ឯកសារពាក់ព័ន្ធ ខេត្តព្រះវិហាររួមមាន៖
- ព្រំដែន ខេត្តព្រះវិហារ
- ភូមិសាស្រ្តខេត្តព្រះវិហារ
- តំបន់ទេសចរណ៍ ខេត្តព្រះវិហារ
- សង្រ្គាម ខ្មែរ សៀម លើករណី ប្រាសាទព្រះវិហារ ឆ្នាំ ២០០៨ ដល់ ២០១១
- បណ្តាទីតាំង បង្កោលព្រំដែន ខ្មែរ សៀម ។
- ប្រាសាទ ព្រះវិហារ
- ឧទ្យានតេជោសែនឫស្សីត្រឹប
- ចលនា ទន្រ្ទានព្រៃឈើនៅ ខេត្ត ព្រះវិហារ
- ឧទ្យាន្តជាតិ ភ្នំគូលេន
- ជនជាតិ កួយ Kuy People
- អាជីវកម្ម ព្រៃឈើ នៅកម្ពុជា
រាជបណ្ឌិត្យសភា កម្ពុជាចាប់ផ្ដើមជីកប្រឡាយទឹក ជុំវិញ ឧទ្យានតេជោសែនឫស្សីត្រឹប
រាជបណ្ឌិត្យសភាកម្ពុជាបានបើកការដ្ឋានជីកប្រឡាយទឹកប្រវែង៥២គីឡូម៉ែត្រជុំវិញឧទ្យានតេជោសែនឫស្សីត្រឹប ដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដើម្បីអភិរក្សធនធានធម្មជាតិ ទីតាំងវប្បធម៌ និងទីតាំងឡស្លដែកដែលជាកេរដំណែលពីបុរាណ ដើម្បីជាប្រភពទឹកសម្រាប់សត្វព្រៃនៅក្នុងឧទ្យាននោះ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃអាទិត្យបានអញ្ជើញបើកការដ្ឋានជីកប្រឡាយទឹកជុំវិញឧទ្យានតេជោសែនឫស្សីត្រឹបក្នុងជម្រៅពីរម៉ែត្រកន្លះ ទទឹងប្រាំមួយម៉ែត្រ និងបណ្ដោយប្រវែង៥២គីឡូម៉ែត្រដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ៥២ម៉ឺនដុល្លារ សហរដ្ឋ អាមេរិក។
គម្រោងជីកប្រឡាយទឹកនេះបានចាប់ផ្ដើមដំណើរការជាផ្លូវការ បន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាបង្កើតយុទ្ធនាការអំពាវនាវស្វែងរកការចូលរួមថវិកាពីសប្បុរសជនពីពេលកន្លងមក។
លោកបានថ្លែងក្នុងពិធីបើកការដ្ឋានជីកប្រឡាយទឹកកាលពីថ្ងៃអាទិត្យថា គិតមកទាល់នឹងពេលនេះ ថវិកាដែលសប្បុរសជនចូលរួមក្នុងគម្រោងជីកប្រឡាយនេះបានចំនួន១១ម៉ឺនដុល្លារជាតួរលេខ ប៉ុន្តែប្រាក់ដែលបានដល់ដៃចំនួន ៥៣ ០០០ដុល្លារ និងប្រាក់រៀលចំនួន៦៦លានរៀល។
លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមបន្តទៀត ដើម្បីជីកប្រឡាយនេះបានដោយជោគជ័យ។
លោកថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបបានបង្កើតនិងទទួលស្គាល់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ២០១៤ ក្នុងទំហំផ្ទៃដី ១១ ៤៣៥ហិកតា ដែលមានទីតាំងស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
លោកបញ្ជាក់ថា មូលហេតុដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចជីកប្រឡាយទឹកជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបក្នុងគោលបំណងការពារធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា (ឡស្លដែកបុរាណ) និងជាតិពន្ធុកួយ ដែលអាចបម្រើមុខងារក្នុងបរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍បានយ៉ាងប្រសើរ។
លោកបន្ថែមថា ប្រឡាយទឹកនេះនឹងក្លាយជាប្រភពទឹកដ៏សំខាន់ក្នុងរដូវប្រាំងសម្រាប់សត្វព្រៃនិងសត្វបក្សាបក្សីគ្រប់ប្រភេទ ហើយសត្វព្រៃគ្រប់ប្រភេទដែលបន្លាស់ទីចូលមកទីនេះ គឺមិនអាចអាចចេញទៅវិញបានដែរ។
លោកបាននិយាយថា៖ «ការជីកប្រឡាយទឹកបែបនេះ គឺយើងចង់បង្កើតទេសចរណ៍បរិស្ថានសម្រាប់ប្រជាជននៅស្រុកឆែបអាចរកប្រាក់ចំណូលបាន ហើយឥឡូវនេះយើងកំពុងតែបង្រៀនវិជ្ជាចម្អិនម្ហូបនិងការតុបតែងផ្ទះសំណាក់ដល់សិស្សានុសិស្សក្នុងស្រុកនេះ ហើយនាំទេសចរចូលកម្សាន្តនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដោយសារតែនៅទីនេះមានតំបន់ជីវៈចម្រុះដ៏មានសក្តានុពលជាច្រើន»។
លោកបន្តថា៖ «ចំណុចដ៏សំខាន់ចុងក្រោយក្នុងគម្រោងជីកប្រឡាយទឹកនេះ ដើម្បីបន្សល់ទុកជាមេរៀននិងគំរូប្រវត្តិសាស្ត្រសម្រាប់ខ្មែរជំនាន់ក្រោយចេះស្រឡាញ់ព្រៃឈើ សត្វព្រៃ ជាពិសេសសម្បត្តិវប្បធម៌ជាតិ»៕
ខណៈ ស្ថានីយឧស្សាហកម្មស្លដែកក្នុងឧទ្យានតេជោសែន ឫស្សីត្រឹប ត្រូវបាន ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ហៅកាត់ ឧទ្យានឫស្សីត្រឹប មានគោលបំណង ស្នើដាក់បញ្ចូលចូលជាបេតិភណ្ឌពិភពលោក ដើម្បីអភិរក្សនោះ ឧទ្យាននេះ បានបញ្ហាប្រឈមមួយចំនួន ទាំងកត្តាមនុស្ស និងកត្តាធម្មជាតិផងដែរ។
លោក សូត្រ សំណាង ប្រធាន ឧទ្យានតេជោសែន ឫស្សីត្រឹប បានឱ្យ “កម្ពុជាថ្មី” ដឹងថា បច្ចុប្បន្ន ឧទ្យានឫស្សីត្រឹប នៅតែមានការព្រួយបារម្ភ នឹងការប្រឈមខ្លាំងចំពោះផលប៉ះពាល់ទៅលើធនធានធម្មជាតិ និងធនធានវប្បធម៌ ព្រមទាំង ជាតិពន្ធុ កួយ។ ជនខិលខូចនៅតែបន្តចូលលួចកាប់បំផ្លាញព្រៃឈើ ដាក់អន្ទាក់ប្រមាញ់សត្វព្រៃ កាប់រានដីព្រៃធ្វើចម្ការ ដែលធ្វើឱ្យថយចុះនូវបរិមាណព្រៃឈើធម្មជាតិ និងបាត់បង់ប្រភេទពូជសត្វព្រៃ និងព្រៃឈើធម្មជាតិដែលមានលក្ខណៈពិសេសខាងវប្បធម៌។ ជាពិសេស ការកាប់រានព្រៃ ធ្វើស្រែចម្ការកន្លងមក ចំនួន ៣១៥ ក្បាលដី ស្មើនឹង ៥១៦ ហិកតា (ទិន្នន័យក្រុមការងារចម្រុះចុះស្រង់នៅ ឆ្នាំ២០១៧-២០១៨)។
ប្រធានឧទ្យានតេជោសែន ឫស្សីត្រឹប បានឱ្យដឹងបន្តថា កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុនចម្ការអំពៅចិន ដែលទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ច បានឈូសឆាយព្រៃចូលក្នុងដីឧទ្យានប្រមាណជាង ៨០០ ហិកតា ដែលផ្នែកខ្លះស្ទើរតែប៉ះពាល់ដល់ ទីតាំងស្ថានីយឧស្សាហកម្មស្លដែកបុរាណ ដែលការណ៍នេះ ប្រសិនបើឧទ្យានមិនបានទប់ស្កាត់ទាន់ពេលវេលា នោះស្ថានីយបុរាណដ៏សំខាន់មិនអាចកាត់ថ្លៃទាំងនេះ នឹងក្លាយជាវាលរាបស្មើ ហើយត្រូវបាត់បង់ទាំងស្រុង។
លោក សូត្រ សំណាង មានប្រសាសន៍ថា៖ “ផលប៉ះពាល់សំខាន់ គឺកត្តាធម្មជាតិ រួមមាន គម្របផ្ទៃដី ដាំដុះខាងលើមានកម្រាស់ស្តើង សំបូរដោយផ្ទាំងថ្មបាយក្រៀមនៅផ្នែកក្រោម ដែលធ្វើឱ្យដើមឈើមិនអាចចាក់ឫសបានជ្រៅ ប៉ុន្តែងាយនឹងដួលរលំដោយកម្លាំងខ្យល់។ ម្យ៉ាងទៀត រំហូរដោយកម្លាំងទឹកធម្មជាតិបានបង្កើតជា សំណឹក ធ្វើឱ្យផ្លាស់ប្ដូរទីតាំងដើម នៃភស្តុតាងបុរាណវត្ថុវិទ្យា ស្របគ្នានឹងការខ្វះខាតខាងថវិកាសម្រាប់ការស្រាវជ្រាវ សង្គ្រោះ ឱ្យបានទាន់ពេលវេលា”។
ប្រធាន ឧទ្យានតេជោសែន ឫស្សីត្រឹប រូបនេះ មានប្រសាសន៍បន្ត ទោះបីជាមានផលប៉ះពាល់ពីសំណាក់ធម្មជាតិ និងមនុស្សក្ដី ក៏មន្ត្រីឧទ្យាន បានខិតខំអភិរក្សការពារតាមរយៈកត់ត្រាប្រមូលទិន្នន័យ កំណត់អត្តសញ្ញាណ ធ្វើផែនទីរបាយទីតាំងស្ថានីយ របាយប្រភេទពូជ-អំបូរព្រៃឈើ រួមជាមួយនឹងការចុះអប់រំ ផ្សព្វផ្សាយ ជូនដល់ប្រជាសហគមន៍ សិស្សសាលា អាជ្ញាធរ អង្គភាពជំនាញពាក់ព័ន្ធ ដែលរស់នៅជុំវិញក្បែរឧទ្យាន និងជូនដល់ថ្នាក់ដឹកនាំស្ថាប័ន និស្សិត សាកលវិទ្យាល័យនានាជាដៃគូ ឱ្យយល់ដឹងអំពី គោលបំណង បេសកម្ម សកម្មភាព លទ្ធផលការងារអភិរក្ស និងគុណតម្លៃ នៃធនធានធម្មជាតិ វប្បធម៌ និង ជាតិពន្ធ ជាបន្តបន្ទាប់។
លោក សូត្រ សំណាង មានប្រសាសន៍ថា៖ “ក្រុមការងារឧទ្យានយើងខ្ញុំ ពិតជាមិនអាចអភិរក្សការពារកេរមរតកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យាដ៏មានតម្លៃនេះឱ្យគង់វង្សឡើយ បើគ្មានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរ ពិសេសការចូលរួមយ៉ាងសកម្មពីប្រជាសហគមន៍នៅជុំវិញឧទ្យាននេះ”។
គួរបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើត និង ទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ ដែលមានទំហំផ្ទៃដី ១១៤,៣៥ គីឡូម៉ែត្រទ្វេគុណ (ម៉ែត្រការ៉េ) ដែលមានទីតាំងស្ថិតក្នុង ឃុំឆែបមួយ និងឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះ ត្រូវបានគ្រប់គ្រងផ្ទាល់ ដោយរាជបណ្ឌិត្យសភាកម្ពុជា នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមាន អគ្គនាយកដ្ឋានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាសេនាធិការដឹកនាំ គ្រប់គ្រង និងអនុវត្ត គម្រោងអភិរក្ស និងអភិវឌ្ឍន៍នានាដើម្បីឱ្យមាននិរន្តរភាព ក្នុងកិច្ចការពារ និងអភិវឌ្ឍន៍។
រយៈពេលជាង ៦០ ឆ្នាំមកនេះ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានរកឃើញ ទួលឡស្លដែកចំនួន ៥៤ ទីតាំង មាន ៥ បណ្ដុំ, ភូមិបុរាណចំនួន ៣, ត្រពាំងបុរាណចំនួន ៦៥, ផ្លូវបុរាណចំនួន ៣ ខ្សែ នៅឧទ្យានឫស្សីត្រឹបនេះ។ ជាបន្តបន្ទាប់ ក្រុមការងារជាតិ និងអន្តរជាតិ បានបន្តស្រាវជ្រាវ និងធ្វើកំណាយបុរាណវត្ថុវិទ្យាទីតាំងឡស្លដែកមួយកន្លែង ដោយបានរកឃើញបុរាណវត្ថុ និងវត្ថុគំហើញបុរាណវិទ្យាជាច្រើនដូចជា៖ រចនាសម្ព័ន្ធឡស្លដែក ត្រឡែក (បំពង់ខ្យល់) អាចម៍ដែក អាចម៍ស្ពាន់ រ៉ែដែក រ៉ែស្ពាន់ ថ្មកំណល់ និងថ្មវាយបំបែករ៉ែ ពាងទឹក កុលាលភាជន៍សម័យអង្គរ និងធ្យូងឫស្សី៕
ថ្លែងក្នុងពិធីដាំដើមឈើនៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹម»
(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅក្នុង «ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ឫស្សីត្រឹប»។
ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតលើងដោយព្រះរាជក្រិត្យកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ រាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត សុខ ទូច ជាប្រធាន បានដាក់ចេញផែនការដាំដើមឈើនៅទីនេះឲ្យបាន ១លានដើម និងបង្កើតជាកន្លែងស្រាវជ្រាវក្នុងការចិញ្ចឹមគោយកទឹកដោះសម្រាប់ផ្គត់ផ្គង់នៅកម្ពុជាថែមទៀតផ។
ក្រៅពីការដាំដើមឈើ និងចិញ្ចឹមគោយកទឹកដោះហើយនោះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំឲ្យមានការចិញ្ចឹមសត្វព្រៃនៅទីនេះថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរទៅថ្ងៃអនាគត។ សម្តេចតេជោ ហ៊ុន សែន រួមនិងសម្បុរសជនជាច្រើនអ្នកទៀត នៅក្នុងពិធីនាព្រឹកមិញនេះ បានសម្រេចឧបត្ថម្ភថវិកាជាង ១៥ម៉ឺនដុល្លារអាមេរិក និងអំពាវនាវឲ្យមានការចូលរួមបន្តបន្ទាប់ទៀត ដើម្បីប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនេះ ទៅតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃ សម្រាប់ជាមរតកដល់កូនខ្មែរជំនាន់ក្រោយ។
ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជាច្រើនពាក់ព័ន្ធការអភិរក្ស អភិវឌ្ឍន៍ឧទ្យានមួយនេះ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅចំពោះមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋចូលរួមរាប់ពាន់នាក់៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹបនេះ គឺជាតំបន់ប្រវត្តិសាស្ត្រមួយមានតឹកតាំងបង្ហាញជាកន្លែងស្លដែក ដែលបង្ហាញថាកម្ពុជាមានឧស្សាហកម្មស្លដែកតាំងពីយូរលង់ណាស់មកហើយ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរួមគ្នាការពារនូវកូនឈើដែលដាំនៅក្នុងឧទ្យានរាជបណ្ឌិត្យសភា។ សម្តេចសង្ឃឹមថា តំបន់នេះមិនត្រឹមតែក្លាយជាតំបន់អភិរក្សព្រៃឈើនោះទេ និងក្លាយជាជម្រុកសត្វ ដែលមានសត្វខ្លះជិតនឹងផុតពូជផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃនៅតែលើក្រដាសមិនទាន់គ្រប់គ្រាន់នោះទេ តែត្រូវចុះធ្វើសកម្មភាពជាក់ស្តែង។
* សម្តេចនាយករដ្ឋមន្ត្រី រំពឹងថា នៅរយៈពេលប្រមាណ ៥ឆ្នាំ ក្រោយតំបន់ឧទ្យានរាជបណ្ឌិត្យសភានេះ អាចនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ព្រោះអ្នកទេសចរចង់ដើរមើលព្រៃ និងសត្វ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំនាន់មុនបានធ្វើការងារសម្រាប់អ្នកបច្ចុប្បន្ន តែអ្នកជំនាន់មុនក៏បានធ្វើសកម្មភាពមួយចំនួននាំឲ្យមានមហន្តរាយ សម្រាប់សង្គមជាតិផងដែរ ដូចជាការបង្កនូវភ្លើងសង្គ្រាម។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការដាំដើមឈើ និងអភិរក្សសត្វព្រៃនៅឧទ្យានរាជបណ្ឌិត្យសភានៅថ្ងៃនេះ គឺដើម្បីជាមរតកដល់មនុស្សជំនាន់ក្រោយ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ឈើមានសត្រូវច្រើនណាស់ ដាំមួយលាន អាចមានការកាប់ឈើរហូតដល់ទៅ២លាន។ ការកាប់នេះមានទាំងតម្រូវការក្នុងការធ្វើផ្ទះសម្បែង ការកាប់លក់ តម្រូវការអភិវឌ្ឍន៍ទាំងក្នុងវិស័យកសិកម្ម និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចសុទ្ធតែត្រូវការកាប់ឈើ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ព្រោះតែតម្រូវការអភិវឌ្ឍន៍នេះ ប្រទេសនៅតំបន់អឺរ៉ុបបានកាប់ឈើអស់ទៅហើយ បែរជាមកប្រដៅកម្ពុជាទៅវិញ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានស្នើឲ្យមានការពិចារណា និងថ្លឹងថ្លែងមិនត្រូវចេះតែចោទពីរឿងកាប់ឈើៗនោះទេ ត្រូវមើលថា បច្ចុប្បន្នប្រជាពលរដ្ឋកើនច្រើនតម្រូវការដីធ្លីសម្រាប់ការរស់នៅ បង្កបង្កើនផល ធ្វើរបរកសិកម្មផ្សេងៗ ដែលជាហេតុនាំឲ្យមានការរុករានកាប់ទន្ទ្រានព្រៃឈើយកដី។ សម្តេចបានបន្ថែមថា តែទោះជាយ៉ាងណាផ្ទៃដីមួយចំនួនទោះបីត្រូវអស់ព្រៃឈើ តែបានជំនួយមកវិញនូវដើមកៅស៊ូ ដែលជាការផ្តល់គម្របព្រៃឈើផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា នៅអំឡុងឆ្នាំ១៩៧៩ និង១៩៧០ ផ្ទៃដីបង្កបង្កើនផលមិនដល់១លានហិកតាផងទេ ពោលប្រហែល ៨០ម៉ឺនហិកតាប៉ុណ្ណោះ តែបច្ចុប្បន្នផ្ទៃដីបង្កបង្កើនផលមានការកើនច្រើន ក្នុងនោះស្រែវស្សា ៣លានហិកតា ស្រែប្រាំងកន្លះលានហិកតា នេះមិនទាន់រាប់បញ្ចូលផ្ទៃដីដាំកៅស៊ូ និងម្រេចនៅឡើយនោះទេ។
* ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវពិនិត្យឲ្យបានច្បាស់លាស់ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងកសិកម្ម និងមន្រ្តីសុរិយោដីតាមបណ្តាខេត្ត ត្រូវសិក្សាថា តើដីណាខ្លះត្រូវទុកជាតំបន់គម្របព្រៃឈើដែលត្រូវទុកការពារ ហើយដីតំបន់ណាខ្លះ ដែលអាចក្លាយទៅជាសម្បទានសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផល។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មិនត្រូវបណ្តែតបណ្តោយទុកឲ្យប្រជាពលរដ្ឋចូលកាប់ទន្ទ្រានយកដី។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកាប់ទន្ទ្រានយកដីនេះពេលខ្លះប្រជាពលរដ្ឋបានចាញ់បោកក្រុមឈ្មួញ និងថៅកែ ដែលញុះញង់ឲ្យប្រជាពលរដ្ឋទៅកាប់ទន្ទ្រានយកដី។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើដាំ១លានដើម ហើយកាប់ ២លានដើមវាមិនគ្រប់គ្រាន់នោះទេ។ តែបច្ចុប្បន្នវិធានការការពារព្រៃឈើត្រូវបានយកចិត្តទុកដាក់ការពារ ដូចជានៅក្នុងឧទ្យានរាជបណ្ឌិត្យសភាឫស្សីត្រឹបនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកាប់ព្រៃឈើនេះត្រូវរួមគ្នាដោះស្រាយ មិនមែនជាការបន្ទោសគ្នានោះទេ។ សម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្នការប្រើអុស និងធ្យូងនៅតែមានចំនួនច្រើន ដែលជាចំណែកមួយធ្វើឲ្យមានការកាប់បំផ្លាញព្រៃឈើផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការគិតគូររកការងារ និងបង្កើតមុខរបរថ្មីជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ឈប់ធ្វើរបរដើរកាប់ឈើ ដុតឈើយកជ័រ ដែលជាកត្តាសត្យានុម័តមួយក្នុងការរួមចំណែកការពារព្រៃឈើ។ ក្នុងនោះការយកព្រៃ ទៅចិញ្ចឹមព្រៃក៏ជាចំណែកមួយក្នុងការថែរក្សា និងអភិរក្សព្រៃផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងកសិកម្ម និងក្រសួងបរិស្ថានចូលរួមសិក្សាស្រាវជ្រាវលើការចិញ្ចឹមគោយកទឹកដោះ និងចិញ្ចឹមគោយកសាច់ ដែលរាជបណ្ឌិត្យសភាកំពុងអនុវត្តន៍នៅឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹប។
* សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ទៅរៀនពីបរទេសនូវរបៀបចិញ្ចឹមគោយកទឹកដោះ និងចិញ្ចឹមគោយកសាច់ ដើម្បីមានប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនមិនខុសទេ តែកុំទៅរៀនពីរបៀបធ្វើបដិវត្តន៍។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់កងទ័ពថា សម្តេចចាត់កងទ័ពឲ្យមកការពារទឹកដី និងការពារឈើ មិនមែនឲ្យមកកាប់ឈើនោះទេ។
* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យមានរៀបចំបទបញ្ជាផ្ទៃក្នុង និងលក្ខខណ្ឌគតិយុត្តនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹប ដើម្បីធានាដល់ការពារ និងអភិរក្សព្រៃឈើ និងសត្វ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ដើម្បីជោគជ័យរួមរបស់កម្ពុជាក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃ។
* សម្តេចតេជោ ហ៊ុន សែន ដោយសារតែសម្តេចរំលត់ភ្លើងសង្គ្រាមទើបមានផ្លូវ មានស្ពាន ហើយក៏នាំឲ្យមានការកាប់ទន្ទ្រានព្រៃឈើ។ តែបើមិនរំលត់ភ្លើងសង្គ្រាមទេ ប្រជាពលរដ្ឋកម្ពុជានឹងនៅតែបន្តស្លាប់។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋមានការថ្លឹងថ្លែងថា តើការដឹកនាំដោយសម្តេចត្រូវប៉ុន្មាន ហើយខុសប៉ុន្មាន? សម្តេចថា ដើម្បីរំលត់ភ្លើងសង្គ្រាមនៅកម្ពុជា សម្តេចបានយកជីវិតទៅធ្វើជាដើមទុន។
* សម្តេចតេជោ បានថ្លែងបន្តថា របៀបការដឹកនាំរបស់មេដឹកនាំនៃប្រទេសណាសម្តេចមិនដឹងទេ តែសម្រាប់សម្តេច គឺសម្តេចមានភាពក្លាហាន ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែការយកជីវិតធ្វើជាដើមទុន ដើម្បីចរចាយកទាហានខ្មែរក្រហមចេញពីក្នុងព្រៃនោះហើយ ទើបធ្វើឲ្យកម្ពុជាមានសុខសន្តិភាព ប្រជាពលរដ្ឋមានឱកាសរកស៊ីអភិវឌ្ឍន៍ជីវភាពល្អប្រសើរ។ សម្តេចនាយករដ្ឋមន្ត្រីថា បើអ្វីដែលសម្តេចបានធ្វើនោះខុស សម្តេចក៏ស្ម័គ្រចិត្តនឹងទទួលការស្តីបន្ទោសនោះដែរ។ តែសម្តេចសង្ឃឹមថា ប្រជាពលរដ្ឋនឹងចេះវិនិច្ឆ័យលើបញ្ហា និងការដឹកនាំរបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៨៖៥០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨៕
អ្នកស្រាវជ្រាកម្ពុជា-ជប៉ុនរកឃើញសំណាក«ដុំរ៉ែដែក និងធ្យូង»នៅតំបន់ប្រវត្តិសាស្ត្រឧទ្យានឫស្សីត្រឹប
ព្រះវិហារ៖ក្រុមការងារឧទ្យានរាជបណ្ឌិត្យកម្ពុជា តេជោសែន ឫស្សីត្រឹប លោកបណ្ឌិត ឈឹម សុខាន់ដារា និង លោកបណ្ឌិត ជា ចន្ថា នៅថ្ងៃទី ២៦ កុម្ភព បានសហការជាមួយសាស្ត្រាចារ្យបណ្ឌិត UCHIDA Etsuo និង សហការីបីនាក់ មកពីសាកលវិទ្យាល័យ វ៉ាសេដា ប្រទេសជប៉ុន បានចុះស្រាវជ្រាវប្រមូលសំណាកដុំរ៉ែដែក និង ធ្យូង (Carbon)ដែលមាននៅក្នុងអាចម៍ដែក ដើម្បីកំណត់អាយុកាលជាក់លាក់ និង វិភាគអំពីសមាសធាតុនានាដែលមាននៅក្នុងរ៉ែដែក។
ជាលទ្ធផលនៃការចុះស្រាវជ្រាវ ក្រុមការងារ បានរកឃើញសំណាកធ្យូង (Carbon ) ចំនួន ៣ ដុំ ចេញពីចំណែកអាចម៍ដែក និងដុំរ៉ែម៉ង់ហ្គាណេស ( Manganese ) ចំនួន១ ដុំ ដែលមាននៅលើទីតាំងនៃបណ្ដុំទួលអាចម៍ដែក ក្នុងតំបន់ត្រពាំងត្រឹប ស្រុកឆែប ខេត្តព្រះវិហារ។
គួរបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ហៅខ្លីថា ឧទ្យានឫស្សីត្រឹប មានទាំងធនធានធម្មជាតិ និងធនធានវប្បធម៌ បង្ហាញទំនាក់ទំនងគ្នាប្រកបដោយសក្ដានុពលខាងសេដ្ឋកិច្ច វប្បធម៌ សង្គម និងនយោបាយ ដែលបានបន្សល់ទុកតាំងពីសម័យបុរេប្រវត្តិ។ច្រើនឆ្នាំមកនេះ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានរកឃើញ ឡស្លដែក និង ភូមិបុរាណព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅឧទ្យាននេះ។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានចាត់ទុកជាឧទ្យានដែលមានសក្តានុពលចម្រុះដោយបេតិភណ្ឌប្រវត្តិសាស្ត្រនិងទេសចរណ៍ធម្មជាតិ
(ព្រះវិហារ) ៖ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាឧទ្យានមួយដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ដោយមានចក្ខុវិស័យក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានវប្បធម៌ដែលមានតម្លៃផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ និងជាតិពន្ធុសាសន៍ ព្រមទាំងធនធានធម្មជាតិសំខាន់ៗប្រកបដោយនិរន្តរភាព ។ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានសក្តានុពលទៅលើ បេតិភណ្ឌប្រវត្តិសាស្ត្រ បុរាណវិទ្យា បរិស្ថាន ធម្មជាតិ ទេសចរណ៍ និងជាតិពិន្ធុវិទ្យា៖
បេតិភណ្ឌប្រវត្តិសាស្ត្រ បុរាណវិទ្យា
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានបេតិភណ្ឌប្រវត្តិសាស្ត្រ និងវត្ថុបុរាណ ដែលងាយស្រួលសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់ពីទំនៀមទំលាប់ការរស់នៅរបស់ប្រជាជនខ្មែរនៅសម័យបុរាណ។ ជាពិសេស អ្នកស្រាវជ្រាវ និងសិស្សនិស្សិត នឹងទទួលបានទស្សនា ស្លដែកបុរាណ និងស្វែងយល់ពីការស្លដែករបស់ប្រជាពលរដ្ឋខ្មែរ នៅសម័យបុរណ ដែលបំរើដល់ការប្រកបរបរកសិកម្ម និងគ្រឿងប្រើប្រាស់ផ្សេងៗ។
បរិស្ថាន ធម្មជាតិ
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គ្របដណ្តប់ដោយព្រៃឈើ ក្នុងទំហំ ១១,៤៣៥ គីឡូម៉ែត្រក្រឡា។ ស្ថិតក្រោមព្រៃឈើដ៏ច្រើននេះ អ្នកចូលរួមទស្សនាទាំងជាតិ និងអន្តរជាតិ អាចស្វែងយល់ពីធម្មជាតិដ៏សំបូរបែប និងទទួលបានអារម្មណ៍ស្រស់ស្រាយ។ លើសពីនេះ ភ្ញៀវទេសចរ អាចទទួលបទពិសោធន៍នៃរបៀបរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលរស់អាស្រ័យធម្មជាតិ ដូចជា កសិកម្ម សត្វព្រៃ។
ទេសចរណ៍
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្វាគមន៍ទទួលការចូលទស្សនាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ភ្ញៀវទេសចរ អាចធ្វើការសម្រាក់កំសាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធ និងស្វែងយល់ពី ធម្មជាតិ វត្ថុបុរាណ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ជាងនេះទៅទៀត ថ្នាក់គ្រប់គ្រងនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បាននិងកំពុង ធ្វើការអភិវឌ្ឍឧទ្យាន ធ្វើយ៉ាងណា ផ្តល់លក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាតិពិន្ធុវិទ្យា
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាតំបន់ដែលមានរុក្ខជាតិប្លែកៗជាច្រើន។ អ្នកទេសចរ អាចស្គាល់រុក្ខជាតិថ្មីៗជាច្រើន ព្រមទាំងអត្ថប្រយោជន៍នៃរុក្ខជាតិទាំងនោះ។ រុក្ខជាតិខ្លះ ត្រូវបានគេប្រើប្រាស់ក្នុងការរស់នៅដូចជា ថ្នាំ គ្រឿងលំអ។ ប៉ុន្តែមានរុក្ខជាតិខ្លះទៀត មិនត្រូវបានគេប្រើប្រាស់នោះទេ។ ការស្គាល់នូវរុក្ខជាតិថ្មីៗប្លែកៗទាំងនេះ អាចធ្វើអោយភ្ញៀវទេសចរ មានភាពសប្បាយរីករាយ នឹងរៀននូវអ្វីថ្មីៗ។
សូមជំរាបថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបមានទីស្នាក់ការនៅ ភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ហើយឧទ្យានេះ កំពុងរៀបចំជាបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ប៉ុន្តែកំឡុងពេលនេះ ភ្ញៀវទេសចរណ៏អាចធ្វើការស្នាក់នៅជាមួយប្រជាពលរដ្ឋក្នុងតំបន់ និងស្វែងយល់ពីរបៀបរស់នៅរបស់ពួកគេ ហើយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នេះ មានទទួលបំរើសេវាសម្រាប់ភ្ញៀវទេសចរណ៏ជាតិអន្តរជាតិ និង សិស្សនិសិត្ស ដែលរួមមានការដើរកម្សាន្តក្នុងព្រៃ ការសិក្សាពីប្រភេទសត្វព្រៃ និង ការសិក្សាពីប្រភេទរុក្ខជាតិកម្រនានា៕