិ ដូច្នេះ ការផលិតទឹកឃ្មុំ គឺ មាន ២ ប្រភេទ គឺបែបធម្មជាតិ ដូចការរៀបរាប់ខាងលើ នឹងបែបវិទ្យាសាស្រ្ត គឺ សំបុកឃ្មុំ ត្រូវបានគេ ផលិតទុកជាស្រេច និង ការដែល ឃ្មុំ បឺតទឹក ស្ក ! ឬ មនុស្ស បូមទឹមស្ករ តាមសារ៉ាង ចាក់បញ្ចូលក្នុង សំបុកសិប្បនិម្មិត ដែលនាំឲ្យ ទឹកឃ្មុំនោះ មិនឆ្លងកាត់ ការសំយោគ ក្នុង ក្រពះឃ្មុំ នេះជាមួលហេតុនាំឲ្យមានថា ទឹកឃ្មុំសុទ្ធ ឬ មិនសុទ្ធ៕
Beekeepers use smoke to keep bees calm during hive inspections. When bees sense danger, they release an alarm pheromone called isopentyl acetate from a gland near their stingers. This chemical wafts through the air and alerts other bees to be ready to attack
អាជីវកម្ម ទឹកឃ្មុំ     ឡាយ រដ្ឋា - កសិករស្រុកភ្នំព្រឹក   ហេតុអ្វីទឹកឃ្មុំនាំចូល តម្លៃទាបជាងទឹកឃ្មុំក្នុងស្រុក? កុំឲ្យទឹកឃ្មុំល្អៗ មានគុណភាព ត្រូវបាននាំចេញទៅឲ្យបរទេសប្រើ ហើយបងប្អូនខ្មែរយើង ប្រើទឹកឃ្មុំអន់ៗ ឬទឹកឃ្មុំគេកែឆ្នៃនោះអី គាំទ្រផលិតផលខ្មែរ គឺចូលរួមបង្កើតការងារ ធ្វើឲ្យសហគមន៍ មានការរីកចំរើន មោទនភាព ផលិតផលខ្មែរ យើងគាំទ្រផលិតផលសុខភាព ក្នុងស្រុក ជូនពរបងប្អូនមាន សុខភាពល្អ។

អាជីវកម្មទឹកឃ្មុំមណ្ឌលគីរីកើនឡើង ក្រោយចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ក្រោយពីទទួលបានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនៃទឹកឃ្មុំមណ្ឌលគីរី កាលពីពេលថ្មីៗនេះ ប្រជាកសិករកាន់តែទទួលបានផលកម្រៃខ្ពស់ និងបន្ថែមការស្វះស្វែងប្រមូលផលជាងមុន។

នៅក្នុងពិធីតាំងពិព័ណភូមិមួយផលិតផលមួយ លោក ស្រ៊ើវ សុវណ្ណនី ប្រធានសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី បានអោយដឹងថា បច្ចុប្បន្នទឹកឃ្មុំព្រៃមណ្ឌលគិរី បែងចែកតម្លៃលក់ជា៣ប្រភេទ ក្នុងនោះចំណុះ ២៥០ក្រាម តម្លៃ៧ដុល្លារ, ចំណុះ៤៥០ក្រាម តម្លៃ១៣ដុល្លារ និងចំណុះ៥០០ក្រាម តម្លៃ ១៤ដុល្លារ ក្នុងមួយដប/កែវ។

លោកបន្តថា ឆ្នាំនេះការប្រមូលផលទឹកឃ្មុំព្រៃមណ្ឌលគិរី បានប្រមាណ ១០០តោន។ ក្នុង១ឆ្នាំ ការប្រមូលផលទឹកឃ្មុំសុទ្ធ គឺមានចំនួនតែ១ដងប៉ុណ្ណោះ គឺចាប់ពីខែមីនា ​ដល់ខែមិថុនា ខណៈចាប់​ពីខែមិថុនាទៅ គឺជាប្រភេទទឹកឃ្មុំ ខែវស្សា ​ដែលមានជាតិទឹកច្រើន។  ការប្រមូល និងផលិតទឹកឃ្មុំព្រៃមណ្ឌលគិរី ​ត្រូវបានធ្វើឡើងដោយសហគមន៍ចំនួន១១ ក្នុង​ខេត្ត​មណ្ឌលគិរី ដែលមានសមាជិកប្រមាណជាង​ ២ពាន់គ្រួសារ។

លោក បន្ថែមថា ការចុះបញ្ជីការពារម៉ាកជាសម្គាល់ភូមិសាស្រ្តទំនិញនៅកម្ពុជារួចមក បាន​ធ្វើឲ្យកសិករ ដែលសមាជិកនេះ​ គាត់មានទំនុកចិត្តក្នុងការប្រមូលផលថែមទៀត ជាពិសេស​នោះ គឺតម្លៃមានការកើនខ្ពស់បន្តិច ធ្វើឲ្យពួកគាត់មានជីវភាពល្អប្រសើរមួយកម្រិតទៀត បន្ទាប់​ការងារកសិកម្មមួយចំនួនផ្សេងទៀតរបស់គាត់ ​ដូចជាការដាំដុះដំឡូង និងការធ្វើស្រែជាដើម។

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) ក្នុង​គោលដៅ​ផ្តល់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា លើកកម្ពស់​គុណភាព​សម្បក​វេចខ្ចប់ និង​កេរ្តិ៍ឈ្មោះ ព្រមទាំង​បង្កើន​ចង្វាក់​តម្លៃ បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​។

ក្នុងពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ​បានរៀបចំ​ឡើង​ នៅ​ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ថ្លែងថា ក្រសួង​ពាណិជ្ជកម្ម នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​អភិវឌ្ឍ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​តាមរយៈ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​មណ្ឌលគិរី មូលដ្ឋាន​ផលិតកម្ម និង​ទីកន្លែង​ប្រមូលផល​ទឹកឃ្មុំ ដើម្បី​ទាក់ទាញ​ទេសចរ ស្របតាម​ផែនការមេ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឆ្នាំ​ ២០២១-២០៣៥ របស់​រាជរដ្ឋាភិបាល​។

ការថែរក្សា និង​ធានាបាន​នូវ​កេរ្តិ៍ឈ្មោះ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» និង​ការទាញ​អត្ថប្រយោជន៍​ពី​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នេះ គឺ​ពិតណាស់​អាស្រ័យ​លើ​ការទទួល​ខុសត្រូវ​របស់​សមាជិក​ម្នាក់ៗ​នៅក្នុង​សហគមន៍​ដែល​ចាំបាច់​ត្រូវមាន​សាមគ្គីភាព ភាពស្មោះត្រង់ សុចរិត និង​អភិបាលកិច្ច​គ្រប់គ្រង​ល្អ ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាព ទើប​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ​ផ្តល់នូវ​គុណ​តម្លៃ​ពិតប្រាកដ ព្រមទាំង​ធានា​នូវ​និរន្តរភាព​សម្រាប់​​អ្នកជំនាន់​ក្រោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» មិន​ត្រឹមតែ​ជា​អត្តសញ្ញាណ​ផលិតផល​របស់​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្តមណ្ឌលគិរី​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នេះ​នឹង​ក្លាយជា​ផ្នែក​នៃ​ការផ្សព្វផ្សាយ​កេរ្តិ៍ឈ្មោះ និង​វប្បធម៌​ប្រពៃណី​របស់​ប្រជាជន​កម្ពុជា​ផងដែរ​»​៕

ចិញ្ចឹមឃ្មុំយកទឹកឃ្មុំតាមបែបបច្ចេកវិទ្យាជំនាន់ទី៤ មជ្ឈមណ្ឌល​សិក្សា​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច ​ចំណុះ​វិទ្យាស្ថាន​កសិកម្ម​វៀតណាម​ ជា​អង្គភាព​ដំបូង​បង្អស់​របស់​វៀតណាម​ អនុវត្ត​ជោគ​ជ័យ​ទម្រង់​រូបភាព​ចិញ្ចឹម​ឃ្មុំ​ យក​ទឹកឃ្មុំ​តាម​បែប​បច្ចេកវិទ្យា​ជំនាន់ទី​៤។ ផ្តើម​ចេញពីនោះ​​បង្កើត​​បាន​​ប្រសិទ្ធភាព​​​​សេដ្ឋកិច្ច​​ខ្ពស់​ ក្នុង​ការ​ធ្វើ​អាជីវកម្ម​យកទឹក​ឃ្មុំ​ និង​បង្វែ​បទដ្ឋាន​បច្ចេកវិទ្យា​​ចិញ្ចឹម​ឃ្មុំ ​ជូន​គ្រួសារ​ចិញ្ចឹម​ឃ្មុំ​​នៅ​ប្រទេស​វៀតណាម​។​

សព្វថ្ងៃ​ វៀតណាម​ជា​​ប្រទេស​​នាំចេញ​ទឹក​ឃ្មុំ​លំដាប់លេខ​៦ ​លើ​ពិភពលោក​ ក្នុងនោះវៀតណាម​​ជា​ប្រទេស​​​ឈរលំដាប់លេខ​១ ខាង​បរិមាណ​នាំ​ចេញ​​​ទឹក​ឃ្មុំ​ចូល​​កាន់​​ប្រទេស​អាមេរិក។ សក្តានុពល​ចិញ្ចឹម​ឃ្មុំ​​​យក​ទឹក​នៅ​វៀតណាម​ មាន​កាលានុភាព​​វិវត្តន៍​​​​និង​បើកទូលាយ​។ មជ្ឈមណ្ឌល​​សិក្សា​​និង​ចិញ្ចឹម​ឃ្មុំ​​ត្រូពិច​​ ជា​អង្គភាព​​​ដំបូង​​ខាង​​វិស័យចិញ្ចឹម​​ឃ្មុំ​ សិក្សា​ឯកទេស​ និង​បង្វែ​បទដ្ឋាន​​បច្ចេកវិទ្យា​ចិញ្ចឹម​ឃ្មុំ ​ជូន​គ្រួសារ​ចិញ្ចឹមឃ្មុំ​​​ទូទាំង​​ប្រទេសវៀតណាម​ ទន្ទឹមនោះ​​ក៏ជា​ទីកន្លែង​ផលិតកម្ម​បង្កើត​​​ផលិតផល​ទឹក​ឃ្មុំ​​គុណភាពខ្ពស់​ ផ្គត់​ផ្គង់​ឱ្យ​​ទីផ្សារ​ក្នុង​ស្រុក​​និង​នាំចេញ​។​

អញ្ជើញ​មកដល់​មជ្ឈមណ្ឌល​សិក្សា​​​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច​​ នៅ​រដូវ​ផ្កា​​មៀន​​រីក​ស្រុះ យើងខ្ញុំ​​មាន​អារម្មណ៍​ដូចបាន​​សម្របខ្លួន​នឹង​​ព្រៃព្រឹក្សា​ធម្មជាតិ​ ជាទី​​សម្រាប់​កូន​ឃ្មុំ​​ក្រេប​​លម្អងផ្កា​​ធ្វើ​សម្បុក​។​ នៅ​ចម្ការ​មៀន​ មាន​​ធុងចិញ្ចឹម​​ឃ្មុំ​រាប់​រយ​ធុង ​ដាក់​តម្កល់​ជា​លំដាប់​លំដោយគ្នា​​ ឃ្មុំ​ហើរ​ឈ្វេឈ្វាត​គ្រប់ទិសទី​មមាញឹក​ក្រេប​យក​លម្អង​ផ្កា​ បង្កើតបាន​ជា​ប្រព័ន្ធ​អេកូ​ធម្មជាតិ​​ស្រស់ថ្លា​ នាមណ្ឌល​​បរិវេណ​វិទ្យាស្ថាន​​កសិកម្ម​​វៀតណាម​។​

មជ្ឈមណ្ឌល​សិក្សា​​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច ​បង្កើត​នៅ​ឆ្នាំ​២០០៦ ជា​ទីកន្លែង​សិក្សាស្រាវ​ជ្រាវ​និង​បណ្តុះបណ្តាល​​អំពី​ឃ្មុំ​នៅ​ប្រទេស​វៀតណាម​។ សព្វថ្ងៃ​ មជ្ឈមណ្ឌល​បាន​អនុវត្ត​បច្ចេកវិទ្យា​ខ្ពស់​ក្នុងការ​​ផលិតកម្ម​ ចិញ្ចឹម​ឃ្មុំ​តាម​បែប​ស្តង់ដា​ VietGAP ជួយ​បង្កើន​ទិន្នផល​ គុណភាព​ទឹក​ឃ្មុំ​ បង្កើន​កម្លាំង​ប្រកួត​ប្រជែង​លើ​ផលិតផល​នាំចេញ​។ ទម្រង់​រូបភាព​ចិញ្ចឹម​ឃ្មុំ​តាម​បែប​បច្ចេកវិទ្យា​ជំនាន់ទី​៤​ ជួយ​ឱ្យ​ផលិតផល​មាន​តម្លាភាព​ កំណត់​បាន​​ប្រភពដើម​ ដូចជា​៖ កូន​ពូជ​ ប្រភពផ្កា គ្រឿងបន្សំ​ និង​បង្ការ​ជំងឺ ​ដែល​បាន​ប្រើប្រាស់​​ក្នុង​បទដ្ឋាន​​ចិញ្ចឹម​ឃ្មុំ​​។​

ក្រៅ​ពីនោះ មជ្ឈមណ្ឌល​ក៏ជា​អង្គភាព​ដំបូង​នៅ​វៀតណាម​ បង្កើត​បាន​ពូជឃ្មុំ​រាជនី​សិប្បនិមិត្ត​ជោគ​ជ័យ​សម្រាប់​ហ្វូង​ឃ្មុំ​ ផ្គត់​ផ្គង់ពូជ​​ឃ្មុំ​រាជនី​រាប់រយ​ក្បាល​ និង​ហ្វូង​ឃ្មុំ​ចិញ្ចឹម​រាប់​ពាន់ក្បាល ​ជូន​​គ្រួសារ​ចិញ្ចឹម​ឃ្មុំ​នៅ​វៀតណាម​។ ទម្រង់​រូបភាព​នេះប្រកប​ដោយ​ជោគជ័យ​ ល្បី​ ក្នុង​វិស័យ​ចិញ្ចឹម​ឃ្មុំ​វៀតណាម​ និងលើ​​ពិភពលោក​។ មជ្ឈមណ្ឌល​ទទួល​សិក្ខាកាម​ បញ្ញាវន្ត​ អ្នក​ចិញ្ចឹម​ឃ្មុំ​​មកពី​ប្រទេស​នានា​ដូចជា​ អាមេរិក កូរេខាង​ត្បូង​ ជប៉ុន​ Belarus។ល។ អញ្ជើញ​មក​ទស្សនា​និង​សិក្សា​។​

ចាប់​យក​និន្នាការ​ចិញ្ចឹម​ឃ្មុំ​អន្តរជាតិ​ មជ្ឈមណ្ឌល​សិក្សា​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច​​ បាន​វិនិយោគ​​បច្ចេកវិទ្យា ​និង​នាំ​យក​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​ស្តង់ដារ​អន្តរជាតិ ​ចូលទៅ​​វប្បកម្ម​ ផ្តើម​ចេញ​ពីនោះ​​ជួយ​ឱ្យ​ប្រជាកសិករ​ចិញ្ចឹម​ឃ្មុំ​វៀតណាម​ ផ្លាស់ប្តូរ​ទម្លាប់​ចិញ្ចឹម​ឃ្មុំ​ដោយ​ធុង​ទៅ​ជា​ចិញ្ចឹម​ឃ្មុំ​ដោយ​ធុងមានថ្នាក់​​ បង្កើន​​គុណភាព​ទឹក​ឃ្មុំ​ ឆ្ពោះ​ទៅកាន់​កសិកម្ម​ចិញ្ចឹម​ឃ្មុំ​អភិវឌ្ឍន៍​ចីរភាព​។ សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ផាម ហុង​ថៃ​ (Pham Hong Thai) ​នាយក​មជ្ឈមណ្ឌល​រៀប​រាប់ថា​៖ "ការ​ចិញ្ចឹម​ឃ្មុំ​ធុង​មាន​ថ្នាក់បែប​ធម្មជាតិ​ ឃ្មុំ​ស្អាត​ ទឹក​ឃ្មុំ​បរិសុទ្ធ​ ដូច្នេះ​ការ​​ផ្តល់​ចេញ​ជា​ផលិតផល​ច្រើន​ជាង​៥​ដង ​បើប្រៀប​នឹង​ការ​ប្រមូល​ផល​ដោយ​ធុង​ទោល"​។ មកដល់​សព្វថ្ងៃ​ មជ្ឈមណ្ឌល​​ធ្វើ​ម្ចាស់​បាន​បច្ចេកទេស​តំណបង្កាត់​ពូជ​ឃ្មុំ​រាជនី​ ដូច្នេះ​ដំណាក់កាល​​ដំបូង ​ពូជឃ្មុំ​​បាន​ជ្រើសរើស​ដោយ​ហ្មត់​ចត់ បង្កើត​បាន​ជា​ហ្វូង​ឃ្មុំ​គុណភាព​ខ្ពស់​។

រៀង​រាល់​ឆ្នាំ​ មជ្ឈមណ្ឌល​បាន​ហ្វឹក​ហ្វឺន​ បណ្តុះបណ្តាល​ជូន​គ្រួសារ​ចិញ្ចឹម​ចំនួន​៣០០០​គ្រួសារ​ នូវ​​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​ថ្មី​ទំនើ​បលំដាប់​អន្តរជាតិ​។ ក្នុង​អំឡុង​ពេល​ពី​រឆ្នាំ​ (២០២០​ - ២០២២) មជ្ឈមណ្ឌល​សិក្សា​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច​ បាន​ជំនួយ​​ឱ្យ​ខេត្ត​សើន​ឡា (Son La) ​និង​ងែអាន​ (Nghe An) ​សាងសង់​ទម្រង់​រូបភាព​ចិញ្ចឹម​​ឃ្មុំ​ចំនួន​៧ តាម​​បែប​ស្តង់​ដារ ​VietGAP ដោយ​មាន​ទ្រង់​ទ្រាយ​ឃ្មុំ​ចំនួន​៧១៥​​​ហ្វូង​ ជា​ទឹក​ប្រាក់ចំនួន​​ ៣,៥ ​ពាន់លាន​ដុង​។ ក្រៅ​ពី​​ជំនួយ​តាម​ខេត្ត​​នូវ​បច្ចេកទេស​​ចិញ្ចឹម​ឃ្មុំ​ នៅទាំង​សហការ​នាំ​ចេញ​​​ផលិតផល​ទឹក​ឃ្មុំទៀត​ផង​​ មជ្ឈមណ្ឌល​ក៏បាន​​ណែនាំ​ ពិគ្រោះ​ប្រតិបត្តិ​​បច្ចេកវិទ្យា​ជំនាន់ទី​៤ ក្នុង​​ការ​វិវត្ត​ចិញ្ចឹម​​ឃ្មុំ​ តែម​អេឡិច​ត្រូ​និច​​បញ្ជាក់​ប្រភព​ដើម​ ការ​ពារ ​និង​លើកកម្ពស់​ពាណិជ្ជសញ្ញា​​ទឹក​ឃ្មុំវៀតណាម​។​

បណ្ឌិត​ត្រឹន​ វ៉ាន់​ត័ន​ (Tran Văn Toan) ​នាយក​​រង​​​​មជ្ឈមណ្ឌល​រៀប​រាប់​ សព្វថ្ងៃ​ មជ្ឈមណ្ឌល​សិក្សា​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច ​កំពុង​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​​ដោយ​បរិមាណ​៣០​តោន​ក្នុង​មួ​យ​រដូវ​ ផ្គត់​ផ្គង់​ឱ្យ​ទីផ្សារ​វៀតណាម​ ​នូវ​ផលិតផល​ទឹក​ឃ្មុំ​គុណភាព​ខ្ពស់​​ដូចជា​៖ ទឹក​ឃ្មុំ​​រាជនី​ លម្អង​​ផ្កា royal jelly ។ល៕

របៀប​ចិញ្ចឹម​ឃ្មុំ​ក្នុង​កេះ ឬ​ប្រអប់ តាម​បែប​ធម្មជាតិ មុខ​របរ​ចិញ្ចឹម​ឃ្មុំ ក្នុង​ប្រអប់ ឬ​កេះ តាម​បែប​ធម្មជាតិ​កំពុងតែ​ពេញ​និយម ក្រោយ​ពី​ការស្វែងរក​ឃ្មុំ​ព្រៃ ជា​លក្ខណៈ​ប្រពៃណី​នោះ​ស្ទើរតែ​បាត់បង់​ទៅ​ហើយ ដោយសារ​ព្រៃ​ផ្ទៃដី​ព្រៃឈើ​បាន​បាត់បង់​ជា​បន្តបន្ទាប់​។ ខេត្ត​ដែល​មាន​ការ​ចិញ្ចឹម​ឃ្មុំ ភាគច្រើន​មាននៅ​ខេត្ត​សៀមរាប កំពង់ចាម ខេត្ត​ត្បូងឃ្មុំ ប៉ៃលិន និង​ខេត្ត​បាត់ដំបង ជាដើម ដែល​ជា​តំបន់​សម្បូរណ៍​ចម្ការ​ផ្លែឈើ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​បាន​នាំ​គ្នា​បង្កើត​សហគមន៍​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​លក់​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព ដោយមាន​អង្គការ​អឹមជេភី (M.J.P) របស់​តារាភាពយន្ត​ហូលីវូដ (Hollywood) អ្នកស្រី អែនជេលីណា ជូលី Angelina Jolie ជា​អ្នក​ណែនាំ​ពួកគាត់​ឱ្យ​ចេះ​វិធី​ចិញ្ចឹម​ឃ្មុំ​ជា​លក្ខណៈ​គ្រួសារ​នេះ។

ការ​ចិញ្ចឹម​ឃ្មុំ ខុស​ពី​ការ​ចិញ្ចឹម​សត្វ​ផ្សេងៗ គឺ​ខុស​ទាំង​ការរៀបចំ​កន្លែង​ឱ្យ​វា​រស់នៅ ការ​ជ្រើស​ទីតាំង​ចិញ្ចឹម ហើយ​វា​មិន​ត្រូវការ​ចំណីអាហារ​ណា ក្រៅពី​ផ្កា ឬ​ផ្កាឈើ​ព្រៃ ផ្កា​ដំណាំ​ធម្មជាតិ​នោះ​ឡើយ​។

​អ្នកស្រុក​សំឡូត ខេត្ត​បាត់ដំបង​ឱ្យ​ដឹង​ថា ការ​រៀន​ចិញ្ចឹម​ឃ្មុំ​មិន​ចំណាយ​ពេល​យូរ​ឡើយ​។ ប៉ុន្តែ​ពួកគាត់​ត្រូវ​ឆ្លង​ការ​បណ្ដុះបណ្ដាល​ពី​របៀប​ចិញ្ចឹម​ឃ្មុំ​រយៈពេល​ប្រហែល​១​ខែ ក៏​អាច​ចាប់ផ្ដើម​ចិញ្ចឹម​ឃ្មុំ​សាកល្បង​បាន។ ចំណែក​ការ​ចិញ្ចឹម​សាកល្បង ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជិត ១​ឆ្នាំ ទើប​ពួកគាត់​អាច​ចាប់ផ្ដើម​ចិញ្ចឹម​ឃ្មុំ ជា​មុខរបរ​ចិញ្ចឹមជីវិត​បាន ដោយមាន​គ្រូ​បង្គោល​ម្នាក់​ពី​អង្គការ​អឹមជេភី​(M.J.P)​ជួយ​ផ្ដល់​គំនិត​ក្នុង​ចិញ្ចឹម។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​សំឡូត លោក ឌុក ម៉េង ថ្លែង​ថា សព្វថ្ងៃ​ពួកគាត់​ចិញ្ចឹម​ឃ្មុំ​សាកល្បង​បាន​ជាង ២០កេះ ដោយ​ក្នុង​មួយ​កេះ មាន​ពី​៨​ទៅ​១២​បង្គង។

លោក​បាន​បង្ហាញ​ពី​វិធី និង​បទពិសោធន៍​ខ្លះៗ​ជុំវិញ​របបរ​ចិញ្ចឹម​ឃ្មុំ​នេះ៖ «វិធីសាស្ត្រ​ធ្វើ​នៅ​ក្នុង​វា​មាន​មេ​មាន​ផ្លិត​ស្រេច​ហើយ​មាន​តុ​មួយ តុ​គ្រាន់តែ​កល់​ឱ្យ​ផុត​ពី​ដី​ដាក់​ជើង​វា​ដាក់​ពិនតូ​ធ្វើ​ជើង​ចាក់​ទឹក​កុំ​ឱ្យ​ស្រមោច​ឡើង ហើយ​ទុកចោល​ពី​បួន​ថ្ងៃ​ទៅ​មើល​ម្ដង។ បើ​វា​កើន​ផ្លិត​ច្រើន​យើង​ថែម​ផ្លិត​ឱ្យ​វា​ទៀត។ សំខាន់​យើង​ដាក់​ទឹក​ពីលើ​ហ្នឹង​មួយ​ហើយ​គ្រប់​វា​ទៅ​ឱ្យ​វា​ផឹក​វា​ចូល​ផឹកទឹក​ណាស់។ យើង​ត្រូវ​មើល​វារ​ហូត​ខ្លាច​វា​បង្កើត​ស្ដេច​ខ្លួន​វា​បាន ក្នុង​មួយ​ធុង​មាន​ស្ដេច​តែមួយ​ទេ បើ​មាន​ស្ដេច​ឃ្មុំ​ពីរ​វា​ហ្នឹង​ចេញពី​សំបុក​អស់ ស្ដេច​វា​មាន​តួនាទី​បង្កើត​កូន​នៅ​ក្នុង​នោះ ហើយ​កម្មករ​វា​មិនមែន​អ្នក​ពង​ទេ»។

លោក​បន្ត​ថា ទឹកឃ្មុំ​ដែល​ពួកគាត់​ផលិត​បានជា​ទឹកឃ្មុំ​សុទ្ធ​ល្អ​ដូច​ទឹកឃ្មុំ​ធម្មជាតិ​ដែរ និង​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​។ លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​រដូវប្រាំង​សំបូរ​ផ្កាឈើ ប្រមូល​ផល​ទឹកឃ្មុំ​ម្ដង​រយៈពេល​ពី ១៥​ថ្ងៃ ទៅ​១​ខែ។

គ្រូ​បង្គោល និង​ជា​បុគ្គលិក​អង្គការ​អឹមជេភី (M.J.P)​ម្នាក់ លោក កែវ សុធន់ ប្រាប់​អាស៊ីសេរី​ថា លោក​បង្រៀន​ពលរដ្ឋ​ទាំងនោះ​ជា​រៀងរាល់​ខែ ដើម្បី​ឱ្យ​ពួកគាត់​ចេះ​ចិញ្ចឹម​ឃ្មុំ​ផលិត​ទឹក​បាន​ច្រើន​។​

​លោក​ថា ការ​ចិញ្ចឹម​ឃ្មុំ មាន​ច្រើន​ដំណាក់កាល ប៉ុន្តែ​ជា​ដំបូង​កសិករ​ត្រូវ​ជ្រើ​រើស​ទី​តាំ​ដែល​ល្អ ដូចជា​កន្លែង​នោះ​សម្បូរណ៍​ព្រៃឈើ ផ្កា ឬ​ចម្ការ​ឈើ​ហូប​ផ្លែ​ជាដើម ហើយ​តំបន់​នោះ មិន​មាន​ការ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម ឬ​ការប្រើប្រាស់​សា​ធាតុគីមី​ផ្សេងៗ។

ការ​ជ្រើសរើស​ពូជ ក៏​ជា​កត្តា​សំខាន់​ដែរ។ លោក​ថា ពូជ​ឃ្មុំ​ដែល​ប្រជាពលរដ្ឋ​ស្រុក​សំឡូត​ជ្រើសរើស​យក​ទៅ​ចិញ្ចឹម​នោះ​នាំចូល​ពី​ក្រៅ​ប្រទេស គឺ​អាស៊ី និង អឺរ៉ុប ហើយ​យក​មក​បង្កាត់​ជាមួយ​ឃ្មុំ​ព្រៃ៖ «ពូជ​ឃ្មុំ​ដែល​ពួក​ខ្ញុំ​យក​មក​ចិញ្ចឹម​នេះ គឺ​មាន​ម៉ាលីហ្វរ៉ា និង​សេរ៉ាណា លក្ខណៈ​ពិសេស​របស់​វា ម៉ាលីហ្វរ៉ា ឃ្មុំ​អឺរ៉ុប​វិញ​វា​កម្រ​ចាកចោល​សម្បុក ដងខ្លួន​វា​ធំ​ជាងគេ ផលិត​ទឹកឃ្មុំ​បាន​ច្រើន ហើយ​បើ​ប្រភេទ​ឃ្មុំ​អាស៊ី​សេរ៉ាណា ខ្មែរ​យើង​ហៅ​ប្រួត​ដែល​វា​ចូលចិត្ត​នៅ​ក្នុង​រ៉ូងឈើ តាម​ផ្ទះ វា​សាំ​នឹង​អាកាសធាតុ​នៅ​អាស៊ី​ស្រាប់ បើ​យើង​យក​មក​បង្កាត់​ចូលគ្នា​ល្អ»។

លោក​បន្ត​ថា ការងារ​បន្ទាប់ គឺ​ការ​ធ្វើ​ប្រអប់ ឬ​កេះ​បង្គង​ឱ្យ​ស្នាក់នៅ ឬ​ហៅថា​ការសាងសង់​ទីជម្រក​ដើម្បី​ឱ្យ​ឃ្មុំ​ប្រមែ​ល​ប្រមូល​គ្នា​វា ដែល​នៅ​រាយប៉ាយ​តាម​កន្លែង​ផ្សេងៗ​ចូល​មក​ស្នាក់នៅ​បង្កើត​កូនចៅ​លើ​បង្គង​ដែល​កសិករ​រៀបចំ​ក្នុង​ប្រអប់​តាម​លក្ខណ​បច្ចេកទេស​ត្រឹមត្រូវ​។​

​លក្ខណ​បច្ចេកទេស​នៃ​ការ​ធ្វើ​កេះ ឬ​ធុង​ចិញ្ចឹម​នោះ​បច្ចុប្បន្ន​កសិករ អាច​សិក្សា​ធ្វើ​ដោយ​ខ្លួនឯង​បាន​ដោយ​មិន​ចំ​បាច់​ទិញ​ពី​បរទេស​ដូច​ពេល​មុនៗ​នោះ​ឡើយ​។​

​លោក កែវ សុធន់ ឱ្យ​ដឹង​ថា កសិករ​អាច​យក​ឈើ​បន្ទះ​ក្តារ​ស្ដើង​ល្មម​ផ្សំ​គ្នា​ធ្វើ​បាន ដោយ​ធុង​ឃ្មុំ​នីមួយៗ​មាន​ទំហំ​កម្ពស់ ៤​តឹក និង​បណ្ដោយ ៥ ទៅ ៦​តឹក៖ «ហើយ​យើង​ធ្វើ​ហ្នឹង​គឺ​មាន​ផ្លូវ​ឃ្មុំ​ចេញចូល មាន​ពីរ​ទន្ទឹមគ្នា ប្រហោង​ហ្នឹង​តូច​ទេ កម្ពស់​វា​ប្រហែល​២​ទៅ​៣​សង់ទីម៉ែត្រ ទំហំ កន្លះ​ទៅ​១​តឹក ផ្នែក​ខាងក្រោយ​យើង​ចុះ​ប្រហោង​ត្រឹមតែ​១​តឹក​បួន​ជ្រុង ប៉ុន្តែ​គេ​ប្រើ​លួស​សំណាញ់​អាច​បិទ​បើក​បាន នៅ​ពេល​វា​ក្តៅ​យើង​បើក​ប្រហោង​ខាងក្រោយ​នោះ​ខ្យល់​ចូល​។ មានន័យថា​ខាងក្រោយ​នោះ​ឃ្មុំ​អត់​ចេញចូល​បានទេ វា​ចេញចូល​តែ​ខាងមុខ​ទេ​…​យើង​ធ្វើ​គម្រប​បិទ​ពីលើ ដោយ​ធ្វើ​ឱ្យ​វា​ធំ​ខ្ពស់ជាង​គែម​មាត់​ធុង​បន្តិច​ដើម្បី​ងាយ​ដាក់​បង្គង​កុំ​ឱ្យ​វា​ទើស ចំពោះ​គម្រប​នោះ គេ​អាច​ប្រើ​ប្លាស្ទិក​គ្រប​ពី​លើ ឬ​ស័ង្កសី ដើម្បី​កុំ​ឱ្យ​ត្រូវ​ភ្លៀង ឬ​សំណើម​ធ្វើ​ឱ្យ​ឆាប់​ពុក​ធុង»។

ចំណែក​បង្គង​វិញ ក៏​ធ្វើ​ពី​ឈើ​ដែរ ដោយ​កំណត់​ទំហំ​មាន​បណ្ដោយ​ស្រប​នឹង​ប្រវែង​ធុង​ដែល​អាច​ដាក់​ចុះ​បាន នឹង​មាន​កម្ពស់​២​តឹក​កន្លះ ឬ​៣​តឹក។

តែ​ទោះ​យ៉ាងណា មុខរបរ​នេះ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ខ្លះ​ដូចជា​ឧបករណ៍​ខ្លះ​ត្រូវ​ទិញ​នាំចូល​ពី​បរទេស ដូច​ធុង​ផលិត​ចម្រាញ់​យក​ទឹកឃ្មុំ និង​ផ្លិត​ឃ្មុំ​សិប្បនិម្មិត​ជាដើម ដែល​មិនទាន់​អាច​ផលិត​បាន​ក្នុង​ស្រុក​នៅ​ឡើយ។

ឯកសារ​ស្ដីពី​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ ណាស្តូ (NASTO) បាន​បង្ហាញ​ថា ទីតាំង​ចិញ្ចឹម​ឃ្មុំ​ដែល​ល្អ គឺ​ត្រូវ​មាន​ប្រភព​ផ្កា​៣​ដង​ក្នុង​មួយ​ឆ្នាំ មាន​ប្រភព​ទឹក ឬ​មាន​សំណើម​គ្រប់គ្រាន់ មាន​ម្លប់ តែ​ក៏​ត្រូវ​មាន​ពន្លឺ​ចេញចូល​គ្រប់គ្រាន់​ដែរ។

ទីតាំង​ការ​ដាក់​កេះ ឬ​ធុង​ចិញ្ចឹម​ឃ្មុំ​នោះ ត្រូវ​ដាក់​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​ដែល​មនុស្ស​អ៊ូអរ​ច្រើន ឬ​ក្បែរ​ផ្លូវ​ធ្វើដំណើរ​ទៅមក និង​មិន​ត្រូវ​ដាក់​ឱ្យ​កៀក​គ្នា​ពេក​ទេ ហើយ​ជៀសវាង​ដាក់​ធុង​នោះ​ទល់មុខ​គ្នា​។​

​លោក​បន្ត​ថា ទឹកឃ្មុំ​ដែល​ប្រជាពលរដ្ឋ​ផលិត​បាន​នោះ​លក់​បាន​ក្នុង​តម្លៃ​បោះ​ដុំ​៧​ម៉ឺន​រៀល​(៧០,០០០) ឬ​៨​ម៉ឺន​រៀល ស្មើ​២០​ដុល្លារ ក្នុង​មួយ​លីត្រ។

កសិករ​ឱ្យ​ដឹង​ដែរ​ថា រដូវ​សំបូរ​ផ្កាឈើ ប្រសិនបើ​ឃ្មុំ​កើត​ល្អ​នៅ​ក្នុង​រដូវប្រាំង គឺ​ចិញ្ចឹម​ឃ្មុំ​មួយ​កេះ ប្រមូល​ផល​ម្ដង​បាន​ទឹកឃ្មុំ​ពី ៣​ទៅ ៥​លីត្រ។

ឯកសារ​ស្ដីពី​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ ណាស្តូ (NASTO) បាន​បង្ហាញ​ថា ទឹកឃ្មុំ បាន​ផ្ដល់​នូវ​ផល​ប្រយោជន៍​ច្រើន ដូចជា​ផ្ដល់ វីតាមីន ថាមពល ធ្វើ​ឱសថ​ព្យាបាល​ជំងឺ ជំនួយ​សារពាង្គកាយ​មនុស្ស និង​ប្រើប្រាស់​ជា​គ្រឿងផ្សំ​ធ្វើ​បង្អែម ម្ហូប​អាហារ​ផ្សេង​ជាដើម៕


- ឃ្មុំគឺជាសត្វល្អិតម្យ៉ាងដែលផលិតទឹកឃ្មុំហើយអាចឲ្យមនុស្សយើងបរិភោគបាន ។ គេបានដឹងថាឃ្មុំបានផលិតទឹកឃ្មុំតាំងតែពី មួយរយសាមសិបលានឆ្នាំមុនមកម្ល៉េះ និងរហូតមកដល់ពេលនេះ ។ បច្ចុប្បន្ននេះទឹកឃ្មុំត្រូវបានគេប្រមូលដោយវិធី ២យ៉ាងគឺ :

+ ប្រមូលយកពីក្នុងព្រៃ
+ ប្រមូលយកពីកន្លែងដែលគេចិញ្ចឹម
- ជាទូទៅគេតែងមានជំនឿថា ទឹកឃ្មុំដែលប្រមូលបានមកពីក្នុងព្រៃតែងតែមានគុណភាពល្អជាង ទឹកឃ្មុំដែលគេប្រមូលបានមកពីកន្លែងដែលគេចិញ្ចឹម ។ ត្រង់បញ្ហានេះនៅមិនទាន់មានការអះអាងណាមួយឲ្យបានស៊ីជម្រៅទៅលើប្រភេទទឹកឃ្មុំទាំងពីរប្រភេទនេះនៅឡើយទេ ប៉ុន្តែអ្វីដែលគេបានដឹងនោះគឺ ប្រយោជន៍ដ៏សំខាន់របស់ទឹកឃ្មុំ និងមុខរបរចិញ្ចឹមឃ្មុំ ដែលគេអាចប្រមូលប្រាក់យ៉ាងច្រើនពីពលកម្មរបស់សត្វឃ្មុំ ។

តើទឹកឃ្មុំមានប្រយោជន៍អ្វីខ្លះ ?
* ទឹកឃ្មុំគឺជាស្ករដែលមានលក្ខណៈជាធម្មជាតិ មានរសជាតិឆ្ងាញ់ពិសា សម្បូរណ៍ទៅដោយកាបូហាយដ្រេត (Cabohydrates) ជាសារធាតុម្យ៉ាងផ្តល់នូវកម្លាំង និងថាមពលដល់រាងកាយរបស់មនុស្សយើង ។ ក្រៅពីនេះគេបានរកឃើញថាទឹកឃ្មុំមានប្រសិទ្ធភាពយ៉ាងខ្ពស់បំផុតក្នុងការផ្តល់កម្លាំងភ្លាមៗដល់រាងកាយ កាត់បន្ថយនូវការនឿយហត់របស់សាច់ដុំ ជាពិសេសវាមានប្រយោជន៍យ៉ាងច្រើនដល់អ្នកដែលធ្វើការងារដោយប្រើកម្លាំងដូចជា អ្នកកីឡាជាដើម ។ ទឹកឃ្មុំនៅបានចាត់ទុកថាជាអ្នកជួយការពារកុំឲ្យហត់នឿយខ្លាំងសំរាប់អ្នកកីឡា អ្នកហាត់ប្រាណ ដោយវាបឺតស្រូបយកសារធាតុម្យ៉ាងហៅថា គ្លូកូស (Glucose) អាចឲ្យខ្លួនប្រាណយើងបឺតស្រូបយកបានយ៉ាងឆាប់រហ័ស បន្ទាប់មកវាជួយបង្កើនកម្លាំងឲ្យយើងបានភ្លាមៗ ឯចំណែកសារធាតុម្យ៉ាងទៀតហៅថាហ្វ្រាក់តូស (Fractose) ធ្វើការយឺតៗប៉ុន្តែបន្តផ្តល់ឲ្យយើងនូវកំលាំងពលំជាប់ជាបន្ត ។ ក្រៅពីនេះគេបានរកឃើញទៀតថាទឹកឃ្មុំ មានចំណែកជួយគ្រប់គ្រងជាតិស្ករក្នុងរាងកាយយើងបានល្អប្រសើរជាងសារធាតុផ្សេងៗទៀត ។

* សូមសាកល្បងធ្វើដូចខាងក្រោនេះ :
១. មុនពេលចេញទៅហាត់ប្រាណសូមពិសារទឹកឃ្មុំចំនួន១ ស្លាបព្រាបាយសិន ឬអាចមុនពេលចេញទៅធ្វើការក៏បាន ។

២. ក្នុងករណីខ្លះ ពេលយើងភ្ញាក់ឡើងពីដំណេកនៅពេលព្រឹកយើងមានអារម្មណ៍ហត់នឿយ អស់កម្លាំង សូមយកទឹកឃ្មុំមកលាបលើចំណិតនំប៉័ងជំនួសស្ករ ឬលាយទឹកឃ្មុំនៅក្នុងតែរួចពិសារ វានឹងជួយសំរួលឲ្យយើងមានកម្លាំងល្អប្រសើរមកវិញភ្លាមៗ ។

៣. បើសិនជាកូនចៅរបស់យើងពេលត្រឡប់មកពីសាលាវិញមានអាការៈហត់នឿយ ល្ហិតល្ហៃ សូមយកទឹកឃ្មុំឲ្យកូនក្មេងទទួលទានជាមួយនំ ឬនំប៉័ង នោះវានឹងមានកំលាំងល្អប្រសើរឡើងវិញជាមិនខាន ។

ក្រៅពីជួយរក្សានិងបង្កើតកំលាំងឲ្យយើង ទឹកឃ្មុំគឺជាអ្នកជួយរួមចំណែកការពារប្រព័ន្ធប្រឆាំងរបស់រាងកាយយើង ទប់ទល់ជាមួយជំងឺនិងមេរោគផ្សេងៗបានយ៉ាងល្អ ជួយដល់ការរំលាយអាហាររបស់ក្រពះ ជួយផ្សះដំបៅ និងកែកុនបញ្ហាផ្សេងៗទៀតរបស់រាងកាយយើង ។

នៅរៀងរាល់ព្រឹកសូមលាយទឹកឃ្មុំមួយចំណែក ទឹកក្រូចឆ្មាមួយចំណែកស្មើគ្នា ក្នុងទឹកក្តៅមួយពែង ដើម្បីសម្រួលឲ្យដល់រាងកាយរបស់យើង និងជួយធ្វើឲ្យអារម្មណ៍ស្រស់ថ្លាព្រមគ្នា ។

ទឹកឃ្មុំនៅអាចយកមកលាបព្យាបាលការប្រេះបបូរមាត់ ដំបៅហើម អ្នកចំរៀងភាគច្រើនបានពិសារទឹកឃ្មុំ ឬលាយទឹកឃ្មុំជាមួយទឹកក្តៅពិសារ មុនពេលឡើងច្រៀងដើម្បីសម្រួលដល់បំពង់កឲ្យមានភាពសើមមិនស្ងួតក ពេលច្រៀង ។ ទឹកឃ្មុំត្រូវបានគេយកទៅផ្សំជាមួយរូបមន្តផ្សេង ដោយគិតទាំងគ្រឿងមុខម្ហូប គ្រឿងសំអាង សាប៊ូដុះខ្លួន នំ ៘

វិធីសាស្ត្រនៃការចិញ្ចឹមឃ្មុំ

ឃ្មុំគឺជាសត្វល្អិតម្យ៉ាងដែលផលិតទឹកឃ្មុំ ក្រៅពីឃ្មុំគឺនៅមានសត្វល្អិតម្យ៉ាងទៀតដែលផលិតទឹកឃ្មុំដែរ ហើយខ្មែរយើងនិយមហៅថា �ពង្រួត� វាមានរូបរាងតូចជាងឃ្មុំច្រើន ហើយវាច្រើនយករន្ធឈើប្រហោងធំៗធ្វើជាសំបុករបស់វា ខុសពីសត្វឃ្មុំដែលកកើតសំបុកតាមមែកឈើ ឬតាមអាគារលំនៅដ្ឋាន ។

នៅក្នុងប្រទេសជឿនលឿនមួយចំនួនគេបានចិញ្ចឹមឃ្មុំជារបៀបមួយប្លែកពីធម្មតា គឺធ្វើនៅប្រអប់ឡាំង ក្រដាស ឬឈើសម្រាប់ឲ្យឃ្មុំកកើតជាសំបុករបស់វា ។ ក្រៅពីនេះ នៅតាមចំការមួយចំនួនម្ចាស់ចំការបានចិញ្ចឹមឃ្មុំនៅក្នុងចំការរបស់ខ្លួនដើម្បីទាញយកផលប្រយោជន៍ ២ យ៉ាងគឺ :
  • - ទីមួយ : ឲ្យឃ្មុំជួយបង្កាត់លំអងញីឈ្មោលរបស់ដំណាំដើម្បីឲ្យវាមានផ្លែផ្កាច្រើន
  • - ទីពីរ : គេបានទទួលទឹកឃ្មុំពីឃ្មុំដែលគេបានចិញ្ចឹមនោះ
ក្រៅពីប្រយោជន៍ទាំងពីរខាងលើនេះ ឃ្មុំអាចនៅជួយកាត់បន្ថយបាននូវការយាយីពីសំណាក់សត្វល្អិតផ្សេងៗទៀតពេលដំណាំចេញផ្កា ប៉ុន្តែប្រការនេះមិនទាន់មានការអះអាងណាមួយឲ្យបានជាក់លាក់នៅឡើយទេ ។

ដោយហេតុថាតម្លៃទឹកឃ្មុំនៅលើទីផ្សារមានតម្លៃថ្លៃ ដូចនេះហើយទើបមានមនុស្សជាច្រើនមានបំណងស្វែងយល់ពីវិធីចិញ្ចឹមឃ្មុំ ប៉ុន្តែនៅពុំទាន់មានឯកសារ ឬសៀវភៅណាមួយនិយាយពីវិធីចិញ្ចឹមឃ្មុំនេះនៅឡើយទេ ហេតុនេះអត្ថបទមេរៀនស្តីពីការចិញ្ចឹមឃ្មុំនេះ អាចជាជំនួយស្មារតីមួយសំរាប់អ្នកដែលមានបំណងចង់ចិញ្ចឹមឃ្មុំ ។

១- ទីតាំង

ដើម្បីឲ្យការចិញ្ចឹមឃ្មុំ អាចប្រព្រឹត្តទៅបានល្អយើងត្រូវមានទីតាំងមួយសមស្រប ឆ្ងាយពីភូមិឋាន អាចជាដីចំការ ដីទំនេរទុកចោលដែលមិនមានការរំខានពីមនុស្សម្នាផ្សេងៗ ។ នៅលើទីតាំងដីនេះ បើសិនជាយើងអាចដាំបន្ថែមនូវដើមឈើមួយចំនួនដែលសម្បូរណ៍ផ្កា ដូចជា លឿងរាជ្យ អង្កាញ់ អូយម៉ូយ ឬដើមឈើណាដែលមានផ្កាច្រើន ពីព្រោះផ្កាឈើទាំងនោះគឺជាការទាក់ទាញមួយ ហើយក៏ជាអ្វីដែលឃ្មុំត្រូវការផងដែរ ។

ទីតាំងដីសំរាប់ចិញ្ចឹមឃ្មុំនោះ ពុំចាំបាច់មានទំហំធំពេកទេ ប៉ុន្តែបើសិនជាមានទំហំធំក៏ជាការប្រសើរដែរ ។ ទំហំដីដែលយើងត្រូវការគឺអាចអាស្រ័យទៅលើចំនួនសំបុកឃ្មុំ ដែលត្រូវចិញ្ចឹមនិងការដែលយើងអាចគ្រប់គ្រងវាបាន ។ ក្នុងករណីខ្លះ ការជ្រើសរើសទីតាំងបានល្អដូចជា នៅក្បែរព្រៃ និងក្បែរចំការធំៗ អាចជួយបង្កើនប្រសិទ្ធភាពដល់ការចិញ្ចឹមឃ្មុំ ឲ្យដំណើរការទៅបានល្អប្រើសើរដែរ ។

២- ពូជឃ្មុំសម្រាប់យកមកចិញ្ចឹម

ឃ្មុំមានច្រើនពូជ គឺឃ្មុំធំជាប្រភេទឃ្មុំដែលស្ថិតនៅក្នុងព្រៃធំៗ ឃ្មុំមួយពួកទៀតដែលមានមាឌតូចជាងបន្តិចក្រៅពីនេះគេឃើញមានឃ្មុំមួយប្រភេទទៀតដែលយើងនិយមហៅថាឃ្មុំអាចម៍ឆ្កែ វាច្រើនមានទំហំតូចៗ គេច្រើនឃើញឃ្មុំប្រភេទនេះនៅតាមព្រៃរបោះ គុម្ពត្រែង ឬតាមទីវាលទំនាបលិចទឹកនានា ។

ប្រភេទឃ្មុំដែលយើងអាចយកមកចិញ្ចឹម គឺជាពពួកឃ្មុំដែលមានសំបុកខ្នាតមធ្យម ដែលឧស្សាហ៍បានឃើញនៅតាមដើមឈើ ឬចំការពីព្រោះឃ្មុំប្រភេទនេះវាមិនសូវបង្កគ្រោះថ្នាក់ដល់យើង, មានការងាយស្រួលក្នុងការគ្រប់គ្រង ម្យ៉ាងទៀតយើងងាយស្រួលរកពូជផង ។

៣- ប្រភេទប្រអប់សម្រាប់ចិញ្ចឹម

ប្រអប់សំរាប់ធ្វើជាសំបុកឲ្យឃ្មុំស្នាក់នៅគេច្រើនធ្វើពីឈើ ឬដែកបន្ទះសង្ក័សីជាសំបកខាងក្រៅ ប៉ុន្តែសម្រាប់ប្រទេសយើង, យើងមិនអាចធ្វើពីសង្ក័សីបានទេ ពីព្រោះប្រទេសយើងក្តៅ ។

៤- ចំណីរបស់ឃ្មុំ

យើងពុំចាំបាច់ត្រូវដាក់ចំណីឲ្យវាស៊ីដូចជាការចិញ្ចឹមជ្រូក មាន់ ទានោះឡើយ អ្វីដែលយើងត្រូវការចាំបាច់នោះគឺ កូនអាងទឹកមួយមានទឹកស្អាត សម្រាប់ឲ្យឃ្មុំផឹក និងចានទឹកស្ករ មួយចំនួនសំរាប់ទាក់ទាញកុំឲ្យឃ្មុំនោះ បោះបង់សំបុកចោលទៅរកកន្លែងថ្មីទៀត ។

៥- ការថែរក្សាឃ្មុំ និងការត្រួតពិនិត្យ

សំបុកឃ្មុំទាំងអស់ត្រូវមានការត្រួតពិនិត្យជាប់ជាប្រចាំ យ៉ាងហោចណាស់ឲ្យបានចំនួន ៣ ដង ក្នុងមួយសប្តាហ៍ដែរ ដើម្បីឲ្យដឹងពីស្ថានភាពរបស់ឃ្មុំនោះវាមានសកម្មភាពយ៉ាងណា ។

៦- សម្ភារៈត្រូវការចាំបាច់សម្រាប់ការចិញ្ចឹមឃ្មុំ

ក្នុងករណីដែលយើងត្រូវធ្វើវាជារបៀបអាជីវកម្ម យើងប្រហែលជាត្រូវទាមទារឲ្យមានសំលៀកបំពាក់សំរាប់ការពារខ្លួនកុំឲ្យឃ្មុំទិច ស្រោមដៃក្រាស និងស្បែកជើង ។ ក្រៅពីនេះគឺមានតែឧបករណ៍សម្រាប់កៀបយកទឹកឃ្មុំ ពីព្រោះការច្របាច់ដោយដៃពុំអាចយកទឹកឃ្មុំចេញអស់បានទេ ។

* ជាបឋម : (មុនចាប់ផ្តើមចិញ្ចឹម) មុនពេលចាប់ផ្តើមចិញ្ចឹមសូមធ្វើប្រអប់សំបុកឃ្មុំឲ្យបានតាមចំនួន ដែលយើងត្រូវការសិន ចំនួនសំបុកច្រើនប៉ុន្មាននោះគឺអាស្រ័យទៅលើធនធាន និងបំណងប្រាថ្នា ។ ប្រអប់នីមួយៗត្រូវមានលក្ខណៈត្រឹមត្រូវតាមគំនូរដែលបានភ្ជាប់មក ជាមួយ ។ ឈើក្តារដែលយើងយកមកប្រើអាចជាក្តារកុំផ្លាកេក៏បាន ជាបន្ទះក្តារធម្មតាក៏បានទៅតាមការចូលចិត្ត ។

* ក្រៅពីនេះយើងនៅត្រូវការ ក្រមួនឃ្មុំមួយចំនួនសំរាប់យកមកធ្វើជាពុម្ពរន្ធសំបុកឃ្មុំ ពុម្ពនេះនៅប្រទេសគេមានលក់សំរាប់អ្នកចិញ្ចឹមឃ្មុំ ប៉ុន្តែយើងអាចធ្វើដោយខ្លួនឯងបានដោយការគូរ ឬធ្វើជាពុម្ពចាក់ ។

៧- សំបុកឃ្មុំ

យើងនឹងមានការលំបាកក្នុងការស្វែងរកសំបុកឃ្មុំ ដើម្បីយកពូជមកផ្សាំបង្កើតជា សំបុកសិប្បនិមិត្តរបស់យើង ។ ក្រៅពីដើររកដោយខ្លួនឯងយើងអាចសាកសួរអ្នកដែលមានជំនាញខាងរកឃ្មុំឲ្យគេរកមកឲ្យយើង ឬយើងអាចទៅជាមួយគេក៏បាន ។

៨- វិធីនៃការនាំយកឃ្មុំមកផ្សាំចិញ្ចឹម
- ត្រូវមានធុងស្អាតមួយ (ធុងស្ពេត្រូ)
- ទឹកស្ករចំនួន ២ លីត្រ ស្ករ ១ គីឡូក្រាម លាយទឹក ១ លីត្រ
- ប្រដាប់សម្រាប់បាញ់ទឹកស្ករ (សូមប្រើធុងបាញ់ថ្នាំ) ប៉ុន្តែទឹកស្ករត្រូវមានចំនួនច្រើនបន្តិចបើប្រើធុងបាញ់ថ្នាំ ។
- សំណាញ់ក្រឡាញឹកសំរាប់គ្របមាត់ធុង
- កៅស៊ូរឹតសំរាប់រឹតសំណាញ់ភ្ជាប់មាត់ធុង
- សំលៀកបំពាក់ការពារខ្លួនកុំឲ្យឃ្មុំទិច
- ហាមប្រើផ្សែងភ្លើងជាដាច់ខាត

ខណ:រកឃើញសំបុកឃ្មុំហើយ យើងត្រូវធ្វើយ៉ាងណាឲ្យអាចព្យួរធុងស្ពេត្រូពីខាងក្រោមសំបុកឃ្មុំ ដើម្បីត្រងយកទឹកឃ្មុំបាន ប្រការនេះត្រូវធ្វើដោយប្រយ័ត្នប្រយែងក្នុងករណីដែលវាស្ថិតនៅក្នុងទីមួយខ្ពស់ ។

រកវិធីចងធុងពីក្រោមសំបុកឲ្យជាប់ល្អ បន្ទាប់មកចាប់ផ្តើមបាញ់ទឹកស្ករលើសំបុកឃ្មុំស្រាលៗ រហូតសព្វជុំវិញសំបុក ។ សត្វឃ្មុំពេលត្រូវទឹកស្ករស្អិតវាពុំអាចហើរបានឡើយ សត្វឃ្មុំនឹងធ្លាក់ចូលមកក្នុងធុង ដែលដាក់ត្រងនៅខាងក្រោម ។ ព្យាយាមបាញ់សាចទឹកស្ករលើឃ្មុំរហូតឃ្មុំលែងអាចហើរកើត យើងអាចអារកាត់យកទាំងបង្គងឃ្មុំ ឬយកតែឃ្មុំក៏បាន ។

ឃ្មុំដែលយើងយកបានមកហើយ ត្រូវប្រញាប់រួសរាន់លាយទឹកស្ករ ១ ផ្នែក ទឹកឃ្មុំ ១ ផ្នែកដាក់ក្នុងចានរួចលាបតាមបន្ទះសំបុកសិប្បនិមិត្ត ក្រៅពីនេះដាក់ចានល្បាយទឹកឃ្មុំនៅត្រង់មាត់រន្ធ (កុំឲ្យបិទផ្លូវចេញចូលរបស់រន្ធឲ្យសោះ) ។

ចំពោះឃ្មុំដែលប្រមូលបានមកនោះត្រូវដាក់ចូលទៅក្នុងសំបុកសិប្បនិមិត្ត រួចបន្សល់ខ្លះទៀតឲ្យវាចូលតាមរន្ធពីខាងក្រោមប្រអប់សំបុក បើសិនជាសំណាងល្អ ឃ្មុំនឹងបង្កើតមេមួយថ្មី (ស្តេចញី) តែបើសំណាងគ្មាននោះឃ្មុំនឹងហើរចេញអស់ ឬមិនបង្កើតមេថ្មីឡើយ ។

ហេតុនេះយើងត្រូវតាមដានមើលរាល់ថ្ងៃពី សកម្មភាពរបស់វាសូមកុំបារម្ភពីទឹកស្ករដែលស្អិតជាប់លើខ្លួនវា មិនយូរប៉ុន្មាន គ្នាវានិងបឺតស្រូបយកទឹកស្ករនោះអស់គ្មានសល់ទេ ។ ក្នុងករណីដែលឃ្មុំបានបញ្ចេញមេថ្មី នោះមានន័យថាយើងធ្វើកិច្ចការនេះបានជោគជ័យហើយ ។

ខាងលើនេះគឺគ្រាន់តែជាការសង្ខេបចំពោះការចាប់ផ្តើមចិញ្ចឹមឃ្មុំគ្រាដំបូងប៉ុណ្ណោះ ។

ជីវិតរបស់សត្វឃ្មុំ

អ្វីដែលយើងគួរដឹងជាបឋមមុនពេលចាប់ផ្តើមចិញ្ចឹមឃ្មុំគឺ ជីវិតរស់នៅរបស់សត្វឃ្មុំ ។ សកម្មភាពរបស់សត្វឃ្មុំដែលប្រព្រឹត្តទៅជាប្រចាំថ្ងៃទាំងអស់នេះគឺជាភាពចាំបាច់ណាស់សម្រាប់អ្នកដែលចិញ្ចឹមឃ្មុំ បើយើងមិនបានដឹងពីសត្វនេះនិងជីវិតប្រចាំថ្ងៃរបស់វាទេ នោះការចិញ្ចឹមឃ្មុំរបស់យើងក៏ពុំសូវទទួលបានផលដែរ ។

ឃ្មុំគឺជាសត្វដែលរស់នៅជាហ្វូង អាចមានដល់បីម៉ឺនទៅមួយលានក្បាលឬអាចច្រើនជាងនេះ សម្រាប់ហ្វូងឃ្មុំដែលធំ ។ ទោះបីជាយើងមិនអាចយល់បានទាំងស្រុងនៃសកម្មភាពរបស់វាក៏ពិតមែន ប៉ុន្តែយើងអាចយល់បានថាវាបានធ្វើអ្វីខ្លះហើយពីមួយថ្ងៃទៅមួយថ្ងៃ ។

១- ពួកឃ្មុំសកម្ម : (ពួកអ្នកធ្វើការ)

ភាគច្រើននៃឃ្មុំក្នុងសំបុកគឺពួកអ្នកសកម្ម (អ្នកធ្វើការ) ពួកអ្នកធ្វើការទាំងនេះ អាចមានចំនួនជាច្រើនសែនក្បាល ពួកវាធ្វើការដោយពុំគិតពីតម្លៃរបស់ខ្លួនវាឡើយ គឺអ្វីៗដែលពួកវាធ្វើគឺដើម្បីតែក្រុមហ្វូងនៃសង្គមរបស់វាតែប៉ុណ្ណោះ ។ គ្រប់ឃ្មុំនៅក្នុងសំបុកធ្វើអ្វីៗដើម្បីគ្នាទៅវិញទៅមក អាចនិយាយបានថា ពួកវាគឺជាម៉ាស៊ីនមានជីវិតក៏ថាបាន ពីព្រោះឃ្មុំនិមួយៗមានកិច្ចការត្រូវធ្វើរហូតដល់វាងាប់ ។

ពួកឃ្មុំធ្វើការទាំងនេះ មានកិច្ចការធ្វើទៅតាមអាយុរបស់ពួកវា ។ ពពួកដែលទើបញាស់ថ្មី (ទើបពេញរូបរាង) ត្រូវធ្វើការនៅក្នុងសំបុកដូចជា ផ្តល់ចំណីនិងថែរក្សាកូនឃ្មុំតូចៗ មើលថែរក្សាពង ទទួលយកលំអងផ្កា និងទឹកដមផ្កាមកថែរក្សាទុក ពីពួកឃ្មុំដែលចេញស្វែងរកចំណីនៅក្រៅសំបុក ។ ក្រៅពីកិច្ចការទាំងនេះ ពួកវានៅមានកិច្ចការផ្សេងទៀតដែលត្រូវធ្វើគឺ សំអាតសំបុកនិងមើលការខុសត្រូវជាទូទៅនៃសំបុក ។

សូមបញ្ជាក់ : ពួកវាធ្វើកិច្ចការទាំងនេះក្នុងទីងងឹតសូន្យ, ក្នុងពេលយប់ឬថ្ងៃ ប៉ុន្តែគ្មានពន្លឺចូលដល់ខាងក្នុងនៃសំបុកឡើយ ។

នៅពេលពួកឃ្មុំជំទង់ៗទាំងនេះកាន់តែមានអាយុច្រើន ពួកគេនឹងលែងធ្វើការនៅផ្នែកខាងក្នុងសំបុកហើយ គឺពួកគេនឹងចេញមកធ្វើការនៅផ្នែកមាត់ច្រកចូលសំបុកវិញ ។ ពពួកឃ្មុំធ្វើការទាំងនេះនៅតែបំពេញការងារដូចពេលមុនដដែលគឺ ទទួលយកទឹកដមនិងលំអងផ្កាពីពពួកឃ្មុំដែលបានចេញស្វែងរកពីខាងក្រៅ ។ ក្រៅពីនេះពួកវាត្រូវយាមការពារសំបុក និងលៃធ្វើយ៉ាងណាឲ្យមានខ្យល់ចេញចូលក្នុងសំបុកបាន ។ នៅពេលអាយុរបស់វាចូលដល់សប្តាហ៍ទី ៣ ពួកវានឹងចាប់ផ្តើមរៀនហើរក្រឡឹងជុំវិញសំបុក ដើម្បីពង្រឹងស្លាបរបស់វា រួមទាំងរៀនសំគាល់ពីទីតាំងរបស់សំបុកដែលពួកវារស់នៅ ។ បន្ទាប់ពីស្គាល់ទីតាំងរបស់សំបុកច្បាស់លាស់ហើយ ពួកវានឹងហើរចេញក្រៅសំបុកដើម្បីទៅក្រេបទឹកដមផ្កានិងលំអងផ្កានៅ ទីឆ្ងាយៗរហូតដល់រាប់គីឡូម៉ែត្រពីសំបុកដែលពួកវារស់នៅ វាហើរស្វែងរកផ្កាឈើគ្រប់យ៉ាងទោះនៅទីណាក៏ដោយឲ្យតែពួកវាអាចរកបាន ។ពួកវាធ្វើបែបនេះជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃៗពួកវាហើរចុះពីផ្កាមួយទៅផ្កាមួយរហូតដល់រាប់ពាន់ ផ្កាក្នុងថ្ងៃតែមួយ ។ គឺពពួកឃ្មុំនេះហើយដែលបានជួយធ្វើឲ្យដំណាំគ្រប់យ៉ាងមានផ្លែផ្កា សម្រាប់ចិញ្ចឹមដល់មនុស្សយើង ។

ក្នុងរយៈពេលពីរសប្តាហ៍នៃជីវិតចុងក្រោយរបស់វា វាបានហើរស្វែងរកលំអងផ្កានិងទឹកដមផ្ការហូតដល់ 6400 គីឡូម៉ែត្រ បន្ទាប់ពីការហើរអស់រយៈពេលប៉ុណ្ណឹង ស្លាបរបស់វានឹងសឹករិចរិលលែងអាចហើរឆ្ងាយបានទៀត ។ វានឹងហើរចេញពីសំបុកនេះក៏ព្រោះតែវាលែងមានតម្លៃសម្រាប់ហ្វូងរបស់វានឹងសំបុករបស់វាទៀត បន្តិចក្រោយមកវាក៏ស្លាប់ទៅ នេះគឺជាជីវិតរបស់សត្វឃ្មុំ ។

២- មេឃ្មុំញី : (គេហៅឃ្មុំញីថាជាស្តេចឃ្មុំញី)

ឃ្មុំញីមានរូបរាងខុសពីឃ្មុំទាំងពួងនៅក្នុងសំបុក វាមានមាឌធំជាងគេ ខ្លួនវែងជាងគេ និងគ្មានសម្បុរណ៍ខ្មៅនៅខាងចុងគូថរបស់វាឡើយ ។ ឃ្មុំញីគឺជាម៉ាស៊ីនបង្កើតកូនយ៉ាងអស្ចារ្យ ។ ឃ្មុំញីត្រូវបានជ្រើសរើសតាំងតែពីទើបនៅជាពង ឬនៅជាកូនដង្កូវតូចនៅឡើយ ។

ពពួកឃ្មុំដែលរក្សាសំបុកបានធ្វើការសង្កេតទៅលើពងនិងទៅលើកូនឃ្មុំមួយចំនួន ដើម្បីជ្រើសរើសថាតើពងឬកូនឃ្មុំមួយណាដែលនឹងត្រូវបំប៉នអាហារពិសេសដើម្បីឲ្យក្លាយទៅជាឃ្មុំញីសំរាប់បន្តពូជបន្ត ។ ការជ្រើសរើសរកឃ្មុំញីថ្មី គឺដោយសាកត្តាមួយចំនួនដូចជា ឃ្មុំញីបច្ចុប្បន្នងាប់ដោយប្រការណាមួយ មិនមានសមត្ថភាពផលិតពងបានច្រើន ឬហ្វូងឃ្មុំទាំងនេះនឹងបំបែកខ្លួនទៅបង្កើតសំបុកមួយថ្មីទៀត អាចថាបណ្តាលមកពីកត្តាផ្សេងៗទៀតក៏សឹងមាន ។

យើងអាចសំគាល់ថាជាឃ្មុំញីបានដោយរូបរាងរបស់វា រូបរាងរបស់ឃ្មុំញីគឺ មានពណ៌សម្បុរភ្លាវជាងឃ្មុំធម្មតា ពណ៌បង្កង់ឆ្នូតនៅលើពោះរបស់វាមើលពុំសូវឃើញច្បាស់ កន្លែងសម្គាល់មួយទៀតនោះគឺ នៅលើផ្នែកក្បាលរបស់វាមានទីទំពែកមួយត្រង់ពីក្រោយក្បាល ។

ត្រង់ទីឆកទំពែកនេះគឺជាកន្លែងតែមួយដែលជើងទាំងប្រាំមួយ និងស្លាបបួនរបស់វាដុះចេញមក ។ អ្នកចិញ្ចឹមឃ្មុំភាគច្រើន (ស្ទើរតែទាំងអស់) បានចុចដៅពណ៌សំគាល់ឃ្មុំញីនេះដើម្បីឲ្យងាយស្រួលចំណាំ គេអាចប្រើទឹកថ្នាំលាបក្រចកចុចសំគាល់ត្រង់កន្លែងឆកទំពែកនោះ ធ្វើដូច្នេះគេអាចដឹងថាតើឃ្មុំញីនេះមានសកម្មភាពបែបណា, វាស្លាប់ត្រូវជំនួសដោយមេញីថ្មី ឬវាអាចរស់នៅរហូតដល់ទីបំផុត ។ ការគូសចុចពណ៌សំគាល់នេះក៏ជាទង្វើមួយសំរាប់អ្នកចិញ្ចឹមឃ្មុំដែរ ពីព្រោះគេអាចដឹងថារយៈពេលយូរប៉ុន្មានទៅដែលឃ្មុំញីនេះអាចរស់នៅបាន ។ គេតែងកត់ត្រាទុកពណ៌របស់វា ថ្ងៃវាចាប់ផ្តើមសកម្មភាព ដោយគណនាតាមលេខកូដពីសំបុកមួយទៅសំបុកមួយទៀត បានន័យថាឃ្មុំញីនីមួយៗមានលេខសំគាល់របស់វាទៅតាមពណ៌ ដោយមានសរសេរចុះថ្ងៃ ខែ យ៉ាងច្បាស់លាស់ ។

ឃ្មុំញីជាធម្មតាត្រូវបានគេផ្តល់ឲ្យវានូវអាហារពិសេសម្យ៉ាងហៅថា ហ្គេ្លនដូល្លារ ឬ រ៉ូយ៉ាល់ចែល្លី (Glandular or Royal Jelly) តាំងតែពីនៅជាពងឬកូនឃ្មុំ (រូបជាដង្កូវ) រន្ធរបស់ឃ្មុំញីត្រូវបានបិទការពារដោយពពួកឃ្មុំធ្វើការ និងត្រូវបានការពារយ៉ាងប្រយ័ត្នប្រយែងបំផុតរហូតដល់ ១៦ ថ្ងៃក្រោយមកទើបឃ្មុំញីនេះទម្លុះមាត់រន្ធចេញមកខាងក្រៅ ហើយក្លាយទៅជាស្តេចឃ្មុំញីដោយស្វ័យប្រវត្តិ ។ បន្ទាប់ពីបានចេញពីរន្ធមករួចហើយ ឃ្មុំញីនេះពេញរូបរាងអាចមានសមត្ថភាពដោយគ្នា (បង្កាត់ពូជ) បានក្នុងរវាងតែប៉ុន្មានថ្ងៃបន្ទាប់ប៉ុណ្ណោះ ។

បីថ្ងៃបន្ទាប់ពីចេញពីរន្ធមកឃ្មុំញីនេះនឹងហើរចេញពីសំបុកដោយមានណាត់គ្នាជាមួយឃ្មុំឈ្មោលចំនួនប្រហែលពី ១០ ទៅ ១២ ក្បាល (ឃ្មុំឈ្មោលនេះភាសាអង់គ្លេសហៅថា ដ្រូន (DRONE)) វាបង្កាត់គ្នាជាមួយឃ្មុំឈ្មោលទាំងចំនួន ១០ ឬ ១២ ក្បាលនេះរួចរាល់នៅក្នុងផ្ទៃលំហររួចទើបហើរចូលសំបុកវិញ (សូមបញ្ជាក់ថាវាបង្កាត់គ្នាគឺក្នុងពេលកំពុងតែហើរនេះតែម្តង) ។

តែគួរអនិច្ចាចំពោះឃ្មុំឈ្មោលទាំងនោះ បន្ទាប់ពីបានបង្កាត់រួចនោះប្រដាប់បន្តពូជរបស់វានឹងត្រូវបណ្តាច់ចេញពីខ្លួនរបស់វា បន្ទាប់មកវាក៏ស្លាប់ភ្លាមដែរ ។ ប្រដាប់បន្តពូជនោះមានផ្ទុកទៅដោយមេជីវិតរបស់ឃ្មុំឈ្មោលសំរាប់ការបន្តពូជ ។ ឃ្មុំឈ្មោលដែលបង្កាត់ពូជជាមួយឃ្មុំញីនេះជាបន្តនឹងជួយរុញប្រដាប់ពូជរបស់ឃ្មុំឈ្មោលមុនឲ្យចូលជ្រៅទៅក្នុងថែមទៀត ហើយការនេះចេះបន្តរហូតគ្រប់ចំនួនឃ្មុំឈ្មោលទាំងអស់ដែលឃ្មុំញីបានណាត់ចេញឲ្យទៅបង្កាត់ពូជ ។

ឃ្មុំញីមានកន្សោមបន្តពូជយ៉ាងពិសេសម្យ៉ាង អាចរក្សាមេជីវិតរបស់ឃ្មុំឈ្មោលបានជាច្រើនឆ្នាំទៅមុខរហូតដល់ ប្រាំឆ្នាំ ឃ្មុំញីនេះទៀតសោតអាចបង្កើតពងបានចំនួនពី ១៥០០ ទៅ ២៥០០ ពងក្នុង១ ថ្ងៃ រហូតដល់រយៈពេល ៥ ឆ្នាំដែរ ។

រាល់ពេលដែលឃ្មុំញីរំកិលខ្លួនពីទីមួយទៅទីមួយតែងតែមានពពួកឃ្មុំមួយក្រុមហៅថាអង្គរក្ស (អាមាត្យ) នៅហ៊ុំព័ទ្ធជុំវិញឃ្មុំញីនេះជានិច្ចដើម្បីការពារផ្តល់ចំណីនិងជួយរាល់កិច្ចការរបស់ឃ្មុំញីនោះ មិនតែប៉ុណ្ណោះគឺក្រុមឃ្មុំអាមាត្យ (ជំនួយការពិសេស) ទាំងនេះមានភារៈមួយទៀតគឺជួយបង្ហើរក្លិនរបស់ឃ្មុំញីទៅកាន់គ្រប់ទីកន្លែងនៃសំបុកទាំងមូល ដើម្បីឲ្យឃ្មុំឯទៀតបានស្គាល់និងបើកផ្លូវឲ្យឃ្មុំញីនេះផ្លាស់ប្តូទីកន្លែងបានស្រួល ។ ពួកឃ្មុំជំនួយការពិសេសទាំងនេះមិនត្រឹមតែជួយនូវកិច្ចការរបស់ឃ្មុំញីតែប៉ុណ្ណោះទេ ប៉ុន្តែពួកវានៅបានបបោសអង្អែលថ្នាក់ថ្នមឃ្មុំញីនេះ ។ មានពពួកឃ្មុំធ្វើការមួយចំនួនតែងមានប្រាថ្នាបានប៉ះពាល់ឃ្មុំញីនេះ និងជួយឃ្មុំញីជាបន្ថែមថែមទៀត ដើម្បីឲ្យការផលិតពងរបស់ឃ្មុំញីអាចប្រព្រឹត្តទៅបានដោយគ្មានបញ្ហា ។

៣- ឃ្មុំឈ្មោល
ក្នុងសំបុកឃ្មុំមួយមានឃ្មុំឈ្មោលត្រឹមតែប៉ុន្មានរយប៉ុណ្ណោះ ។ ពពួកឃ្មុំឈ្មោលទាំងនេះពុំមានប្រយោជន៍អ្វីសំខាន់ចំពោះហ្វូងឃ្មុំឡើយ ពួកវាគ្មានធ្វើអ្វីទាំងអស់ ក្រៅតែពីរង់ចាំបង្កាត់ពូជជាមួយឃ្មុំញីក្នុងករណីដែលឃ្មុំញីថ្មីត្រូវបានបង្កើតឡើងក្នុងគ្រាអាសន្នប៉ុណ្ណោះ ។ ពួកឃ្មុំឈ្មោលទាំងនេះពុំមានទ្រនិចសំរាប់ទិចទេ ហើយរូបកាយរបស់ពួកវាក៏ពុំស្អាតគ្មានអនាម័យល្អ ដោយពួកវាដើរចុះឡើងក្នុងសំបុកជាមួយលាមកជាប់ខ្លួន ពពួកឃ្មុំធ្វើការរក្សាសំបុកតែងតែជួយសំអាតតាមក្រោយពួកឃ្មុំឈ្មោលទាំងនោះ និងធានាឲ្យបានថាសំបុកឃ្មុំទាំងមូលគ្មានមេរោគឬអ្វីអាក្រក់កើតឡើងបានឡើយ ។

ពួកឃ្មុំឈ្មោលទាំងនេះមានរូបរាងធំជាងពួក ឃ្មុំដែលជាអ្នកធ្វើការរហូតពីរដងមានរូបកាយធាត់ទ្រលុក មានដុះរោមតាមខ្លួន ។ មានរឿងចម្លែកមួយដែលតែងតែកើតឡើងនារដូវស្លឹកឈើជ្រុះគឺពួកឃ្មុំ ធ្វើការតែងសម្លឹងរកមើលឃ្មុំឈ្មោលណាមួយដែលធាត់ធំជាងគេរួច នាំគ្នាខាំពាំឃ្មុំឈ្មោលនោះទំលាក់ចោលទៅដី ទោះបីឃ្មុំឈ្មោលនោះព្យាយាមហើរត្រឡប់មកចូលក្នុងសំបុកវិញ យ៉ាងណាក៏ដោយ ក៏ពុំអាចចូលវិញបានដែរ វានឹងត្រូវរារាំងដោយពពួកឃ្មុំការពារសំបុកទប់ស្កាត់មិនឲ្យវាចូល មកវិញបានឡើយ ។ បន្ទាប់ពីព្យាយាមចូលមកក្នុងសំបុកវិញមិនបានឃ្មុំឈ្មោលនេះនឹងហើរ ចេញទៅរកសំបុកណាផ្សេងរួចរកណាត់ជួបជាមួយឃ្មុំញីដើម្បីបង្កាត់ ពូជ ។

ឃ្មុំឈ្មោលអាចរស់នៅមានជីវិតបានចំនួនមួយឆ្នាំប៉ុណ្ណោះ ចំណែកពពួកឃ្មុំធ្វើការមានអាយុត្រឹម ៥ សប្តាហ៍ បន្ទាប់មកវានឹងត្រូវស្លាប់ ។

ឥឡូវនេះយើងបានដឹងពីសង្គមជីវិតរបស់ហ្វូងសត្វឃ្មុំហើយ បញ្ហាសំខាន់ជាងគេបំផុតសម្រាប់ឲ្យការចិញ្ចឹមបានទទួលជោគជ័យល្អគឺការសង្កតតាមដានសកម្មភាពរបស់ពពួកឃ្មុំញី ទាំងសកម្មភាពនៅក្នុងនិងក្រៅសំបុករបស់វា (សំបុកយើងធ្វើមិនមែនសំបុកឃ្មុំវាធ្វើទេ) ប្រការដែលយើងបានដឹងពីសកម្មភាពរបស់វាអាចជួយយើងឲ្យកាន់តែយល់ច្បាស់ពីសង្គមរបស់វានិងវិធីរក្សាវា សម្រាប់បន្តពូជទៅមុខទៀត ។

គេបានរកឃើញទឹកឃ្មុំដែលដក់នៅក្នុងគុជទឹក ហើយត្រូវបានគេសន្មត់ថាវាមានអាយុកាលប្រមាណជា ៤៥ លានឆ្នាំមកហើយ តាមការរកឃើញនេះ គេអាចស្មានដឹងថា ឃ្មុំអាចកើតមានតាំងតែពី ២០០ លានឆ្នាំមុនម្ល៉េះ ដូចនេះហ្វូងឃ្មុំបានជួយឲ្យរុក្ខជាតិទាំងឡាយនាគ្រានោះមានផ្លែផ្លា ហើយបន្តធ្វើការងារនេះរហូតមកទល់ពេលបច្ចុប្បន្ននេះទៀត ពួកវាគឺជាអ្នកជួយឲ្យយើងទាំងអស់គ្នារស់រានមានជីវិបាន នោះក៏ព្រោះតែចំការច្បារដំណាំ ស្រូវ និងរុក្ខជាតិផ្សេងៗទៀតឲ្យផលដល់យើងដែលកើតឡើងពីសកម្មភាពរបស់ ឃ្មុំនេះឯង ។

ដូចនេះការជួយចិញ្ចឹមឃ្មុំគឺជាវិធីមួយជួយរួមចំណែកយ៉ាងសំខាន់ដល់វិស័យកសិកម្ម ជួយបង្កើនទិន្នផល ជួយបង្កើនចំណូលដល់កសិករ និងជួយរួមចំណែកឲ្យមនុស្សយើងរស់បានរហូតមកដល់ពេលនេះ បើសិនជាគ្មានពួកវាទេម្ល៉េះសមយើងក៏នឹងពុំមានជីវិតបានដែរ ពីព្រោះតែដំណាំមិនអាចបញ្ចេញផ្លែផ្កាបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ ។

សូមឲ្យគ្រប់គ្នាចាត់ទុកឃ្មុំថាជាអាហាររបស់យើង, ចំនួនឃ្មុំច្រើនកាលណាភោគផលរបស់យើងដូចជាដំណាំនិងឲ្យផលច្រើនឡើងថែមទៀតដែរ ហេតុនេះសូមនាំគ្នាជួយចិញ្ចឹមឃ្មុំឲ្យបានច្រើនឡើង ដើម្បីជាប្រយោជន៍នៃយើងទាំងអស់គ្នា ៕

រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៏ ២០០៨