Thursday, October 8, 2015

តើ​អ្វី​ទៅ​ជា​មូលនិធិ​ឃុំ សង្កាត់?

មូលនិធិ​ឃុំ សង្កាត់​គឺ​ជា​កញ្ចប់​ថវិកា​មួយ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ឃុំ សង្កាត់​។​ មូលនិធិ​នេះ​រួម​មាន​ចំណូល​ពី​ចំណែក​ដ៏​ជាក់លាក់​នៃ​ចំណូល​ចរន្ត​នៃ​ថវិកា​រដ្ឋ​ប្រចាំ​ឆ្នាំ និង​ពី​ការចូលរួម​របស់​ដៃ​គូ​អភិវឌ្ឍន៍​នានា​។ មូលនិធិ​នេះ​មាន​ពីរ​ផ្នែក​សំខាន់​ៗ គឺ​ផ្នែក​រដ្ឋបាល​ទូទៅ និង​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​។
ផ្នែក​រដ្ឋបាល​ទូទៅ គឺ​សម្រាប់​ចំណាយ​ប្រតិបត្តិការ និង​វិនិយោគ​ដោយ​រដ្ឋបាល​ឃុំ សង្កាត់ ក្នុង​ការអនុវត្ត​ភារកិច្ច​រដ្ឋបាល​ទូទៅ​របស់​ខ្លួន​។ ចំណាយ​ទាំង​នេះ​រួម​មាន​៖
  1. ប្រាក់​បំណាច់​សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់
  2. បៀវត្ស​មន្ត្រី​ឃុំ សង្កាត់ និង​ចំណាយ​ផ្សេង​ៗ​ដល់​មន្ត្រី​ បុគ្គលិក​ទាំង​នោះ
  3. ការទិញ ឬ​ការជួល​ទីតាំង​សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់
  4. សង្ហារឹម និង​ឧបករណ៍​ការិយាល័យ ឬ​មធ្យោបាយ​សម្ភារៈ​រដ្ឋបាល​សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់
  5. ការជួសជុល និង​ការថែទាំ​មធ្យោបាយ​សម្ភារៈ​រដ្ឋបាល
  6. ថ្លៃ​ប្រើប្រាស់​ទឹក និង​អគ្គិសនី
  7. ទិញ ឬ​ជួល​យាន​ជំនិះ
  8. ប្រេង​ឥន្ធនៈ ប្រេង​រំអិល និង​ការថែទាំ​យាន​ជំនិះ
  9. ចំណាយ​ផ្សេង​ៗ។
ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន គឺ​សម្រាប់​ចំណាយ​ប្រតិបតិ្តការ និង​ចំណាយ​វិនិយោគ​ដោយ​រដ្ឋបាល​ឃុំ សង្កាត់ សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន (លើក​លែង​មធ្យោបាយ​សម្ភារៈ​រដ្ឋបាល) និង​ការផ្តល់​សេវា​សេដ្ឋកិច្ច សង្គម នៅ​ឃុំ សង្កាត់ (លើក​លែង​រដ្ឋបាល) ។
ឃុំ សង្កាត់​អាច​ប្រើប្រាស់​ថវិកា​មួយ​ចំណែក​នៃ​ថវិកា​វិភាជន៍​របស់​មូលនិធិ​ឃុំ សង្កាត់ សម្រាប់​សមាសភាគ​អភិវឌ្ឍន៍​មូលដ្ឋាន ដើម្បី​រ៉ាប់រង​លើ​ការចំណាយ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖
  1. ការអង្កេត គំនូសប្លង់ ការសាងសង់ ការជួសជុល និង​ថែ​ទាំ​ផ្លូវ ផ្សារ មណ្ឌល​សុខភាព​ សាលា​រៀន មជ្ឍមណ្ឌល​សហគមន៍ សំណង់​ប្រព័ន្ធ​ធារាសាស្ត្រ ឃ្លាំង​ផ្ទុក​កសិកផល ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​ថាមពល និង​ហេដ្ឋារចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​សង្គម​កិច្ច​ផ្សេង​ទៀត​។ ចំណាយ​ទាំងនេះ ត្រូវ​ចុះ​ក្នុង​មាតិកា​ថវិកា​ដែល​មាន​លេខ​កូដ ៦៨ “ចំណាយ​វិនិយោគ​អភិវឌ្ឍន៍​មូលដ្ឋាន”​។
  2. ចំណាយ​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន រួម​មាន ការថែទាំ ការជួលជុល​តូច និង​តម្លៃ​ចំណាយ​ផ្សេង​ទៀត ដែល​ចាំបាច់​សម្រាប់​ប្រតិបត្តិការ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ការផ្តល់​សេវា​ដែល​មាន​ការពាក់ព័ន្ធ​។ ចំណាយ​ទាំង​នេះ ត្រូវ​ចុះ​ក្នុង​មាតិកា​ថវិកា​ដែល​មាន​លេខ​កូដ ៦២ “ចំណាយ​សេវា​សាធារណៈ”​។
  3. ចំណាយ​សម្រាប់​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ឃុំ សង្កាត់​ ដូច​ជា ការប្រមូល​ទិន្នន័យ​សេដ្ឋកិច្ច​សង្គម ការប្រឹក្សា​ជា​មួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន ការបោះពុម្ព​និ​ងផ្សព្វផ្សាយ​ឯកសារ​ផែនការ​។ ចំណាយ​ទាំង​នេះ​ត្រូវ​ចុះ​ក្នុង​មាតិកា​ថវិកា​ដែល​មាន​លេខ​កូដ ៦១ “ចំណាយ​រដ្ឋបាល​ទូទៅ”​។
  4. ចំណាយ​ពាក់ព័ន្ធ​នឹង​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​អភីវឌ្ឍន៍​មូលដ្ឋាន ដែល​រៀបចំ​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន ដូច​ជា ចំណាយ​លើការអប់រំ និង​យុទ្ធនាការ​ព័ត៌មាន​សម្រាប់​ស្រ្តី​ផល​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ ចំណាយ​ទាំងនេះ​ត្រូវ​ចុះ​ក្នុង​មាតិកា​ថវិកា​ដែល​មាន​លេខ​កូដ ៦៤ “ចំណាយ​អន្តរាគមន៍​ផ្នែក​សង្គម​កិច្ច”​។
បញ្ជាក់ៈ ក្នុង​ករណី​គម្រោង​សេវាកម្ម​រៀបចំ​ជា​កញ្ចប់​ដែល​បញ្ចូល​នូវ​សកម្មភាព ឬ​លទ្ធផល​នានា​ដែល​មាន​ទំនាក់ទំនង​និង​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​ដើម្បី​សម្រេច​បាន​នូវ​ទិសដៅ​គម្រោង ការចំណាយ​នៃ​គម្រោង​នេះ ក៏​ត្រូវ​ចុះ​ក្នុង​មាតិកា​ថវិកា​ដែល​មាន​លេខ​កូដ ៦៤ “ចំណាយ​អន្តរាគមន៍​ផ្នែក​សង្គមកិច្ច” ផង​ដែរ​។