Wednesday, April 20, 2022

រឿង ទុំ ទាវ បរមរាជាទី៤ (១៥៦៦-១៥៧៦)

គោលបំណងនៃការសរសេររឿង វត្តវិហារធំ ទួល នេន ទុំ បួស សឹក នេះឡើង ដើម្បីវិភាគស្ថានការណ៍ រដ្ឋបាលប្រទេសកម្ពុជា នៅ សម័យទុំទាវ។​ រឿងនេះ និពន្ធឡើងដោយមនុស្សផ្សេងៗគ្នា នៅអំឡុងឆ្នាំ ១៩១៥ គឺក្រោយពី របបបារាំង ចូលគ្រប់គ្រងកម្ពុជា។ ដោយសារមានការនិពន្ធផ្សេងគ្នា សាច់រឿងផ្សេងគ្នា អាចឲ្យយើងកំណត់បាន អំពី និន្ធាការនយោបាយសម័យ ១៩១៥ គឺ រឿងទុំទាវ មួយបែប ថា ទុំលក់ ក្អម ឆ្នាំង តោក ចេញពី ខេត្តលង្វែកទៅ លក់ នៅ ខេត្តត្បូងឃ្មុំ ជួបជាមួយ នាងទាវ ទីនោះ គឺ មានទន្លេមេគង្គពុះចែកស្នេហារ ចែកអំណាចស្តេច ០២ អង្គផ្សេងគ្នា។ ចំណែករឿង ទុំទាវមួយទៀត ថា ទុំ បួសរៀន នៅវត្តវិហារធំ ខេត្តបាភ្នំ រឿងនេះ មានន័យថា បាភ្នំ និង ត្បូងឃ្មុំ នៅជិតគ្នា តែអំណាចរដ្ឋបាលផ្សេងគ្នា ចុះព្រះបរមរាជវាំង្គស្ថិតនៅទីណា ? តាមប្រវត្តិសាស្រ្ត កម្ពុជា ចែកជា ០៣ នគរ ត្រូវ ០២ ប្លុកផ្សេងគ្នា គឺ ប្លុកខាងលិច ទន្លេមេគង្គ​ គ្រប់គ្រងដោយសៀម ខាងក់ើតទន្លេ គ្រប់គ្រោយ វៀតណាម ឬ យួន។ ចំណែក កណ្តាល អាចជា កម្ពុជាអព្យាក្រិត ឬ ខ្មែរកណ្តាល។



រឿងទាវកើតឡើងនៅក្នុង រាជ្យព្រះ បរមិន្ទរាជា ដែលមានរាជធានីនៅលង្វែក ហើយសោយរាជ្យពីឆ្នាំ១៥៧៨ ដល់១៥៧៦ (ប្រភពពីលោក អេង សុត) តាមរយៈសាច់រឿង ”ទុំទាវ”បានកើតឡើងនៅភូមិ ពោធិ៍ជើងខាល ឃុំ មង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សព្វថ្ងៃនេះ។ យោងតាមសំដីអ្នកស្រុកបាននិយាយតៗគ្នា ថាដើមពោធិ៍ “ទុំ” នៅម្ខាងផ្លូវជាតិលេខ ៧ និងដើមពោធិ៍ “ទាវ” នៅទល់មុខគ្នាចម្ងាយប្រហែល ៤០០ម៉ែត្រ។ ( ប្រវត្តិសង្រ្គាម សម័យលង្វែក ១៥៧៦ បរមរាជាទី៤ រឺ ជ័យជេដ្ឋាទី១ សត្ថាទី១ ១៥៧៦-១៥៩៤)

បច្ចុប្បន្ននេះដើម ពោធិ៍ “ទុំ”អ្នកស្រុកបានធ្វើខ្ទមមួយនៅក្រោមដើមពោធិ៍និងមានរូបសំណាករូបអ្នកតា នៅក្នុងខ្ទមនោះ ហើយក៏ដាក់ឈ្មោះថា “ផ្ទះលោកតាក្រហមក” ។ ចំណែកឯដើមពោធិ៍ “ទាវ” វិញគេបានសង់ខ្ទមមួយដែរ ហើយបានដាក់តម្កល់រូបយាយផាន់ និងនាងទាវ។


ម៉ឺនឯកទុំ ជាមន្ត្រីនៃព្រះបាទបរមិន្ទរាជាកាលសម័យលង្វែក កាលណោះឆ្នាំ១៥៦៩ លោកបានត្រូវស្លាប់ដោយសារតែចៅពញាអរជូនជ័យប្រហារជីវិតនៅពេលលោកទៅដណ្ដើមប្រពន្ធមកវិញនៅខែត្រត្បូងឃ្មុំ លោកមានម្នាក់ឈ្មោះម៉ឺនពេជ្រ ដែលជំនាញខាងផ្លុំប៉ី។ ប្រពន្ធនាមថា ទាវ ត្រូវជាកូន នាងទន់ មេម៉ាយនៅ ភូមិពោធិ៍ជើងខាល ខែត្រត្បូងឃ្មុំ។ រឿងរ៉ាវស្នេហារបស់លោកត្រូវបានតាក់តែងជាប្រលោមលោកថា ទាវឯក និង សាស្ត្រាល្បែងឈ្មោះថា ទុំទាវ ដោយលោកឧកញ៉ាសន្ធរវោហារម៉ុក និងក្រោយមកដោយព្រះភិក្ខុសោម។

ប្រវត្តិព្រឹត្តិការណ៍ជីវិតចុងក្រោយ មានមនុស្សពីរនាក់ ឈ្មោះ ម៉ឺនឯក ម៉ឺនពេជ្រ នៅខេត្តត្បូងឃ្មុំ។ ម៉ឺនឯកច្រៀងពីរោះ ម៉ឺនពេជ្រចេះផ្លុំប៉ីពិរោះ ក្រៃលែងជាងចំរៀង និង ប៉ីអ្នកទាំងពួង។ ក្នុងសម័យនោះ មានស្រីម្នាក់ឈ្មោះ នាងទន់ មេម៉ាយ (សាស្ត្រាលោកអ្នកឧកញ៉ានូ-កន ថាឈ្មោះផាន់ ឯសាស្ត្រាលោកសន្ធរម៉ុក មិនឮថាឈ្មោះអ្វីទេ) ប្ដីអនិច្ចកម្មទៅនាងមានកូនស្រីម្នាក់ ឈ្មោះនាងទាវ ល្អក្រៃលែងលើស្រីទាំងពួងក្នុងស្រុកត្បូងឃ្មុំ គ្មានស្រីណានឹងល្អស្មើនាងឡើយ។ នាងស្រីនោះ ល្អទាំងរូបរាង ទាំងឫកពាកិរិយា ទាំងសក់ ធ្មេញ ដៃ ជើងគ្មានទាស់។ នាងនៅភូមិពោធិ៍ខាល តែនាងបានជាប់ចិត្តជាសង្សារនឹងម៉ឺនឯក ទៅហើយ ដោយហេតុបានស្ដាប់ឯកច្រៀងពិរោះ គួរឱ្យចាប់ចិត្តពេក ហើយមាតាបិតា ក៏បានផ្សំផ្គុំមកពីក្មេងស្រាប់ផង។ ក្នុងគ្រានោះ ម៉ឺនជូ (សាស្ត្រាលោកសន្ធម៉ុកថា ម៉ឺនងួន) កូនចៅពញាអរជូនជ័យ (សាស្ត្រាលោកនូកន និងសាស្ត្រាលោកសន្ធម៉ុកមិនឃើញនិយាយថាឈ្មោះអ្វីទេ) នាំស្ម័គ្របក្សពួក ដើរទៅលេងនៅ ពោធិ៍ខាងជើងខាល នោះ ក៏ឃើញនាងទាវកំពុងត្បាញនៅក្រោមដើមពោធិ៍នោះ។ លុះឃើញរូបនាងល្អគ្មានទាស់ ក៏ស្រឡាញ់ចង់បានជាភរិយាហើយក៏ត្រឡប់ទៅជំរាបមាតាបិតាៗឱ្យចាត់អ្នកផ្លូវចៅមហាទៅដណ្ដឹងនាងនោះ។

 នាងទន់ជាម្ដាយក៏ព្រមឱ្យតែនាងទាវសាមីខ្លួនមិនព្រមទទួលសោះពីព្រោះខ្លួនបានជាប់ចិត្តនិងម៉ឺនឯកហួសទៅហើយ។ សម័យមួយ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបថា ម៉ឺនឯក ម៉ឺនពេជ្រ ចេះច្រៀងនិងផ្លុំប៉ីពីរោះណាស់ ទើបទ្រង់ត្រាស់បង្គាប់ចាងហ្វាងមហោស្រពឱ្យទៅយកខ្លួន ឈ្មោះទាំងពីរនាក់ មកទុកច្រៀង និងផ្លុំប៉ី ប្រលែងព្រះអង្គប្របក្រឡាព្រះបន្ទំ ជាអចិន្ត្រៃៗ ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រាស់ប្រាណម៉ឺនទាំងពីរនាក់នោះ ពន់ប្រមាណណាស់។ សម័យមួយតមកទៀត ព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវាំងឱ្យចាត់បំរើឱ្យចេញទៅរើសស្រីរូបល្អយកមកទុកជាសំរាប់ព្រះអង្គ។ ក្នុងគ្រានោះព្រះអមរិន្ទស្នេហាកែវ យកសេចក្ដីក្រាបបង្គំទូលថា: មានស្រីម្នាក់ឈ្មោះ ទាវ ម្ដាយឈ្មោះទន់ មេម៉ាយ នៅភូមិពោធិ៍ជើងខាង ខេត្តត្បូងឃ្មុំ មានរូបនិងសំបុរស្មើល្អ ប្រពៃណាស់ទោះស្រីស្រុកនោះទាំងប៉ុន្មាន ក៏មានរូបពុំស្មើនិងនាងទាវនោះសោះឡើយ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់សព្វព្រះរាជហឫទ័យណាស់ ទ្រង់ត្រាស់បង្គាប់ឱ្យ ឧកញ៉ាវាំងឱ្យមានសំបុត្រទៅដល់ចៅពញាអរជូន ចៅហ្វាយស្រុក ខេត្តត្បូងឃ្មុំ ឱ្យនាំនាងនោះមកថ្វាយ ពញាអរជូនពុំហ៊ានរឹងទទឹងក៏ចាត់អ្នកបំរើឱ្យបញ្ជូនខ្លួននាងទាវ និង នាងនោជាភីលៀង ហើយនិងនាងទន់ ជាម្ដាយនាងទាវនោះមកជូនឧកញ៉ាតាមបង្គាប់។

ឧកញ៉ាវាំងនាំឡើងក្រាបបង្គំទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ទតព្រះនេត្រទៅឃើញល្អប្រាកដ គ្រប់ប្រការមែន ប៉ុន្តែខណៈនោះ ម៉ឺនឯក ឃើញហើយ ក្រាបបង្គំទូលថា នាងទាវនេះជាសង្សាររបស់ទូលព្រះបង្គំជាខ្ញុំ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះមហាករុណា ដោយសុចរិតយុត្តិធម៌ថានឹងបំបែកសង្សារគេ ពុំបាន។ ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាមហាមន្ត្រី មហាទេព ឱ្យរៀបមង្គលការផ្សំផ្គុំម៉ឺនឯក និង នាងទាវឱ្យបានជាគូស្វាមី ភរិយា នឹងគ្នាជាស្រេច។ ប៉ុន្តែ​ នាងទន់ជាម្ដាយនាងទាវតូចចិត្តណាស់ថា កូនខ្លួនប្រាស់ពីម៉ឺនជូមកក៏គិតស្មានថានឹងបានជាសំរាប់ផែនដីហើយនឹងបានថ្កល់ថ្កើង កិត្តិយសវង្សត្រកូលផង ឥឡូវហ្លួងត្រឡប់ជា ប្រទាននាងទាវឱ្យទៅធ្វើជាប្រពន្ធអាឯក ដែលជាមនុស្សកំសត់ ត្រកូលក៏ទាបថោកទៅវិញ។ នាងទន់ជាម្ដាយគិតថា: បើដូច្នោះ តែអញត្រឡប់ទៅដល់ស្រុកកាលណាអញគិតឧបាយកល យកវាទៅផ្សំផ្គុំឱ្យម៉ឺនជូ ជាកូនលោកអរជូនវិញ អញគ្រាន់នឹងបានពឹងទ្រព្យសម្បត្តិ និង បុណ្យលោកផង។ គិតហើយនាងទន់ក៏លានាងទាវត្រឡប់ទៅស្រុកវិញ។ លុះទៅដល់ស្រុកមាត់ឃ្មុង នាងទន់ ក៏ចូលទៅជំរាបចៅពញអរជូនថា : នាងទាវកូនខ្ញុំម្ចាស់នោះហ្លួងពុំយកជាសំរាប់ទេ ទ្រង់ប្រកាសថាទុករកថ្ងៃជាពេលាល្អនឹងផ្សំផ្គុំឱ្យទៅអាឯកជាមនុស្សកំសត់នោះវិញដូច្នេះ បើលោកចង់ឱ្យបាន ម៉ឺនជូហើយម៉ឺនជូ ក៏នៅចាំចិត្តមែនខ្ញុំម្ចាស់ នឹងយកកូនខ្ញុំមកជូនក្នុងគ្រានេះជាមិនខាន។ ម៉ឺនជូនោះ ក៏ទៅជួបជុំនៅទីនោះដែលដោយក្ដីស្នេហាណាស់កាលស្ដាប់ឮតាមសំដីនាងទន់ទៅក៏យល់ ឃើញថានាងទាវមិនទាន់រៀបការមិនទាន់ផ្សំផ្គុំដំណេកទេ ក៏ឆ្លើយថា ខ្ញុំអរគុណនិងអ្នកម្តាយណាស់ហើយសុំឱ្យអ្នកម្ដាយគិតយកនាងទាវមករៀបការចុះខ្ញុំនឹងគិតហៅភ្ញៀវអស់ទាំងខេត្ត មកឱ្យស៊ីការ ពេញមុខអ្នកម្ដាយ។ នាងទន់បានឮដូច្នោះហើយអរណាស់ព្រោះការនេះបានដូចគំនិតហើយ ហើយក៏គំនាប់លាចៅពញាអរជូនទៅផ្ទះវិញ។

 ទៅដល់ផ្ទះហើយនាងទន់ក៏ធ្វើសំបុត្រមួយច្បាប់មានសេចក្ដីថាឱ្យមកដល់នាងទាវជាកូន។ តាំងពីម្ដាយលាចេញពីបន្ទាយលង្វែកទៅម្ដាយពុំសប្បាយខ្លួនសោះ ព្រោះទៅតាមទូកម្ដាយចេះតែ គ្រុនក្ដៅក្រហាយ ៥ ថ្ងៃ ៥ យប់ នេះហើយ។ គេសែងទៅដល់ផ្ទះម្ដាយសន្ធំបាត់មាត់ពុំដឹងខ្លួនសោះ។ ដូច្នេះសុំឱ្យកូនស្រូតរូតទៅរកម្ដាយ ម្ដាយនឹងបានផ្ដាំហើយបានប្រគល់កេរ្តិ៍អាករឱ្យផង។ លុះធ្វើសំបុត្រនេះស្រេចហើយនាងទន់មេម៉ាយក៏ចាត់ឱ្យកូនក្មួយញាតិសន្តាន ៤ នាក់ឱ្យចុះទូកចែវ ៤ ចេញទៅប្រញាប់។ ទូកចេញទៅ ៥ យប់ ៥ ថ្ងៃទើបទៅដល់បន្ទាយលង្វែក។ អ្នកបំរើក៏នាំយកសំបុត្រទៅឱ្យនាងទាវ។ នាងទាវមើលដឹងសេចក្ដីហើយ ក៏កើតទុក្ខយំសោកពន់ប្រមាណណាស់ទើបថ្លែងទុកប្រាប់ម៉ឺនឯកជាស្វាមីឱ្យជួយទុក្ខធុរៈផង។ ម៉ឺនឯកក៏ទន់ចិត្តស្មានថាពិត ក៏រៀបចំជូនដំណើរនាងទាវដែលជាប្រពន្ធ និងនាងនោជាភីលៀង។ មកដល់ថ្នល់កំពង់ចាមហើយក៏សោកសាំផ្ដាំថា : តាមសេចក្ដីដែលអាលោះអាល័យហើយបំរើក៏ចេញទូកទៅ ៥ ថ្ងៃ ៥ យប់ឡើងគោកនៅពោធិ៍ជើងខាល។

នាងទាវកាលឃើញតែរោងផ្កាស្លា និងរោងការជាច្រើនខ្នងហើយមើលទៅនាងទន់ជាម្ដាយពុំបានឈឺអ្វីសោះក៏ដឹងខ្លួនថា : ម្ដាយពង្រាត់ខ្លួនចេញពីប្ដីមកឱ្យម៉ឺនជូហើយក៏សួរថា : អ្នកម្ដាយឈឺអ្វីក៏ឱ្យគេទៅយកខ្ញុំមក ? នាងទន់ឆ្លើយថា: ដើមឡើយម៉ឺនជូមកដណ្ដឹងអញអញស្មានថា ហងមានសំណាងគ្រាន់បើ លុះដល់ហ្លួងឱ្យមកយកហងឯងទៅអញអរណាស់ព្រោះអញយល់ថា: ហងឯងមានសំណាងធំ។ ក្រោយមកហ្លួងមិនយកហងវិញ ហងប្រាសទៅបានឯអាឯកដែលជាមនុស្សកំសត់ណាស់ថោកណាស់ ហេតុនេះហើយបានជាអញឱ្យគេទៅយកហងមករៀបការ ផ្សំផ្គុំឱ្យម៉ឺនជូ កូនលោកអរជូន ដែលគេជាអ្នកមានបុណ្យកាប់បានសំលាប់បានវិញហើយហងក៏បានថ្កើងកេរ្តិ៍ថ្កើងឈ្មោះពិរោះពិសាត្រកាលណាស់។ នាងទាវបានឮម្ដាយស្ដីឱ្យដូច្នេះហើយក៏តាំងកើតក្ដីក្ដៅផ្សាណាស់ទើបឆ្លើយទៅវិញថា : បើអ្នកម្ដាយយកកូនឯណាលើកទៅឱ្យគេក៏លើកទៅចុះ។ ឯខ្ញុំស៊ូតែស្លាប់ហើយមិនទទួលយកម៉ឺនជូទេ។ នាងទាវថា ហើយក៏យំសោកបោកខ្លួនសន្លប់បាត់ស្មារតីទៅ។ នាងនោជាភិលៀង ឃើញដូច្នោះហើយក៏ម្នីម្នាយកទឹកមកក្បឹតមុខឱ្យ រកថ្នាំដាក់ឱ្យ នាងទាវក៏បានស្រាកស្រាន្តគ្រាន់បើឡើង។ លុះមកដល់ថ្ងៃ ១ កើត ខែផល្គុន ឆ្នាំម្សាញ់ នព្វស័ក ពុទ្ធសករាជ ២១១៣ (គ្រិស្តសករាជ ១៥៦៩) នាងទាវក៏ចាត់មនុស្សឱ្យនាំសំបុត្រទៅម៉ឺនឯក។ បំរើនាំទៅ ៥ ថ្ងៃ ៥ យប់ទើបទៅដល់ម៉ឺនឯក។ ម៉ឺនឯកហែកសំបុត្រមើលឃើញសេចក្ដីថា : នាងទាវជាខ្ញុំក្រោមបាតសូមជំរាបអ្នកម៉ឺនឯកជាស្វាមីអ្នកម៉ឺនពេជ្រជាគូស្លាប់រស់បានជ្រាបដែលមានសំបុត្រពីអ្នកម្ដាយផ្ញើមកថា : មានជំងឺនោះមិនមែនទេនេះគឺជាគំនិតអ្នកម្ដាយគិតយកខ្ញុំទៅផ្សំផ្គុំឱ្យម៉ឺនជូដូចអ្នកបងទាំងពីរបានជ្រាបស្រាប់។

ដូច្នេះឱ្យអ្នកបងទាំងពីរថ្វាយបង្គំ ហ្លួងស្រូតទៅឱ្យឆាប់ឱ្យខ្ញុំបានឃើញមុខផងបើហួសពីថ្ងៃ ១៣ កើត ខែផល្គុន ទៅខ្ញុំសូមលាអ្នកបងស្លាប់ហើយ។ អ្នកបង និង ខ្ញុំមុខជាពុំបានឃើញមុខគ្នាទៀតទេ។ ម៉ឺនឯក និង ម៉ឺនពេជ្របានទទួលសំបុត្រនោះពីថ្ងៃ ៦ កើត ខែផល្គុន ឆ្នាំម្សាញ់ នព្វស័កបានមើលដឹងសេចក្ដីសព្វគ្រប់ថា : នៅខ្វះតែ ៧ ថ្ងៃទៀតទេនឹងផុតកំណត់មង្គលការនាងទាវហើយ។ មួយរំពេចនោះម៉ឺនឯក និង ម៉ឺនពេជ្រទាំងពីរនាក់ព្រួយចិត្តកើតទុក្ខយំសោកឥតគណនាឡើយហើយក៏ម្នីម្នានាំគ្នាចូលទៅក្រាបបង្គំទូល ព្រះបាទបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងឱ្យទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រជាអម្ចាស់ជីវិតតំកល់លើត្បូងទ្រង់ព្រះសណ្ដាប់ហើយក៏ត្រាស់ថា : ករណីនេះជាការប្រញាប់ណាស់ត្រូវតែឯងទាំងពីរនាក់ស្រូតរូតទៅឱ្យបានរហ័ស។

ទ្រង់មានព្រះរាជតំរាស់ដូច្នេះចប់ហើយទើបទ្រង់ត្រាស់បង្គាប់ឱ្យអាល័ក្សតែងព្រះរាជតំរាស់ទៅឱ្យចៅពញាអរជូនឱ្យប្រគល់ខ្លួននាងទាវឱ្យ ម៉ឺនឯកដោយហេតុថាទ្រង់បានរៀបការផ្សំផ្គុំនាងទាវឱ្យជាប្រពន្ធម៉ឺនឯកតាំងពីខែបុស្សរៀងមក ៣ ខែហើយ។ ថាបើពញាអរជូននៅតែរឹងទទឹងនោះពញាអរជូននឹងមានទោសដល់ស្លាប់ជាពុំខានឡើយ។ អាល័ក្សតែងព្រះឱង្ការស្រេចហើយក៏ប្រគល់ព្រះឱង្ការនោះឱ្យម៉ឺនឯកនិងម៉ឺនពេជ្រ។ ព្រះរាជាទ្រង់ព្រះតំរាស់ថា : ឯងទាំងពីរនាក់នឹងចេញទៅដោយទូកឯទៀតក្រែងពុំទាន់ដូច្នេះឯងយកព្រះទីនាំងទន្សាយស្លឹកព្រមទាំងពួកចែវសំរាប់ព្រះទីនាំងនោះឱ្យចែវទៅឱ្យរហ័សទាន់ការណ៍ចុះ។ ម៉ឺនឯក និង ម៉ឺនពេជ្រក្រាបបង្គំលាព្រះបរមបពិត្រជាអម្ចាស់ហើយចុះទូកចេញទៅ។ ពួកស៊ីថាយ "ពួកអ្នកចែវ" ចេញទូកនៅថ្ងៃ ៩ កើត ខែផល្គុន ចែវបាន ៣ ថ្ងៃ ៣យប់ ក៏ទៅដល់ភូមិមាត់ឃ្មុង។ ម៉ឺនឯក និង ម៉ឺនពេជ្រឡើងដើរពីមាត់កំពង់ទៅមួយថ្ងៃទៀតទើបដល់ទៅភូមិពោធិ៍ជើងខាល នៅថ្ងៃ ១៣ កើត ខែផល្គុន។ ខណៈនោះ ម៉ឺនទាំងពីរបានឃើញមេបាផ្ទឹមម៉ឺនជូនិងនាងទាវរួចទៅហើយនៅកំពុងតែលៀងភ្ញៀវស៊ីផឹកយ៉ាងអ៊ឹកធឹក។

 ម៉ឺនឯកម៉ឺនពេជ្រស្ទួយព្រះរាជឱង្ការតំកល់លើត្បូងឡើងទៅលើផ្ទះ។ ដល់ហើយម៉ឺនពេជ្រទាញប៉ីមកផ្លុំម៉ឺនឯកស្រែកច្រៀងសុំស្រានាងទាវ។ នាងទាវឮសំឡេងប្ដីទៅដល់ហើយ ត្រេកអរណាស់ក៏កាន់យកដបស្រា និង ពែងមកឱ្យម៉ឺនឯកផឹក។ ចៅពញាអរជូនឃើញការណ៍យ៉ាងនេះហើយនឹកខឹងណាស់ទើបឱ្យក្រមការចាប់ម៉ឺនឯកយកទៅចាក់កសំលាប់ចោលនៅឯកៀនស្រែក្រៅរបងទៅ។ នាងទាវឃើញគេសំលាប់ប្ដីដូច្នេះ ក៏ហៅនាងនោ ជាភីលៀងឱ្យយកកាំបិតកោរមកឱ្យហើយក៏លបដើរចុះទៅត្រង់ខ្មោចម៉ឺនឯករួចអារកខ្លួនឯងស្លាប់នៅប្របគ្នានោះទៅ។ ចៅពញាអរជូនកាលក្រោយឱ្យចាប់ម៉ឺនឯកទៅសំលាប់នោះ ក៏ឃើញ ព្រះរាជឱង្ការធ្លាក់នៅលើកន្ទេលឃើញហើយភ័យណាស់លាន់មាត់ថា : អញគិតនេះខុសហើយព្រោះអញពុំបានសាកសួរពីមុនឱ្យអស់។

 អ្នកស៊ីការទាំងប៉ុន្មានក៏ភ័យជ្រួលច្របល់រាល់គ្នា។ ម៉ឺនពេជ្រឃើញគេសំលាប់ម៉ឺនឯកដូច្នោះ ភ័យណាស់បន្លំរត់ ក្នុងពេល ដែលអ្នកស៊ីការកំពុងតែភ័យនោះដែរ។ ម៉ឺនពេជ្ររត់ទាំងថ្ងៃទាំងយប់ទៅក្រាបបង្គំទូល ព្រះបរមបពិត្រតាមរឿងដំណើរគ្រប់ប្រការ។ ព្រះបរមនាថបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធណាស់ហើយទ្រង់ត្រាស់ថា : អានេះ ពេញទីជាព្រហើនកោងកាចពន់ប្រមាណពេកនឹងទុកវាតទៅពុំបានឡើយត្រូវតែសំលាប់វាទាំង ៧ ជួរគោត្រព្រមទាំងមនុស្សដែលមកស៊ីការផង។ ត្រាស់តែប៉ុណ្ណេះហើយព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់សេនាធិបតីមន្ត្រីខាងជើងទឹកឱ្យរៀបក្បួនព្យូហនាវាសង្គ្រាម។ ស្រេចស្ដេចយាងទៅគង់លើព្រះទីនាំងមករ។ អស់ពួកយោធាទាំងឡាយក៏លើកទង់ជ័យទូងស្គររគាំងតាំងហ៊ោចេញទៅ។ នេះនឹងនិយាយអំពីអ្នកមុខអ្នកការមេបាបណ្ដាជាភ្ញៀវដែលរៀបអាពាហ៍ពិពាហ៍ម៉ឺនជូវិញ។ កាលដល់ពេលល្ងាចស្វាងស្រាគ្រប់គ្នាហើយមេបាទាំងឡាយរកហៅនាងទាវមកផ្សំដំណេកជាមួយនឹងម៉ឺនជូស្រាប់តែមិនឃើញនាងទាវសោះ។ លុះឱ្យតាមរកទៅក៏ឃើញនាងទាវដេកស្លាប់ជាមួយនិងម៉ឺន​ឯក។ មេបានឹងបណ្ដាអ្នកការទាំងឡាយឃើញព្រឹត្តិការណ៍យ៉ាងនេះហើយក៏រឹតតែភ័យណាស់ទៅទៀតហើយ​គេចវេះទៅផ្ទះទីទៃៗរៀងខ្លួនទៅ។ ចំណែកចៅពញាអរជូនជ័យអ្នកភ័យនឹងរឿងនេះណាស់គេច​ចោលបុត្រភរិយាហើយទៅពូននៅភ្នំសុពណ៌កាឡី។

 ព្រះបរមបពិត្រ និង សេនាបតីមុខមន្ត្រីអាមាត្យសេនាទាហានកាលទ្រង់លើកព្យូហនាវាទៅដល់មាត់ឃ្មុងហើយនោះទ្រង់ជ្រាបថាចៅពញាអរជូនជ័យរត់បាត់ទៅហើយមួយរំពេចនោះទ្រង់ចាត់សេនាទាហានជា ៤ កងគឺមួយកងឱ្យទៅតាមចាប់ចៅពញាអរជូនជ័យពី ភ្នំសុពណ៌កាឡី មកវិញមួយកងទៀតឱ្យទៅចាប់បុត្រភរិយាព្រមទាំងរបស់ទ្រព្យចៅពញាអរជូនជ័យ និង ញាតិវង្សាទាំង ៧ ជួរគោត្រឱ្យជីកដីកប់ខ្លួនហើយរាស់នឹងរនាស់ឈើ រនាស់ដែក មួយកងទៀតឱ្យទៅយកបញ្ជីឈ្មោះមនុស្សដែលចូលមកស៊ីការនោះចំងាយមួយល្បឺស្គរ។ ទ្រង់ដាក់ទោសដល់មនុស្សទាំងនោះក្នុង ៣ ឆ្នាំឱ្យបង់ថ្លៃជាកាសមួយបាតអង្ករមួយតៅម្នាក់ឱ្យចៅហ្វាយស្រុកថ្មីម្ដងទ្រង់ត្រាស់បង្គាប់ស្រេចហើយ ព្រះបរមបពិត្រទ្រង់តំរិះថា : ស្ដេចត្រាញ់ទាំង ៥ នេះនឹងទុកកិត្តិយសឱ្យហៅថា ចៅពញា ដូចពញាអរជូននេះឱ្យគង់យសជាស្ដេចតទៅទៀតមិនបានឡើយព្រោះវាកំរើកចិត្តណាស់។

 ទើបទ្រង់ត្រាស់បង្គាប់តែងព្រះរាជបញ្ជាជាថ្មីថា : ស្ដេចត្រាញ់ទាំង ៥ នេះអំណើះតទៅចុះក្នុងសំបុត្រថា ឧកញ៉ាទាំងអស់លើកលែងហៅខ្លួនជា ចៅពញានោះចេញទៅហេតុ ដូចបាននិយាយខាងលើនេះហើយទើបបានជាអ្នកស្រុកត្បូងឃ្មុំនិងចៅហ្វាយស្រុកទាំងឡាយដែលមានងារជាស្ដេចត្រាញ់នោះស្អប់ពូជម៉ឺនឯកនាងទាវ និងពូជចៅពញាអរជូនជ័យទាំងអស់គ្នា។ ព្រះបាទបរមនាថ បរមបពិត្រជា អម្ចាស់ជីវិតលើត្បូងទ្រង់ដាក់ទោសអ្នកស្រុកត្បូងឃ្មុំរួចហើយទ្រង់លើកព្យូហនាវាត្រឡប់មកក្រុងលង្វែកវិញហើយទ្រង់គង់នៅក្នុងព្រះសិរីរាជសម្បត្តិជាសុខតរៀងមក។

ក្នុងសាច់រឿងទុំទាវ ក្នុងអត្ថបទរបស់ព្រះភិក្ខុសោម ពើបាននិយាយច្បាស់ពីគ្រួសាររបស់ទុំទេ។ គ្រាន់តែបញ្ជាក់ថា ទុំមាន ម្ដាយ ចាស់ជរាម្នាក់ និង គ្មានឪពុកទេ។ ទុំមានមិត្តជិតស្និទ្ធម្នាក់ ឈ្មោះ ពេជ្រ ដែលជាមិត្តរួមគ្រូ។ ក្រោយមកទើបចាប់ផ្ដើមស្គាល់ និង ស្រលាញ់ នាងទាវ។

ក្នុងអត្ថបទដដែលសរសេរថា ទុំមានសំលេង ពិរោះ ទើបត្រូវបាននិមន្តអោយទេសនៅផ្ទះទាវ។ ទើបពួកគេបានស្គាល់គ្នា។ ប៉ុន្តែ​ត្រូវ​បាន​បំបែកដោយម្ដាយនាង ដោយមានបំណងលើកអោយ ម៉ឺនងួន ឬ ធ្វើស្នំស្ដេច ម្ដង ជា ពីរដង តែទីបំផុតពួកគេក៏សំរេចចិត្តស្លាប់ទាំងពីរនាក់។

ដោយសារតែ ស្រលាញ់ ទាវខ្លាំងពេក ទុំ ក៏បបួលទាវពេជ្រសឹក។ តែលោកគ្រូមិនអនុញ្ញាតិ ព្រៅបើតាមការទស្សន៍ទាយ ទុំនឹងត្រូវ ស្លាប់ លុះចាំ ៣ ខែទៀត ទុំបអាចសឹកបាន។ ចំណែកពេជ្រ អាចសឹកបាន។ ប៉ុន្តែ ទុំទ្រាំមិនបាន ក៏លួចសឹកនៅកៀនរបងវត្ត។

ទុំទាវ (អង់គ្លេស: Tum Teav) គឺជារឿងប្រលោមលោកសោកនាដកម្មបែបមនោសញ្ចេតនា ដែលនិពន្ធដោយភិក្ខុ ងួនសោម ដែលសរសេរអំពីស្នេហាប្រកាន់វណ្ណៈ នាសម័យកាលលង្វែក ក្នុងគ.ស ១៥៧២ រជ្ជកាលព្រះបាទ បរមរាជាទី២ ។ ស្នាដៃនិពន្ធរបស់ ភិក្ខុ ងួនសោម ត្រូវបានព្រះបាទសុីសុវត្ថិ ដាក់បញ្ចូលជាស្នាដៃអក្សរសិល្ប៍ជាតិ ឆ្នាំ១៩២៨ ដែលរៀបជាពាក្យកាព្យ ១០៥០ ល្បះ ដោយស្មើនិង ១១៨ ទំព័រ ។ ស្នាដៃនិពន្ធរបស់លោក ត្រូវបានទទួលស្គាល់ដោយអ្នកនិពន្ធអន្តរជាតិ ប្រដូចទៅនិងរឿងប្រឡោមលោកដ៏ល្បីរបស់អុឺរ៉ុប គឺរឿង "រ៉ូមេអូ និង ជូលីអេត" (អង់គ្លេស: Romeo and Juliet) និង ប្រឡោមលោកដ៏ល្បីរបស់ចិន គឺរឿង (អង់គ្លេស: The Butterfly Lovers) (ចិន: 梁祝) ដែលមានតួអង្គឈ្មោះ "លាំងសុឺបុិ និង ជូអិញថាយ" (អង់គ្លេស: Liang Shanbo and Zhu Yingtai). រឿងទុំទាវ ត្រូវបានយកមកប្រែសម្រួលដោយលោក Frank Stewart ក្នុងឆ្នាំ 1942 ក្នុងសៀវភៅ In the Shadow of Angkor.




«...ថ្លាថ្លែងសម្តែងដើម​ឈ្មោះ ទុំ នៅស្រុក បាភ្នំ ដែនដីស្រែ កើតកបទំនៀមមានឪមែ ប៉ុន្តែហេតុត្បិតឥតសម្តែង ។ កើតឡើងលុះធំល្មមប្រមាណ ឆ្នាំច្រើនសោតបានម្តាយតុបតែង យកទៅអោយរៀនចោលគ្រឿងល្បែង ស្វះស្វែងនៅ វត្តវិហារធំ…។»

ខាងលើ​នេះ ជា​ខ្លឹមសារ​កំណាព្យ​រឿង “ទុំទាវ” ​និពន្ធ​ដោយ​ព្រះបទុមត្ថេរ សោម​ ដែល​ប្រវត្តិ​នៃ​រឿងនេះ បាន​កើត​ឡើងនៅសម័យ​លង្វែក ​ក្នុង​រាជ​ព្រះបាទ​ រាមាជើងព្រៃ ​ក្នុង​ចន្លោះ​​ពី​ឆ្នាំ​១៥៩៤-​១៥៩៦ ។ ​ប្រវត្តិ​រឿង​រ៉ាវ​ស្នេហា​របស់​កំឡោះ​ទុំ នៅ​បាភ្នំ ខេត្ត​ព្រៃវែង និង​កញ្ញា​ទាវ នៅ​ត្បូងឃ្មុំ ខេត្តកំពង់ចាម ត្រូវ​បាន​ផ្តល់​តំលៃ​ជា​សកល ដោយ​អ្នក​និពន្ធ​​អន្តរជាតិ ​ចាត់ប្រដូច​ ទុំទាវ ទៅនឹង Romeo and Juliet របស់​កម្ពុជា​ពិតៗ…។

ដោយ​​សុំ​មិន​ចូល​ជ្រៅ​​ទៅលើ​​ទិដ្ឋភាព​ទូទៅ​ ដែល​បណ្តាល​អោយ​​​មាន​សោក​នាដកម្ម​​​ទៅ​លើ​តួអង្គទុំ និង ទាវ, គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ពី​ទី​អារាម​មួយ​​ ដែល​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ទី​កន្លែង​របស់​​តួ​អង្គ​ ទុំ ​ក្នុង​រឿង​នេះ​​តែ​ប៉ុណ្ណោះ… នោះ​គឺ​អារាម ​វត្ត​ព្រះ​វិហារធំ ឬ​ វត្តវិហារធំ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង ជ្រុង​ខាងកើត​ភ្នំ​ឈើកាច់​ ក្នុង​ស្រុកបាភ្នំ នេះឯង…។​

ខ្ញុំ​បាន​ទៅដល់​វត្តវិហារធំ ចំពេល​ថ្ងៃ​ត្រង់…។ ព្រះវិហារ​មាន​សភាព​ស្ងាត់​ជ្រងំ, ឯ​នៅ​ជណ្តើរ​ឧបដ្ឋាន​សាលា​ដែល​ស្ថិត​នៅ​ចំ​ខាង​លិច​ព្រះវិហារ ខ្ញុំ​ឃើញ​មាន​លោក​នេន​មួយក្រុម​ កំពុង​ដើរ​ឡើង​លើ​សាលា និង​បាន​ងាកមើល​មក​ខ្ញុំ​ស្រ​ ក្នុង​ភាពងឿង​ឆ្ងល់។ នៅ​ជាប់​ខាង​ត្បូង​ឧបដ្ឋាន​សាលា​ ដែល​សង់​ពី​ថ្ម​ខ្ពស់​ផុត​ពី​ដី​នេះ គឺ​ជា​កុដិ​ព្រះ​សង្ឃ​គង់​នៅ។ ត​ជាប់​ពី​ខាង​ត្បូង​កុដិ​ព្រះ​សង្ឃ គឺ​មាន​អាគារ​ពុទ្ធិក​បឋម​សិក្សា និង​អាគារ​ពេទ្យ ​មួយ​ខ្នង ដែល​ខ្ញុំ​មិន​ដឹង​ថា តើសំរាប់​តែ​ព្យាបាល​ព្រះសង្ឃ ឬ​​ទទួល​ព្យាបាល​​អ្នក​ស្រុក​ដែល​នៅ​ក្បែរ​ខាង​នេះ​ដែរ ឬ​យ៉ាង​ណា?…​

នៅ​ខាង​ជើង​ព្រះ​វិហារ មាន​សំណង់​កំពុង​កសាង ធ្វើ​ពីដុំឥដ្ឋ ឃើញ​មាន​ពីរ​អាគារ។ ឯ​អាគារ​មួយ​ទៀត សង់​ពី​ឈើលើ ថ្មក្រោម ​នៅ​ជាប់​ខាង​ជើង​ឧបដ្ឋាន​សាលា ក៏​នៅ​មិន​ទាន់​ហើយ​រួច​រាល់​នៅ​ឡើយ​ដែរ។

នៅប៉ែក​ខាង​កើត​ព្រះ​វិហារ គឺជា​តំបន់​ចេតីយ៍ មាន​តូច​មាន​ធំ ខ្ពស់ទាប ចាស់​ថ្មី​ ស្ថិត​នៅ​លាយ​ឡំ​គ្នា។ ក្នុង​ពេល​កំពុង​ដើរ​ក្រឡឹង​ថត​ព្រះវិហារនេះ ខ្ញុំ​​ឮ​​​សំឡេង​សត្វ​ព្រាប​ថ្ងូរ​នៅ​សំយាប​ដំបូល​ព្រះ​វិហារ ឮស្រដៀង​នឹង​ស្អី​​កំពុង​បំពេរ​កូន ទាំង​កណ្តាល​ថ្ងៃ​ត្រង់… ហើយ​នៅ​ពេល​ខ្ញុំ​ចូល​ក្នុង​ព្រះ​វិហារ​​ បំរុង​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​បដិមា និង​ថត​ទិដ្ឋភាព​ខាង​ក្នុង​ព្រះ​វិហារ, ស្រាប់​តែ​ខ្ញុំ​ក្រឡេក​ទៅ​ប៉ែក​ខាង​ជើង​បល្ល័ង្គ​​ព្រះ​អង្គ​ធំ ឃើញ​ម្ឈូស​ឈើ​​ទន្ទឹម​គ្នា​ពីរ នៅ​ហ្នឹង​ថ្កល់… រួច​ខ្ញុំក៏​​​ដើរ​ត្រឡប់​​ថយ​ក្រោយ​យ៉ាង​លឿន ជា​មួយ​នឹង​អារម្មណ៍ «ហ្គឺហ្គោម» យ៉ាង​ចំឡែក..!!.. :-D​ ​

នៅ​​ប៉ែក​ខាង​ជើងក្លោង​ទ្វារ​វត្ត ច្រក​ចូលពី​ខាង​កើត​ មាន​ទួល​មួយ​ដែល​មាន​ដើម​ឈើ​ដុះ​ស៊ុប​ទ្រុប… គឺ​ទីនេះ​ហើយ​​ដែល​​អ្នកស្រុក​​បាន​អះអាង​ថា ជា​ទួល​ដំបូក​​កន្លែង​នេនទុំ មក​ពួន​លួច​សឹក​ចាក​សិក្ខាបទ​​ដោយ​ឯក​ឯង ដោយ​សារ​តែ​អារម្មណ៍​នឹក​​គ្រឺត​​ “អូនទាវ” ខ្លាំ​ង​ពេក​ ទ្រាំ​លែង​បាន​..!!..??..

ពេលបាន​ឃើញ​ទួល​ព្រៃ កន្លែង​អនុស្សាវរីយ៍​របស់​​នេនទុំ ​ដែល​បន្សល់​​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ នាំ​អោយ​ខ្ញុំ​នឹក​ទៅ​ដល់​កំណាព្យ​​​​របស់​ព្រះ​បទុមត្ថេរ សោម ត្រង់​​វគ្គ​នេន​ទុំ ​លួច​សឹក​នេះ​ថាៈ

«...វន្ទាវន្ទៈអ្នកកុំឃាត់ ផ្លាស់ស្បង់ចោលម៉ត់មិនស្រណោះ រួចស្លៀកសំពត់ហូលល្អស្រស់ លើកអស់អង្ស័កដាក់ទុកទើរ ។ ព្រឹក្សាប្រគាបទាបជិតដី បណ្ឌិតទុំថ្មីគាត់ហ៊ានធ្វើ សឹកស្រេចចរត្រាច់ដើរលលើ អំពើពុតខូចមិនរួចខ្លួន...។»​​

សូម​ជំរាបជូន​ថា វត្តវិហារធំ មាន​ក្លោង​ទ្វារ​ចូល​ពីរ គឺ​នៅ​ចំ​ខាង​ត្បូង​មួយ និង​មួយ​ទៀត​​នៅ​ចំខាង​កើត​ព្រះវិហារ​ ដែល​ស្ថិត​នៅ​ចំងាយ​ប្រមាណ​ជាង ១០ម៉ែត្រ ពី​ខាង​ត្បូង​​ទួល​នេន​ទុំ​សឹក។

​ខាងក្រោមនេះ ជា​ទិដ្ឋភាព​ទូទៅរបស់​អារាម​វត្ត​វិហារធំ ក្នុង​ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នា​ដើមខែវិច្ឆិកា ឆ្នាំ២០១៣ នេះ…៕

វត្តសិម្ពលីវនារាម ហៅវត្តរកា #រឿង ទុំទាវ #ទុំទាវ #ភិក្ខុ​សោម #ព្រះពុទ្ធ​សាសនា​ #ទុំស្លាប់ព្រោះស្នេហា ប្រភេទ៖#អក្សរសិល្ប៍ទំនើប,ប្រលោមលោកបែបមនោសញ្ជេតនា #ចលនា៖ ខេមរនិយម​ ឥទ្ធិពល៖ ព្រះពុទ្ធសាសនា សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក កាលកំណត់តែង៖ ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ) អ្នកនិពន្ធ៖ ភិក្ខុសោម

រឿងសង្ខេប៖រឿង ទុំ ទាវ 
​​​​​
ទុំជាកូនប្រុសរបស់ស្រ្តីមេម៉ាយ ម្នាក់ នៅ ស្រុក បាភ្នំ ខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះ ពេជ្រនៅក្នុង វត្ត វិហារធំ។ ទាំងពីរនាក់មានចំណេះដឹងខាងមន្ត អាគម ស្មូត្រ ផ្លុំប៉ី និង ធ្វើ តោកលក់។ ដោយឡែកទំុមានរូបរាងស្អាត និងមានសំឡេងពីរោះ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់។ ទុំ និង ពេជ្រលក់រហូតដល់ ស្រុក ត្បួងឃ្មុំ។ ទុំបានស្មូត្រយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្តាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គួចចិត្តសេ្នហា តែដោយឋានៈតួចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។ ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ។ មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រូសឹក លោកគ្រូពុំព្រមព្រោះការទស្សទាយឃើញថាជើងលេខមិនល្អពានលើស្លាប់។ ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្តាយឲ្យជួយអង្វរករលោកគ្រូតែពុំបានសម្រេច។ ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវេញ។ ជួនជាពេលនោះម្តាយទាវមិននៅ ទុំក៏ឡើងលើផ្ទះហើយលួចរូមរ័ក្សជាមួយទាវនាពេលនោះទៅ។

ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូងឃ្មុំបានចួលដណ្តឹងនាងទាវ ឲ្យម៉ឺនងួនជាកូនប្រុសរបស់ខ្លួន។ ទន្ទឹមនឹងនោះទុំ និងពេជ្រត្រូវសេ្តចរាមាដែលសោយរាជ្យនៅក្នុង ក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូត្រយ៉ាងពិរោះ។ ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្តាយទាវសប្បាយចិត្តជាខ្លាំង។ លុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខសេ្តច ទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើឲ្យសេ្តចរៀបការឲ្យទុំនឹងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅ។
ការណ៍នេះធ្វើឲ្យម្តាយទាវតូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួួនមានជម្ងឺជាទម្ងន់។ បានដំណឹងភ្លាម ទាវក៏មកមើលម្តាយដល់ផ្ទះ ត្រូវម្តាយចាប់បង្ខំឲ្យរៀបការជាមួយម៉ឺនងួន។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះសេ្តចក៏ប្រទានរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន។ មកដល់ផ្ទះទាវ ទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកប្រឱបនាងទាវចំពោះមុខភ្ញៀវ ធ្វើឲ្យម្តាយទាវខឹងក៏ពន្យូសអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិជើងខាល។ ដឹងថាប្តីនាងត្រូវគេសម្លាប់ ទាវនិងនោតាមរកទុំ។ អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅ។ ពេជ្រនាំដំណឹងអកុសលនេះទៅទូលសេ្តច ស្តេចក៏មកកាត់ក្តី ដោយចាប់អរជូន ម៉ឺនងួន និងម្តាយទាវកប់ទាំងរស់ត្រឹមក ហើយយករនាស់រាស់ពីលើក្បាល រីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់។

ប្រធានរឿង៖ រឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិនាសម័យលង្វែក។ នេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូប គឺទុំ និងទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រង និងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។ ដូចនេះហើយទើបយើងឃើញថា ដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ "ការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករ"។

មូលបញ្ហា៖ មូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា​ គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ឬស្នេហាចិត្ត និងចិត្ត ហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្តើមយកឈ្នះរៀងៗខ្លួន។
ទស្សនៈចំពោះការស្លាប់របស់ទុំ
  • ទុំស្លាប់បណ្តាលមកពីមិនស្តាប់បណ្តាំគ្រូ
  • ទុំស្លាប់បណ្តាលមកពីមិនបង្ហាញរាជសារ
  • ទុំស្លាប់បណ្តាលមកពីម្តាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់
  • ទុំស្លាប់បណ្តាលមកពីអរជូន និងម៉ឺនងួនជាអ្នកសម្លាប់
  • ទុំស្លាប់បណ្តាលមកពីនាងទាវមិនជួយដាស់តឿនទុំ
  • ទុំស្លាប់បណ្តាលមកពីស្តេចរាមាបណ្តាលឲ្យទុំយករាជសារទៅខ្លួនឯង
  • ទុំស្លាប់ព្រោះស្នេហា
  • ទុំស្លាប់បណ្តាលមកពីរបបសក្តិភូមិសម័យលង្វែកតែម្តង