Friday, September 17, 2021

ស្លាកលេខរថយន្ត

 ទំព័រនេះមានបំណងញែកឲ្យដាច់ វិភាគឲ្យឃើញអំពី ស្លាកលេខរថយន្តដែលមាន ០៣ ប្រភេទ គឺ

  1. ស្លាកលេខខុសច្បាប់ Illegal Plate Number
  2. ស្លាកលេខ ក្លែងក្លាយ និង Fake Plate Number
  3. ស្លាកលេខ ស្ទួន (ដូចគ្នា) Duplicate Plate Number 
ស្លានភាពចោរលួច ខុសច្បាប់ ក្លែងក្លាយ ឬស្លាកលេខស្ទួន មិនមែនមានតែនៅកម្ពុជាទេ សឹងគ្រប់ប្រទេស កើតដួចៗគ្នា ដោយសារ តម្លៃស្លាកលេខ រថយន្តខ្ពស់ អាចក្នុងរង្វង់ ៥០០០ ដុល្លា ឧ. ស្លាកលេខត្រឹមត្រូវមួយ ចេញដោយក្រសួង ដែលអាចធ្វើចរាចរណ៍បានដោយសេរី ម្នាក់ទៀតមានរថយន្ត អត់បង់ពន្ធនាំចូល គ្មានចុះបញ្ជី ដូច្នេះគេហ៊ានទិញស្លាកលេខ ពិត សុទ្ធ បែបនេះក្នុងតម្លៃ ៥០០០ ដុល្លា !។ ពេលគាត់ យកទៅបំពាក់លើរថយន្តគាត់ វាក្លាយជាស្លាកលេខក្លែងក្លាយ ព្រោះមិនស្របជាមួយ លេខម៉ាស៊ីន លេខតួរ អត្តសញ្ញាណបណ្ណ អាស័យដ្ឋាន..។ ចំណែកលេខស្ទួន គេច្រើនប្រើសម្រាប់ក្រុមគ្រួសារគេ ដូចជាគ្រួសារអ្នកមានស្តុកស្តុម គេទិញរថយន្តស្របច្បាប់ មានពន្ធនាំចូល មានចុះបញ្ជី មានស្លាកលេខត្រូវត្រូវ បន្ទាប់​គេទិញ រថយន្តចែកកូនៗគេចំនួន ៤  គ្រឿងទៀត​ ជារថយន្តលោតឆ័ត្រ សេះហោះ ពាក់ស្លាកលេខ ដូចជាមួយ រថយន្ត១គ្រឿងខាងលើ គេអាចបើកបរបាន​ ព្រោះគ្មានអ្នកប្តឹង សុទ្ធតែជាក្រុមគ្រួសារគេ !!

ករណីស្លាកលេខដូចគ្នា​ មាន​ ០៤ ករណី អាចថា ចោរលួចស្លាកលេខហ្សីន តែម្ចាស់ពាក់ស្លាកលេខក្លែងក្លាយ ឬ កូពី Copy. វាអាចថា​ ក្រុមហ៊ុនលក់រថយន្តខុសច្បាប់ ឬ មិនចុះបញ្ជី Unregistered Dealer បានន័យថា ពួកគេ ផលិតស្លាកលេខក្លែងដាក់លក់ ដោយរថយន្តមានតម្លៃថោក បូកស្លាកលេខមានស្រាប់ ! និង អាចថា ក្រសួងនឹង អ្នកលក់រថយន្ត មិនសហការណ៍គ្នា ដូចជា អ្នកលក់មានស្លាបកលេខស្រាប់ បែបដូច់ជា អ្នកលក់ កាតទូរស័ព្ទ មានកាតរាប់សិប ដាក់ជាប់ខ្លួន ចំណែកក្រុមហ៊ុនធំ ឬ ក្រសួងចេះតែចេញ ស្លាកលេខ?

ថ្ងៃ​អង្គារ, ទី26 ខែខែ​កញ្ញា, 2017 10:56 ព្រឹក QR Code លើស្លាកលេខរថយន្ត បង្ហាញពីភាពត្រឹមត្រូវនៃការចុះបញ្ជីរថយន្ត ចាប់ពីខែកក្កដា នេះតទៅ រាល់ការចេញស្លាកលេខរថយន្ត នឹងត្រូវបានដាក់ QR Code ទាំងអស់ ដើម្បីចៀសវាសការប្រើប្រាស់ស្លាកលេខក្លែងក្លាយ ឬលេខសេះហោះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីម្សិលមិញនេះ។ ស្លាកលេខរថយន្ត ដែលបានបោះពុម្ព ចាប់ពីខែកក្កដានេះតទៅ នឹងមានអ៊ុតភ្ជាប់នូវ QR Code ហើយយ៉ាងណាស់មាន ១៥០០រថយន្ត នៅក្នុងខែកក្កដានេះ ដែលស្លាកលេខភ្ជាប់ដោយ QR Code។ ការដាក់ QR Code លើស្លាកលេខរថយន្តនេះ នឹងបង្កភាពងាយស្រួលដល់ការគ្រប់គ្រងត្រួតពិនិត្យរបស់សមត្ថកិច្ចផងដែរ ដោយគ្រាន់តែយកទូរស័ព្ទដៃស្កេនលើស្លាកលេខ វានឹងបញ្ជាក់នូវទិន្នន័យគ្រប់ទាំងអស់ រួមមានប្រភេទរថយន្ត ពណ៌ លេខតួ លេខម៉ាស៊ីន។ ចំពោះព័ត៌មានទាក់ទងនឹងឈ្មោះម្ចាស់រថយន្ត អាសយដ្ឋានរបស់ម្ចាស់យានយន្ត មិនត្រូវបានផ្តល់ឲ្យនោះទេ ដើម្បីរក្សាសុវត្ថិភាព និងជួយការពារដល់ម្ចាស់រថយន្ត។ លើសពីនេះទៅទៀត ក្រសួងសាធារណការ នឹងតភ្ជាប់ប្រព័ន្ធនេះជាមួយនឹងពន្ធដារ និងគយបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការស្វែងរកមើលថា យានយន្តមួយណាបង់ពន្ធ ឬមិនបង់ពន្ធ។ គួរជម្រាបដែរថា ក្រសួងសាធារណការ កំពុងតែសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ធ្វើការសិក្សា និងកែលម្អប្រព័ន្ធស្លាកសញ្ញាចរាចរណ៍ ការគូសសញ្ញាចរាចរណ៍ នៅទូទាំងប្រទេសផងដែរ៕

ថ្ងៃ​សុក្រ, ទី23 ខែខែ​កុម្ភៈ, 2018 07:10 ព្រឹក  ក្រសួង បង្ហាញវិធីចុះបញ្ជីយានយន្ត និងទិញស្លាកលេខតាមអនឡាញ ក្នុងពេល ១ថ្ងៃ ក្រសួងសាធារណការ និងដឹកជញ្ជូន កែប្រែប្រព័ន្ធស្វ័យប្រវត្តិកម្ម ឲ្យការទទួលសេវាចុះបញ្ជីរថយន្ត ដែលធ្លាប់ចំណាយពេល ១០ ទៅ ៣០ថ្ងៃ មកនៅត្រឹមតែ ១ថ្ងៃតែប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន។

វីដេអូនេះនឹងបង្ហាញលោកអ្នកអំពីវិធី៖

  1. – ជ្រើសរើសលេខពិសេស
  2. – ជ្រើសរើសទំហំផ្លាកលេខ
  3. – ដាក់ពាក្យស្នើសុំចុះបញ្ជី និងឯកសារភ្ជាប់
  4. – ណាត់កាលវិភាគឆៀករថយន្ត
  5. – និងទូទាត់ប្រាក់សេវាដោយខ្លួនឯង។

ប្រព័ន្ធនេះ នឹងកាត់បន្ថយចំណាយក្រៅផ្លូវការ ផ្តល់សេវាងាយស្រួល និងឆាប់រហ័ស ចំណេញវេលា អាចធ្វើបានពីគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សម្រាប់ប្រឹក្សាយោបល់បន្ថែម លើការដាក់ពាក្យ សូមទំនាក់ទំនង៖ 085 92 90 90 – 015 92 90 90 – 067 92 90 90។ យ៉ាងណាមិញ ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ត អាចធ្វើការចុះបញ្ជីរថយន្តដោយខ្លួ​​នឯងផ្ទាល់តាមរយ: អាសយដ្ឋាន៖ https://vehicle.mpwt.gov.kh/ ជ្រើសរើសនូវស្លាកលេខណាមួយ ដែលខ្លួនពេញចិត្ត និងអាចរើសទំហំវែង ឬធំ ហើយបង់ប្រាក់ជាមួយ Wing LyHour Smartluy រួចយកឯកសារច្បាប់ដើម ទៅតម្កល់នៅទីតាំងផ្តល់សេវាសាធារណ:របស់ ក្រសួងសាធារណការ ដើម្បីទទួលបានផ្លាកលេខ នឹងបណ្ណសម្គាល់រថយន្ត៕

ប៉ិច សុធារី | Publication date 21 October 2015 | 10:33 ICT នគរបាល​នឹង​ដាក់​ទោស​អ្នក​ប្រើ​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយរថយន្ត​ដឹក​ដី​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កង​យុទ្ធពល​ខេមរ​ភូមិន្ទ​បើក​តាម​ផ្លូវ​ក្នុង​រាជធានី​នា​ពេល​កន្លង​មក​។ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កង​យុទ្ធពល​ខេមរ​ភូមិន្ទ​បើក​តាម​ផ្លូវ​ក្នុង​រាជធានី​នា​ពេល​កន្លង​មក​។ រូបថត ហ្វេសប៊ុក ភ្នំពេញៈ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នឹង​​​ចាត់​វិធានការ​ដាក់​​ទោស​​ទណ្ឌ​តាម​​​ច្បាប់​ទៅលើ​​​អ្នក​បើកបរ​ទាំងឡាយ​ណា​ដែល​ប្រើប្រាស់​​ប័ណ្ណ​បើកបរ ឬ​យានជំនិះ​បំពាក់​​ស្លាក​លេខ និង​លិខិត​អនុញ្ញាត​ផ្សេងៗ​ដែល​ក្លែងក្លាយ​ព្រម​ទាំង​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ចូលរួម​ផ្តល់​ព័ត៌មាន​ក្នុង​ករណី​មាន​ការ​​សង្ស័យ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​លើក​ឡើង​ថា​កន្លង​មក​មាន​អ្នក​បើកបរ​យានយន្ត​មួយ​ចំនួន​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​ប្រើប្រាស់​ប័ណ្ណ​បើកបរ ប័ណ្ណ​​សម្គាល់​យានជំនិះ ស្លាក​លេខ​យាន​ជំនិះ​ លិខិត​អនុញ្ញាត ផ្សេងៗ​ជា​វត្ថុ​ក្លែងក្លាយ និង​ បំពាក់​ស្លាក​លេខ​យានយន្ត​ស្ទួន​គ្នា​ ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។

ដើម្បី​ចូលរួម​គោរព​ប្រតិបត្តិ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទប់ស្កាត់​​អំពើ​ល្មើស​ច្បាប់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្រិត​ទាប​នាយកដ្ឋាន​ស្នើ​ឲ្យ​សាធារណជន​ និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ចូលរួម​សហការ និង​ផ្តល់​ព័ត៌មាន​មក​កាន់​នាយកដ្ឋាន​ក្នុង​ករណី​ពិនិត្យ​ឃើញ​អ្នក​បើកបរ​ប្រើប្រាស់​ប័ណ្ណ​បើកបរ ឬ​យានជំនិះ​បំពាក់​ស្លាក​លេខ និង​លិខិត​អនុញ្ញាត​ផ្សេងៗ​ដោយ​សង្ស័យ​ជា​វត្ថុ​ក្លែងក្លាយ​តាមរយៈ​លេខ​ទូរស័ព្ទ ០២៣ ៧២០ ២៥៩, ០១២ ២២១ ២១២, ០១៧ ៨៧៨ ១៦៦, ០៦៦ ៤៤៤ ៤០៨, ០៨៩ ៧៥៦ ០០៦ និង ០៩៧ ៧៩៩ ១៥៥១។ សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា៖ «នាយកដ្ឋាន​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ជា​ធរមាន»។

ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​មាត្រា ៧៨ និង​ ៧៩ បាន​ចែង​ថា​ជន​ណា​ដែល​ចរាចរណ៍​យាន​ជំនិះ​ដោយ​ប្រើប្រាស់​ប័ណ្ណ​បើកបរ​ ប័ណ្ណ​​សម្គាល់​យាន​ជំនិះ ស្លាក​លេខ​យាន​ជំនិះ​ ឬ​លិខិត​អនុញ្ញាត​ផ្សេងៗ​ដោយ​ដឹង​ថា​ឯកសារ​ ឬ​វត្ថុ​ក្លែងក្លាយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ទៅ​ ៥ ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ៤ ទៅ​ ១០ លាន​រៀល។ ចំណែក​ជន​ណា​ក្លែង​ប័ណ្ណ​បើកបរ​ ប័ណ្ណ​សម្គាល់​យាន​ជំនិះ​ ស្លាក​លេខ​សម្គាល់​យាន​ជំនិះ ឬ​លិខិត​អនុញ្ញាត​ផ្សេងៗ​ដោយ​ចេញ​ដោយ​អ្នក​រាជការ​សាធារណៈ​ត្រូវ​ផ្តន្ទាទោស​​ដាក់​ពន្ធនាគារ​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​តាម​​ក្រម​ព្រហ្មទណ្ឌ។

អ្នក​សម្របសម្រួល​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម អាស៊ី បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ កត់សម្គាល់​ថា​ការ​បំពាក់​ស្លាក​លេខ​រថយន្ត​ស្ទួន​ភាគច្រើន​ជា​រថយន្ត​​ស៊េរី​ទំនើប​​របស់​អ្នក​មាន​លុយ​មាន​​អំណាច​ជាពិសេស​រថយន្ត​ស្លាក​លេខ ន.ប និង ខ.ម។

តែ​យ៉ាង​ណា​លោក​​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ​ដើម្បី​​ចៀសវាង​​ការ​ខាត​បង់​ចំណូល​ថវិកា​ជាតិ​​លើ​ពន្ធ​មធ្យោបាយ​លុប​បំបាត់​អំពើ​ល្មើស​ច្បាប់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ព្រោះ​រថយន្ត​ដែល​ប្រើប្រាស់​ស្លាក​លេខ ឬ​លិខិត​​ក្លែងក្លាយ​ទាំង​នោះ​ច្រើន​តែ​ជា​រថយន្ត​គេច​ពន្ធ។

លោក​ថា៖ «​យើង​ឃើញ​ហើយ​តាម​ហ្វេសប៊ុក​ជួនកាល​មាន​ឡាន​ស្លាក ខ.ម ចំនួន​ ៣ គ្រឿង ពាក់​​ស្លាក​លេខ​ស្ទួន​តែ​មួយ​អ៊ីចឹង​បើ​បើក​ឲ្យ​មាន​ការ​រាយការណ៍​ក៏​ល្អ​ដែរ​តែ​យើង​បារម្ភ​ពី​សុវត្ថិភាព​អ្នក​រាយការណ៍​ហ្នឹង​ដែរ​ដូច្នេះ​ការ​ឆ្លើយតប​ត្រូវ​តែ​ធ្វើឲ្យ​ទាន់​ពេលវេលា»៕

ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម បាន​ឃាត់​រថយន្ត​ម៉ាក​តូ​យ៉​តា ព្រូស ស៊េរី​ឆ្នាំ​២០១០ ពណ៌​ស មួយគ្រឿង តាម​បណ្ដឹង​របស់​ម្ចាស់​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​ស៊េរី ឆ្នាំ​២០១០ ពណ៌​កាំ​ម៉ៃ​មួយគ្រឿង​ទៀត​។ រថយន្ត​ទាំងពីរ​គ្រឿង ដែល​ដូច​កូនភ្លោះ​នេះ ត្រូវបាន​ម្ចាស់ បើកបរ​តាមផ្លូវ ហើយ​បំពាក់​ស្លាក​លេខ​ដូចគ្នា​បេះបិត​។​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ នៅតាម​ផ្លូវ​បេតុង ក្នុង​បុរី​ពិភពថ្មី ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​បញ្ញា សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​នគរបាល បាន​ប្រាប់ថា រថយន្ត​ម៉ាក តូយ៉ូតា ព្រូស​ទាំង ២​គ្រឿង​នោះ ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-4454 ហើយ ១​គ្រឿង ពណ៌​ស មាន​បិត​ស្កុ​ត​ខ្មៅ លើ​ស្តុ​ប​ក្រោយ​។ រថយន្ត​នេះ គ្មាន​ឯកសារ​សម្គាល់​អ្វី​ទាំងអស់ ហើយ​ស្លាក​លេខ មាន​ប្រព័ន្ធ QR Code ដែរ តែ​ស្គែ​ន​ទិន្នន័យ អត់​ចេញ​អ្វី​ឡើយ​។ គេ​សង្ស័យថា ជា​ស្លាក​លេខ​ក្លែងក្លាយ​។ ចំណែក​រថយន្ត​ព្រូស ១​គ្រឿង​ទៀត ពណ៌​កាំ​ម៉ៃ មាន​ឯកសារ​ត្រឹមត្រូវ គ្រប់គ្រាន់​ទាំងអស់ ហើយ​ប្រើ​ប្រព័ន្ធ QR Code ស្គែ​ន ចេញ​ទិន្នន័យ​ជាធម្មតា ដែល​បញ្ជាក់ថា ស្របច្បាប់​។​

​នគរបាល បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ ម្ចាស់​រថយន្ត ដែលមាន​ឯកសារ​ត្រឹមត្រូវ​គ្រប់គ្រាន់ បាន​បើកបរ​រថយន្ត​របស់​ខ្លួន ធ្វើដំណើរ​តាមផ្លូវ​បេតុង​បុរី​ពិភពថ្មី ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​បញ្ញា សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ខណៈនោះ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល ដោយ​គាត់​បាន​ប្រទះឃើញ​រថយន្ត​ព្រូស បិត​ស្កុ​ត​ស្តុ​ប​ខ្មៅ​នោះ ពាក់​ស្លាក​លេខ​ដូច​រថយន្ត​របស់ខ្លួន កំពុង​បើកបរ នៅតាម​ផ្លូវ​ជាមួយគ្នា​នោះដែរ​។​

​ប្រភព​ដដែល បាន​បន្តទៀតថា ពេលនោះ គាត់​ក៏បាន​ដេញតាម និង​ប្ដឹង​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម ជួយ​ឃាត់​ទាំង​រថយន្ត និង​ទាំង​អ្នកបើកបរ នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​តែម្ដង​។ ពេល​នាំទៅដល់​ប៉ុស្តិ៍​សំរោងក្រោម នគរបាល បាន​សួរនាំ​អ្នកបើកបរ​រថយន្ត​សង្ស័យ​នោះ ដើម្បី​រក​ឯកសារ​សម្គាល់​យានយន្ត​។ ប៉ុន្តែ​បុរស​នោះ បាន​ឆ្លើយថា អត់​មាន​ទេ មិនតែប៉ុណ្ណោះ បុរស​នោះ បាន​និយាយទៀតថា រថយន្ត​នេះ ពុំមែន​ជា​របស់ខ្លួន​ឡើយ គឺ​ខ្លួន​បាន​ខ្ចី​ពី​បងប្អូន​ជីដូនមួយ ជិះ​តែប៉ុណ្ណោះ​។​ក្រោយមក នគរបាល បានសម្រេច​ដកហូតរ​ថ​យន្ត​ទាំង ២​គ្រឿង ទុក​សិន ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​រង់ចាំ​មន្ត្រី​ជំនាញ ក្រសួង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យ​បន្តទៀត​។ ជា​ចុងក្រោយ ម្ចាស់​រថយន្ត​ព្រូស ដែលមាន​ឯកសារ​ត្រឹមត្រូវ បានសម្រេច​ឈប់​ប្ដឹង តែ​សំណូមពរ​ឲ្យ​នគរបាល ជួយ​ដកហូតយក​ស្លាក​លេខ​ពី​រថយន្ត​សង្ស័យ​នោះ​ទុក​៕ យន់ ស៊ីថា​

២៨-០៩-២០១៨ [BANGKOK POST] - ស្រេច! ដឹងការពិតមូលហេតុឡាន PRIUS ពីរគ្រឿងពាក់ស្លាកលេខ 2AM-3005 ដូចគ្នាកំពុងល្បីខ្លាំង រឿងឡាន Prius ពីរគ្រឿងដោយមួយពណ៌ឈាមជ្រូកស៊េរី ០៥ និងមួយទៀតស៊េរី ២០១២ ពណ៌ស ពាក់ស្លាកលេខ 2AM-3005 ដូចគ្នា តាមពិត ឡាន Prius ស៊េរី ២០១២ ពណ៌សនោះម្ចាស់បានលួច ស្លាកលេខគេមកដាក់ប៉ុណ្ណោះ តែចៃដន្យជនរងគ្រោះឃើញក៏ប្តឹងមកសមត្ថកិច្ច ក្រោយបាត់ស្លាកលេខ ឡានខ្លួនតាំងពីខែមិថុនា ឆ្នាំ ២០១៨ មកម្ល៉េះ។ សមត្ថកិច្ចបានចាប់បានបុរសម្នាក់ ដែលបានលួចស្លាកលេខឡាន 2AM-3005 យកមក ដាក់លើឡានម៉ាក Prius ស៊េរី ២០១២ ពណ៌សរបស់ខ្លួនយ៉ាងសង្ហារ ក្រោយជនរងគ្រោះជា ម្ចាស់ស្លាកលេខឡានបានប្រទះឃើញ​ឡានជនសង្ស័យមានស្លាកលេខដូចខ្លួន។ ហេតុការណ៍ចុះឃាត់ខ្លួននេះ ដោយមានពាក្យបណ្ដឹងជនរងគ្រោះ ហើយខាង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារថ្មី ៣ ខណ្ឌដូនពេញ ដោយបានឃាត់ខ្លួនយកជនសង្ស័យឈ្មោះ ផុន ផានិត ភេទ ប្រុស អាយុ ២៨ ឆ្នាំ មកនគដបាលរដ្ឋបាលប៉ុស្តិ៍ទំពុន១ ខណ្ឌមានជ័យតែម្តង ក្រោយ ជនរងគ្រោះជាម្ចាស់ឡាន Prius ពណ៌ឈាមជ្រូកស៊េរី ០៥ នោះឃើញឡានជនសង្ស័យនៅម្តុំស្តុកសូរិយាម៉ល។ តាមពិតទៅរថយន្ត Prius ស៊េរី ២០១២ ពណ៌សរបស់ជនសង្ស័យ បានទិញពីឈ្មោះ ហុង ស្រី ភេទស្រី អាយុ ២៨ឆ្នាំតម្លៃតែ ១២ ៥០០ ដុល្លារ ដោយអត់ពន្ធ ក៏កើតចិត្តទៅលួចស្លាកលេខ 2AM-3005 របស់ជនរងគ្រោះមកដាក់ឡានខ្លួន ហើយខណៈជនរងគ្រោះដាក់ពាក់បណ្តឹង ក៏ចៃដន្យឃើញឡាន ជនសង្ស័យមានស្លាកលេខដូចខ្លួនតែម្តង ហើយក៏ប្តឹងទៅសមត្ថកិច្ចមកចុះចាប់ដល់កន្លែង៕

ចុះបញ្ជីយានជំនិះ នៅក្នុងប្រទេសកម្ពុជា ប្រសិនបើលោកអ្នកចង់ចរាចរយានជំនិះរបស់លោកអ្នក នៅតាមដងផ្លូវ ដោយ​ស្របច្បាប់ លោកអ្នកត្រូវតែធ្វើការចុះបញ្ជីយានជំនិះរបស់លោកអ្នក ទៅតាមនីតិវិធីច្បាប់ដែលបាន កំណត់។ ចំពោះការចុះបញ្ជីរថយន្ត លោកអ្នកអាចធ្វើការស្នើសុំចុះបញ្ជីដោយខ្លួនឯងបាតាមរយៈប្រព័ន្ធ ស្វ័យ​ប្រវត្តិ​កម្មចុះបញ្ជីយានយន្ត ដែលមានអាសយដ្ឋាន https://vehicle.mpwt.gov.kh ដោយលោកអ្នកអាច ជ្រើសរើស​ផ្លាក​លេខ​ដែលលោកអ្នកពេញចិត្ត ហើយធ្វើការបំពេញព័ត៌មានចុះបញ្ជីដោយខ្លួនឯង ដោយមិនចាំបាច់ធ្វើ​ការ​ចំណាយ​ក្រៅផ្លូវការផ្សេងៗ។

លក្ខខណ្ឌដែលអាចចុះបញ្ជីរថយន្តដោយខ្លួនឯងបាន លោកអ្នកត្រូវបង្កើតគណនីមួយ រួចបំពេញព័ត៌​មានផ្ទាល់ខ្លួន ព័ត៌មានរថយន្ត ព្រមទាំងបញ្ចូលរូបភាពបង្កាន់ដៃពន្ធនាំចូល លិខិតទិញលក់រថយន្ត វិញ្ញាបន​បត្រ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេស រួមជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវ​ភៅ​គ្រួសារ របស់ម្ចាស់រថយន្ត។ ក្រោយបំពេញព័ត៌មានគ្រប់គ្រាន់ហើយ លោកអ្នកធ្វើការ បោះពុម្ពវិក្កយបត្រ ដើម្បីបង់ប្រាក់ជាមួយបញ្ជរ វីង ឬស្មាតលុយ ឬលីហួរ ឬក៏តាមគណនីវីងផ្ទាល់ខ្លួន របស់លោកអ្នក។ សម្រាប់តម្លៃសេវានៃការចុះបញ្ជីរថយន្ត លោកអ្នកត្រូវបង់ប្រាក់ចំនួន ១២៥,០០០ រៀល បូកជាមួយនឹង​តម្លៃ​ផ្លាក​លេខនីមួយៗដែលលោកអ្នកពេញចិត្ត។

ចំពោះការចុះបញ្ជីទោចក្រយានយន្ត ឬត្រីចក្រយានយន្ត លោកអ្នកអាចធ្វើការចុះបញ្ជីជាមួយនឹង ហាងលក់ម៉ូតូទូទាំងប្រទេស និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្តនីមួយៗ ឬនៅ តាមការិយាល័យច្រកចេញចូលតែមួយ គ្រប់ខណ្ឌនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនីមួយៗ។ សម្រាប់តម្លៃនៃការចុះបញ្ជីទោចក្រយានយន្ត និងត្រីចក្រយានយន្ត លោកអ្នកត្រូវចំណាយ ៤០,០០០ រៀល ហើយលោកអ្នកអាចទទួលបានផ្លាកលេខភ្លាមៗនៅនឹងកន្លែង ដែលលោកអ្នកស្នើសុំចុះបញ្ជី។ ដោយឡែក បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្តរបស់លោកអ្នក នឹងត្រូវចេញជូនតាម ក្រោយបន្ទាប់​ពីរង់​ចាំមន្ត្រីពិនិត្យ និងអនុម័ត ដើម្បីធ្វើការបោះពុម្ព៕

2020-09-22 04:27pm (កំពង់ឆ្នាំង)៖ បន្ទាប់ពីពិនិត្យឃើញមានភាពមិនប្រក្រតីចំពោះរថយន្តធុនធំដឹកទំនិញចំនួន២គ្រឿង ដែលមានពាក់ស្លាកលេខដូចគ្នា ដឹកទំនិញចេញពីខេត្តបាត់ដំបងឆ្លង កាត់ខេត្តកំពង់ឆ្នាំង ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បញ្ជាឲ្យប៉ូលីសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ ដើម្បីត្រួតពិនិត្យស្លាកលេខ និងទំនិញនៅលើរថយន្ត។

រថយន្តធុនធំដឹកទំនិញទាំងពីរគ្រឿងនេះ គឺជាប្រភេទរថយន្តសឺមីសណ្ដោងរ៉ឺម៉ក បន្ទាប់ពីសមត្ថកិច្ចបានឃាត់ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងរួចមក សមត្ថកិច្ចជំនាញបានរកឃើញថារថយន្តទាំង២គ្រឿងនេះ ប្រាកដជាប្រើប្រាស់ស្លាកលេខក្លែងក្លាយដូចគ្នាពិតមែន។

  1. *ទី១៖ រថយន្តម៉ាក HYUNAI ពណ៌ទឹកប៊ិច ពាក់ផ្លាកកលេខតាកែវ 3A-1438 កន្ទុយរ៉ឺម៉កសណ្ដោង ពាក់ផ្លាកលេខ ភ្នំពេញ 4A-2487។ ឯកសារបង់ពន្ធផ្លូវ គឺផ្លាកលេខភ្នំពេញ 3A-3180 បើកបរដោយឈ្មោះ ជឿន បូទុំ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
  2. *ទី២៖ រថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-1438 ដូចរថយន្តខាងលើដែរជាប្រភេទរថយន្ត សឺមីសណ្ដោងរ៉ឺម៉កដូចគ្នា កន្ទុយសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខតាកែវ 4A- 0881 បើកបរដោយឈ្មោះ សុខ ពៅ អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចាត់ឱ្យសមត្ថកិច្ចចំរុះដែលមានសមាសភាពរួមមាន៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, នគរបាលចរាចរណ៍ផ្លូវគោក, មន្ត្រីគយសាខាខេត្ត ដឹកនាំដោយលោកព្រះរាជអាជ្ញារង ទី មុន្និន ដើម្បីធ្វើការឆែរឆេរត្រួតពិនិត្យផ្ទៀងផ្ទាត់ទំនិញនៅលើរថយន្តទាំង២គ្រឿងនេះ ខ្លាចមានបង្កប់ទំនិញគេចពន្ធ រីឯរថយន្តទាំង២គ្រឿងនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ ធារី ភេទស្រី និងឈ្មោះ និត ដោយមានបិទឡូហ្គូដឹកជញ្ជូនរបស់ក្រុមហ៊ុនអក្សរ K នៅលើកញ្ចក់រថយន្តទាំង២គ្រឿងនេះផងដែរ។

លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង លោកបានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា ការឆែកឆេរទំនិញនៅលើរថយន្តទាំង២ គ្រឿងនេះ គឺបានប្រព្រឹត្តទៅតាំងពីព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២០ នឹងរួចរាល់នៅវេលាម៉ោង ៣រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០នេះ។

លទ្ធផលនៃការឆែកឆេរត្រួត ពិនិត្យទំនិញនៅលើរថយន្តទាំងពីរគ្រឿងនោះ កម្លាំងចម្រុះបានរកឃើញមានតែមីមួយមុខតែប៉ុណ្ណោះ រីឯថាតើទំនិញលើសការ កំណត់បង់ពន្ធ ឬយ៉ាងណាៗនោះលោកមិនបានដឹងទេ រឿងនេះទាក់ទងទៅនឹងនីតិវិធីរបស់មន្ត្រីគយ។

ចំពោះរថយន្តទាំងពីរគ្រឿងខាងលើនេះប្រើ ប្រាស់ស្លាកលេខក្លែងក្លាយ គឺខុសទៅនឹងផ្លូវច្បាប់ទាំងស្រុងដែលគេអាចចោទបាន ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង។ ឥឡូវចំពោះរថយន្តទាំង២គ្រឿងនេះ បន្ទាប់ពីរើទំនិញចេញហើយលោក នឹងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំចំណាត់ការពីតុលាការ។

បើយោងតាមប្រភពក្រៅផ្លូវការ ដែលបានបង្ហើបប្រាប់ឲ្យដឹងថា ថ្ងៃដែលសមត្ថកិច្ចឃាត់រថយន្ដពីរគ្រឿងខាងលើនេះ គឺរថយន្តទាំងអស់មាន ៣គ្រឿងដែលពាក់ស្លាកលេខតែមួយដូចគ្នា ដោយឡែកមួយគ្រឿងទៀត បានបើកហួសទៅបាត់ នៅសល់តែពីរគ្រឿងត្រូវបានសមត្ថកិច្ចឃាត់បាន ហើយរថយន្តទាំងអស់ខាងលើនេះ ពេលឡើងអីវ៉ាន់នៅផែស្ងួត លីគា បាត់ដំបងរថយន្តទាំងអស់បានដូរស្លាកលេខទៅជាស្លាកលេខតាកែវ 3A-1438 វិញមុនគយធ្វើការត្រួតពិនិត្យ ហើយរថយន្តទាំងអស់ផងដែរគឺគេកំណត់២ម៉ោង ឲ្យចេញម្ដង។

ប្រភពបានបង្ហើបបន្តទៀតថា រថយន្តដឹក ទំនិញទាំងអស់ ពេលបើកឆ្លងកាត់ខេត្តពុំបានឆ្លងកាត់ការត្រួតពិនិត្យតាមខេត្តនីមួយៗរហូតដល់ភ្នំពេញ។ ហើយរថយន្តទាំងអស់ខាងលើនេះផងដែរ ពេលសមត្ថកិច្ចឃាត់ភ្លាមសួររកឯកសារអនុញ្ញាតិការដឹកជញ្ជូន រកពុំឃើញមានឯកសារដែលពាក់ព័ន្ធក្នុងការដឹកជញ្ជូននោះឡើយ។

ជុំវិញករណីទាំងអស់នេះ សមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋសង្ឃឹមថា តុលាការនឹងស៊ើបអង្កេតយ៉ាងច្បាស់លាស់ដើម្បីវែកមុខ រកម្ចាស់រថយន្ត ក៏ដូចជាមន្ត្រីខូចមួយចំនួន ដែលបានពាក់ព័ន្ធ ដើម្បីយកមកកាត់ទោសក្នុងពេលឆាប់ៗខាងមុខនេះ៕

ឃុត សុភចរិយា | Publication date 30 November 2020 | 08:50 ICT តុលាការ​ឃុំខ្លួន​បុរស​ម្នាក់​ពី​បទ​ក្លែងបន្លំ​ឯកសារ ប្រើស្លាក​លេខ​រថយន្ត​ក្លែងក្លាយ កំពង់ឆ្នាំងៈ សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​​ បាន​សម្រេច​ឱ្យ​សមត្ថកិច្ច​ឃុំខ្លួន​បុរស​ម្នាក់​នៅ​ថ្ងៃទី​ ២៨ ខែ​វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ជនសង្ស័យ​​ពី​បទក្លែងបន្លំ​ឯកសារ​ (យានយន្ត) ​និង​ប្រើប្រាស់​ស្លាកលេខ​ក្លែងក្លាយ។ នេះ​បើ​តាម​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ។

លោក​ ហង្ស សុជាតិ ​ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​​ជនសង្ស័យ​ឈ្មោះ​​ ឃឹម ប៊ុនធឿន ​មាន​លំនៅ​ភូមិ​ត្រពាំងពោធិ៍ ​ឃុំ​ពង្រ ​ស្រុក​រលាប្អៀរ ​ខេត្ត​កំពង់ឆ្នាំង ​ត្រូវបាន​ឃាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី ២៦ ​ខែវិច្ឆិកា ​ឆ្នាំ ២០២០ ​ខណៈ​ដែល​ជនសង្ស័យ​កំពុង​ធ្វើដំណើរ​នៅ​ឃុំខ្សា ​ស្រុក​រលាប្អៀរ។លោក ហង្ស សុជាតិ បាន​ថ្លែងថា​៖ «ជនសង្ស័យ​បានប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​ក្លែងក្លាយ»។ បើ​តាម​មន្ត្រី​អាវុធហត្ថ​រូបនេះ​ជនសង្ស័យ​មាន​មុខរបរ​បើក​ហ្គារ៉ាស់​ជួសជុល​រថយន្ត ​និង​​ប្រមូល​ទិញ-លក់​រថយន្ត​ដែល​នាំចូល​គេច​ពន្ធ​ពី​ប្រទេស​វៀតណាម។ នៅ​ថ្ងៃ​ឃាត់​ខ្លួនជន​នោះ សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​រថយន្ត​ LEXUS RX 400h ​ពណ៌ស​ ១ គ្រឿង​ដែល​ជនសង្ស័យ​កំពុង​ប្រើប្រាស់​មាន​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ ភ្នំពេញ​ BD-9326 ​និង​ប្រភេទ​រថយន្ត​ទំនើបៗ​ជាច្រើន​ទៀត​ដែល​មាន​តម្លៃ​ចន្លោះ​ចាប់ពី​ ៧ ៥០០ ដុល្លារ ទៅ​ ២០ ០០០ ​ដុល្លារ​អាមេរិក។

លោក​បានបន្ថែម​ថា ​តាម​ការស្រាវជ្រាវ​ស្លាក​លេខ​ភ្នំពេញ​ BD-9326 ​ជា​ស្លាកលេខ​របស់​រថយន្ត HIGH- LANDER ​ស៊េរី​ឆ្នាំ ២០០២ ​ពណ៌​ខ្មៅ​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ GUO CHAO-YANG។ ក្រៅពី​ស្លាក​លេខ​នេះ​សមត្ថកិច្ច​ក៏​បានរក​ឃើញ​ស្លាក​លេខ​រថយន្ត​មួយចំនួន​ផ្សេង​ទៀត​ដែល​សង្ស័យ ជនសង្ស័យ​ប្រមូល​ទិញ​ «ផលចោរកម្ម» ​ផង​ដែរ។

កាលពី​រសៀល​ថ្ងៃសៅរ៍ ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​មន្ត្រី​ជំនាញ​មន្ទីរ​យុត្តិធម៌​ខេត្ត​កំពង់ឆ្នាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

ជុំវិញ​ករណី​នេះ​លោក អ៊ីត សុធា​ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​អាទិត្យ​​ថា ​ក្រោយពី​បញ្ចប់​ការស៊ើបសួរ​ ជនសង្ស័យ​ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ ​«ក្លែងបន្លំ​ឯកសារ​​(យានយន្ត​) ​និង​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ»។ ករណីនេះ តុលាការ​ក៏បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​នាំ​យក​ជនសង្ស័យ​ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ ដើម្បី​ធ្វើការស្រាវជ្រាវ​បន្ថែម និង​រង់ចាំ​ការបើក​សវនាការ​ជំនុំជម្រះ​ជា​ក្រោយ។

ជាមួយ​គ្នា​នេះ​លោក​ព្រះរាជអាជ្ញា​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន ដែល​បាន​បាត់​ស្លាកលេខ​រថយន្ត ​ឬ​ក៏បាត់​រថយន្ត​នាពេល​កន្លង​មក​នោះ​ ពួកគេ​អាច​មក​ពិនិត្យ ​និង​ទំនាក់ទំនង​ផ្ទាល់​នៅ​ស្ថាប័ន​អយ្យការអមសាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ដោយ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​រថយន្ត​មក​ជាមួយ​ផង៕

ដោយ ហ៊ុយ វណ្ណៈ 2008-10-24 ការប្រើប្រាស់​ដោយ​មិន​ត្រឹម​ត្រូវ​ នូវ​ផ្លាក​លេខ​រថយន្ត​ទាហាន​និង​នគរបាល រថយន្ត​និង​ទោចក្រ​យាន​យន្ត​ដែល​មាន​ពាក់​ផ្លាក​លេខ​ខេមរ​ភូមិន្ទ​និង​ពាក់​ផ្លាក​លេខ​នគរបាល​ផង​នោះ ត្រូវ​គេ​សង្កេត​ឃើញ​ជន​ពាក់​ឯកសណ្ឋាន​ស៊ីវិល​និង​យុវជន​ផង បាន​កំពុង​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ ឬ​ធ្វើ​ចរាចរណ៍​ជា​ការកម្សាន្ត​នៅ​លើ​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា។ ជុំវិញ​ការប្រើប្រាស់​រថយន្ត​របស់​ជន​ស៊ីវិល ដោយ​មាន​ពាក់​ផ្លាក​លេខ​ផ្លូវការ​របស់​រដ្ឋ គឺ​ផ្លាក​លេខ​ខេមរ​ភូមិន្ទ​និង​ពាក់​ផ្លាក​លេខ​នគរបាល​នោះ លោក កែវ សាវិន ជា​ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន និង​ជា​សមាជិក​ក្រុម​ការងារ​តាក់តែង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក បាន​ថ្លែង​ថា រថយន្ត​របស់​កម្មសិទ្ធិ​ជន​ស៊ីវិល​ដែល​ពាក់​ផ្លាក​លេខ​រដ្ឋ​ទាំង​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​រថយន្ត​ខុស​ច្បាប់។

លោក កែវ សាវិន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ឡាន​ដែល​គេ​ជិះ​រាល់​ថ្ងៃ​នេះ មាន​ឡង់​គ្រិស័រ មាន​ឡាន​តូច ឡាន​ធំ មាន​ម៉ូតូ ដែល​មាន​ដាក់​ស្លាក​លេខ​ទាំង​អស់​នេះ គឺ​សុទ្ធ​តែ​ក្លែងក្លាយ​ទាំង​អស់ គឺ​ខុស​ច្បាប់ មិន​ថា ក្លែងក្លាយ​ទេ គឺ​គេ​ចុះ​បញ្ជី​របស់​គេ​ត្រឹមត្រូវ ប៉ុន្តែ​ខុស​ច្បាប់​ទាំង​អស់។ ហើយ​បើ​ថា របស់​ខ្លួន​ជា​របស់​រដ្ឋ​មែន គឺ​លេខ​នគរបាល​ជាតិ គឺ​មាន​លេខ​រដ្ឋ ០៧ ហើយ​ខាង​យោធា គឺ​រដ្ឋ​០៦។ អ៊ីចឹង​បើ​ថា​ជា​របស់​រដ្ឋ គឺ​ត្រូវ​តែ​ទៅ​ពាក់​លេខ ០៦ ឬ ០៧ ប៉ុន្តែ​បើ​ពាក់ ន.ប. ឬ​ក៏​ខេមរភូមិន្ទ ជញ្ជាំង​វា​ដាច់​ខាត​ត្រូវ​តែ​ដាក់​ឡូហ្គោ ពីព្រោះ​ជា​ឡាន​ដែល​ដាក់​សញ្ញា​ឡូហ្គោ​ទៅ​តាម​ប្រភេទ​ពណ៌ ដែល​អង្គភាព​គេ​ត្រូវ​ដាក់»។

រថយន្ត​ភាគ​ច្រើន​ដែល​មាន​ពាក់​ផ្លាក​លេខ​ខេមរ​ភូមិន្ទ ឬ​ពាក់​ផ្លាក​លេខ​នគរបាល ត្រូវ​គេ​សង្កេត​ឃើញ​ថា មិន​មាន​ពាក់​រូប​សញ្ញា​ខេមរភូមិន្ទ ឬ​រូប​សញ្ញា​នគរបាល​ជាតិ​នៅ​លើ​ជញ្ជាំង​រថយន្ត​នោះ​ឡើយ។

លោក កែវ សាវិន បាន​អធិប្បាយ​តាម​ផ្លូវ​ច្បាប់​អំពី​របៀប​នៃ​ការ​ប្រើប្រាស់​រថយន្ត​ដែល​ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ ឬ​ពាក់​ផ្លាក​លេខ​នគរបាល​ទាំង​នេះ​យ៉ាង​ដូច្នេះ​ថា៖ «របស់​រដ្ឋ​ហ្នឹង គឺ​គេ​ដាក់​នគរបាល ឬ​ក៏​ខេមរភូមិន្ទ​ហ្នឹង គឺ​ជា​ស្លាក​លេខ​សម្រាប់​យានយន្ត​ពិសេស សម្រាប់​តែ​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​ដឹកទ័ព ឬក៏​បំពាក់​ទៅ​លើ​[រថ​ពាស​ដែក] ឬ​ក៏​រថក្រោះ ឬ​ក៏​ថា យានយន្ត​ពិសេស​ដើម្បី​បម្រើ​ឲ្យ​សុវត្ថិភាព​ដឹក​ជញ្ជូន​ទ័ព សុវត្ថិភាព​អី​ទេ។ ហើយ​ស្លាក​ហ្នឹង គឺ​យាន​ទាំង​ឡាយ​នោះ គឺ​សុទ្ធ​តែ​មាន​ឡូហ្គោ​ទាំង​អស់ ឡូហ្គោ​របស់​កង​ខេមរភូមិន្ទ ឡូហ្គោ របស់​នគរបាល​ជាតិ»។

លោក កែវ សាវិន មាន​ប្រសាសន៍​បន្ត​ទៀត​ថា ៖ «ហើយ​មិន​អាច​យក​ប័ណ្ណ​បើកបរ​សម្រាប់​បើក​យានយន្ត​បាន​ជម្រាប​ជូន​អម្បាញ់​មិញ​ហ្នឹង មក​បើក​លើ​ផ្លូវ​សាធារណៈ​ដូច​យាន​យន្ត​សាមញ្ញ​បាន​ទេ»។

ជាមួយ​នឹង​ការគូស​បញ្ជាក់​របស់​លោក កែវ សុវិន អំពី​ការ​ប្រើប្រាស់​ផ្លាក​លេខ​រថយន្ត​ដោយ​អនាធិបតេយ្យ ជាពិសេស​ការ​ប្រើប្រាស់​ផ្លាក​លេខ​រដ្ឋ​នោះ​នៅ​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​ថា មាន​រថយន្ត​និង​ទោចក្រ​យាន​យន្ត​ពាក់ស្លាក​លេខ​ខុសៗ​យ៉ាង​ហោច ១៨​ផ្លាក​លេខ​សម្គាល់ ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ខ្លះ មិន​មាន​ផ្លាក​លេខ​សម្គាល់​ផង​ដែរ។

សម្រាប់​រថយន្ត គេ​សង្កេត​ឃើញ​ថា មាន​ពាក់​ស្លាក​លេខ​ខុសៗ​ដូច​ជា ផ្លាក​លេខ​ស៊ីវិល​ស៊េរី​ថ្មី និង​ស៊េរី​ចាស់ ផ្លាក​លេខ​បណ្តោះ​អាសន្ន ផ្លាក​លេខ​ខេមរ​ភូមិន្ទ ផ្លាក​លេខ​នគរបាល រាជការ ផ្លាក​លេខ​រដ្ឋ រដ្ឋសភា ព្រឹទ្ធសភា ព្រះ​បរម​រាជវាំង។ ជា​មួយ​គ្នា​នេះ រថយន្ត​ខ្លះ​ទៀត​ពាក់​ផ្លាក​លេខ​ជា​ភាសា​អង់គ្លេស ដូចជា AT, OI, ONU, ONG, CMD និង CD ជាដើម។

ក្នុង​ចំណោម​រថយន្ត​ទាំង​នោះ ក៏​មាន​រថយន្ត​ខ្លះ​ទៀត ថែម​ទាំង​មាន​ប្រើប្រាស់​ប័ណ្ណ​អនុញ្ញាត​ចេញ​ចូល​ពិសេស​របស់​ក្រសួង​ការងារ​នីមួយៗ យ៉ាង​ហោច​ពី​មួយ​ផ្លាក​រហូត ៤ ឬ ៥​ផ្លាក​ផ្សេងៗ​គ្នា​ផង ដោយ​ផ្លាក​ទាំង​នោះ​ត្រូវ​គេ​បំពាក់​នៅ​កញ្ចក់​រថយន្ត​ខាង​មុខ។

ចំណែក​ឯ​ទោចក្រ​យាន​យន្ត​ឬ​ម៉ូតូ​វិញ គេ​ក៏​ឃើញ​មាន​ពាក់​ផ្លាក​លេខ​ខុសៗ​គ្នា​ផង​ដែរ ដែល​ក្នុង​នោះ រួម​មាន​ផ្លាក​លេខ​ស៊ីវិល​ស៊េរី​ថ្មី​និង​ស៊េរី​ចាស់ ផ្លាក​លេខ​នគរបាល ផ្លាក​លេខ​ខេមរ​ភូមិន្ទ ផ្លាក​លេខ​សារ​ព័ត៌មាន ផ្លាក​លេខ OI និង ONG ហើយ​ក៏​មាន​ម៉ូតូ​មិន​មាន​ពាក់​ផ្លាក​លេខ​ដែរ ក៏​ប៉ុន្តែ​គេ​ឃើញ​មាន​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​នៅ​ឡើយ។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ត្រូវ​បាន​ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី ឡាយ​ព្រះហស្ត​លេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាល​ពី​ដើម​ឆ្នាំ​២០០៧។

លោក កែវ សាវិន មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន​រយៈពេល​មួយ​ឆ្នាំ រថយន្ត​ឯកជន​ទាំង​អស់ គឺ​ច្បាប់​តម្រូវ​ឲ្យ​ប្រើប្រាស់​ស្លាក​លេខ​ឯកជន បើ​មិន​ដូច្នេះ​ទេ គឺ​ជា​ការ​ខុស​ច្បាប់ ៖ «គឺ​ខុស​ច្បាប់​ហើយ ល្មើស​នឹង​ច្បាប់​ហើយ ខុស​តែ​ម្ដង ព្រោះ​ច្បាប់​មិន​អនុញ្ញាត​ទេ មាន​ទទួល​ទោស​យ៉ាងម៉េចៗ គឺ​មាន​នៅ​ក្នុង​ច្បាប់​គេ»។

ចំណែក​ឯ​មន្ត្រី​ចរាចរណ៍​ផ្លូវ​គោក​មួយ​រូប​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ តម្រូវ​ឲ្យ​អនុវត្ត​ចំពោះ​យានយន្ត​ដែល​ពាក់​ផ្លាក​លេខ​មិន​ត្រឹមត្រូវ ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ​២០០៨​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​មិន​អាច​ចាត់​វិធានការ​ចំពោះ​ការ​បំពាន​ច្បាប់​នេះ​នៅ​ឡើយ​ទេ។

រថយន្ត​មួយ​ចំនួន មិន​ត្រឹម​តែ​ពាក់​ផ្លាក​លេខ​ខេមរ​ភូមិន្ទ ឬ​ពាក់​ផ្លាក​លេខ​នគរបាល ដោយ​មិន​ត្រឹមត្រូវ​នោះ​ទេ សូម្បី​តែ​ការ​បើកបរ​ក៏​មិន​ត្រឹមត្រូវ​ដែរ។

ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ គឺលោក ទីន ប្រសើរ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «អាហ្នឹង​យើង​មើល ដូច​ទម្លាប់​អាក្រក់​ពី​មុន​មក ជួន​កាល​ឡាន​ឯកជន​ខ្លះ ក៏​គេ​សុំ​ស្លាក​លេខ​របស់​រដ្ឋ​ដែរ ព្រោះ​ខាង​ក្រសួង​មហាផ្ទៃ មាន​សេចក្ដី​ជូន​ដំណឹង​មួយ ហើយ​ថា ស្លាក​លេខ​រដ្ឋ​ហ្នឹង ត្រូវ​តែ​មាន​បំពាក់​ស្លាក​លេខ ន.ប. អ៊ីចឹង ត្រូវ​មាន​ប័ណ្ណ​សម្គាល់​រថយន្ត​អី​ត្រឹមត្រូវ​អ៊ីចឹង ប៉ុន្តែ​កន្លង​មក ក៏​ការត្រួត​ពិនិត្យ​ហ្នឹង វា​មាន​ការ​លំបាក​ណាស់ សូម្បី​តែ​អ្នក​មាន​បណ្ដា​ស័ក្ដិ អ្នក​ស៊ីវិល​យើង​ធម្មតា​ហ្នឹង ក៏​មាន​ប្រើប្រាស់​ដែរ ប្រើប្រាស់​លេខ​ក្លែងក្លាយ​អ៊ីចឹង​ដែរ ស័ក្ដិ​ធំៗ​ពេក​ក៏​ពិបាក​ដែរ»។

លោក ទីន ប្រសើរ មាន​ប្រសាសន៍​បន្ត​ទៀត​ថា មាន​តែ​ការ​បង្កើត​ក្រុម​ត្រួត​ពិនិត្យ​ចម្រុះ​ដែល​រួម​មាន​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​ប៉ុណ្ណោះ ទើប​អាច​បង្ក្រាប​ករណី​ប្រើប្រាស់​ផ្លាក​លេខ​មិន​ត្រឹមត្រូវ​នេះ​បាន។

លោក ទីន ប្រសើរ ថ្លែង​ដូច្នេះ​ថា ៖ «សហការ​គ្នា​បង្កើត​ក្រុម​ចម្រុះ​មួយ​អ៊ីចឹង​ទៅ អាហ្នឹង​បាន​ធ្វើ​បាន បើ​ធ្វើ​តែ​ប៉ូលិស​ចរាចរណ៍​ទេ អត់​បាន​ទេ»។

កន្លង​មក​ថ្មីៗ​នេះ យានយន្ត​ពាក់​ផ្លាក​លេខ​ខេមរ​ភូមិន្ទ​ធ្លាប់​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នក​វិនិយោគ​ឯកជន​ថា រថយន្ត​មួយ​ចំនួន​នោះ ត្រូវ​បាន​គេ​ប្រើប្រាស់​យក​ទៅ​ដឹក​ទំនិញ​ឯកជន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លង​មក ក៏​ធ្លាប់​បញ្ជា​ឲ្យ​មាន​ការ​បក​ជ័រ​ផ្លាស្ទិច​ពណ៌​ខ្មៅ​ឬ​ពណ៌​ទឹក​តែ ដែល​បិទ​ជាប់​នៅ​កញ្ចក់​ទ្វារ​ទាំង​សង​ខាង​នៃ​រថយន្ត​ផង​ដែរ ដើម្បី​បង្ការ​និង​បង្រ្កាប​បទ​ល្មើស​ចាប់​ជំរិត​នា​ពេល​នោះ។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ករណី​នៃ​ការ​ប្រើប្រាស់​ផ្លាក​លេខ​យាន​យន្ត​ដោយ​មិន​ត្រឹមត្រូវ​នេះ នៅ​មិន​ទាន់​មាន​កិច្ច​អន្តរាគមន៍​បង្រ្កាប​នៅ​ឡើយ​ទេ៕