Sunday, July 2, 2017

កំណត់ហេតុជីវ តាក្វាន់​គាគ២

ប្រវត្តិសាស្ដ្រ អាន​កំណត់ហេតុ​របស់​បេសកកម្ម​ទូត​ចិន​ឈ្មោះ ជីវ តាក្វាន់ រៀបរាប់​ពី​នគរ​ខ្មែរ និង របៀបរបប​រស់នៅរ​បស់​ជនជាតិខ្មែរ​កាល​សម័យ​«​ចេនឡា​» ( គាគ ២ )
អំពី​សម្លៀកបំពាក់ និង គ្រឿងអលង្ការ​

​អ្នកស្រុក​ទាំងអស់ ចាប់តាំងពី​ស្ដេច​ចុះទៅ ទាំងស្រី​ទាំងប្រុស សុទ្ធតែ​បួងសក់​ទាំងអស់ ហើយ​គេ​តែង​លែងខ្លួន​ទទេ​ស្អាត​ផ្នែក​ខាងលើ មានតែ​សំពត់​មួយ​ផ្ទាំង​តូច​វ័ណ្ឌ​ជុំវិញខ្លួន របៀប​គេ​ចោមពុង ហើយ​បើ​ត្រូវ​ការចេញ​ទៅណា​មក​ណា គេ​យក​កំណាត់​មួយ​ផ្ទាំង​ទៀត​ធំ​ជាង​មុន មក​រុំ​ស្រោប​ថែម​ពីលើ ។

ការ​ស្លៀកពាក់​នេះ មាន​លក្ខ​ខ័​ណ្ឌ​ទៅតាម​ឋានៈ​ទៀតផង ។ ព្រះ​សស្ដ្រ​របស់​ស្ដេច មានតម្លៃ​ជា​មាស​បី​បួន​តម្លឹង គឺ​ល្អ​ដាច់​ពី​សម្លៀកបំពាក់​អ្នកផង​ទាំងពួង ។ អ្នកស្រុក​នេះ ចេះ​ត្បាញសំពត់​ប្រើ​ហើយ តែ​ក៏មាន​ប្រើ​សំពត់​មកពី​ស្រុក​សៀម និង ចាម​ផងដែរ ។ សំពត់​ពិសេស​មកពី​ប​ស្ចឹ​ម​ប្រទេស​ដែលមាន​សាច់​ម៉ដ្ឋ​ល្អ មានតែ​ស្ដេច​ទេ​ដែល​មានប្រើ គឺ​សំពត់​ផ្កា​សរសៃសូត្រ​ឆ្មារ ស្ដេច​ពាក់​មកុដ​មាស បើ​ជួនកាល​មិន​ពាក់​មកុដ​ទេ គឺ​ពាក់​កំរងផ្កា​ដូចជា​ផ្កាម្លិះ​ជាដើម ព័ទ្ធជុំវិញ​ព្រះ​សិរ ។ នៅលើ​កំពូល​ព្រះ​កេស មាន​ស្នៀតសក់​ដាំ​ត្បូង​ពេជ្រ​យ៉ាង​ធំ​ទៀតផង ។

គ្រាន់តែ​គ្រឿងអលង្ការ​ដែល​ពាក់​នៅ​នឹង​ព្រះបាត និង ព្រះ​ហ​ស្ថ​មាន​ទម្ងន់​ដល់​ទៅ​បី​នាឡិ​ឯណោះ ។ នៅ​គ្រប់​តែ​ម្រាម​មាន​ពាក់​ច​ញ្ចៀ​ន​ដែលមាន​ដាំ​ពេជ្រ​ភ្នែកឆ្មា ។ បាត​ព្រះហស្ដ និង បាត​ព្រះបាទ មាន​លាប​ពណ៌​ក្រហម ហើយ​នៅពេលដែល​ទ្រង់​យាង​ចេញមក​ម្ដងៗ តែង​កាន់​ព្រះខាន់​មាស​មួយ​ជានិច្ច ។​

​ចំណែក​ប្រជារាស្ដ្រ​វិញ មានតែ​ស្ដ្រីភេទ​ទេ​ដែល​អាច​លាបថ្នាំ​ក្រហម​នៅ​បាតដៃ បាតជើង​បាន ឯ​ប្រុសៗ​មិន​ហ៊ាន​លាប​ទេ ។ ព្រះ​ញាតិវង្ស និង មន្ដ្រី​ធំ អាច​ប្រើ​កំណាត់​ផ្កា​រង្វើលៗ​បាន ឯម​ន្ដ្រី​ធម្មតា​ប្រើ​បានតែ​ត្រឹម​ផ្កា​ចុង​ជាយ​ប៉ុណ្ណោះ ចំណែក​រាស្ដ្រសាមញ្ញ បើ​ស្រីៗ អាច​ប្រើ​សំពត់​ផ្កា​បាន​ខ្លះ​ដែរ ។​

​ជនជាតិ​ចិន​ដែល​ទើប​មកដល់​ប្រទេស​នេះ​ថ្មីៗ ទោះបី​ប្រើ​សំពត់​មាន​ផ្កា​នៅ​ជាយ​ទាំងសងខាង ក៏​គេ​មិន​ថា​អី​ដែរ ព្រោះ​គេ​សន្មត​ថា ជា​ពួក​មិនទាន់​ដឹង​ទំនៀម​ស្រុក ហៅថា ពួក ង៉ាន​ទឹង ប៉ា ឆា ( មិនដឹង​ភាសា ? ) ។​

​អំពី​មន្ដ្រី​

​ប្រទេស​នេះ​មាន​រដ្ឋមន្ដ្រី មេទ័ព និង ហោរា ហើយ​មន្ដ្រី​ក្រោម​ពី​នោះ មាន​ច្រើន​ឋានៈ​ទៀត ដូចជា​នៅ​ប្រទេស​ចិន​ដែរ ប្លែក​គ្នា​តែ​ឈ្មោះ​ហៅ ។ មន្ដ្រី​ទាំងនេះ​ភាគច្រើន​ជា​ពូជពង្ស​របស់​ស្ដេច បើ​មាន​អ្នក​ក្រៅ​ចូល​ធ្វើជា​មន្ដ្រី​ផង ទាល់តែ​អ្នកនោះ​យក​កូន​ទៅ​ថ្វាយ​ឱ្យធ្វើជា​ស្នំ​ស្ដេច ។ ការធ្វើដំណើរ​នៃ​មន្ដ្រី​ទាំងនោះ គេ​សម្គាល់​តាម​គ្រឿង​ហែហម​តាម​ឋានៈ ។  អ្នកធំ​ជាងគេ​អង្គុយ​លើ​គ្រែស្នែង​មាស មាន​បាំង​ក្លស់​ដង​មាស​បួន ។ អ្នក​បន្ទាប់មកទៀត គ្រែស្នែង​មាស ក្លស់​ដង​មាស​ពីរ ចុះមក​ទៀត គ្រែស្នែង​ប្រាក់ មាន​ក្លស់​ដង​មាស​មួយ ។ អ្នកតូច​បន្ដ​មក ចេះតែ​ថយ​ក្លស់​ដង​មាស​តែមួយ រួច​ក្លស់​ប្រាក់​មួយ​ឥតមាន​គ្រែស្នែង ។​

​ចំពោះ​មន្ដ្រី​ដែល​ត្រូវ​ជិះ​គ្រែស្នែង​ប្រាក់ និង ក្លស់​ដង​មាស​មួយ​ឡើងទៅ សុទ្ធតែ​ហៅ ប៉ា​តេង ( ម្រ​តេង ) ឬ អាំ​តេង ( អំ​ដែង ? ) ។ អ្នក​ដែលមាន​ក្លស់​ដង​ប្រាក់ ហៅថា សីលា​ត់ទី ( ស្រី​ស្ឋិ​ន ? ) ។ ក្លស់​នោះគេ​យក​សំពត់​ជាតិ​សូត្រ​ដែល​ធ្វើ​មកពី​ប្រទេស​ចិន មក​ពាស ហើយ​ទម្លាក់​ចុង​រំភាយ​ចុះ​សឹង​ដល់​ដី ។ ឯ​ឆ័​ត្រ​តាំងយូរ គេ​យក​សំពត់សូត្រ​ពណ៌​ខៀវ មក​ពាស ហើយ​ទម្លាក់​រំភាយ​ខ្លឹប​បន្ដិច​ដែរ រួច​យក​ប្រេង​មក​លាប​យ៉ាង​រលើប​ទៀតផង ។​

​អំពី​លទ្ធិ​សាសនា មាន​បី​បែប​

​អ្នកចេះដឹង ( ពួក​ព្រាហ្មណ៍ ? ) គេ​ហៅថា ប៉ា​ឃា​ប ( ១ ) លោកសង្ឃ គេ​ហៅថា ជូ​តូ ( ២ ) ពួក​តាបស​គេ​ហៅថា ប៉ា ស៊ី​វី ( ៣ ) ។​

​ទាំងនេះ គ្រាន់តែ​លើកយក​ជា​ឧទាហរណ៍​គោលៗ​ទេ ។ ម្យ៉ាងទៀត គឺ​មន្ដ្រី​គេ​និយាយ​តាមបែប​មន្ដ្រី អ្នកប្រាជ្ញ​និយាយ​គ្នា តាម​ភាសា​អ្នកប្រាជ្ញ លោកសង្ឃ ឬ តាបស ក៏មាន​ពាក្យសម្តី​ប្រើ​របៀប​ខ្លួន​ជាស​ង្ឃ ជាតា​បស ឯ​អ្នក​ស្រែចំការ​ក៏​និយាយ ប្លែក​តាមបែប​របស់គេ​ដែរ មិន​ប្លែក​អ្វី​ពី​របៀប​ប្រើ​ភាសា​អ្នកស្រុក​ចិន​ឡើយ ។​

​អំពី​មនុស្ស​ព្រៃ​

​មនុស្ស​ព្រៃ​មាន​ពីរបែប , មួយ​ពួក​ជា​ពួក​ចេះ​និយាយ​ភាសា​អ្នកស្រុក​ស្ដាប់​គ្នា​បាន គឺ​ពួក​មនុ​ស្សព្រៃ​លក់ខ្លួន​ជា​ទាសៈ បម្រើ​គេ​នេះឯង ។ មួយទៀត គឺ​ពួក​មនុ​ស្សព្រៃ​ដែល​និយាយ​ស្ដាប់​ភាសា​គ្នា​មិនបាន គ្មាន​រវល់​នឹង​ការ​ចំរើន ។ ពួកនេះ គ្មាន​ចេះ​ធ្វើ​ផ្ទះ​ជ្រក​នៅទេ តែង​នាំគ្នា​ទាំង​គ្រួៗ​ដើរ​រស់​នៅតាម​ភ្នំ ។ ក្បាល​គេ​មាន​ពាក់​អ្វី​ម្យ៉ាង​ធ្វើ​ពី​ដី​រាង​ដូច​ឆ្នាំង ។ បើ​ដើរទៅ​ជួបនឹង​សត្វព្រៃ គេ​បាញ់​នឹង​ព្រួញ ឬ ពួយ​នឹង​លំពែង បាន​សត្វ​នោះមក ក៏​គូស​ដុំថ្ម​យក​ភ្លើង​មក​ចំអិន​សត្វ រួច​អង្គុយ​ដំកង់​ចែកគ្នា​ស៊ី រួចហើយ​ដើរទៅ​ទៀត ។

ពួកនេះ​កាច​សាហាវ​ណាស់ តែង​សំលាប់​ក្រុម​ជាមួយ ហើយ​ចេះ​ផ្សំ​ថ្នាំ​ពិស ពូកែ​ស័ក្ដិសិទ្ធិ​ណាស់ ។ នៅ​ដី​វាល​ជិតខាង​កន្លែង​នៅ​គេ​មាន​ដាំ​សន្ដែក​គួ ដើម​ក្រវាញ និង ដើម​កប្បាស​ត្បាញសំពត់​ជា​វិជ្ជាជីវៈ ។ សំពត់​របស់គេ​នោះ សាច់​ក្រាស់​គ្រើម ហើយ​មាន​ពណ៌​ក្រវេមក្រវាម​ណាស់​ផង ។​

​អំពី​អក្សរសាស្ដ្រ (១ )

​លិខិត​ធម្មតា និង​អត្ថបទ​ទាំងអស់ ដូចជា​អែកសារ​ផ្លូវការ​ជាដើម សុទ្ធតែ​សរសេរ​លើ​ស្បែក​សត្វ​ប្រើស រមាំង ឬ ស្បែ​កដ ទៃទៀត ដែល​គេ​យកមក​ហាល​ស្ងួត​លាប​ពណ៌​ខ្មៅ​។ គេ​កាត់​ស្បែក​នោះ​ឱ្យមាន​ទំហំ​ធំ ឬ តូច ទៅតាម​សេចក្ដីត្រូវការ និង​យក​ម្សៅ​ម្យ៉ាង​មក​ប្រើ មាន​សន្ឋាន​ដូច​ដីស​នៅ​ស្រុក​ចិន ដោយ​លញ់​ឱ្យ​វែង ចិត​ចុង​ស្រួច​គេ​ហៅថា សោ ( ២ ) ហើ យ​គេ​សរសេរ​ដោយ​ដៃ បាន​ជាប់​ដិត​ល្អ​ណាស់ មិន​ងាយ​នឹង​រលុប​ឡើយ ។

កាលណា​គេ​សរសេរ​ហើយ គេ​យក​ដីស​នោះ មក​សៀត​នឹង​ត្រចៀក នាំ​ឱ្យគេ​ចំនាំបាន​ថា អ្នកនេះ​ហើយ​ជា​អ្នកសរសេរ ។ បើ​សរសេរ​ហើយ​ត្រូវការ​លុប​វិញ​តោង​ប្រើ​របស់​ទទឹក​យកមក​ជូត​ទើបរ​លុបអក្សរ​នោះ​ទៅវិញ ។ អក្សរ​នេះ មាន​សន្ឋាន​ដូច​អក្សរ​ជនជាតិ​ហួយ​តូ​វ (​តួ​រក៍​) ដូច្នេះដែរ​ ។ ការសរសេរ​ជា​លិខិត​អ្វី​ក៏ដោយ គេ​សុទ្ធតែ​សរសេរ​ពីក្រោយ​ទៅមុខ មិនមែន​សរសេរ​ពីលើ​ចុះក្រោម ។ ខ្ញុំ​លឺ​អ៊ា សាយ​ហា​យ៉ា និយាយថា​ស្រះ​នៃ​អក្សរ​របស់គេ ស្រដៀង​គ្នា​នឹង​អក្សរ​ជាតិ​មុង​ហ្គោល​ដែរ មាន​ប្លែក​គ្នា​តែ​ពីរ​បី​ប៉ុណ្ណោះ ។ កាលនោះ​គ្មាន​អត្ថបទ​បោះពុម្ព​ទេ ប៉ុន្ដែ​មាន​អ្នកនិពន្ធ និង អ្នក​តែង​កាព្យ​ពេចន៍​ដែរ ។​

១ = លោក​ប៉េ​លិ​យោត ប្រែ​ត្រង់នេះ​ថា Ecriture ។ តែ​ន័យ​យើង​ថា​នេះ​ទូលាយ​ជាង ព្រោះ​តំរូវ​តាម​អក្សរ​ចិន (?) ។

២ = ត្រង់នេះ​លោក​ប៉េ​លិ​យោត​ថា ហៅថា​សូ​ទៅវិញ ។ តែបើ​លឺ​តាម​ចាស់ៗ​និយាយ​តៗ​មក​ថា គេ​សរសេរ​នឹង​ដីស​ពង គឺ​ដី​សុទ្ធតែ​ដូច​ម្សៅ ។​