សង្ខេប៖ នេះជាអាជីវកម្ម រកស៊ី សាងសង់ និនិយោគទុន លើ កំពង់ផែ ទេសចរណ៍ តំបន់ បឹងទន្លេសាប ខេត្ត សៀមរាប។ ប្រភពនៃទំនាស់ គឺមាន ២ ក្រុមហ៊ុន រកស៊ី លើទីតាំង ជាន់គ្នា។ ក្រុមមួយមួយ រកស៊ី នាំភ្ញៀវ មើលប្រាសាទ ក្រុមហ៊ុន មួយទៀត រកស៊ី កសាងកំពង់ផែ ដឹកភ្ញៀវទស្សនាបឹងទន្លេសាប បញ្ហាដែលកើតមាន គឺភ្ញៀវទេសចរណ៍ ធ្វើដំណើរតាម ទូក កាណូត ចង់ទស្សនាមើលប្រាសាទផង មើលប្រជាជនរស់នៅ បឹងទន្លេសាបផង ! ក្រុមហ៊ុន ស៊ូជីង ត្រូវបានតម្រូវឲ្យ វិនិយោគលុយធំក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ លើដី ៥២ ហិចតា ដោយសារត្រូវការ ទុនធំ ខ្លាចរឿង ហានិភ័យ គេសុំ បង្វែរដី រដ្ឋ ទៅជា ដី ក្រុមហ៊ុនវិញ ដូច្នេះ គេមិនវិនិយោគទេ គេគិតតែប្រមូលលុយ ពីការលក់សំបុត្រឲ្យ អ្នកម្ចាស់កាណូតដឹកភ្ញៀវបរទេស ដែលតម្លៃពី ៤០ ទៅ ៦០ ដុល្លា។ ភ្ញៀវគ្មាន ផ្ទះស្នាក់នៅ ពួកគេត្រឡប់ទៅវិញពេល្ងាច នាំឲ្យខាតបង់ចំនូលខេត្ត ! ក្រុមហ៊ុនមួយទៀត បានដី ៧៨ ហិចតា អត់មានចំណាយអីច្រើនទេ គឺ គេយកលុយពី ភ្ញៀវ ១ដុល្លា/ម្នាក់ ខុសពី ស៊ូជី យក តម្លៃ៣ដុល្លា/នាក់....
២០២១ កំពង់ផែទេសចរណ៍នៅតំបន់ ចុងឃ្នៀស ខេត្តសៀមរាប៖ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចលុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបណ្ដាញសៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅថ្ងៃនេះ ដែលមានចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំ៕SRP
២០១៦ ខេត្តសៀមរាប ៖ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៦នេះ មានធ្វើកិច្ចប្រជុំ ក្រុងការងារអន្តរក្រសួង ដើមី្បពិភាក្សាលើគម្រោងវិនិយោគ អភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ របស់ក្រុមហ៊ុន ស៊ីផាក នៅឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង និង គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ របស់ក្រុមហ៊ុន ស៊ូជីង នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប ក្រោមកិច្ចដឹកនាំការប្រជុំរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រី អមប្រតិភូនាយករដ្ឋមន្ត្រី និង ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង អស់លោក លោកស្រីជាមន្ត្រីនៃក្រសួង ថ្នាក់ដឹកនាំមន្ទីរ រួមទាំងអាជ្ញាធរដែនដី មានការពាក់ព័ន្ធផងដែរ ។
តាមការបញ្ជាក់របស់ឯកឧត្តុមបណ្ឌិត ឃឹម ប៊ុនសុង លើកនូវគម្រោង របស់ក្រុមហ៊ុន ស៊ីផាក ដែលទទួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចែងថា សំណើសុំវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និង វប្បធម៌ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង តែក្រុមហ៊ុននេះមិនទាន់បានអនុវត្តនៅឡើយទេតែសូមធ្វើឲ្យប្រសើរឡើងដល់ជីវភាពប្រជាពលរដ្ឋក្នុង តំបន់នោះផង។ ចំពោះគោលការណ៍វិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង ឬ វិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខ័ណ្ឌ តាមរយៈលិខិតរបស់ គណៈកម្មាធិការវិនិយោគកម្ពុជា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីការធ្វើអនុបយោគដីពីទ្រព្យសម្បត្តិរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ លើផ្ទៃដី ៥២ហិកតា នៅតំបន់ចុងឃ្នៀស ក្រុមហ៊ុនស៊ូជីង មិនទាន់បានអនុវត្ត នៅឡើយ រហូតមានការបង្កទំនាស់រវាងក្រុមហ៊ុន ស៊ូជីង និង ក្រុមហ៊ុនស៊ីផាក នៅតំបន់កំពង់ភ្លុង ក្នុងការប្រមូល ចំណូលពីការលក់សំបុត្រ ចូលទស្សនាបឹងទន្លេសាប។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានស្មើដល់ក្រុមការងារអន្តរក្រសួងមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរបឹងទន្លេសាប ក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងអាជ្ញាធរពាក់ ព័ន្ធនិងក្រុមហ៊ុនដើមី្បធ្វើការកំណត់ឲ្យបានច្បាស់នូវទីតាំងវិនិយោគសារជាថ្មីកុំឲ្យមានបញ្ហាប៉ះពាល់ដល់ប្រជាពលរដ្ឋនិងដើមី្ប រៀបចំបែបបទស្នើសុំធ្វើអនុបយោគសារជាថ្មីព្រមទាំងត្រូវរៀបចំនូវការចុះកិច្ចសន្យាសារជាថី្ម ផងដែរ ។
ឆ្លងតាមមតិលើកឡើងរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៃក្រសួង ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ត្រូវបានអង្គប្រជុំ យកនូវលក្ខខ័ណ្ឌសំខាន់ៗ ដាក់បញ្ចូលទៅក្នុងកិច្ចការនេះផងដែរ ។
មានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំពិភាក្សានេះ ចំពោះករណីរបស់ក្រុមហ៊ុន ស៊ីផាក ឯកឧត្តម សុខ ចិន្តាសោភា បានជម្រុញឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទត្រូវពន្លឿនការធ្វើអនុបយោគដីជូនក្រុមហ៊ុនស៊ីផាកលើផ្ទៃដីវិនិយោគ ៧៨ហិកតា ដោយយោងតាមលិខិតលេខ ២៣៥៩ កសកចុះថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០១៦ របស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ា ប៊ុនអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនិងត្រូវបន្តស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្របទៅតាមនីតិវិធីនៃការធ្វើអនុបយោគព្រមទាំងរៀបចំចុះកិច្ចសន្យាផងដែរ។ ឯកឧត្តម សុខ ចិន្តាសោភា បានគូសបញ្ជាក់ថាចំពោះកិច្ចសន្យារបស់ក្រុមហ៊ុនស៊ីផាកគឺត្រូវមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយត្រូវមានការដាក់បញ្ចូល លក្ខខ័ណ្ឌផ្សេងៗ ក្នុងកិច្ចព្រមព្រៀងសំខាន់ការគិតគូរដល់ការគ្រប់គ្រងបរិស្ថានក្នុងការអភិរក្សធនធានធម្មជាតិការពារតំបន់ព្រៃលិចទឹកបង្កើនផលិតផលទេសចរស្របទៅតាមប្រព័ន្ធ អេកូឡូស៊ីនិងអាចធ្វើឲ្យប្រសើរឡើងដល់ជីវភាពប្រជាពលរដ្ឋនិងត្រូវបញ្ចូលនូវកាតព្វកិច្ចបង់ ពន្ធរបស់ក្រុមហ៊ុនស៊ីផាកនិងសើ្នឲ្យអង្គភាពពន្ធដារតើឲ្យក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធអ្វីខ្លះ ដើមី្បធ្វើការបញ្ចូលចំណុចទាំងនោះទៅក្នុងលក្ខខ័ណ្ឌមួយចំនួននៅក្នុងកិច្ចសន្យារបស់ ក្រុមហ៊ុន។ ក្នុងនោះឯកឧត្តមក៏បានពន្លឿនដល់ក្រុមហ៊ុនទាំងពីរត្រូវធ្វើបែបបទសារជាថ្មីដោយមានរៀបចំគម្រោងមេឲ្យបានច្បាស់លាស់ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ
2014 ពលរដ្ឋនៅសៀមរាប បិទផ្លូវទាមទារឲ្យអាជ្ញាធរបញ្ឈប់ក្រុមហ៊ុនលក់សំបុត្រទូកកាណូត ក្រុមហ៊ុនខ្មែរមួយដែលកំពុងប្រកបរបររកកម្រៃពីភ្ញៀវទេសចរ ដែលទៅទស្សនាបឹងទន្លេសាប នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង កំពុងធ្វើឱ្យប្រជាពលរដ្ឋជាអ្នករត់ទូក កាណូតជាច្រើន មានការមិនសប្បាយចិត្ត។
ក្រុមប្រជាពលរដ្ឋដែលរកកម្រៃបានពីការដឹកភ្ញៀវទេសចរទៅទស្សនាបឹងទន្លេសាបដែរ បានចោទប្រកាន់ក្រុមហ៊ុនឈ្មោះ ស៊ូ ជីង (Suo Jing) ថាកំពុងកេងប្រវ័ញ្ចលើពួកគេ ព្រមទាំងធ្វើឱ្យបាត់បង់ភ្ញៀវទេសចរជាបន្តបន្ទាប់។
ប្រជាពលរដ្ឋ និងអ្នកបើកកាណូតដឹកភ្ញៀវទេសចរនៅបឹងទន្លេសាប ឃុំកំពង់ភ្លុក និងឃុំមានជ័យ ស្រុកប្រាសាទបាគង ប្រមាណជាង ១០០នាក់ កំពុងប្រមូលផ្ដុំគ្នាបិទកំណាត់ផ្លូវតវ៉ានៅត្រង់ចំណុចភូមិកំពង់ថ្កូវ ចំនួនពីរថ្ងៃជាប់គ្នាមកហើយ ចាប់តាំងពីថ្ងៃទី២៥ រហូតដល់ទី២៦ ខែកញ្ញា ដោយមិនឱ្យភ្ញៀវទេសចរបរទេស អាចចេញចូលទៅទស្សនាបានទេ។
ក្រុមប្រជាពលរដ្ឋ និងអ្នកបើកកាណូតដឹកភ្ញៀវទេសចរទាំងនោះ ទាមទារឱ្យអាជ្ញាធរខេត្តសៀមរាប បញ្ឈប់កុំឱ្យក្រុមហ៊ុន ស៊ូ ជីង ទៅវិនិយោគនៅតំបន់ពួកគេតទៅទៀត ពីព្រោះគេចោទថា ក្រុមហ៊ុននេះកំពុងគាបសង្កត់សេដ្ឋកិច្ច និងចំណូលដែលបានពីទេសចរណ៍យ៉ាងខ្លាំង មិនឱ្យប្រជាពលរដ្ឋរស់នៅបានសមរម្យទេ។
បុរសម្នាក់ជាអ្នកភូមិត្នោតកំបុត នៃឃុំកំពង់ភ្លុក ក្នុងចំណោមប្រជាពលរដ្ឋតវ៉ាបិទផ្លូវជាច្រើនទៀត គឺលោក អ៊ុន សុផាត។ លោកមានប្រសាសន៍ថា ទាំងរូបលោក និងប្រជាពលរដ្ឋជាច្រើនទៀត ទាមទារឱ្យអាជ្ញាធរខេត្តសៀមរាប និងរដ្ឋាភិបាល បញ្ឈប់ក្រុមហ៊ុន ស៊ូ ជីង កុំឱ្យចូលទៅវិនិយោគផ្នែកទេសចរណ៍នៅតំបន់ពួកគាត់ទៀត។ បុរសដដែលបញ្ជាក់ថា ក្រុមហ៊ុន ស៊ូ ជីង ទើបតែចូលទៅវិនិយោគ ដោយលក់សំបុត្រឱ្យភ្ញៀវទេសចរជិះទូកកាណូតទៅទស្សនាបឹងទន្លេសាប កំពង់ភ្លុក រយៈពេល ៣ខែ ក៏ប៉ុន្តែបានគាបសង្កត់ និងកេងប្រវ័ញ្ចជាច្រើនលើប្រជាពលរដ្ឋ ដែលជាអ្នករកកម្រៃពីទេសចរណ៍ដែរនោះ។
លោក អ៊ុន សុផាត៖ «ស៊ូ ជីង នេះមានឥទ្ធិពលណាស់ ខ្មែរចុះឡើងអី សុទ្ធតែលក់សំបុត្រ ហើយតម្លៃវាមានខ្ពស់ មានតម្លៃធម្មតា ដែលគេលក់។ ថ្ងៃម្សិលមិញ ខ្មែរក៏ដោយ ជនជាតិក៏ដោយ ឱ្យតែភ្ញៀវចាប់ពី ៥នាក់ ៦នាក់ ៧នាក់ចុះមក គេលក់ក្នុងទូកមួយថ្លៃសំបុត្រ ៤០ដុល្លារ ហើយក្នុង ៤០ដុល្លារ គឺម្ចាស់ទូកគ្នាបានតែ ១៧ដុល្លារទេ។ ណាថ្លៃប្រេង ហើយសួរថា ថ្លៃទូកដែលសល់ពី ១៧ដុលា្លរនោះ យកទៅណា? ហើយតើអ្នកណាបានច្រើនជាងអ្នកណា?»។
ស្ត្រីឈ្មោះ ភោគ ម៉ៅ គឺជាអ្នកភូមិគោកក្ដុល នៃឃុំកំពង់ភ្លុក ម្នាក់ទៀតមានប្រសាសន៍ថា រូបគាត់ដែលមានកាណូតដឹកភ្ញៀវទេសចរបរទេសទស្សនាបឹងទន្លេសាប គ្រាន់បានកម្រៃជួយជីវភាពប្រចាំថ្ងៃបន្តិចបន្តួច ក៏ប៉ុន្តែចាប់តាំងពីក្រុមហ៊ុន ស៊ូ ជីង ចូលទៅ គឺកេងយកកម្រៃពីការរកស៊ីនេះ ព្រមទាំងធ្វើឱ្យចំនួនអ្នកទេសចរមិនសូវសម្បូរទៅទស្សនាទៀតទេ។
ស្ត្រីដដែលបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយមានក្រុមហ៊ុនកូរ៉េមួយឈ្មោះ ស៊ីផេក (Seapac) បានទៅវិនិយោគទេសចរណ៍នៅកំពង់ភ្លុក ដោយយកពន្ធពីភ្ញៀវទេសចរបរទេសម្នាក់តែ ១ដុល្លារអាមេរិក ក៏ប៉ុន្តែនៅពេលដែលក្រុមហ៊ុន ស៊ូ ជីង ចូលទៅ គឺយកពន្ធពីភ្ញៀវទេសចរបរទេសម្នាក់ដល់ទៅ ៣ដុល្លារ ហើយថែមទាំងកេងប្រវ័ញ្ចថ្លៃលក់សំបុត្រកាណូតដឹកអ្នកទេសចរទាំងនោះផង។ អ្នកស្រី ភោគ ម៉ៅ បញ្ជាក់ថា គាត់ក៏ដូចជាអ្នកភូមិជាច្រើនទៀត គឺទាមទារឱ្យក្រុមហ៊ុន ស៊ូ ជីង ដកចេញពីតំបន់ពួកគាត់។
អ្នកស្រី ភោគ ម៉ៅ៖ «ខ្ញុំសូមឱ្យបញ្ឈប់ ស៊ូ ជីង នេះចេញ! ព្រោះអីតាំងពីក្រុមហ៊ុន ស៊ូ ជីង នេះចូលមក ធ្វើឱ្យប្រជាជននេះចុះខ្សោយសេដ្ឋកិច្ចទាំងអស់ ទាំងអ្នកអុំទូក ទាំងអ្នកកាណូត។ ក្រុមហ៊ុនលក់សំបុត្រ ៦០ដុល្លារអ៊ីចេះ ឱ្យអ្នកកាណូត ២៥ដុល្លារ ជាន់កយកលុយ។ លក់សំបុត្រថ្លៃទៅភ្ញៀវ គេអត់មក ហ្គាយ (Guide) គេអត់នាំមក ហ្គាយ ស្អប់ក្រុមហ៊ុន ស៊ូ ជីង នេះទាំងអស់។ ហ្គាយ គេថាបើសិនជាបងឯងនៅតែក្រុមហ៊ុន ស៊ូ ជីង នេះកាន់កាប់ទៀត កាណូតរបស់បងរាល់គ្នា មុខតែពុកចោល»។
ការតវ៉ារបស់ប្រជាពលរដ្ឋ និងអ្នកបើកកាណូតនៅឃុំកំពង់ភ្លុក និងឃុំមានជ័យ កើតឡើងបន្ទាប់ពីក្រុមហ៊ុន ស៊ូ ជីង បានផ្អាកទូក និងកាណូតចំនួន ៤៤គ្រឿង មិនឱ្យដាក់វេនដឹកភ្ញៀវទៀតបាន ដោយសារទូក និងកាណូតទាំងនោះ បានដឹកភ្ញៀវខ្មែរទៅទស្សនាបឹងទន្លេសាប នៅរដូវភ្ជុំបិណ្ឌ មិនឆ្លងកាត់ការលក់សំបុត្រពីក្រុមហ៊ុន។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក វ៉ា ឈូដា នាយកក្រុមហ៊ុន ស៊ូ ជីង និងអ្នកគ្រប់គ្រងដទៃទៀត ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ពីប្រជាពលរដ្ឋបានថាយ៉ាងណានៅឡើយ ដោយសារតែទូរស័ព្ទទាំងអស់បានបិទ។
ចំណែកអាជ្ញាធររដ្ឋាភិបាល មិនទាន់ដោះស្រាយរឿងនោះឱ្យបានសមស្របតាមការទាមទាររបស់ប្រជាពលរដ្ឋទេ ថ្វីត្បិតតែអាជ្ញាធរព្យាយាមហៅតំណាងអ្នកភូមិឱ្យជួបប្រជុំជាច្រើនលើក ដោយចង់ឱ្យបើកផ្លូវបានធ្វើដំណើរជាធម្មតាវិញក៏ដោយ។
អភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត មានប្រសាសន៍ថា ចាប់តាំងតែពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា គឺមន្ត្រីខេត្តសៀមរាប សាលាស្រុកប្រាសាទបាគង និងអាជ្ញាធរឃុំកំពង់ភ្លុក កំពុងព្យាយាមដោះស្រាយរឿងនោះ៖ «ប្រហែលជារឿងហ្នឹងមានការភ័ន្តច្រឡំរៀងខ្លួន។ អ៊ីចឹងព្រឹកមិញហ្នឹង ក្រុមការងារដែលក្នុងនោះមានសាលាខេត្ត សាលាស្រុក ហើយនិងមេឃុំ ហើយតំណាងប្រជាពលរដ្ឋចូលរួមដែរព្រឹកមិញ។ គេបានដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ស៊ូ ជីង ហ្នឹង បើសិនជាមានលក្ខណៈត្រូវគ្នាហើយ ប្រហែលជាប្រជាពលរដ្ឋគាត់ចាំមើលអាគោលការណ៍ ដែលមានការឯកភាពគ្នាហ្នឹង តើក្រុមហ៊ុនរៀបចំអនុវត្តតាមដែរឬក៏អត់?»។
២០២១ អ្នកភូមិកំពង់ភ្លុកប្រឈមនឹងបំណុលធនាគារ ក្រោយបាត់ចំណូលពីទេសចរណ៍និងផលនេសាទ សៀមរាប៖ អស់រយៈកាលជាងមួយឆ្នាំមកហើយ ដែលវិស័យទេសចរណ៍ទាំងមូលក្នុងសហគមន៍ឃុំកំពង់ភ្លុក ត្រូវជាប់គាំង ដោយសារវិបត្តិជំងឺកូវីដ-១៩។ កាណូតទូកតូចធំរាប់រយគ្រឿង ដែលធ្លាប់ចល័តដឹកភ្ញៀវទេសចរជាហូរហែ ត្រូវទុកកឿងនៅលើច្រាំង ហើយខ្លះទៀត ត្រូវម្ចាស់ទុកចោល ដោយពុំមានការថែទាំត្រឹមត្រូវ។
ធ្លាប់ជាសហគមន៍ទេសចរណ៍ធម្មជាតិដ៏ពេញនិយម សម្រាប់ការទស្សនាផ្ទះបណ្ដែតទឹក ទស្សនាថ្ងៃលិចនៅបឹងទន្លេសាប សហគមន៍ទេសចរណ៍កំពង់ភ្លុក ដែលស្ថិតនៅប៉ែកលិចក្រុងសៀមរាប មានសភាពស្ងប់ស្ងាត់ជាខ្លាំង។ គ្មានឡើយសំឡេងម៉ាស៊ីនកាណូត ដែលធ្លាប់បំន្លឺសំឡេងខ្ទរខ្ទារ ពេញផ្ទៃបឹងទន្លេសាប។ ទូកទាំងអស់ ចតស្ងៀមនៅតាមមាត់ច្រាំង។
ការធ្វើដំណើរប្រចាំថ្ងៃ គេឃើញមានតែសកម្មភាពប្រជាពលរដ្ឋក្នុងសហគមន៍ ដែលត្រូវឡើងចុះបំពេញវិស័យសេដ្ឋកិច្ចក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ លោក លៃ រៀបរាប់ថា៖« មុនកូវីដ កាណូតនេះ (កាណូតខ្នាតតូច) បាន១៣ដុល្លារ (មួយជើង) មួយថ្ងៃ៣ ទៅ៤ជើង ដល់កូវីដជាង១ឆ្នាំមកនេះ អត់ទេសចរ ចំណូលប្រចាំថ្ងៃយ៉ាប់ ពីមុនសង្ឃឹមមានភ្ញៀវ អត់ចឹង ស្ទះ មិនដឹងរកការងារឯណា មានតែប៉ុណ្ណោះ»។ លោកបន្ថែមថា៖« រាល់ថ្ងៃជួនកាលបានរត់រ៉ឺម៉ក់ដឹកអ្នកភូមិទៅលើ ស៊ីឈ្នួលបិតទូក ទូក១បាន១០ទៅ២០ម៉ឺនដែរ គ្នា២នាក់ បានមួយទប់ៗ»។ឆ្នាំនេះ លោក លៃ ត្រូវជួសជុលកាណូតតូចធំរបស់លោក សរុប៦គ្រឿង ដែលក្នុងកាណូតមួយគ្រឿងត្រូវចំណាយថវិកាប្រមាណ១លានរៀល។ វាកាន់តែពិបាកសម្រាប់លោក លៃ ក៏ដូចជាសហគមន៍កាណូតទូកទេសចរណ៍នៅឃុំកំពង់ភ្លុកទាំងមូល ដែលគ្មានចំណូលពីវិស័យនេះហើយ តែត្រូវចំណាយលើការថែទាំទូក ដែលវានឹងខូចទាំងគ្រឿងម៉ាស៊ីន និងក្ដារ។
រីឯអ្នកអុំទូកខ្នាតតូច អ្នកនាង ភឹម តុលា ក៏បាត់ចំណូលប្រចាំថ្ងៃដែលធ្លាប់រកបានពីការដឹកទេសចរទស្សនាដើមរាំងក្នុងសហគមន៍ឃុំកំពង់ភ្លុកនេះដែរ។ កំពុងអង្គុយឆារខ្យងជាម្ហូបសម្រាប់ថ្ងៃរសៀល អ្នកនាង តុលា រៀបរាប់ថា ស្រ្ដីក្នុងភូមិភាគច្រើន ពឹងលើចំណូលបន្ថែមពីការអុំទូកនេះ។ ពីមុន ស្រ្ដីរូបនេះ អាចរកបានក្នុងមួយថ្ងៃ ចាប់ពី២ដុល្លារសម្រាប់ដឹកភ្ញៀវទស្សនាដើមរាំងមួយជុំ ដែលមានរយៈពេល៣០នាទី ហើយថ្ងៃខ្លះអាចរកបានច្រើនជាងនេះ អាស្រ័យលើលុយធីបដែលភ្ញៀវហុចឱ្យ។ អ្នកនាង តុលា បន្ថែមថា៖« យើងអុំតែខែវស្សាទេ ក្នុងមួយរដូវអ៊ីចឹង អាចនៅសល់ជាង១ពាន់ដុល្លារដែរ»។ មិនរំពឹងថាវិស័យទេសចរណ៍អាចងើបវិញឆាប់ៗក្ដី តែអ្នកនាង តុលា មានសង្ឃឹមថា នឹងអាចមានភ្ញៀវទេសចរចូលមកកម្សាន្តក្នុងសហគមន៍ឡើងវិញ ព្រោះវិស័យនេះបានជួយសេដ្ឋកិច្ចសហគមន៍អ្នកនាងបានមួយផ្នែកធំ។ជាមួយនឹងផលនេសាទធ្លាក់ចុះ ពិសេសក្នុងរដូវប្រាំងដែលទឹកនៅសល់តិចតួចបែបនេះ វាកាន់តែលំបាកទៀតសម្រាប់សហគមន៍ជាប់បឹងទន្លេសាបមួយនេះ។ នេះជារៀបរាប់របស់លោក សុខ ប្លង់ ដោយបន្ថែមថា ឃុំកំពង់ភ្លុក មាន៣ភូមិ គឺភូមិត្នោតកំបុត ភូមិដីក្រហម និងភូមិគោកក្ដុល មាន ៩៨៤គ្រួសារ និងជិត៤ពាន់នាក់ គិតត្រឹមខែ ឧសភា ឆ្នាំ២០២១។ យោងតាមស្ថិតិរបស់រដ្ឋបាលឃុំកំពង់ភ្លុក ពលរដ្ឋក្នុងភូមិសាស្រ្ដនេះ ៦៥ភាគរយមានរបរនេសាទ ៣០ភាគរយមានរបរក្នុងវិស័យទេសចរណ៍ និង៥ភាគរយ ជាជាងជួសជុលនិងលក់ដូរ។ សហគមន៍នេះ មានកាណូតទេសចរណ៍សរុប ៨០០គ្រឿង។