ទា មានអាយុ ៨ ទៅ ១០ ឆ្នាំ។ ទាលក់សាច់ គេចិញ្ចឹមរយៈពេល ៦ ទៅ ៧ សប្តាហ៍។ ការចិញ្ចឹម ទា យក ពង ត្រូវការពេលរហូតដល់អាយុ ២៦ សប្តាហ៍ នឹងបន្តមានពង ចំនួន ៤០ សប្តាហ៍ទៀត។ ទា ផ្តល់ពង ជាង ៩៨ % ឧទាហរណ៍ ចំនួនទា ១៥០០ ក្បាល វាផ្តល់ពង ១៤៩០ គ្រាប់/ថ្ងៃ អាស្រ័យការផ្តល់ចំណីគ្រប់គ្រាន់ ឬ មិនគ្រប់គ្រាន់។ អ្នកចិញ្ចឹមទា នៅកម្ពុជា ត្អូញត្អែអំពីការខាតបង់ ក្ស័យធនរឿងចិញ្ចឹមទា និងការនាំចូលពងទា ពីបរទេសតម្លៃថោក។ នៅស្រុកចិន អ្នកចិញ្ចឹមទា អះអាថា បើគេទិញចំណី ស្រាប់ពី ហាងចំណី អស់ថ្លៃ ១៨,៥ ដុល្លា / ៦០ គក តែបើទិញពី រោងម៉ាស៊ីន អស់ថ្លៃតែ ៤,៥ ដុល្លា/៦០ គក។ នៅកម្ពុជា មានលក់ម៉ាស៊ីន កិនចំណីសត្វ ដូច្នេះ គួរតែសាកសល្បងធ្វើចំណីសត្វដោយខ្លួនឯង។ ការរក្សាទុក ជាធម្មតា គេអាចរក្សាទុកពងទា បាន ៣ សប្តាហ៍ តែករណី រក្សាទុក្នុងប្រអប់បិទជិតមានសីតុណ្ហភាពថេរ មិនឡើង មិនចុះ (កុំដាក់ក្នងទូរក្លាហ្សេ) គេអាចរក្សាបាន ៦ សប្តាហ៍។
តម្លៃពងទា នៅប្រទេសវៀតណាម Nuôi trứng vịt lộn ក៍គេត្អុញត្អែរដែរ ដោយសារការធ្លាក់ថ្លៃ ពី (១ដុល្លា) ២៥,០០០ ដុង/១២ពង មកត្រឹម (០.៥ដុល្លា) ១៣,០០០ ដុង/១២ ពង សរុបទៅ ១គ្រាប់តែជាង ២០០ រៀលលុយខ្មែរ។ នៅកម្ពុជា ភ្នំពេញ តម្លៃលក់រាយ ៦,០០០ រៀល/១០គ្រាប់។ ពងទា នៅប្រទេសថៃ เลี้ยงเป็ดไข่ ពងទា ទាំងនៅវៀតណាម និង ថៃ ប្រជាជនគេ ចូលចិត្ត ពងទាកូន ដូច្នេះ ការផលិតពង ដើម្បីពងទាកូន មានតម្លៃខ្ពសជាងពងទាធម្មតា នៅពេលតម្រុវការហូបពងទាកូនថយចុះ តម្លៃពងទាធម្មតា វានឹងចុះថ្លៃជាស្វ័យប្រវត្តិ នេះជាមួលហេតុដែលពងទាចុះថ្លៃ ចំណែកខាងកម្ពុជា បន្ទោសលើការនាំចូលពងទា។
កសិដ្ឋានមួយ ប្រកាសទិញពងទាខ្មែរមួយគ្រាប់ ៤០០ រៀល ក្រោយពេលពលរដ្ឋជាច្រើនបានរអ៊ូ និងអំពាវនាវរកការជួយសង្រ្គោះ កសិដ្ឋានមួយនៅស្រុកអង្គរជ័យបានប្រកាសទិញពងទាពីកសិករដែលលក់អត់ចេញក្នុងមួយគ្រាប់ ៤០០ រៀល។តំណាងកសិដ្ឋានភូមិពងទាខ្មែរនៅស្រុកអង្គរជ័យខេត្តកំពត បានប្រាប់កម្ពុជាថ្មីតាមទូរសព្ទនៅរសៀលនេះថា កសិដ្ឋានរបស់លោកចង់ជួយទិញ ជួយលក់ដល់កសិករខ្មែរ ដើម្បីសម្រួលការខាតបង់ ដែលលក់ពងទាអត់ចេញ ឬលក់បានតម្លៃថោក។
ក្នុងដំណាក់កាលដំបូង កសិដ្ឋានរបស់លោកត្រូវការប្រមូលទិញពងទាចំនួន 200,000ពង (ពីរសែនពង) ពីខេត្តចំនួន ០២សិន គឺខេត្តតាកែវ និងខេត្តព្រៃវែង។ ក្រុមការងារប្រមូលទិញក្នុងមួយគ្រាប់ 400រៀល (បួនរយរៀល) ក្នុងយុទ្ធនាការជំរុញការលក់ពងទាក្នុងស្រុក តាមរយ:បណ្តាញទាំង១២ខេត្ត និង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលវិបត្តិធ្លាក់ថ្លៃរបស់ពងទានាពេលបច្ចុប្បន្ននេះ។
តំណាងកសិដ្ឋានភូមិពងទាខ្មែររូបនេះលើកឡើងថា នឹងមិនប្រមូលទិញពីឈ្មួញកណ្តាលឡើយ ហើយក្រុមការងារនឹងចុះទៅដល់ទីតាំងចិញ្ចឹមដោយផ្ទាល់។ មួយវិញទៀត សម្រាប់ពងទាដែលស្តុកគាំងយូរ ក្រុមការងារនឹងបរិច្ចាគថវិការផ្ទាល់ ៥០% ស្មើមួយគ្រាប់ពងទាខូចៗគឺ២០០រៀល តាមជាក់ស្តែងដើម្បីជួយសម្រួលដល់ការខាតបង់របស់បងប្អូនអ្នកចិញ្ចឹម ហើយបើអាចនៅល្អខ្លះៗគឺចែកជូនក្មេងកំព្រា ឬប្រជាជនក្នុងសហគមន៍តែម្តង៕
តម្លៃពងទាខ្មែរនៅលើទីផ្សារធ្លាក់ថ្លៃ ដោយសារពងទាវៀតណាមនាំចូលមកច្រើន ខេត្តព្រៃវែង ៖ ស្ត្រីឈ្មោះសរ សៀន អាយុ៤៦ឆាំ្ន ជាអ្នកចិញ្ចឹមទានៅក្រុងព្រៃវែងបានឱ្យដឹងថា សព្វថ្ងៃនេះគាត់ចិញ្ចឹមទាចំនួន ១.៧០០ក្បាល ហើយក្នុង១ថ្ងៃអាចប្រមូលពងបានចំនួន ៥០០ ទៅ ៦០០ គ្រាប់ ឃើញថាជាចំនួនដែលអាចឱ្យគាត់សង្ឃឹមថា នឹងទទួលបានចំណូលច្រើនគួរសម ក៏ប៉ុន្ដែបែរជាត្រូវខកចិត្ដទៅវិញ ដោយសារតែតម្លៃពងទាធ្លាក់ចុះ។ស្ត្រីខាងលើបានឱ្យដឹងថា ទីផ្សារពងទារបស់គាត់(លក់ឱ្យឈ្មួញ) ក្នុង១គ្រាប់លក់បានតម្លៃតែ ៣៣០ រៀល ប៉ុណ្ណោះបើទោះជាពងនោះធំល្អយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងឆាំ្នមុន គឺលក់បានតម្លៃដល់ទៅ ៥៥០រៀល ឯណោះ។ មូលហេតុដែលធ្វើឱ្យតម្លៃពងទាខ្មែរធ្លាក់ចុះបែបនេះ គឺដោយសារតែពងទារបស់វៀតណាមមានតម្លៃថោកជាង គឺក្នុង១គ្រាប់តម្លៃតែ ១៨០រៀល ប៉ុណ្ណោះ ហេតុនេះហើយទើបធ្វើឱ្យក្រុមឈ្មួញនាំគា្នសម្រុកទៅទិញពងទាពីប្រទេសវៀតណាម ចូលមកលក់នៅលើទីផ្សារស្រុកខ្មែរកាន់តែច្រើនឡើងៗធ្វើឱ្យតម្លៃពងទារបស់ខ្មែរមានការធ្លាក់ចុះយ៉ាងខ្លាំងបែបនេះ។
អ្នកចិញ្ចឹមទាត្អូញត្អែរពីពងទា ធ្លាក់ថ្លៃខ្លាំង ហើយអំពាវនាវឱ្យអាជ្ញាធរទប់ស្កាត់ការនាំចូលពងទាពីបរទេស បន្ទាយមានជ័យ: អ្នកចិញ្ចឹមទា ១៩ គ្រួសារ នៅក្រុងសេរីសោភ័ណបានត្អូញត្អែរពីតម្លៃពងទាធ្លាក់ថ្លៃខ្លាំង ហើយបានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធអន្តរាគមន៍ជួយទប់ស្កាត់ការនាំចូលពងទាពីក្រៅប្រទេស ប៉ុន្ដែមន្ត្រីអះអាងថា ពួកគាត់ចិញ្ចឹមទាយកពងច្រើនលើសតម្រូវការទីផ្សារក្នុងស្រុក។
អ្នកស្រី យ៉ាត ទួម តំណាងម្ចាស់កសិដ្ឋានចិញ្ចឹមទាចំនួន ១៩ គ្រួសារ និងជាប្រធានសហគមន៍ចិញ្ចឹមទានៅភូមិស្នាយដង្គត់ សង្កាត់កោះពងសាត់ ក្រុងសេរីសោភ័ណថ្លែងពីម្សិលមិញថា សហគមន៍អ្នកស្រីត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានរៀបចំបង្កើតឡើង។ ក្រុមអ្នកស្រីប្រកបមុខរបរចិញ្ចឹមទាយកពង ជិត ១០ ឆ្នាំហើយដែលពី ១ ឆ្នាំទៅ ១ ឆ្នាំ កាន់តែពិបាករកទីផ្សារលក់ពងទា។
កាលពីឆ្នាំមុនៗក្រុមសហគមន៍អ្នកស្រីលក់ពងទា ១០ គ្រាប់ អាចបានប្រាក់កម្រៃជិត ១ ម៉ឺនរៀល ប៉ុន្ដែនៅឆ្នាំនេះលក់ពងទា ១០ គ្រាប់បានកម្រៃ ២៨០០ រៀលប៉ុណ្ណោះ។ លើសពីនេះមិនមានឈ្មួញដើរទិញច្រើនដូចមុនៗទេ ទើបធ្វើឱ្យតម្លៃពងទាធ្លាក់ថ្លៃយ៉ាងគំហុក។ «ខ្ញុំសូមអំពាវនាវឱ្យមន្ត្រីជំនាញ រាជរដ្ឋាភិបាលជួយអន្តរាគមន៍ពីទីផ្សារលក់ពងទារបស់ពួកខ្ញុំផង ព្រោះឥឡូវនេះគ្មានទីផ្សារ លក់ពងទាមិនចេញទេ ពងទាគរចោលពេញទ្រុង គ្មានអ្នកទិញ បើទុកចោលយូរថ្ងៃអាចខូចគុណភាព»។
លើសពីនេះពលរដ្ឋទាំងនោះបានអំពាវនាវឱ្យអាជ្ញាធរតាមព្រំដែនជួយទប់ស្កាត់ការនាំចូលពងទាពីបរទេស ជាពិសេសនាំចូលពីវៀតណាមដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍ក្នុងស្រុក។ បើតាមអ្នកស្រី ទួម បច្ចុប្បន្នកសិករចំណាយទៅលើចំណីទាច្រើន រីឯការទទួលផលចំណេញបានតិចជាង ពោលគឺបានប្រមាណ ៦០ ភាគរយនៃការចំណាយប៉ុណ្ណោះ គឺស្ទើរតែទូទាត់ថ្លៃចំណី និងកម្មករមិនគ្រប់គ្រាន់ផង
លោក រ៉ា ប៊ុនធា ចៅសង្កាត់កោះពងសាត់ថ្លែងពីម្សិលមិញថា លោកកត់សម្គាល់ឃើញឆ្នាំនេះពិតជាមិនសូវមានឈ្មួញមកទិញពងទាមែន ប៉ុន្ដែលោកមិនបញ្ជាក់ពីមូលហេតុទេ។ កសិករចិញ្ចឹមទាយកពងនៅក្នុងសង្កាត់កោះពងសាត់មានប្រមាណជិត ៤០ គ្រួសារ ដោយពួកគាត់បានចងក្រងគ្នាជាសហគមន៍រួមមួយ ដើម្បីងាយស្រួលគ្រប់គ្រង និងរកទីផ្សារ។
លោក ប៊ុនធា បន្តថា កាលពីពេលថ្មីៗនេះ មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តបានចុះមកពិនិត្យ និងពិភាក្សាជាមួយកសិករអំពីតម្លៃពងទានេះដែរ ប៉ុន្ដែលោកមិនទាន់បានទទួលដំណឹងអ្វីពីមន្ត្រីជំនាញខេត្តទេ។
លោកបញ្ជាក់ថា៖ «ចំពោះតម្លៃពងទានេះ ខ្ញុំបានរាយការណ៍ជូនទៅថ្នាក់លើហើយ ប៉ុន្ដែការសម្រេចបែបណាទៀតខ្ញុំមិនទាន់ដឹងទេ គឺខ្ញុំក៏រង់ចាំមើលការសម្រេចពីថ្នាក់លើដែរ»។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យថ្លែងពីម្សិលមិញថា លោកមិនទាន់បានទទួលព័ត៌មាននេះទេ ប៉ុន្ដែជាការកត់សម្គាល់ ឆ្នាំនេះប្រជាពលរដ្ឋបានចិញ្ចឹមទាយកពងច្រើនលើសតម្រូវការទើបធ្វើឱ្យតម្លៃពងទាធ្លាក់ថ្លៃខ្លាំង។
លោកថា នៅខេត្តបន្ទាយមានជ័យមិនមាននាំចូលពងទាថៃទេ គឺប្រើតែផលិតផលក្នុងស្រុក។ «បញ្ហាតម្លៃពងទាថោកនេះ ខ្ញុំបានរាយការណ៍ទៅថ្នាក់លើហើយ ហើយចាត់ចែងយ៉ាងណាទៀត រង់ចាំមើលគាត់បញ្ជាមកសិន»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មឱ្យដឹងនៅថ្ងៃទី ២១ ខែធ្នូថា អគ្គនាយកដ្ឋានមិនដែលអនុញ្ញាតជាគោលការណ៍ឱ្យនាំចូលស៊ុតពីប្រទេសជិតខាងទេ ជាពិសេសប្រទេសវៀតណាម។
សេចក្ដីប្រកាសបន្តថា ក្នុងស្ថានភាពជំងឺកូវីដ ១៩ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ ហើយកម្មវិធីជួបជុំផ្សេងៗត្រូវបានផ្អាកដែលធ្វើឱ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយជាអតិបរមា ខណៈការចិញ្ចឹមបក្សីយកស៊ុតមានការកើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ពលរដ្ឋមួយចំនួនបែរមកបរិភោគត្រីជំនួសឱ្យស៊ុតវិញ។
ក្នុងករណីអាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់ទាយកស៊ុត បានដឹងព័ត៌មានអំពីការលួចនាំចូលស៊ុតមាន់-ទាពីប្រទេសជិតខាង ត្រូវទាក់ទងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វតាមរយៈទូរស័ព្ទលេខ ០១២ ៨២៨ ២០៩ ដើម្បីមន្ត្រីចុះអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វស្របតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ៕
កសិករចិញ្ចឹមទាយកពងនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្អូញត្អែររឿងតម្លៃពងទាចុះថោកខ្លាំង !2020-12-18 04:01pm
(កណ្ដាល)៖ ប្រជាកសិករដែលកំពុងប្រកបមុខរបរ ចិញ្ចឹមទាយកពងជាច្រើនគ្រួសារ នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បាននាំគ្នាត្អូញត្អែរអំពីរឿង តម្លៃពងទាចុះថោកខ្លាំង ហើយចំណីឡើងថ្លៃខ្លាំងវិញ ដែលធ្វើឲ្យប៉ះពាល់ក្នុងការចិញ្ចឹម។ បញ្ហារឿងតម្លៃពងទាចុះថោកនេះ ដោយពួកគាត់យល់ឃើញថា ដោយសារតែមានការបើកដៃឲ្យមានការនាំចូលពងទាពីប្រទេសជិតខាងច្រើនចូលមកកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក។ លោក អឿន អៀង កសិករចិញ្ចឹមទានៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើងថា «បើតាមឈ្មួញដែលយកពង តាមទ្រុងបាននិយាយថា ពងទាភាគច្រើននាំចូលពីប្រទេសជិតខាង ធ្វើឲ្យតម្លៃក្នុងស្រុកថោក និងពិបាកលក់ចេញ»។
លោកបន្តថា តម្លៃពងទាពីមុន ពី៤៥០រៀល ទៅ៤៧០រៀល ក្នុង១គ្រាប់ តែឥឡូវនេះ ចុះនៅត្រឹមតែ ២៥០រៀល ហើយបើនិយាយអំពីតម្លៃចំណីវិញ ក្នុង១បេ ឡើងថ្លៃរហូត ៤៩,០០០រៀល ឯណោះ។
លោក អឿន អៀង បានបង្ហាញនូវក្ដីកង្វល់ថា ចំណីសម្រាប់ចិញ្ចឹមទាមានការឡើងថ្លៃ ចំណែកពងទាវិញកាន់តែចុះថោក ដូច្នេះការចិញ្ចឹមមិនចំណេញនោះទេ ហើយពួកគាត់ជាអ្នកចិញ្ចឹម សុទ្ធតែយកលុយពីធនាគាររកស៊ី ដូច្នេះវាងាយប្រឈមមុខនឹងរឿង គ្មានលុយបង់ធនាគារណាស់៕
តម្លៃពងទាបានរើបឡើងវិញបន្តិច បន្ទាប់ពីពងបរទេសសម្រុកនាំចូលយ៉ាងគំហុកនាពេលកន្លងមក ណ្តាល ៖ បន្ទាប់ពីតម្លៃពងទាបានធ្លាក់ថ្លៃដល់មួយគ្រាប់២៥០រៀល (គិតតម្លៃបោះដុំ) កាលពី២ខែមុនមក ឥឡូវតម្លៃពងទាបានរើបឡើងជាបន្តបន្ទាប់ដល់ ៣៥០ រៀលរហូតដល់ ៣៨០ រៀល បានធ្វើឱ្យអ្នកចិញ្ចឹមហាក់សប្បាយចិត្តឡើងវិញ។
ស្ត្រីឈ្មោះ ស្រី នាង អាយុ៤០ឆ្នាំ មានទីលំនៅភូមិគរ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បាននិយាយកាលពីព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៧ ថា គាត់បានចិញ្ចឹមទារចំនួន ២ពាន់ក្បាល ហើយប្រកបមុខរបរនេះអស់រយៈពេល១០ឆ្នាំមកហើយ។ គាត់បានចិញ្ចឹមទាចល័តពីស្រុកព្រៃឈ ទៅទន្លេបិទខេត្តកំពង់ធំ និង ចុងក្រោយខេត្តកណ្តាល។ ការចិញ្ចឹមទាររបស់ពួកគាត់ ចែកចេញជា២របៀប។
ស្រី នាង បានបន្តថា របៀបទីមួយការចិញ្ចឹមទានៅរដូវប្រាំង គឺចិញ្ចឹមនៅផ្ទះដោយឱ្យចំណីវាស៊ី ១០០ ភាគរយគឺបានចំណេញតិចតួច។ ឧទាហរណ៍គាត់ទិញចំណីមួយថ្ងៃអស់ ៣៥ ម៉ឺននរៀល លក់ពងទាវិញបាន ៤០ ម៉ឺនរៀលចំណេញបានត្រឹមតែ៥ម៉ឺនរៀលប៉ុណ្ណោះ។
ចំណែករបៀបទី២នៃការចិញ្ចឹមទាចល័តនៅរដូវវស្សា តាមស្រុកខេត្តនានា ដែលកសិករទើបនឹងច្រូតស្រូវរួច។ការចិញ្ចឹមបែបនេះបានចំណេញជាងតែនើយហត់ ហើយបែកពីកូនៗ។ ការចិញ្ចឹមគឺទិញចំណីឱ្យវាអស់ ៥ ម៉ឺនរៀលលក់បាន ៤០ ម៉ឺនរៀលអាចចំណេញបាន ៣៥ ម៉ឺនរៀល។
ស្រី នាង បន្តថា គាត់បានបោះជំរុំនៅទីតាំងក្បែរវាលស្រែទើបនឹងច្រូតរួចនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ហើយបានជួលកូនឈ្នួល២នាក់(ពីស្រុក) មកជួយកៀងទាដោយឱ្យប្រាក់ឈ្នួលម្នាក់ៗចំនួន ១០០ ដុល្លារ ហូបបាយ ស្នាក់នៅ និងព្យាបាលជំងឺផ្សេងៗលើគាត់ទាំងអស់។ ពេលថ្ងៃគាត់លែងទាពីទ្រុងឱ្យវាដើរស៊ីស្រូវដែលជ្រុះ ខ្ចៅ ខ្យង ហើយល្ងាចឡើងកៀងចូលទ្រុងវិញ។
ស្រី នាង បន្តទៀតថា ទាវាពងលើដីនៅពេលយប់ លុះព្រឹកឡើងបន្ទាប់ពីលេងចេញពីទ្រុងគាត់បានរើសពងដាក់កញ្រ្ចែងដាក់ពងទាហើយម៉ូយបានមកទិញដល់កន្លែងចិញ្ចឹមទាតែម្តង (មិនពិបាករកទីផ្សារ)។ ការចិញ្ចឹមតាមបែបធម្មជាតិទាពងបានច្រើនពោលគឺទា ចំនួន ២ពាន់ ក្បាលទាពងបានផលជាង ១.៩០០ ពង ។ ទាដែលអត់ពងសោះ មានប្រហែល ១០ក្បាល ប៉ុណ្ណោះ។ តែក៏មានទាខ្លះប្រហែល ៨ ទៅ ១០ ក្បាលដែលពងពេលថ្ងៃតាមវាលស្រែឬក្នុងទឹកស្រែ។
និយាយពីតម្លៃវិញ ស្រី នាង បានបញ្ជាក់ថា "នៅខែមុន (ឧសភា.ដើមខែមិថុនា) ពងទាបានធ្លាក់ថ្លៃដល់ ២៥០រៀល ។ ចាប់ពីពាក់កណ្តាលខែមិថុនានេះពងទាបានរើបតម្លៃឡើងវិញពី ៣០០ រៀល ៣៥០រៀល រហូតដល់ ៣៨០រៀល។ កាលពីឆ្នាំទៅមិញខែនេះលក់បាន ៤០០ រៀលទៅ ៤៥០ រៀលឯណោះ។ ការធ្លាក់ថ្លៃនេះមកពីមានការនាំចូលពងទាពីស្រុកយួនច្រើនពេក"។
ជុំវិញហានិភ័យនៃការចិញ្ចឹមទា មាន២យ៉ាងគឺទីមួយ.នៅពេលទាចង់ឈឺវាបង្ហាញថា វាមិនសូវស៊ីចំណី។ ក្នុងករណីនេះគាត់បានទិញថ្នាំមកលាយក្នុងចំណីឱ្យវាស៊ីរហូតដល់ជាសះស្បើយ។ ទីពីរ.ទាអាចមានងាប់ខ្លះដោយចៃដន្យដោយសារមានសត្វពស់ខាំវា។
ការចិញ្ចឹមទាតាមបែបពនេតចរខាងលើ គេសង្កេតឃើញមានច្រើនគ្រួសារ មានប្រហែល៥គ្រួសារ មកពីខេត្តកំពង់ចាម ដែលពួកគេជាសាច់ញាតិនឹងគ្នាផងហើយជួយមើលគ្នាទៅវិញទៅមក។ ចំណែកវិធីសាស្ត្រចិញ្ចឹម និង ការរកចំណូលមានស្ថានភាព ប្រហាក់ប្រហែលគ្នា៕
ម្ចាស់កសិដ្ឋានចិញ្ចឹមទារប្រឈមមុខនឹងការបិទទ្វារ ខណៈតម្លៃពងទាធ្លាក់ចុះខ្លាំង ដោយសារមានការនាំចូលច្រើនពីប្រទេសជិតខាង! (ភ្នំពេញ)៖ ខណៈតម្លៃពងទាធ្លាក់ថ្លៃខ្លាំង រហូតទៅដល់មួយគ្រាប់តម្លៃត្រឹមតែ ២៥០រៀល ឬ២៨០រៀល នោះ បានធ្វើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទាទាំងអស់ មានការព្រួយបារម្ភជាខ្លាំងជាមួយការប្រឈមមុខ បិទកសិដ្ឋានរបស់ខ្លួន ព្រោះតែតម្លៃពងទាធ្លាក់ចុះ។
លោក សេង រដ្ឋា កសិករចិញ្ចឹមទារស់នៅភូមិពោធទី ឃុំពោធទី ស្រុកស៊ីធរ ខេត្តព្រៃវែង ដែលបានប្ដូរទីតាំងមកខេត្តកំពតវិញ បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ថា មានកត្តាជាច្រើនដែលបណ្ដាលឲ្យពងទាមានការធ្លាក់ថ្លៃ រួមមានការនាំចូលពីប្រទេសវៀតណាម ដែលមានតម្លៃថោកត្រឹមតែ២០០រៀល ទៅ២៥០រៀលតែប៉ុណ្ណោះ ក្នុងមួយគ្រាប់នោះ ជាហេតុផលដែលធ្វើឲ្យឈ្មួញកណ្ដាល ទទួលយកពងទាមកបោះដុំតាមផ្សារ ចាប់ផ្តើមទម្លាក់ថ្លៃពងទាក្នុងស្រុក។
លោកបន្ដថា «ទាំងនេះបានធ្វើឲ្យប៉ះពាល់តម្លៃដល់អ្នកចិញ្ចឹមផ្ទាល់នៅកសិដ្ឋាន។ ការបើកកសិដ្ឋាននេះ ខ្ញុំបានចំណាយទុនអស់ប្រហែលជាង ៦ពាន់ ដុល្លារ មានទាចំនួន ១,៣០០ក្បាល ហើយមួយថ្ងៃទាពងបានប្រមាណ ១១០០គ្រាប់ ។ បើពងទានៅតែបន្ដធ្លាក់ថ្លៃ ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះវាបណ្ដាលឲ្យមានបញ្ហាចំពោះកសិដ្ឋាន។ ឥឡូវនេះខ្ញុំបានផ្លាស់ប្ដូរទីតាំង កសិដ្ឋានមកពីខេត្តព្រៃវែង ទៅខេត្តកំពតវិញ ពីព្រោះស៊ើបសួរទៅឃើញថាតម្លៃល្អ និងខ្ពស់ជាងខេត្តព្រៃវែង»។
លោកបានថ្លែងឲ្យដឹងទៀតថា សម្រាប់ពងទា គឺចែកចាយទៅរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តកោះកុងជាដើម ពីព្រោះហាងឆេងមានតម្លៃថ្លៃជាងគេ។
ជាមួយគ្នានោះដែរ លោក យៀត យ៉ាត កសិករចិញ្ចឹមទាស្ថិតនៅក្នុងខេត្តព្រៃវែង បានថ្លែងឲ្យដឹងស្រដៀងគ្នានេះដែរថា «សម្រាប់ពងទាដែលលក់ចេញ គឺបានតម្លៃត្រឹមតែ២៩០រៀលតែប៉ុណ្ណោះ បើតាមខ្ញុំមើលទៅតាមព័ត៌មានមួយចំនួន កត្តាដែលបណ្ដាលឲ្យពងទាធ្លាក់ថ្លៃ មកពីនាំចូលច្រើនពីប្រទេសជិតខាង ដែលធ្វើឲ្យតម្លៃពងទាក្នុងស្រុកធ្លាក់ថ្លៃខ្លាំង រហូតដល់កន្លែងខ្លះក្ស័យធនត្រូវបិទអាជីវកម្មផងដែរ»។
លោកបញ្ជាក់ថាទៀតថា «ប្រសិនបើពងទាមិនឡើងថ្លៃវិញទេ បណ្ដាលឲ្យរបរចិញ្ចឹមទារក្ស័យធន អស់ដើមទុនសម្រាប់ការរកស៊ី ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់ ចំពោះបញ្ហានេះ ព្រោះថានេះជាមុខរបររបស់តែមួយគត់ ដែលខ្ញុំរកចិញ្ចឹមជីវិតប្រចាំថ្ងៃ ដល់ពេលវាធ្លាក់ថ្លៃបែបនេះ ខ្ញុំមិនដឹងថាគួរថារករបរអ្វីនោះទេ។ សព្វថ្ងៃនេះខ្ញុំ និងប្រពន្ធចង់តែទៅចំណាកស្រុក តែមិនដឹងចេញទៅខាងណា»។
លោកបានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើនការទប់ស្កាត់ របស់នាំចូលពីក្រៅប្រទេសចូលមកកម្ពុជា និងស្នើឲ្យមានការដំឡើងថ្លៃចំពោះរបរកសិកម្ម របស់ប្រជាកសិករ នៅក្នុងប្រទេលើកទីផ្សារបន្ថែមទៀត។
លោក កុសល ឈ្មួញកណ្ដាលទិញពងទាលក់បន្ដ បានថ្លែងឲ្យដឹងថា មានមូលហេតុជាច្រើន ដែលបណ្ដាលឲ្យការទិញពងទាក្នុងតម្លៃថោក ដោយសារតែការនាំយកមក ឲ្យអ្នកទទួលលក់បន្ដ គឺពួកគាត់លក់មិនដាច់ មានការនាំពងទាចូលពីប្រទេសក្រៅច្រើនដែលមានតម្លៃថោក ដូច្នេះគេត្រូវតែបញ្ចុះតម្លៃឲ្យស្មើនឹងតម្លៃដែលគេយកពីក្រៅ ប្រសិនបើយើងទិញពីកសិដ្ឋានក្នុងតម្លៃថ្លៃនោះនឹងមិនបានចំណេញនោះទេ។
សម្រាប់ការទទួលទិញផ្ទាល់ពីម្ចាស់កសិដ្ឋាន គឺទិញក្នុងតម្លៃ២៨០រៀលក្នុងមួយគ្រាប់ ហើយនៅពេលដែលបោះបន្ដបានតម្លៃ២៩០ ទៅ៣០០រៀលក្នុងមួយគ្រាប់ នេះសម្រាប់បោះឲ្យម៉ូយតូច តែបើសម្រាប់ម៉ូយធំវិញ គឺឲ្យតម្លៃថោក ឬស្មើទៅនឹងតម្លៃដែលយើងយកពីកសិដ្ឋានមក។ នេះបើតាម លោក កុសល បានបញ្ជាក់បន្ថែម។
លោក ឆាយ សុខហួរ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានសង្កត់ធ្ងន់ថា ការធ្លាក់ថ្លៃពងទានេះ គឺបណ្ដាលមកពីការនាំចូលពីប្រទេសវៀតណាម ដែលការបើកឲ្យមានការនាំចូល ទាំងនេះ បណ្ដាលឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចក្នុងស្រុក ធ្វើឲ្យកសិករមួយចំនួនឈប់ចិញ្ចឹមទា មាន់ ជ្រូក ហើយនៅថ្ងៃអនាគត បើយើងគិតមិនទាន់ទេ នោះនឹងបណ្ដាលឲ្យប៉ះពាល់កសិផលទាំងអស់ បើកសិផលក្នុងស្រុកដួលហើយ នោះកសិផលនេះត្រូវបានគេសម្លាប់អស់ហើយ។
លោកបានបញ្ជាក់ថា ដើម្បីឲ្យតម្លៃពងទាក្នុងស្រុកឡើងថ្លៃវិញ ត្រូវតែកាត់បន្ថយ ឬបិទកានាំចូលពងទាពីប្រទេសជិតខាង ប្រជាពលរដ្ឋខ្មែរត្រូវមានភាពស្មោះត្រង់នឹងគ្នា ចេះជួយគ្នាទើបកសិផលក្នុងស្រុករីកចំរើន៕