Friday, February 4, 2022

ប្រទេស ឥណ្ឌូនេស៊ី Indonesia

នៅដើមគ្រិស្ដសតវត្សទី៦ ក្នុងពេលដែល អាណាចក្រហ្វូណន កំពុងធ្លាក់ចុះ រដ្ឋផ្សេងៗ ក្នុងក្រុមកោះឥណ្ឌូនេស៊ីមានការរីកចម្រើនយ៉ាងខ្លាំង អាណាចក្រដែលធំជាងគេគឺ ស្រីវិជ័យ សិង្ហសារីនិងមច្ឆប៉ាហិត តាមលំដាប់។​ រដ្ឋទាំង ៣ នេះមានអរិយធម៌បែបហិណ្ឌូ-ជ្វា និងពុទ្ធសាសនាមហាយាន(ស្រីវិជ័យ)។







អាណាចក្រស្រីវិជ័យជាមជ្ឈមណ្ឌលផ្លូវសមុទ្រដែលរីកចម្រើនជំនួសអាណាចក្រហ្វូណន(ផ្លូវគោក) តាំងនៅក្នុងក្រុមកោះនិងចូលគ្របដណ្ដប់លើច្រកម៉ាឡាកានិងច្រកស៊ុនដាតំាងពីគ្រិស្ដសតវត្សទី៦ ជាមជ្ឈមណ្ឌលពានិជ្ជកម្មរវាងចិននិងឥណ្ឌា ទីក្រុងកំពង់ផែសំខាន់គឺ ប៉ាឡិមប៉ាំង។

ដោយមានលក្ខណៈភូមិសាស្រ្ដល្អធ្វើឱ្យនគរស្រីវិជ័យមានឥទិ្ធពលខាងពានិជ្ជកម្មនិងនយោបាយលើដែនដីឧបទ្វីបម៉ាឡាយូត្រើយខាងកើត មានមេដឹកនាំដែលរឹងមាំជាអ្នកការទូតដ៏ឆ្លៀវឆ្លាត មានការបញ្ជូនមន្រ្ដីទូតទៅចម្រើនសម្ព័ន្ធមេត្រីជាមួយចិនក្នុងគ្រិស្ដសតវត្សទី៥​ និងទី៦ ដើម្បីឱ្យចិនទទួលស្គាល់អំណាច ហើយបានបង្កើតស្ថេរភាពខាងនយោបាយឱ្យដល់អាណាចក្រ សាសនាព្រះពុទ្ធបានចម្រើនរុងរឿងជាខ្លាំង ក្នុងអាណាចក្រនេះ បានបន្សល់ភស្ដុតាងស្ថាបត្យកម្មចេតិយបរមពុទ្ធោនៅភាគកណ្ដាលនៃកោះជ្វា។

អាណាចក្រចាប់ផ្ដើមធ្លាក់ចុះដោយសារចិនធ្វើដំណើរមកធ្វើពានិជ្ជកម្មក្រៅប្រទេសកាន់តែញឹកញាប់។ ចិនប្ដូរទីក្រុងកំពង់ផែពានិជ្ជកម្មថ្មីដូចជាក្នុងកោះស៊ូម៉ាត្រា និងឈូងសមុទ្រថៃ ធ្វើឱ្យសេដ្ឋកិច្ចរបស់ស្រីវិជ័យធ្លាក់ចុះ ថែមទាំងជួបនឹងបញ្ហាពួកចូឡាក់ពីតំបន់ភាគខាងត្បូងរបស់ឥណ្ឌាចូលមករុករាន។ មូលហេតុសំខាន់បំផុតគឺ កើតអាណាចក្រថ្មីដែលមានភាពរឹងមាំទាំងខាងនយោបាយនិងសេដ្ឋកិច្ចឡើងគឺ អាណាចក្រសិង្ហសារី។
អាណាចក្រសិង្ហសារី[កែប្រែ]

ក្នុងខណៈដែលអាណាចក្រស្រីវិជ័យធ្លាក់ចុះ អាណាចក្រមួយទៀតបានរុងរឿង។ អាណាចក្រនេះនៅក្នុងបរិវេណភូមិភាគកណ្ដាលនៃកោះជ្វា គឺអាណាចក្រសិង្ហសារី (គ.ស ១២២២-១២៩២)។ ក្សត្រអង្គសំខាន់គឺ ព្រះចៅកិត្តិព្រហ្ម ព្រះអង្គទ្រង់បានពង្រីកអំណាចនិងឥទ្ធិពលរបស់អាណា​ចក្រទៅពាសពេញកោះជា្វដោយប្រើអំណាចខាងយោធានិងសាសនារហូតអាចគ្រប់គ្រងច្រកម៉ាឡាកា ហើយអាចឡើងមកកាន់អំណាចជំនួសអាណាចក្រស្រីវិជ័យបាន តែមិនបានយូរណាស់ណាទេ។

ដោយសារការមិនបញ្ជូនគ្រឿងសួយសាអាករទៅឱ្យចិនដូចដែលធ្លាប់ធ្វើក្នុងដំណាក់កាលដំបូង ធ្វើឱ្យក្នុងចុងសម័យនៃអាណាចក្រត្រូវចិន(ម៉ុងកូល)រុករាន ថែមទាំងកើតមានចលនាក្បត់ក្នុងស្រុកទៀត ទើបក្លាយជាមូលហេតុចម្បងដែលធ្វើឱ្យអាណាចក្រសិង្ហសារីត្រូវដួលរលំ។
អាណាចក្រមច្ឆប៉ាហិត[កែប្រែ]

អាណាចក្រចុងក្រោយក្នុងក្រុមកោះឥណ្ឌូនេស៊ីគឺ អាណាចក្រមច្ឆប៉ាហិត(គ.ស ១២៩៣-១៥២០) ចាត់ទុកជាតំណាងនៃអាណាចក្រសិង្ហសារី ក្នុងការបន្ដនយោបាយពង្រីកអាណាខេត្តទៅកោះផ្សេងៗ ក្នុងក្រុមកោះឥណ្ដូនេស៊ី ចូលមកជារដ្ឋតែមួយ។ តួអង្គសំខាន់ក្នុងការធ្វើឱ្យអាណាចក្រមានភាពចម្រើនរុងរឿងមិនមែនជាក្សត្រទេ តែជាឯកអគ្គមហាសេនាបតី គឺគជា មាតា មានស្នាដៃសំខាន់ៗ ដូចជា

-ប្រើកម្លាំងទាហានជាឧបករណ៍ក្នុងការបង្កើតចក្រព័ត្ដិ
-រៀបចំប្រព័ន្ធគ្រប់គ្រងខាងក្នុងជារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពដល់ក្រុមការងារផ្សេងៗ ឱ្យមានប្រសិទ្ធភាព
-មានការរៀបចំឱ្យព្រះបរមវង្សានុវង្សធ្វើការក្នុងតំណែងផ្សេងៗ ជាការកាត់បន្ថយអំណាចនិងបញ្ចប់បញ្ហាការដណ្ដើមរាជ្យសម្បត្ដិដែលកើតមានចំពោះគ្នា។
-ធ្វើជំរឿនប្រជារាស្រ្ដ ដើម្បីរៀបឱ្យមានជាជាន់ថ្នាក់ ងាយស្រួលក្នុងការរៀបចំការងារ
-រៀបចំច្បាប់ដោយកែសម្រួលច្បាប់ជ្វាដើម ផ្សំនឹងគម្ពីរធម្មសាស្រ្ដរបស់ឥណ្ឌា
-បង្កើតសម្ព័ន្ធមេត្រីខាងពានិជ្ជកម្មជាមួយអាណាចក្រជិតខាងដូចជា អយុធ្យា ភូមា ខ្មែរ​ ចាម្ប៉ា វៀតណាម ចិន ឥណ្ឌា ពែក្ស ធ្វើឱ្យអាណាចក្រមច្ឆប៉ាហិតមានស្ថេរភាពខាងនយោបាយ ធ្វើឱ្យសេដ្ឋកិច្ចរបស់មច្ឆប៉ាហិតមានសភាពល្អប្រសើរជាមជ្ឈមណ្ឌលពានិជ្ជកម្មរវាងលោកខាងលិចនិងលោកខាងកើត ទំនិញសំខាន់គឺ គ្រឿងទេស ក្រណាត់សូត្រ ភ្លុកដំរី សំណប៉ាហាំង ជាដើម។

ពេលគជា​ មាតា អស់ព្រះជន្ម អាណាចក្រមច្ឆប៉ាហិតក៏ធ្លាក់ចុះអំណាច។ មូលហេតុសំខាន់មួយប្រការទៀតគឺ​​ ការពង្រីកខ្លួនរបស់អាណាចក្រឥស្លាមចូលមកក្នុងក្រុមកោះឥណ្ឌូនេស៊ីខាងកើតឆៀងខាងត្បូង។ រដ្ឋតូចៗ ងាកទៅគោរពសាសនាឥស្លាមកាន់តែច្រើនឡើងដើម្បីភាពងាយស្រួលក្នុងការធ្វើពានិជ្ជកម្មជាមួយជាអារ៉ាប់និងប្រឆាំអាណាចក្រមច្ឆប៉ាហិត។

ពេលអាណាចក្រមច្ឆប៉ាហិតធ្លាក់ចុះអំណាច រដ្ឋនៃកោះផ្សេងៗ ផ្ដើមប្រកាសឯករាជ្យ។ ចាប់ពីពេលនោះមកមិនមានអាណាចក្រណានៅឥណ្ឌូនេស៊ីអាចបង្កើតអាណាចក្រធំបានទៀតឡើយ។​ ក្នុងពេលនោះដែរពួកលោកខាងលិចក៏ចាប់ផើ្ដមចូលមកស​ន្សឹមៗ ផ្លាស់ប្ដូរគ្នាចូលមកសំឡឹងផលប្រយោជន៍ និងពង្រីកអំណាចរបស់ខ្លួនក្នុងដែនដីនេះ។
អាណាចក្រមុស្លីម[កែប្រែ]

ពេលអាណាចក្រហិណ្ឌូចាប់ផ្ដើមធ្លាក់ចុះរវាងឆ្នាំគ.ស ១៥០៧-១៥២០ អាណាចក្រមុស្លីមក៏ចាប់ផ្ដើមរុងរឿងនៅកោះជ្វាភាគកណ្ដាល ស៊ូម៉ាត្រ ស៊ូឡាវីស៊ី កាលីម៉ាន់តាន់ រហូតដល់អ៊ិរៀនខាងលិច ហើយជះឥទ្ធិពលធ្វើឱ្យភាសាម៉ាលេដែលជនជាតិមុស្លីមក្នុងបរិវេណនេះកំពុងប្រើបានផ្សព្វផ្សាយចេញទៅ ហើយក៏ក្លាយជាភាសាប្រចាំជាតិរបស់ឥណ្ឌូនេស៊ីតែម្ដង។

ក្នុងដំណាក់កាលនោះ ក្រុងចាកាតាគ្រាន់តែជាក្រុងកំពង់ផែតូចមួយនៅកោះជ្វា មានឈ្មោះថា ស៊ុនដាខេឡាប៉ា។ ក្រោយមកក្រុងនេះត្រូវបានលោកនាយពលហ្វាម៉ាទីននៃអាណាចក្រដាណឺម៉ាកវាយយកបាន ទើបឱ្យប្ដូរជាឈ្មោះចាកាតា ដែលមានន័យថា ទីកន្លែងនៃជ័យជម្នះ ព្រោះជាជ័យជម្នះលើជនជាតិព័រទុយហ្កាល់។ ក្រោយមកក្នុងឆ្នាំគ.ស ១៦២១ ហូឡង់បានចូលមកវាយដណ្ដើមគ្រប់គ្រងឥណ្ឌូនេស៊ី ហើយបានប្ដូរឈ្មោះទីក្រុងនេះទៅជា ប៉ាត់តាវៀ។ នៅសម័យធ្លាក់ជាអាណានិគមរបស់ហូឡង់ ហូឡង់បានបង្កើតក្រុមហ៊ុន United Dutch East India Company ក្នុងឆ្នាំគ.ស ១៦០២ ដើម្បីធ្វើពានិជ្ជកម្មនៅលើកោះឥណ្ឌូនេស៊ីខាងកើត ក្រៅពីការធ្វើពានិជ្ជកម្មក្រុមហ៊ុននេះនៅបានដើរតួនាទីស្វែងរកអាណានិគមឱ្យដល់ហូឡង់ទៀតផង។ នៅទីបំផុតហូឡង់បានធ្វើការវាយលុកគ្រប់គ្រងឥណ្ឌូនេស៊ីក្នុងឆ្នាំគ.ស ១៦២១ ហើយបានពង្រីកការគ្រប់គ្រងទៅទូទាំងប្រទេស ធ្វើឱ្យឥណ្ឌូនេស៊ីធ្លាក់នៅក្រោយអាណានិគមរបស់ហូឡង់នៅទីបំផុត។

ការធ្វើសង្គ្រាមប្រឆាំងនឹងហូឡង់បានចាប់ផ្ដើមឡើងក្នុងឆ្នាំគ.ស ១៦៦៦ ដោយស៊ុលតង់ហនុឌិននៃរដ្ឋកុឡា តែត្រូវទទួលបរាជ័យហើយត្រូវចុះសន្ធិសញ្ញាចាញ់សង្គ្រាមក្នុងឆ្នាំគ.ស ១៧៦៧ ។ ក្នុងចន្លោះឆ្នាំគ.ស ១៦៩០-១៨២៤ ក្រុមហ៊ុនបានបញ្ចូលទាហានចូលមកគ្រប់គ្រងម៉ូលុកាស ដើម្បីចូលគ្រប់គ្រងពានិជ្ជកម្មគ្រឿងទេស។ ក្នុងកំឡុងពេលតំណាលគ្នាក៏មានវត្ដមានជនជាតិអង់គ្លេសមកតាំងមូលដ្ឋាននៅក្រុងបេវគូលេននៅត្រើយខាងលិចនៃកោះស៊ូម៉ាត្រា ហើយមានការសាងសង់ប៉មនិងបនា្ទយឡើង ក្នុងដំណាក់កាលនេះ ជនជាតិអង់គ្លេស នៅមិនទាន់មានសកម្មភាពអ្វីធំដុំទេ។

ក្នុងឆ្នាំគ.ស ១៧៤០ ជនជាតិចិនដែលរបស់នៅក្នុងក្រុងចាកាតាបានធ្វើការប្រឆាំងនឹងជនជាតិដាណឺម៉ាក ដោយសារការមិនពេញចិត្តដែលត្រូវគេគេងចំណេញទាំងក្នុងផ្នែកសេដ្ឋកិច្ច និងក្នុងផ្នែកផ្សេងៗ។ ជនជាតិឥណ្ឌូនេស៊ីបានចូលរួមក្នុងការប្រឆាំនេះដែរ តែត្រូវបរាជ័យជាហេតុធ្វើឱ្យជនជាតិចិនត្រូវជនជាតិដាណឺម៉ាកកាប់សម្លាប់អស់ជាង ១០០០០នាក់។

ការចូលគ្រប់គ្រងរបស់អង់គ្លេសក្នុងចន្លោះរជ្ជសម័យរបស់ណាប៉ូលេអុង បារាំងបានចូលគ្រប់គ្រងហូឡង់ ទើបក្រុមហ៊ុន British East Company បានចូលគ្រប់គ្រងឥណ្ឌូនេស៊ីជំនួស(គស ១៨១៥-១៨១៦)។ ពេលណាប៉ូលេអុងអស់អំណាចក្នុងឆ្នាំគ.ស ១៨១៥ ឥណ្ឌូនេស៊ីក៏ធ្លាក់ក្រោមអាណានិគមរបស់ហូឡង់ម្ដងទៀត។ ការគ្រប់គ្រងរបស់ហូឡង់ ចាប់តាំងពីឥណ្ឌូនេស៊ីធ្លាក់ក្រោមការគ្រប់គ្រងរបស់ហូឡង់ ជនជាតិឥណ្ឌូនេស៊ីបានក្រោកឡើងប្រឆាំងហូឡង់ជាច្រើនដង តែមិនអាចទទួលជ័យជម្នះ។ ចលនាដើម្បីទាមទារឯករាជ្យ បានមានការចាត់តាំងសមាគម Budi Utom(ការតស៊ូដ៏អង់អាច) ឡើងក្នុងឆ្នាំគ.ស ១៩០៨ បានរួមគ្នាបង្កើតបក្សនយោបាយឡើងជាច្រើនបក្ស ដើម្បីតស៊ូទាមទារឯករាជ្យ ពីហូឡង់។ ឆ្នាំគ.ស ១៩២៤ ក្រុមអ្នកសិក្សាបានបង្កើតសមាគមអ្នកសិក្សាឥណ្ឌូនេស៊ី ដោយមានលោកដុកទ័រមហាម៉ាត់ អាត់តាជាមេដឹកនាំ។ ក្រោយមកក្នុងឆ្នាំ១៩២៧ លោកដុកទ័រមហាម៉ាត់ អាត់តាបានបង្កើតអង្គការសហព័ន្ធ ដោយរួបរួមបក្សនយោបាយឥណ្ឌូនេស៊ីទាំងអស់ចូលគ្នា។ ក្នុងឆ្នាំដែល លោកដុកទ័រស៊ូកាណូ និងថ្នាក់ដឹកនាំមួយក្រុមទៀតបានរួមគ្នាបង្កើតបក្សជាតិនិយមឥណ្ឌូនេស៊ីឡើង ហើយប្រើភាសាបាហាសាឥណ្ឌូនេស៊ីជាផ្លូវការសម្រាប់ទាក់ទងការងារ គាំទ្រនយោបាយណាដែលមិនផ្ដល់កិច្ចសហប្រតិបត្ដិការជាមួយថ្នាក់ដឹកនាំហូឡង់។ ចលនានេះបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់យុវជន ហើយបង្កើតជាអង្គការយុវជនឡើងនៅតាមតំបន់ផ្សេងៗ ។ ក្នុងសម័យការគ្រប់គ្រងរបស់ជប៉ុន ក្នុងរវាងសង្គ្រាមមហាអាស៊ីបូព៌ា កងទ័ពជប៉ុនបានចូលគ្រប់គ្រងឥណ្ឌូនេស៊ី ចន្លោះឆ្នាំគ.ស ១៩៤១-១៩៤៤ កងទ័ពជប៉ុនព្យាយាមយកចិត្ដឥណ្ឌូនេស៊ី ដោយការដោះលែងមេដឹកនាំនយោបាយដែលត្រូវខាងហូឡង់ចាប់ដាក់គុក ការប្រកាសឯករាជ្យពេលជប៉ុនចាញ់សង្គ្រាមក្នងឆ្នាំ ១៩៤៥ ជប៉ុនបានបើកឱកាសឱ្យជនជាតិឥណ្ឌូនេស៊ីក្រោមការដឹកនាំរបស់ លោកដុកទ័រស៊ូកាណូ និងលោកដុកទ័មហាម៉ាត់ អាត់តា ប្រកាសឯករាជ្យភាពរបស់ឥណ្ឌូនេស៊ី នៅឆ្នាំ១៩៤៥។

ឥណ្ឌូនេស៊ី ប្រកបដោយក្រុមកោះដែលមានភាពចម្រើនរុងរឿងមកជាយូរហើយ តែក្រោយមកត្រូវធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ហូឡង់ប្រមាណ៣០១ឆ្នាំ។ នៅខែមករា គ.ស ១៩៤២ ដែលជាកំឡុងពេលនៃសង្គ្រាមលោកលើកទី២ ជប៉ុនបានវាយយកឥណ្ឌូនេស៊ី ហើយបណ្ដេញពួកហូឡង់ម្ចាស់អាណានិគមលើឥណ្ឌូនេស៊ីបានជោគជ័យ ទើបធ្វើឱ្យអ្នកដឹងនាំឥណ្ឌូនេស៊ីសំខាន់ៗ នៅសម័យនោះផ្ដល់ការសហការជាមួយជប៉ុន តែមិនបានផ្ដល់ទំនុកចិត្ដលើជប៉ុនណាស់ណាទេ ព្រោះមានហេតុផលមិនគួរជាទីទុកចិត្ដគឺពេលអ្នកស្នេហាជាតិឥណ្ឌូនេស៊ីរៀបចំផែនការផ្សេងៗ ជប៉ុនតែងសុំចូលរួមគ្រប់គ្រងនិងប្រតិបត្តិការជាមួយ។

ពេលជប៉ុនចាញ់សង្គ្រាម ហើយប្រកាសព្រមចាញ់បក្សសម្ព័ន្ធមិត្ត ឥណ្ឌូនេស៊ីបានឆ្លៀតឱកាសប្រកាសឯករាជ្យក្នុងឆ្នាំគ.ស ១៩៤៥ តែហូឡង់ម្ចាស់អាណានិគមដើមមិនព្រមទទួលស្គាល់ការប្រកាសឯករាជ្យរបស់ឥណ្ឌូនេស៊ី ទើបលើកកងទ័ពចូលមកបង្ក្រាប។ លទ្ធផលនៃការប្រយុទ្ធបានឱ្យឃើញថា ហូឡង់មិនអាចបង្ក្រាបកងទ័ពឥណ្ឌូនេស៊ីបានទេ។ ក្រោយមកអង់គ្លេសដែលជាសម្ព័ន្ធមិត្ដរបស់ហូឡង់បានចូលមកជួយសម្របសម្រួលដើម្បីបញ្ចប់ទំនាស់ ដោយឱ្យភាគីទាំងសងខាងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលិងកាត់យ៉ាទិ(Linggadjati Agreement) នៅឆ្នាំគ.ស ១៩៤៦ ដោយហូឡង់ព្រមទទួលស្គាល់អំណាចរដ្ឋាភិបាលរបស់ឥណ្ឌូនេស៊ីនៅកោះជ្វា និងកោះស៊ូម៉ាត្រា។ ក្រោយមកហូឡង់បានល្មើសលើកកិច្ចព្រមព្រៀង នាំទាហានចូលវាយលុកឥណ្ឌូនេស៊ី ធ្វើឱ្យប្រទេសផ្សេងៗ ដូចជា អូស្ដ្រាលី និងឥណ្ឌាបានប្ដឹងទៅក្រុមមន្រ្តីស្ថេរភាពរបស់អង្គការសហប្រជាជាតិឱ្យចូលមកដោះស្រាយ។ អង្គការសហប្រជាជាតិបានចូលមកដោះស្រាយបញ្ហា ដោយបង្កើតគណៈកម្មការ រួមមានអូស្ដ្រាលី ប៊ែលហ្សិក និងអាមេរិកដើម្បីធ្វើជាអ្នកសម្របសម្រួលហើយបានអំពាវនាវឱ្យបញ្ចប់ការវិវាទ តែហូឡង់បានចូលចាប់ខ្លួនមេដឹកនាំរបស់ឥណ្ឌូនេស៊ីគឺ ស៊ូកាណូ និងអាត់តាទៅដាក់គុក។

ក្រោយមកទាហានឥណ្ឌូនេស៊ីអាចជួយសង្គ្រោះមេដឹកនាំទាំងពីរនាក់ចេញមកបាន។ ក្នុងដំណាក់កាលនេះ គ្រប់ប្

រទេសលើសកលលោកនំាគ្នារិះគន់ទង្វើរបស់ហូឡង់យ៉ាងខ្លាំង ហើយគណៈមន្រ្ដីស្ថេរភាពបានដាក់គំនាបឱ្យហូឡង់ប្រគល់ឯករាជ្យដល់ឥណ្ឌូនេស៊ី នៅថ្ងៃទី២៧ ធ្នូ ១៩៤៩។ ឥណ្ឌូនេស៊ីបានទទួលឯករាជ្យ តែបញ្ហាស្មុគស្មាញនៅមាន ដោយសារហូឡង់មិនព្រមឱ្យបង្រួបបង្រួមដែនដីអ៊ិរៀនខាងលិចចូលជាមួយឥណ្ឌូនេស៊ី ទើបភាគីទាំងពីរត្រៀមខ្លួនប្រយុទ្ធគ្នាទៀត។ លទ្ធផលចុងក្រោយ ហូឡង់ក៏ព្រមប្រគល់អំណាចឱ្យអង្គការសហប្រជាជាតិជាអ្នកគ្រប់គ្រងតំបន់អ៊ិរៀនខាងលិច ហើយឱ្យជនជាតិអ៊ិរៀនខាងលិចសម្ដែងប្រជាមតិ ថាត្រូវចូលរួមជាមួយឥណ្ឌូនេស៊ីឬអត់។ លទ្ធផលនៃការធ្វើប្រជាមតិបង្ហាញថា ជនជាតិអ៊ិរៀនខាងលិចភាគច្រើនត្រូវការចូលរួមជាមួយឥណ្ឌូនេស៊ី ទើបអង្គការសហប្រជាជាតិ ដាក់អ៊ិរៀនខាងលិចឱ្យនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី នៅខែឧសភា ឆ្នាំ ១៩៦៣ ។