ការស្រាវជ្រាវអត្ថបទនេះឡើង ដើម្បីវិភាគរកមូលហេតុដែល ប្រទេសវៀតណាម ប្រទេសថៃ សម្រុកនាំគ្នា ទិញធ្យូង ពីកម្ពុជា។ មិនមែនជារឿង ថៃ វៀតណាម គេមិនចេះផលិតទេ តែនេះជា ល្បិចក្នុងការធ្វើជំនួញ ខាងកម្ពុជា ក៍ដឹងពី ល្បិចនេះដែរ តែទប់មិនជាប់ បណ្តាលរលាយព្រៃឈើ តាមព្រំដែន អស់ ពោលគឺកន្លែងណា វាលៗជា ដីកម្ពុជា កន្លែងណាមានព្រៃឈើខៀវៗ គឺជាទឹកដី វៀតណាម ឬ ទឹកដីថៃ។ ដំបូងគេទិញ ឈើហ៊ុបល្អៗ ពេលណាកម្ពុជាកាប់ឈើធំអស់ ដូច្នេះព្រៃឈើតូច ត្រូវតែ កាប់ដុតជា ធ្យូង។ ដំបូង វៀតណាម ទិញធ្យូងតម្លៃ ៦០០រៀល/គក តែសព្វថ្ងៃ ខែវិច្ចិកា ឆ្នាំ ២០២១ នេះ វៀតណាម ហ៊ានទិញ ដល់ ១,៣០០ រៀល/គក បានន័យថា ១តោន បើសិនតម្លៃ ៦០០រៀល គឺ ចំណាយ ៦០ ម៉ឺនរៀល ប្រមាណជាង ១៥០ដុល្លា/តោន បើទិញ១,៣០០រៀល គឺចំណាយអស់ ១,៣ លានរៀល ត្រូវជា ៣២៥ដុល្លា/តោន តែ វៀតណាម ច្នៃជាធ្យូងរោងចក្រឡើងវិញតម្លៃ ២,៥០០ដុល្លា/តោន ដែលខ្មែរហៅថា ធ្យូងបរិស្ថាន !!👈
ដើម្បីបានធ្យូងព្រៃ ១ គក គេត្រូវការអុស ៦ គក បើសិនផលិតធ្យូងអនាម័យ ឬធ្យូងបរិស្ថាន គេចំណាយ ៤គកអុស/គកធ្យូងបរិស្ថាន។
បទល្មើសដឹកជញ្ជួន ធ្យូង ចេញទៅលក់នៅប្រទេសវៀតណាម តាមច្រក ទ្វេភាគី ម៉ឺន ជ័យ ខេត្តព្រៃវែង កំពុងកើតមានយ៉ាងអនាធិបតេយ្ ព្រៃវែង ៖ សកម្មភាពដឹកជញ្ជូនធ្យូងខុសច្បាប់កំពុងសំរុកដឹកចេញទាំងយប់ចេញពី ភូមិ ដំណាក់ចារ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ឆ្លងដែនតាមស្រុកកំចាយមារ ខេត្តព្រៃវែង ខណៈមន្រ្តីជំនាញពាក់ព័ន្ធប្រចាំការនៅច្រក ទ្វេភាគីម៉ឺនជ័យបានអះអាងថា ខ្លួនមិនបានដឹងទាល់តែសោះ៕
តាមប្រភពច្បាស់ការបានប្រាប់ ឲ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា ការដឹកជញ្ជូនខាងលើនេះគឺមានការឃុបឃិតគ្នាជាប្រព័ន្ធទើបក្រុមឈ្មួញអាចដឹកធ្យូងចេញទៅលក់នៅប្រទេសវៀតណាមបាន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឳ្យដឹងថា សកម្មភាពនេះគឺបានកើតមានឡើងជាច្រើនខែណាស់មកហើយដោយក្រុមឈ្មួញទាំងនោះបានប្រើប្រាស់ រថយន្ត កូរ៉េ រថយន្តសាំយ៉ុងកែឆ្នៃ នឹង រ៉ឺម៉ក ដឹកធ្យូងមិនក្រោមពី ២០ គ្រឿងទៅ ៤០គ្រឿងនោះទេ ក្នុងមួយយប់ៗ តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឫមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រីប្រចាំការនៅច្រកព្រំដែនខាងលើចាត់វិធានការទប់ស្កាត់នឹងបង្ក្រាបឡើយ ។ លោក អ៊ុំ ប៉ូល័ក្ខ ប្រធាន ទីស្នាក់ការប្រចាំច្រកទ្វេភាគីម៉ឺនជ័យនិងមន្រ្តីពាក់ព័ន្ធជាច្រើទៀត កំពុងបើកដៃឲ្យក្រុមឈ្មួញដឹកធ្យូងចេញទៅប្រទេសវៀតណាមយ៉ាងសកម្ម ។ ការមិនបង្ក្រាបនេះ ត្រូវបានក្រុមអ្នកដឹកធ្យូងទាំងនោះអះអាងថា បានបង់លុយឳ្យ សមត្ថកិច្ចប្រចាំការនៅច្រកខាងលើនេះ គ្រប់កន្លែងទាំងអស់ហើយ បូកទាំងជំនាញ រដ្ឋបាលព្រៃឈើថែមទៀតផង ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ដែលបានឃើញសកម្មភាពនេះមានការងើងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាលោក អ៊ុំ ប៉ូល័ក្ខ នឹងមន្រ្តីពាក់ព័ន្ធនៅតាម បន្ទាត់ព្រំដែនច្រកម៉ឺនជ័យ ដែលមានកម្លាំងយាមកាម ដាក់ភ្លើងបំភ្លឺ យ៉ាងតឹងរឹងបំផុតនោះ បែរជាមិនដឹង ហើយបន្តឳ្យមានបទល្មើសដឹកជញ្ជូនធ្យូងឆ្លងដែនទៅប្រទេសវៀតណាមខុសច្បាប់បានយ៉ាងរលូនបែបនេះ ពិសេសដោយមិនគិតពីហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការក្តៅគគុកមិនឲ្យមានការឆ្លងដែនទៅមករវៀងប្រទេសជិតខាងដោយគ្មានលិខិតអនុញ្ញាតនោះឡើយ។
ជាក់ស្តែងនៅយប់ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១នឹង៥៦នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២១ មានសកម្មភាព រថយន្ត នឹង រ៉ូម៉កដឹកជញ្ជូនធ្យូងដោយខុសច្បាប់ ចំនួន ៣០ គ្រឿងចេញពី ភូមិដំណាក់ចារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំឆ្លងកាត់ស្រុក កំចាយមារ ខេត្តព្រៃវែងចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនទ្វេភាគីម៉ឺនជ័យ នៅផងដែរ។
ជុំវិញសកម្មភាពនេះ លោក អ៊ុំ ប៉ូល័ក្ខ ប្រធានទីស្នាក់ការការពារព្រំដែនច្រកទ្វេភាគីម៉ឺនជ័យ បាន ឳ្យដឹងថា សព្វថ្ងៃនេះដូចជាមិនដែលឃើញមានបទល្មើសធ្យូងខុសច្បាប់ដឹកឆ្លងកាត់ទៅប្រទេសវៀតណាម តាមច្រករបស់លោកនោះទេ ហើយបើមានលោកនិងប្រាប់ថាមានហើយប៉ុន្តែពេលនេះលោកនៅភ្នំពេញមិនបានដឹងទេ។ដូច្នេះសូមឯកឧត្តម ជា សុមិទ្ឋិ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មេត្តាចាត់វិធានការឲ្យបានទាន់ពេលវេលាទៅលើមន្រ្តីគ្រាប់ល្ពៅ ទទួលសំណូក សូកប៉ាន់ កន្ទេលធំ បន្លំដេក ចាំទទួលលាភសក្ការៈដូច្នេះ ម៉្យាងទៀតគឺដើម្បីចូលរួមទទួលខុសត្រូវជាមួយរាជរដ្ឋាភិបាលកម្ពុជា កម្ចាត់ការរីករាលដាលដ៏កាចសាហាវនៃការឆ្លងជម្ងឺកូវីដ ១៩ ឲ្យចាកផុតពីប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខផងចុះ៕
ខេត្តស្វាយរៀង ៖ ឈ្មួញដឹកធ្យូងបម្រុងនាំចេញទៅប្រទេសវៀតណាមនោះធ្ងន់កហើយ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបង្ក្រាប រួចបញ្ជូនទៅមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងត្រូវឱ្យម្ចាស់ធ្យូងចូលមកដោះស្រាយដោយធ្វើការផាកពិន័យតាមច្បាប់ស្តីពីព្រៃឈើ គឺត្រូវផាកពិន័យ១គុណនឹងបី ដោយគិតតម្លៃធ្យូងក្នុង១គីឡូក្រាម ៦០០រៀលx៣=១,៨០០រៀល ក្នុងរថយន្ត១គ្រឿងដឹកធ្យូង១០តោនស្មើនឹង១៨លានរៀល។
បើតាមម្ចាស់ធ្យូងម្នាក់បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៥ មេសា ឆ្នាំ២០២០នេះថា បើរដ្ឋបាលព្រៃឈើស្វាយរៀងធ្វើការផាកពិន័យធ្យូង១០តោនគិតជាប្រាក់១៨លានរៀលក្នុងរថយន្ត១គ្រឿងគឺគាត់គ្មានប្រាក់យកទៅបង់ទេ ដោយគ្រួសាររបស់គាត់មានជីវភាពក្រីក្រគ្មានមុខរបរ ក៏ទៅខ្ចីប្រាក់ពីធនាគារដើម្បីទិញរថយន្តចាស់មួយគ្រឿងក្នុងតម្លៃ២ពាន់ដុល្លារយកមកកែច្នៃដឹកធ្យូងលក់ និងដើរប្រមូលទិញធ្យូងពីប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក្នុងតម្លៃ១គីឡូក្រាមតម្លៃ៦០០រៀល ហើយយកមកលក់ឱ្យតាមដេប៉ូក្នុងខេត្តស្វាយរៀងតម្លៃ១គីឡូក្រាម៧០០រៀល។
តាមប្រភពដដែលបានឱ្យដឹងបន្តថា មុនថ្ងៃកើតហេតុ គឺពួកគេបានដឹកយកមកលក់ឲ្យដេប៉ូមួយនៅខាងលិចផ្សារស្រុកស្វាយជ្រំចំនួនជាង៤០តោន និងមានគ្នា៤នាក់ លុះពេលដឹកយកមកថ្មីជាជើងទី២ ស្រាប់តែម្ចាស់ដេប៉ូនោះបែជាលែងទិញ ធ្វើឱ្យពួកគាត់ដេកចាំអស់២ថ្ងៃ២យប់ ហើយធ្យូងនេះគឺជាកំទេចធ្យូងតូចៗមិនអាចប្រើការបានដូចជាដាំស្លរ ឬអាំងសាច់ទេ ព្រោះជាធ្យូងផ្ទុះ មានតែលក់ចេញទៅប្រទេសវៀតណាមគេទិញយកទៅចូល រោងចក្រកិនផលិតធ្យូងជាថ្មី ទើបប្រើការបាន ដោយធ្យូងនេះប្រជាពលរដ្ឋគាស់គល់ឈើនិងមែកឈើតូចៗដុតជាធ្យូងដុំតូចៗ និងជាកម្ទេចធ្យូង ។ បើធ្យូងប្រើការបានដូចជាដាំស្ល ឬអាំងសាច់ គឺលក់ក្នុងតម្លៃ ១.២០០រៀលក្នុង១គីឡូក្រាម ។
តាមប្រភពដដែលបានឱ្យដឹងបន្តថា រីឯថ្លៃដើម ធ្យូងរបស់គាត់សរុប៦លានរៀលបូក និងថ្លៃរថយន្ត៨លានរៀលសរុប១៤លានរៀល ហើយបើផាកពិន័យ១៨លាន ដោយត្រូវដកហូតធ្យូងយកចូលរដ្ឋទាំងអស់ឲ្យតែរថយន្តវិញទេ ដូច្នេះគាត់គ្មានលទ្ធភាពរកប្រាក់មកបង់ការផាកពិន័យទេ បើរកប្រាក់មកបង់ គឺមានតែទៅខ្ចីធនាគារបន្ថែមទៀត ខាតកាន់តែច្រើន ជំពាក់ធនាគារវ័ណ្ឌក ។
ទាក់ទិននឹងករណីខាងលើនេះដែរ លោកខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានមានប្រសាសន៍ថា លោកបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀងរើធ្យូងថ្លឹង ហើយធ្វើការផាកពិន័យតាមច្បាប់ព្រៃឈើទៅ។
ទាក់ទិននឹងករណីខាងលើនេះដែរ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងបានឲ្យដឹងថា ធ្យូងមានម្ចាស់ចូលមកដោះស្រាយចំនួន៦ម្ចាស់ (៦នាក់) ហើយធ្យូងថ្លឹងសរុបមានចំនួនជាង៥០តោន ។
តាមប្រភពដដែលបានបន្តទៀតថា ការផាកពិន័យតាមច្បាប់ស្តីពីព្រៃឈើ ក្នុងមាត្រា៩៦ ចែងថាត្រូវទទួល ពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់គុណបី(៣)ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ហើយធ្យូង១គីឡូក្រាមតម្លៃ៦០០រៀលx៣=១,៨០០រៀល ក្នុង១០តោនស្មើនឹង១៨លានរៀល ។ វត្ថុតាងពិតប្រាកដនៃបទល្មើសព្រៃឈើ ត្រូវរឹបអូសជាសម្បត្តិរដ្ឋស្របតាមបទបញ្ញត្តិនៃច្បាប់នេះ ។ វត្ថុតាងផ្សេងទៀតក្រៅពីផលអនុផលព្រៃឈើ អាចប្រគល់ឲ្យសាមីុជនវិញតែក្នុងករណីប្រព្រឹត្តល្មើសនិងមាត្រា៩៦នៃច្បាប់នេះ។
តាមប្រភពដដែលបានបន្តទៀតថា ចំពោះរថយន្តដឹកធ្យូងទាំង៨គ្រឿងនេះគឺបទល្មើសនៅក្នុងស្រុក រីឯករណីចោទថា រថយន្តដឹកធ្យូងទាំងអស់នេះបម្រុងឆ្លងដែនទៅប្រទេសវៀតណាមនោះ លោកមិនបានដឹងច្បាស់ទេ ដោយមន្ត្រីរដ្ឋបាលព្រៃឈើទទួលតពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តជាអ្នកចាប់បញ្ជូនមកប្រគល់ឲ្យនៅទីកន្លែងកងរាជអាវុធហត្ថ។ ចំពោះម្ចាស់ធ្យូងបានមកជួបដោះស្រាយចំនួន៦នាក់ គឺខាងមន្ត្រីរដ្ឋបាលព្រៃឈើបានបំពេញឯកសាររួចហើយ តែពួកគាត់មិនព្រមផ្តិតមេដៃយល់ព្រមការផាកពិន័យ ដូច្នេះទើបខាងរដ្ឋបាលព្រៃឈើបានកសាងសំណុំរឿងបញ្ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមនីតិវិធី ហើយចំពោះចំណាត់ការយ៉ាងណានោះគឺជាឆន្ទានុសិទ្ធិរបស់លោកព្រះរាជអាជ្ញារ។
សូមរំលឹកផងដែរ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១២ មេសា ឆ្នាំ២០២០ មានករណីរថយន្តឈ្មួញដឹកធ្យូងចំនួន៨គ្រឿង (ក្នុងនោះរថយន្តធុនធំ៥គ្រឿង បុងតូច៣គ្រឿង) មកពីខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៣១៣ ឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែត្រូវសមត្ថកិច្ចនគបាលប្រចាំច្រកទ្វារព្រំដែនទ្វេភាគីប៉ុស្តិ៍មនមិនអនុញ្ញាត ព្រោះគ្មានច្បាប់ ឬអាជ្ញាប័ណ្ណនាំចេញ ទើបសមត្ថកិច្ចឲ្យថយក្រោយវិញ ក៏ប៉ុន្តែក្រុមឈ្មួញមិនព្រមថយក្រោយនាំគ្នាចតនៅលើថ្នល់ក្នុងភូមិបុស្សមន ឃុំបុស្សមន មានចម្ងាយពីច្រកទ្វារព្រំដែន២០០ម៉ែត្រ ហើយព្យាយាមទំនាក់ទំនងរត់ការនាំចេញរហូតដល់ព្រឹកថ្ងៃទី១៣ មេសា ក្រុមល្បាតកងរាជអាវុធហត្ថខេត្តឃើញក៏ឃាត់សួរនិងចាប់បញ្ជូនមកកងរាជអាវុធហត្ថខេត្តធ្វើការពិនិត្យឆែកឆេរ ដោយសង្ស័យមានបង្កប់ឈើប្រណីតនៅក្រោមធ្យូូង តែការរើធ្យូងពិនិត្យពុំឃើញមានបង្កប់ឈើប្រណីតទេ ក៏ប្រគល់ឲ្យមន្ត្រីខណ្ឌ័រដ្ឋបាលព្រៃស្វាយរៀងចាត់ការបន្ត។
ខណៈនោះដែរ អ្នកបើកបររថយន្តទាំង៨គ្រឿងបាននាំគ្នារត់គេចខ្លួនអស់បន្សល់ទុកតែរថយន្តនៅកន្លែងកងរាជអាវុធហត្ថខេត្ត ដោយពួកគេប្រាប់ថា ពួកគេគ្រាន់តែស៊ីឈ្នួលបើករថយន្តឲ្យគេទេ យ៉ាងណាចាំជួបជាមួយម្ចាស់ធ្យូង និងម្ចាស់រថយន្តទៅ ។ ពេលនោះគឺនៅសល់តែបុរសជាជនពិការជើងម្នាក់ ដោយគាត់នៅស្តាយរថយន្តនិងធ្យូងរបស់គាត់ ។ រហូតមកដល់ម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ មេសា ឆ្នាំ២០២០នេះ ពុំទាន់មានម្ចាស់ធ្យូង និងម្ចាស់រថយន្តណាម្នាក់មកដោះស្រាយនិងទទួលយកការផាកពិន័យទេ ដោយពួកគាត់ឆ្លើយថាគ្មានលទ្ធភាព៕
ដ
ឈ្មួញសម្រុកនាំធ្យូងចេញទៅកាន់ប្រទេសវៀតណាមតាមច្រកត្រពាំងប្លុង មេព្រៃទទួលទិសលោក ហ៊ុន វាសនា ថាក្តាប់អត់ជុំ ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៍ពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ មានរថយន្តសាំយ៉ុងកែច្នៃទ្រុងចំនួនជាង១០គ្រឿងបានសម្រុកដឹកធ្យូងចេញតាមច្រកអន្តរជាតិត្រពាំងប្លុង យកទៅលក់នៅប្រទេសវៀតណាម ដោយមិនមានមន្ត្រីជំនាញណាអើពើឡើយ។ សេចក្តីរាយការណ៍បន្តថា សព្វថ្ងៃមានក្រុមឈ្មួញជាច្រើនបាននាំធ្យូងទៅលក់នៅប្រទេសវៀតណាម ទោះបីមានការហាមឃាត់ដោយច្បាប់មិនអនុញ្ញាតឲ្យនាំចេញក៏ដោយ ក៏ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានរថយន្តដឹកធ្យូងចេញទៅក្រៅប្រទេស៨ទៅ១៥គ្រឿងដែរ ដែលក្នុងមួយគ្រឿងៗផ្ទុកធ្យូងយ៉ាងតិចពី១ទៅ២.៥តោនដែរ។
ក្រុមអ្នកតាមដានបរិស្ថានបានលើកឡើងថា ការជួញដូរធ្យូងមើលទៅវាមិនធំដុំក៏ពិតមែន ប៉ុន្តែវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រៃឈើ ព្រោះធ្យូងទាំងនោះតម្រូវយកកូនឈើមិនទាន់គ្រប់អាយុរាប់ម៉ឺនដើមទៅកែច្នៃឱ្យចេញជាធ្យូង។
ចំពោះធ្យូង ច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មបានតែនៅក្នុងស្រុក ក្នុង ទ្រង់ទ្រាយតូចបន្តិចបន្តួចប៉ុណ្ណោះ ក៏ប៉ុន្តែ នេះ ឈ្មួញដឹកក្នុងទ្រង់ទ្រាយធំ ហើយដឹកឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់ទៀត និងមិនមានសមត្ថកិច្ចជំនាញបង្ក្រាបឡើយ ពិសេសមន្រ្តីរដ្ឋបាលព្រៃឈើខណ្ឌត្បូងឃ្មុំ ហើយធ្យូងនេះផលិតពីឈើ មិនមែនធ្យូងសិប្បនិមិត្តទេ ដូច្នេះការដុតធ្យូងឈើគឺជាការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ធ្វើឲ្យបាត់បង់ព្រៃឈើធម្មជាតិធ្ងន់ធ្ងរ ។
ជុំវិញករណីខាងលើនេះនាយរងផ្នែករដ្ឋបាលព្រៃឈើមេមត់ លោក ហ៊ុន វាសនា ដែលជាអ្នកទទួលទិសនិងជាអ្នកនៅលើដងផ្លូវចំណុចបទល្មើសខាងលើ លោកបានប្រាប់មកថា ករណីនេះលោកក្តាប់អត់ជុំទេ លោកប្រាប់ឱ្យទៅសួរ លោក បែន សីម៉ា ដែលជាមន្រ្តីខណ្ឌជាអ្នកក្តាប់ផ្ទាល់ ប៉ុន្តែលោកមិនប្រាប់លេខទូរស័ព្ទឡើយ។
ចំណែក លោក សួរ ណាវី នាយផ្នែករដ្ឋបាលព្រៃឈើមេមត់វិញ ក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាម លោកមិនចូលឆ្លើយតបទេ ។
ចំពោះលោក បែន បុល្លីណា នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ មិនអាចសុំការបំភ្លឺបានទេព្រោះជាទម្លាប់គាត់មិនឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានឡើយ។
តាមប្រព័ន្ធសារទំនាក់ទំនងតេឡេក្រាម ជុំវិញករណីខាងលើនេះ ភ្នាក់ងារយើងបានសុំការបកស្រាយទៅ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ លោកបានប្រាប់ឱ្យដឹងថា ការដឹកសំពីងសំពោងបែបនេះទាក់ទងទៅនឹងប៉ូលិសចរាចរណ៍គេនឹងមានវិធានការ តែបើឆ្លងដែនគឺទាក់ទងទៅមេបុស្តិ៍និងគយ ។
ភ្នាក់ងារយើងក៏បានសុំការបំភ្លឺបន្តទៅលោកថា ចុះជំនាញមេព្រៃមានសិទ្ធិបង្រ្កាបទេ ? ចំពោះសំណួរនេះលោកមិនបានឆ្លើយតបនោះទេ?! ៕
ព្រៃវែងៈ ទោះបីជាការប្រកបអាជីវកម្មឡអុសធ្យូងត្រូវបានគេអះអាងថា ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានព្រៃឈើនៅកម្ពុជាក្ដី ប៉ុន្តែពលរដ្ឋដែលរស់នៅជិតព្រំដែនអន្តរជាតិម៉ឺនជ័យក្នុងខេត្តព្រៃវែងបានអះអាងថា ថ្មីៗនេះសកម្មភាពដឹកជញ្ជូនអុសធ្យូងទៅលក់នៅប្រទេសវៀតណាមបានកើតមានយ៉ាងគគ្រឹកគគ្រេងដោយគ្មានការត្រួតពិនិត្យពីសមត្ថកិច្ចពាក់ព័ន្ធឡើយ។
ប្រជាពលរដ្ឋក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង លោក រិន សារ៉ុម អាយុ ៥៦ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែកញ្ញាថា ក្នុងរយៈពេលជាង ១ សប្ដាហ៍កន្លងមកនេះ សកម្មភាពដឹកជញ្ជូនអុសធ្យូងតាមរថយន្តកែច្នៃ និងរ៉ឺម៉ករាប់សិបគ្រឿងយកទៅលក់នៅព្រំដែនកម្ពុជា-វៀតណាម ក្បែរច្រកព្រំដែនអន្តរជាតិម៉ឺនជ័យបានកើតមានយ៉ាងគគ្រឹកគគ្រេង។
លោក សារ៉ុម បានថ្លែងថា៖ «ក្នុង ១ ថ្ងៃយ៉ាងហោចណាស់មានរថយន្ត និងរ៉ឺម៉កដឹកធ្យូងពី ២០ ទៅ ៣០ គ្រឿង បានដឹកចេញពីខេត្តត្បូងឃ្មុំឆ្លងកាត់ភូមិស្រុករបស់យើងខ្ញុំទៅលក់ឱ្យជនជាតិវៀតណាម ដែលជាឈ្មួញកណ្ដាលនៅជាប់ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ»។
លោកបានបន្តថា៖ «គ្មានអាជ្ញាធរណាម្នាក់ឃាត់ ឬត្រួតពិនិត្យថា មានច្បាប់ ឬអត់ច្បាប់នោះទេ។ ពួកគេលក់ធ្យូងបានថ្លៃកាក់កបផងដែរ គឺក្នុង ១ គីឡូក្រាមធ្យូង លក់បានពី ១ ៣០០ រៀល ទៅ ១ ៥០០ រៀល»។
ជុំវិញករណីនេះ លោក ខៀវ សុខុម អធិការស្រុកកំចាយមារបានប្រាប់ភ្នំពេញប៉ុស្តិ៍ ដោយលោកទទួលស្គាល់ថា ពិតជាមាន សកម្មភាពដឹកជញ្ជូនធ្យូងលក់តាមរថយន្តកូរ៉េប្រភេទ ៣,៥ តោន និងរ៉ឺម៉កម៉ូតូ យ៉ាងគគ្រឹកគ្រេងមែន ប៉ុន្តែត្រង់ដឹកយកទៅលក់បន្តឱ្យជនជាតិវៀតណាមនៅជាប់ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យឬយ៉ាងណានោះ គឺលោកមិនបានដឹងទេ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំឃើញតែគេដឹកធ្យូងលក់នៅតាមភូមិ ឃុំ ស្រុកយើងហ្នឹងឯង។ ខ្ញុំពិតជាមិនបានសួរនាំពួកគេទេ ព្រោះវាមិនស្ថិតក្នុងដែនសមត្ថកិច្ចជំនាញរបស់យើងខ្ញុំជាមន្ត្រីនគរបាល។ ម្យ៉ាងទៀត ពួកអ្នកដឹកធ្យូងលក់តាមរថយន្ត និងរ៉ឺម៉កទាំងនោះ ពុំដែលបង្កបញ្ហាអសន្តិសុខដល់ពលរដ្ឋក្នុងមូលដ្ឋានយើងខ្ញុំដែរ»។
ចំណែកលោក វ៉ាន់ ពិសិដ្ឋ នាយនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា ពិតជាមានអ្នកដឹកធ្យូងមកលក់ដល់ព្រំដែនពិតមែន ប៉ុន្តែក្នុងអំឡុងពេលនេះ បើមិនមានការអនុគ្រោះខ្លះទេ ពលរដ្ឋដែលប្រកបលើមុខរបរលក់ធ្យូងនេះអាចប្រឈមនឹងកង្វះជីវភាពធ្ងន់ធ្ងរ ហើយអ្នកខ្លះអាចនឹងឈានដល់ការបាត់បង់ដីធ្លី និងផ្ទះសំបែង ដោយសារបំណុលធនាគារផង ក៏អាចថាបាន។
លោក ពិសិដ្ឋ បានថ្លែងថា៖ «យើងមិនចេះតែបង្ក្រាបចាប់គ្រប់រឿងនោះទេ។ ចំណុចខ្លះសមត្ថកិច្ចយើងក៏មានការអត់ឱនផងដែរ ព្រោះផលិតផលធ្យូងមិនមែនជាទំនិញខុសច្បាប់នោះទេ»។
យ៉ាងណាក្ដី លោក ឃឹម អូន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រៃវែងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការដឹកជញ្ជូនផលិតផល និងអនុផលព្រៃឈើ ត្រូវតែមានលិខិតអនុញ្ញាតដែលចេញដោយសមត្ថកិច្ចជំនាញ។ ស្រដៀងគ្នានេះ ការធ្វើអាជីវកម្មគ្រប់ប្រភេទទោះក្នុងលក្ខណៈគ្រួសារក្ដី គឺត្រូវតែមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬប័ណ្ណប៉ាតង់ដែលចេញដោយក្រសួង និងអង្គភាពជំនាញ។
លោកបានបញ្ជាក់ថា៖ «ជាការពិតអាជីវកម្មឡធ្យូង ដែលកាប់ឈើចេញពីព្រៃ គឺត្រូវបានហាមឃាត់ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់គម្របព្រៃឈើជាតិ។ ការដឹកជញ្ជូនផលិតផលធ្យូងពីខេត្ត ១ ទៅខេត្ត ១ គឺត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញ បើពុំនោះទេវាជាអំពើល្មើស ដែលអាចរងការពិន័យអន្តរការណ៍ ទៅតាមច្បាប់ស្ដីពីព្រៃឈើ»។
លោក ឃឹមអូន បានបន្តថា ទោះជាបែបណា អាជ្ញាធរនៅតែមានការយោគយល់ និងមានការលើកលែងផងដែរ ចំពោះសកម្មភាពនៃការប្រកបការងារចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋដូចជា ករណីដឹកជញ្ជូនអុសធ្យូងលក់ពីតំបន់ ១ ទៅតំបន់ ១ ដោយគ្មានការអនុញ្ញាតនេះជាដើម។
លោកបានបញ្ជាក់ថា៖ «បើគិតតាមផ្លូវច្បាប់គឺយើងត្រូវតែបង្ក្រាបចាប់ ប៉ុន្តែបើយើងចេះតែពីចាប់គ្រប់រឿងនោះ ពលរដ្ឋនឹងដាច់បាយ»៕
វៀតណាមបិទច្រកព្រំដែនជាមួយកម្ពុជាមែន តែនៅបើកឲ្យឈ្មួញនាំឈើធ្យូងចូលប្រទេសខ្លួនបាន ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ នៅចំណុចខាងលិចច្រកទ្វារព្រំដែនទ្វេភាគីបុសមន ចម្ងាយ២០០ម៉ែត្រ ស្ថិតនៅភូមិបុសមន ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មានរថយន្តចំនួន៨គ្រឿង (ធំ៥គ្រឿង) បានដឹកធ្យូងមកតាមផ្លូវជាតិលេខ៣១៣ រួចចុះឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន បម្រុងឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគីបុស្សមនឃុំបុសមន ។ ដោយមានមេការអ្នករត់ផ្លូវ ទៅទំនាក់ទំនងសមត្ថកិច្ចប៉ុស្តិ៍ច្រកទ្វារព្រំដែន ដោយសុំដឹកចេញ ក៏ប៉ុន្តែលោកមេប៉ុស្តិ៍មិនអនុញ្ញាតឆ្លងដែន នៅពេលយប់គ្មានច្បាប់អនុញ្ញាត ក៏ឲ្យត្រឡប់ក្រោយវិញ។
ប្រភពដដែលបានបន្តទៀតថា ក៏ប៉ុន្តែក្រុមឈ្មួញ មិនបានថយក្រោយទេ គឺឈប់នៅតាមផ្លូវថ្នល់ក្នុងភូមិជិតច្រកទ្វា ព្រំដែនលុះដល់ព្រឹកឡើង ថ្ងៃទី១៣ មេសា ទើបសមត្ថកិច្ចកងរាជអាវុធហត្ថ ចុះល្បាតឃើញក៏ឃាត់សាកសួរ និងបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី។
ទាក់ទិនករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទថា សមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់រថយន្តដឹកធ្យូងចំនួន៨គ្រឿង ដែលបម្រុងឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់។
លោកសែ វុទ្ធី បានបញ្ជាក់ថា ចំពោះធ្យូងច្បាប់អនុញ្ញាតធ្វើអាជីវកម្ម បានតែនៅក្នុងស្រុក ក្នុងទ្រង់ទ្រាយបន្តិចបន្តួចប៉ុណ្ណោះ ក៏ប៉ុន្តែនេះឈ្មួញដឹកក្នុងទ្រង់ទ្រាយធំ ហើយបម្រុងឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់ទៀតទើបប ង្ក្រា ប។ ហើយធ្យូងនេះ ផលិតពីឈើ មិនមែនធ្យូងសិប្បនិមិ្មតទេ ដូច្នេះការដុតធ្យូងឈើ គឺជាការកាប់បំផ្លា ញព្រៃ ឈើខុសច្បាប់ ធ្វើឲ្យបា ត់បង់ព្រៃឈើធម្មជាតិធ្ង ន់ ធ្ងរ។
លោកបន្តថា នៅពេលមន្ត្រីជំនាញ សាកសួររួច និងកសាងសំណុំរឿង បញ្ជូនទៅឲ្យរដ្ឋបាលព្រៃឈើស្វាយរៀង ចាត់ការបន្តតាមនីតិវិធីច្បាប់។ រីឯមហាជន បានដាក់ការស ង្ស័ យ ថា មានប ង្ក ប់ឈើប្រណិត ក្នុងធ្យូង ដោយរថយន្តដឹកធ្យូង មកពីខេត្តផ្សេងដូច្នេះ រង់ចាំមើលសមត្ថកិច្ច ធ្វើការឆេកឆេរពិនិត្យមើលជាក្រោយ៕ អត្ថបទ៖ CEN
ប្រជាពលរដ្ឋនៅព្រំដែនខេត្តបន្ទាយមានជ័យ រិះគន់សមត្ថកិច្ចច្រកព្រំដែនក្នុងស្រុកអូរជ្រៅ ថាបណ្ដោយឲ្យឈ្មួញនាំធ្យូងឆ្លងដែនទៅលក់ប្រទេសថៃតាមអំពើចិត្ត ដោយមិនមានការទប់ស្កាត់។ពលរដ្ឋព្រួយបារម្ភថា ការនាំចេញធ្យូងយូរៗនឹងធ្វើហិនហោចព្រៃឈើនៅតាមព្រំដែន ហើយទទូចឲ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការឲ្យបានតឹងរ៉ឹងចំពោះរឿងដើម្បីកុំឲ្យមាននាំធ្យូងចេញទៅក្រៅស្រុកបន្តទៀត។
ប្រជាពលរដ្ឋនៅជាប់ព្រំដែនក្នុងឃុំអូរបីជាន់សុំមិនឲ្យបញ្ចេញឈ្មោះដើម្បីសុវត្ថិភាព អះអាងនៅថ្ងៃទី១៣ វិច្ឆិកាថា ឈ្មួញដឹកធ្យូងតាមរថយន្តឆ្នៃ ជាច្រើនគ្រឿងចេញទៅលក់ប្រទេសថៃ ស្ទើរតែរៀងរាល់ថ្ងៃ តាមច្រករបៀងក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ រួមមានច្រកតំបន់៥ ច្រកណងចាន់ និងច្រកអូរបីជាន់ជាដើម ដោយមិនមានអាជ្ញាធរទប់ស្កាត់នោះទេ៖ «អ្នកដុតធ្យូងខ្មែរគេលក់ឲ្យឈ្មួញកណ្ដាល ហើយអ្នកដុតទៅលួចកាប់ឈើតាមព្រៃ ដល់អ្នកលក់ណេះវិញគេលក់ឲ្យឈ្មួញកណ្ដាលគេដឹកទៅថៃ ហើយចេះតែចេញទៅធ្វើឲ្យឈ្មួញកណ្ដាលចំណេញច្រើន។អ្នកខ្លះដឹករម៉កម៉ូតូ ខ្លះដឹកតាមរថយន្តទៅឲ្យឈ្មួញកណ្ដាល»។
ពលរដ្ឋរូបនេះបន្ថែមទៀតថា ក្រុមឈ្មួញបាននាំធ្យូងចេញទៅលក់ក្រៅស្រុកនេះ ក្នុងមួយថ្ងៃមានដល់ទៅរាប់តោនឯណោះ ហើយធ្វើសកម្មភាពជិត១០ឆ្នាំហើយ ដោយមិនដឹងថានាំចេញស្របច្បាប់ឬយ៉ាងណានោះទេ។
ចំណែកពលរដ្ឋព្រំដែនស្រុកអូរជ្រៅម្នាក់ទៀត រៀបរាប់ឲ្យដឹងថា ធ្យូងទាំងនេះក្រុមឈ្មួញប្រមូលទិញពីប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងស្រុកអូរជ្រៅ និងស្រុកស្វាយចេក។ ពលរដ្ឋរូបនេះព្រួយបារម្ភថា ទំនិញប្រភេទនេះសមត្ថកិច្ចមិនត្រូវឲ្យនាំចេញទៅលក់ក្រៅប្រទេសនោះទេ ព្រោះការដុតធ្យូងតែងនាំគ្នាដើរកាប់ព្រៃឈើយកទៅដុត ហើយធ្វើឲ្យព្រៃឈើនៅតាមព្រំដែនហិនហោចយ៉ាងឆាប់រហ័ស៖ «ដើមធ្នង់ដើមអីនៅតាមដុបតាមព្រៃ គ្មានសល់ទេ គេដើរកាប់យកអស់សូម្បីតែប៉ុនកដៃកជើងក៏គេយកដែរ ហើយគេជីកយកទាំងឫសទៀត។ ដូច្នេះបានជាខ្ញុំព្រួយបារម្ភ ប៉ុន្តែអ្នកដែលរកស៊ីរបរនេះ មានអ្នកដុតធ្យូងនោះផ្សេងអ្នកដើរកាប់ឈើនោះផ្សេង បាទមិនសល់ទេដើមឈើនៅតំបន់នេះ»។
មេឃុំអូរបីជាន់លោក តុល សារឹទ្ធ ទទួលស្គាល់ថា ប្រជាពលរដ្ឋនៅក្នុងឃុំដែលលោកគ្រប់គ្រងមានជាច្រើនគ្រួសារប្រកបរបរដុតធ្យូងលក់ ប៉ុន្តែជាការដុតតូចតាចទេ។ លោកអះអាងទៀតថា សព្វថ្ងៃការនាំធ្យូងចេញទៅលក់ប្រទេសថៃមិនមានច្រើនគួរឲ្យព្រួយបារម្ភនោះទេ៖ «វាមានមែនឃើញដឹកគោយន្តអី ដូចថាកន្លះខែឃើញម្ដងអី ហើយគាត់ឃើញម្ដងៗថាច្រើន តែវាមិនឃើញចេញរាល់ថ្ងៃ យូរចេញទៅម្ដង ហើយម្ដងប្រមូលតាមឡនីមួយៗបីបាវបួនបាវអីទេ ឲ្យបានច្រើនគាត់ដឹកចេញទៅម្ដង វាមានមែន តែបើថាឲ្យឃើញឡធ្យូងធំៗដូចអត់មានទេ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ការនាំធ្យូងចេញទៅក្រៅប្រទេសដូច្នេះទេមិនល្អនោះទេ ព្រោះធ្វើឲ្យហិនហោចព្រៃឈើ ហើយក៏មិនសូវបានផលកម្រៃមកលើពលរដ្ឋដែរ។ លោក ស៊ុំ ច័ន្ទគា បន្ថែមថា អាជ្ញាធរគួរតែរកទៅផ្សារឲ្យកសិករនៅតាមព្រំដែននាំដំឡូងមី និងស្រូវទៅលក់នៅប្រទេសថៃប្រសើរជាង នឹងធ្វើឲ្យពលរដ្ឋមានជីវភាពធូរធារមិនបាច់ធ្វើចំណាកស្រុកនោះទេ ព្រោះពលរដ្ឋនៅព្រំដែនក្នុងខេត្តនេះភាគច្រើនដាំដំឡូងមី៖ «គាត់មានជីវភាពធូរធារបែរទៅជារដូវច្រូតកាត់ រដូវប្រមូលផលបែរទៅជាកសិផលរបស់ពលរដ្ឋតម្លៃថោកខ្លាំងបន្តិចម្ដងៗអាស្រ័យទៅលើតែមាត់ឈ្មួញនោះទេ»។
ប្រជាពលរដ្ឋលើកឡើងថា សព្វថ្ងៃឈ្មួញនាំធ្យូងចេញទៅថៃនៅតែមានចំនួនច្រើននៅឡើយ ហើយបញ្ហានេះប្រសិនបើសមត្ថកិច្ចនៅតែបណ្ដោយឲ្យនាំធ្យូងចេញដោយសេរីទៀត មិនយូរឡើយព្រៃឈើដែលនៅសេសតិចតួចនៅតំបន់ព្រំដែន នឹងហិនហោចទៅជាទីវាលជាពុំខាន៕
ភ្នំពេញៈ ការនាំធ្យូងចេញទៅបរទេសដោយខុសច្បាប់ នៅតែបន្តកើតមាន បើទោះបីជាក្រសួងកសិកម្ម បានចេញអនុក្រឹត្យ និងសេចក្តីប្រកាសឲ្យមន្ត្រីរដ្ឋបាលព្រៃឈើទប់ស្កាត់យ៉ាងណាក៏ដោយ។ បន្ទាប់ពីទទួលរបាយការណ៍នាពេលថ្មីៗពីការនាំចេញធ្យូងឈើដែលមានប្រភពមកពីការកាប់ព្រៃធម្មជាតិ ទៅលក់នៅបរទេសនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីសប្តាហ៍មុន ដោយក្រើនរំឭក និងណែនាំដល់មន្ត្រីរដ្ឋបាលព្រៃឈើ និងអង្គភាពក្រោមឱវាទរបស់ខ្លួនទាំងអស់ឲ្យធ្វើការត្រួតពិនិត្យការនាំចេញធ្យូង។ ការនាំធ្យូងឈើចេញនេះ ត្រូវបានហាមឃាត់តាមរយៈមាត្រា ៣ នៃអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០០៦។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ក្រសួងសូមណែនាំដល់រដ្ឋបាលព្រៃឈើ និងអង្គភាពក្រោមឱវាទឲ្យសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តដើម្បីពិនិត្យ តាមដាន និងទប់ស្កាត់សកម្មភាពនាំចេញទៅបរទេសនូវធ្យូងឈើដែលមានប្រភពមកពីព្រៃធម្មជាតិដោយមនសិការទទួលខុសត្រូវខ្ពស់បំផុត»។
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីមន្ត្រីអភិរក្សនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងពីសហគមន៍មូលដ្ឋាន ក្នុងស្រុកសំឡូត ហើយត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយកាលពីខែមីនាកន្លងមកពីការនាំធ្យូងឈើចេញទៅប្រទេសថៃរាប់សិបតោនក្នុងមួយសប្តាហ៍សកម្មភាពនាំធ្យូងចេញ បានស្ងប់ស្ងាត់មួយរយៈ។
ទោះយ៉ាងណា ប្រភពដដែលបានឲ្យដឹងកាលពីម្សិលមិញថា សកម្មភាពនាំធ្យូងឈើចេញនោះបានកម្រើកឡើងវិញហើយ ពិសេសគឺពេលយប់ ដោយអ្នកដឹកបង់លុយឲ្យសមត្ថកិច្ចច្រក ៤០០ ។
មន្ត្រីអភិរក្សម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា៖ «ពីមុនចេញពេលថ្ងៃតែឥឡូវចេញពេលយប់ស្ងាត់ៗវិញដោយគេចង់លាក់បាំងពីភ្នែកពលរដ្ឋ និងអ្នកសារព័ត៌មាន។ គេបង់ឲ្យសមត្ថកិច្ចប្រចាំច្រក ៤០០។ បើមិនបង់គឺចេញមិនរួចទេ»។
មន្ត្រីដដែលបន្តថា ការនាំចេញធ្យូងនោះ គឺអាចមានពាក់ព័ន្ធទៅនឹងលោកអភិបាល ស្រុកសំឡូត ព្រោះថា កាលពីក្រុមអភិរក្សរបស់លោកចាប់ធ្យូង ៤០ តោនដឹកចេញទៅថៃកាលពីខែមីនាកន្លងមកអភិបាលស្រុកជាអ្នកចេញមុខទៅសម្របសម្រួល ដោយសុំបង់លុយឲ្យតែ ១ លានរៀល។ ប៉ុន្តែដោយមានការជំទាស់ហើយធ្យូងនោះវាច្រើនផង ក៏មានការព្រមព្រៀងបង់ឲ្យ ៤ លានរៀល។
«បើអភិបាលស្រុកប្រកាសបិទនោះ គឺវាចេញមិនរួចទេ។ បើដុតតែក្នុងស្រុកដាំបាយនោះគឺវាមិនងាយអស់ទេ។ តែបើនាំចេញរាប់តោនចឹង វាហិនហោចព្រៃឈើលឿន បើដឹកសុទ្ធ តែឡានកង់ ១០ រាប់ពាន់ការុងអ៊ីចឹងនោះ»។
ឈើដែលដុតធ្វើធ្យូងទាំងនោះគឺបានមកពីលួចកាប់ព្រៃឈើ ក្នុងដែនអភិរក្សភ្នំសំកុះ និងមួយចំនួនទៀតក្នុងព្រៃសហគមន៍ក្នុងស្រុកសំឡូត។
ប្រជាសហគមន៍អាយុ ៥៥ ឆ្នាំម្នាក់ ក៏បានអះអាងដែរថា កាលពីសប្តាហ៍មុន លោកបានប្រទះឃើញឡានធុនធ្ងន់កង់ ១០ មួយគ្រឿង និងធុនធម្យម ១ គ្រឿងកំពុងដឹកធ្យូងប្រមាណជាង ១០ តោនចេញពីម្តុំសាលាស្រុកសំឡូតទៅខេត្តត្រាតប្រទេសថៃតាមច្រក ៤០០ ។
ប្រជាសហគមន៍រូបនេះ លើកឡើងថា៖ «អារឿងដឹកធ្យូងរឿងអីនេះបើចៅហ្វាយស្រុក និងមេព្រៃមិនឲ្យចេញ មិនហ៊ានចេញទេ។ ពេលខ្លះដឹកចេញពេលយប់ និងជួនកាលឃើញដឹកពេលល្ងាចជិតយប់»។
ទោះយ៉ាងណា លោក អិន សៅរិទ្ធិ អភិបាលស្រុកសំឡូតបានបដិសេធការលើកឡើងនេះដោយលោកថ្លែងថា លោកហ៊ានភ្នាល់ដាក់ជីវិតបើនៅតែមានការដឹកធ្យូងចេញទៅថៃមែននោះ។
លោកបញ្ជាក់ថា៖ «ខ្ញុំថា អត់មានធ្យូងដឹកទៅថៃទេ ហើយបើមានករណីហ្នឹងវិញ ខ្ញុំភ្នាល់ដាក់ជីវិត ព្រោះខ្ញុំរឹតបន្តឹងខ្លាំងណាស់។ សហគមន៍ចេះតែនិយាយផ្តេសផ្តាស។ បើមានមែនថតរូបមក»។
លោកបន្តថា ជួនកាលសហគមន៍ឃើញគេដឹកធ្យូងទៅខេត្តប៉ៃលិន ក៏គាត់រាយការណ៍ថា ដឹកទៅថៃដែរ។ ការដឹកលក់ក្នុងស្រុកគឺអត់មានហាមឃាត់ទេ ហើយបើមាន ការរឹតបន្តឹងក្នុងស្រុកទៀតនោះ គឺធ្វើឲ្យពលរដ្ឋមួយចំនួនដែលរកស៊ីដឹកធ្យូងដាច់បាយហើយ។
លោក សៅ រិទ្ធិ ដែលជាប្រធានគណៈបញ្ជាការឯកភាពស្រុកផងនោះ ក៏បានបដិសេធផងដែរថា លោកមិនដែលបានអន្តរាគមន៍ឲ្យគេដោះលែងធ្យូងនោះទេ៕
ប្រជាពលរដ្ឋមួយចំនួននៅជាប់ព្រំដែនប្រទេសថៃ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រកបរបរដុតធ្យូងលក់រកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយមិនធ្វើចំណាកស្រុក។ ពួកគាត់ប្រកបរបរនេះដោយដើររើសគល់ឈើងាប់នៅក្នុងដីស្រែ និងដីចម្ការរបស់កសិករនៅតាមព្រំដែន រួចដឹកជញ្ជូនតាមគោយន្តយកទៅដុតធ្វើជាធ្យូងលក់ជារៀងរាល់ខែ។
បើទោះបីជារបរដុតធ្យូងរបស់ពលរដ្ឋនៅស្រុកអូរជ្រៅ រកមិនបានប្រាក់ចំណូលច្រើនធ្វើឲ្យជីវភាពធូរធារក្ដី ក៏ប៉ុន្តែរបរមួយនេះអាចជួយឲ្យពួកគាត់រស់នៅជួបជុំក្រុមគ្រួសារ និងមានសុវត្ថិភាព ជាជាងការឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដែលប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
កំពុងប្រមូលធ្យូងចេញពីឡ ក្នុងសម្លៀកបំពាក់ខោខ្លីគ្មានអាវ សម្បុរខ្មៅរាងស្គម លោក សឿន ក្រូច រស់នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ថ្លែងថា លោកប្រកបរបរដុតធ្យូងប្រហែល ១ឆ្នាំហើយ ដោយលោក និងកូនៗអាយុជាង ១០ឆ្នាំចំនួន ២នាក់ទៀត ដើររើសគល់ និងមែកឈើតាមដីស្រែរបស់អ្នកស្រុក លីយកមកដុតធ្វើធ្យូងជារៀងរាល់ថ្ងៃ។ បុរសវ័យ ៥១ឆ្នាំរូបនេះអះអាងថា គ្រួសាររបស់លោករស់បានសព្វថ្ងៃនេះ ដោយសាររបរដុតធ្យូង ដោយរកបានប្រាក់ចំណូលប្រមាណ ២០ម៉ឺនរៀល ក្នុងមួយសប្ដាហ៍៖ «ខ្ញុំនាំកូនទៅកាប់ឈើតាមដីស្រែដីភូមិ លីមកបែករលាត់ដៃរលាត់ជើងអស់ហើយ ដើម្បីជីវភាពរបស់ខ្ញុំ ព្រោះអីក្នុងស្រុកភូមិខ្ញុំគ្មានការងារអីក្រៅអំពីរបរដុតធ្យូងនេះទេ»។
លោកបន្ថែមថា របរមួយនេះ ប្រសិនបើពលរដ្ឋណាមានគោយន្តទៅដឹកគល់ឈើនៅតំបន់ឆ្ងាយ អាចរកប្រាក់ចំណូលបានច្រើនជាងលោក ព្រោះដុតធ្យូងបានច្រើន ហើយអាចរស់នៅជួបជុំគ្នាដោយមិនបាច់ទៅស្វែងរកការងារធ្វើទៅប្រទេសថៃ នោះទេ។ អ្នកប្រកបរបរនេះនៅពេលប្រមូលធ្យូងម្ដងប្រឡាក់ធ្យូងខ្មៅពេញខ្លួនស្រមេកស្រមក ស្ទើរតែមើលមិនស្គាល់ថាមនុស្សចាស់ ឬក្មេងឡើយ។
ពលរដ្ឋនៅភូមិស្នួលទ្រេត ម្នាក់ទៀត លោកស្រី អឿន សាវ៉ាត ដៃកំពុងដេរបាវធ្យូងបណ្ដើរ ផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរីបណ្ដើរថា លោកស្រីប្រកបរបរមួយនេះប្រហែល ៣ឆ្នាំហើយ គឺរស់នៅជួបជុំក្រុមគ្រួសារដោយមិនបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេស ប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ស្ត្រីវ័យជាង ៤០ឆ្នាំរូបនេះបន្ថែមថា របរមួយនេះ ពេលខ្លះគ្រួសារលោកស្រីទៅរកឈើដុតធ្យូងដោយខ្លួនឯង ហើយពេលណាៗដែលប្ដីរបស់លោកស្រីទៅរកឈើមិនទាន់ ក៏ដើរស៊ីឈ្នួលប្រមូលធ្យូងចេញពីឡឲ្យគេ ដោយច្រកដាក់បាវ ហើយបានប្រាក់ឈ្នួលប្រហែល ២ម៉ឺន ៥ពាន់រៀលក្នុងមួយថ្ងៃ៖ «បើមានការងារផ្សេងធ្វើ ខ្ញុំបង់បោះរបរដុតធ្យូងនេះហើយ តែគ្មានការងារធ្វើទេ មានតែទៅប្រទេសថៃ ស៊ីឈ្នួលដកដំឡូងឲ្យគេ តែខ្ញុំមិនទៅទេ ព្រោះទៅចោលកូន ហើយបានប្រាក់ឈ្នួលប្រហែលនឹងការងារខ្ញុំដុតធ្យូងដែរ»។
ឡដុតធ្យូងរបស់ពលរដ្ឋនៅឃុំអូរបីជាន់ ធ្វើពីដីដោយយកឈើទៅដាក់នៅខាងក្នុងឡ ហើយដុតភ្លើងដោយបិទឲ្យជិត ទុករន្ធសម្រាប់បង្ហុយផ្សែងពី ៣ ទៅ ៤កន្លែង។ ពលរដ្ឋអះអាងថា ប្រសិនបើឡតូច គេដុតទុកចោលប្រមាណ ៣ថ្ងៃ ចំណែកឡធំដែលដាក់ឈើច្រើន ទុកប្រមាណពី ៧ ទៅ ១០ថ្ងៃ ទើបគេប្រមូលធ្យូងចេញពីឡ។
ចំណែកធ្យូងដែលអ្នកស្រុកដុតបានមានឈ្មួញចាំទិញដល់ទីកន្លែង ដោយឈ្មួញយកសម្បកការុងទៅឲ្យម្ចាស់ធ្យូងច្រក រួចដឹកយកទៅលក់បន្ត ដោយតម្លៃធ្យូងចំនួន ១ម៉ឺនរៀលក្នុងមួយការុង។
អ្នកទិញធ្យូងនៅឃុំអូរបីជាន់ លោកស្រី រិទ ធឿន ថ្លែងថា លោកស្រីដឹកធ្យូងតាមគោយន្តទៅលក់នៅក្រុងប៉ោយប៉ែត និងនៅស្រុកម៉ាឡៃ ក្នុងតម្លៃលក់រាយ ១ម៉ឺន ២ពាន់រៀលក្នុងមួយការុង ហើយបានប្រាក់ចំណេញចំនួន ២ពាន់រៀលក្នុងមួយការុង។ លោកស្រីអះអាងថា ក្នុងមួយជើង ដឹកធ្យូងប្រមាណ ៧០ការុង លក់អស់តែក្នុងមួយថ្ងៃត្រឡប់មកផ្ទះវិញ ក្រោយពីផាត់ចំណាយថ្លៃប្រេង និងថ្លៃបង់ឲ្យសមត្ថកិច្ចតាមផ្លូវហើយ បានប្រាក់ចំណេញប្រមាណ ៣ម៉ឺនរៀលក្នុងមួយជើង៖ «ប៉ះថ្ងៃយើងលក់ថ្លៃបាន ១ម៉ឺន ៣ ទៅបានចំណូល ៤ម៉ឺនរៀលដែរមួយថ្ងៃ។ ខ្ញុំមិនដឹងធ្វើការងារអីក្រៅអំពីរបរលក់ធ្យូង បានជាខ្ញុំប្រកបរបរនេះ ហើយបើទៅធ្វើការនៅថៃ ខ្លាចគេចាប់ ព្រោះគ្មានប្រាក់ធ្វើលិខិតឆ្លងដែន។ ខ្ញុំមានដីស្រែដែរ តែធ្វើមិនកើត។ ខ្ញុំជំពាក់គេដោយសារធ្វើស្រែ បានជាខ្ញុំប្រកបរបរដុតធ្យូងលក់។ ខ្ញុំដើរទិញធ្យូងពីពលរដ្ឋតាមព្រំដែននៅក្នុងឃុំនេះរហូតដល់ភូមិចំការគរ ឃុំស្វាយចេក ក៏មានដែរ»។
ទាក់ទងនឹងបញ្ហានេះ មេឃុំអូរបីជាន់ លោក សួង មឿន មានប្រសាសន៍ថា របរដុតធ្យូងរបស់ពលរដ្ឋនៅជាប់ព្រំដែនឃុំមួយនេះ ជារបរបន្ថែមក្រៅអំពីការធ្វើស្រែ និងដាំដំឡូងមី។ លោកថា ពលរដ្ឋដែលប្រកបរបរនេះ ភាគច្រើនយកគល់ និងមែកឈើដែលងាប់ស្រាប់នៅតាមដីស្រែ និងដីចម្ការរបស់កសិករ៖ «មិនមានអីជាទ្រង់ទ្រាយធំ តែផ្ទះខ្លះមានគោយន្តមួយ និងឡានច្នៃមួយដឹកដើមឈើសម្រាប់ដុតខែវស្សាអ៊ីចឹង ហើយខ្លះក៏រកឈើបានមួយថ្ងៃដុតមួយថ្ងៃក៏មានដែរ»។
លោក សួង មឿន ឲ្យដឹងថា សព្វថ្ងៃពលរដ្ឋដែលប្រកបរបរដុតធ្យូងនៅក្នុងឃុំអូរបីជាន់ មានជាង ៣០គ្រួសារ ក្នុងនោះពលរដ្ឋភាគច្រើនមានដីធ្វើស្រែ និងដីចម្ការសម្រាប់ដាំដុះដោះស្រាយជីវភាពគ្រួសារដែរ តែពួកគាត់ដាំដុះមិនបានផល ហើយមិនចង់ធ្វើចំណាកស្រុក ក៏ប្រកបរបរមួយនេះដើម្បីរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុកទាំងប្រថុយប្រថាន៕
កាលពីដើមឡើយ មិនថានៅស្រុកខ្មែរ ឬនៅប្រទេសនានាក្នុងលោកនោះទេ គឺតែងនិយមប្រើប្រាស់ធ្យូង។ តាមពិតទៅធ្យូងនៅតែជាតម្រូវការចាំបាច់ទាំងការចម្អិនអាហារក្តី ឬក៏ស្ងោរសម្ភារបរិក្ខារក្តីដើម្បីធ្វើឲ្យម្ហូបអាហារមានឱជារសឈ្ងុយឆ្ងាញ់ ជាពិសេសការចម្អិនសាច់អាំង (Barbecue) តែម្តង។
ប៉ុន្តែការផលិតធ្យូងដោយខុសបច្ចេកទេសផ្ទុយនឹងស្តង់ដាដែលធ្វើឲ្យបំពុលបរិយាកាសខ្លាំង បែរជាត្រូវបានហាមឃាត់ដោយអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេងទៅវិញ។
អ៊ីចឹងតើត្រូវធ្វើដូចម្តេចដើម្បីបញ្ជាក់ឲ្យសមត្ថិកច្ចបានដឹងថាធ្យូងណាត្រូវបានអនុញ្ញាត (ធ្យូងអនាម័យ ឬធ្យូងព្រៃសម្បទានសហគមន៍) និងប្រភេទមួយណាជាធ្យូងខុសច្បាប់ ?
មកទល់ពេលនេះ ពលរដ្ឋខ្មែរនៅតែប្រើប្រាស់ធ្យូងជាមធ្យោបាយចម្អិនអាហារគឺ ៧ ភាគរយនៃប្រជាជនសរុប។ នេះបើតាមរយៈការសង្កេតសេដ្ឋកិច្ចសង្គមនៅកម្ពុជាក្នុងឆ្នាំ ២០១៧ (NIS, 2018)។ របាយការណ៍ដដែលនេះបានបង្ហាញថាក្នុង ១ ឆ្នាំតម្រូវការដើមឈើមកចូលឡច្នៃធ្វើធ្យូងមានជាង ១,៦ លានតោនហើយបានបំភាយឧស្ម័នកាបូនិច (CO2) ទៅក្នុងបរិយាកាសក៏មានដល់ទៅ ៣ លានតោន (tCO2e) ផងដែរ។
ប៉ុន្តែនៅពេលចាប់ផ្តើមគិតគូរពីរឿងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ គឺការធ្វើអាជីវកម្មធ្យូង និងដឹកជញ្ជូនធ្យូងបែរជាត្រូវបានហាមឃាត់ដោយច្បាប់ទៅវិញ ប្រសិនបើការផលិត និងការប្រើប្រាស់ធ្យូងនោះមានការបញ្ចេញឧស្ម័នលើសលប់ ផ្ទុយនឹងកម្រិតស្តង់ដានៃការបំពុលបរិយាកាស។
ចំណុចដែលមានចែងនៅក្នុងអនុក្រឹត្យចេញកាលពីឆ្នាំ ២០០០ នោះធ្វើឲ្យសមត្ថកិច្ចចាប់ផ្តើមបង្ក្រាបបទល្មើសផលិតធ្យូងដោយឡដុតអុសបញ្ចេញឧស្ម័នកាបូនិច (CO2) ច្រើនៗតាមរយៈការប្រើឡដុតបែបបុរាណមិនត្រូវតាមបច្ចេកទេស ហើយសូម្បីដឹកមកលក់នៅក្រៅខេត្តក៏ត្រូវបានសមត្ថកិច្ចចាប់ដែរ។
ករណីដុតឡធ្យូងបែបបុរាណដូចដែលបានធ្វើនៅខេត្តកំពង់ស្ពឺ ហើយនាំមកចែកចាយច្រើនជាងគេនៅក្នុងទីផ្សារ គឺអ្នកធ្វើធ្យូងតែងដើរកាប់ឈើនៅតាមតំបន់ព្រៃបានប៉ុនណា យកប៉ុណ្ណឹង ដោយមិនគិតពីឈើប្រណីត ឬក៏ឈើធម្មតានោះទេពោលគឺគ្មានប្រភពច្បាស់លាស់។
ក៏ប៉ុន្តែការចាប់ផាកពិន័យរបស់សមត្ថកិច្ចរឿងនាំធ្យូងចេញពីខេត្តផ្សេងៗមកលក់នោះ ពេលខ្លះចាប់ដោយទាំងធ្យូងអនាម័យ ឬក៏ធ្យូងដែលផលិតដោយឡធ្យូង (Ushimura) របស់សហគមន៍ព្រៃឈើដែលបានចុះបញ្ជីជាមួយអគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចហើយក៏មានដែរ ជាពិសេសធ្យូងអនាម័យមកពីខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយសមត្ថកិច្ចលើកហេតុថា គ្មានលិខិតអនុញ្ញាតឲ្យដឹកធ្យូងឆ្លងកាត់មកលក់នៅភ្នំពេញជាដើម។ នេះគឺជាបញ្ហា ដែលមិនទាន់ត្រូវបានដោះស្រាយចប់ចុងចប់ដើមនៅឡើយចំពោះលិខិតស្នាមដែលតម្រូវឲ្យមានដើម្បីបញ្ជាក់ពីភាពស្របច្បាប់របស់ធ្យូងអនាម័យ និងធ្យូងផលិតបានពីព្រៃសហគមន៍។
កន្លងមកមានការត្អូញត្អែរពីសហគមន៍ទទួលផលពីអនុផលព្រៃឈើមកធ្វើធ្យូងជុំវិញករណីផាកពិន័យលើការដឹកជញ្ជូនទំនិញធ្យូងប្រភេទនេះមករកទីផ្សារនៅរាជធានីភ្នំពេញ ដោយមិនដឹងថា តើមកពីសមត្ថកិច្ចមិនមានសមត្ថភាពមើលគុណភាពធ្យូង ឬមួយក៏ក្រសួងបរិស្ថានមិនទាន់បានចេញលិខិតអនុញ្ញាតឲ្យមានចរន្តទៅលើទីផ្សារនៃប្រភេទធ្យូងមានគុណភាពខ្ពស់ដែលប៉ះពាល់បរិស្ថានតិចតួចដូចដែលមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ ?
ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចទៅឧស្ម័នផ្ទះកញ្ចក់ (Greenhouse gas) ដែលស៊ីស្រទាប់អូហ្សូន (O3) ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូ GeresCambodia តាំងពីឆ្នាំ ២០១៥ ដោយបានរៀបចំគម្រោងសកម្មភាពជាតិកាត់បន្ថយសមស្រប (NAMA) ដូចជា ការផលិតធ្យូងអនាម័យ និងឧស្ម័នហ្គាស (Biomass) ដែលបំប្លែងចេញមកពីលាមកសត្វសម្រាប់ធ្វើចំហេះចម្អិនអាហារជាដើម និងបានវិនិយោគផលិតផលបែបនេះជាមួយក្រុមហ៊ុនឯកជន សហគមន៍ព្រៃឈើ និងអង្គការដែលធ្វើជំនួញដើម្បីសុខុមាលភាពសង្គម។
កន្លងមកគម្រោងនេះបានអនុវត្តសាកល្បងចំនួន ៤ ខេត្តរួចមកហើយ គឺខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ប៉ុន្តែបច្ចុប្បន្ននៅសល់តែ ២ ខេត្តប៉ុណ្ណោះគឺខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង។ ដោយសារតែមានបញ្ហាប្រឈមខ្លះៗដែលរារាំងដល់ការផលិតធ្យូងប្រភេទអនាម័យនេះដូចជា ការរកទីផ្សារនៅរាជធានីបានហើយ តែលំបាកដឹកជញ្ជូនចូលមកក្នុងទីក្រុងដោយសមត្ថកិច្ចយោងទៅលើអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ ដោយសារតែធ្យូងជាប្រភេទត្រូវហាមឃាត់នៅក្នុងច្បាប់នេះ បើទោះបីជាធ្យូងអនាម័យត្រូវបានផលិតដោយឡទំនើបឈ្មោះ Ushimura ដោយយកម៉ូដែលពីប្រទេសជប៉ុនដែលកាត់បន្ថយការបំភាយឧស្ម័នកាបូនិច និងគុណភាព និងបរិមាណនៃការផលិតក៏បានច្រើនជាងឡធ្យូងបុរាណក៏ដោយ។
ជាក់ស្តែងតាមរយៈរបាយការណ៍របស់អង្គការ Geres Cambodia ឆ្នាំ ២០១៨ កន្លងទៅនេះបានប្រៀបធៀបប្រសិទ្ធភាពរវាងឡធ្យូងបុរាណ និងឡធ្យូង Ushimura តាមបច្ចេកទេសរបស់អង្គការនេះគឺឡធ្យូងអនាម័យ ផលិតចំហេះមានគុណភាពខ្ពស់ ការបំភាយឧស្ម័នកាបូនិចតិច ការប្រើប្រាស់ឈើអុសក៏តិច និងជីវភាពរស់នៅរបស់អ្នកផលិតធ្យូងអនាម័យក៏បានប្រសើរជាងអ្នកផលិតធ្យូងដោយប្រើឡបុរាណដែរ។
សម្រាប់បរិមាណវិញមានន័យថា ឡធ្យូងអនាម័យអាចផលិតបានធ្យូងអនាម័យ ១ តោន ក្នុង ១ ខែ គឺសន្សំសំចៃឈើអុសបានដល់ទៅ ៤០ ភាគរយ។ ជាងនេះទៀត បើតាមបទពិសោធពីអ្នកជំនាញបច្ចេកទេសអនុវត្តផ្ទាល់ក៏បានចែករំលែកតាមរយៈឧទាហរណ៍ងាយយល់ផងដែរថា បើចង់បានធ្យូងធម្មតា ១ គីឡូក្រាម គឺប្រើឈើអុស ៦ គីឡូក្រាម ដាក់ទៅក្នុងឡធ្យូងបុរាណ ប៉ុន្តែបើចង់បានធ្យូងអនាម័យ ១ គីឡួក្រាម គឺប្រើអុសតែ ៤ គីឡូក្រាម ប៉ុណ្ណោះដាក់ចូលក្នុងឡធ្យូង Ushimaura នោះ។ ចំណែកចំហេះឧស្ម័នកាបូនិចដែលបំភាយទៅជាឧស្ម័នផ្ទះកញ្ចក់ក៏តិចជាងឡធ្យូងបុរាណដល់ទៅ ៣០ ភាគរយដែរ។
រីឯអង្គការធ្យូងបៃតងខ្មែរ (KGC) ដែលផលិតធ្យូងអនាម័យមានមូលដ្ឋាននៅរាជធានីភ្នំពេញគឺត្រូវបានដាក់ដំណើរការនៅលើទីផ្សារបានល្អ ហើយការផលិតមិនបានប្រើព្រៃឈើទេគឺបានមកពីការបំប្លែងពីកាកសំណល់រឹង ដូចជា សម្បកដូង សម្បកត្នោត កាកអំពៅ ជារួមគឺកាកសំណល់សំរាមសរីរាង្គជាដើម។ អង្គការដែលជាប្រភេទធ្វើជំនួញនេះបានលក់ធ្យូងអនាម័យក្នុង ១ ឆ្នាំៗដល់អតិថិជនដល់ទៅ ៦ ៥០០ នាក់ រីឯថវិកាលក់បានគឺសម្រាប់រួមចំណែកកាត់បន្ថយភាពក្រីក្រតាមរយៈជួយដល់គ្រួសារងាយរងគ្រោះដើម្បីផ្គត់ផ្គង់ជីវភាព និងកូនៗរបស់ពួកគេឲ្យមានលទ្ធភាពបញ្ជូនកូនទៅសាលារៀន (KGC, 2019)។
ផ្អែកលើមូលដ្ឋានជាវិជ្ជមាននៃការផលិតធ្យូងអនាម័យតាមរយៈព្រៃសហគមន៍ក្តី តាមរយៈសំរាមសរីរាង្គក្តី គឺដើម្បីឆ្លើយតបនឹងបច្ចុប្បន្នភាពនៃតម្រូវការធ្យូងអនាម័យនៅតាមទីផ្សារជាក់ស្តែងផង និងការកែប្រែគុណភាពជីវិតរបស់ពលរដ្ឋដែលជាសមាជិកព្រៃសហគមន៍ក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។
ដើម្បីធ្វើឲ្យអស់មន្ទិលពីបញ្ហាធ្យូងខុសច្បាប់ និងត្រូវច្បាប់រាជរដ្ឋាភិបាលគួរចេញលិខិតបទដ្ឋានណែនាំស្តីពីករណីលើកលែងចំពោះធ្យូងអនាម័យដែលបំភាយឧស្ម័នកាបូនិចទៅបំពុលបរិយាកាសតិចតួចជាងការបំភាយចេញពីធ្យូងប្រើឡបុរាណដូចដែលមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់នេះ។
ប្រសិនបើមានការបញ្ជាក់ច្បាស់នឹងធ្វើឲ្យសមត្ថកិច្ចអាចបែងចែកបានរវាងធ្យូងចេញពីឡបុរាណ និងធ្យូងអនាម័យដែលចេញពីឡធ្យូងអនាម័យក្រោមការគ្រប់គ្រងពីសហគមន៍ព្រៃឈើដោយមានការកាប់ព្រៃឈើតាមស្តង់ដាបច្ចេកទេសដោយយកតែឈើមិនមានគុណភាព និងកម្ទេចកម្ទីឈើដែលសល់យកមកធ្វើធ្យូងអនាម័យនេះ។
បញ្ហានេះគួរធ្វើឲ្យបានដូចការលើកលែងចំពោះធ្យូងថ្មដែលស្ថាប័នច្បាប់បានអនុម័តឲ្យបង្កើតរោងចក្រអគ្គិសនីដើរដោយប្រើធ្យូងថ្ម ខណៈរាជរដ្ឋាភិបាលក៏បានអនុម័តលើកគម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្មថ្មីផងដែរ បើទោះជាដឹងថា ធ្យូងថ្មជាប្រភេទសារធាតុពុលដូចមានចែងក្នុងអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ដែរក៏ដោយ។
ការពិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មនេះក៏បំភាយឧស្ម័នពុលដែរ ប៉ុន្តែក្រុមហ៊ុនបានអនុវត្តទៅតាមបច្ចេកទេសថ្មីក្នុងការដុតធ្យូងថ្មនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានដែលបញ្ហានេះក៏គួរមានការលើកលែងចំពោះករណីធ្យូងអនាម័យផងដែរ ៕