ខ្ញុំចងក្រងឯកសារនេះ ដោយសិក្សាទៅលើប្រទេស វៀតណាម ថៃ ចិន เลี้ยงจระเข้ 鳄鱼养殖 Nuôi cá sấu ដើម្បី ធ្វើការវិភាគរកចំណុចខ្សោយ ដែល កម្ពុជា ជួបប្រទេស។ កម្ពុជា គ្មានចំណុចខ្លាំងឡើយ ត្បិតធ្លាប់់ នាំក្រពើរ ចេញទៅ វៀតណាម និង ថៃ តែសព្វថ្ងៃ ថៃ មិនទិញ ក្រពើរខ្មែរឡើយ ព្រោះ តៃ ផលិតក្រពើរ ក្នុងតម្លៃថោក គឺ ៨០០០ រៀល ( ២ ដុល្លា)/ សាច់ ១ គីឡូក្រាម។ “Since pork is expensive, more people have now turned to eating crocodile meat, which is cheaper and tastier. It's also low in fat and high in protein,” Wichai said. Crocodile meat retails for 105 baht (about $3) per kilogram, and as low as 70 baht (about $2) per kilogram wholesale
ការចិញ្ចឹមក្រពើរនៅ ប្រទេសថៃ เลี้ยงจระเข้ អ្នកចិញ្ចឹមក្រពើរ ប្រើប្រាស់នូវ៖
- មានលុយប៉ុណ្ណា ចិញ្ចឹមត្រឹមកំរិតនោះ ដាច់ខាតមិនខ្វី ឬ ចងការប្រាក់ពី ធនាគារ
- កសិដ្ឋានចិញ្ចឹមក្រពើរ ត្រូវតែស្ថិតនៅ ក្បែរកសិដ្ឋានចិញ្ចឹមមាន់ ដើម្បីទិញមាន់ធ្វើជាចំណី ក្រពើរ ព្រោះមានតម្លៃថោកជាង ចំណីត្រី
- ទឹក ត្រូវតែ មានកំដៅ ស្ថិតក្រោមកំដៅ ព្រះអាទិត្យ និងឆ្ងាយពី ទីប្រជុំជន ជៀសវាសគ្រោះថ្នាក់
- ក្រពើរ ពូជ មានអាយុ ចាប់ពី ១០ ឆ្នាំ ឡើងទៅ
- ពេល ក្រពើរ ពង ត្រូវ យកពងទៅរក្សាក្នុង ទូរភ្ញាស់ ចំនួន ៦៨ ទៅ ៧០ ថ្ងៃ ក្នុងសីតុណ្ហភាព ៣១, ៥ អង្សារសេ
Sorn Sopheak-ស៊ន សុភក្រ្ត · ក្រោយអានអត្តបទ ការចិញ្ចឹមក្រពើ ទើបភ្ញាក់ផ្អើលថា ពីមុនកូនក្រពើមួយក្បាលតម្លៃ 30$ តែពេលនេះធ្លាក់ដល់បាតគឺត្រឹម ១ពាន់ រៀល ហើយពិបាករកអ្នកទិញទៀត!
រាជធានីភ្នំពេញ ៖ ឆ្នាំ ២០១៧ ទីផ្សារក្រពើរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្លាក់ថ្លៃយ៉ាងខ្លាំង ធ្វើឲ្យម្ចាស់កសិដ្ឋានទាំងតូចទាំងធំបោះបង់មុខរបរនេះចោលមួយចំនួន ខណៈមួយចំនួនទៀតកំពុងដេកព្រួយបារម្ភរាល់ថ្ងៃអំពីទីផ្សារធ្លាក់ងើបមិនរួចមួយនេះ ហើយបានដង្ហោយសុំឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារ ដែលភាគច្រើននៃអ្នកចិញ្ចឹមក្រពើទាំងនោះនៅខេត្តកំពង់ធំ, សៀមរាប, បាត់ដំបង និងពោធិ៍សាត់ ។ ចំណែកខេត្តមួយចំនួនទៀតបានបោះបង់របរនេះស្ទើរអស់ទៅហើយ ដោយភូមិខ្លះឃើញមានចិញ្ចឹមដាក់ច្រវាក់តែ១ក្បាល ឬ២ក្បាលនៅក្នុងផ្ទះដូចចិញ្ចឹមជ្រូកប៉ុណ្ណោះ ។
កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តបាត់ដំបង
បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើមួយកន្លែងនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង លោក ហេង ឆេង បាននិយាយថា ទីផ្សារសត្វក្រពើហាក់ដាំក្បាលចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោកថា ៖ « ម្សិលមិញ (ថ្ងៃទី១១ មិថុនា ២០១៧) ខ្ញុំលក់កូនក្រពើ១ក្បាលបានត្រឹមតែ១២ ដុល្លារប៉ុណ្ណោះ ។ តម្លៃធ្លាក់ចុះរហូត មិនដូចប៉ុន្មានឆ្នាំមុនសោះ » ។
ថៅកែកសិដ្ឋានក្រពើរូបនេះឲ្យដឹងទៀតថា កាលពី៣ឆ្នាំមុន តម្លៃកូនក្រពើឡើងខ្ពស់ដល់ជាង ៤០ដុល្លារ ក្នុង១ក្បាល តែក្រោយមកតម្លៃបានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ពេលនេះ សល់តែ១២ដុល្លារក្នុង១ក្បាល ។
លោក ហេង ឆេង និយាយថា សព្វថ្ងៃនេះ តម្លៃកូនក្រពើមិនទៀងទាត់ទេ ពេលខ្លះឈ្មួញហ៊ានទិញក្នុងតម្លៃពី ១៥ទៅ១៦ដុល្លារក្នុង១ក្បាល តែពេលខ្លះធ្លាក់មកនៅត្រឹម១២ដុល្លារ ប៉ុណ្ណោះ ។ ម្ចាស់កសិដ្ឋានដែលចិញ្ចឹមក្រពើជាង១ពាន់ក្បាល និងមានប្រវត្តិចិញ្ចឹមជាង៣០ឆ្នាំរូបនេះបញ្ជាក់ថា ៖ « ពិតមែនតែទីផ្សារកូនក្រពើធ្លាក់ចុះ តែឈ្មួញកណ្ដាលចូលមកពពាក់ពពូនគ្នាចាំទទួលទិញ ។
លោកថា គ្រាន់តែកូនក្រពើញាស់ភ្លាម មានម៉ូយរង់ចាំទិញជាស្រេច មិនចេះសល់ទេ » ។ ប៉ុន្តែលោកក៏បានប្រាប់ដែរថា ដោយសារតែតម្លៃទីផ្សារក្រពើធ្លាក់ចុះប៉ុន្មានឆ្នាំចុងក្រោយនេះងើបមិនរួច ធ្វើឲ្យអ្នកចិញ្ចឹមក្រពើខ្នាតតូចមួយចំនួនបោះបង់មុខរបរនេះ ព្រោះគ្មានទុនសម្រាប់ទប់ទល់នឹងការឲ្យចំណី ។
អ្នកចិញ្ចឹមក្រពើមួយរូបទៀត លោក អុឹម អង្សា បាននិយាយថា នៅខេត្តបាត់ដំបងនេះ មានអ្នកចិញ្ចឹមក្រពើច្រើនកន្លែង តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារកូនក្រពើធ្លាក់ចុះ ទើបធ្វើឲ្យអ្នកចិញ្ចឹមក្រពើតូចតាចមួយចំនួនត្រូវបង្ខំចិត្តបោះបង់ ។ លោកបន្តថា បច្ចុប្បន្ន មានតែអ្នកចិញ្ចឹមជាកសិដ្ឋានធំៗទេ ដែលចិញ្ចឹមចាប់ ពី១០០ក្បាលឡើងទៅ រីឯអ្នកចិញ្ចឹមជាលក្ខណៈគ្រួសារ ក្រោម១០០ក្បាល បានបង្ខំចិត្តលក់ចេញអស់ហើយ ដោយសារមិនអាចធានានឹងចំណីបាន ព្រោះកូនក្រពើគ្មានទីផ្សារ រីឯចំណីក្រពើមានតម្លៃខ្ពស់ ហើយពិបាករកទិញទៀត ។
សម្រាប់ការនាំចេញកូនក្រពើរបស់ឈ្មួញកណ្ដាល បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនានានិយាយថា ពិតមែនតែគ្មានទីផ្សារ តែមានឈ្មួញជាច្រើនបានចូលមកទិញនៅខេត្តបាត់ដំបងនេះ។ ប្រភពដដែលបញ្ជាក់ថា ទីផ្សារនាំចេញកូនក្រពើបច្ចុប្បន្ន ត្រូវគេដឹងថា ស្ទើរ៩០% ឈ្មួញនាំចេញទៅកាន់ប្រទេសវៀតណាម ហើយឈ្មួញវៀតណាមក៏បាននាំចេញបន្តទៅកាន់ប្រទេសដទៃទៀត ។ យ៉ាងណាក៏ដោយ មិនមានថៅកែក្រពើណាម្នាក់បានដឹងអំពីមូលហេតុនៃការធ្លាក់ថ្លៃនេះទេ ។
អ្នកចិញ្ចឹមភាគច្រើនកំពុងព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្លៃកូនក្រពើនេះ ។ ពួកគេបានលើកឡើងដូច្នេះថា បើទីផ្សារសត្វក្រពើនៅតែអាក្រក់ មិនអាចល្អប្រសើរឡើងវិញខ្លះទេ អ្នកចិញ្ចឹមមួយចំនួនអាចនឹងបង្ខំចិត្តបោះបង់មុខរបរនេះជាមិនខាន ព្រោះគ្មានទុនសម្រាប់ផ្ដត់ផ្គង់ចំណី ។ ម្ចាស់កសិដ្ឋាននីមួយៗត្អូញត្អែរថា ចំណីក្រពើសព្វថ្ងៃភាគច្រើនទិញចូលពីប្រទេសថៃ ដែលមានត្រី និងក្បាលត្រី តែក្នុងតម្លៃខ្ពស់គួរសម។ ដូច្នេះ នេះជាបញ្ហាប្រឈមបំផុតរបស់អ្នកចិញ្ចឹម ។
បើតាមការកត់សម្គាល់ នៅខេត្តបាត់ដំបង កសិករដែលនិយមចិញ្ចឹមក្រពើច្រើនជាងគេ គឺមាននៅក្នុងក្រុងបាត់ដំបង និងនៅស្រុកឯកភ្នំ ជាពិសេស គឺស្រុកឯកភ្នំនេះតែម្ដង ដែលភាគច្រើនគេចិញ្ចឹមនៅតំបន់ទន្លេសាប ព្រោះតំបន់នោះសម្បូរកូនត្រីសម្រាប់យកធ្វើចំណី ។ យ៉ាងណាក៏ដោយ មិនទាន់មានតួលេខពិតប្រាកដពីមន្ត្រីជំនាញនៅឡើយទេ អំពីចំនួនកសិដ្ឋានចិញ្ចឹមក្រពើនេះ ខណៈដែលភ្នាក់ងារសារព័ត៌មានកោះសន្ដិភាពបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែរ តែពុំមានអ្នកទទួល ហើយថែមទាំងចុចផ្ដាច់ប្រព័ន្ធទូរស័ព្ទថែមទៀត ។
ចំនួនក្រពើដែលមាននៅកសិដ្ឋានខេត្តសៀមរាប
ចំណែកក្រពើដែលកំពុងចិញ្ចឹមនៅខេត្តសៀមរាបវិញ ក៏មានវាសនាដូចគ្នាដែរ ។ បើតាមរបាយការណ៍ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមរយៈពេល៦ខែដើមឆ្នាំនេះ កសិករចិញ្ចឹមក្រពើមានចំនួន២៩២គ្រួសារ ទាំងមានច្បាប់ និងអត់ច្បាប់ ក្នុងនោះមានក្រពើចំនួន៣៧ម៉ឺនក្បាល ហើយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន កើនឡើង៣០% ។ អ្នកចិញ្ចឹមក្រពើទាំងនោះកំពុងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែទីផ្សារក្រពើធ្លាក់ថ្លៃ ជាងឆ្នាំ២០១៦ទៅទៀត ។
តាមរបាយការណ៍បានឱ្យដឹងទៀតថា ក្រពើចំនួន៣៧០.៦៥៦ក្បាលដែលគេចិញ្ចឹមនោះរួមមាន ក្រពើមេចំនួន២៤.៨៦៨ក្បាល, ឈ្មោល ចំនួន៩.៦០៩ក្បាល, មេជំទង់ចំនួន១០.០៤៣ក្បាល, ឈ្មោលជំទង់ចំនួន២.៣០០ក្បាល និងកូនចំនួន៣២៣.៨៣៦ក្បាល ។
ម្ចាស់កសិដ្ឋាននិយាយថា តម្លៃកូនក្រពើកាលពីឆ្នាំ ២០១៥ ក្នុង១ក្បាលតម្លៃ១៨ទៅ២០ដុល្លារ ខណៈនៅឆ្នាំ២០១៦ និង២០១៧នេះធ្លាក់មកនៅត្រឹមតែ១០ទៅ១២ដុល្លារ ។ ពួកគាត់សំណូមពរដល់រាជរដ្ឋាភិបាលមេត្តាជួយរកទីផ្សារឱ្យពួកគាត់ផង ។
កសិដ្ឋានក្រពើនៅខេត្តពោធិ៍សាត់
ពាក់ព័ន្ធនឹងការសំណូមពរជួយរកទីផ្សារក្រពើនេះដែរ អ្នកចិញ្ចឹមក្រពើនៅខេត្តពោធិ៍សាត់ដែលនៅសេសសល់តែ៤ឬ៥កសិដ្ឋាននោះ បានលើកឡើងស្រដៀងគ្នាថា ខណៈដែលនៅទូទាំងប្រទេសកំពុងរអ៊ូរទាំរឿងស្រូវ ដំឡូងមី ម្រេច កៅស៊ូ និងជ្រូកចុះថ្លៃមិនទាន់នឹងដោះស្រាយផង ឥឡូវនេះ ទីផ្សារក្រពើបានធ្លាក់ថ្លៃទៀត ។
លោក ជិន លាងគី ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា នៅខេត្តពោធិ៍សាត់មានអ្នកចិញ្ចឹមក្រពើបួនប្រាំកន្លែងប៉ុណ្ណោះ ដែលចិញ្ចឹមជាលក្ខណៈគ្រួសារ មិនបើកជាកសិដ្ឋានទ្រង់ទ្រាយធំដូចលោកនោះទេ ។ លោកថា ៖ « ពីមុន ខ្ញុំបើកកសិដ្ឋានចិញ្ចឹមជ្រូក ប៉ុន្តែដោយសាររាជរដ្ឋាភិបាលបើកឲ្យនាំជ្រូកចូលពីបរទេស ធ្វើឲ្យតម្លៃជ្រូកក្នុងស្រុកធ្លាក់ចុះ ទើបខ្ញុំបោះបង់ការចិញ្ចឹមជ្រូកចោល ងាកមកចិញ្ចឹមក្រពើវិញ ដោយកាលណោះ ទីផ្សារក្រពើលក់បានថ្លៃ តែឥឡូវនេះបែរជាមានវាសនាដូចទីផ្សារជ្រូក និងផលិតផលកសិកម្មដដែល » ។
លោក ជិន លាងគី បានចាប់ផ្ដើមចិញ្ចឹមក្រពើក្នុងឆ្នាំ២០០៧ ដើម្បីយកកូនលក់ ។ ក្នុងកសិដ្ឋានមានក្រពើមេចំនួន២២០ក្បាល និងឈ្មោល៨០ក្បាល ។ ក្រោយមក លោកមានកូនក្រពើរាប់ពាន់ក្បាលដែលត្រូវទិញចំណីក្នុង១គីឡូក្រាមតម្លៃ១.៥០០រៀល ដោយរយៈពេលពី៧ទៅ១០ថ្ងៃឲ្យវាស៊ីម្ដង ក្នុងនោះក្រពើធំ១ក្បាលស៊ីម្ដង៣គីឡូក្រាម ហើយក្នុង១ឆ្នាំ ក្រពើពងតែម្ដងទេ គឺក្នុងអំឡុងខែកុម្ភៈ និងខែមីនា ដែលមេខ្លះមួយក្បាលពងបាន៤០និងខ្លះ៣០ ប៉ុន្តែពេលវាញាស់ គឺមិនបានគ្រប់ចំនួនទាំងអស់នោះទេ ។
លោកបន្ដថា ក្រពើមេចាប់ផ្ដើមពងដំបូងក្នុង១ក្បាលតម្លៃពី៥០០ទៅ៦០០ដុល្លារ និងអាយុលើសពី១០ឆ្នាំឡើងទៅតម្លៃ១.២០០ដុល្លារ ។ ចំណែកកូនក្រពើពីមុន១ក្បាលតម្លៃពី២៧ទៅ៣០ដុល្លារ ។ លុះនៅឆ្នាំ២០១៦ ធ្លាក់មកនៅត្រឹម១៧ដុល្លារ, ដើមឆ្នាំ២០១៧ នៅសល់១៥ដុល្លារ និងមកដល់ខែមិថុនានេះ ធ្លាក់មកដល់១២ដុល្លារប៉ុណ្ណោះ ។
លោកបានសំណូមពរដល់រាជរដ្ឋាភិបាលជួយរកទីផ្សារ ឬបង្កើតជាសមាគមអ្នកចិញ្ចឹមក្រពើដើម្បីលក់បានថ្លៃឡើងវិញ បើមិនដូច្នេះទេ ពួកគាត់អាចនឹងបោះបង់ការចិញ្ចឹមក្រពើនេះទៀតជាមិនខាន ។
សំឡេងថ្ងូរអ្នកចិញ្ចឹមក្រពើខេត្តកំពង់ធំ
ស្របពេលដំណាលគ្នានេះដែរ អ្នកចិញ្ចឹមក្រពើនៅខេត្តកំពង់ធំ បានសំណូមពរសុំឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារ ខណៈសត្វក្រពើរបស់ពួកគាត់កំពុងធ្លាក់ថ្លៃងើបមិនរួច ។ ទីតាំងចិញ្ចឹមក្រពើនៅខេត្តនេះមានចំនួនជាង៦០កន្លែង ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីផ្សារក្រពើធ្លាក់ថ្លៃយ៉ាងគំហុក ធ្វើឲ្យពួកគាត់ជួបបញ្ហា និងសូមសំណូមពរដល់មន្ទីរ ក្រសួងពាក់ព័ន្ធ ជាពិសេស រាជរដ្ឋាភិបាលជួយរកទីផ្សាដល់ពួកគាត់ ។
អ្នកចិញ្ចឹមក្រពើម្នាក់ឈ្មោះ លឹម តឹចអ៊ាវ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន បានរៀបរាប់ថា លោកចិញ្ចឹមក្រពើជាង២០០ក្បាល ។ កាលពី២ឬ៣ឆ្នាំមុន កូនក្រពើទើបនឹងញាស់ ១ក្បាលតម្លៃជាង២០ដុល្លារ។ នៅឆ្នាំ២០១៦ កូនក្រពើថ្លៃ១៧ដុល្លារ ហើយឆ្នាំ២០១៧នេះធ្លាក់ថ្លៃមកនៅ១៤ដុល្លារ ។ ចំណែកក្រពើប្រវែង១,៣ម៉ែត្រឡើងទៅ ឬហៅថាក្រពើពេញវ័យនោះ ពីមុន១ក្បាលថ្លៃចាប់ពី៧០ដុល្លារឡើងទៅ តែឥឡូវនៅសល់តែ៤៥ដុល្លារ ហើយគ្មានអ្នកទិញទៀត ។ យ៉ាងណាក៏ដោយ លោកថា ប្រសិនជាមានអ្នកទិញក្នុងតម្លៃនេះ ក៏មិនអាចលក់បានដែរ ពីព្រោះវាខាតច្រើនពេក មិនគ្រប់ថ្លៃទិញចំណីឲ្យក្រពើស៊ីនោះទេ ។ លោកក៏បានសុំឲ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយរកទីផ្សារជូនពួកគាត់ និងសូមឲ្យជួយអន្តរាគមន៍ផងនៅពេលក្រពើមានជំងឺ ។
លោក ចាន់ ភី អាយុ៦៥ឆ្នាំ ជាអ្នកចិញ្ចឹមក្រពើជាង១ពាន់ក្បាលនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ក៏កំពុងព្រួយបារម្ភពីវាសនាទីផ្សារក្រពើនេះដែរ ហើយបានសំណូមពរសុំឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារដល់ពួកគាត់ និងសំណូមពរសុំឲ្យអង្គការសាយតេស ប្រចាំប្រទេសកម្ពុជា ជួយបញ្ចូលសត្វក្រពើខ្មែរចូលទៅក្នុងប្រភេទឧបសម្ព័ន្ធទី២វិញ ព្រោះថា ប្រសិនបើចូលក្នុងឧបសម្ព័ន្ធទី១នោះ គឺជាប្រភេទសត្វកម្រជិតផុតពូជដែលនៅលើទីផ្សារអន្តរជាតិមានប្រទេសធំៗមួយចំនួនពួកគេអត់ទិញទេ ដូចជានៅអាមេរិកជាដើម ។
លោក ប៉ែន វណ្ណារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី៧ មិថុនា ថា ខេត្តកំពង់ធំមានទីតាំងចិញ្ចឹមក្រពើចំនួន៦១កន្លែង ដែលមានក្រពើធំៗសរុបចំនួន១៦.៣០០ក្បាល និងក្រពើតូចៗរាប់សែនក្បាលទៀត ហើយកំពុងភ្ញាស់ពងជាបន្តបន្ទាប់ ក្នុងនោះនៅក្នុងក្រុងស្ទឹងសែនមានចំនួន៧កន្លែង និងស្រុកស្ទោងចំនួន៥៧កន្លែង។ លោកបន្ដថា កន្លងមក ខាងជលផលថ្នាក់កណ្តាលធ្លាប់បានចុះពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីបច្ចេកទេសក្នុងការចិញ្ចឹម ការថែទាំ និងការធ្វើអាងយ៉ាងម៉េចកុំឲ្យប៉ះពាល់ដល់ស្បែកក្រពើ កាលណាក្រពើមានដំបៅ នឹងធ្វើឲ្យធ្លាក់តម្លៃ ។ ចំណែកបញ្ហានៅពេលដែលក្រពើមានជំងឺ សូមបងប្អូនរាយការណ៍មកខណ្ឌ លោកនឹងចាត់មន្ត្រីឲ្យចុះទៅជួយអន្តរាគមន៍បញ្ហានេះ ។
លោក ស៊ុន ហេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក៏បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃដដែលនេះថា ចំពោះបញ្ហាបងប្អូនប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមក្រពើជាលក្ខណៈគ្រួសារនេះពិតជាជួបការលំបាក ដោយសារពួកគាត់មិនបានបង្កើតជាសហគមន៍សម្រាប់នាំចេញ ដែលជាហេតុធ្វើឲ្យក្រពើគ្មានហាងឆេងនៅលើទីផ្សារ។ កន្លងមក មន្ទីរក៏ធ្លាប់បានធ្វើរបាយការណ៍ជូនទៅក្រសួងអំពីផលិតផលដើមកំណើតពីសត្វ ដើម្បីឲ្យក្រសួងផ្សព្វផ្សាយរកទីផ្សារអន្តរជាតិសម្រាប់កសិផលពួកគាត់ដែរ ហើយលោកក៏បានសំណូមពរសុំឲ្យម្ចាស់អាជីវកម្មចិញ្ចឹមក្រពើនៅក្នុងខេត្ត នាំគ្នាចងក្រងជាសហគមន៍មក លោកនឹងនាំយកសំណើនេះទៅក្រសួងដើម្បីជួយរកទីផ្សារជូនពួកគាត់បន្ថែមទៀត ។
កសិដ្ឋានចិញ្ចឹមក្រពើ តាមការកត់សម្គាល់ មានតែខេត្តនៅតាមដងទន្លេសាបប៉ុណ្ណោះ ។ ចំណែកខេត្តភាគឦសានពុំមានចិញ្ចឹមទេ ។ ដោយឡែក ខេត្តកំពង់ឆ្នាំង ដោយសារព័ត៌មានពុំទាន់ច្បាស់ការណ៍ យើងនឹងផ្សាយជូនបន្ថែមទៀតនៅពេលក្រោយ ៕
ឆ្នាំ ២០២២ អាជីវកម្មចិញ្ចឹមក្រពើ កំពុងប្រឈមនឹងការខ្វះទីផ្សារ សៀមរាបៈ ជាមុខរបរដែលធ្លាប់រកចំណូលបានច្រើនម៉ឺនដុល្លាររៀងរាល់ឆ្នាំ ក៏ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្នអ្នកចិញ្ចឹមក្រពើបែរជាកំពុងដង្ហោយរកការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈការស្វែងរកទីផ្សារនាំចេញជាផ្លូវការទៅទីផ្សារអន្តរជាតិឱ្យបានច្រើន និងទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនលើការកែច្នៃផលិតផលពីស្បែកក្រពើ ដើម្បីបម្រើឱ្យតម្រូវការក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ខណៈពេលតម្លៃក្រពើបានធ្លាក់ចុះយ៉ាងគំហុក ពិសេសក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ។
ទីផ្សារក្រពើនៅកម្ពុជាបានផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៦-៧ ឆ្នាំមកហើយ ដោយសារមិនមានទីផ្សារនាំចេញផ្លូវការច្បាស់លាស់ គឺមានតែការនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម និងថៃប៉ុណ្ណោះ។ ទោះយ៉ាងណាអ្វីដែលធ្វើឱ្យអ្នកចិញ្ចឹមទទួលរងគ្រោះខ្លាំងរហូតដល់ចង់បោះបង់ចោលមុខរបរនេះគឺចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលធ្វើឱ្យទីផ្សារក្រពើនៅប្រទេសកម្ពុជាធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យ។
ម្ចាស់អាងចិញ្ចឹមក្រពើមួយកន្លែងក្នុងខេត្តសៀមរាបដែលបច្ចុប្បន្នមានក្រពើធំៗប្រមាណពី ១ ៧០០-១ ៨០០ ក្បាល លោក លឹម រិទ្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីចុងខែមុនថា ទីផ្សារក្រពើបានធ្លាក់ចុះអស់រយៈពេលប្រមាណ ៦-៧ ឆ្នាំមកហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកចិញ្ចឹមក្រពើរូបនេះខកចិត្តខ្លាំងរហូតបន់ឱ្យតែមានអ្នកមកប្រមូលទិញទាំងអស់នោះ គឺតម្លៃបានធ្លាក់ចុះខ្លាំង និងមិនមានទីផ្សារអន្តរជាតិច្បាស់លាស់ក្នុងការទទួលទិញក្រពើ ឬផលិតផលក្រពើពីកម្ពុជា។
លោកបានបន្តថា អ្នកចិញ្ចឹមក្រពើនៅពេលនេះគឺមិនមានទឹកចិត្តចិញ្ចឹមបន្តទេ ព្រោះការចំណាយលើចំណីខ្ពស់ ប៉ុន្តែនៅពេលលក់បានតម្លៃទាបហៅមិនឮ។ នៅពេលនេះសាច់ក្រពើមានតម្លៃចន្លោះពី ៣ ០០០-៦ ០០០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម (ភាគច្រើនគេយកទៅធ្វើសាច់ងៀត) ខណៈស្បែកក្រពើពេញវ័យ (ចាប់ពី ១១ ឆ្នាំឡើងទៅ) អាចមានតម្លៃប្រហែល ១៥ ដុល្លារ និងក្រពើអាយុ ៣-៤ ឆ្នាំ តម្លៃប្រហែល ១០ ដុល្លារ។
លោកបានបញ្ជាក់ថា៖ «អ្នកចិញ្ចឹមក្រពើពីមុនគេនិយមហៅថា ថៅកែក្រពើ ប៉ុន្តែពេលនេះ គេនាំគ្នាហៅថា ទាសករក្រពើវិញម្ដង ព្រោះក្រពើគ្មានតម្លៃ និងគ្មានទីផ្សារ ហើយបែរជាត្រូវយកលុយពីផ្ទះយ៉ាងច្រើនរៀងរាល់ខែទៅចំណាយលើចំណីក្រពើទៅវិញ»។
លោកបានបន្ថែមថា៖ «ទោះចង់លក់ក៏មិនមានអ្នកទិញដែរនៅពេលនេះ ពិសេសក្រពើធំៗ ដែលពីមុន (៦-៧ ឆ្នាំមុន) មានតម្លៃជាមធ្យមពី ៥០០-៨០០ ដុល្លារ ក្នុង ១ ក្បាល ពេលនេះតម្លៃនៅសល់ត្រឹមតែ ៣០-៤០ ដុល្លារប៉ុណ្ណោះ ហើយក៏មិនមានអ្នកទិញដែរ»។
លោកបានលើកឡើងថា កាលពីដើមខែមិថុនា ឆ្នាំ ២០២២ កូនក្រពើដែលទើបនឹងញាស់មានតម្លៃជាមធ្យម ២ ដុល្លារក្នុង ១ ក្បាល ប៉ុន្តែរយៈពេល ២-៣ សប្តាហ៍បន្ទាប់ តម្លៃកូនក្រពើបានធ្លាក់ថ្លៃមកនៅត្រឹមតែប្រហែល ១ ដុល្លារប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «តម្លៃក្រពើនៅពេលនេះគឺអាស្រ័យលើមាត់ឈ្មួញវៀតណាម ពីព្រោះការនាំចេញគឺមានតែទៅប្រទេសវៀតណាមប៉ុណ្ណោះ ខណៈនៅមុនមានវត្តមានជំងឺកូវីដ ១៩ កូនក្រពើមួយចំនួនត្រូវបាននាំចេញទៅប្រទេសថៃ»។
បើតាមលោក រិទ្ធី បច្ចុប្បន្ន ត្រីចំណីក្រពើត្រូវបាននាំមកពីប្រទេសថៃ ដោយមានតម្លៃក្នុងចន្លោះពី ១ ៨០០ ទៅ ២ ០០០ រៀល ក្នុង ១ គីឡូក្រាម។ សម្រាប់ក្រពើជាង ១ ៧០០ ក្បាល ដែលលោកចិញ្ចឹម គឺត្រូវចំណាយជិត ៤ ០០០ ដុល្លារក្នុង ១ ខែទៅលើចំណី (២ សប្តាហ៍ឱ្យស៊ីម្ដង)។
លោក រិទ្ធី បានឱ្យដឹងទៀតថា បើតាមព័ត៌មានតម្រូវការស្បែកក្រពើនៅលើទីផ្សារអន្តរជាតិនៅតែមាន ប៉ុន្តែការជាប់គាំងទីផ្សារនៅកម្ពុជាគឺដោយសារតែការនាំចេញក្រពើមានតែច្រកទៅកាន់ប្រទេសវៀតណាមមួយគត់ ដែលធ្វើឱ្យក្រុមឈ្មួញវៀតណាមកំណត់តម្លៃស្រេចតែចិត្ត។
លោកបានសង្កត់ធ្ងន់ថា៖ «បើយើងមិនព្រមលក់ក្នុងតម្លៃទាប គឺយើងមិនមានកន្លែងឱ្យក្រពើនៅ ហើយក៏ត្រូវចំណាយទៅលើចំណីបន្ថែមទៀត។
នៅពេលនេះបើមានអ្នកព្រមទទួលទិញក្រពើ និងឱ្យតម្លៃសមរម្យ ខ្ញុំនឹងលក់ទាំងអស់តែម្តង»។
លោកបានលើកឡើងថា៖ «ខ្ញុំសូមស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់អ្នកចិញ្ចឹមក្រពើតាមរយៈការជួយរកទីផ្សារ និងទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើការកែច្នៃវត្ថុប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ធ្វើពីស្បែកក្រពើឱ្យបានច្រើន ព្រោះវាមិនត្រឹមតែជួយដល់អ្នកចិញ្ចឹមក្រពើ និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ»។
ជាធម្មតាក្រពើមេតែងពងកូនចាប់ពីចុងខែកុម្ភៈរហូតដល់ខែឧសភា និងចាប់ផ្តើមញាស់ពីខែមេសារហូតដល់ខែកក្កដារៀងរាល់ឆ្នាំ។
លោក សាន ហាក់ ដែលចិញ្ចឹមក្រពើក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ ១៩៩៣ ក៏បាននិយាយដែរថា ទីផ្សារក្រពើនៅកម្ពុជាបានធ្លាក់ចុះដល់កម្រិតសូន្យរួចទៅហើយនៅក្នុងរយៈពេលប្រមាណ ២ ឆ្នាំកន្លងមកនេះ។ រីឯចំនួនអ្នកចិញ្ចឹមថយចុះ ហើយចំពោះតម្លៃវិញក៏មានការធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយកូនក្រពើទើបញាស់នៅក្នុងពេលនេះ (ចុងខែមិថុនា) មានតម្លៃចន្លោះពី ១-១,៥ ដុល្លារ។ តម្លៃនេះអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត នៅពេលដែលចំនួនកូនក្រពើញាស់កាន់តែច្រើន។
លោកបានបន្ថែមថា ការធ្លាក់ចុះតម្លៃក្រពើនៅកម្ពុជានៅក្នុងពេលនេះអាចបណ្តាលមកពីកត្តាចម្បងៗចំនួន ២ គឺកត្តាខាងក្នុង ដោយសារអ្នកចិញ្ចឹមក្រពើមិនមានការស្រុះស្រួលគ្នាក្នុងការបង្កើតសមាគម ឬសហគមន៍ដើម្បីការពារផលប្រយោជន៍រួម និងកត្តាខាងក្រៅ ដែលបណ្តាលមកពីក្រពើកម្ពុជាមិនមានទីផ្សារនាំចេញក្រៅតែពីប្រទេសវៀតណាម។
លោកបាននិយាយថា៖ «ដោយសារទីផ្សារក្រៅប្រទេសមិនមានភាពច្បាស់លាស់ ហើយត្រូវពឹងលើប្រទេសគេ ដូច្នេះប្រសិនបើកម្ពុជាអាចមានរោងចក្រ ឬកន្លែងកែច្នៃផលិតផលពីស្បែកក្រពើទៅជាវត្ថុប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍នោះគឺជាការល្អណាស់ ព្រោះតាមរយៈផលិតផលទាំងអស់នោះ វាក៏ចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនផងដែរ»។
បើតាមលោក សាន ហាក់ ផលិតផលធ្វើពីស្បែកក្រពើមានការពេញនិយមប្រើប្រាស់ច្រើននៅប្រទេសចិន ហេតុនេះ បើរដ្ឋាភិបាលអាចជួយរកទីផ្សារនាំចេញផ្ទាល់ទៅប្រទេសចិនដោយមិនឆ្លងកាត់តាមប្រទេសវៀតណាមនោះ វានឹងជួយឱ្យទីផ្សារ និងការចិញ្ចឹមក្រពើនៅកម្ពុជាល្អឡើងវិញជាមិនខាន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រសួងមិនដែលព្រងើយកន្តើយនៅក្នុងការស្វែងរកទីផ្សារអន្តរជាតិ ដើម្បីនាំចេញសត្វក្រពើដោយផ្ទាល់ពីកម្ពុជាទេ ប៉ុន្តែបញ្ហានៅត្រង់ផលិតផលនេះមិនមានការបញ្ជាទិញ។
លោកបន្តថា ការធ្លាក់ចុះតម្លៃ និងគ្មានទីផ្សារអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ភាពស្ងប់ស្ងាត់នៅទីផ្សារអន្តរជាតិ គុណភាពស្បែកក្រពើកម្ពុជាមិនត្រូវតាមស្តង់ដា និងការចិញ្ចឹមក្រពើមានច្រើននៅស្ទើរគ្រប់ប្រទេសក្នុងពិភពលោក។
លោកបានបញ្ជាក់ថា៖ «តម្លៃក្រពើនៅកម្ពុជា គឺអាស្រ័យលើទីផ្សារអន្តរជាតិ ហេតុនេះ ប្រសិនបើមិនមានការបញ្ជាទិញពីអន្តរជាតិ តម្លៃក៏ធ្លាក់ចុះទៅតាមនោះដែរ»។
លោកប្រាប់ទៀតថា លោកតែងខិតខំផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាទៅកាន់អ្នកវិនិយោគ ដើម្បីទាក់ទាញពួកគេឱ្យចូលមកបណ្តាក់ទុន ឬក៏រៀបចំការចិញ្ចឹមក្រពើដែលមានលក្ខណៈស្តង់ដា ស្របតាមការចង់បានរបស់អ្នកបញ្ជាទិញ ខណៈការចិញ្ចឹមក្រពើនៅកម្ពុជាភាគច្រើនជាការអនុវត្តតៗគ្នាដែលធ្វើឱ្យស្បែកក្រពើមិនមានលក្ខណៈល្អគ្រប់គ្រាន់។
លោកបន្ថែមថា៖ «ការចិញ្ចឹមបែបនេះបានធ្វើឱ្យស្បែកក្រពើយើងមិនត្រូវតាមស្តង់ដាដែលគេចង់បាន»។
លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីចុងខែមិថុនាថា ទីផ្សារក្រពើ និងផលិតផលពីក្រពើនៅកម្ពុជា និងគ្រប់ប្រទេសលើពិភពលោកបានធ្លាក់ចុះដូចៗគ្នា ចាប់តាំងពីមានវត្តមានជំងឺកូវីដ ១៩ ព្រោះនៅក្នុងអំឡុងពេលជាង ២ ឆ្នាំកន្លងមកនេះ មិនសូវមានការធ្វើដំណើរ និងការប្រើប្រាស់ផលិតផលទាំងអស់នេះទេ។ ទោះយ៉ាងណា ក្រសួងកសិកម្មតែងតែផ្សព្វផ្សាយជាប្រចាំពីផលិតផលដែលកម្ពុជាមានទៅដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ ដើម្បីទាក់ទាញឱ្យពួកគេមកវិនិយោគនៅកម្ពុជា។
លោកបានថ្លែងថា៖ «យើងតែងតែធ្វើទំនាក់ទំនងជាមួយបរទេស ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់កម្ពុជា ប៉ុន្តែជាក់ស្តែងតម្រូវការផលិតផលពីស្បែកក្រពើនៅប្រទេសគេ ក៏ធ្លាក់ចុះដែរនាពេលជាង ២ ឆ្នាំមកនេះ»។
តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២១ ក្រពើដែលចិញ្ចឹមនៅកម្ពុជាមានចំនួន ២៩២ ១០០ ក្បាល ស្មើនឹង ៨៨,៥២ ភាគរយនៃផែនការ ៣៣០ ០០០ ក្បាល បើធៀបនឹងឆ្នាំ ២០២០ មានការថយចុះ ២១ ០០ ក្បាល៕
ឆ្នាំ ២០២២ សេដ្ឋកិច្ច អ្នកចិញ្ចឹមបាក់ទឹកចិត្ត ក្រោយទីផ្សារកូនក្រពើធ្លាក់ថ្លៃពីជាង ១០ដុល្លារ មកត្រឹម ២ពាន់រៀល មួយក្បាល អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាបសម្រេចចិត្តឈប់ចិញ្ចឹមបន្តទៀត ក្រោយលក់ក្រពើ ដែលនៅសេសសល់ក្នុងកសិកដ្ឋានអស់ ដោយសារគ្មានទីផ្សារ។ ប្រកបរបរចិញ្ចឹមក្រពើអស់រយៈពេលជាង ២០ឆ្នាំ លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅនៅឃុំរលួស ស្រុកបាគង ខេត្តសៀមរាប បានប្រាប់កម្ពុជាថ្មីថា អស់រយៈពេលជាង ៣ឆ្នាំមកហើយ ដែលទីផ្សារក្រពើធ្លាក់ចុះខ្លាំង។
បច្ចុប្បន្នលោក បូរាណ បានឱ្យដឹងថា កូនក្រពើលក់បានមួយក្បាលតម្លៃ ២ពាន់រៀលប៉ុណ្ណោះ ខណៈពីមុនលក់បានចន្លោះពី ៧ដុល្លារ ទៅ ១៥ដុល្លារ និងកាលពីឆ្នាំ ២០១៥លក់បាន ៣០ដុល្លារ ក្នុងមួយក្បាល។ ចំណែក មេក្រពើលក់បានមួយក្បាលចន្លោះពី ៣០ដុល្លារទៅ ៤០ដុល្លារ ប៉ុន្តែក៏មិនសូវមានទីផ្សារនោះដែរ។ លោកបញ្ជាក់ថា មេក្រពើពូជ ទិញចូលពីក្រៅប្រទេសមានតម្លៃជាង ១ពាន់ដុល្លារ។
សព្វថ្ងៃនេះ ក្នុងកសិដ្ឋានរបស់លោក ញ៉ែម បូរាណ មានក្រពើមេប្រមាណ ៣០០ក្បាល។ ក្រពើមេ ក្នុងមួយក្បាលអាចបង្កើតកូនបានចន្លោះពី ២០-៥០កូន។ កាលពីឆ្នាំមុន លោកបូរាណ បានឱ្យដឹងថា មេក្រពើរបស់លោក បានញាស់កូនប្រមាណ ៣០០០ពាន់ក្បាល ខណៈឆ្នាំនេះ ទំនងជាបានតែជាង ១០០០ពាន់ក្បាលប៉ុណ្ណោះ។
ម្ចាស់កសិដ្ឋានរូបនេះ បានសង្កត់ធ្ងន់ថា លោកគ្មានកម្លាំងចិត្តក្នុងការចិញ្ចឹមទៀតនោះទេ ដោយសារខ្វះទីផ្សារ និងចំណីឡើងថ្លៃ។ បើតាមលោក បូរាណ ក្នុងមួយឆ្នាំត្រូវចំណាយ ៥០ដុល្លារ សម្រាប់ក្រពើមួយក្បាល។ ពោលគឺ ក្នុងមួយខែត្រូវដាក់ចំណីឱ្យក្រពើស៊ីពីរដង ឬបួនដងតាមលទ្ធភាព។ ចំណីរបស់ក្រពើរួមមាន កំពិសសម្រាប់កូនក្រពើ និងត្រីសម្រាប់មេក្រពើ។
សម្រាប់ទីផ្សារកម្ពុជា នាំចេញក្រពើទៅប្រទេសវៀតណាម និងទៅប្រទេសថៃខ្លះ។ បច្ចុប្បន្នវៀតណាម ចាប់ផ្តើមចិញ្ចឹមក្រពើ និងមានគុណភាពខ្ពស់ ទើបធ្វើឱ្យទីផ្សារនាំចេញពីកម្ពុជា ធ្លាក់ចុះយ៉ាងគំហុក។
ដោយសារកត្តាខ្វះទីផ្សារនេះ អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាបភាគច្រើន បានសម្រេចចិត្តឈប់ចិញ្ចឹមក្រពើតទៅទៀត។ លោក បូរាណ បានបញ្ជាក់ថា ប្រសិនបើមានរោងចក្រផលិត កែច្នៃស្បែកក្រពើក្នុងស្រុកនោះ ក្រពើនឹងមានទីផ្សារឡើងវិញ។
នៅក្នុងខេត្តសៀមរាប បច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមក្រពើធំៗ ចំនួន ១៩០កសិដ្ឋាន ប៉ុន្តែសម្រាប់ការចិញ្ចឹមលក្ខណៈគ្រួសារ បានបោះបង់មួយចំនួន។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២១ បានឱ្យដឹងថា កម្ពុជា មានក្រពើចិញ្ចឹចំនួន ២៩២ ១០០ក្បាល ហើយបច្ចុប្បន្នកម្ពុជា បាននាំចេញកូនក្រពើប្រមាណ ៣២ម៉ឺនក្បាលក្នុង១ឆ្នាំ៕
ឆ្នាំ ២០១៩ ក្រសួងកសិកម្មគ្រោងពង្រីកទីផ្សារកូនក្រពើទៅកាន់ប្រទេសចិន ក្រសួងកសិកម្មជម្រុញឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ សហការជាមួយរដ្ឋបាលជលផលបង្កើនបច្ចេកទេសចិញ្ចឹម ដើម្បីពង្រីកទីផ្សារនាំចេញកូនក្រពើទៅប្រទេសចិន ខណៈដែលតម្លៃកូនក្រពើធ្លាក់ចុះ។
យោងតាមទំព័រហ្វេសប៊ុកក្រសួងកសិកម្មចេញផ្សាយនៅដើមសប្តាហ៍នេះឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប ក្នុងនោះ លោកក៏បានប្រាប់ឲ្យម្ចាស់កសិដ្ឋានឲ្យសហការជាមួយរដ្ឋបាលជលផលក្នុងការអនុវត្តការងារបច្ចេកទេសបន្ថែម ដើម្បីឲ្យកូនក្រពើត្រូវស្តង់ដាទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅក្នុងខេត្តសៀមរាប លោក ហេង វេង បានប្រាប់សារព័ត៌មាន វី.អូ.ឌី ថា ការចិញ្ចឹមក្រពើរបស់លោកមិនមានបញ្ហាបច្ចេកទេសនោះទេ តែលោកជួបបញ្ហាទីផ្សារនាំចេញ។ លោកថា ឆ្នាំនេះតម្លៃកូនក្រពើមានការធ្លាក់ចុះ។ កាលពីឆ្នាំ២០១៧ កូនក្រពើតម្លៃ៩ ទៅ១០ដុល្លារ ក្នុងមួយគីឡូក្រាម ប៉ុន្តែ បច្ចុប្បន្នលោកអាចលក់បានត្រឹមតែ៤ ទៅ៤.៥ដុល្លារប៉ុណ្ណោះ។ ក្នុងមួយឆ្នាំៗលោកលក់កូនប្រពើប្រមាណជាង៤០០០ក្បាលឲ្យឈ្មួញវៀតណាម។
លោក ហេង វេង បានបន្ថែមថា បើសិនមានទីផ្សារទៅប្រទេសចិននឹងល្ អព្រោះកូនក្រពើដែលលោកនាំចេញទៅវៀតណាម ឈ្មួញយកទៅលក់បន្តទៅប្រទេសចិន។ លោកក៏សំណូមពររដ្ឋាភិបាលឲ្យជួយសម្រួលច្បាប់ក្នុងការនាំចេញក្រពើ ដើម្បីមានភាពងាយស្រួលក្នុងការនាំចេញ។
ប្រធាននាយកដ្ឋានរដ្ឋបាលជលផល លោក អេង ជាសាន បានបញ្ជាក់បន្ថែមថា កម្ពុជាគ្រោងនឹងពង្រីកទីផ្សារនាំចេញក្រពើទៅកាន់ប្រទេសចិន និងប្រទេសផ្សេងទៀត។ លោកថា កន្លងមក ក្រសួងកសិកម្មបានចុះបញ្ជីនាំចេញក្រពើជាមួយអង្គការសាយតេស (CITES) ប្រទេសស្វីស ប៉ុន្តែមិនទាន់មានការនាំចេញនៅឡើយនោះទេ។ បច្ចុប្បន្ន កម្ពុជានាំចេញកូនក្រពើប្រមាណ ៣២ម៉ឺនក្បាលក្នុង១ឆ្នាំៗ ទៅកាន់ប្រទេសវៀតណាម និងថៃ។
កសិករចិញ្ចឹមក្រពើខេត្តសៀមរាបខាតដើមខាតចុង ព្រោះសាច់ក្រពើថោកជាងសាច់មាន់ លោក សុខ វិជ័យ បើកកសិកដ្ឋានចិញ្ចឹមក្រពើជាង១០ឆ្នាំមកហើយ។ កសិកដ្ឋានរបស់លោកមានទីតាំងស្ថិតនៅក្នុងភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ លោកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រពើបានធ្លាក់ថ្លៃយ៉ាងគំហុក ដែលពេលខ្លះមានតម្លៃមិនស្មើនឹងសាច់មាន់នៅផ្សារផង។
កសិករចិញ្ចឹមក្រពើរូបនេះបានអោយដឹងថា ក្រពើដែលលោកចិញ្ចឹមមានប្រមាណជាង៦០០ក្បាល ដោយមានទំងន់ចាប់ពី ៤០ គីឡូ ដល់ជាង ១០០គីឡូ ហើយក្រៅពីលក់សាច់ក្រពើហើយកសិកដ្ឋានរបស់លោកក៏មានកូនក្រពើទើបញាស់សម្រាប់លក់ផងដែរ។ លោកបានបន្ថែមថា សព្វថ្ងៃនេះ តម្លៃក្រពើមានការចុះថ្លៃខ្លាំង ដោយសាច់ក្រពើមួយគីឡូតម្លៃ២ដុល្លារអាមេរិក ឬស្មើជាង៨០០០ពាន់ រៀល និងកូនក្រពើទើបញាស់មួយក្បាលតម្លៃ៥ដុល្លារកន្លះប៉ុណ្ណោះ ខណៈដែលប៉ុន្មានឆ្នាំមុនកូនក្រពើថ្លៃដល់ ២៥ដុល្លារ ។
តាមរយៈការឆ្លងឆ្លើយតាមទូរស័ព្ទជាមួយភ្នាក់ងារយកព័ត៌មានខ្មែរណាស់លោក សុខ វិជ័យ បានរៀបរាប់ថាទាំងពិបាកចិត្តថា តម្លែក្រពើចុះថ្លៃបែបនេះហើយ នៅមានពេលខ្លះស្ទើរតែគ្មានឈ្មួញមកទិញផង ខណៈការចំណាយសម្រាប់ចំណីរបស់ក្រពើកាន់តែកើន។ យ៉ាងណាមិញ លោកមិនបញ្ជាក់ពីមូលហេតុនៃការចុះថ្លៃនៃតម្លៃក្រពើនោះទេ ព្រោះលោកផ្ទាល់ក៏មិនបានដឹងពីមូលហេតុអោយបានច្បាស់លាស់ដែរ។ គ្រាន់តែលោកប្រាប់ថា ពីមុនមានឈ្មួញថៃផង និងវៀតណាមផង តែបច្ចុប្បន្នឈ្មួញថៃគេលែងទិញហើយ ដោយឡែកឈ្មួញវៀតណាមវិញបញ្ចុះតម្លៃកាន់តែទាប។នេះមានន័យថា មិនត្រឹមតែមិនចំណេញទេ តែមិនរួចថ្លៃដើមផង ។
នៅពេលដែលសួររថា តើលោកចង់ផ្លាស់របរនេះដែរទេ? កសិករ សុខ វិជ័យ ឆ្លើយតបថា ទោះបីជាខាតមែនតែលោកមិនដែលគិតថា ចង់បោះបង់ចោលនោះទេ ព្រោះថា លោកមិនមានជំនាញអ្វីផ្សេងក្រៅពីចិញ្ចឹមក្រពើនោះឡើយ។ តំណាងអោយកសិករដទៃទៀតក្នុងខេត្តសៀមរាបលោក សុខ វិជ័យបានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម មេត្តាជួយរកទីផ្សារសម្រាប់ពួកគាត់ ជៀសវាងមានទីផ្សារតែមួយច្រក។
បើតាមការអោយពីម្ចាស់កសិករចិញ្ចឹមក្រពើរូបនេះ ខេត្តសៀមរាប ជាតំបន់ដែលមានកសិដ្ឋានចិញ្ចឹមក្រពើច្រើនជាងគេក្នុងប្រទេសកម្ពុជា ដោយមានកសិដ្ឋានតូចធំប្រមាណជាង១០០កកសិកដ្ឋាន និងមានចិញ្ចឹមក្រពើលក់៣០ម៉ឺនក្បាល ខណៈដែលទូទាំងប្រទេសមាន៥០ម៉ឺនក្បាល៕