Tuesday, August 10, 2021

កំពង់ផែ ចុងឃ្នៀស

សង្ខេប៖ នេះជាអាជីវកម្ម រកស៊ី សាងសង់ និនិយោគទុន លើ កំពង់ផែ ទេសចរណ៍ តំបន់ បឹងទន្លេសាប ខេត្ត សៀមរាប។ ប្រភពនៃទំនាស់ គឺមាន ២ ក្រុមហ៊ុន រកស៊ី លើទីតាំង ជាន់គ្នា។ ក្រុមមួយមួយ រកស៊ី នាំភ្ញៀវ មើលប្រាសាទ ក្រុមហ៊ុន មួយទៀត រកស៊ី កសាងកំពង់ផែ ដឹកភ្ញៀវទស្សនាបឹងទន្លេសាប បញ្ហាដែលកើតមាន គឺភ្ញៀវទេសចរណ៍ ធ្វើដំណើរតាម ទូក កាណូត ចង់ទស្សនាមើលប្រាសាទផង មើលប្រជាជនរស់នៅ បឹងទន្លេសាបផង !  ក្រុមហ៊ុន ស៊ូជីង ត្រូវបានតម្រូវឲ្យ វិនិយោគលុយធំក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ លើដី ៥២ ហិចតា ដោយសារ​ត្រូវការ ទុនធំ ខ្លាចរឿង ហានិភ័យ គេសុំ បង្វែរដី រដ្ឋ ទៅជា ដី ក្រុមហ៊ុនវិញ ដូច្នេះ គេមិនវិនិយោគទេ គេគិតតែប្រមូលលុយ ពីការលក់សំបុត្រឲ្យ អ្នកម្ចាស់កាណូតដឹកភ្ញៀវបរទេស ដែលតម្លៃពី ៤០ ទៅ ៦០ ដុល្លា។ ភ្ញៀវគ្មាន ផ្ទះស្នាក់នៅ ពួកគេត្រឡប់ទៅវិញពេល្ងាច នាំឲ្យខាតបង់ចំនូលខេត្ត ! ក្រុមហ៊ុនមួយទៀត បានដី ៧៨ ហិចតា អត់មានចំណាយអីច្រើនទេ គឺ គេយកលុយពី ភ្ញៀវ ១ដុល្លា/ម្នាក់ ខុសពី ស៊ូជី យក តម្លៃ​៣ដុល្លា/នាក់....

២០២១ កំពង់ផែទេសចរណ៍នៅតំបន់ ចុងឃ្នៀស ខេត្តសៀមរាប៖ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចលុបគោល​ការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបណ្ដាញសៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅថ្ងៃនេះ ដែលមានចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំ៕SRP

២០១៦ ខេត្តសៀមរាប ៖ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៦នេះ មានធ្វើកិច្ចប្រជុំ ក្រុងការងារអន្តរក្រសួង  ដើមី្បពិភាក្សាលើគម្រោងវិនិយោគ អភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ   របស់ក្រុមហ៊ុន ស៊ីផាក នៅឃុំកំពុងភ្លុក ស្រុកប្រាសាទ​បាគង និង គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ របស់ក្រុមហ៊ុន ស៊ូជីង នៅតំបន់​ចុងឃ្នៀស ក្រុងសៀមរាប  ក្រោមកិច្ចដឹកនាំការប្រជុំរបស់ឯកឧត្តម សុខ ចិន្តាសោភា  រដ្ឋមន្ត្រី អមប្រតិភូនាយករដ្ឋមន្ត្រី និង ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការ​អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង អស់លោក លោកស្រីជាមន្ត្រីនៃក្រសួង ថ្នាក់ដឹកនាំមន្ទីរ  រួមទាំងអាជ្ញាធរដែនដី មានការ​ពាក់ព័ន្ធផងដែរ  ។

តាមការបញ្ជាក់របស់ឯកឧត្តុមបណ្ឌិត ឃឹម ប៊ុនសុង  លើកនូវគម្រោង របស់ក្រុមហ៊ុន ស៊ីផាក ដែលទទួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចែងថា សំណើសុំវិនិយោគអភិវឌ្ឍន៍​តំបន់ទេសចរណ៍ធម្មជាតិ និង វប្បធម៌ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង  តែក្រុមហ៊ុន​នេះមិនទាន់បានអនុវត្តនៅឡើយទេតែសូមធ្វើឲ្យប្រសើរឡើងដល់ជីវភាពប្រជាពលរដ្ឋក្នុង តំបន់នោះផង។ ចំពោះគោលការណ៍វិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង ឬ វិញ្ញាបនប័ត្រចុះបញ្ជី​មានលក្ខខ័ណ្ឌ   តាមរយៈលិខិតរបស់ គណៈកម្មាធិការវិនិយោគកម្ពុជា និង ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ស្តីពីការធ្វើអនុបយោគដីពីទ្រព្យសម្បត្តិរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជន​របស់រដ្ឋ លើផ្ទៃដី ៥២ហិកតា នៅតំបន់ចុងឃ្នៀស ក្រុមហ៊ុនស៊ូជីង មិនទាន់បានអនុវត្ត នៅ​ឡើយ រហូតមានការបង្កទំនាស់រវាងក្រុមហ៊ុន ស៊ូជីង និង ក្រុមហ៊ុនស៊ីផាក នៅតំបន់កំពង់​ភ្លុង  ក្នុងការប្រមូល ចំណូលពីការលក់សំបុត្រ ចូលទស្សនាបឹងទន្លេសាប។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានស្មើដល់ក្រុមការងារអន្តរក្រសួងមានក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរបឹងទន្លេសាប ក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងអាជ្ញាធរពាក់ ព័ន្ធនិងក្រុមហ៊ុនដើមី្បធ្វើការកំណត់​ឲ្យបានច្បាស់នូវទីតាំងវិនិយោគសារជាថ្មីកុំឲ្យមានបញ្ហាប៉ះពាល់ដល់ប្រជាពលរដ្ឋនិងដើមី្ប រៀបចំបែបបទស្នើសុំធ្វើអនុបយោគសារជាថ្មីព្រមទាំងត្រូវរៀបចំនូវការចុះកិច្ចសន្យាសារជាថី្ម ផងដែរ ។

ឆ្លងតាមមតិលើកឡើងរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៃក្រសួង ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ត្រូវបានអង្គប្រជុំ យកនូវលក្ខខ័ណ្ឌសំខាន់ៗ ដាក់បញ្ចូលទៅ​ក្នុងកិច្ចការនេះផងដែរ ។

មានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំពិភាក្សានេះ ចំពោះករណីរបស់ក្រុមហ៊ុន ស៊ីផាក  ឯកឧត្តម សុខ ចិន្តាសោភា បានជម្រុញឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទត្រូវ​ពន្លឿនការធ្វើអនុបយោគដីជូនក្រុមហ៊ុនស៊ីផាកលើផ្ទៃដីវិនិយោគ ៧៨ហិកតា ដោយយោង​តាមលិខិតលេខ ២៣៥៩ កសកចុះថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០១៦ របស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ា ប៊ុនអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនិងត្រូវបន្តស្នើសុំទៅក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុស្របទៅតាមនីតិវិធីនៃការធ្វើអនុបយោគព្រមទាំងរៀបចំចុះកិច្ចសន្យា​ផងដែរ។ ឯកឧត្តម សុខ ចិន្តាសោភា បានគូសបញ្ជាក់ថាចំពោះកិច្ចសន្យារបស់ក្រុមហ៊ុន​ស៊ី​ផាកគឺត្រូវមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយត្រូវមានការដាក់បញ្ចូល លក្ខខ័ណ្ឌផ្សេងៗ ក្នុងកិច្ចព្រមព្រៀងសំខាន់ការគិតគូរដល់ការគ្រប់គ្រងបរិស្ថានក្នុងការ​អភិរក្សធនធានធម្មជាតិការពារតំបន់ព្រៃលិចទឹកបង្កើនផលិតផលទេសចរស្របទៅតាមប្រព័ន្ធ អេកូឡូស៊ីនិងអាចធ្វើឲ្យប្រសើរឡើងដល់ជីវភាពប្រជាពលរដ្ឋនិងត្រូវបញ្ចូលនូវកាតព្វកិច្ចបង់ ពន្ធរបស់ក្រុមហ៊ុនស៊ីផាកនិងសើ្នឲ្យអង្គភាពពន្ធដារតើឲ្យក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធអ្វីខ្លះ ដើមី្បធ្វើការបញ្ចូលចំណុចទាំងនោះទៅក្នុងលក្ខខ័ណ្ឌមួយចំនួននៅក្នុងកិច្ចសន្យារបស់ ក្រុមហ៊ុន។ ក្នុងនោះឯកឧត្តមក៏បានពន្លឿនដល់ក្រុមហ៊ុនទាំងពីរត្រូវធ្វើបែបបទសារជាថ្មី​ដោយមានរៀបចំគម្រោងមេឲ្យបានច្បាស់លាស់ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

2014 ពលរដ្ឋ​នៅ​សៀមរាប ​បិទ​ផ្លូវ​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​លក់​សំបុត្រ​ទូក​កាណូត ក្រុមហ៊ុន​ខ្មែរ​មួយ​ដែល​កំពុង​ប្រកប​របរ​រក​កម្រៃ​ពី​ភ្ញៀវ​ទេសចរ ដែល​ទៅ​ទស្សនា​បឹង​ទន្លេសាប នៅ​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប និង​នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​រត់​ទូក កាណូត​ជាច្រើន មាន​ការ​មិន​សប្បាយ​ចិត្ត។

ក្រុម​ប្រជាពលរដ្ឋ​ដែល​រក​កម្រៃ​បាន​ពី​ការ​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​បឹង​ទន្លេសាប​ដែរ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ឈ្មោះ ស៊ូ ជីង (Suo Jing) ថា​កំពុង​កេង​ប្រវ័ញ្ច​លើ​ពួក​គេ ព្រម​ទាំង​ធ្វើ​ឱ្យ​បាត់​បង់​ភ្ញៀវ​ទេសចរ​ជា​បន្តបន្ទាប់។

ប្រជាពលរដ្ឋ និង​អ្នក​បើក​កាណូត​ដឹក​ភ្ញៀវ​ទេសចរ​នៅ​បឹង​ទន្លេសាប ឃុំ​កំពង់ភ្លុក និង​ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ប្រមាណ​ជាង ១០០​នាក់ កំពុង​ប្រមូល​ផ្ដុំ​គ្នា​បិទ​កំណាត់​ផ្លូវ​តវ៉ា​នៅ​ត្រង់​ចំណុច​ភូមិ​កំពង់ថ្កូវ ចំនួន​ពីរ​ថ្ងៃ​ជាប់​គ្នា​មក​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ទី​២៦ ខែ​កញ្ញា ដោយ​មិន​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស អាច​ចេញ​ចូល​ទៅ​ទស្សនា​បាន​ទេ។

ក្រុម​ប្រជាពលរដ្ឋ និង​អ្នក​បើក​កាណូត​ដឹក​ភ្ញៀវ​ទេសចរ​ទាំង​នោះ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប បញ្ឈប់​កុំ​ឱ្យ​ក្រុមហ៊ុន ស៊ូ ជីង ទៅ​វិនិយោគ​នៅ​តំបន់​ពួក​គេ​ត​ទៅ​ទៀត ពីព្រោះ​គេ​ចោទ​ថា ក្រុមហ៊ុន​នេះ​កំពុង​គាប​សង្កត់​សេដ្ឋកិច្ច និង​ចំណូល​ដែល​បាន​ពី​ទេសចរណ៍​យ៉ាង​ខ្លាំង មិន​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សមរម្យ​ទេ។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​ត្នោតកំបុត នៃ​ឃុំ​កំពង់ភ្លុក ក្នុង​ចំណោម​ប្រជាពលរដ្ឋ​តវ៉ា​បិទ​ផ្លូវ​ជាច្រើន​ទៀត គឺ​លោក អ៊ុន សុផាត។ លោក​មាន​ប្រសាសន៍​ថា ទាំង​រូប​លោក និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋាភិបាល បញ្ឈប់​ក្រុមហ៊ុន ស៊ូ ជីង កុំ​ឱ្យ​ចូល​ទៅ​វិនិយោគ​ផ្នែក​ទេសចរណ៍​នៅ​តំបន់​ពួក​គាត់​ទៀត។ បុរស​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន ស៊ូ ជីង ទើប​តែ​ចូល​ទៅ​វិនិយោគ ដោយ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​ជិះ​ទូក​កាណូត​ទៅ​ទស្សនា​បឹង​ទន្លេសាប កំពង់ភ្លុក រយៈពេល ៣​ខែ ក៏ប៉ុន្តែ​បាន​គាប​សង្កត់ និង​កេង​ប្រវ័ញ្ច​ជាច្រើន​លើ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​រក​កម្រៃ​ពី​ទេសចរណ៍​ដែរ​នោះ។

លោក អ៊ុន សុផាត៖ «ស៊ូ ជីង នេះ​មាន​ឥទ្ធិពល​ណាស់ ខ្មែរ​ចុះ​ឡើង​អី សុទ្ធ​តែ​លក់​សំបុត្រ ហើយ​តម្លៃ​វា​មាន​ខ្ពស់ មាន​តម្លៃ​ធម្មតា ដែល​គេ​លក់។ ថ្ងៃ​ម្សិលមិញ ខ្មែរ​ក៏ដោយ ជនជាតិ​ក៏ដោយ ឱ្យ​តែ​ភ្ញៀវ​ចាប់​ពី ៥​នាក់ ៦​នាក់ ៧​នាក់​ចុះ​មក គេ​លក់​ក្នុង​ទូក​មួយ​ថ្លៃ​សំបុត្រ ៤០​ដុល្លារ ហើយ​ក្នុង ៤០​ដុល្លារ គឺ​ម្ចាស់​ទូក​គ្នា​បាន​តែ ១៧​ដុល្លារ​ទេ។ ណា​ថ្លៃ​ប្រេង ហើយ​សួរ​ថា ថ្លៃ​ទូក​ដែល​សល់​ពី ១៧​ដុលា្លរ​នោះ យក​ទៅ​ណា? ហើយ​តើ​អ្នក​ណា​បាន​ច្រើន​ជាង​អ្នក​ណា?»។

ស្ត្រី​ឈ្មោះ ភោគ ម៉ៅ គឺ​ជា​អ្នក​ភូមិ​គោកក្ដុល នៃ​ឃុំ​កំពង់ភ្លុក ម្នាក់​ទៀត​មាន​ប្រសាសន៍​ថា រូប​គាត់​ដែល​មាន​កាណូត​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ទស្សនា​បឹង​ទន្លេសាប គ្រាន់​បាន​កម្រៃ​ជួយ​ជីវភាព​ប្រចាំ​ថ្ងៃ​បន្តិចបន្តួច ក៏ប៉ុន្តែ​ចាប់​តាំង​ពី​ក្រុមហ៊ុន ស៊ូ ជីង ចូល​ទៅ គឺ​កេង​យក​កម្រៃ​ពី​ការ​រក​ស៊ី​នេះ ព្រម​ទាំង​ធ្វើ​ឱ្យ​ចំនួន​អ្នក​ទេសចរ​មិន​សូវ​សម្បូរ​ទៅ​ទស្សនា​ទៀត​ទេ។

ស្ត្រី​ដដែល​បញ្ជាក់​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​មាន​ក្រុមហ៊ុន​កូរ៉េ​មួយ​ឈ្មោះ ស៊ីផេក (Seapac) បាន​ទៅ​វិនិយោគ​ទេសចរណ៍​នៅ​កំពង់ភ្លុក ដោយ​យក​ពន្ធ​ពី​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​តែ ១​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន ស៊ូ ជីង ចូល​ទៅ គឺ​យក​ពន្ធ​ពី​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​ដល់​ទៅ ៣​ដុល្លារ ហើយ​ថែម​ទាំង​កេង​ប្រវ័ញ្ច​ថ្លៃ​លក់​សំបុត្រ​កាណូត​ដឹក​អ្នក​ទេសចរ​ទាំង​នោះ​ផង។ អ្នកស្រី ភោគ ម៉ៅ បញ្ជាក់​ថា គាត់​ក៏ដូចជា​អ្នក​ភូមិ​ជាច្រើន​ទៀត គឺ​ទាមទារ​ឱ្យ​ក្រុមហ៊ុន ស៊ូ ជីង ដក​ចេញ​ពី​តំបន់​ពួក​គាត់។

អ្នកស្រី ភោគ ម៉ៅ៖ «ខ្ញុំ​សូម​ឱ្យ​បញ្ឈប់ ស៊ូ ជីង នេះ​ចេញ! ព្រោះ​អី​តាំង​ពី​ក្រុមហ៊ុន ស៊ូ ជីង នេះ​ចូល​មក ធ្វើ​ឱ្យ​ប្រជាជន​នេះ​ចុះ​ខ្សោយ​សេដ្ឋកិច្ច​ទាំងអស់ ទាំង​អ្នក​អុំទូក ទាំង​អ្នក​កាណូត។ ក្រុមហ៊ុន​លក់​សំបុត្រ ៦០​ដុល្លារ​អ៊ីចេះ ឱ្យ​អ្នក​កាណូត ២៥​ដុល្លារ ជាន់​ក​យក​លុយ។ លក់​សំបុត្រ​ថ្លៃ​ទៅ​ភ្ញៀវ គេ​អត់​មក ហ្គាយ (Guide) គេ​អត់​នាំ​មក ហ្គាយ ស្អប់​ក្រុមហ៊ុន ស៊ូ ជីង នេះ​ទាំងអស់។ ហ្គាយ គេ​ថា​បើ​សិន​ជា​បង​ឯង​នៅ​តែ​ក្រុមហ៊ុន ស៊ូ ជីង នេះ​កាន់​កាប់​ទៀត កាណូត​របស់​បង​រាល់​គ្នា មុខ​តែ​ពុក​ចោល»។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ និង​អ្នក​បើក​កាណូត​នៅ​ឃុំ​កំពង់ភ្លុក និង​ឃុំ​មានជ័យ កើត​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន ស៊ូ ជីង បាន​ផ្អាក​ទូក និង​កាណូត​ចំនួន ៤៤​គ្រឿង មិន​ឱ្យ​ដាក់​វេន​ដឹក​ភ្ញៀវ​ទៀត​បាន ដោយសារ​ទូក និង​កាណូត​ទាំង​នោះ បាន​ដឹក​ភ្ញៀវ​ខ្មែរ​ទៅ​ទស្សនា​បឹង​ទន្លេសាប នៅ​រដូវ​ភ្ជុំបិណ្ឌ មិន​ឆ្លង​កាត់​ការ​លក់​សំបុត្រ​ពី​ក្រុមហ៊ុន។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក វ៉ា ឈូដា នាយក​ក្រុមហ៊ុន ស៊ូ ជីង និង​អ្នក​គ្រប់គ្រង​ដទៃ​ទៀត ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​ទូរស័ព្ទ​ទាំងអស់​បាន​បិទ។

ចំណែក​អាជ្ញាធរ​រដ្ឋាភិបាល មិន​ទាន់​ដោះស្រាយ​រឿង​នោះ​ឱ្យ​បាន​សមស្រប​តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ទេ ថ្វី​ត្បិត​តែ​អាជ្ញាធរ​ព្យាយាម​ហៅ​តំណាង​អ្នក​ភូមិ​ឱ្យ​ជួប​ប្រជុំ​ជាច្រើន​លើក ដោយ​ចង់​ឱ្យ​បើក​ផ្លូវ​បាន​ធ្វើ​ដំណើរ​ជា​ធម្មតា​វិញ​ក៏ដោយ។

អភិបាល​ស្រុក​ប្រាសាទបាគង លោក ភូ សំអាត មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា គឺ​មន្ត្រី​ខេត្ត​សៀមរាប សាលា​ស្រុក​ប្រាសាទបាគង និង​អាជ្ញាធរ​ឃុំ​កំពង់ភ្លុក កំពុង​ព្យាយាម​ដោះស្រាយ​រឿង​នោះ៖ «ប្រហែល​ជា​រឿង​ហ្នឹង​មាន​ការ​ភ័ន្តច្រឡំ​រៀង​ខ្លួន។ អ៊ីចឹង​ព្រឹក​មិញ​ហ្នឹង ក្រុម​ការងារ​ដែល​ក្នុង​នោះ​មាន​សាលា​ខេត្ត សាលា​ស្រុក ហើយ​និង​មេ​ឃុំ ហើយ​តំណាង​ប្រជាពលរដ្ឋ​ចូលរួម​ដែរ​ព្រឹក​មិញ។ គេ​បាន​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ស៊ូ ជីង ហ្នឹង បើ​សិន​ជា​មាន​លក្ខណៈ​ត្រូវ​គ្នា​ហើយ ប្រហែល​ជា​ប្រជាពលរដ្ឋ​គាត់​ចាំ​មើល​អា​គោលការណ៍ ដែល​មាន​ការ​ឯកភាព​គ្នា​ហ្នឹង តើ​ក្រុមហ៊ុន​រៀបចំ​អនុវត្ត​តាម​ដែរ​ឬ​ក៏​អត់?»។

២០២១ អ្នកភូមិកំពង់ភ្លុកប្រឈមនឹងបំណុលធនាគារ ក្រោយបាត់ចំណូលពីទេសចរណ៍និងផលនេសាទ សៀមរាប៖ អស់រយៈកាលជាងមួយឆ្នាំមកហើយ ដែលវិស័យទេសចរណ៍ទាំងមូលក្នុងសហគមន៍ឃុំកំពង់ភ្លុក ត្រូវជាប់គាំង ដោយសារវិបត្តិជំងឺកូវីដ-១៩។ កាណូតទូកតូចធំរាប់រយគ្រឿង ដែលធ្លាប់ចល័តដឹកភ្ញៀវទេសចរជាហូរហែ ត្រូវទុកកឿងនៅលើច្រាំង ហើយខ្លះទៀត ត្រូវម្ចាស់ទុកចោល ដោយពុំមានការថែទាំត្រឹមត្រូវ។

ធ្លាប់ជាសហគមន៍ទេសចរណ៍ធម្មជាតិដ៏ពេញនិយម សម្រាប់ការទស្សនាផ្ទះបណ្ដែតទឹក ទស្សនាថ្ងៃលិចនៅបឹងទន្លេសាប សហគមន៍ទេសចរណ៍កំពង់ភ្លុក ដែលស្ថិតនៅប៉ែកលិចក្រុងសៀមរាប មានសភាពស្ងប់ស្ងាត់ជាខ្លាំង។ គ្មានឡើយសំឡេងម៉ាស៊ីនកាណូត ដែលធ្លាប់បំន្លឺសំឡេងខ្ទរខ្ទារ ពេញផ្ទៃបឹងទន្លេសាប។ ទូកទាំងអស់ ចតស្ងៀមនៅតាមមាត់ច្រាំង។

ការធ្វើដំណើរប្រចាំថ្ងៃ គេឃើញមានតែសកម្មភាពប្រជាពលរដ្ឋក្នុងសហគមន៍ ដែលត្រូវឡើងចុះបំពេញវិស័យសេដ្ឋកិច្ចក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ លោក លៃ រៀបរាប់ថា៖« មុនកូវីដ កាណូតនេះ (កាណូតខ្នាតតូច) បាន១៣ដុល្លារ (មួយជើង) មួយថ្ងៃ៣ ទៅ៤ជើង ដល់កូវីដជាង១ឆ្នាំមកនេះ អត់ទេសចរ ចំណូលប្រចាំថ្ងៃយ៉ាប់ ពីមុនសង្ឃឹមមានភ្ញៀវ  អត់ចឹង ស្ទះ មិនដឹងរកការងារឯណា មានតែប៉ុណ្ណោះ»។ លោកបន្ថែមថា៖« រាល់ថ្ងៃជួនកាលបានរត់រ៉ឺម៉ក់ដឹកអ្នកភូមិទៅលើ ស៊ីឈ្នួលបិតទូក ទូក១បាន១០ទៅ២០ម៉ឺនដែរ គ្នា២នាក់ បានមួយទប់ៗ»។ឆ្នាំនេះ លោក លៃ ត្រូវជួសជុលកាណូតតូចធំរបស់លោក សរុប៦គ្រឿង ដែលក្នុងកាណូតមួយគ្រឿងត្រូវចំណាយថវិកាប្រមាណ១លានរៀល។ វាកាន់តែពិបាកសម្រាប់លោក លៃ ក៏ដូចជាសហគមន៍កាណូតទូកទេសចរណ៍នៅឃុំកំពង់ភ្លុកទាំងមូល ដែលគ្មានចំណូលពីវិស័យនេះហើយ តែត្រូវចំណាយលើការថែទាំទូក ដែលវានឹងខូចទាំងគ្រឿងម៉ាស៊ីន និងក្ដារ។

 រីឯអ្នកអុំទូកខ្នាតតូច អ្នកនាង ភឹម តុលា ក៏បាត់ចំណូលប្រចាំថ្ងៃដែលធ្លាប់រកបានពីការដឹកទេសចរទស្សនាដើមរាំងក្នុងសហគមន៍ឃុំកំពង់ភ្លុកនេះដែរ។ កំពុងអង្គុយឆារខ្យងជាម្ហូបសម្រាប់ថ្ងៃរសៀល អ្នកនាង តុលា រៀបរាប់ថា ស្រ្ដីក្នុងភូមិភាគច្រើន ពឹងលើចំណូលបន្ថែមពីការអុំទូកនេះ។ ពីមុន ស្រ្ដីរូបនេះ អាចរកបានក្នុងមួយថ្ងៃ ចាប់ពី២ដុល្លារសម្រាប់ដឹកភ្ញៀវទស្សនាដើមរាំងមួយជុំ ដែលមានរយៈពេល៣០នាទី ហើយថ្ងៃខ្លះអាចរកបានច្រើនជាងនេះ អាស្រ័យលើលុយធីបដែលភ្ញៀវហុចឱ្យ។ អ្នកនាង តុលា បន្ថែមថា៖« យើងអុំតែខែវស្សាទេ ក្នុងមួយរដូវអ៊ីចឹង អាចនៅសល់ជាង១ពាន់ដុល្លារដែរ»។ មិនរំពឹងថាវិស័យទេសចរណ៍អាចងើបវិញឆាប់ៗក្ដី តែអ្នកនាង តុលា មានសង្ឃឹមថា នឹងអាចមានភ្ញៀវទេសចរចូលមកកម្សាន្តក្នុងសហគមន៍ឡើងវិញ ព្រោះវិស័យនេះបានជួយសេដ្ឋកិច្ចសហគមន៍អ្នកនាងបានមួយផ្នែកធំ។ជាមួយនឹងផលនេសាទធ្លាក់ចុះ ពិសេសក្នុងរដូវប្រាំងដែលទឹកនៅសល់តិចតួចបែបនេះ វាកាន់តែលំបាកទៀតសម្រាប់សហគមន៍ជាប់បឹងទន្លេសាបមួយនេះ។ នេះជារៀបរាប់របស់លោក សុខ ប្លង់ ដោយបន្ថែមថា ឃុំកំពង់ភ្លុក មាន៣ភូមិ គឺភូមិត្នោតកំបុត ភូមិដីក្រហម និងភូមិគោកក្ដុល មាន ៩៨៤គ្រួសារ និងជិត៤ពាន់នាក់  គិតត្រឹមខែ ឧសភា ឆ្នាំ២០២១។ យោងតាមស្ថិតិរបស់រដ្ឋបាលឃុំកំពង់ភ្លុក ពលរដ្ឋក្នុងភូមិសាស្រ្ដនេះ ៦៥ភាគរយមានរបរនេសាទ ៣០ភាគរយមានរបរក្នុងវិស័យទេសចរណ៍ និង៥ភាគរយ ជាជាងជួសជុលនិងលក់ដូរ។ សហគមន៍នេះ មានកាណូតទេសចរណ៍សរុប ៨០០គ្រឿង។