Sunday, July 2, 2017

កំណត់ហេតុជីវ តាក្វាន់​គាគ៥

អំពី​ស្រុកភូមិ​

​នៅក្នុង​ភូមិ​និ​មួយៗ ជួន​មាន​វត្ដ ជួន​មាន​ប្រាសាទ ហើយ​មាន​មន្ដ្រី​ម្នា​ក់នៅ​ត្រួតត្រា​យ៉ាង​ហ្មត់ចត់ ។ មន្ដ្រី​នោះគេ​ហៅថា «​មួយ​ស៊ី​» ។ នៅតាម​ផ្លូវធំៗ តែងមាន​សាលា​មួយ​សម្រាប់​ឈប់សម្រាក គេ​ហៅថា ស៊ិ​ម​ប៉ាក់ ។ ប៉ុន្ដែ​នៅពេល​ថ្មីៗ​នេះ មាន​កើត​ចម្បាំង​ជាមួយនឹង​ប្រទេស​សៀម ភូមិ​ទាំងនេះ​ក៏​ប្រែ​ក្លាយទៅជា​ដី​វាល​ទៅវិញ ។​

អំពី​ប្រមាត់​ប្រមង់​

​កាលពី​មុននេះ តែ​ដល់​ខែ​ទី ៨ គេ​តែង​ចាប់​មនុស្ស​យក​ប្រមាត់ ពីព្រោះ​ស្ដេច​ចាម ក្នុង​មួយឆ្នាំ​គេ​សុំ​យក​ប្រមាត់​មនុស្ស​មួយ​ថូ ដែលមាន​ចំនួន​រាប់ពាន់ ។ នៅក្នុង​ពេលយប់ គេ​ចាត់​ពួក​អ្នកយក​ប្រមាត់ ( ប្រមាត់​ប្រមង់ ? ) ដើរទៅ​តាមផ្លូវ​នានា​ក្នុង ទីក្រុង និង ក្នុងភូមិ បើ​ប្រទះ​មនុស្ស​ណា​ដើរ​ក្នុង​ពេលយប់​ស្ងាត់​នោះ គេ​ចាប់យក​ខ្សែ​ចង​ក្បាល​ឱ្យ​ជាប់ ហើយ​កូនកាំបិត​ចាក់​ក្រោម​ឃ្លៀក​ខាងស្ដាំ ខ្វេះ​យក​ប្រមាត់​ដាក់​ក្នុង​ថូ លុះត្រាតែ​បាន​ពេញ​ចំនួន ទើប​គេ​យកទៅ​ថ្វាយ​ស្ដេច​ក្រុង​ចាម ។ ប៉ុន្ដែ​គេ​មិន​យក​ប្រមាត់​ជនជាតិ​ចិន​ទេ ពីព្រោះ​មាន​កាល​មួយឆ្នាំ​នោះ គេ​យក​ប្រមាត់​របស់​ជនជាតិ​ចិន​មួយ​ទៅ​លាយ​នឹង​គេ ក៏​បណ្តាលឱ្យ​ស្អុយរលួយ​ខូច​ប្រមាត់​នៅក្នុង​ថូ លែង​ប្រើការ​បាន​ទាំងអស់ ។ លុះ​ពេល​ក្រោយមក គេ​លែងមាន​ការដើរ​ចាប់យក​ប្រមាត់​ទៀតហើយ ហើយ​គេ​ចាត់​មន្ដ្រី​ដោយឡែក​សម្រាប់​មុខងារ​ខាង​យក​ប្រមាត់​ពី​ពួក​ក្រោម​អំណាច​ខ្លួន ដែល​តាំង​ឱ្យនៅ​ជាយក្រុង​ក្បែរ​ទ្វារ​ខាងជើង ។​

​អំពី​រឿង​ចម្លែក​

នៅក្នុង​កំពែង​នា​ទិសខាងកើត មាន​អ្នកព្រៃ​ម្នាក់​នោះ​រួមរ័ក​ជាមួយ​ប្អូនស្រី​ឯង​បង្កើត ក៏​ស្រាប់តែ​ជាប់​ស្បែ​កសាច់​គ្នា​បេះ​មិន​ចេញ រហូត​គ្រប់​បី​ថ្ងៃ ឥតមាន​ស៊ីចុក​អ្វី​សោះ ក៏​ស្លាប់​បង់ជីវិត​ទៅ ។ អ្នកស្រុក​ខ្ញុំ​ម្នា​ក់សែ​«​ស៊ី​» គេ​បានរស់នៅ​ស្រុក​នេះ​រវាង​សាមសិប​ប្រាំ​ឆ្នាំ គេ​ថា គេ​បានឃើញ​រឿងនេះ​ច្បាស់​ពិត​ពីរលើក ហើយ​គេ​ថា បានជា​ស័ក្ដិសិទ្ធិ​ដូច្នេះ ព្រោះ​បារមី​ព្រះ​របស់​ស្រុក​នេះ​ខ្លាំងពូកែ​ណាស់ ។

​អំពី​ការ​ងូតទឹក​

​ប្រទេស​នេះ​ក្ដៅ​ខ្លាំងណាស់ ក្នុង​មួយថ្ងៃៗ បើ​មិន​ងូតទឹក​ច្រើនលើក​ទេ គឺ​ច្បាស់​ជា​អត់ទ្រាំ​មិនបាន​ឡើយ ទោះបី​នៅពេល​យប់​ក៏​ជៀស​មិន​រួច​ពី​ការ​ងូតទឹក​ម្ដង ឬ ពី​ដង​ដែរ ។ គេ​គ្មាន​បន្ទប់ទឹក គ្មាន​ចានដែក គ្មាន​ប៉ោត​ទេ ។ ក្នុងផ្ទះ​មួយ​តោង​មាន​ស្រះ​មួយ បើ​ពុំ​នោះទេ គេ​ព្រួត​គ្នា ២-៣ ផ្ទះ ទៅ​ងួ​ត​ទឹកស្រះ​មួយ ដោយ​លែងខ្លួន​ចោល ( ស្រាត ) ឥត​គិតពី​រឿង​ខ្មាស​គ្នា​ស្រី​ប្រុស​ទេ ។ ប៉ុន្ដែ​បើ​ឪពុកម្ដាយ​ចាស់ គាត់​ទៅដល់​ស្រះ​មុន ក្មេងស្រី​ប្រុស​មិន​ហ៊ាន​ទៅជិត​ទេ ប្រសិនបើ​ក្មេង​កំពុងតែ​ងូតទឹក​ស្រះ​នោះ​មុន​វិញ ក៏​ចាស់ៗ​ទុំ​នោះ​នាំគ្នា​គេចចេញ​ដែរ គឺ​មនុ​ស្សមាន​វ័យ​ស្របាល​គ្នា ឥត​គិត​អៀនខ្មាស​គ្នា​ឡើយ ។ គេ​យកតែ​ដៃ​ធ្វេ​ង​បិទបាំង​កេ​រ្ដ​ខ្មាស​របស់ខ្លួន ហើយ​ដើរ​ចុះ​ក្នុង​ទឹក​ទៅ ។

ជួនកាល ក្នុង​រយៈ ៣ ទៅ ៤ ថ្ងៃ ឬ ៥ ទៅ ៦ ថ្ងៃ​ម្ដង ពួក​ស្រីៗ​ទីក្រុង​មួយក្រុម​មាន​គ្នា ៣ ទី ៤ នាក់ នាំគ្នា​ចេញទៅ​មុជទឹក​ទន្លេ​ខាងក្រៅ​កំពែង​ក្រុង ។ នៅពេលដែល​ទៅដល់​ទន្លេ​នោះ គេ​ដោះ​សំពត់​ដែល​វ័ណ្ឌ​ខ្លួន​ចេញ ដើរ​ចុះទៅ​ក្នុង​ទឹក ហើយ​ទៅ​ជួបជុំគ្នា​នៅក្នុង​ទន្លេ​នោះ​រាប់ពាន់នាក់ សូម្បីតែ​ពួក​ស្រីៗ​ដែលមាន​ក្រ​កូ​ល​ខ្ពង់ខ្ពស់ ក៏​ដូច្នេះ​ដែរ គេ​ឥតមាន​ខ្មាស​អ្វី​ទេ ចាប់តាំងពី​ក្បាល​ដល់​ចុងជើង មើលគ្នា​ឃើញ​ទាំងអស់ ។​

​នៅ​មាត់ទន្លេ​ក្រៅ​ទីក្រុង​នោះ រាល់ថ្ងៃ​តែងតែមាន​ជនជាតិ​ចិន​នៅ​ទំនេរ ហើយ​លួច​នាំគ្នា​ទៅ​ចាំមើល​លេង​តាម​គំនិត​ខិលខូច ហើយ​ឮថា គេ​ឆ្លៀតពេល​នៅក្នុង​ទឹក​នោះ​ផង ។ ទឹក​នោះ​នៅ​ក្ដៅ​ឧណ្ហៗ​ជានិច្ច លុះត្រា​ដល់ពេល​យប់​យាម​បួន ទើប​ត្រជាក់ លុះដល់​ព្រឹក​ថ្ងៃ​រះ​ឡើង ក៏​ក្ដៅ​ឧណ្ហៗ​ឡើងវិញ​ទៀត ។​

​ការចូល​ជ្រក​នៅ ( អន្ដោប្រវេសន៍ )

​ពួក​ជនជាតិ​ចិន​ដែលជា​អ្នក​ឈ្នួ​ញ​ដើរ​សំពៅ កាល​មកដល់​ស្រុក​នេះ ក៏​ពេញចិត្ដ​គេ​ខ្លាំងណាស់ ព្រោះ​ស្រុក​នេះ​មិនបាច់​ប្រើ​សម្លៀកបំពាក់​ច្រើន ហើយ​អង្ករ​គេ​ក៏​ស្រួល​រក ប្រពន្ធ​ក៏​ស្រួល​រកបាន ឯ​ផ្ទះសំបែង​ក៏​ងាយ​ធ្វើ គ្រឿង​ប្រើប្រាស់​ក៏​ងាយ​រក ការលក់ដូរ​ក៏​ធូរ​ងាយ ម្ល៉ោះហើយ​បានជា​មាន​អ្នក​ចូល​ពី​ស្រុក​ក្រៅ​មក​រស់នៅ​ស្រុក​នេះ​ច្រើនណាស់ ។​

​អំពី​កងទ័ព​

​កងទ័ព​ធ្វើដំណើរ​ដោយ​លែងខ្លួន​ឥត​អាវ ដៃស្ដាំ​គេ​កាន់​លំពែង ដៃ​ឆ្វេង​កាន់​ខែល គ្មាន​ប្រើ​ធ្នូ និង ព្រួញ​ទេ កាំភ្លើង​ធំ ឬ អាវ​ក្រោះ ក៏​គ្មាន​ដែរ ។ តាម​ឮ​គេ​ថា កាល​កើត​ចម្បាំង​នឹង​ជាតិ​សៀម គេ​នាំគ្នា​កេណ្ឌ​អ្នកស្រុក​ទៅ​វាយ​ដោយ​កម្លាំង​តែម្ដង ពុំមាន​ប្រើល្បិច​កលឧបាយ​អ្វី​ឡើយ ( ១ )​។

១ = រឿងនេះ មកពី ជីវ តាក្វាន់ មិនបាន​ឃើញ នឹង​ស៊ើប​ពត៌មាន​ឱ្យបាន​ស្បា​ស់​ទេ ព្រោះ​តាម​ឯកសារ​ជាច្រើន​ណាស់​ថា ខ្មែរ​ចេះ​រៀបចំ​ទ័ព​ត្រឹមត្រូវ មាន​សាស្ដ្រា​វុ​ធ និង ក្បួន​យុទ្ធសាស្ដ្រ​ផង ។​

​អំពី​ការយាង​ចេញ​នៃ​មហាក្សត្រ​

​ខ្ញុំ​បានឮ​គេ​និយាយថា ស្ដេច​អង្គ​មុនៗ​មិនដែល​យាង​ចេញទៅ​ណា​ទេ ព្រោះ​ខ្លាច​មានរឿង​ហេតុ ។ ស្ដេច​អង្គ​ថ្មី​នេះ​ត្រូវ​ស​និសា​ស្ដេច​មុន ( ២ ) ដែល​កាលពីដើម​លោក​មាន​ឋានៈ​ជា​មេទ័ព ។ បិតាក្មេក​នោះ​សព្វព្រះទ័យ​នឹង​បុត្រី​ព្រះអង្គ​ណាស់ បានជា​កូនស្រី​នេះ​លួច​យក​ព្រះខ័ន​មាស​បាន ហើយ​យកទៅឱ្យ​ប្ដី​របស់​ព្រះ​នាង ។ បុត្រា​បង្កើត​ក៏​មិនបាន​ទទួល​រាជ​ស្នង​ពី​បិតា ក៏​លើកគ្នា​ទៅ​ដណ្តើម​រាជ តែ​ត្រូវ​ស្ដេច​ថ្មី​ជ្រាប​ការណ៍​ទាន់ ក៏​ចាប់បាន​នាំយកមក​កាត់​ម្រាមជើង ហើយ​យកទៅ​ដាក់គុក​ងងឹត ។ ស្ដេច​ថ្មី​នេះ​មាន​ពាក់អាវ​ក្រោះ​ដែក ទោះបី​គេ​ប្រើ​កាំបិត ឬ​ព្រួញ​ក៏​មិនអាច​មុត​បានដែរ ។ ដូច្នេះហើយ​ទើប​ព្រះអង្គ​ហ៊ាន​យាង​ចេញ​ក្រៅ ។ ខ្ញុំ​បាន​ទៅ​នៅ​ទីនោះ​ជាង​មួយឆ្នាំ បានឃើញ​ព្រះអង្គ​យាង​ចេញមក ៤-៥ ដង ។

ការយាង​ចេញមក​ម្ដងណា តែងមាន​ទ័ព​ទៅ​ការពារ​ពី​ខាងមុខ មាន​អ្នក​កាន់​ទង់ជ័យ និង មាន​តន្ដ្រី​នៅ​ខាងក្រោយ ។ ស្រីស្នំ ៤-៥ នាក់ ស្លៀកសំពត់​ផ្កា សៀតផ្កា​នៅ​សក់​ក្បាល ដៃ​កាន់​ទៀន​ធំ ដើរ​ជា​ក្រុមៗ ។ ទោះបី​នៅពេល​ថ្ងៃ​ភ្លឺ​ក្រឡែត​ក្ដី ក៏​គេ​អុជ​ទៀន​ដែរ ។ នៅក្នុង​ចំណោម​ស្រីស្នំ​ទាំងនោះ មាន​ខ្លះ​កាន់​គ្រឿង មានដូចជា​ភាជន៍មាស និង គ្រឿង​បិទបាំង​ជាដើម​ផ្សេងៗ​ពីគ្នា មិនដឹង​ជា​គេ​យកទៅ​ប្រើការ​អ្វីខ្លះ​ឡើយ ។ នៅមាន​ស្រីស្នំ​ខ្លះទៀត កាន់​ស្នរ លំពែង ខែល ជា​ទ័ព នៅ​ខាងក្នុង​មួយក្រុម​ទៀតផង មាន​រទេះ​ទឹម​ពពែ និង រទេះ​ទឹម​សេះ ដែលមាន​តាក់តែង​ដោយ​គ្រឿងមាស​បរ​ដង្ហែ​ដែរ ។

២ = ស្ដេច​អង្គ​នេះ លោក A-Leclère សរសេរ​ក្នុង Histoire du Cambodge ថា : ក្នុង​ចន្លោះ​ពេលនោះ មាន​ស្ដេច​សោយរាជ​ជាច្រើន​អង្គ មិន​ប្រាកដ​នាម តែ​គេ​សម្គាល់​បាន​មួយ​តាម​លិ​លា​ចារឹក គឺ​ស្ដេច​ជយ​បរមេ​សូ​រៈ ( ព្រះបាទ​អិន្ទ្រ វរ្ម័ន ទី

៣ ) ដែល​សោយរាជ​ក្នុង​ចន្លោះ​ឆ្នាំ ១២៥០ – ១៣០០ នេះ ។​

​ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី និង ពួក​ញាតិវង្ស សុទ្ធតែ​ជិះ​ដំរី នៅខាងមុខ បើ​មើ​លពី​ចម្ងាយ​ទៅ​ឃើញ​សុទ្ធតែ​ក្លស់​ពណ៌​ក្រហម​ច្រើន​ឥត​គណនា ។ បន្ទាប់មក​ទើប​ដល់​ព្រះ​មហេសី​ធំ​-​តូច តាម​លំដាប់ថ្នាក់ ជិះអង្រឹងស្នែង​ជិះរទេះ​សេះ ឬ ជិះ​ដំរី​ដ៏​មាន​ក្លស់ បើក​បាំង​មិនតិចជាង​មួយរយ​ទេ ។ បន្ទាប់មកទៀត ទើប​ដល់​ព្រះរាជា​ទ្រង់​ឈរ​នៅលើ​ខ្នង​ដំរី ព្រះហស្ដ​កាន់​ព្រះខ័ន​ទិព្វ ។

ភ្លុក​ដំរី ព្រះទីនាំង សឹងតែ​មាន​ពាក់​ចង្កំ​មាស ។ មាន​ក្លស់​ពណ៌​ស ( ស្វេតច្ឆត្រ ) ចំនួន ២០ ដ៏​មាន​ស៊ែម​មាស​បើក​បាំង​ជុំ​ព្រះអង្គ ដែល​សុទ្ធតែជា​ក្លស់​ដង​មាស នៅ​ជុំវិញ​ព្រះអង្គ មាន​ទ័ព​ដំរី​ប្រដាប់​ដោយ​អាវុធ​ជា​គ្រឿង​ការពារ ។ បើ​ប្រសិនជា​ស្ដេចយាង​ទៅណា​ជិតៗ​ទេ ទ្រង់​គង់​លើ​គ្រែស្នែង ( ព្រះ​វរ ) ហើយ​អ្នក​សែង​សុទ្ធតែ​ស្រីៗ​ស្នំ ។ សឹងតែ​រាល់ដង កាលណា​ស្ដេចយាង​ចេញដំណើរ តែងមាន​រូប​ស្ដូប​តូច​មួយ ហើយពី​មុខ​នេះ​មាន​ព្រះ​ពុទ្ធរូប​មាស​មួយអង្គ​ផង ដែល​គេ​សែង​ពីមុខ​ព្រះរាជា ។ បណ្តាជន​ដែល​នៅតាម​ដងផ្លូវ ត្រូវ​សំពះ​លុង​ជង្គង់​ក្រាប​ក្បាល​ដល់​ដី ដែល​គេ​ហៅថា សំ​ប៉ា ( សំពះ ? ) បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវគេ​ចោទថា​មើលងាយ​ព្រះ​ចេស្ដា ហើយនឹង​ត្រូវគេ​ចាប់​យកទៅ​ឃុំ​ចោល​ឥត​ដោះលែង​ឡើយ ។​

​ក្នុង​មួយថ្ងៃ​ព្រះរាជា​ទ្រង់​កិច្ចការរដ្ឋ​ពីរលើក គឺ​ទទួល​សវនាការ​ពី​រដ្ឋមន្ដ្រី និង រាស្ដ្រ ប៉ុន្ដែ​គ្មាន​បញ្ជី​កត់​កំណត់​ចំនួន​មនុស្ស និង កិច្ចការ​នោះទេ ។ បើ​មន្ដ្រី ឬ រាស្ដ្រ​ណា​ចង់​ចូលគាល់ ត្រូវតែ​ចូលទៅ​អង្គុយបត់ជើង​ផ្ទាល់​នឹង​ដី រង់ចាំ​ជាមុន ។ មួយសន្ទុះ​ក្រោយមក ទើប​គេ​ឮសូរ​សំឡេង​តន្ដ្រី​រងំ​ខាងក្នុង ។ អ្នក​នៅ​ខាងក្រៅ​ផ្លុំស័ង្ខ​តប​ទៅវិញ ។

ខ្ញុំ​ឮ​គេ​ថា គេ​ប្រើតែ​ទីនាំង​គ្រែស្នែង​មាស ( ព្រះ​វរ​មាស ) ទេ បើ​គ្រាន់តែ​យាង​ជិតៗ ។ បន្ទាប់មក​គេ​ឃើញ​ស្រីស្នំ​ពីរ​នាក់ រូត​វាំងនន​ព​ញ​រះ​វរ​នោះ​ឡើង ក៏​លេច​ឃើញ​ស្ដេច​គង់​ឈរ​កាន់​ព្រះខាន់​នៅក្នុង​ស៊ុម​មាស​ជាទី​ព្រះ​ទែន​គង់ប្រថាប់ ។ ពេលនោះ ទាំង​មន្ដ្រី​ទាំង​រាស្ដ្រ​សុទ្ធតែ​អោនក្បាល​លើ​ដៃ​សំពះ​លុះត្រាតែ​ផុត​សំឡេង​ស័ង្ខ​ដែលជា​សញ្ញា​ឱ្យ​ងើបមុខ​ឡើង ទើប​ហ៊ាន​ងើប​ព្រម​គ្នា ដែលជា​កេរ​តំណ​មក​ច្រើន​ស្ដេច​ហើយ ។

លុះ​ទ្រង់​ប្រស្រ័យ​ការ​ចប់​ហើយ ស្ដេចយាង​ចូល​វិញ ដោយមាន​ស្រីស្នំ​ពីរ​នាក់​រូត​រនាំង​បិទ​ដូចដើម អ្នក​ទាំងអស់គ្នា​ក៏​ក្រោកឈរ​ហើយ​ឯបៗ​ខ្លួន​ទៅ​កៀន​រៀងខ្លួន​ទៅ ។ ពិតមែនតែ​ស្រុក​នេះ​មិនសូវ​ស៊ី​វិ​ល័យ តែ​គេ​ស្គាល់​ច្បាប់ទម្លាប់ គោរព​ព្រះមហាក្សត្រ​ណាស់ ៕

… ចប់ …

​ពន្យល់​ពាក្យ​ខ្លះៗ ដែលជា​សម្តី​ខ្មែរ ហើយ​លោក ជីវ តាក្វាន់ កត់​ជា​អក្សរ​ចិន ( រៀប​តាម​លំដាប់​អក្សរ )

•​    ​កាង​ពាង​ឈូ ឬ កាង​ពាង​ជូ : តាម​យោបល់​របស់លោក ប៉េ​លិ យោត ថា ពាក្យ​«​កាង​ពាង​» ក្លាយ​ពី​ពាក្យ​«​កំពង់​» ។ តាម​យោបល់​របស់​យើង​ថា កំពង់​ចិន សរសេរ​តែមួយ​មាត់​ទេ​ថា ប៉ុង ដូចជា «​ប៉ុង​ចាំ​» គឺ «​កំពង់ចាម​» ។ ម្យ៉ាងទៀត ឈូ រែ ជូ ប្រែ​មិនកើត ។ ដូច្នេះ​យើង​យល់ថា ពាក្យ​នេះ​ទំនងជា​មកពី​ពាក្យ «​កំពែង​ជួរ​»​ទៅវិញ ព្រោះ​ពី​ដើមទី​ក្រុង​និ​មួយៗ​តោង​ធ្វើជា​កំពែង​ជា​ជួរ ព័ទ្ធជុំវិញ ជា​ព្រំដែន​នៃ​ទីក្រុង ។ ក្នុង​បរិវេណ​នៃ​កំពែង​នេះ អ្នក​ក្នុង​រស់នៅ​មាន​វាំង មាន​ផ្សារផ្សោ មានផ្ទះ​អ្នកទីក្រុង ។ ទម្លាប់​បុរាណ​ហៅថា «​កំពែង​» ឬ «​សីមា​» ។ សូម​មើល​ពាក្យ​លោក សុត្ដ​ន្ដ ប្រីជា​អិន្ទ ក្នុង​គតិ​លោក​ទី ១ និយាយ​ហៅ​ទីក្រុង​ថា កំពែង ។ នៅ​សិលាចារឹក​ជាច្រើន​ក៏​ហៅ​ទីក្រុង​ថា កំពែង ។ លោក ប៉េ​លិ​យោត បាន​ប្រែពាក្យ «​កាង​ពាង​ជូ​» ថា Vill Murée ក៏​សម មានន័យថា «​កំពែង​» នេះដែរ ។​

•​    ​«​កាន​ពូជី​» ( ចិន​ទាជីវ​អាន : កាំ​ព័រ​ទី ) : ជាស​ម្តី​ចិន កត់​តាម​សម្តី​ខ្មែរ : កម្ពុជ ឬ កម្ពុជា ។ ហេតុនេះហើយ​បានជា​ចិន​ដែល​សរសេរ​ក្រោយ ជីវ តាក្វាន់ កែ​ទៅជា «​កាំពូ​ចេ​» ដែល​នៅ​ប្រើ​ជាប់​រហូត​សព្វថ្ងៃនេះ ។ ជីវ តាក្វាន់ បានបញ្ជាក់​ក្នុង​សេចក្ដី​ផ្ដើម​ថា តាម​ការកត់ត្រា​របស់​ពួក​អឺរ៉ុប​ថា ប្រទេស​នេះ​ឈ្មោះ​ដូច្នេះ​ដែរ ។ ត្រង់នេះ​នាំឱ្យ​យើង​ដឹងថា ជីវ តាក្វាន់ បាន​មើលសៀវភៅ​កំណត់ហេតុ​របស់​អឺរ៉ុប គឺ​ពួក​ព័រ​ទុយ​ហ្គេ ដែល​សរសេរ​ឈ្មោះ​ប្រទេស​យើង​ថា Kambuja រី Kamvuja ក​ម្វុ​ជ ( សូម​មើលសៀវភៅ Le Cambodge ) ។​

•​    ​«​ឃុន​លុន​» : ឈ្មោះ​សមុទ្រ​ដែល​លោក ជីវ តាក្វាន់ និយាយថា នៅតាម​រយៈផ្លូវ​ពី​ក្រុង​ចាម មក​ស្រុក​ចេ​ន​លា ។ លោក ប៉េ​លិ​យោត​ស្រាវជ្រាវ​ឃើញថា ជា​សមុទ្រ​កោះ​ត្រលាច ដែល​លោក​ប្រែ = Lamer de Poulo-Condor ប៉ុន្ដែ​យើង​ស្រាវជ្រាវ​តាមរក​ឱ្យឃើញ​ន័យ​ច្បាស់​ជាងនេះទៀត​ពុំទាន់​ឃើញ ។​

•​    ​«​ចេ​ន​គា​ឡាង​» ឬ «​តាំង​កេ​លាង​» : ទំនងជា​ពាក្យ​សំស្ក្រឹត ស្រី​គារ​ដែល​ខ្មែរ​និយម​យកមកប្រើ ហៅ​ពពួក​ស្នំ​បរិវារ និង អ្នកបម្រើ​ស្ដេច​សម្រាប់​ហែហម ជាល​ម្អ និង ក​ត្ដិ​យស​ស្ដេច ។ យើង​សរសេរ​សព្វថ្ងៃ​ទៅជា «​ស្រឹង្គារ​» ។ មកពី​ដំបូង​គេ​អាន​ថា សឹង គា​រៈ មាន​សំឡេង រៈ នៅ​ចុង លុះ​ចិន​គ្មាន​អក្សរ រ ក៏​យក​សំឡេង ឡ ឬ ល មក​ជំនួស​បានជា សី​កា​រៈ ទៅជា ចេ​ន គា ឡាង ។​

•​    ​«​ចេង​ផូ​វ​» ឬ «​ថេ​ង​ភូ​» : លោក ជីវ តាក្វាន់ ទុកជា​ឈ្មោះ​ស្រុក​មួយ ជា​ជាយដែន​ប្រទេស​ចេនឡា ។ លោក ប៉េ​លិ​យោត បញ្ជាក់​ថែមថា ស្រុក​នេះ​នៅត្រង់​ភូមិភាគ Cap Saint-Jacques ឬ ខេត្ដ​បា​រៀ​សព្វថ្ងៃនេះ ។​

•​    ​«​ចេនឡា​» ឬ «​ចេនឡា​ក់​» : ពាក្យ​នេះ​នៅក្នុង​ការរាវ​រក​សំខាន់​ណាស់ ព្រោះ​ជា​ឈ្មោះ​ប្រទេស​តែម្ដង ។ នឹង​ថា ជា​ឈ្មោះ​ដែល​អ្នកស្រុក​យើង​ហៅ​ខ្លួន​ថា យើង​ជា​អ្នក​ចេនឡា ឬ ជាតិ​ចេនឡា ក៏​មិនមែន ព្រោះ​ដូច​និយាយ​ខាងដើម​សេចក្ដី​ប្រែ​នេះ​ស្រាប់ ដែល​លោក ជីវ តា​ក្ចា​ន់ បញ្ជាក់ អ្នក​ប្រទេស​នេះ​ហៅ​ខ្លួនឯង​ថា «​កាន់ ជៃ ចី​» ហើយ​ដែល​អ្នកស្រុក​អឺរ៉ុប​កត់​ទុក​ថា «​កាំពូ​ចី​» ដែលមាន​សំឡេង​ស្រដៀង​នឹង​«​កាំពូ​ចេ​»​ដែរ ។

កំណត់​នេះ​បង្ហាញថា មិនមែន​ជនជាតិ​យើង​ដាក់ឈ្មោះ ចេនឡា នេះ​ទេ ប្រាកដជា​បរទេស​ហៅ​សម្គាល់​តាម​ហេតុ ឬ តាម​របស់​អ្វីមួយ​មិន​ខាន ពិសេស​គឺ​ចិន​នេះឯង បានមក​ទាក់ទង ហើយ​បាន​សរសេរ​កត់ត្រា​ស្រុក​យើង​មុនគេ ( តាំងពី​សតវត្ស​ទី ៤ ) ។

បើ​ដូច្នេះ យើង​ត្រូវ​រាវរក​តាម​សំនៀង​សម្តី​ចិន តើ «​ចេនឡា​»​នេះ ចិន​ថា​ត្រាប់​តាម​សម្តី​ខ្មែរ​ថា​ម៉េច ?  អុទាហរណ៍ ពាក្យ ហ្វូ​ហាន ឬ ហ្វូ​ណា​ម មកពី​ត្រាប់​ពាក្យ​ខ្មែរ​ថា ភ្នំ ចិន​គ្មាន​អ ក្សរ​តំរួត ម្ល៉ោះហើយ ភ្នំ រំលែក​សំឡេង​ទៅជា​ភូ​ណ​ម ឬ ភូ​ណា​ម ។​

​កាល​ខ្ញុំ​ទៅ​ស្រុក​ចិន ជួបនឹង​អ្នកស្រាវជ្រាវ​ចិន​ម្នាក់ ឈ្មោះ ស៊ីវ ម៉េង គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ឃើញ​ឯកសារ​មួយ​និយាយ​ពី​ឈ្មោះ​ចេ​ន​លា​នេះ ។ គឺ​ដើមឡើយ ចិន​ហៅ​ប្រទេសមួយ​ដែល​ស្ថិតនៅ​ខាងលើ​ប្រទេស​ហ្វូ​ណាន ។ ប្រទេស​នោះ​មាន ព្រៃ​ក្រាស់​ណាស់ ហើយ​សំបូរ​ឃ្មុំ​យក​ក្រមួន​ធ្វើ​ទៀន ។ ពួក​ចិន​តែង​ធ្វើដំណើរ​តាម​សំពៅ​មក​ទិញដូរ​យក​ក្រមួន​សុទ្ធ គឺ​ក្រមួន​យក​ពី​ឃ្មុំ ដើម្បី​នាំទៅ​លក់​ឯ​ស្រុក​គេ​សម្រាប់ធ្វើ​ទៀន ហើយ​គេ​នាំគ្នា​សន្មត​ហៅ​ស្រុក​នេះ​ថា : ក្រមួន​សុទ្ធៗ គឺថា ចេ​ន ឬ ចេង ប្រែ​ថា​សុទ្ធ ឯ​ឡា ឬ ឡាក់ ប្រែ​ថា ក្រមួន ឬ ឃ្មុំ ឬ ទៀន ( ភាសា​ចិន​គេ​ដាក់​គុណនាម​មុន​នាម ) បូករួម​មក​បានន័យថា «​ស្រុក​ក្រមួន​សុទ្ធ​» ។

មាន​យោបល់​មួយទៀត​ចុះសំរុង​គ្នា​ថា នៅ​ច្រក​ទន្លេ​ធ្លាយ​ទៅ​សមុទ្រ ជា​កន្លែង​អ្នក​ចេ​ន​លា នាំ​ក្រមួន សុទ្ធ​ទៅ​ទុក​លក់​ឱ្យ​សំពៅ​ចិន​នោះ គេ​សន្មត​ឈ្មោះ​ស្រុក​ក្រមួន​ដែរ គឺ​ក្រមួនស ( កម្ពុជា​ក្រោម ) ស​នេះ​មិន​សំដៅ​ខ្លាញ់ គោ​ទេ ព្រោះ​សម័យ​នោះ​មិនទាន់មាន ដូច្នោះ នេះ​គឺ ជា​សុទ្ធ​នេះឯង ហើយ​នៅ​ភូមិភាគ​ក្រមួនស​នេះ ក៏មាន​ស្រុក ភូមិ​មាន​ឈ្មោះថា ក្រមួនៗ​ច្រើនណាស់ នាំឱ្យ​សន្និដ្ឋានបានថា : ស្រុកភូមិ​ត្រង់នោះ​ជាទី​ឃ្លាំង​ផ្ទុក​ក្រមួន នាំទៅ​ទុក លក់​ឱ្យ​សំពៅ​ចិន​មែន ព្រោះ​សំពៅ​ដើរ​តែ​តាម​សមុទ្រ មិនបាន​ចូលមក​តាម​ទន្លេ​ទេ ។​

•​    ​«​ឆី​ន​ថា​» ឬ «​ឆេន​ថា​ន់​» : ទំនង​មកពី​ពាក្យ «​ជាន់​ឋាន​» ក្រែង​ក្នុង​ពិធី​នេះ​គេ​នាំ​លោក​មកកាន់​ទីកន្លែងរ​បស់​កូនស្រី​? ប៉ុន្ដែ​ក្នុង​ទំនៀម ហើយ​មក​ឥឡូវនេះ​មិនឃើញ​មាន​ធ្វើ​ដូច្នេះ​ទេ ។ ពត៌មាន​នេះ​មិនគួរ​នឹង​ជឿ ប៉ុន្ដែ​យើង​យល់ថា តើ​លោក​ជីវ​តាក្វាន់​បំផ្លើស​រឿងនេះ​ដើម្បី​ប្រយោជន៍​អ្វី ? មិនតែប៉ុណ្ណោះ លោក​បញ្ជាក់​ទាំង​ពេលដែល​ឃើញ​គេ​ធ្វើ​ហើយ​ត្រង់ណា​លោក​មិនឃើញ​ផ្ទាល់​ភ្នែក​ដូចជា​នៅ​ក្នុ​បន្ទាប់​ក៏​លោក​បញ្ជាក់​ច្បាស់​ថា លោក​គ្រាន់តែ​ឮ​គេ​ថា​ទេ ( ត្រង់នេះ​ឃើញថា លោក​មាន​ចិ​ត្ដ​ត្រង់​ណាស់​ក្នុង​ដំណើរ​កត់​ហេតុនេះ​) ។​

•​    ​«​ឆេ​ណាំ​» ឬ «​ឆា​ណាំ​» : ជា​សំឡេង​ចិន ត្រាប់​តាម​ពាក្យ​ខ្មែរ​ឆ្នាំង ដោយសារ​ចិន​គ្មាន​សំឡេង​អក្សរ​តំរួត គឺ​សំដៅយក «​កំពង់ឆ្នាំង​» ព្រោះ​ពាក្យ​កំពង់​ប្រែ​ថា ភូមិ ម្ល៉ោះហើយ លោក​ជីវ​តាក្វាន់​កត់​យកតែ​ឈ្មោះ​ភូមិ​តែម្ដង ។ ច្បាស់​ថែម​ពីលើ​នេះ​ទៀត គឺ​លោក​ជីវ​តាក្វាន់​បាន​រាប់រៀបថា ជា​ឈ្មោះ​ខេត្ដ​មួយ​នៃ​ប្រទេស​ចេ​ន​លា ហើយ​គេ​ធ្វើដំណើរ​ចេញពី​នេះ ត្រូវ​ឆ្លង កាត់​សមុទ្រ​សាប ( ទន្លេសាប ) អស់​ពេល​ដប់​ថ្ងៃ​ទៀត ទើប​ដល់​ក្រុង​ធំ ។​

•​    ​«​ផូ​គូ​» : ក្លាយ​តាម​សម្តី​ចិន ទំនងជា​ហៅ​ពាក្យ​ខ្មែរ «​ចៅ​គូ​» ដែល​គេ​ធ្លាប់​និយម​ប្រើ​នៅ​ចុង​សតវត្ស​ទី ១៣ សម្រាប់​ហៅ​លោកសង្ឃ ( សព្វថ្ងៃ​សៀម​នៅ​ប្រើ​នៅឡើយ ) ។​

•​    ​«​ប៉ា​តេង​» : ពាក្យ​ខ្មែរ​បុរាណ ម្រ​តេង ដែល​ក្រោយមក​ក្លាយជា កម្រ​តែង រួច​សព្វថ្ងៃ​ថា គំដែង គឺ​សម្រាប់​សម្គាល់​ងារ​មន្ដ្រី​ជាន់​ខ្ពស់ និង អ្ន​ប្រាជ្ញ​ធំ ឬ អ្នកមាន​រិ​ទ្ធ​តេ​ជៈ​ខ្លាំងក្លា ។ សព្វថ្ងៃ​នៅ​ប្រើ​ចំពោះ​ព្រះសង្ឃ ។

ឧទាហរណ៍  : ប​ពិត ព្រះ​គំដែងសង្ឃ ទាំង​ឡាយ ជាដើម ។​

•​    ​«​ប៉ាធ​» : ទំនងជា​ត្រប់​តាម​សំឡេង​អ្នកស្រុក​ដើម​ហៅថា «​ប៉ា​តូ​វ​» ។ លោក​ប៉ែ​លិ​យោត​បញ្ជាក់ថា សព្វថ្ងៃ​ជាន​ជាតិ​ចា​រាយ​នៅ​ប្រើពាក្យ «​ប៉ា​តូ​វ​» ហៅ​ឪពុក​នៅឡើយ ។​

•​    ​«​ប៉ាន​ឃា​ប​» ឬ «​ប៉ាន​ឃី​ត​» : ទំនងជា​ត្រាប់​សំឡេង​ខ្មែរ បណ្ឌិត (​ដែល​យើង​អាន​ក្លាយ​ទៅ​«​ប​ន្ទី​ត​» ឬ «​អន្ទិត​» សំដៅយក​ពួក​អ្នកប្រាជ្ញ ។​

•​    ​«​ប៉ាវ​ទៀង​កាក​» : តាម​សេចក្ដី​ក្នុង​អត្ថបទ លោក​ជីវ​តាក្វាន់ ហៅ​សម្គាល់​អង្ករ មកពី​ពាក្យ​«​អង្ករ​» បុរាណ​យើង ហៅ​«​រ​ង្ករ​» មានប្រើ​ក្នុង​សិលាចារឹក​ជាច្រើន ។​
•​    ​«​ប៉ា​ស៊ី​វ៉ី​» : សំស្ក្រឹត «​ប​ស្វី​» ប្រែ​ថា អ្នកមាន​តបៈ គឺ​ខ្មែរ​បុរាណ​ហៅ​ពពួក​អ្នកបួស​ជា​តាបស​នៅតាម​ព្រៃ ច្រើន​អ្នក​ប្រតិ​ប​ត្ដិ​តាម​គម្ពីរ​វេទ (​សូម​មើល​ក្នុង​រឿង​«​រាម​កេរ​ខ្មែរ​» គេ​ប្រើពាក្យ​នេះ​សម្រាប់​ពួក​យក្ស​ហៅ​ព្រះរាម ដែល​ធ្វើ​តបៈ​ក្នុងព្រៃ​ថា ប​ស្វី ។​

•​    ​«​ផេង កេ​ស៊ី​» : លោក ជីវ តាក្វាន់ ថា ផេង​កេ​ស៊ី ជា​រុក្ខជាតិ​ដែល​គេ​យក​ស្លឹក​វា​មក​ធ្វើ​ស្រា ។ យើង​បាន​ប្រទះឃើញ​ក្នុង​វចនានុក្រម​ខ្មែរ​ភាគ ១ ទំព័រ ៨២៩ និយាយថា ខ្មែរ​យើង​ជាន់​ដើម​គេ​យក​ស្លឹកឈើ​ម្យ៉ាង​មក​ធ្វើ​ស្រា ហៅថា ស្លឹក​«​ភ្ងាស​» ។ ភ្ងាស នេះ​ជា​ឈើ​ព្រៃ មាន​សំបក​ក្រមរ​ជ្រួញៗ ស្លឹក​ល្អិត រឹង ផ្កា​ល្អិត​កញ្ចុំ ពណ៌​ស្វាយ ។ ដូច្នេះ​គឺ​ស្លឹក​ភ្ងាស​នេះហើយ​ដែល​កត់​តាម​សំឡេង​ចិន​ទៅជា ផេ​កេ​ស៊ី នោះ ។​

•​    ​«​ពុ​ឡៃ​» : សំស្ក្រឹត ព្រះ ប្រែ​ថា ប្រសើរ គឺ​តាម​និយមន័យ​ខ្មែរ​សម្រាប់​ហៅ​បុគ្គល​ជាទីគោរព មាន​ព្រះ​ពុទ្ធអង្គ​ជាដើម ។​ ​ក្រោយមក​គេ​ហៅ​មន្ដ្រី​មាន​សក្ដិ​ខ្ពស់ ឬ សង្ឃ​ដែលមាន​សមណសក្ដិ ។​

•​    ​«​ពូ​លូវ​» ឬ «​ពូ​លូ​ឈិង​» : មកពី​ពាក្យ​ផ្លូវ ដែល​ចិន​គ្មាន​សំឡេង​អក្សរ​តំរួត ក៏​អាន​ទៅជា​ពីរ​ព្យាង្គ​ថា «​ពូ​លូវ​» ។ ឯ​ពាក្យ​ឈិង ជា​ពាក្យ​ចិន​ប្រែ​ថា ភូមិ ដូច្នេះ ពាក្យ​នេះ​មានន័យថា ភូមិ​ផ្លូវ ទំនងជា «​ភូមិ​ផ្លូវ​ត្រី​សព្វថ្ងៃ​ទេ​ដឹង ? ព្រោះ​អត្ថបទ​នេះ និយាយ​ពី​ភូមិ​នៅ​មាត់​ទន្លេសាប តាមរយៈ​ដំណើរ​ទៅ​សៀមរាប ។​

•​    ​«​ភុយ​ឡាំង​» : លោក​ប៉េ​លិ​យោត លោក​ពន្យល់​ពាក្យ​នេះ​ថា C’est le non d’une barque faite seule pièce de bois,
l’original plan ? piran n’est pas cnnu ចំពោះ​យើងយល់ថា ទំនងជា​ទូកកំរោល ដែល​គេ​លុង​ធ្វើ​ពី​ឈើ​មួយ​ដើម ប៉ុន្ដែ មិនដឹង​ជា​ឈ្មោះ​ដើម​ថា​ម៉េច បានជា​ចិន​កត់​ជា​ពាក្យ​ហៅ​ផុយ​ឡាំង​នេះ ។​

•​    ​«​ម៉ៃ​» ឬ «​មី​»  : ជា​ពាក្យ​សម្រាប់​មនុស្ស​ស្ដ្រី ឬ សម្រាប់​ហៅ​ម្ដាយ​ដែល​ចិន​ខំ​ថា តាម​សំឡេង​ខ្មែរ​មេ ។ អុទាហរណ៍ មេ​ជ្រូក មេគោ មេបា​… ។​

•​    ​«​សាម​ប៉ា​» : ចិន​អាន​តាម​សំឡេង​ខ្មែរ​ថា «​សំពះ​» ។​

•​    ​«​ស៊ុន​ណា​» : លោក ប៉េ​លិ​យោត​ដាក់​ក្នុង​វង់ក្រចក​អាន​ថា Siennaja​ហើយ​លោក​ពន្យល់​ន័យ​ថា L’original de ce nom
de bateau, quelque chose comme senda, n’a pas éteé retrouvé តាម​មតិ​យើង គឺជា​ទូក​ម្យ៉ាង ដែល​គេ​យក បន្ទះក្ដារ​មក​វាយ​ភ្ជាប់​ភ្ជិត​គ្នា គេ​ច្រើន​ហៅ​សព្វថ្ងៃ​ថា ទូក​ឡើង​ក្ដារ បុរាណ​ហៅថា​ទូក​សន្ដរ ។ ទំនងជា សន្ដរ នេះហើយ ដែល​ចិន​កត់​ទៅជា​ស៊ីន​ណា ។​

•​    ​«​ស៊ី​លាក់​ទី​» : មកពី​ពាក្យ​សំស្ក្រឹត ស្រិ​ស្ឋិ​ន ឬ ស្រិ​ស្ធី ប្រែ​ថា អ្នកទ្រទ្រង់ នូវ​ស្រុតិ គឺ​ពួក​អ្នកចេះដឹង ឬ អ្នកមាន​ប្រាជ្ញា ។​

•​    ​«​ហ៊ុត​ឈឹង​» : ពាក្យ​នេះ​មកពី​ភាសា​ចិន : ហ៊ុត = ព្រះពុទ្ធ + ឈឹង = ភូមិ​ព្រះពុទ្ធ ។ លោក ប៉េ​លិ​យោត យល់ថា​ជា​ភូមិ​ពោធិសាត់ ប៉ុន្ដែ​បើតាម​កំណាព្យ​លោក សុ​ត​ន្ដ ប្រីជា​អិន្ទ «​និរាស​អង្គរវត្ដ​» លោក​និយាយ​ដំណើរ​លោក​ទៅ​អង្គរវត្ដ​តាម​មាត់​ទន្លេសាប ឃើញ​ភូមិ​មួយ​នៅ​ពាក់​កណ្តាលផ្លូវ​នេះ ឈ្មោះថា ភូមិ​ត្រ​ភព ហើយ​គាត់​ពិចារណា​ថា នរណា​យកពាក្យ​ត្រៃភព​មក​ដាក់ឈ្មោះ ជា​នាម​របស់​ព្រះពុទ្ធ​ដែរ ដូច្នេះ ហ៊ុ​ឈឹង គឺជា​ភូមិ​ត្រៃភព​នោះឯង ៕