និយមន័យទេសចរណ៍ ជាសកលមាន ១៥ ចំណុច ចំណែកកម្ពុជាធ្វើការកំណត់តែ ៥ ចំណុច ដូចដែលមាន High line ពណ៍ខៀវ ចំណែកប្រទេសផ្សេងៗ ដូចជា ថៃ កូរ៉េខាងត្បូង មានទេសចរណ៍ផ្លូវភេទ sex tourism ក្នុងជំលោះប្រទេសជាតិ គេធ្វើទេសចរណ៍យោធា គឺ មានការស៊់បការណ៍ទៅកាន់តំបន់មួយចំនួន ផ្នែកយោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ័ ដែលសព្វថ្ងៃគេហៅ សេនានុព័ន្ធយោធា សេនានុព័ន្ធទេសចរណ៍ សេនានុព័ន្ធពាណិជ្ជកម្ម...សេនានុព័ន្ធសុខាភិបាល។ មានទេសចរណ៍ខ្មែរជាច្រើនធ្វើទេសចរណ៍ទៅប្រទេសវៀតណាម ប្រទេសថៃ ដើម្បីព្យាបាលជំងឺ Health Tourism
- ភ្នំទាក់ទ្រាំង ត្រូវបានរាជរដ្ឋាភិបាល សម្រចបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ ក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
- រមណីយដ្ឋានស្ទឹងក្រញូង គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងទីរួមខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៨០គីឡូងម៉ែត្រពីទីរួមខត្ត ស្ថិតក្នុងភូមិ តាសាញ ឃុំ តាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ៥៧ ទៅកាន់ស្រុកសំឡូត ហើយឆ្ពោះទៅកាន់រមណីយដ្ឋានតែម្ដង។ រមណីយដ្ឋានស្ទឹងក្រញូងមានវិសាលភាពធំធេងអមដោយផ្ទៃដីមានដើមឈើទាំងតូច និងធំ ដុះចម្រុះគ្នាជាអន្លើៗចោលម្លប់ដ៏ត្រឈឹងត្រឈៃ ក្រោមជំនោរខ្យល់ធម្មជាតិបបោសអង្អែលកាយដ៏ត្រជាក់ល្ហឹមនៅជាប់ នឹងមាត់ស្ទឹង ដែលមានចរន្តទឹកហូរខួបប្រាំងខួបវស្សា ។ ភ្ញៀវទេសចរ អាចចុះងូតទឹកលេងកម្សាន្តក្នុងស្ទឹងមានថ្មរដិបរដុបផុស រាយប៉ាយ ក្នុងពេលបុណ្យចូលឆ្នាំម្តង មានភ្ញៀវមកលេងទឹកនៅទីរមណីយដ្ឋាននេះ រាប់ពាននាក់ ។
- ប្រាសាទឯកភ្នំ ជារមណីដ្ឋានទេសចរណ៍វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណមួយឈ្មោះថាប្រាសាទឯកភ្នំ មានទីតាំងនៅភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំងាយ៧គ.ម បែកចេញពីផ្លូវខេត្តលេខ P156 ត្រង់ម្ដុំភូមិថ្កូវ ឃុំក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងចម្ងាយ១២.២៩គម ពីទីរួមខេត្តបាត់ដំបង។ អ្នកទេសចរអាចធ្វើដំណើដោយមធ្យោបាយ រថយន្ត ម៉ូតូ ប្រើរយៈពេលប្រមាណ២០នាទី។ ប្រាសាទឯកភ្នំត្រូវបានកសាង ឡើងនៅស.វទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) នាសម័យមហានគរដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា ។ ប្រាសាទដ៏ចំណាស់នេះមាន ទីធ្លាប្រមាណ ៣០ម៉ែត្រហើយមានថែវព័ទ្ធជុំវិញប្រាសាទ ពីទិសខាងកើត ទៅទិសខាងលិច មានប្រវែង២៥ម៉ែត្រ ហើយពីទិសខាងត្បូង ទៅទិសខាងជើងមានប្រវែង៤៩ម៉ែត្រ មានរាងបួនជ្រុង ស្មើគ្នាធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានពីរថ្នាក់ មានថែវពទ្ធ័ជុំវិញតួប៉មនៃប្រាសាទ និងកំពែងធ្វើពីថ្មបាយក្រៀមហើយមានគូរទឹកព័ទ្ធជុំវិញផង។ ហើយប្រាសាទនេះមានដើមពោធិ៍ ដុះជុំវិញជាច្រើនដើម បង្កើតអោយជាម្លប់ដ៏ត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។ រីឯនៅខាងត្បូងប្រាសាទវិញ មាននៅសល់គូរទឹកដែលបច្ចុប្បន្ន បានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់ជាប្រចាំ។
- រមណីយដ្ឋានធម្មជាតិថ្វាក ជារមណីយដ្ឋានមួយ ស្ថិតនៅប៉ែកខាងលិចទីរួមខេត្ដបាត់ដំបង ដែលមានចំងាយ ប្រមាណជា ៤៥ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកំសាន្ដតាមផ្លូវជាតិលេខ ៥៧ ។ រមណីយដ្ឋាននេះស្ថិតក្នុងដងស្ទឹងសង្កែ ក្នុងភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានគ្រប់គ្រងដោយអជ្ញាធរមូលដ្ឋាននៅទីនោះ។ ចាប់ពីឆ្នាំ២០១១ រមណីយដ្ឋាននេះ ចាប់ផ្តើមពេញនិយមសម្រាប់ទេសចរជាតិ មកលេងទឹក និងសម្រាក់កម្សាន្ត ។ នៅរដូវប្រាំង កម្រិតទឹករាក់ល្មមសម្រាប់ទេសចរអង្គុយលេង ក្នុងស្ទឹង លើថ្មរដេបរដុប ។ ទីនេះមានដើមឈើធំៗ ផ្ដល់ជាម្លប់ និងគុម្ពឬស្សីជាច្រើនដុះតាមច្រាំង ផ្លូវចូលទៅលេង អមទៅដោយតូប ដែលសាងសង់ឡើងសំរាប់ភ្ញៀវសំរាកកាយ។ ភ្ញៀវទេសចរអាចគយគន់នូវ ទេសភាពធម្មជាតិនៅតាមមាត់ស្ទឹង ស្ដាប់សំលេងទឹកហូរ និងសត្វយំដ៏ខ្ញៀវខ្ញា និងមុជទឹកកំសាន្ត។ ជាពិសេសទៅទៀតនោះកន្លែងកំសាន្ដនេះមាន ផ្ទៃទឹកហូររាបស្មើ និងមានទឹកហូរប្រជ្រៀតគ្នាតាមកន្លៀតថ្ម ធំ តូច គួជាទីកំសាន្ដយ៉ាងមនោរម្យ។ នៅថ្ងៃឈប់សម្រាក់ និងក្នុងពេលបុណ្យទានធំ ៗម្តង ពិសេសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករមកលេងទឹកនៅរមណីតដ្ឋាននេះ ។ និយាយរួមរមណីយដ្ឋាននេះ មាន លក្ខណៈល្អគ្រប់គ្រាន់ សំរាប់ធ្វើជាកន្លែងកំសាន្ដ លេងទឹក និងសំរាកកាយ យ៉ាងសប្បាយរីករាយ ។
- ទំនប់អាងបាសាក់ គឺជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយដែលមានចំងាយ ៨០គម ពីទីរួមខេត្តបាត់ដំបងតាមផ្លូវជាតិលេខ៥ទៅទិសខាងកើតរហូតដល់ស្រុកមោងប្ញស្សីនិងហួសប្រមាណ៥គមរួចបត់ស្តាំ ឆ្ពោះត្រង់ទៅកាន់ស្រុករុក្ខគីរី។ទំនប់នេះស្ថិតនៅភូមិ ឃុំ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។អាងបាសាក់បានកកើត ឡើងនៅសម័យរបបប៉ុល ពតចន្លោះឆ្នាំ១៩៧៦-១៩៧៨ ដោយបានសង់ទំនប់បេតុងចំនួន២កន្លែង ទីមួយ ទំនប់ក្បាលហុង និងទីពីរ ទំនប់អាងបាសាក់ សំរាប់ទប់ទឹកទុកស្រោចស្រពដំណាំកសិកម្មអោយមានជាប្រចាំគ្រប់រដូវកាល។
- ភ្នំព្រះ ជារមណីយដ្ឋានមួយដែលមានចំងាយប្រហែល៧០គមពីទីរួមខេត្តបាត់ដំបងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥ ហួសទីរួមស្រុកមោងប្ញស្សីប្រមាណ ៥គម រួចបត់ស្តាំហើយបន្តដំណើរទៅត្រង់។នៅក្នុងកំឡុងឆ្នាំ១៩៨០ ប្រជាជនបានចូលទៅកាប់វល្លិ៍នៅក្នុងភ្នំនេះក៏ប្រទះឃើញព្រះពុទ្ធរូបជាច្រើនអង្គនៅក្នុងរុងភ្នំហើយក៏បានហៅភ្នំនោះថា ភ្នំព្រះរហូតដល់សព្វថ្ងៃ។
- ភ្នំកាច់ផ្កា ជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅប៉ែកខាងត្បូងនិងមានចំងាយប្រមាណ៧០គមពី ទីរួមខេត្តបាត់ដំបងក្នុងភូមិស្រះថត ឃុំព្រះត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។បច្ចម្បន្ននេះភ្នំកាច់ផ្កាបានរៀបចំជាបណ្តើរដោយគណៈកម្មការវត្តនិងមានកាំជណ្តើរប្រមាណជាង៣០០កាំសំរាប់ឡើងទៅលើកំពូលភ្នំ។ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥ ហូសទីរួមស្រុកមោងប្ញស្សីប្រមាណ៥គមរួចបត់ស្តាំទៅត្រង់។ឈ្មោះភ្នំកាច់ផ្កាៈ កាលដើមឡើយមានមេទ័ពម្នាក់ដែលជាសេនាដៃស្តាំរបស់លោកតាឃ្លាំង មឿង បានធ្វើដំណើរចូលទៅប្រទេសថៃហើយបានឆ្លងកាត់ស្នាក់នៅតំបន់នេះបណ្តោះអាសន្ន គាត់ក៏បានជូបនិងស្រឡាញ់នារីម្នាក់ឈ្មោះនាងសក់ក្រអូបដែលរស់នៅក្បែជើងភ្នំនេះដោយនាងអាស្រ័យផលផ្លែឈើនិងទឹកនៅលើខ្នងភ្នំនោះ។នៅលើខ្នងភ្នំមានអណ្តូងសាកសិទ្ធមួយដែលហ៊ំព័ទ្ធទៅដោយផ្កាចំរុះពណ៌ រៀងរាល់ថ្ងៃនាងសក់ក្រអូបតែងតែទៅកាច់ផ្កាទៅថ្វាយព្រះនៅជិតអណ្តូងសាកសិទ្ធនោះ ហើយមេទ័ពដែលបានលួចស្រឡាញ់នារីនោះបានដាក់ឈ្មោះភ្នំនេះថា ភ្នំកាច់ផ្ការហូតមក។
- ភូមិវត្តគរគឺ ជាភូមិគំរូមួយដែលមានលំនៅដ្ឋានបុរាណច្រើនជាងគេ សាងសង់ឡើងអំពីឈើ ដែលមានលក្ខណៈ ស្រស់ស្អាត និងអគារមានលក្ខណៈបង្ហាញនូវទំនៀមទំលាប់រស់អ្នកស្រុក។ ភូមិនេះស្ថិតនៅភូមិវត្ដគរសង្កាត់វត្ដគរ ក្រុងបាត់ដំបងស្ថិតនៅស្របតាមបណ្ដោយស្ទឹងសង្កែចំងាយប្រមាណជា២គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងត្បូងពីទីរួមខេត្ដបាត់ដំបងហើយភ្ចាប់ជាមួយភូមិកំពង់សីមា ភូមិឈើទាលដែលសម្បូរដោយដំណាំកសិកម្ម ។ ភូមិវត្ដគរនេះជាភូមិដែលមានលំនៅដ្ឋានប្រជាជនរស់នៅជាលក្ខណៈខ្មែរនិងមានផ្ទះប្រជាពលរដ្ឋ តាំងពីយូលង់មកហើយ។ ផ្ទះមួយចំនួនបានសង់ឡើងនៅដើមសតវត្សទី២០ ។ រហូតមកដល់សព្វថ្ងៃអ្នកស្រុកបានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ ប្រពៃណីពីបុរាណតរៀងមក។
- វត្ត វបុលត្ថារាម ស្ថិតនៅក្នុងភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខាងកើតជាប់ (ជាប់ផ្ទះប្រជាជន២គ្រួសារ )ខាងលិចជាប់ថ្នល់ ខាងត្បូង .ជើងជាប់ផ្ទះអ្នកស្រុក មានផ្ទៃដីសរុប៤៨២៩៦ ម៉ែត្រការេ មានចំម្ងាយប្រមាណជា៥០០ ម៉ែត្រ ពីសាលាខេត្តបាត់ដំបង ឈ្មោះផ្លូវការហៅថាវត្ត វបុលត្ថារាម ឈ្មោះហៅក្រៅ(វត្តកណ្ដាល )ត្រូវបានកសាងឡើងប្រហែលជាក្នុងឆ្មាំ១៨១៣ ដោយព្រះគ្រូចៅអធិការដែលយើងពុំអាចដឹកបានព្រះអង្គបានចលនាពុទ្ធបរិស័ទក្នុងភូមិកាប់ឆ្ការព្រៃសាងសង់បានជាសាលាបុណ្យ១ខ្នងធ្វើអំពីឈើប្រក់ស្លឹកនិងកុដិតូចៗ បានមួយចំនួន ។
- វត្ដឈើខ្មៅ មានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលមួយ ក្នុងភូមិកោះ ជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្ដបាត់ដំបងដែលមានចំងាយ ៥៤.១០ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង រហូតទៅដល់វត្ដ។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅកាន់ទីនោះដោយមធ្យោបាយ កាណូត អូប័រ ដោយប្រើរយៈ ពេលប្រហែល ៤ៈ៣០ ម៉ោង ឬ ៥ៈ០០ ម៉ោងនៅរដូវវស្សា។ វត្ដឈើខ្មៅមានទីតាំងភូមិសាស្ដ្រកូអរដោនេ X : 339019, Y : 1476368 ។ វត្ដឈើខ្មៅ មានទីតាំងនៅលើទួលមួយ ដែលកាលពីដើមឡើយលើទួលនេះសំបូរទៅដោយដើមឈើខ្មៅ ហើយគេបានកាប់ឈើនោះ យកមកធ្វើព្រះវិហារ ទើបគេអោយឈ្មោះថាវត្ដឈើខ្មៅ។ វត្ដឈើខ្មៅបានសាងសង់នៅឆ្នាំ ១៨៨៧ ជំនាន់ព្រះគ្រូចៅអធិការព្រះនាម សឿ ហើយទួលនេះគឺជាទួលសក្ដិសិទ្ធិនៅក្នុងតំបន់ទនេ្លសាប ទោះបីជា មានទឹកជំនន់ធំប៉ុណ្ណាក៏ទួលដែលសាងសង់ព្រះវិហារនេះពុំដែលលិចទឹកទេ ហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមថា ទួល អណ្ដែត។ វត្ដឈើខ្មៅជាវត្ដបុរាណមួយ ដែលសាងសង់នៅតំបន់ព្រៃរនាម។ នៅរដូវប្រាំងព្រះវិហារនេះ មើលទៅដូចជា ប្រាសាទមួយនៅកណ្ដាលព្រៃ ដែលលេចធ្លោទៅលើអាកាស។ នៅលើទួលនេះមានសល់ទូក ង មួយដែលគេកសាង ឡើងតាំងពីពេលកកើតវត្ដដែលទូកនោះធ្វើពីឈើគគី ដែលដុះនៅលើទួលនោះ ហើយមានបារមីមិនដែលចាញ់ទេ ពេល ប្រណាំងម្ដងៗ។
- អាងកំពីងពួយ គឺជារមណីដ្ឋានទេសចរណ៍បរិស្ថានធម្មជាតិស្ថិតនៅប៉ែកខាងលិច នៃទីរួមខេត្ដបាត់ដំបងដែលបាន កសាងឡើងក្នុងសម័យប៉ុលពតដោយកំលំាងមនុស្សសុទ្ឋសាធ។ វាស្ថិតនៅក្នុងភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ អ្នកទេសចរអាចទៅលេងរមណីយដ្ឋាននេះដោយធ្វើដំណើរ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ និងផ្លូវជាតិលេខ៥ ដោយប្រើរយះពេលប្រហែល ៤៥នាទី ទៅ១ម៉េាង។ កំពីងពួយ គឺជាឈ្មោះរុក្ខជាតិទឹកម្យ៉ាងដែលអាចយកទៅទទួលទានបាន។រមណីយដ្ឋាននេះ ជាឆាកសោកនាដ កម្មដ៏ធំមួយនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលត្រូវបានសាងសង់ឡើងដោយប្រជាជនខ្មែររាប់មឺុននាក់។ ទំនប់ដ៏ធំស្កឹមស្កៃនេះប្រើកំលាំងមនុស្សសុទ្ធសាធ ប្រើចបកាប់ដី និងរែកដោយបង្គី ហើយស្ថាបនិកទាំងនោះភាគច្រើន បានបាត់បង់ជីវិតអស់ទៅហើយ។ អាងកំពីងពួយស្ថិតនៅភូមិតាង៉ែន ឃុំតាគ្រាមស្រុកបាណន់ ដែលមានបណ្ដោយ ៦០០០ម. និងទទឹង ១៩០០ម. អាចផ្ទុកទឹកបាន ១១០,០០០,០០០ម៣ (មួយរយដប់លានម៉ែត្រគូប) នៅរដូវវស្សា ដែលជាប្រភពទឹកសំរាប់វិស័យ កសិកម្ម។ ទីតាំង និងទិដ្ឋភាពគួអោយគយគន់នៃអាងកំពីងពួយ គឺផ្ទៃបឹងមានសភាពធំល្វឹងល្វើយជុំវិញពទ័្ឋទៅដោយភ្នំ ដែលអំណោយផលយ៉ាងប្រសើរដល់អ្នកទេសចរ ជិះទូក ស្ទូចត្រី និងមុជទឹកកំសាន្ដ។ លើសពីនេះអ្នកទេសចរ អាចសំរាក ពិសារអាហារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ទ្វារទឹកដ៏ធំពីរកន្លែងក្នុងរមណីយដ្ឋាននេះមានទឹកហូរ គ្រប់រដូវ។
- ប្រាសាទបាណន់ ជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានប្រាង្គប្រាសាទបុរាណឈ្មោះប្រាសាទបាណន់ ស្ថិតនៅលើកំពូលភ្នំបាណន់។ រមណីយដ្ឋាននេះស្ថិតនៅខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយប្រមាណ ២០.២០ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ប្រាសាទបាណន់។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយមធ្យោបាយ រថយន្ដ ម៉ូតូ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវលេខ P១៥៧១ និងផ្លូវលេខ៨០០ អមតាមមាត់ស្ទឹងសង្កែ ។ វាមានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់។ ប្រាសាទបាណន់ បានសាងសង់ឡើងនៅពាក់កណ្ដាលសតវត្សទី១១ និងចុងសតវត្សរ៍ទី១២។ ព្រះរាជាដែលបាន កសាងមុនគេគឺព្រះបាទ ឧទយាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) ក្រោយមកត្រូវបានបពា្ចប់ដោយព្រះបាទ ជ័យវរ្ម័នទី៧ (១១៨១-១២១៩) ។ ប្រាង្គប្រាសាទនេះសង់នៅលើកំពូលភ្នំបាណន់ តំរៀបគ្នាមានលក្ខណៈដូច ប្រាសាទអង្គរវត្ដ ប៉ុន្ដែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយគ្រាម និងថ្មភក់។ លោក HENRY MOUHOTជាជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្ដបានរាយការណ៏១៤០ឆ្នាំកន្លងទៅហើយថា ទឹកនៅក្នុងល្អាង ដ៏ពិសិទ្ឋិ ដែលផឹកវាទៅនាំអោយដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ ឈ្មោះល្អាងក្នុងសម័យនោះ គេហៅថាគុហាព្រះទឹក (ល្អាងទឹកពិសិទ្ឋិ)។
- ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចំងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ។ នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖ ១. ល្អាងផ្កាស្លា ២. ល្អាងគក់ទ្រូង ៣. ល្អាងខ្យល់ ៤. ល្អាង តែងខ្លួន ៥. ល្អាងល្ខោន ៦. ល្អាងជ្រៃ ៧. ល្អាងពេជ្រ ៨. ល្អាងខ្វែង ៩. ល្អាងប្រេង ១០. ល្អាងស្ថានីយ ឬល្អាងធំ ១១. ល្អាងក្បាលខ្មោច ១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន។ នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅ មិនត្រឹមតែ ជារមណីយដ្ឋានធម្មជាតិ ដ៍មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយ ដ៍ទាក់ទាញ ក្នុងចំណោម រមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ។ ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាង ។ អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។ ជារៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលនាំគ្នាអង្គុយរង់ចាំ ទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង សុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍ អស្ចារ្យនេះ ។ ម្យ៉ាងវិញទៀតហ្វូងសត្វប្រជៀវទាំងអស់នោះត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ។ ប្រជាពលរដ្ឋនៅតំបន់នោះ ឈ្មោះ អ្នកស្រី ញឹង ភាព ជាអ្នកទទួលខុសត្រូវយាមល្អាង សត្វប្រជៀវ និងជាអ្នកប្រមូលអាចន៍ប្រជៀវលក់ បានអោយដឹងថា ការអភិរក្សសត្វប្រជៀវគឺពិបាកមែនទែន ដោយសារតែមានជនឆ្លៀតឱកាសមកលួចបាញ់ តែមកទល់ពេលបច្ចុប្បន្ននេះ គ្រាន់បើជាងមុន ហើយដោយ សារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោជន៍របស់វា និងយល់ដឹងអំពីការប្រឈមនឹងផ្លូវច្បាប់ ។ បើនិយាយពីអត្ថប្រយោជន៍នៃសត្វប្រ ជៀវទាំងនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ គឺវាជួយបំផ្លាញសត្វល្អិតចង្រៃដែលបំផ្លាញដំណាំ របស់កសិករ និងអាចម៍របស់របស់គេយកធ្វើជាជីទៀតផង ហើយអ្វីដែលពិសេសបំផុតនោះ គឺហ្វូងសត្វប្រជៀវទាំងក្លាយជាផលិតផលទេសចរណ៍ដ៍ទាក់ទាញក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ។ ដោយសារវត្តមានភ្ញៀវទេសចរនេះ ហើយ ធ្វើអោយបង្កើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការលក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ជាដើម ។ បើនិយាយពីសេវាដឹកជញ្ជូន វិញ នៅភ្នំសំពៅមានឡានសម្រាប់ដឹងភ្ញៀវឡើងភ្នំចំនួន ០៨ គ្រឿង ដែលសុទ្ធតែបានមកធ្វើអាជ្ញាបណ្ណនៅមន្ទីរ ទេសចរណ៍ខេត្តបាត់ដំបង ។ ចំពោះកត្តាសន្តិសុខវិញ នៅរមណីយដ្ឋានភ្នំសំពៅមានកម្លាំងនគរបាលទេសចរណ៍ចំ នួន ០២ រូប និង កម្លាំងប្រជាការពារឃុំចំនួន ០៦ រូប នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បី រៀបចំ ថែរក្សា ការពារ សុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាហ្វូងសត្វប្រជៀវ និងមកកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅនេះ ។ ជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិដូង ឃុំឈើទាល ស្រុកបាណន់ វាមានចំងាយប្រមាណ ២៣ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ល្អាងភ្នំរំសាយសក់។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរពីទីរូមខេត្ដ បាត់ដំបងតាមផ្លូវជាតិលេខ៥៧ ឆ្ពោះទៅទិសខាងត្បូងនៅលើផ្លូវទៅប្រាសាទបាណន់ដែរ ពេលធ្វើដំណើរទៅដល់ផ្លូវ បំបែកទៅភ្នំសំពៅបត់ឆេ្វងហើយធ្វើដំណើរទៅរហូតទៅដល់ក្លោងទ្វារវត្ដ រួចចូលតាមក្លោងទ្វារវត្ដបន្ដរហូតទៅដល់ភ្នំ នាងរំសាយសក់។
- ភំ្នរំសាយសក់ នោះមានប្រវត្ដិដើមទាក់ទងក្នុងរឿងពេ្រងខ្មែរបុរាណយូរលង់ណាស់មក ហើយដែលតែងតែ ដំណាលតៗគ្នារហូតមកដល់សព្វថ្ងៃនេះ។ រឿងពេ្រងនេះវាមានប្រវត្ដិទាក់ទងគ្នាទៅនឹងភ្នំបាណន់ ភ្នំសំពៅ ភ្នំតាង៉ែត ភ្នំរំសាយសក់ ភ្នំក្ដោង ភ្នំទ្រុងមាន់ទ្រង់ទាជាដើម (សូមអានរឿង ឪរឿងព្រះចៅរាជកុល និងនាងរំសាយសក់ឱ )។ ល្អាងភ្នំធម្មជាតិមានជណ្ដើរធ្វើពីបេតុងនិងមានបង្កាន់ដៃឡើងរហូតទៅដល់មាត់ល្អាង។ ភ្ញៀវទេសចរណ៍អាច មើលឃើញនូវទេសភាពដ៏ល្អប្រណិតពីលើកំពូលភ្នំនូវវាលស្រែដ៏ធំល្វឹងល្វើយ ចំការ នឹងទេសភាពព្រៃភ្នំទាំងឡាយ ដ៏ខៀវស្រង៉ាត់។ លើភ្នំរំសាយសក់មានល្អាងដែលនៅមាត់ល្អាងមានរូបសំណាកបដិមាករមួយសំរាប់ការបន់ស្រន់សុំ សេចក្ដីសុខសប្បាយ។យើងអាចធ្វើដំណើរចូលទៅក្នុងល្អាងតាមកាំជណើ្ដរដែលបានសាងសង់ហើយ នៅក្នុងល្អាងនេះ មានសភាពងងឹតហើយត្រជាក់។ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរភ្ញៀវទេសចរណ៍ចាស់កេ្មងតែងតែនាំគ្នាទៅលេង កំសាន្ដយ៉ាងសប្បាយ។ លើសពីនេះទៅទៀតក៏មានការរៀបចំដាក់ភ្លើងនៅក្នុងល្អាង ផ្លូវចូលល្អាង នៅក្នុងវត្ដ ភ្លឺព្រោងព្រាតនៅ ក្នុងបុណ្យទានផេ្សងៗ។ រីឯនៅជើងភ្នំមានព្រះវិហារមួយដែលកំពុងសាងសង់ និងមានទីធ្លាវត្ដដ៏ធំ មានសួនច្បារ មានផ្លូវ នឹងមានការរៀបចំឡើងយ៉ាងល្អប្រពៃ។
- ល្អាងភ្នំក្រពើ គឺជារមណីយដ្ឋានទេសចរណ៍ដែលស្ថិតនៅប៉ែកខាងលិចខេត្ដបាត់ដំបងនៅក្នុង ភូមិក្រពើខាងត្បូង ខាងកើត និងក្រពើខាងជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយមានចំងាយ ១៧.១៧ គ.ម ដោយគិតចាប់ពីសាលាខេត្ដ បាត់ដំបងរហូតទៅដល់ភ្នំក្រពើ យើងអាចធ្វើដំណើរទៅកាន់ ភ្នំនេះបានតាមផ្លូវជាតិលេខ៥៧ដោយរថយន្ដ ម៉ូតូ…បានដោយសុវតិ្ដភាព។ (សូមមើលផែនទីបង្ហាញផ្លូវ) ល្អាងភ្នំក្រពើកកើតឡើងពីធម្មជាតិដែលស្ថិតនៅលើភ្នំក្រពើនិយាយរួមមក ភ្នំក្រពើនេះ ក៏មានដំណាលក្នុងប្រជុំ រឿងពេ្រងខ្មែរ ឪរឿងព្រះចៅរាជកុល និងនាងរំសាយសក់ឱ ប្រហាក់ប្រហែលនឹងភ្នំសំពៅដែរ ដែលវាមានការទាក់ ទងទៅនឹងភ្នំក្រពើ ភ្នំរំសាយសក់ ភ្នំទ្រុងមាន់ទ្រុងទា និងភ្នំក្ដោង។ នៅលើភ្នំក្រពើនេះ ក៏មានល្អាងផងដែរ លើសពីនេះទៅទៀតគឺមានបឹងច្រមុះ និងបឹងកន្ទុយព្រមទាំងព្រៃធម្មជាតិដ៏ស្រស់ស្អាតដែលដុះនៅលើកំពូលភ្នំ។ ល្អាងភ្នំក្រពើនេះមានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ទៅកំសាន្ដ ពីព្រោះវានៅមិនខ្ពស់ពីដីដែលមាន កំពស់ប្រហែលជា ៤ ទៅ ៥ម៉ែត្រ ពីជើងភ្នំប៉ុណ្ណោះ។ ល្អាងនេះមានខ្យល់អាកាសបរិសុទ្ធល្អត្រជាក់ មានទីធ្លាធំទូលាយ និងផ្ទាំងថ្មធំៗសំរាប់សំរាកលំហែកាយ។ ជាពិសេសទៅទៀតនោះ គឺវាមានកាំជណ្ដើរឡើងទៅដល់កំពួលភ្នំដែលមាន ព្រះវិហារកំពុងតែសាងសង់ ហើយពីលើកំពូលភ្នំនេះយើងអាចស្រូបយកខ្យល់បរិសុទ្ធនិងទស្សនានូវទេសភាពយ៉ាងល្អ ត្រកាលដែលនៅជុំវិញភ្នំក្រពើនេះ។
- ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង បានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង ក្នុងរជ្ជកាលកាលព្រះបាទ ស៊ីសុវត្ថិ ។ផ្ទះនេះសាងសង់ដោយលោកឧកញ៉ា នូ ពិនិត្យ ភីង និងភរិយា លោកស្រី យិន ។ លោកឧកញ៉ាជាមេទ័ព តែលុះដល់វ័យចំណាស់គាត់បានប្ដូរមកធ្វើជាស្មាក្ដីវិញ។ លោកទាំងពីរមាន កូន៧នាក់ៈ ប្រុស១ ស្រី៦។ ក្រោយពីលោកទទួលអនិច្ចកម្មទៅផ្ទះនេះ ត្រូវបានគ្រប់គ្រងដោយកូនស្រីទី៦ គឺអ្នកស្រី នូ ភុន ព្រមទាំងស្វាមី ឈ្មោះ ប៊ុន ឈួយ លោកទាំងពីរជាឪពុកម្ដាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ។ ផ្ទះបុរាណស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំងាយ២គម ពីសាលាខេត្ត បាត់ដំបង។ នៅភូមិវត្តគរ មានផ្ទះបុរាណចំនួន២០ផ្ទះ តែមានផ្ទះបុរាណចំនួន២ប៉ុណ្នោះ ដែលអាចទស្សនា បាន។ បច្ចប្បន្នផ្ទះនេះមានអ្នកគ្រប់គ្រងថែរក្សាបីជំនាន់មកហើយ។ ផ្ទះនេះមានបណ្ដោយ ២៩ម៉ែត្រ និងទទឹង ១០.៥ម៉ែត្រ សង់លើផ្ទៃដី ៥៤៥០ម៉ែត្រការ៉េ សង់តាមលំនាំម៉ូត ប៉ិត មានន័យថាហោណាំង (រានហាល) នៅខាងមុខ។ ផ្ទះនេះមានជណ្ដើរពីរៈ ខាងមុខធ្វើ ពីថ្ម រីឯខាងក្រោយធ្វើពីឈើ។ ដំបូលប្រក់ក្បឿងស្រកានាគបុរាណតែខាងក្នុងគ្មានពិដានទេ និងមាន ក្បូក្បាច់យ៉ាងប្រណិតនៅលើព្រំផ្ទះ។ ឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាល ធ្វើពីឈើកកោះ។ ចំណែកជញ្ជាំងវិញ ធ្វើពីឫស្សី ត្បាញបូកជាមួយបាយអ។ សសរទាំង៣៦សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូតដល់ពេលបច្ចុប្បន្ននេះ។
- រូបសំណាក នាកសន្តិភាព និង អភិវឌ្ឍន៍ នេះត្រូវបានសម្ពោធនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ មានពណ៏ខ្មៅផលិត ពីអាវុធជាតិផ្ទុះជាច្រើនប្រភេទ ដែលបានប្រមូលរយៈពេលពីរឆ្នាំពីប្រជាពលរដ្ឋ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធដោយអាជ្ញាធរខេត្ត ក្រោមការឩបត្ថម្ភពីរដ្ឋាភិបាលជប៉ុនហៅកាត់ថា( ចេសាក់) ។ រូបសំណាក់នេះរំលឹកអំពីការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែងនិងក្តីសង្ឃឹមរបស់ពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក្នុងការលុបបំបាត់អំពើហឹង្សាកន្លងមក ហើយបានកសាងសង្គមមួយដែលគ្មានអំពើហឹង្សា ។អតីតអគារសាលាខេត្តបាត់ដំបងដំបង ដែលមានអាយុកាល ១១៣ឆ្នាំ (១៩០៥-២០១៨)
- អតីតអគារសាលាខេត្តបាត់ដំបង បានកសាងឡើងនៅក្នុងសម័យលោកម្ចាស់កថាថន ឈុំ ពេលដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ពីឆ្នាំ១៧៩៥ ដល់១៩០៧ (លោកម្ចាស់កថាថន ឈុំ គឺជាពូជពង្សរបស់ចៅហ្វាបែន ដែលបានគ្រប់គ្រងខេត្តបាត់ដំបងរហូត ៥ ជំនាន់តៗគ្នា)។ ក្នុងឆ្នាំ១៩០៥ ស្ដេចត្រាញ់ កថាថន ឈុំ បានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកកឲ្យមកសាងសង់អគារនេះឡើងសម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន ប៉ុន្តែក្នុងឆ្នាំ១៩០៧ ពេលដែលបារាំងទាមទារបានខេត្តទាំងបី រួមមានខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះក៏បានលក់លំនៅឋានរបស់លោកទាំងអស់ រួមទាំងអាគារនេះផង ដែលលោកមិនទាន់បានរស់នៅនៅឡើយ ឲ្យមកអាជ្ញាធរបារាំង ។ អគារនេះក៏ត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំង និងក្រោយមកជាសាលាខេត្តបាត់ដំបង រហូតមកដល់ឆ្នាំ២០០៥ ។ បច្ចុប្បន្នអាជ្ញាធរខេត្តបាន រៀបចំអតីតអគារសាលាខេត្តនេះឲ្យទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ដោយមានការដាក់តាំងរូបភាព ទស្សនីយភាពផ្សេងៗដែលកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗរហូត ដល់ឆ្នាំ១៩០៧ និងក្នុងសម័យអាណានិគមនិយមបារាំង។
- រមណីយដ្ឋានពពុះថ្ម មានទីតាំងស្ថិតនៅ ភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្ដបាត់ដំបង ដែលមាន ចំងាយប្រមាណ ៣៦.៨២ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់រមណីយដ្ឋានពពុះថ្ម។ ភ្ញៀវ ទេសចរណ៍អាចធ្វើដំណើរទៅកាន់ទីនោះដោយរថយន្ដ ឬម៉ូតូតាមផ្លូវទៅកាន់ប្រាសាទបាណន់បានដោយសុវត្ថិភាព។
- រមណីយដ្ឋានពពុះថ្ម ជារមណីយដ្ឋានធម្មជាតិ មានទីតាំងស្ថិតស្របតាមដងស្ទឹង ដែលមានប្រជាប្រិយភាព តាំងពីសម័យសង្គមនិយមមកម៉េ្លះហើយក្រោយមកក៏ត្រូវបានបោះបង់ចោលនៅក្នុងកំឡុងឆ្នាំ ១៩៧៥ ដោយសារតែ តំបន់នេះជាតំបន់សមរភូមិ។ វាជារមណីយដ្ឋានដែលផ្ដល់នូវភាពងាយស្រួលសំរាប់ការកំសាន្ដលំហែកាយ លេងទឹក នឹងស្រូបយកនូវខ្យល់អាកាសបរិសុទ្ធ និងចូលទស្សនានូវល្អាងភ្នំប្រាក់នៅជិតនឹងរមណីយដ្ឋានពពុះថ្មនោះទៀតផង។ រមណីយដ្ឋានេះ ជារមណីយដ្ឋានធម្មជាតិ មានព្រៃដុះក្រាស់ផ្ដល់ម្លប់ប្រជាក់ សំរាប់ភ្ញៀវទេសចរណ៍មកអង្គុយលេងកំសាន្ដ មានទឹកស្ទឹងថ្លាយ៉ង់សំរាប់ងូតកំសាន្ដ និងមានផ្ទាំងថ្មធំៗ ថ្មប៉ប្រះទឹក ខ្សាច់សស្អាតនៅបាតស្ទឹង ហើយនៅរដូវប្រាំងទឹកហូរជ្រែកផ្ទាំងថ្មបង្កើតបានជាពពុះ ទើបប្រជាជននិងភ្ញៀវទេសចរណ៍អោយឈ្មោះកន្លែងនេះថា ពពុះថ្ម។ លើសពីនេះទៅទៀតនៅជិតនឹងពពុះថ្មនេះមានភ្នំប្រាក់មួួយដែលមានដើមឈើយ៉ាងស្រស់បំព្រងនិងមានល្អាង ជាច្រើនដែលអាចអោយយើងចូលទស្សនាបានទៀតផង។
- ព្រែកទាល់ ជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរ ដែលស្ថិតនៅខាងជើងឈៀងខាងលិចនៃទីរួមខេត្តបាត់ដំបង មានចម្ងាយស្មើនឹងពាក់កណ្តាលផ្លូវនៃការធ្វើដំណើរ តាមទូកពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។ អ្នកទេសចរអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានដោយមធ្យោបាយទូក កាណូត អូប័រ និងប្រើពេលប្រមាណ ៧ម៉ោង នៅរដូវវស្សា និង១០ ម៉ោងនៅរដូវប្រាំង អាស្រ័យលើល្បឿនកាណូត ។ ព្រែកទាលជា រមណីយដ្ឋានជំរកសត្វស្លាបអាថ៍កំបាំងធម្មជាតិនៅតំបន់ទន្លេសាបមួយដែលមានតាំងពីយូលង់ណាស់មកហើយ នៅទីនោះគឺជាជំរកសត្វស្លាបដ៍ធំមួយ និងជាប្រភពតំណរពូជ សម្រាប់សត្វបក្សាបក្សីគ្រប់ប្រភេទ ។
- ទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយ៨០គីឡូម៉ែត្រពីទីរួមខេត្ដក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង។ទឹកធ្លាក់ អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ដោយប្រជាជនដែលទៅរស់នៅទីនោះ។ដល់ឆ្នាំ២០០៧ក៏មានប្រជាជនចូលទៅលេងទីនោះតែឃើញរឿងចំលែកមួយគឺទឹកធ្លាក់ដែលមើលឃើញនោះថតអត់ជាប់ បើតាមជំនឿប្រជាជននៅទីនោះគាត់ថាទឹកធ្លាក់នោះមានអ្នកតាកាន់។ រហូតមកដល់ចុងឆ្នាំ២០១៣មានមន្ត្រីបរិស្ថាននិងសហគមន៍មួយឈ្មោះ សហគន៍តំបន់ការពារធម្មជាតិអូជាំបានសហការគ្នារៀបចំផ្លូវចូលទៅក្នុងរមណីយដ្ឋានទឹកធ្លាក់អូជាំនេះ។ ទឹកធ្លាក់នេះមានរយៈកំពស់ ៣០ម៉ែត្រដែលហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជា៖មានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្មនិងទឹកធ្លាក់ជាបណ្តាក់ៗចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំដែលបង្កលក្ខណៈអោយសប្បាយដល់ភ្ញៀវទេសចរមកទស្សនា។
- វត្តកែវ មាន ទីតាំងស្ថិតនៅជាប់មាត់ស្ទឹងសង្កែ ក្នុងភូមិកំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីក្រុងបាត់ដំបង ដោយឆ្លងតាមស្ពានថ្មថ្មី រួចជិះតាមផ្លូវមាត់ស្ទឹងត្រើយខាងកើតរហូតទៅដល់វត្តកែវ ដែលមានចម្ងាយប្រមាណ ៦.៩៧ គ.ម ដោយគិតចាប់ពីសាលាខេត្តបាត់ដំបង។ វត្តនេះត្រូវបានកសាងឡើងនៅឆ្នាំ១៧៧២ កាលពីដើមវត្តនេះ គឺជាកោះមួយដែលមានទឹកព័ទ្ធជុំវិញ ទើបគេអោយឈ្មោះថា វត្តកោះកែវ ឫវត្តមុន្នីរតនារាម ក្រោយមកពាក្យនេះបានស្ទួននឹងវត្តដទៃទៀត ក៍បានប្តូរឈ្មោះមកវត្តកែវរហូតមកដល់សព្វថ្ងៃនេះ ។
- វត្តជើង ជាវត្តដ៏ចាស់មួយនៅក្នុងចំណោមបណ្តាវត្តនានា នៅក្នុងស្រុកមោងឬស្សី ដែលស្ថិតនៅក្នុងភូមិដូនទ្រី ឃុំជ្រៃ។ វត្តនេះមានចម្ងាយ ៦០.៥៨គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្តបាត់ដំបង រហូតដល់វត្តតែម្តង ។ ហើយមានទីតាំងស្ថិតនៅខាងកើតឈៀងខាងត្បូង ខេត្តបាត់ដំបង ដែលភ្ញៀវទេសចរអាចធ្វើដំណើរដោយរថយន្ត ឬ ម៉ូតូ ។ កាលពីដើមឡើយ វត្តនេះបានសាងសងព្រះវិហារ ដែលបែរមុខទៅទិសខាងជើង មិនតែប៉ុណ្ណោះ ព្រះពុទ្ធបដិមាករ ក៍បែរមុខទៅរកទិសខាងជើងផងដែរ ។ ដោយសារតែព្រះវិហារ និងរូបសំណាក ព្រះពុទ្ធ បែរទៅទិសខាងជើងដូចនេះហើយ ទើបគេហៅឈ្មោះវត្តនេះថា វត្តជើង ។ ប៉ុន្តែបច្ចុប្បន្ននេះ វត្តនេះបានប្តូរឈ្មោះមកជាវត្តអម្ពវ័នវិញ ។
- វត្តវិបុលត្ថារាម(កណ្តាល) ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំង ខេត្តបាត់ដំបង ដែលមានចំងាយប្រមាណ ៥០០មពីសាលាខេត្តបាត់ដំបង ។ភ្ញៀវទេសចរអាចធ្វើដំណើតាមដងស្ទឹងសង្កែត្រើយខាងកើតជាប់សួនសម្តេច ស ខេង។ វត្តវិបុលត្ថារាម (កណ្តាល)បានកសាងឡើងក្នុងឆ្នាំ ១៨៦៣ ដោយប្រជាពលរដ្ឋនៅក្នុងភូមិនេះ។មូលហេតុដែលយើងហៅវត្តនេះថាវត្តកណ្តាលដោយសារផ្អែកលើទីតាំងវត្ត ស្ថិតនៅចំកណ្តាលនៃវត្តពីរគឺវត្តពោធិ៍ក្នុង និងវត្តសង្កែ។វត្តនេះផងដែរជាកន្លែងសួរចំលើយ ឃុំឃាំងមនុស្សនិងធ្វើទារុណកម្មអ្នកទោសក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។
- វត្ដកំផែង មានទីតាំងស្ថិតនៅតាមផ្លូវលេខបី នៅទិសខាងត្យូងឈាងខាងលិចសាលាខេត្ដបាត់ដំបង ចំងាយ ប្រមាណជា ២០០ម៉ែត្រ។ វាស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ អ្នកទេសចរអាចទៅទស្សនានៅ ទីនោះដោយថ្មើរជើង។ វត្ដនេះអាយុកាលប្រហែល ១០០៣ទៅ ១០០៤ឆ្នាំមកហើយ នៅក្នុងសម័យស្ដេចស៊ីសុវត្ដិដែលបានជួសជុល ពីរលើកមកនឹងលើកទីបីនៅឆ្នាំ១៩៩៨ ។
- ប្រាសាទបាសែតជារមណីយដ្ឋានទេសចរណ៍វប្បធម៍មួយ ដែលសង់លើទីទួលស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ មានចំងាយ ១៤.៣៦គ.ម ដោយគិតចាប់ពីសាលាខេត្ត។ ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទសូរ្យិវរ្ម័នទី១ ( ១០០២ – ១៥៥០ ) ដែលជាស្ថាបត្យកម្មសតវត្សរ៍ទី១១ កំឡុងឆ្នាំ១០៣៦ – ១០៤២ ។ នៅក្នុងបរិវេណប្រាសាទ មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជំរៅ ១០ ម៉ែត្រ ដែលមានជណ្តើជុំវិញ ធ្វើអំពីថ្មបាយក្រៀម ហើយបានផ្តល់ទឹកខួបប្រាំង ខួបវស្សា ។ នៅទីនេះមានរឿងតំណាលថា៖ អ្នកភូមិតែងតែធ្វើការប៉ន់ស្រន់ផ្សងទៅនឹងបំណងផ្សេងៗ ដែលខ្លួនចង់បាន ។
- ប្រាសាទស្នឹង ជាគោលដៅទេសចរណ៍វប្បធម៌មួយ ដែលមានទីតាំងស្ថិតនៅភូមិ ស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ស្ថិតនៅភាគខាងលិចនៃទីរួមខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ២២.៥៨ គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវលេខ ៥៧។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងកំឡុងសត្សវតិ៍ទី១២ ដោយបែងចែកជា ពីរផ្នែកគឺ ប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។
បញ្ជីប្រសាទ នៅ ខេត្ត បាត់ដំបង
- ប្រាសាទបាសែត (ខេត្តបាត់ដំបង)
- ប្រាសាទបាណន់ (ខេត្តបាត់ដំបង)
- ប្រាសាទបវេល (ខេត្តបាត់ដំបង)
- ប្រាសាទបាណន់ (ខេត្តបាត់ដំបង)
- ប្រាសាទបាសែត (ខេត្តបាត់ដំបង)
- ប្រាសាទភ្នំបាណន់ (ខេត្តបាត់ដំបង)
- ប្រាសាទរូង (ខេត្តបាត់ដំបង)
- ប្រាសាទវត្តឯកភ្នំ (ខេត្តបាត់ដំបង)
- ប្រាសាទស្នឹង (ខេត្តបាត់ដំបង)
- ប្រាសាទស្នឹងខាងកើត (ខេត្តបាត់ដំបង)
- ប្រាសាទស្នឹងខាងលិច (ខេត្តបាត់ដំបង)