ខេត្តតាកែវ បច្ចុប្បន្ននេះ កាន់តែកៀកជិតរាជធានីភ្នំពេញមែនទែនហើយ បន្ទាប់ពីផ្លូវជាតិលេខ២ និងលេខ៣ បានសាងសង់ពង្រីករួច។ មិនតែប៉ុណ្ណោះ ខេត្តនេះក៏សម្បូរទៅដោយរមណីយដ្ឋានល្បីៗតាំងពីដើមមក និងរមណីយដ្ឋានកែច្នៃថ្មីៗទៀត ដែលទទួលបានភ្ញៀវទេសចរមិនចេះតិច ហើយរាល់ពេលមានបុណ្យទានធំម្តងៗ គឺដឹងតែស្ទះផ្លូវចូលមិនរួចនោះទេ។ រមណីយដ្ឋានទាំងនោះមានដូចជា៖
- ភ្នំតាម៉ៅ៖ ស្ថិតក្នុងស្រុកបាទី ជារមណីយដ្ឋានចម្រុះដោយប្រាង្គប្រាសាទ ព្រៃភ្នំ និងសួនសត្វ។
- ទន្លេបាទី៖ ស្ថិតក្នុងស្រុកបាទី ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន ហើយក៏មានប្រាសាទមួយផងដែរនៅតំបន់នេះ។ ភ្ញៀវទេសចរអាចលេងទឹក ឬហែលទឹក គយគន់ថ្ងៃលិច ជិះទូក និងទទួលទានអាហារបែបស្រុកស្រែជាដើម។
- ភ្នំជីសូរ៖ ស្ថិតនៅស្រុកសំរោង ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត។ នៅលើកំពូលភ្នំមានប្រាសាទអរិយធម៌បេតិកភណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនេះ ក៏មានរូងវិមានច័ន្ទដែលស្ថិតនៅប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ ដែលជារូងធម្មជាតិ។
- វត្តពុទ្ធគិរីកម្ពុជា៖ ស្ថិតនៅស្រុកត្រាំកក់ ជារមណីយដ្ឋានទេសចរវប្បធម៌ដ៏ពេញនិយមខ្លាំងបំផុតមួយ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍ខ្លាំងនោះ គឺវត្តមួយនេះបានកសាងព្រះពុទ្ធបដិមារាប់ម៉ឺនអង្គដែលបានធ្វើឱ្យអ្នកទស្សនាប្លែកភ្នែក។ ដោយឃើញមានព្រះពុទ្ធបដិមាដែលប្រតិស្ថានឡើងពីលើភ្នំជាជួរចុះមកក្រោមដោយមើលទៅគួរជាទីជ្រះថ្លាដល់ពុទ្ធសាសនិកដែលជាអ្នកជឿជាក់ក្នុងព្រះពុទ្ធសាសនា ចំពោះព្រះពុទ្ធបដិមានេះ។
- កំពូលពេជ្រ ឬអន្លង់ភ្ញៀវ៖ ស្ថិតនៅស្រុកត្រាំកក់ ជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិឱ្យមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ នៅទីនោះ មានសួនកម្សាន្ដ និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំ និងចង្កេះភ្នំ ព្រមទាំងកន្លែងហែលទឹកឬលេងទឹក, ជិះទាទឹក, បោះជំរុំឬបោះតង់, គយគន់ថ្ងៃលិច, ដើរទស្សនាកសិដ្ឋាន, ញុំអាហារ, ពិកនិច, ជិះក្តាររំអិល, ដើរលេងថ្មើរជើង, សួនកុមារឬកន្លែងលេងទង, ទស្សនាសួនផ្កា, ទស្សនាសួនដាំណាំ, អាងហែលទឹក, គយគន់ថ្ងៃរះ, BBQ, កន្លែងគេង, កាហ្វេ, កញ្ចុះ, កញ្ចុះលើទឹក។ រមណីយដ្ឋាននេះផងដែរ ព័ទ្ធជុំវិញដោយជួរភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាល។
- ត្រីមាស៖ ស្ថិតនៅស្រុកត្រាំកក់ ជារមណីយដ្ឋានទេសចរណ៍កែច្នៃ។ ភ្ញៀវទេសចរ នឹងរីករាយជាមួយធម្មជាតិដ៏ស្រស់ស្អាតដែលមានភ្នំព័ទ្ធជុំវិញ អង្គុយលេងនៅកញ្ចុះលើទឹកដែលអាចគយគន់ត្រីខយ និងដាក់ចំណីឱ្យវាដណ្តើមគ្នាស៊ី។ ភ្ញៀវក៏អាចជិះជូក ឬទាទឹកកម្សាន្តផងដែរ។
- ប្រាសាទភ្នំដា៖ ស្ថិតនៅស្រុកអង្គរបុរី ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ។ ប្រាសាទនេះកសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ពុំមាន ជណ្តើរទេ មានទ្វា៣ជាទ្វាបញ្ឆោតនិងទ្វា១ជាទ្វាពិតនៅជញ្ជាំងខាងជើង។ នៅខាងក្នុងមាន តាំងលឹង្គព្រះឥសូរតាំងពីសម័យសាងសង់ប្រាសាទសម្រាប់ជាទីសក្ការៈបូជា។ ប្រាសាទនេះកសាង ឡើងក្នុងសតវត្សទី ៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
- ប្រាសាទភ្នំបាយ៉ង់កោ៖ ស្ថិតនៅស្រុកគិរីវង់ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ។ ប្រាសាទនេះ ជារមណីយដ្ឋានមួយដែលស្ថិតលើកំពូលភ្នំដ៏ខ្ពស់សន្លឹម ជាពិសេសនៅតាមបណ្តោយចង្កេះភ្នំមានដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារថែមទៀតផង។ ភ្ញៀវទេសចរ អាចដើរទស្សនាកសិដ្ឋាន, ឡើងភ្នំ, រៀបចំអាហារដោយខ្លួនឯង, ដើរលេងដោយថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ ផងដែរ។
- ជ្រោះផ្អោក៖ ស្ថិតនៅស្រុកគិរីវង់ ជារមណីយដ្ឋានធម្មជាតិ។ រមណីយដ្ឋានទឹកជ្រោះផ្អោក សម្បូរត្បូងមានតម្លៃព្រោះនៅទីនោះមានទឹកធ្លាក់ និងសម្បូរត្បូងមានតម្លៃ។ ក្រៅពីភ្ញៀវទេសចរមកលេងកម្សាន្តទឹកធ្លាក់ នៃទឹកជ្រោះផ្អោកមានប្រវែង ១ ០០០ម៉ែត្រ និងទទឹង ២ម៉ែត្រ ដែលហូរធ្លាក់ពីលើភ្នំមកនោះ គឺភ្ញៀវអាចរកទិញត្បូងមានតម្លៃជាច្រើន។នៅមុនទឹកជ្រោះផ្អោកក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង ១០ ឆ្នាំមុន នៅទីនេះ គឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ៕
រម្យនីយដ្ឋានតំបន់់ព្រៃភ្នំ ខេត្ត តាកែវ
រម្យនីយដ្ឋានតំបន់់ ប្រាសាទ ខេត្ត តាកែវ
រម្យនីយដ្ឋានតំបន់់ បឹង អាង ស្រះទឹក ខេត្ត តាកែវ
រម្យនីយដ្ឋានតំបន់់ បឹង អាង ស្រះទឹក ខេត្ត តាកែវ