ទស្សនៈម្ចាស់ប្លុកៈ តើខ្ញុំអាចធ្វើអ្វីបានដើម្បីជួយប្រទេសជាតិ? ខ្ញុំអាចឆ្លើយខ្លួនឯងបាន ព្រោះធ្លាប់បំរើការផ្នែកគ្រប់គ្រងគម្រោង Project Management ដែលក្នុងវគ្គនោះ មានផ្នែកមួយនិយាយអំពី ការកំណត់បញ្ហា Problem Identification តើអ្វីជាបញ្ហាសម្រាប់ ដំណាំពោត នៅកម្ពុជា? ខ្ញុំមិនធ្វើការអត្ថាធិប្បាយច្រើនឡើយ គ្រាន់តែ ប្រមូលឯកសារ និង រូបភាព ដូចមានខាងក្រោម លោកអ្នកអាចយល់ដឹងបានថា កសិករខ្វះអ្វី? ម៉ាស៊ីនេះ មិនចាំបាច់ ចំណាយកម្លាំងសមាជិគ្រួសារ កាច់សំបក ។ សំបកនឹង ស្នូលពោត ដើមពោត អាចលក់ធ្វើជាចំណីសត្វ ដូច្នេះ ការនាំពោតចេញទាំងស្នូលទៅបរទេស គឺជាការខាតបង់ធំធេងណាស់។ ពោត សើម គេទិញតម្លៃ ៥៥០ រៀល/គក ខណះគេហាលថ្ងៃរួច គេលក់វិញបាន ១,៣០០ រៀល/គក ដូច្នេះ បញ្ហាកង្ចះឡសម្ងួត !
ពោត គឺជាស្មៅត្រូពិចមួយប្រភេទដែលបន្សាំបានយ៉ាងល្អទៅនឹងអាកាសធាតុច្រើនប្រភេទនិងមានអាយុកាលពី ៧០ ទៅ ២១០ ថ្ងៃ ហើយក៏ជាប្រភេទដំណាំដែលគេបានស្គាល់តាំងពីសតវត្សរ៏ ១៧ មកម្លិះ។ ពោតជារុក្ខជាតិមួយដែលមានដើមឈរត្រង់ទៅលើ ហើយអាចលូតលាស់បានកម្ពស់ ៣ ម និងមានលទ្ធភាពបែកគុម្ពបានតិចតួច។ ពោតសគេហូបជាជាពោតស្ងោរ ឬ លីងតាំងពីខ្ចីរហូតដល់ទុំ ឬ ធ្វើនំផ្សេងៗវាបង្កើតបានជា ពាណិជ្ជកម្មតាមភូមិភាគ និងជនបទជិតខាង។ រីឯពោតក្រហម លេចចេញពីតុងកឹង និងអាមេរិចខាងត្បូង បន្ទាប់មកទៀតការបង្កាត់ពូជដោយក្រសួងកសិកម្មក្នុងឆ្នាំ ១៩៣០។
- សម្រាប់ការជ្រើសរើសពូជ ត្រូវរើសគ្រាប់ពូជល្អ អាចផ្ដល់ទិន្នផលខ្ពស់ និងមានភាពសុទ្ធលើសពី ៩៥ភាគរយ។ កសិករត្រូវជ្រើសពូជដែលថ្មី ដែលមិនទុកច្រើនខែ ឬយូរឆ្នាំពេកនោះទេ និងត្រូវជ្រើសរើសពូជដែលធន់នឹងអាកាសធាតុ ជំងឺ និងការបំផ្លាញពីសត្វល្អិត។
- ត្រូវភ្ជួរដីឲ្យម៉ត់ រួចហាលចោលក្នុងរយៈពេល ៥-១៥ថ្ងៃ មុននឹងដាំ និងភ្ជួរ១-២ដងព្រោះជួយសម្លាប់ស្មៅចង្រៃ សត្វល្អិត និងបង្កើនខ្យល់ក្នុងដី។ ប៉ុន្តែនៅរដូវវស្សា មិនគួរធ្វើដីឲ្យម៉ត់ពេកទេ ព្រោះពេលភ្ញៀងអាចធ្វើឲ្យដីហាប់។ ដោយឡែកចំពោះការដាក់ជី អាចដាក់ជីទ្រាប់បាត និងពូនគល់ នៅពេលពោតចេញស្លឹក។
ការដាំ៖
- សម្រាប់ដីមួយហិកតា គេប្រើគ្រាប់ពូជពី ២៥-៣០ គីឡូក្រាម។ មុនពេលដាំ គេត្រូវយកគ្រាប់ពោតទៅហាល រយៈពេល ១-២ថ្ងៃ ឲ្យស្ងួតល្អ បន្ទាប់មកយកគ្រាប់នោះ ទៅត្រាំទឹក ៤-៥ម៉ោង ទើបអាចយកទៅដាំបាន។ ការដាំពោតមាន ២របៀប គេអាចដាំដោយគុម្ព និងបុកដាំ ហើយត្រូវរៀបចំគម្លាតជួរ និងគុម្ពឲ្យបានត្រឹមត្រូវ។ សម្រាប់ចន្លោះគុម្ពល្អពី ៣០-៤០សង់ទីម៉ែត្រ ហើយចន្លោះជួរ ៧៥សង់ទីម៉ែត្រ។
ការថែទាំ៖ ក្រោយពេលដាំរយៈពេល ២-៣ថ្ងៃ ពោតចាប់ផ្ដើមចេញពន្លក បើឃើញគ្រាប់មិនដុះតិចតួច មិនចាំបាច់ជួសគ្រាប់នោះទេ តែបើពោតមិនដុះច្រើន ត្រូវជួសឲ្យបានឆាប់ ដើម្បីធានាចំនួនដើម និងបរិមាណ។ ក្រោយកូនពោតដុះបាន ១៥ថ្ងៃ ឬមានស្លឹក ៣-៤ និងមានកម្ពស់ ១០-១៥សង់ទីម៉ែត្រ គួរបំបែកកូនពោត ដោយទុកត្រឹម ១-២ដើមបានហើយ ក្នុងមួយគុម្ព។ ក្រោយបំបែកកូនពោត ត្រូវចាប់ផ្ដើមធ្វើស្មៅ ពូនគល់ ឲ្យបានញឹកញាប់ ដើម្បីឲ្យដីធូរ ពោតដុះបានល្អ និងដីមានខ្យល់ចេញចូលស្រួល។ ដំណាំពោត អាចប្រមូលផលបាន ក្រោយដាំដុះបានពី ៨៥-១១០ថ្ងៃ។
- ជាទូទៅ អាយុកាលនៃការដាំដុះដំណាំពោតក្រហម ប្រហែលជា ៧០ថ្ងៃ នេះជាពូជពោតបង្កាត់ (hybrid) ហើយអាចមានរហូតដល់ទៅអាយុ ១២០ថ្ងៃក៏មាន។ ប៉ុន្តែ កសិករភាគច្រើនដាំពោតក្រហម ៧០ថ្ងៃសម្រាប់ឧស្សាហកម្មចំណីសត្វ។ ធម្មតា កសិករចាប់ប្រមូលផលពោតក្រហម ចន្លោះពីខែ ៧-៨ មុនរដូវទឹកឡើង។ កសិករខ្មែរចាប់ដាំចុងខែ ៤ ឬដើមខែ ៥ ឲ្យតែមានសំណើមដី ព្រោះពោតជាដំណាំចម្ការមិនត្រូវការទឹកច្រើន។ ដូច្នេះ ឥឡូវនេះ វាជារដូវប្រមូលផល វាត្រូវតែជន់ទីផ្សារប្រមូលទិញ។ នៅប្រទេសយើងរោងចក្រកែច្នៃចំណីសត្វ ដូចជាមានតែក្រុមហ៊ុន១តែប៉ុណ្ណោះ គឺក្រុមហ៊ុនថៃ CP។ ទីផ្សារនាំចេញគ្រាប់ពោតរបស់កម្ពុជាយើងមានតែថៃនិង វៀតណាម មិនខុសពីកសិផលផ្សេងៗនោះឡើយ។
- ចំណែកកម្មករស៊ីឈ្មួលប្រមូលផលផ្លែពោត គឺម្ចាស់ចម្ការគិតឱ្យ ក្នុង១ធុង តម្លៃ៧០០រៀល ដែលឆ្នាំមុន១ធុងតម្លៃ១០០០រៀល ហើយក្នុង១ថ្ងៃ ពួកគាត់អាចកាច់ស្នៀតពោត បានប្រហែលជាង ៤០ធុង គឺប្រហែល២៥០០០រៀល ទៅ២៨០០០រៀលក្នុង១ថ្ងៃ ។ គាត់បញ្ជាក់ថា ដំណាំពោតក្រហ មនៅដើមឆ្នាំ២០២១នេះ មិនសូវទទួលផលច្រើននោះទេ ដោយសារពេលពោតកំពុងចេញផ្កា និងដាក់ស្នៀត អត់សូវមានភ្លៀង ធ្វើឱ្យស្កក លុះពេលពោតទុំ មេឃចាប់ផ្តើមភ្លៀងខ្លាំងស្ទើររាល់ថ្ងៃ បណ្តាលឱ្យគ្រាប់ពោតដុះពន្លកនៅក្នុងផ្លែតែម្តង ។ គាត់ត្រូវបង្ខំចិត្តប្រមូលផល ខណៈទីផ្សារពោតក្រ ហម១គីឡូក្រាម ឈ្មួញទិញតម្លៃ៤.៨ ទៅ៥.២បាត (ប្រាក់ថៃ) ដែលមានតម្លៃ ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ៕
- លោកអ៊ំបានបន្តថាតម្លៃពោតឆ្នាំនេះធ្លាក់ថ្លៃមែនទែនក្នុងគីឡូក្រាមឈ្មួញមកទិញដល់ផ្ទះបានតែ៥១០ទៅ៥៤០រៀលប៉ុណ្ណោះខុសពីឆ្នាំមុនៗដែលតម្លៃពីមុនចាប់៧០០រៀលដល់១០០០រៀលក្នុង១គីឡូក្រាម។ទាំងនេះជាមូលហេតុដែលបណ្ដាលឲ្យពលរដ្ធនៅស្រុកពាមជ័រមួយចំនួនដែលតែងតែប្រកបមុខរបរដាំពោតក្រហមលក់គឺបានទុកដីចោលនិងធ្វើការចំណាកស្រុកជាច្រើននាក់។
- លោកបញ្ជាក់ថាឆ្នាំនេះដោយស្ថានភាពទឹកគំហុកឡើងលឿនខ្លាចលិចពោតទើបកសិករសម្រេចចិត្តនាំគ្នាសម្រុកកាច់ពោតស្រុះគ្នាតែម្តង។ហេតុដូច្នេះហើយបានជាក្រុមឈ្មួញកណ្តាលនិយាយត្រូវគ្នាដើរទិញពោតពីប្រជាកសិករក្នុងតម្លៃត្រឹមតែជាង៥០០រៀលក្នុង១គីឡូក្រាម។ដោយឡែកប្រជាកសិករដាំពោតក្រហមផ្សេងទៀតក៍បានរអ៊ូរទាំស្រដៀងៗគ្នាថាឆ្នាំនេះពោតប្រមូលផលបានតិចហើយតម្លៃក៍ថោកទៀតម្នាក់ៗចូលខ្យល់គ្រប់គ្នាព្រោះរាល់ការចំណាយគឺពួកគាត់សុទ្ធតែចងការប្រាក់ពីធានាគារឯកជនទាំងអស់សម្រាប់យកមកភ្ជួររាស់ដី.ជួលកម្មករ.ទិញប្រេងសាំងចាក់ម៉ាស៊ីនបូមទឹកនិងទិញជី។
- គួរម្លឹកថាពលរដ្ឋនៅស្រុកពាមជ័រនេះប្រមាណជា៧០ភាគរយគឺមានមុខរបរជាអ្នកដាំពោតក្រហមលក់ហើយពួកគាត់ទាំងអស់គ្នាសូមសំណូមពរដល់អាជ្ញាធរនិងមន្ទីរជំនាញស្ថាប័នពាក់ពន្ធ័ជាពិសេសប្រមុខរាជរដ្ធាភិបាលដែលមានសម្តេចតេជោហ៊ុន.សែនមេត្តាជួយរកទីផ្សារឲ្យពោតក្រហមមានតម្លៃតម្លៃចាប់ពី ៨០០ ទៅ១០០០រៀល ក្នុង១គឺឡូក្រាមទើបពួកគាត់បានចំណេញគ្រាន់និងសងបំណុលធានាគារនិងដោះស្រាយជីវភាពក្នុងគ្រួសារ។
- អ្នកស្រី មែន.ចំណានជាឈ្មួញកណ្តាលដើរទិញពោតក្រហមបានឲ្យដឹងថារាល់ថ្ងៃគាត់ ទិញ ពោតសើមពីពលរដ្ធក្នុង១គីឡូក្រាមតម្លៃចាប់ពី ៥១០ ទៅ៥៥០រៀល ដោយយកមកហាលឲ្យស្ងួតរយៈពេល២ទៅ៣ថ្ងៃទើបដឹកតាមរថយន្តរបស់ខ្លួនយកទៅលក់បន្តឲ្យក្រុមហ៊ុនស៊ីភីចំណីសត្វនិងក្រុមហ៊ុនម៉ុង.រិទ្ធីបាន១គីឡូក្រាមចាប់ ១២០០ ទៅ ១៣០០ រៀល អ្នកស្រីបញ្ជាក់ថាតម្លៃពោតក្រហមធ្លាក់ថ្លៃនេះគឺដោយសារមួយរយៈនេះសត្វជ្រូកធ្លាក់ថ្លៃមិនសូវមានប្រជាពលរដ្ធចិញ្ចឹមធ្វើឲ្យក្រុមហ៊ុនលក់ចំណីមិនសូវដាច់ហេតុដូច្នេះទើបពោតឡើងថ្លៃមិនរួច។ពោលគឺឈ្មួញកណ្តាលទិញពោតនៅក្នុងស្រុកពាមជ័រនេះមានច្រើននាក់ណាស់គឺមិនមែនមានតែគាត់ម្នាក់ទេ។
- ពោតក្រហម ឬ ពោតចំណីសត្វ ទទួលបានទិន្នផលជាមធ្យមចំនួន ៥,២៦តោន/ហិកតា (គ្រាប់ពោតស្ងួត) និងទទួលបានបរិមាណផលសរុបចំនួន ៥៦ ៧៥០តោន (គ្រាប់ពោតស្ងួត) ដែលប្រជាកសិករបានដាំដុះតាមតំបន់ដីទំនាបលិចទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ រួមមាន ក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកអូររាំងឪ លើផ្ទៃដីដែលបានដាំចំនួន ១០ ៧៩០ ហិកតា ក្នុងនោះដាំដុះក្នុងរដូវប្រាំងចំនួន ៦ ៨៥៥ហិកតា នៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដែលផ្តល់ទិន្នផលជាមធ្យម ៥,៤០តោន/ហិកតា និងរដូវវស្សាចំនួន ៣ ៩៣៥ហិកតា ស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និង ស្រុកអូររាំងឪ ដែលផ្តល់ទិន្នផលជាមធ្យម ៥,១២តោន/ហិកតា។ បច្ចុប្បន្ន ក្នុងខេត្តត្បូងឃ្មុំ មានពូជពោតប្រមាណ ១០ពូជ ត្រូវបានប្រជាកសិករប្រើប្រាស់ ដែលផ្តល់ទិន្នផលនិងគុណភាពផ្សេងៗគ្នា តែឆ្លើយតម្រូវការរបស់ទីផ្សារដូចគ្នា។
- តាមរយៈការផ្សព្វផ្សាយបច្ចេកទេសដាំដុះពីមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងអ្នកបច្ចេកទេសរបស់បណ្តាក្រុមហ៊ុនលក់ពូជពោត ប្រជាកសិករបានផ្លាស់ប្តូរទម្លាប់ចាស់មួយចំនួន ដូចជាការជ្រើសរើសពូជ ការប្រើប្រាស់ប្រព័ន្ធទុយោបាចសាចដែលប្រើប្រាស់ទឹកតិច ការប្រើប្រាស់ជីទ្រាប់បាត ការប្រើប្រាស់ជីបំប៉ន ការប្រើប្រាស់ថ្នាំកសិកម្ម ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើឲ្យបរិមាណផលពោតមានការកើនឡើង។ ទន្ទឹមនោះ ការប្រមូលផល ក៏ត្រូវបានផ្លាស់ប្តូរពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សទាំងស្រុង មកប្រើម៉ាស៊ីនច្រូតពោតនិងប្រឡេះគ្រាប់ពោតច្រកការ៉ុងតែម្តង ដែលចំណេញពេលវេលា ថវិកា កម្លាំងពលកម្ម និងកាត់បន្ថយការខាតបង់។ ក្នុងខេត្តត្បូងឃ្មុំ ពោតរដូវប្រាំងប្រមូលផលនៅចន្លោះខែកុម្ភៈដល់ខែមេសា និងរដូវវស្សាប្រមូលផលនៅចន្លោះខែកក្កដាដល់ខែកញ្ញា។
- ទោះយ៉ាងណា ក្នុងវដ្តផលិតកម្មដំណាំពោត កន្លងមក ប្រជាកសិករប្រឈមនឹងកត្តាចង្រៃមួយចំនួនដូចជា ដង្កូវហ្វូងប្រភេទថ្មី (Fall Armyworm) ផ្សិតដូន្នីមីលឌូ (Downy Mildew) ដែលទាមទារឲ្យប្រជាកសិករឧស្សាហ៍ព្យាយាម ចុះពិនិត្យចម្ការ ថែទាំ រៀបចំប្រព័ន្ធសុវត្ថិភាព ទប់ស្កាត់បង្កាឲ្យបានមុននិងទាន់ពេលវេលា និងទាក់ទងពិគ្រោះជាមួយមន្ត្រីជំនាញជាប្រចាំតាមទូរស័ព្ទលេខ ០៩៧ ៧១ ១៧ ៣៤៦ /០៨៨ ៩៥ ៥៥ ៣៣២/០៩៧ ៥៧ ០៤ ០១០/០១២ ២០ ០៣ ២៦។
- បងប្អូនប្រជាកសិករមួយរូប ដែលរស់នៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំបានលើកឡើងថា ជារៀងរាល់ឆ្នាំកសិករទាំងអស់ដែលនៅក្នុងតំបន់នេះភាគច្រើនគឺពួកគាត់តែងតែដាំដំណាំពោតក្រហមនេះប្រមាណជា ៥០ភាគរយទៅហើយក្នុងចំណោមដំណាំផ្សេងៗទៀត ដែលការដាំពោតក្រហមនេះអាចចាប់ផ្តើមពីចុងខែវិច្ឆិកា រហូតទៅដល់ខែមីនា ឬខែមេសា ទើបពួកគាត់អាចប្រមូលផលបាន។
- ក្នុងនោះ កសិករខាងលើក៏បានបន្ថែមទៀតថា សម្រាប់ផ្ទៃដីដែលមានទំហំ ២ហិកតា គាត់អាចដាំពោតក្រហមដោយប្រើពូជចំនួន២៥គីឡូក្រាម ដោយក្នុងមួយហិកតា បើដាំមិនបានផលល្អក៏នៅតែអាចទទួលបានផលពី ៥ទៅ៦តោនដែរ ប៉ុន្តែបើទិន្នផលបានល្អនោះអាចទទួលបានពី៧តោន ទៅ៨តោនក៏មានក្នុងមួយហិកតា។
- រីឯការប្រមូលផលវិញក៏មិនមែនបានមកទាំងអស់នោះដែរគឺត្រូវចំណាយទៅលើម៉ាស៊ីនប្រលេះគ្រាប់ ដោយក្នុងគ្រាប់ពោត១បេ តម្លៃ១ពាន់រៀល ខណៈដែលក្នុងដីមួយហិកតាអាចទទួលបានគ្រាប់ពោតចំនួន៥០បេ។
- យ៉ាងណាមិញពោតក្រហមក៏ត្រូវបានចែកចេញជាពីរប្រភេទ ដោយមានពោតសើម និងពោតស្ងួត។ ពោតសើមអាចលក់បាន១គីឡូ តម្លៃ៨០០រៀល ចំណែកឯពោតស្ងួតអាចលក់បានក្នុង១គីឡូតម្លៃ១០០០រៀលផងដែរ៕
- នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឡសម្ងួតពោត ជាលក្ខណៈគ្រួសារ ត្រូវបានអ្នកប្រមូល ទិញ រៀបចំឡើងនៅតាមលំនៅដ្ឋានរបស់ខ្លួនមានចំនួន ៧ឡ ក្នុងស្រុកក្រូចឆ្មារ ចំនួន ៥ឡ និងស្រុកត្បូងឃ្មុំ ចំនួន ២ឡ ដែលមានសមត្ថភាពសម្ងួតគ្រាប់ពោតពី ១ ៥០០តោនទៅ៣ ០០០តោន ក្នុងមួយឡក្នុងមួយឆ្នាំ។ ទោះបីឡសម្ងួតទាំងនោះ មិនទាន់មានភាពស្វ័យប្រវត្តិ តែវាបានចូលរួមចំណែកកាត់បន្ថយថ្លៃដើមផលិតបានមួយចំណែកដែរ។
- ម្ចាស់ឡសម្ងួតគ្រាប់ពោតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង អ្នកស្រី ចាន់ មួយ បានឲ្យដឹងថា ទិន្នផលពោតក្នុងខេត្តបាត់ដំបងកាលពីឆ្នាំ ២០១៩ បានធ្លាក់ប្រមាណ ៣០ ភាគរយ ដោយសារមិនមានភ្លៀងគ្រប់គ្រាន់ និងមានដង្កូវបំផ្លាញ។ អ្នកស្រីថ្លែងថា៖ «កាលពីឆ្នាំមុនការប្រមូលទិញរបស់ខ្ញុំបានធ្លាក់ចុះប្រហែល ៣០ ភាគរយដោយមិនសូវមានអ្នកយកមកលក់ ហើយគុណភាពក៏ធ្លាក់ចុះផងដែរ»។ បើតាមអ្នកស្រី ចាន់ មួយ កាលពីឆ្នាំ ២០១៩ តម្លៃពោតក្រហមមានការប្រែប្រួលតិចតួចបើធៀបនឹងឆ្នាំ ២០១៨ ដោយពោតជាប់ស្នូលមានតម្លៃចន្លោះពី ៥៤០ ទៅ ៦៦០ រៀលក្នុង ១ គីឡូក្រាម ខណៈពោតគ្រាប់មានតម្លៃចន្លោះពី ៩៤០ រៀលទៅ ១ ០៨០ រៀល។ ទោះបីថៃអនុញ្ញាតឲ្យកម្ពុជានាំចូលតែពោតគ្រាប់ (ពន្លះរួច) ក៏ដោយ ប៉ុន្តែជាក់ស្តែងការនាំចេញពោតក្រហមពីកម្ពុជាទៅថៃភាគច្រើនជាពោតជាប់ស្នូល ដែលធ្វើឡើងតាមច្រករបៀង។ នេះបើតាមអ្នកស្រី ចាន់ មួយ។
- ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម នឹងអនុវត្តលើវិធានការរយៈពេលខ្លី សហការជាមួយម្ចាស់សៃឡូ ដែលត្រូវការខ្ចីប្រាក់ ដើម្បីទិញកសិផលពោត ធ្វើឡសម្ងួត និងពង្រីកឃ្លាំងស្ដុកពោតបន្ថែម។ ក្រសួងបានបន្ថែមថា ខ្លួននឹងចងក្រងរបាយការណ៍ ដើម្បីស្នើសុំទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យកាត់បន្ថយលើការចំណាយក្រៅផ្លូវការនានាឲ្យបានពេញលេញ។ ហើយក្រសួងបានបញ្ជាឲ្យ ភ្នាក់ងារគយ និងកាំកុងត្រូល ឈប់យកកម្រៃលើការនាំចេញកសិផលពោត ចាប់ពីពេលនេះតទៅ។
- បញ្ហាកសិផលពោតបានធ្លាក់ថ្លៃពី៤៤០រៀល មកត្រឹម៣៦០រៀល ព្រោះតែអាកាសធាតុមិនអំណោយផល ដោយមានភ្លៀងធ្លាក់ច្រើនដែលធ្វើឲ្យកសិករមានការលំបាកក្នុងការសម្ងួតកសិផលពោត។ ក្រៅពីនេះ កត្តាមួយចំនួនទៀត ដែលធ្វើឲ្យពោតធ្លាក់ថ្លៃដែរ មានដូចជា ការចំណាយលើប្រាក់ក្រៅផ្លូវការទៅដល់មន្ត្រីពាក់ព័ន្ធតាមច្រកព្រំដែន កង្វះខាតហេដ្ឋារចនាសម្ព័ន្ធក្នុងការស្ដុកពោត និងបរិមាណផលិតលើសពីតម្រូវការទីផ្សារ។គួរបញ្ជាក់ថា ខណៈពេលដែលតម្រូវការទីផ្សារកសិផលពោតនៅមានកម្រិត ចំនួនកសិផលពោតឆ្នាំ២០១៧ មានការកើនឡើងខ្លាំងដល់ទៅ១លានតោន បើធៀបទៅនឹងឆ្នាំ២០១៦មានចំនួនត្រឹមតែ១០តោនប៉ុណ្ណោះ ដែលគិតជាទឹកប្រាក់ប្រមាណ១៤លានដុល្លា។
បញ្ហាទីផ្សារ
- មានទាំងក្នុងស្រុក លក់ទៅកាន់រោងចក្រចំណីសត្វក្នុងស្រុកដូចជា ស៊ីភី បេតាហ្គ្រូ ហ្គ្រីនហ្វីត .....និងទៅក្រៅប្រទេសដូចជា វៀតណាមនិងថៃ។ តម្លែពោតក្រហមក្នុងឆ្នាំ២០១៩និងដើមឆ្នាំ២០២០នេះ មានលក្ខណៈប្រសើរ។ ក្នុងឆ្នាំ២០១៩ តម្លៃជាមធ្យម ពោតសើមមានតម្លៃ ៨៣០រៀល/គ.ក្រ ពោតស្ងួតមានតម្លៃ ៩៤០រៀល/គ.ក្រ និងដើមឆ្នាំ២០២០ ពោតសើមមានតម្លៃ ៧៣០រៀល/គ.ក្រ ពោតស្ងួតមានតម្លៃ ១ ០០០រៀល/គ.ក្រ ធៀបឆ្នាំ២០១៨ តម្លៃពោត ពោតសើមមានតម្លៃតែ ៧៥០រៀល/គ.ក្រ ពោតស្ងួតមានតម្លៃតែ ៩៥០រៀល/គ.ក្រ។
- ត្បូងឃ្មុំ៖ ពោតក្រហម ឬពោតចំណីសត្វ ជាដំណាំមួយប្រភេទដែលប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ ពិសេសក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ និយមដាំដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ។ បច្ចុប្បន្នដំណាំពោតចាប់ផ្តើមប្រមូលផលជាមួយនិងទិន្នផលខ្ពស់ និងមានតម្លៃសមរម្យ បានធ្វើឱ្យអ្នកដាំដំណាំនេះទទួលបានប្រាក់ចំណេញគួរសម ដោយក្នុង១គីឡូក្រាមគ្រាប់ស្ងួតថ្លៃ ៩០០រៀល ខណៈឆ្នាំមុនបានតែ ៨០០រៀលប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងភូមិស្ពានឈើ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ។
- ដោយបច្ចុប្បន្ននេះ អាចលក់ពោត១គីឡូក្រាមថ្លៃជាង៤បាត(ប្រាក់ថៃ) ស្មើនឹង៥០០រៀល ហើយម្យ៉ាងវិញទៀត បើទោះបីជាឡើងថ្លៃឬថោកជាងនេះក៏គាត់មិនព្រួយបាម្ភអ្វីដែរ ព្រោះរាល់ថ្ងៃអត់ជំពាក់បំណុលធនាគារ ឬអង្គការនោះទេ ។ ប៉ុន្តែខណៈពេលកំពុងប្រមូលផលនេះស្នៀតពោតក្រហមរបស់គាត់ហាក់ដូចជា ត្រូវសត្វកណ្តុរខាំស៊ីអស់ខ្លះៗដែរ ធ្វើឱ្យខូចខាតអស់ប្រហែលជា១០ភាគរយ ទោះបីជាគាត់ខំព្យាយាមដាក់ថ្នាំយ៉ាងណាក៏ទប់មិនឈ្នះដែរ ។
- លោកស្រីបានបន្តថា ការជួលកម្មករកាច់ពោតនេះដែរ គឺក្នុង១ធុង តម្លៃ៧០០រៀល ដោយក្នុង១ថ្ងៃ ពួកគាត់អាចកាច់ពោតបានម្នាក់ៗប្រហែលជាង ៣០ទៅ ៤០ធុង គិតជាលុយប្រមាណជិត៣ម៉ឺមរៀលប៉ុណ្ណោះ។ ដំណាំពោតក្រហមនៅឆ្នាំ២០២១នេះ មិនសូវទទួលផលច្រើនដូចឆ្នាំមុននោះទេ ដោយសារតែពេលពោតកំពុងលូតលាស់មានសត្វពីងពាងក្រហម និងដង្កូវហ្វូងមកបំផ្លាញ និងម្យ៉ាងទៀតនៅឆ្នាំនេះរបបទឹកភ្លៀងមិនទៀងទាត់ ពោលគឺពេលភ្លៀងក៏ភ្លៀងជាប់ៗគ្នារាល់ថ្ងៃបណ្តាលឱ្យរលួយជួនខ្លះរាំងបណ្តាលឱ្យក្រៀមស្វិតទើបមិនសូវបានផល។ ដោយសារមូលហេតុនេះហើយទើបឆ្នាំនេះកសិករដែលដាំពោតមានការរអូររទាំសឹងគ្រប់ៗគ្នា។ ចំណែកតម្លៃនៅទីផ្សារវិញពោតក្រហម ១គីឡូក្រាមឈ្មួញទិញ ៥.២បាត (ប្រាក់ថៃ) ស្មើជាង៦០០រៀល ក្នុង១គីឡូក្រាម ដែលមានការឡើងជាងឆ្នាំមុនបន្តិច៕
- ប៉ុន្តែ ថៃនិងវៀតណាមក៏ដាំពោតច្រើនដែរ ដូច្នោះ គេប្រាកដជាទិញកសិករគេមុនហើយ ពីព្រោះងាយដឹកជញ្ជូន ចំណាយតិច មិនលំបាកឯកសារនាំចេញនាំចូល។ល។ ម្យ៉ាង ឆ្នាំកន្លងទៅ តម្លៃដំឡូងចាប់ផ្ដើមធ្លាក់ចុះ ហើយតម្លៃពោតដូចជាល្អ ដូចនេះជាសញ្ញាដែលអាចនាំឲ្យកសិករថៃនិងកសិករវៀតណាមក៏អាចពង្រីកការដាំដុះពោត កសិករយើងក៏បានពង្រីកការដាំដុះពោតខ្លាំងក្លាដូច ដំឡូង ម្រេច។ល។ នាប៉ុន្មានឆ្នាំចុងក្រោយនេះដែរ។
- ដូច្នេះ រដូវប្រមូលផលមកដល់ព្រមគ្នា ការដាំដុះក៏រីក ទីផ្សារក៏ជន់។ អ្នកប្រមូលទិញមានដើមមិនច្រើន ឃ្លាំងស្តុកក៏មិនគ្រប់គ្រាន់។ល។ ការកែច្នៃជាចំណីសត្វក៏មានកម្រិត សិប្បកម្មជ្រូកមួយចំនួនដែលប្រើប្រាស់ពោតផលិតជាចំណីជ្រូកលើកសិដ្ឋាន។ល។ ក៏បិទទ្វារអស់ខ្លះទៀត។ល។ នេះជាបញ្ហាត្រួសៗ។ ប្រសិនបើយើងពុំមានគោលនយោបាយល្អ មិនមានធនធានគ្រប់គ្រាន់ និងមិនមានយន្តការស្ថាប័នគ្រប់គ្រាន់ទេនោះ កសិករអាចវិលត្រឡប់ទៅរកកសិកម្មជីវព្រឹត្ត ព្រោះបើផលិតហើយមិនអាចរកចំណូលបាន។ ប្រការនេះអាចបង្កជាគ្រោះ៖ ភាពក្រីក្រជនបទ សន្តិសុខស្បៀងសម្រាប់ក្រុមចំណូលទាបនៅទីប្រជុំជន គម្លាតរវាងអ្នកមានអ្នកក្រ ទីក្រុងនិងជនបទកាន់តែខ្លាំង, កសិកម្មខ្នាតធំមិនអាចបម្រើគោលការណ៍សន្តិសុខស្បៀងរបស់ជាតិ ។ល។ និង ។ល៕
- ភ្នំពេញៈ ការនាំចេញពោតក្រហមសរុបក្នុងឆ្នាំ ២០១៩ បានធ្លាក់ចុះប្រមាណជាង ៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ខណៈអ្នកនៅក្នុងវិស័យនេះអះអាងថា បណ្តាលមកពីភាពរាំងស្ងួត និងការបំផ្លាញពីសត្វល្អិត។ ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថាក្នុងឆ្នាំ ២០១៩ កម្ពុជានាំចេញពោតសរុបជាង ១១៩ ៩៩៣ តោនធ្លាក់ចុះ ៤១,២៣ ភាគរយពីចំនួនជាង ២០៤ ១៨៤ តោនកាលពីឆ្នាំ ២០១៨។ ពោតក្រហមត្រូវបាននាំចេញទៅកាន់ប្រទេសថៃ វៀតណាម និងកោះតៃវ៉ាន់។
- អ្នកស្រី សុខ ឡេង កសិករដាំពោតក្រហមនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បាននិយាយថា អាកាសធាតុរាំងស្ងួតបានធ្វើឲ្យទិន្នផលពោតកាលពីឆ្នាំ ២០១៩ ធ្លាក់ចុះយ៉ាងច្រើន ហើយតម្លៃក៏មិនកើនឡើងនោះទេ។ អ្នកស្រីបនុ្តថា លើផ្ទៃដីទំហំ ៧ ហិកតាការប្រមូលផលឆ្នាំ ២០១៩ សម្រេចបានទាំង ២ លើកសរុបប្រហែលជាង ១០ តោនប៉ុណ្ណោះ ខណៈរយៈពេលមុនៗមានជាង ២០ តោន។ អ្នកស្រីថ្លែងថា៖ «អ្នកដាំពោតមួយចំនួនកាលពីឆ្នាំមុនបានខាតបង់ ដោយសារតែទិន្នផលធ្លាក់ចុះច្រើន ហើយតម្លៃក៏មិនកើនឡើងដែរ»។ អ្នកស្រីបានបន្តថា បើទោះបីទិន្នផលប្រមូលបានកាលពីឆ្នាំមុនធ្លាក់ចុះក៏ដោយ ក៏អ្នកស្រីនៅតែបន្តដាំពោតជាបន្តទៀត ដោយសង្ឃឹមថានឹងទទួលបានផលល្អឡើងវិញ និងទទួលបានតម្លៃខ្ពស់ជាងមុននៅឆ្នាំនេះ។ ពោតក្រហមភាគច្រើនត្រូវបានដាំដុះតាមបណ្ដាខេត្តមួយចំនួនដូចជា បាត់ដំបង ប៉ៃលិន កំពង់ចាម និងត្បូងឃ្មុំជាដើម។ ពោតក្រហមភាគច្រើនត្រូវបានគេយកទៅកិនធ្វើជាចំណីសត្វ។
- សរុបជារួម ខេត្តត្បូងឃ្មុំ មានចំណូលពីដំណាំពោតក្រហមប្រមាណ ៥៣ ៣៤៥ ០០០ ០០០រៀល/ឆ្នាំ។ សូមជម្រាបជូនថា ការចិញ្ចឹមសត្វជ្រូកនិងមាន់ មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ជា ពិសេសការចិញ្ចឹមជាលក្ខណៈកសិដ្ឋាន តាមកិច្ចសន្យាផលិតកម្មរវាងក្រុមហ៊ុនចំណីសត្វ និង ប្រជាកសិករ ដែលបង្ហាញឲ្យឃើញថា តម្រូវការពោតក្រហមសម្រាប់ធ្វើជាធាតុផ្សំចំណីសត្វ កាន់តែខ្ពស់។ ត្រឹមខែឧសភា ឆ្នាំ២០២០នេះ ខេត្តត្បូងឃ្មុំ មានកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ១៦កសិដ្ឋាន ស្មើ ៦៧ខ្នងទ្រុង មានសត្វជ្រូក ២៧ ៦០០ក្បាល កសិដ្ឋានចិញ្ចឹមមាន់សាច់ ចំនួន ៥៧កសិដ្ឋាន ស្មើ ៨២ខ្នងទ្រុង មានសត្វមាន់ ៥៤០ ០០០ក្បាល។