- ៧ ថ្ងៃ ក្រោយបេះចេញពីដើម ក្នុងសីតុណ្ហភាពធម្មតា សីតុណ្ហភាព ៣០ អង្សារសេ
- ៣ សប្តាហ៍ សម្រាប់ការរក្សាទុកក្នុងទូរទឹកកក ឬ ទូរត្រជាក់ ឬ បន្ទប់ត្រជាក់ Fridge/ Cool Room
- ០៦ ខែ សម្រាប់ការរក្សាទុកបែប កំណក Freezer
- ១២ ខែសម្រាប់ការធ្វើសម្ងួតដោយ ឡសម្ងួត Dried Longan
២០២១ ថៃបិទមិនឲ្យនាំតាង៉ែនចូល កសិករនាំគ្នាយករថយន្តធុនធំជិត២០គ្រឿង បិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង៖ ក្រុមអាជីវករក៏ដូចជាកសិករអ្នកដាំដំណាំតាង៉ែនជាច្រើននាក់ កាលថ្ងៃទី១០ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បាននាំគ្នាយករថយន្តប្រមាណជិត២០គ្រឿង មកតម្រៀបបិទផ្លូវសុំឲ្យអាជ្ញាធរស្រុកនិងអាជ្ញាធរខេត្តបាត់ដំបង ជួយអន្តរាគមន៍អនុញ្ញាតិឲ្យរថយន្តដឹកផ្លែតាង៉ែនរបស់ពួកគាត់បានចូលទៅលក់ក្នុងដីថៃ ព្រោះថៅកែថៃនិងចិនកំពុងរង់ចាំទទួលទិញកសិផលរបស់ពួកគាត់។ការបិទផ្លូវរបស់ក្រុមឈ្មួញ រួមកសិករជាអ្នកដាំដំណាំតាង៉ែននៅតំបន់ព្រំដែនជាច្រើនបាននាំគ្នាយករថយន្តធុនធំជិត២០គ្រឿង បិទចរាចរណ៍នៅមាត់ច្រកទ្វាអន្តរជាតិដូង ក្រោយអាជ្ញាធរថៃបិទមិនឲ្យចូលលក់ផ្លែឈើនេះរហូតមកដល់ថ្ងៃទី១១ខែសីហានេះនៅមិនទាន់ដោះស្រាយបាននៅឡើយ។ក្រុមអ្នកតវ៉ាបានឲ្យដឹងថា ផ្លែតាង៉ែននេះកន្លងមកពួកគាត់ធ្លាប់នាំចូលយកទៅលក់នៅក្នុងទឹកដីថៃបាន តែនៅព្រឹកថ្ងៃដដែលស្រាប់តែអាជ្ញាធរមានសមត្ថកិច្ចថៃ បិទមិនឲ្យចូលទៅវិញតើឲ្យពួកគាត់យកទៅលក់នៅឯណា ខណៈតាង៉ែនមួយចំនួនបានប្រមូលផលរួចហើយ និងមួយចំនួនទៀតត្រៀមនឹងប្រមូលផលរាប់ម៉ឺនតោនទៀតតើមានទីផ្សារឯណាដើម្បីលក់បើគ្មានដំណោះស្រាយ ពួកគាត់ជាឈ្មួញក៏ដូចជាអ្នកប្រកបរបរដាំដំណាំមួយនេះសង្ឃឹមអ្វីទៀត។
ខេត្តបាត់ដំបង៖ ក្រុមអាជីវករក៏ដូចជាកសិករអ្នកដាំដំណាំតាង៉ែនជាច្រើននាក់ កាលថ្ងៃទី១០ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បាននាំគ្នាយករថយន្តប្រមាណជិត២០គ្រឿង មកតម្រៀបបិទផ្លូវសុំឲ្យអាជ្ញាធរស្រុកនិងអាជ្ញាធរខេត្តបាត់ដំបង ជួយអន្តរាគមន៍អនុញ្ញាតិឲ្យរថយន្តដឹកផ្លែតាង៉ែនរបស់ពួកគាត់បានចូលទៅលក់ក្នុងដីថៃ ព្រោះថៅកែថៃនិងចិនកំពុងរង់ចាំទទួលទិញកសិផលរបស់ពួកគាត់។ ការបិទផ្លូវរបស់ក្រុមឈ្មួញ រួមកសិករជាអ្នកដាំដំណាំតាង៉ែននៅតំបន់ព្រំដែនជាច្រើនបាននាំគ្នាយករថយន្តធុនធំជិត២០គ្រឿង បិទចរាចរណ៍នៅមាត់ច្រកទ្វាអន្តរជាតិដូង ក្រោយអាជ្ញាធរថៃបិទមិនឲ្យចូលលក់ផ្លែឈើនេះរហូតមកដល់ថ្ងៃទី១១ខែសីហានេះនៅមិនទាន់ដោះស្រាយបាននៅឡើយ។
ក្រុមអ្នកតវ៉ាបានឲ្យដឹងថា ផ្លែតាង៉ែននេះកន្លងមកពួកគាត់ធ្លាប់នាំចូលយកទៅលក់នៅក្នុងទឹកដីថៃបាន តែនៅព្រឹកថ្ងៃដដែលស្រាប់តែអាជ្ញាធរមានសមត្ថកិច្ចថៃ បិទមិនឲ្យចូលទៅវិញតើឲ្យពួកគាត់យកទៅលក់នៅឯណា ខណៈតាង៉ែនមួយចំនួនបានប្រមូលផលរួចហើយ និងមួយចំនួនទៀតត្រៀមនឹងប្រមូលផលរាប់ម៉ឺនតោនទៀតតើមានទីផ្សារឯណាដើម្បីលក់បើគ្មានដំណោះស្រាយ ពួកគាត់ជាឈ្មួញក៏ដូចជាអ្នកប្រកបរបរដាំដំណាំមួយនេះសង្ឃឹមអ្វីទៀត។ ពាក់ព័ន្ធករណីខាងលើនេះលោកសឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ថា ការបិទមិនឲ្យផ្លែឈើតាង៉ែននាំចូលទៅលក់នៅក្នុងទឹកដីថៃនេះ ធ្វើឡើងដោយភាគីថៃតែប៉ុណ្ណោះដោយសារតែច្រកទ្វារអន្តរជាតិដូងមិនមានកិច្ចព្រមព្រៀង និងឯកភាពឲ្យចេញចូលបាន ហើយបច្ចុប្បន្នផ្លែឈើខាងលើនេះអាចនាំចូលទៅលក់ប្រទេសថៃបានមានតែច្រកទ្វាអន្តរជាតិព្រំខេត្តប៉ៃលិនតែមួយប៉ុណ្ណោះ។
រហូមកដល់ព្រឹកថ្ងៃទី១១ខែសីហានេះ ក៏នៅតែមិនទាន់មានការឯកភាពគ្នាក្នុងការរកដំណោះស្រាយនៅឡើយ ដើម្បីបាននាំចូលកសិផលផ្លែតាង៉ែនកាត់តាមច្រកទ្វារដូងខេត្តបាត់ដំបង ខណះក្រុមការងារកំពុងតែខិតខំពន្លឿងការពិភាគ្សារកដំណោះស្រាយលើករណីនេះ៕
មានមនុស្សមិនតិចនាក់ទេដែលនៅតែចែកមិនដាច់រវាងមៀនខ្មែរ និង មៀន ប៉ៃលិន រឺត្រងែន។ បើសិនជាមើលតែមួយក្រឡេក ផ្លែឈើទាំងពីរប្រភេទនេះដូចគ្នាសឹងតែបេះបិទ តែតាមពិតទៅផ្លែឈើទាំងពីរមុខនេះមានភាពខុសគ្នាតាំងពីការដាំដុះមកនិងរស់ជាតិ។ ក្នុងសប្តាហ៍នេះលោពូ មុត ឌឿន ដែលជាម្ចាស់ចំការមៀនខ្មែរនិងមៀនប៉ៃលិន ចែករំលែកខ្លះៗពីលក្ខណៈខុសគ្នារបស់មៀនទាំងពីរប្រភេទនេះ។
ភាពខុសគ្នានៃដំណាំទាំងពីរនេះចាប់ផ្តើមតាំងពីការដាំដុះ បើទោះបីជាដំណាំទាំងពីរមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែរមិនអាចដាំជិតគ្នាបានទេ នេះបើតាមបទពិសោធន៏ផ្ទាល់របស់លោកឌឿន។ ដើមទាំងពីរប្រភេទនេះតម្រូវអោយដាំក្នុងចម្ងាយល្មមដែលមិនអាចអោយជាតិថ្នាំដែលបាញ់លើមៀនប៉ៃលិននោះសាយភាយទៅដល់មៀនខ្មែរបាន។ មូលហេតុដែលដំណាំទាំងពីរនេះមិនអាចដាំជិតគ្នាបានគឺដោយសារ ត្រងៀនគឺជាពូជមានថៃ ដែលថៃគេហើយថា ឡាំយ៉ៃ មិនថាដាំក្នុងដីខ្មែររឺថៃទេ ត្រូវការការប្រើប្រាស់ថ្នាំក្នុងការ បញ្ជារអោយដើមនេះចេញផ្លែ ដែលខុសពីដើមមៀនខ្មែរដែលមិនតម្រូវអោយប្រើប្រាស់ថ្នាំអោយចេញផ្លែបានទេ។ ផ្ទុយទៅវិញបើវាប៉ះត្រូវជាតិថ្នាំ មៀនខ្មែរមិនចេញផលបានល្អឡើយ ។
រីឯការថែទាំវិញ មៀនខ្មែរមិនត្រូវការថែទាំអ្វីច្រើនឡើយ ពោលគឺដាំតាមដំណើរ តែបើសិនជាចង់អោយដើមមៀននោះដុះដើមល្អ គេអាចជ្រុំដីនៅនឹងគល់វាជារឿយៗដើម្បីអោយវាឆាប់ធំ។ ចំពោះករណីចម្ការពូឌឿន ផលដែលទទួលបានខុសពីចំការមៀនខ្មែរផ្សេងៗនៅតំបន់ខ្ពង់រាប ដោយហេតុថាតំបន់ភ្នំមានថ្មច្រើន បើសិនជាចាក់ឬសបុកចំថ្មប្រាកដជាអស់ជីវជាតិ នាំអោយស្លាប់ដើមតែម្តង។ ដូច្នេះហើយទើបការជ្រើសរើសសណ្ឋានដីសំរាប់ដាំត្រូវតែមានការប្រុងប្រយ័ត្ន។ ចំណែកឯត្រងែនវិញ វាត្រូវការការថែទាំខ្លាំងជាងបន្តិច។ លោកឌឿនថាដើម្បីអោយត្រងែនចេញផ្លែបានល្អគាត់ត្រូវបាញ់ថ្នាំ ហើយការបាញ់ថ្នាំនោះតម្រូវអោយមានពេលវេលាបាញ់ត្រឹមត្រូវនិងទៀងម៉ោងទៀតផង។
ចំពោះការលក់ទិន្នផលដែលបានមកពីមៀនខ្មែរ និងត្រងែនក៏ខុសគ្នាដែរ។ មៀនខ្មែរមានតម្លៃថ្លៃជាង ហើយតម្រូវការក៏ខ្ពស់ដែរក៏ព្រោះតែការដាំដុះមានលក្ខណៈធម្មជាតិ និងរសជាតិរបស់វា។ លោកឌឿនប្រាប់អោយដឹងថាយកទៅផ្សារមិនបានប៉ុន្មានផងគេមកទិញយកអស់រលីង ហើយតម្លៃលក់ចេញគឺអាចឡើងដល់ជិត ១០០បាតថៃ រឺប្រហែល ១២ ០០០រៀល ឯណោះក្នុងមួយគីឡូក្រាម រឺឯត្រងែនវិញមានតម្លៃចន្លោះប្រហែលពី២៨ ទៅ៣០បាត រឺ ៣៥០០ ទៅ ៤០០០រៀល ក្នុងមួយគីឡូទេ។
ភាពខុសគ្នាចុងក្រោយរបស់ផ្លែឈើទាំងពីរនេះគឺរសជាតិរបស់វា។ មៀនខ្មែរមានសំបកស្តើងរលោងទន់ មូលធំ គ្រាប់វាធំ ហើយសាច់អាចស្តើងអាចក្រាស់តែអ្វីដែលពិសេសនោះគឺក្លិននិងរសជាតិរបស់វា។ មៀនខ្មែរមានក្លិនក្រអូប ហើយសាច់ផ្អែមឆ្ងាញ់ជាប់មាត់តែម្តង។ ចំណែកឯត្រងែនគឺមានសំបករៀងក្រាស់ជាងមៀនខ្មែរបន្តិចហើយរៀងស្រួយជាង។ ត្រងែនមានធំមានតូចតែសាច់ខាងក្នុងគឺភាគច្រើនដូចគ្នា ពោលគឺក្រាស់ហើយមានគ្រាប់តូច។ រសជាតិបើធៀបនិងមៀនខ្មែរគឺមៀនខ្មែរផ្អែមមុតជាង។ ត្រងែនមិនមានក្លិនក្រអូបដូចមៀនខ្មែរឡើយ។
ដូច្នេះបើបានជ្រាបហើយពេលក្រោយដែលអ្នកទៅផ្សារ សង្ឃឹមថាអ្នកចេះមើលថាមួយណាជាមៀនខ្មែរ មួយណាជាត្រងែន។
ប្រសិទ្ធភាពមកពីការដាំដំណាំមៀន ido នៅថើយអាន (Thoi An) ដោយទិន្នផលនិងគុណភាពដ៏ល្អ ហេតុនេះការដាំដំណាំមៀន ido (ឈ្មោះវិទ្យាសាស្រ្ត Euphoria Longana )កំពុងនាំយកប្រសិទ្ធភាពខាងសេដ្ឋកិច្ចដ៏ខ្ពស់ និងជួយអោយកសិករនៅទីក្រុងកឹនថើ (Can Tho) មានចំណូលរាប់រាយលានដុងក្នុងមួយឆ្នាំ។
ធ្វើដំណើរតាមច្រកតូចៗ នៅសង្កាត់ថោយអាន (Thoi An) ខណ្ឌអូមោន (O Mon) យើងនឹងឃើញចំការមៀន ido ដ៏ធំល្វឹងល្វើយ មានផ្លែជាច្រើន ដែលជាសញ្ញាអោយបានដឹងថា កសិករនឹងមានរដូវប្រមូលផលជាសន្ធឹកសន្ធាប់។ យើងខ្ញុំមកទស្សនាចំការមៀនរបស់គ្រួសារបងប្រុស ង្វៀនវ៉ាន់អ៊ូត (Nguyen Van Ut) នៅថើយទ្រីញ (Thoi Trinh) សង្កាត់ថើយអាន (Thoi An) នៅពេលដែលក្នុងរដូវប្រមូលផលផ្លែមៀន។ គ្រួសារគាត់មានទំហំដីកន្លះហិចតាសម្រាប់ការដាំមៀន ido បានប្រមូលផលផ្លែ ៣លើកហើយ។ ឆ្នាំនេះ ចំការមៀនរបស់គាត់ទទួលផ្លែមៀនបាន២០តោន ដែលមានតំលៃជិត ៥៥០ លានដុង។ នេះបានបញ្ជាក់ពីប្រសិទ្ធិភាពនៃការដាំមៀន ido។
ក្នុងមួយឆ្នាំ ពូជមៀន ido ទទូលផលម្តង មានផ្លៃធំ សំបកស្តើង សាច់ក្រាស់ ហើយមានរសជាតិឈ្ងុយឆ្ងាញ់ បានពេញនិយមនៅទីផ្សារ។ ចាប់ផ្តើមដាំតាំងពីរឆ្នាំដំបូង រហូតដល់ឆ្នាំទី៣ ដើមមៀនទើបមានផ្លែ។ គិតចាប់ពីពេលចេញផ្ការហូតដល់ពេលម្រមូលផលផ្លែមៀនអូសបន្លាយក្នុងរយៈពេល៧ ខែ។ ដើមផ្លែមៀន ido មានទិន្នផលខ្ពស់និងមានលទ្ធភាពប្រឆាំងនឹងជំងឺ។ ទំហំដីដាំដើមមៀន Ido មួយអាចទទួលបានប្រាក់ចំណូលពី ៨០ ដល់ ១២០លានដុង ក្នុងមួយឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តំលៃផ្លែមៀនបានរក្សាជាទៀងទាត់ពី ២ ម៉ឺនដុងដល់ ៣ ម៉ឺនដុង ក្នុងមួយគីឡូក្រាម និងបាននាំចេញទៅកាន់បណ្តាប្រទេសដូចជា៖ ប្រទេសចិន ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក។
និយាយអំពីបទពិសោធន៍នៃការដាំដើមមៀន ido បងប្រុសអ៊ូត (Ut) បានអោយដឹងថា៖“ ពូជមៀន ido ពិតជាសមស្របនឹងជាតិដីនៅសង្កាត់ថើយអាន (Thoi An)។ បើចង់ប្រមូលទិន្នផលផ្លែមៀបខ្ពស់ យើងគួរតែយកចិត្តទុកដាក់ក្នុងការថែរក្សានិងបាញ់ថ្នាំការពារ តាមបច្ចេកទេសដើម្បីកាត់បន្ថយជំងឺអោយដើមមៀន។ នៅពេលប្រមូលផលផ្លែមៀនរូច យើងត្រូវកាត់មែកណាដែលមានដង្កូវ។ ជាពិសេស យើងគប្បីកាត់ចោលបណ្តាផ្លែតូចៗ ទុកផ្លែ មួយចំនួនសមល្មមនៅលើដើមបានហើយ។ ដូច្នេះផ្លែមៀននឹងមានគ្រប់សារធាតុបំប៉ន ដើម្បីផ្លែមៀនអភិវឌ្ឍន៍ធំ មានពណ៌ល្អាត”។
ក្នុងរដូវប្រមូលផលផ្លែមៀន បណ្តាចំការនៅសង្កាត់ថើយអាន (Thoi An) មានតម្រូវការពលករ ជាច្រើន ដើម្បីប្រមូលផលផ្លែមៀន។ អាស្រ័យទៅលើការងារនិមួយៗ ពលករម្នាក់ៗនឹងទទួលលុយពី១៥០ ពាន់ ដល់ ២៥០ ពាន់ដុងក្នុងមួយថ្ងៃ។ នោះគឺជាប្រាក់ចំណូលដ៏ខ្ពស់មួយ នៅតំបន់ស្រុកស្រែ
នាសព្វថ្ងៃ ចំការជាច្រើននៅសង្កាត់ថើយអាន (Thoi An) ក៏ដូចជាបណ្តាចំការផ្សេងៗទៀតនៅទីក្រុងកឹនថើ (Can Tho) កំពុងមានការផ្លាស់ប្តូរទៅដល់ការដាំដើមមៀន ido ។ លោកង្វៀនវ៉ាន់ជូង (Nguyen Van Chung) ប្រធានក្រុមប្រឹក្សាកសិករខណ្ឌអូមោន (O Mon) បានប្រាប់ថា៖ “ ប្រសិទ្ធភាពសេដ្ឋកិច្ចដែលមកពីការដាំដើមមៀន ido ពិតជាបង្ហាញយ៉ាងច្បាស់ណាស់ហើយ។ យើងខ្ញុំកំពុងពង្រីកទំហំដីដាំដើមមៀន ido អោយធំជាងទៀត នៅពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាននឹងជួយឧបត្ថម្ភប្រាក់កម្ចី ក៏ដូចជាណែនាំបច្ចេកទេសផងដែរ ដើម្បីបងប្អូន កសិករដាំដើមមៀនពួជនេះមានក្តីជឿរទុកចិត្តចំពោះការផ្លាស់ប្តូរដំណាំដែលមានប្រសិទ្ធភាពនិងទិន្នផលខ្ពស់”./.
ថ្មី ថ្មី បន្ទាប់ពីអង្ករ និងស្វាយកែវរមៀត មៀនប៉ៃលិន នឹងក្លាយជាប្រភេទដំណាំទី៣ ដែលកម្ពុជានាំចូលទៅទីផ្សារប្រទេសចិន។ កន្លងមក មន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជានឹងនាំមៀនប៉ៃលិនទៅកាន់ទីផ្សារយក្សមួយនេះជាផ្លូវការ នាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។ ប៉ុន្តែគម្រោងនាំចេញនេះ អាចនឹងពន្យារពេលដោយសារវិបត្តិកូវីដ-១៩ និងកត្តាបច្ចេកទេសផ្សេងៗ ខណៈកសិករ និងប្រជាសហគមន៍ដាំមៀនប៉ៃលិន កំពុងរង់ចាំថ្ងៃដែលកម្ពុជា មានកិច្ចព្រមព្រៀងនាំចេញមៀនប៉ៃលិន ទៅទីផ្សារប្រទេសចិន ជាផ្លូវការ។ជាង៨ឆ្នាំមកហើយ ដែលប្រជាកសិករនិងសហគមន៍ ដាំមៀនប៉ៃលិន (ឬតាង៉ែន) នាំដំណាំខ្លួនទៅទីផ្សារប្រទេសចិន តាមរយៈប្រទេសថៃ ដោយជ្រកក្រោមនិមិ្មតសញ្ញា ឬពាក្យ Product of Thailand។ ជារៀងរាល់ឆ្នាំ មៀនប៉ៃលិន ត្រូវបានប្រជាសហគមន៍ដឹកជញ្ជូនទៅប្រទេសថៃ តាមច្រករបៀងក្នុងខេត្តបាត់ដំបង។
បន្ទាប់ពីទទួលបានដំណឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងទទួលបានព័ត៌មានពីការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកនានាជុំវិញ កម្ពុជាគ្រោងនាំដំណាំមៀនប៉ៃលិន ទៅទីផ្សារប្រទេសចិននោះ កញ្ញា ឡុង រ៉ន ដែលជាកសិករដាំមានមៀនដាំប៉ៃលិន ក្នុងទឹកដីនៃភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសំដែងការត្រេកអរជាខ្លាំង និងសង្ឃឹមថា មៀនប៉ៃលិនរបស់កម្ពុជា អាចនាំទៅទីផ្សារប្រទេសចិនជាផ្លូវការ នាពេលឆាប់ៗ ឬទៅតាមការគ្រោងទុករបស់ក្រសួងកសិកម្ម។ ចម្ការមៀនប៉ៃលិនជាង៦០០ដើម របស់កញ្ញា ឡុង រ៉ន បានចូលជាសមាជិកសហគមន៍មៀនប៉ៃលិន តាំងពីឆ្នាំ២០១៤មក។ មា្ចស់ចម្ការមៀនប៉ៃលិន វ័យ៣២វ័យរូបនេះ បានត្រៀមលក្ខណៈជាស្រេច ក្នុងការផ្គត់ផ្គង់មៀនប៉ៃលិន សម្រាប់នាំទៅទីផ្សារប្រទេសចិន ដោយរងចាំតែថ្ងៃ មានកិច្ចព្រមពៀងជាផ្លូវការ រវាងកម្ពុជា និងចិនប៉ុណ្ណោះ។ ក្រៅពីខិតខំថែទាំដើមមៀនប៉ៃលិនឱ្យល្អ ឬតាក់តែងមែកត្រៀមបញ្ចេញផ្លែឱ្យមានរូបរាងស្អាត ត្រូវស្តង់ដារសម្រាប់នាំចេញហើយនោះ ចម្ការមៀនប៉ៃលិនរបស់កញ្ញា ឡុង រ៉ន ក៏ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពីការអនុវត្តកសិកម្មល្អ ពីក្រសួងកសិកម្ម ផងដែរ។
«ខ្ញុំបានត្រៀមលក្ខណៈរួចអស់ហើយ»។ កញ្ញា ឡុង រ៉ន បាននិយាយប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទដូច្នេះ ដោយបន្តរៀបរាប់ថា៖ «កាលណាពួកខ្ញុំដឹងថា កម្ពុជាអាចនាំមៀនប៉ៃលិនទៅចិនជាផ្លូវការនៅថ្ងៃណា! ពេលណាច្បាស់លាស់ហើយនោះ! ខ្ញុំចំណាយពេលត្រឹម៧ខែ គឺអាចប្រមូលផលបានហើយ ព្រោះដើមមៀនប៉ៃលិនចេញផ្លែបាន គឺត្រូវការយើងបញ្ជា។ យើងបញ្ជាឱ្យវាចេញផ្លែខែណា រដូវណាក៏បានដែរ ប៉ុន្តែពេលនេះ យើងមិនទាន់ដំណឹងអ្វីទេ»។ កសិកររូបនេះ បានបញ្ជាក់ថា ជាលក្ខណៈធម្មជាតិរបស់មៀនប៉ៃលិន មិនអាចចេញផ្លែបានឡើយ ប្រសិនបើគ្មានការបញ្ជាដោយប្រើថ្នាំឱ្យចេញផ្លែនោះ។
មៀនដើមប៉ៃលិនរបស់កញ្ញា ឡុង រ៉ន ប្រមាណ៦០០ដើមនោះ អាចផ្តល់ទិន្នផលបានជាង១០០តោន ក្នុងការបញ្ជាថ្នាំឱ្យចេញមួយដង ឬមួយសា។ នេះបើតាមការអះអាងរបស់កញ្ញា ឡុង រ៉ន។
សម្រាប់ចម្ការមៀនប៉ៃលិន ចំនួន១៥ហិកតា របស់លោក អ៊ុន ថេង ដែលស្ថិតនៅទីតាំងភូមិសាស្ត្រជាមួយ កញ្ញា ឡុង រ៉ន ក៏បានដាំដុះ និងថែទាំមៀនប៉ៃលិន ត្រូវស្តង់ដារបច្ចេកទេសនៃការអនុវត្តកសិកម្មល្អផងដែរ។ ចម្ការមៀនប៉ៃលិន របស់លោក អ៊ុន ថេង ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពីការអនុវត្តកសិកម្មល្អពីក្រសួងកសិកម្ម កាលពីថ្ងៃទី២៨វិច្ឆិកា ឆ្នាំ២០២០។
អស់រយៈពេល១០ឆ្នាំហើយ ដែលលោក អ៊ុន ថេង បានដាំមៀនប៉ៃលិន និងដឹកលក់ផលដំណាំនេះ ឱ្យក្រុមហ៊ុនចិនមួយ ដែលមានមូលដ្ឋានទៅប្រទេសថៃ។ ជាទូទៅ មៀនប៉ៃលិនប្រជាកសិករទាំងនោះ អាចដឹកនាំចូលក្នុងទឹកដីថៃ បានចាប់ពីម៉ោង១១យប់ បើទោះបីប្រជាសហគមន៍មានលទ្ធភាពពេញលេញ ក្នុងការនាំមៀនចូលដីថៃមុនពេលយប់ក៏ដោយ។ ម្ចាស់មៀនប៉ៃលិន ចំនួន៣,០០០ដើមរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey នាថ្ងៃទី១៨ឧសភា ឆ្នាំ២០២១ថា ៖«ក្រុមហ៊ុនចិនដែលនៅប្រទេសថៃ បានបញ្ជាទិញមៀនប៉ៃលិន ពីយើងរាល់ឆ្នាំនោះ គឺគេស្គាល់ពីគុណភាព និងរសជាតិមៀនប៉ៃលិនរបស់យើង»។មកដល់ពេលនេះ កសិករបានពឹងដង្ហើមប្រទេសថៃ លើការនាំចេញមៀនប៉ៃលិនទៅទីផ្សារប្រទេសចិន អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយស្ថិតនៅក្រោមសំបកឈ្មោះនៃផលិតផលរបស់ថៃ។ លោក អ៊ុន ថេង បានរៀបរាប់ថា៖«ចម្ការមៀនប៉ៃលិនយើង មានគ្រប់លក្ខណៈអស់ហើយ ក្នុងការនាំទិន្នផលទៅប្រទេសចិនជាផ្លូវការ។ សព្វថ្ងៃ ខ្ញុំចាំតែពេលកម្ពុជា ប្រកាសសម្រេចបាននូវកិច្ចព្រមព្រៀង នាំចេញមៀនប៉ៃលិនទៅចិន ប៉ុណ្ណោះ»។
បច្ចុប្បន្ន សហគមន៍មៀនប៉ៃលិននៃខេត្តប៉ៃលិន មានរោងចក្រសម្ងួត សម្លាប់មេរោគ និងវេចខ្ចប់ផ្លែមៀនប៉ៃលិន តម្លៃជាង៣លានដុល្លាមួយកន្លែង ដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន។ រោងចក្រនេះ សាងសង់ និងបំពាក់ឧបករណ៍នានារួចហើយអស់ បានរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមកដល់នេះ រោងចក្រនោះ មិនទាន់បានបើកដំណើរការឡើយ ព្រោះកម្ពុជា មិនទាន់មិនកិច្ចព្រមព្រៀងក្នុងការនាំមៀនប៉ៃលិនទៅចិន។
លោក សួន ជុំ អនុប្រធានសហគមន៍មៀនប៉ៃលិន បានបញ្ជាក់ថា រោងចក្រមួយនេះ មានចំនួន៤ ឡ សម្រាប់សម្ងួត និងសម្លាប់មេរោគលើផ្លែមៀនប៉ៃលិន។ ឡនីមួយៗ មានសមត្ថភាពសម្ងួតមៀនប៉ៃលិនបានប្រមាណ៩តោន ដោយប្រើប្រាស់ពេល៧៤នាទី។ បើតាមលោក សួន ជុំ ប្រសិនបើកម្ពុជា មានកិច្ចព្រមព្រៀងនាំចេញមៀនប៉ៃលិនទៅចិន នោះមានក្រុមហ៊ុនមិនតិចពី៣ទេ មកវិនិយោគលើការបង្កើតរោងចក្រសម្ងួត សម្លាប់មេរោគ និងវេចខ្ចប់ផ្លែមៀនប៉ៃលិន នៅតំបន់ដាំដុះដំណាំប្រភេទនេះ នៅក្នុងទឹកដីកម្ពុជា។
អនុប្រធានសហគមន៍មៀនប៉ៃលិនរូបនេះ បាននិយាយដូច្នេះ៖«ឱ្យតែភាគីចិន ប្រកាសព្រមនាំចូលពីមៀនប៉ៃលិនកម្ពុជា ជាផ្លូវការភ្លាម ខ្ញុំសង្ឃឹមថា មានរោងចក្រវេចខ្ចប់មៀនប៉ៃលិន យ៉ាងហោចចំនួន៣កន្លែងទៀត នឹងឈរជើងក្នុងទឹកដីខេត្តបាត់ដំបង និងខេត្តប៉ៃលិនយើងនេះ»។
បច្ចុប្បន្នខេត្តប៉ៃលិន មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន ៤,៣៨៩ហិកតា។ ចំនួននេះ ជាផ្ទៃដីដែលផ្តល់ផលឱ្យកសិករ និងប្រជាសហគមន៍ ខណៈផ្ទៃដីកំពុងដាំដុះមៀនប៉ៃលិន រាប់ហិកតាទៀត មិនបានរាប់បញ្ជូនឡើយ។ នេះបើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលលោកបានបន្តឱ្យដឹងថា ខេត្តប៉ៃលិន មានសហគមន៍ផលិតមៀនប៉ៃលិនចំនួន៤០ ដោយសហគមន៍នីមួយៗ មានសមាជិកជាង២០០គ្រួសារ។
ដើម្បីអាចនាំចេញមៀនប៉ៃលិនបាននោះ ភាគីចិននិងកម្ពុជា ត្រូវរៀបចំផ្លាស់ប្តូរពិធីសារនាំចេញផ្លែមៀនប៉ៃលិនជាផ្លូវការ។ ប៉ុន្តែបើតាមការលើកឡើងរបស់ លោក សាយ សុផាត បច្ចុប្បន្ន រវាងភាគីទាំងពីរ គឺពុំទាន់បានផ្លាស់ប្តូរពិធីសារ នាំចេញផ្លែមៀនប៉ៃលិនជាផ្លូវការឡើយ។ លោក បានបន្ថែមដូច្នេះ៖« ខ្ញុំក៏មិនទាន់ទទួលបានដំណឹងថា រវាងភាគីចិន និងកម្ពុជា នឹងរៀបចំផ្លាស់ប្តូរពិធីសារនាំចេញផ្លែមៀនប៉ៃលិនជាផ្លូវការ នៅថ្ងៃណាដែរ»។
ក្រៅពីខេត្តប៉ៃលិន ដំណាំមៀនប៉ៃលិននេះ ក៏មានកសិករដាំដុះ នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ច្រើនផងដែរ។
កាលពីថ្ងៃទី៦សីហា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ងិន ឆាយ អគ្គនាយកនៃអគ្គដ្ឋានកសិកម្ម បានព្យាករថា កម្ពុជាអាចនាំចេញមៀនប៉ៃលិនទៅប្រទេសចិនជាផ្លូវការ នាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។
អគ្គនាយកកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ដូច្នេះថា៖«ក្រោយពីនាំចេញផ្លែស្វាយភ្លាម ហើយនៅពេលដែលរដូវមៀនប៉ៃលិន ចាប់ផ្តើមប្រមូលផល ខាងភាគីចិន នឹងចុះមកត្រួតពិនិត្យវាយតម្លៃលើផ្លែមៀនប៉ៃលិន។ អ៊ីចឹង នេះជាការប៉ាន់ស្មាន និងព្យាកររបស់យើង ក្នុងដើមឆ្នាំ២០២១ យើងអាចនាំចេញស្វាយ ហើយប្រហែលចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ យើងអាចនាំចេញផ្លែមៀនប៉ៃលិន ទៅប្រទេសចិនបាន»។
ប៉ុន្តែ គម្រោងនៃការនាំចេញមៀនប៉ៃលិននេះ អាចនឹងពន្យារពេល ដោយសារបញ្ហាជាសកលនៃវិបត្តិកូវីដ-១៩ និងបញ្ហាបច្ចេកទេសមួយចំនួនផងដែរ។ នេះបើតាមការលើកឡើងយ៉ាងខ្លី របស់ លោក ងិន ឆាយ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នាថ្ងៃទី១៤ឧសភា ឆ្នាំ២០២១។ សារព័ត៌មាន ThmeyThmey ពុំអាចសុំការបញ្ជាក់បន្ថែមពី លោក លោកងិន ឆាយ និងស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មបានឡើយ ដោយទូរសព្ទហៅចូល តែគ្មានអ្នកទទួល។
សូមជម្រាបថា កម្ពុជា បានប្រកាសនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកថ្ងៃទី៧ឧសភា ឆ្នាំ២០២១ ក្រោមវត្តមាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការប្រកាសនាំចេញផ្លែស្វាយជាផ្លូវការនេះ គឺបានធ្វើឡើង ក្រោយចំណាយពេលអស់ជិតមួយឆ្នាំ នៃការបញ្ចប់ផ្លាស់ប្តូរពិធីការនាំចេញនាំផ្លែស្វាយជាផ្លូវការ កាលពីថ្ងៃទី៩មិថុនា ឆ្នាំ២០២០។ តាមរយៈកិច្ចព្រមព្រៀងជាមួយភាគីចិននេះ ក្នុងមួយឆ្នាំៗ កម្ពុជា អាចនាំផ្លែស្វាយស្រស់ ចូលទីផ្សារប្រទេសចិន បានចំនួន៥០ម៉ឺនតោន៕
ពលរដ្ឋដាំមៀននៅប៉ៃលិនត្អួញត្អែរខាតប្រាក់ចំណេញ ដោយសារកម្ពុជាពឹងទីផ្សារថៃសម្រាប់នាំចេញផ្លែមៀនទៅចិន ប៉ៃលិន៖ពលរដ្ឋម្ចាស់ចម្ការផ្លែមៀននៅខេត្តប៉ៃលិន បានទទូចឲ្យរាជរដ្ឋាភិបាលពន្លឿនឲ្យបានឆាប់នូវដំណោះស្រាយផ្លូវច្បាប់ព្រមព្រៀងគ្នាជាមួយចិន ដើម្បីនាំចេញផ្លែមៀនពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់។ ការអំពាវនាវនេះ ដោយសារបច្ចុប្បន្ន ផ្លែមៀនរបស់ពលរដ្ឋកម្ពុជា ត្រូវបានប្រទេសថៃជាអ្នកនាំចេញជំនួសទៅកាន់ប្រទេសចិន និងបានធ្វើឱ្យប្រទេសនេះទទួលបានផលចំណេញច្រើនពីកម្ពុជា។
លោក សួស ស៊ីយ៉ាត ពលរដ្ឋដាំមៀននៅភូមិបឹងព្រលិត ឃុំស្ទិងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រាប់សារព័ត៌មានខ្មែរណាស់ថា លោកមានផ្ទៃដីចម្ការមៀនចំនួន៣ហិកតា ខណៈដំណាំហូបផ្លែនេះអាចទទួលបានផលតែម្ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។ លោកបន្តថា ក្នុងមួយហិកតាមានដាំដើមមៀនសរុបចំនួន១៥០ដើម ដែលផ្តល់ទិន្នផលបានចំនួន៣តោនក្នុងមួយឆ្នាំ និងអាចលក់បានថវិកាជាង១២លានរៀល។លោកបន្តថា ជារៀងរាល់ឆ្នាំ ការដាំផ្លែមៀននេះត្រូវបានចងក្រងគ្នាជាសហគមន៍ និងបាននាំចេញទៅប្រទេសថៃ ហើយប្រទេសនេះគឺបាននាំចេញបន្តទៀតទៅកាន់ប្រទេសចិន ហើយនៅសេសសល់ខ្លះសម្រាប់លក់ទៅឱ្យប្រជាពលរដ្ឋខ្មែរដូចគ្នា។
លោកថា៖«ការនាំចេញផ្លែមៀនទៅកាន់ប្រទេសថៃ ពេលខ្លះមានបញ្ហាបន្តិច ដោយខាងឈ្មួញថៃបានបញ្ជុះតម្លៃផ្លែមៀន នៅពេលដែលផ្លែមៀនបាត់បង់គុណភាព ដោយសារការវេចខ្ចប់ ដែលជាការធ្វេសប្រហែសរបស់កម្ម»។
លោកបន្ថែមទៀតថា កម្ពុជាមិនទាន់អាចនាំចេញផ្លែមៀនទៅកាន់ប្រទេសចិនដោយត្រង់នោះទេ ដោយសារដំណាំមៀនរបស់កម្ពុជា ពុំទាន់មានច្បាប់អនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសនេះនៅឡើយ។
លោកថា៖«ខ្ញុំចង់នាំចេញទៅប្រទេសចិនផ្ទាល់ ដោយមិនចាំបាច់នាំចេញទៅតាមរយៈថៃនោះទេ។ ណាមួយកាលណាយើងអាចនាំចេញទៅចិនបាន នោះយើងអាចបានតម្លៃមួយថ្លៃជាងទៅថៃ»។
ចំណែកលោក សួន ជុំ ជាម្ចាស់ចម្ការមៀនម្នាក់ទៀតបានលើកឡើងដែរថា ថៃដែលបានទិញផ្លែមៀនពីកម្ពុជា គឺមិនបានដាក់ស្លាកសញ្ញាថាជាផ្លែមៀនរបស់កម្ពុជានោះទេ គឺប្រទេសនេះបានដាក់ស្លាកសញ្ញាថាជាផលិតផលរបស់ខ្លួន(Thai Produce ) ។
លោក សួន ជុំ ដែលមានផ្ទៃដីដាំដំណាំមៀនចំនួន១០ហិកតាបាននិយាយថា៖«ប្រសិនបើយើងនាំចេញផ្ទាល់ទៅចិនតែម្តងវាល្អជាង។ ព្រោះនៅពេលដែលយើងនាំចេញទៅថៃ ទម្រាំតែដល់ថៃលើកដាក់ច្រើនដំណាក់កាល ហើយវាបណ្តាលឲ្យផលិតផលរបស់យើងខូច។ ជាពិសេសនោះ យើងអស់សាហ៊ុយច្រើនណាស់ បង់ថ្លៃព្រំដែន ការសាងឥវ៉ាន់ដាក់ឡានច្រើនដំណាក់កាល។ ទាំងនេះយើងត្រូវចំណាយលុយ។ ហើយប្រសិនបើយើងនាំចេញទៅចិនផ្ទាល់តែម្តង យើងធ្វើការវេចខ្ចប់ផលិតផលតែម្តងគឺរួចស្រេច ហើយចំណេញជាងទៅថៃ»។
លោក សា ចំរើន ទីប្រឹក្សាសហគមន៍មៀនប៉ៃលិនបានលើកឡើងថា ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសថៃ បានធ្វើឱ្យពលរដ្ឋកម្ពុជាត្រូវបង់បាត់ឱកាសរកប្រាក់ចំណេញបានខ្ពស់។
លោកបន្តថា៖«ប្រសិនបើទីផ្សានាំចេញមៀនរបស់កម្ពុជាអាចនាំចេញទៅត្រង់ទៅកាន់ប្រទេសចិនបាន នោះសហគមន៍របស់ខ្ញុំនឹងឈោងទៅយកផ្លែមៀនពីខេត្តមួយចំនួនបន្ថែមទៀត ដូចជាស្ទឹងត្រែង កំពង់ចាម ព្រះវិហារ ដើម្បីយកមកផ្ទុកនៅប៉ៃលិន ហើយធ្វើការនាំចេញទៅកាន់ចិនផ្ទាល់តែម្តង។ សព្វថ្ងៃនេះ សហគមន៍របស់ខ្ញុំមានដៃគូមួយចំនួនរួចស្រេចទៅហើយដូចជានៅបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងបៃលិនផ្ទាល់តែម្តង»។
ឆ្លើយតបនឹងបញ្ហានេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានឲ្យដឹងថា ក្រសួងកសិកម្មកំពុងតែគិតគូរពីបញ្ហានេះ ក្រោយពីមានការត្អួញត្អែររបស់ពលរដ្ឋដែលប្រកបរបរដាំផ្លែមៀន។
លោកថា៖«ចំពោះករណីផ្លូវច្បាប់នាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់នេះ យើងបានធ្វើការជាមួយភាគីចិនរួចហើយកាលពីឆ្នាំទៅ ហើយយើងសង្ឃឹមថាសំណើរដែលបានដាក់នោះ វានឹងរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ»។
លោកបន្តថា ខេត្តប៉ៃលិនមានផ្ទៃដីដាំមៀនចំនួន៤៣៨៩ហិកតា ដែលអាចប្រមូលផលបាន២ ៥០០០តោន និងអាចនាំចេញទៅកាន់ទីផ្សារបរទេសប្រមាណ៨ពាន់តោន៕
មៀនកោះក្របី កៀនស្វាយ លោក ឃុន ចំណាន ម្ចាស់ចំការមៀនកោះក្របី បង្ហាញពូជមៀន ១ប្រភេទកំពុងត្រូវប៉ាន់ ខណៈកសិករខ្មែរមិនមានអ្នកដាំ មៀនកោះក្របីត្រូវបានគេស្គាល់ថាជាមៀនដែលរសជាតិផ្អែមឆ្ងាញ់ខុសពីមៀនដទៃទៀត និងអាចប្រមូលផលបានពីរដងក្នុង១ឆ្នាំ ប្រាំងនិងវស្សា។ មិនត្រឹមតែប៉ុណ្ណោះ មៀនកោះក្របីត្រូវបានប្រជាជនក្នុងតំបន់បានគាំទ្រនិងបានដាំដុះតាំងពីដូនតាមកម្លេះ។
លោក ឃុន ចំណាន វ័យ ៣៧ឆ្នាំ ម្ចាស់ចំការ មៀនខ្មែរកោះក្របី ដែលមានទីតាំងនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ ប្រាប់ Business Cambodia ថា ចប្ចុប្បន្នចំការមៀនរបស់លោក មានផ្ទៃដីប្រមាណជាង ១០ហិកតា និងមានដើមមៀនជាង៣,០០០ដើម ដោយលោកបានដាំពូជមៀន សេរ៉ូឌុប ដែលលោកអះអាងថា ពូជនេះលក់បានថ្លៃហើយវាមានរសជាតិផ្អែមឆ្ងាញ់ជាប់ចិត្ត ផ្លែធំ សាច់ក្រាស់ គ្រាប់តូច ស្ងួត និងងាយស្រួលលក់នៅលើទីផ្សារផងដែរ។សហគ្រិនវ័យ ៣៧ឆ្នាំ រូបនេះ បន្តថា «គោលបំណងរបស់យើងគឺដើម្បីបង្ហាញថា ខ្មែរយើងក៏មានពូជដើមឈើ ផ្លែឈើល្អផងដែរ»។ ជាក់ស្ដែង សព្វថ្ងៃនេះ ចម្ការមៀនខ្មែរកោះក្របី មានពូជកូនមៀនសម្រាប់ផ្គត់ផ្គង់ជូនដល់ប្រជាកសិកររាប់ពាន់ដើមផងដែរ។ ចំពោះតម្លៃកូនមៀនលក់ទៅតាមទំហំថង់នីមួយៗ ១.កូនមៀនថង់លេខ៨, កំពស់ ៣តឹក ទៅ៤តឹក : តំលៃ៥ ០០០រៀល ២.កូនមៀនថង់លេខ១០: កំពស់ ៥ ទៅ ៦ តឹក : តំលៃ១២ ០០០រៀល ៣.កូនមៀនថង់លេខ១៥: កំពស់ ១ម៉ែត្រ: តំលៃ ១៥ ០០០រៀល ៤.កូនមៀនថង់លេខ១៥ : កំពស់ ១ម៉ែត្រ២តឹកៈ តំលៃ ២០ ០០០រៀល។ ទន្ទឹមជាមួយគ្នានេះ លោក ឃុន ចំណាន បានលើកឡើងថា មៀនមិនចំណាាយពេលយូរពេកនោះទេ ក្នុងដំណើរការដាំរហូតដល់ប្រមូលផល តាមបទពិសោធន៍ជាក់ស្ដែងរបស់លោកការដាំមៀនលើកទឹកដីកោះក្រពី គឺត្រឹមតែ ១ឆ្នាំ ៧ខែទៅ ២ឆ្នាំតែប៉ុណ្ណោះ គឺចាប់ផ្ដើមទទួលផលបានបណ្ដើរៗហើយ។ ចំពោះទីផ្សារមៀនខ្មែរកោះក្របីដែលលោកបានលក់ទៅទីផ្សារបោះដុំ ដូចជា៖ ផ្សារអូរឫស្សី ផ្សារដើមគរ និងផ្សារព្រែកត្នោត និងមានម៉ូយតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរ។
លោកបញ្ជាក់ថា ចំពោះតម្លៃផ្លែមៀនបោះដំុ ចែកជាពីរវគ្គគឺ ១.ខែប្រាំង(មិនសូវសម្បូរ) :ផ្លែសេរ៉ូឌុប : តម្លៃ២៥ ០០០រៀនទៅ ៣៥ ០០០រៀន / គីឡូក្រាម ផ្លែលេខ១: តម្លៃ១៥ ០០០រៀលទៅ ២០ ០០០ រៀល / ១គីឡូក្រាមផ្លែលេខ២: ១០ ០០០រៀលទៅ ១៥ ០០០រៀល/គីឡូ។២.ខែវស្សារ(សម្បូរ) :ផ្លែសេរ៉ូឌុប : ២៥ ០០០រៀលទៅ ៣០ ០០០រៀលផ្លែលេខ១: ១៣ ០០០រៀលទៅ ១៥ ០០០រៀលផ្លែលេខ២: ១០ ០០០រៀលទៅ ១២ ០០០រៀល។ សូមបញ្ជាក់ថា ចំណូលដែលលោកទទួលបានពីការប្រមូលផលផ្លែមៀន គឺអាចរកចំណូលបាន ១ម៉ឺនដុល្លារអាមេរិក/១ឆ្នាំ ហើយក្នុងឆ្នាំ២០២២ ចំការរបស់លោកនឹងទទួលចំណូលអាចដល់៥ម៉ឺនដុល្លារ/១ឆ្នាំ។គួរជម្រាបផងដែរ ចំពោះបងប្អូនដែលមានបំណង់ចង់ទិញផ្លែមៀនខ្មែរដែលមានគុណភាពល្អនិងរសជាតិផ្អែមឆ្ងាញ់ ឬចង់ទិញកូនមៀនទៅដាំបន្ត ម្ចាស់ចម្ការផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ ០១០៧៧៧៧៥៩ / ០១០៩៧៩៩៩៩ / ០១០២២២២៣៣ ឬតាមរយ៖ ហ្វេសប៊ុកផេក៖មៀនខ្មែរកោះក្របី៕
ទីផ្សារមៀនប៉ៃលិនខ្មែរ នឹងហក់ខ្លាំង បើរោងចក្រឡដ្ឋសម្ងួតតម្លៃជាង៣លានដុល្លារ ដាក់ដំណើរការ មៀនប៉ៃលិន ឬគេនិយមហៅថា តាង៉ែន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទៅ មិនថាតែនៅក្នុងខេត្តប៉ៃលិននោះទេ ពោលនៅពេលនេះ កំពុងចែកចាយនៅតាមបណ្ដាខេត្តផ្សេងៗជាច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា។ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋជាប់ចិត្តជាមួយផ្លែតាង៉ែននេះ គឺដោយសារតែរសជាតិឆ្ងាញ់ ផ្អែមជាប់មាត់ នៅពេលបានទទួលទានហើយ គឺចង់ទទួលទានទៀត។ដោយសារតែមានការគាំទ្របែបនេះ ធ្វើឲ្យអ្នកវិនិយោគគិនមកពីក្រុមហ៊ុនចិន អ្នកវិនិយោគកម្ពុជា បានមកបណ្ដាក់ទុនវិនិយោគរួមគ្នា ប្រមាណជាង៣លានដុល្លារអាមេរិក សាងសង់ឡដ្ឋសម្ងួតផ្លែមៀនប៉ៃលិនមួយ នៅខេត្តដែលមានប្រវត្តិជួរចត់ ដោយសារភ្លើងសង្គ្រាមមួយនេះ។ ហើយរហូតមកដល់ពេលបច្ចុប្បន្នឡដ្ឋសម្ងួតនេះ បានសាងសង់រួចជាស្ថាពរផងដែរ ដើម្បីចែកចាយផ្លែមៀនប៉ៃលិននេះ នៅក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដែលរៀបចំ និងដឹកនាំឡើងដោយអង្គការ Gret ទៅកាន់ ទឹកដីខេត្តប៉ៃលិន ដើម្បីស្វែងយល់សង្វាក់ផលិតកម្មដំណាំ មៀន ប៉ៃលិន កាលពីចុងសប្តាហ៍កន្លងទៅ។
នាឪកាសនោះ លោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀន ប៉ៃលិន ទួលបន្ទុកផ្នែកបច្ចេកទេស និងទីផ្សារ បានថ្លែងអោយដឹងថា ឡដ្ឋសម្ងួតផ្លែមៀនប៉ៃលិន តម្លៃជាង៣លានដុល្លា ដើម្បីត្រៀមនាំចេញទៅចិន បានសង់រួចជាស្ថាពរនៅក្នុងឆ្នាំ២០១៩។លោកថា ឡដ្ឋសម្ងួតផ្លែមៀនប៉ៃលិននេះ មានទាំងអស់៤ឡដ្ឋ ដែលក្នុង១ឡដ្ឋ អាចសម្ងួតផ្លែមៀនប៉ៃលិនប្រមាណ៩តោន ដោយប្រើប្រាស់ពេលប្រមាណ៧៤ នាទី។ក្រៅពីអាចស្តុកទុកផលផ្លែមៀនក្នុងបរិមាណ៣ពាន់តោនហើយនោះ ប្រឹក្សាសហគមន៍មៀន ប៉ៃលិនរូបនេះ ក៏បានអះអាងថា រោងចក្រនេះ មិនត្រឹមតែជាឡដ្ឋសម្ងួត និងសម្លាប់មេរោគផ្លែមៀនប៉ៃលិន ប៉ុណ្ណោះទេ វាក៏ជាកន្លែងដែលអាចកែឆ្នៃសាច់ផ្លែមៀនសម្រាប់នាំចេញថែមទៀតផង។
ក្រៅពីអាចសម្ងួត សម្លាប់មេរោគ និងកែឆ្នៃសាច់ផ្លែមៀននៅក្នុងខេត្តប៉ៃលិនហើយនោះ រោងចក្រឡដ្ឋសម្ងួតនេះ ក៏មានការស្រួបទាញផ្លែឈើប្រភេទនេះ មកពីខាងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោតិ៍សាត់ ផងដែរ ដើម្បីបម្រើឲ្យការផ្គត់ផ្គង់នៅក្នុងរោងចករនេះ។នេះបើតាមការថ្លែងបញ្ជាក់ពីលោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀន ប៉ៃលិន។ ដោយឡែក ចំពោះសំណួរថា តើការគ្រោងនាំផ្លែមៀនប៉ៃលិនទៅប្រទេសចិននេះ មានចំនួនប៉ុន្មានក្នុងមួយឆ្នាំ? ហើយថាតើអាចដំណើរការនាំចេញនៅពេលណា? លោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀន ប៉ៃលិន ទួលបន្ទុកផ្នែកបច្ចេកទេស និងទីផ្សារ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះកម្ពុជាចិន មិនទាន់បានចុះកិច្ចព្រមព្រៀងលើការបញ្ជាទិញនេះនោះឡើយ ប៉ុន្ដែលោកគ្រាន់តែបង្ហើបថា កម្រិតនៃការនាំចេញទៅប្រទេសចិននេះ នឹងហក់ឡើងខ្ពស់ជាងការនាំចេញទៅប្រទេសថៃ នាពេលបច្ចុប្បន្ន ឬទីផ្សារក្នុងស្រុក។យ៉ាងណា លោកក៏បានបង្ហាញក្តីរំពឹងទុកថា ប្រសិនបើរោងចក្រឡដ្ឋសម្ងួតផ្លែមៀនប៉ៃលិនដាក់អោយដំណើរការ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងលើការបញ្ជាទិញរវាងកម្ពុជា និងចិនហើយនោះ ផ្លែមៀនប៉ៃលិននឹងកាន់ល្បីឈ្មោះលើទីផ្សារអន្តរជាតិ។
គួរជម្រាប់ផងដែរថា បើតាមតំណាងសហគមន៍មៀន ប៉ៃលិន បានអះអាងថា សម្រាប់ឆ្នាំ២០២០នេះ តំលៃមៀនប៉ៃលិន មានទីផ្សារ ល្អ និងមានតម្លៃខ្ពស់ជាងមុន ដោយក្នុង១គីឡូក្រាម បានរហូតដល់៤០០០រៀល។ តម្លៃនេះ គឺហក់ខ្ពស់ជាងឆ្នាំមុន ដែលឆ្នាំកន្លងទៅបានត្រឹមតែ១គីឡូក្រាម២៥០០ រៀលទៅ៣០០០រៀលតែប៉ុណ្ណោះ។ ប៉ុន្តែការនាំចេញហាក់នៅមានកម្រិត ដោយទិន្នផលប្រមូលបាន ប្រមាណជាជាង២៥០០០តោន ធ្វើការនាំចេញបានតែ ៨០០០តោនប៉ុណ្ណោះ ខណៈការនាំចេញបានតែ ៨០០០តោននេះ ធ្វើឡើងតាមរយៈប្រទេសថៃផងដែរ៕