Saturday, January 30, 2021

​ការ​ចិញ្ចឹម​ត្រី​

ការចិញ្ចឹមត្រីអាចប្រើពេល ៣ ខែ ដល់ទៅ ៨ ខែ  អាស្រ័យទៅតាមប្រភេទត្រី។ ពូជត្រី មានអ្នកភ្ញាស់ពូជត្រីសម្រាប់លក់ ដោយប្រើពេល ៤៥ ថ្ងៃ យ៉ាងយូរ។ ករណីគ្មានអ្នកទិញកូនត្រី កូនត្រីវាធំ បណ្តាល់ឲ្យគ្មានអ្នកទិញ ព្រោះអ្នកទិញចង់បានកូនត្រី អាយុតិច ចំនួនច្រើនក្បាល/កីឡូក្រាម ដូច្នេះបើសិន ត្រីធំ វានឹងបានចំនួនតិចក្បាល/គីឡូក្រាម។ អ្នកលក់កូនត្រី គេត្រូវបន្ថយចំណីត្រីជាតិ ប្រូតេអ៊ិន ដោយឲ្យត្រីស៊ីតែកន្ទក់ ពេលនោះ កូនត្រីនៅតូចដដែល តែមានអាយុច្រើន ទៅជាត្រីក្រិន !។ ខ្សែសង្វាក់នៃការចិញ្ចឹមត្រីគឺ មាន ៦ ជំហាន ដែល ចាប់ផ្តើមពី ស្រះ ឬ កសិដ្ឋានចិញ្ចឹមត្រី ការប្រមូលត្រី ឲ្យមកនៅផ្តុំ Harvesting  ការបញ្ជូនត្រី ដូចជា ស្ទូច ឬ រូឡូ ឬ រ៉ៃ ដើម្បីបញ្ជូនត្រី Loading មកចូលក្នុង រ៉មោះក ឬ រថយន្ត រួចបន្តទៅ ឈ្មួញកណ្តាល មុនពេលចូលដល់ក្នុងទី ផ្សារ Market ។ ក្នុងការវិភាគអំពីការចិញ្ចឹមត្រីនេះ គឺថាដើម្បីបានសាច់ត្រីទម្ងន់ ១គក គេត្រូវដាក់ចំណី ៤,៥ គក មានន័យថា ក្នុងអាងមួយទំហំ ៣ មែត្រ អាចចិញ្ចឹមត្រីបាន ១ តោន គឺគេចំណាយចំណីដល់ទៅ ៤,៥ តោន ដែលត្រូវការបង្ហូរទឹកចេញ ការប្រើថ្នាំសំអាតទឹក ការរក្សាទឹកឲ្យត្រជាក់ ជៀសវាងការពុលត្រី ព្រោះចំណីផង អាចម៍ត្រីផង។ ក្នុងត្រី ១ក្បាលមានជាតិ ឬ ដូចនេះ។ 
  1. ប្រូតេអ៊ីន Protein ១៨-៥០%
  2. លីពីត Lipids ១០-២៥%
  3. កម្លាំង/ថាមពល /ស្ករ កាបូហាយដ្រាត Carbohydrate ១០-២៥%
  4. កន្ទក់  ash, <8.5 percent
  5. ស្រកាត្រី ហ្វូស្វ័រ phosphorus, <1.5 percent;
  6. ទឹក water, <10 percent
ការចិញ្ចឹមត្រី៖ ហេតុអ្វីបានជាកម្ពុជានាំចូលត្រី រាប់សែនតោន/ឆ្នាំៗ ពី ប្រទេសវៀតណាម ថៃ? ដោយសារ ត្រីនៅវៀតណាម ថៃ គេសំបូរ នឹងមានតម្លៃថោក ! ហេតុអ្វីតម្លៃគេថោកជាងកម្ពុជា? គឺដោយសារ គេអាចផលិតចំណីត្រី ជាជាងការ ប្រើចំណីត្រីស្រស់ជាកូនត្រី ។ ត្រូីចិញ្ចឹម គ្មានរស់ជាតិឆ្ងាញ់ឡើយ ដោយសារ ការប្រើជីអ៊ុយរ៉េ សម្រាប់ឪ្យទឹកត្រជាក់ សម្លាប់មេរោគ, ការប្រើចំណី អ័រម៉ូនឲ្យត្រូីឆាប់ធំធាត់ ប្រើពេលចិញ្ចឹមតិចខែ ពេលនោះសាច់ត្រីផុយៗ។ ក្លិនត្រី ធុំក្លិនអាក្រក់ ដោយសារទឹក មានក្លិនអាក្រក់ ក្លិនស្អុយ, ការដឹកជញ្ជូនត្រី នៅកម្ពុជា គេអាចដាក់ត្រីក្នុងទឹកកក ដើម្បីសម្លាប់ត្រី នឹងរក្សាទុកពេលដឹកជញ្ជូន ចំណែកការប្រើជី អ៊ុយរ៉េ ដើម្បីរក្សាត្រីឲ្យស្រស់ គឺជាការប្រើជាតិពុល និង រមាស់ ក ពេលបរិភោភត្រី...
ក្នុងនាមជាកសិករចិញ្ចឹមត្រីម្នាក់ ដែលមានបទពិសោធន៍ចិញ្ចឹមត្រីរាប់លានក្បាលលើសប្រាំឆ្នាំ ធ្លាប់ទៅមើលកសិដ្ឋានចិញ្ចឹមត្រី សត្វទឹកសាបនឹងប្រៃធំៗនៅបរទេសជាច្រើនកន្លែង ធ្លាប់រៀនបច្ចេកទាក់ទងនឹងវារីវប្បកម្ម ធ្លាប់រៀនពីផលិតកម្មចំណីសត្វ ធ្លាប់រៀនពីទឹក ដី។​ល។​ ខ្ញុំសូមជំរាបថា កសិករខ្មែរមានសមត្ថភាពចិញ្ចឹមត្រីនឹងសត្វទឹកដូចជាក្តាម បង្កង បង្គា កន្ធាយ។​ល។ រួមទាំងការផលិតពូជត្រី។ បច្ចេកទេសកសិករខ្មែរមិនចាញ់យួនទេ តែដោយសារខ្វះការជ្រោមជ្រែងដែលនាំអោយមានការវិវត្តន៍ យឺត។​
តើហេតុអ្វីទើបការវិវត្តរបស់វិសយ័នេះយឺត?​
  1. ១. យួនផ្គត់ផ្គង់ទីផ្សារយូណាស់មកហើយ បណ្តាញចែកចាយត្រីរបស់យួ​ននៅស្រុកខ្មែររឹងមាំ កសិករមានទីផ្សារចង្អៀត ដើម្បីលក់ផលិតផលរបស់ខ្លួន ការពង្រីកអោយធំក៏កាន់តែពិបាក។​
  2. ២. មិនមានការវិនិយោគខ្នាតធំ ដោយក្រុមហ៊ុនក្នុងស្រុកឬបរទេស។ កសិករចិញ្ចឹមត្រីមានទុនតិចក្នុងការពង្រីកអោយធំ។ វិសយ័ធនាគាផ្តល់ការកំចីដោយមានការប្រាក់ខ្ពស់។​
  3. ៣. ចំណីត្រីក្នុងស្រុកមានតំលៃខ្ពស់ជាងចំណីត្រីនៅយួន នៅពេលក្រសួងកសិកម្មប្រកាសផ្អាកនាំចូលត្រីពីយួនកាលពីដើមខែមករាទាំងដែលត្រីយួននៅតែនាំចូលជាធម្មតានោះ រោងចក្រផលិតចំណីត្រីនឹងនាំចូលដឹកដៃគ្នាឡើងថ្លៃជាបន្តបន្ទាប់ចាប់ពី៣០ទៅ៥០ដុល្លាក្នុងមួយតោន។​
  4. ៤. គ្មានការត្រួតពិនិត្យគុណភាពត្រីនាំចូល ត្រីនាំចូលពីយួនមិនបានពិនិត្យគុណភាពត្រឹមត្រូវ។ យួនអាចចិញ្ចឹមត្រីអោយតែធំដើម្បីលក់ដោយមិនបានគិតពីគុណភាព ដូចជាអោយស៊ីកាកសំណល់ ប្រើថ្នាំគីមីលើសកំរិត ប្រើថ្នាំអង់ទីប៊ីយ៉ូទិចនឹងអរ័ម៉ូន កត្តានេះនាំអោយថ្លៃដើមរបស់គេទាប។​
  5. ៥. ការប្រជែងមិនស្មោះត្រង់ ត្រីនាំចូលមិនបានបង់ពន្ធពេញទេ នេះបើតាមសំដីឈ្មួញនាំចូលម្នាក់នៅក្នុងប្រពន្ធ័តេលេក្រាមកាលពីខែធ្នូកន្លងទៅ ដែលមានវត្តមានឯកឧត្តមរដ្ឋមន្ត្រី សមាគមត្រី នឹងអ្នកចិញ្ចឹមត្រីជាច្រើនផង។ ការមិនបង់ពន្ធត្រឹមត្រូវនេះធ្វើអោយរដ្ឋខាតប្រាក់ចំណូល ហើយកសិករទាំងឡាយតែងតែជួបការលំបាកដោយសារឈ្មួញតែងតែទំលាក់តំលៃ។ រឿងទាំងនេះវាផ្ទុយពីក្រសួងពាណិជ្ជកម្មយួនដែលដំឡើងពន្ធស្ករសនាំចូលពីសៀមដើម្បីការពារផលិតកម្មក្នុងស្រុករបស់ខ្លួន។​
ដូច្នេះខ្ញុំសូមបដិសេធនឹងថ្កោលទោសចំពោះ ការលើកឡើងរបស់មន្ត្រីនឹងប្រជាជនមួយចំនួនដែលថា
ខ្មែរមិនចេះចិញ្ចឹម បច្ចេកទេសខ្មែរមិនដល់យួនបានថ្លៃដើមខ្ពស់ជាង ឬស្នើរអោយកសិករប្តូរមុខរបរជាដើម។​ យកតែពន្ធត្រីនាំចូលអោយគ្រប់នឹងពិនិត្យគុណភាពអោយបានត្រឹមត្រូវមក។ បើកសិករមិនអាចប្រជែងនឹងត្រីយួនបាន ក៏គ្មានកសិករណាបន្ទោសមន្ត្រីដែរ។ តែសូមកុំចោទគ្នាថាអត់ចេះបច្ចេកទេស ឬខ្វះវិធីសាស្ត។

វៀតណាមចេញមុខតវ៉ា ក្រោយកម្ពុជាហាមឃាត់«ការនាំចូលត្រី៤ប្រភេទ»ចូលកម្ពុជាកម្ពុជា៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើតវ៉ាទៅលើអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានចេញសេចក្ដីប្រកាសហាមឃាត់ការនាំចូលត្រីប្រាដែលមាន បួនប្រភេទគឺ ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្ដោ ពីបរទេសក្នុងនោះមានប្រទេសវៀតណាមផងដែរ ក្នុងគោលបំណងការពារទីផ្សារសម្រាប់អ្នកលក់ត្រីក្នុងស្រុក។

យោងតាមលិខិតផ្ញើជូនទៅឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ភាគីវៀតណាម បានអះអាថា បន្ទាប់ពីមានការបិទការនាំចូលត្រីពីប្រទេសវៀតណាម ត្រូវមួយចំនួនត្រូវបណ្ដេញត្រឡប់ទៅប្រទេសវៀតណាមវិញ។ លើសពីនេះ ការហាមឃាត់ការនាំចូលនេះ វាក៏អាចបង្កការខូចខាតអវិជ្ជមានដល់ផលប្រយោជន៍អ្នកប្រើប្រាស់កម្ពុជា ប្រឆាំងនឹងពាណិជ្ជកម្មពិភពលោក WTO ខណៈដែលកម្ពុជានិងវៀតណាមជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ទាក់ទងនឹងបញ្ហានេះ មិនទាន់មានការឆ្លើយតបណាមួយពីខាងភាគីកម្ពុជានោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានថ្លែងថា អាជីវករញ័រភ័យខ្លាចវៀតណាមខឹង ភ័យអាជីវករវៀតណាមអត់ទីផ្សារលក់ត្រី តែបែរជាភ្លេចភ័យអំពីប្រជាពលរដ្ឋចិញ្ចឹមត្រីក្នុងស្រុកសព្វថ្ងៃដែលគ្មានទីផ្សារ។ វាជារឿងមួយដែលគួរឱ្យបារម្ភខ្លាំងណាស់ ចំពោះពួកគាត់ដែលជាកសិករវ៉ារីវប្បករ ឬជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីតាមកន្លែងនីមួយៗ។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រសួងនឹងចាប់ផ្ដើមរៀបចំអ្នកត្រួតពិនិត្យចំនួនពីរក្រុម ជាមួយខណ្ឌរដ្ឋបាលជលផល គឺឯកឧត្ដម ហាស់ សារ៉េត និងឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើជាមេបញ្ជាការពង្រឹងការនាំចូល ហើយនិងបន្តពង្រឹងការងារនោះឱ្យបានរៀបរយ កាន់តែរឹងមាំថែមទៀត៕

អបអរសាទរ រាជរដ្ឋាភិបាលសម្រេចផ្អាកការនាំចូលត្រីពីប្រទេសជិតខាង ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ប្រកប​របរ​ចិញ្ចឹម​ត្រី និង លើក​ស្ទួយ​ការ​ចិញ្ចឹម​ត្រី​ក្នុងស្រុក​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង ពិសេស​ពី​ប្រទេស​វៀតណាម​និង​ថៃ ។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​០៨ មក​រា ២០២១​នេះ បាន​បញ្ជាក់​ថា តាម​រយៈ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួម​មាន​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​តំណាង​អាជីវករ​នាំ​ចេញ នាំ​ចូល​ផល ផលិតផល ជលផល និង​បាន​ព្រមព្រៀង​គ្នា​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយ​ចំនួន​ដូច​ជា តំណាង​អា​ជីករ​នាំ​ចេញ នាំ​ចូល​ផល ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​នូវ​ការ​ស្នើ​សុំ​នាំ​ចូល​ប្រភេទ​ត្រី​ដែល​វា​រី​វប្បករ​ផលិត​បាន​ច្រើន​ដូច​ជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង ត្រី​ឆ្តោ ព្រមទាំង ប្រភេទ​ត្រី​មួយ​ចំនួន​ទៀត​ដែល​អាច​ចិញ្ចឹម​បាន​ក្នុងស្រុក តាម​ការ​ជូនដំណឹង​របស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​ជាដើម ។​

​សូម​បញ្ជាក់​ថា ច្រើន​ឆ្នាំ​កន្លង​មកនេះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ពិសេស​អ្នក​ប្រកប​របរ​ចិញ្ចឹម​ត្រី​បាន​រអ៊ូរទាំ​អំពី​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​វៀតណាម​និង​ថៃ ដែល​ធ្វើ​ឲ្យ​ត្រី​ពួក​គាត់​ពិបាក​រក​ទីផ្សារ ដោយសារ​ក្រុម​អាជីវករ​មួយ​ចំនួន​ដែល​នាំ​ត្រី​ចូល​បាន​ទម្លាក់​ថ្លៃ​ជាដើម ៕

ត្រីឆ្តោ ត្រូវបានក្រសួងកសិកម្ម ស្នើដ្ឋាភិបាល អនុញ្ញាត ឲ្យមានការចិញ្ចឹមទ្បើងវិញភ្នំពេញ: ដោយមើលឃើញពី តម្លៃសេដ្ឋកិច្ចខ្ពស់របស់ត្រីឆ្តោ ព្រមទាំងមានការស្រាវជ្រាវថា មានចំណីសិប្បនិម្មិត (ចំណីគ្រាប់) សំរាប់ចិញ្ចឹមត្រីឆ្តោ ក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ បានធ្វើការស្នើសុំ រដ្ឋាភិបាល អនុញ្ញាត បើកឲ្យមានការចិញ្ចឹមត្រីឆ្តោ ទាំងលក្ខណ:គ្រួសារ និងពាណិជ្ជកម្ម ទ្បើងវិញ។ នេះបើយោងតាមលិខិតស្នើសុំរបស់ ក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ លេខ២៨៨៦ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៦។

គួររំឭកដែលថា ត្រីឆ្តោ ជាប្រភេទត្រី ស៊ីកូនត្រីជាអាហារ ដែលជាកត្តាបង្កបទលើ្មសនេសាទដោយប្រើស្បៃមុង ចាប់ពូជត្រីល្អិតៗ ដែលពិបានទប់ស្កាត់។ មួយវិញទៀត គេសង្កេតឃើញថា មានឈ្មួញនាំត្រីឆ្តោ ចូលពីវៀតណាម ដោយខុសច្បាប់ ជាបន្តបន្ទាប់ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាតិ៕

ត្រី​ឆ្តោ ជា​ត្រី​ទឹកសាប ប្រភេទ​មំសាសី ពោលគឺ​ស៊ីសាច់​ជា​អាហារ​។ ក្នុង​វ័យ​ជំទង់​គេ​ហៅថា ត្រី​ដៀប ពេល​ធំ​ពេញវ័យ​ហៅ​ត្រី​ឆ្តោ មានឈ្មោះ​វិទ្យាសាស្ត្រ (Channa micropeltes) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant snakehead​។ ត្រី​ប្រភេទ​នេះ មាន​រស់នៅ​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍ ចាប់ពី​ទន្លេមេគង្គ​ភាគ​ខាងក្រោម​ក្នុងប្រទេស​ឡាវ «​ព្រមទាំង​ដៃទន្លេ​ផ្សេងៗ របស់​វា ដូចជា​ទន្លេ សេ​បាំង​ហ្វៃ​» នៅ​អាង​ទន្លេ​ចៅ​ប្រា​យ៉ា និង​ទន្លេ​មេ​ក្លង ក្នុងប្រទេស​ថៃ នៅ​បឹង​ទន្លេសាប និង​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដូច​ខេត្តព្រៃវែង និង​ខេត្តតាកែវ ក្នុងប្រទេស​កម្ពុជា និង​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម ។ ត្រី​ដៀប​/​ឆ្តោ មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៣០ ស​.​ម វា​ចាប់កំណើត​ឡើង​នៅតាម​ទន្លេ​រាក់ៗ វាលទំនាប តាម​ស្ទឹង ប្រឡាយ បឹង​ធំៗ ដែលមាន​ទឹកនឹង ឬ​ហូរ​យឺតៗ​។ អាហារ​ចម្បង​របស់​ត្រី​ដៀប​/​ឆ្តោ គឺ​ស៊ី​ត្រី​ផ្សេងៗ ប៉ុន្តែ​វា​ក៏​ស៊ី​ពពួក​ចៃ​ទឹក ឬ​សត្វល្អិត​ដែល​រស់ក្នុង​ទឹក​ផងដែរ​។

នៅក្នុង​សង្គម​ខ្មែរ មាន​ពាក្យ​ដំណៀល​មួយ​ពោលថា​៖ «​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​» តើ​នេះ​ជា​ការពិត​ដែរឬទេ​? បើ​យោងទៅលើ​លក្ខណៈ​ជីវសាស្ត្រ​ខាងលើ ពុំមាន​ចំណុច​ត្រង់ណា​ដែលថា​ត្រី​ឆ្តោ​ស៊ី​កូន​វា​នោះទេ​។ នៅក្នុង​ធម្មជាតិ បើ​យើង​ពិនិត្យ​តាមដាន​សកម្មភាព​រប​ស់ត្រី​ឆ្តោ​បណ្តើរកូន នោះ​យើង​នឹង​បាន​ឃើញថា ពេល​មាន​ឧបសគ្គ​អ្វី​មក​យាយី ត្រី​ឆ្តោ​នឹង​ហាមាត់​ឲ្យ​កូនតូចៗ​របស់​វា​ចូល​ដើម្បី​លាក់ខ្លួន​។ ពេល​ឧបសគ្គ​ទៅ​ផុត វា​នឹង​ហាមាត់​ឲ្យ​កូន​វា​ចេញមក​វិញ​។ ដូច្នេះ ពាក្យ​ដំណៀល​ថា «​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​» នោះ ហាក់​មិន​ច្បាស់លាស់ ជា​ការណ៍​ពិត ឬ​យ៉ាងណា​នោះទេ​។

​ប៉ុន្តែ បើ​យើង​ធ្វើការ​អង្ក​តទៅ​លើ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្តោ គេ​និយម​ប្រមូល​ទិញ​កូន​ត្រី​គ្រប់​ប្រភេទ ដែល​គេ​ហៅថា «​ត្រី​នុយ​» ពី​អ្នកនេសាទ ដែល​ប្រើប្រាស់​ឧបករណ៍​លូ​ស្បៃ​មុង​ខុស ច្បាប់​ដើម្បី​ចាប់​កូន​ត្រី​គ្រប់​ប្រភេទ មិន​ថា​ជា​កូន​របស់​ត្រី​ប្រភេទ​ណា តូច ឬ​ធំ​ទេ ពោលគឺ​កូន​ត្រី​ចម្រុះ បួ​ក​រួមទាំង​កូន​ត្រី​ឆ្តោ​ខ្លួនឯង​ផងដែរ​។ មិនតែប៉ុណ្ណោះ កូនតូចៗ​របស់​ត្រី​ប្រភេទ​កម្រ​ជិត​ផុត​ពូជ ដូចជា​ត្រី​គល់រាំង ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ និង​ត្រី​រាជ ដែល​ស្ទើរតែ​បាត់​វត្តមាន​ទាំងស្រុង​ក្នុង​ទន្លេមេគង្គ​កម្ពុជា​ទៅហើយនោះ ក៏មាន​វាសនា​ក្លាយជា «​ត្រី​នុយ​» នឹង​គេ​ដែរ​។

ក្នុង​រដូវវស្សា​ចាប់ពី​ខែមិថុនា ដល់​ខែតុលា ជា​រៀងរាល់ឆ្នាំ កូន​ត្រី​រាប់រយ​ប្រភេទ និង​រាប់ពាន់​លាន​ក្បាល បានធ្វើ​ចរាចរ​ចុះមក​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេមេគង្គ​។ កូន​ត្រី​ទាំងនោះ បាន​បន្ត​ចូលទៅក្នុង​តំបន់​វាលទំនាប​លិច​ទឹក ជាពិសេស ចូលទៅក្នុង​បឹង​ទន្លេសាប ដើម្បី​លូតលាស់​ធំធាត់​នៅ​ទីនោះ​។ តែ​ជា​អកុសល កូន​ត្រី​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលប់ មិនបាន​ទៅដល់​គោលដៅ និង​កូន​ត្រី​ខ្លះ​បាន​ទៅដល់​គោលដៅ​ដែរ តែ​មិនទាន់​នឹង​បាន​ធំធាត់​ផង ក៏ត្រូវ​អ្នកនេសាទ​ចាប់យក​ធ្វើជា «​ត្រី​នុយ​» យ៉ាង​គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត​។ មិនដឹងថា កូន​ត្រី​ចំនួន​ប៉ុន្មាន​សិប​តោន​ក្នុង​មួយថ្ងៃ ដែល​ត្រូវ​ចាប់​ធ្វើជា «​ត្រី​នុយ​» នៅ​ទូទាំងប្រទេស​នោះទេ​។ ប្រសិនបើ​មិនត្រូវ​បាន​ចាប់​ទេ កូន​ត្រី​ទាំងនោះ អាច​នឹង​ក្លាយទៅជា​ត្រី​ពេញវ័យ​តូច​-​ធំ​គ្រប់​ប្រភេទ​តាម​លក្ខណៈ​ធម្មជាតិ​រប​ស់វា​។ បើ​យើង​ធ្វើការ​ប្រៀបធៀប​តម្លៃ «​ត្រី​នុយ​» និង​ត្រី​ធំ​ពេញវ័យ នោះ​រិត​តែ​ធ្វើ​ឲ្យ​យើង​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ជាទីបំផុត​។ កូន «​ត្រី​នុយ​» មួយ​គីឡូក្រាម ដែលមាន​កូន​ត្រី​ចម្រុះ​ចំនួន​រាប់ពាន់​ក្បាល ថ្លៃ​តែ ១.០០០ (​មួយ​ពាន់​) ទៅ ១.៥០០ (​មួយ​ពាន់​ប្រាំ​រយ​) រៀល​ប៉ុណ្ណោះ​។ ខណៈ​បើ​ទុក​ឲ្យ​វា​ធំ​ពេញវ័យ តម្លៃ​របស់​វា​នឹង​កើនឡើង​រាប់សិប​ដង ទៅតាម​ប្រភេទ​ត្រី​តូច​-​ធំ​។

ដូច្នេះ ប្រសិនបើ​មានការ​ចូលរួម​ពី​អ្នកនេសាទ​ទូទាំងប្រទេស លប់បំបាត់​ឲ្យ​អស់​រាល់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ជាពិសេស ការនេសាទ​ត្រី​កូន​ត្រី​ធ្វើជា «​ត្រី​នុយ​» នោះ​ប្រទេស​កម្ពុជា នឹងមិន​ខ្វះ​ត្រី​ទេ សម្បូរ​ខ្លាំងណាស់​។ ដូច្នេះ ជាការ​ជាក់ស្តែង មនុស្ស​ទេ​ដែល​ចាប់​កូន​ត្រី​ឆ្តោ ឲ្យ​ត្រី​ឆ្តោ​ស៊ី តាមរយៈ «​ត្រី​នុយ​» នេះ​។ តាមពិត ទឡ្ហី​ករ​ខាងលើ មិន​គ្រប់​ជ្រុងជ្រោយ​ទាំងស្រុង​នោះទេ គ្រាន់តែ​ចង់បង្ហាញ​ថា ភាគច្រើន មនុស្ស​ទេ​ដែលជា​អ្នក​ចាប់​កូន​ត្រី​ឆ្តោ​ឲ្យ​ត្រី​ឆ្តោ​ស៊ី ច្រើនជាង​ត្រី​ឆ្តោ​ស៊ី​កូន​របស់​វា​ដោយ​ខ្លួនឯង​។

ក្នុង​ប្រ​ភ​ទេស​កម្ពុជា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយមាន​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ ការទន្ទ្រាន​កាប់ឆ្ការ ដុតបំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​យក​ធ្វើជា​ដី​កសិកម្ម ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​បឹង​ទន្លេសាប ជាពិសេស​ក្នុង​រដូវ​ត្រី​ពង​-​កូន និង​ធំធាត់ បានធ្វើ​ឲ្យ​មច្ឆជាតិ​គ្រប់​ប្រភេទ មាន​និន្នាការ​ធ្លាក់​យ៉ាងខ្លាំង និង​មាន​ប្រភេទ​ខ្លះ ឈានទៅ​ផុត​ពូជ​តែម្តង​៕

ការបើកឲ្យចិញ្ចឹមត្រីឆ្តោឡើងវិញ ធ្វើឲ្យកម្ពុជាកាត់បន្ថយការនាំចូលត្រីឆ្តោជាង ៤០ពាន់ តោន ក្នុងមួយឆ្នាំ (ភ្នំពេញ)៖ បន្ទាប់ពីហាមឃាត់អស់ជាច្រើនឆ្នាំ ការចិញ្ចឹមត្រីឆ្តោត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យប្រជាពលរដ្ឋចិញ្ចឹមឡើងវិញកាលពីឆ្នាំ២០១៦កន្លងទៅនេះ។ ការអនុញ្ញាតឲ្យចិញ្ចឹមត្រីឆ្តោឡើងវិញធ្វើឲ្យ​កម្ពុជាកាត់បន្ថយការនាំចូលត្រីឆ្តោពីប្រទេសវៀតណាមជាង ៤០ពាន់តោននៅក្នុងមួយឆ្នាំ។

ការចិញ្ចឹមត្រីឆ្តោត្រូវបានរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យចិញ្ចឹម ក្រោមការពន្យល់ពីអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ សារុន ថា ការចិញ្ចឹមត្រីឆ្តោនេះនាំឲ្យហិនហោចដល់កូនត្រីដែលគេនឹងត្រូវចាប់យកមកធ្វើជាចំណីត្រីឆ្តោ។ ការមិនចិញ្ចឹមត្រីឆ្តោនេះ ធ្វើឲ្យប្រជាពលរដ្ឋត្រូវទិញត្រីឆ្តោនាំចូលពីប្រទេសវៀតណាម រាប់ពាន់តោននៅក្នុងមួយឆ្នាំៗ។

លុះដល់ឆ្នាំ២០១៦ ក្រោយពេលលោក វេង សាខុន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានស្នើរាជរដ្ឋាភិបាលអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីឆ្តោឡើងវិញ។ លោកបានពន្យល់ថា ការចិញ្ចឹមត្រីឆ្តោមិនធ្វើឲ្យវិនាសដល់ធនធានត្រីនោះទេ ព្រោះការចិញ្ចឹមត្រីនេះមិនមែនពឹងផ្អែកតែលើការយកកូនត្រីមកធ្វើជាចំណីនោះទេ គឺមានចំណីផ្សេងៗទៀតផងដែរ។

មួយវិញទៀតការបើកឲ្យចិញ្ចឹមត្រីឆ្តោនេះ ក៏ជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់អ្នកចិញ្ចឹមត្រី ហើយ​ក៏កាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង ដែលប្រជាពលរដ្ឋចំណាយលុយយ៉ាងច្រើនជួយចិញ្ចឹមពលរដ្ឋវៀតណាម តាមរយៈការទិញត្រីឆ្តោនេះ។

ក្នុងពេលចុះទៅពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីឆ្តោមួយកន្លែងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ លោក វេង សាខុន បានអះអាងថា ការបើកចិញ្ចឹមត្រីឆ្តោឡើងវិញធ្វើឲ្យកម្ពុជាកាត់បន្ថយការនាំចូលត្រីឆ្តោពីប្រទេសវៀតណាម បានជាង ៤០ពាន់តោន។ ពីមុនក្នុងមួយឆ្នាំកម្ពុជានាំចូលត្រីឆ្តោប្រមាណ ៦០ពាន់តោនក្នុងមួយឆ្នាំ តែបច្ចុប្បន្ននាំចូលតែប្រមាណ ១៣ពាន់តោនតែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជាចិញ្ចឹមត្រីឆ្តោបានប្រមាណ ៦០ពាន់តោនក្នុងមួយឆ្នាំ ហើយរំពឹងថា ការចិញ្ចឹមនឹងមានការកើនឡើងជាបន្តបន្ទាប់ នឹងធ្វើឲ្យចំនួននាំចូលត្រីឆ្តោនឹងកាន់តែធ្លាក់ចុះ។

លោក ឡោង ស្រ៊ាង អ្នកប្រកបរបរចិញ្ចឹមត្រី បានបង្ហាញការសាទរ និងរីករាយ ចំពោះការបើកឲ្យចិញ្ចឹមត្រីឆ្តោឡើងវិញនេះ។ លោកបានពន្យល់ថា ពីមុនហាមមិនឲ្យចិញ្ចឹមត្រីឆ្តោធ្វើឲ្យកម្ពុជាខាតច្រើន ដោយទី១មួយត្រូវនាំកូនត្រីលក់ទៅឲ្យប្រទេសជិតខាង ហើយទិញត្រីចិញ្ចឹមគេមកហូបជំនួសវិញ។

តែក្រោយពេលបើកឲ្យចិញ្ចឹមវិញ ធ្វើឲ្យចំណេញការងារដល់ប្រជាពលរដ្ឋ ហើយក៏ធ្វើឲ្យពលរដ្ឋខ្មែរមិនប្រឈមនឹងជំងឺដោយសារហូបត្រីនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកចិញ្ចឹមត្រីរូបនេះ។

លោក ឡោ ស្រ៊ាង អះអាងថា ត្រីឆ្តោចិញ្ចឹមនៅប្រទេសប្រឈមនឹងជំងឺច្រើន ព្រោះពួកគេចិញ្ចឹមប្រើថ្នាំគីមីច្រើន មិនដូចការចិញ្ចឹមនៅកម្ពុជាមានអាកាសធាតុល្អ ការចិញ្ចឹមមិនប្រើថ្នាំគីមី ហើយស្រដៀងហ្នឹងត្រីធម្មជាតិដែរ មិនបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកហូបនោះទេ។

អ្នកចិញ្ចឹមត្រីរូបនេះអះអាងទៀតថា ការចិញ្ចឹមត្រីឆ្តោនេះ ក៏មានផ្តល់ចំណេញផងដែរ ព្រោះថាការឲ្យចំណេញ និងរយៈពេលចិញ្ចឹមប្រហាក់ប្រហែលនឹងត្រីប្រភេទដទៃដែរ តែតម្លៃបានខ្ពស់ជាងត្រីប្រភេទដទៃ៕
ទំហំមធ្យម៖ ៤០ សង់ទីម៉ែត្រ ៤០០ក្រាម
ចរិកស៊ីចំណី៖ ស៊ីចម្រុះ រុក្ខជាតិ​​ និងសត្វ
ចំណី៖ ចំណីផ្សំ ចំណីគ្រាប់
ជម្រៅស្រះសមស្រប៖ ១ម ទៅ ៣ម
រយៈពេលចិញ្ចឹម៖ ៦ខែ ទៅ ៨ខែ

2017-01-17 04:04pm កម្ពុជា នាំចូលត្រីពីវៀតណាមចន្លោះពី ៧០-៨០តោន ក្នុងមួយថ្ងៃ ខណៈអ្នកចិញ្ចឹមត្រីក្នុងស្រុកត្អូញអត់ទីផ្សារ  (ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការនៅតាមសណ្ឋាគារ អាហារដ្ឋាន ក៏ដូចជាការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះ កម្ពុជា បាននាំត្រីពីប្រទេសវៀតណាមចន្លោះពី ៧០ ទៅ៨០តោនក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ណៅ ធួក ដែលមានអតីតភាពជាអគ្គនាយករដ្ឋបាលជលផលផងដែរនោះ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្នុងចំណោមត្រី ដែលនាំចូលពីវៀតណាម មានត្រីរ៉ស់ និង ត្រីឆ្តោ ៤០-៥០តោន។ លោក ណៅ ធួក បានឲ្យដឹងដែរថា ក្នុងចំណោមត្រី ដែលនាំចូលនេះ មានត្រីខ្លះក៏មានការបង់ពន្ធ ហើយត្រីខ្លះទៀតលួចនាំចូលតាមច្រករបៀង ដោយមិនមានបង់ពន្ធនោះឡើយ។

លោក ណៅ ធួក បានទទួលស្គាល់ថា ការនាំចូលត្រីពីប្រទេសវៀតណាមដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺពិតជាបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការចិញ្ចឹមត្រីក្នុងស្រុក ហើយក្រសួង ក៏បានដាក់ចេញវិធានការក្នុងការទប់ស្កាត់ផងដែរ។

ប្រទេសវៀតណាម ត្រូវបានគេដឹងថា ជាប្រទេស ដែលនាំយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងត្រី សាច់ និងបន្លែបង្កា ចូលក្នុងប្រទេសកម្ពុជា រួមនិងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ក៏ដូចជាលើពិភពលោក។

យោងតាមការចេញផ្សាយរបស់ព័ត៌មានក្នុងប្រទេសវៀតណាម បានឲ្យដឹងថា វៀតណាម ទទួលបានចំណូលពីការនាំចេញបន្លែ-ផ្លែឈើ ត្រីសាច់ជាង ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ ប៉ុន្តែវៀតណាម ក៏បានចំណាយថវិកាទៅវិញ ៥២៩លានដុល្លារ ដើម្បីទិញបន្លែផ្លែឈើពីបរទេសមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ការនាំចូលនេះ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុក ដែលខ្លាចរអាមិនហ៊ានប្រើបន្លែផ្លែឈើក្នុងស្រុក ដែលរកឃើញថា មានប្រើសារធាតុគីមីធ្ងន់ធ្ងរ។

ការនាំចូលត្រី សាច់ បន្លែ ផ្លែឈើ ដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសវៀតណាម ក៏កំពុងតែជះឥទ្ធិពលអាក្រក់ដល់ក្រុមអ្នកប្រកបរបរចិញ្ចឹមត្រី ដាំបន្លែ ផ្លែឈើក្នុងស្រុកខ្មែរផងដែរ។

អ្នករកស៊ីចិញ្ចឹមត្រីប្រា នៅភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ខណ្ឌព្រែកព្នៅ បាននាំគ្នាត្អូញត្អែរថា ត្រីរបស់ពួកគេក្នុងឆ្នាំ២០១៦ មិនមានឈ្មួញមកចាប់យកទៅចែកចាយបន្តដូចបណ្តាឆ្នាំកន្លងទៅនោះទេ។ បើតាមក្រុមអ្នកចិញ្ចឹមត្រី បានអះអាងថា ត្រីរបស់គាត់ដែលធ្លាប់តែត្រូវឈ្មួញចាប់នៅអំឡុងខែសីហា នៃបណ្តាឆ្នាំនីមួយៗនោះ នៅឆ្នាំ២០១៦ មិនមានឈ្មួញមកចាប់នោះទេ ហើយអូសបន្លាយរហូតដល់ខែមករា ឆ្នាំ២០១៧នេះ ក៏មិនទាន់មានឈ្មួញមកចាប់នោះឡើយ។

អ្នកស្រី ហុង ចាន់ថន បានបញ្ជាក់ដូច្នេះ «ត្រូវប្រមូលផលក្នុងខែ១០(តុលា) ហ្នឹង ប៉ុន្តែគេអត់មកចាប់យើង អូសបន្លាយរហូតដល់ខែ១១, ១២ ឬ ខែ១ ជួបការលំបាកច្រើន។ ទីផ្សារឥឡូវធ្វើបានហើយលក់អត់ចេញ ដោយសារការនាំចូលពីប្រទេសជិតខាងច្រើនពេក អ៊ីចឹងធ្វើឲ្យអ្នកចិញ្ចឹមក្នុងស្រុកដល់ពេលប្រមូលផលបែរជាប្រមូលអត់បានទៅវិញធ្វើឲ្យមានការខាតបង់ច្រើន»។

លោក ឆន ប្រុស អាយុ ៤៩ឆ្នាំ និងជាអ្នកប្រកបរបរចិញ្ចឹមត្រីប្រាប្រមាណជា ៦ឆ្នាំមកហើយនោះ បានថ្លែងបញ្ជាក់ថា «កន្លងមកខែ៨ ហើយយ៉ាងយូរបំផុតខែ១០ ឬ១១អីណឹងអ្នកចិញ្ចឹមត្រីលក់ត្រីចង់អស់ហើយ។ ទើបតែឆ្នាំនេះ ជួបបញ្ហាលក់មិនបានដូចឆ្នាំកន្លងទៅទេ»។

ក្រុមអ្នកចិញ្ចឹមត្រី សុទ្ធតែបានអះអាង និងលើកឡើងដូចៗគ្នា កត្តាដែលនាំឲ្យត្រីរបស់ពួកគាត់លក់មិនចេញដោយសារត្រីនាំចូលពីវៀតណាម ជាពិសេសច្រកព្រំដែនជ្រៃធំ។

ក្រុមអ្នករកស៊ីចិញ្ចឹមត្រី ក៏បានទទូចឲ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដាក់ចេញវិធានការទប់ស្កាត់ការនាំចូលត្រីមកពីប្រទេសវៀតណាមឲ្យបានខ្ពស់ ដើម្បីផ្តល់ទីផ្សារសម្រាប់អ្នកចិញ្ចឹមត្រីនៅក្នុងស្រុកឲ្យបានកាន់តែទូលាយ។ បើបណ្តោយឲ្យមានការនាំចូលបែបនេះទៀត ក្រុមអ្នករកស៊ីចិញ្ចឹមត្រី អាចនឹងត្រូវបោះបង់អាជីព៕

រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើដល់អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយទប់ស្កាត់ការនាំចូលត្រីខុស​ច្បាប់ពីប្រទេសជិតខាង ហើយអំពាវនាវដល់​អ្នកនាំចូលត្រីងាកមកប្រមូលទិញត្រីរបស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ មន្រ្តីជំនាញសំខាន់ៗ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន ០២កន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កសិដ្ឋានទី០១៖ របស់លោក សឿ ម៉ៅ ដែលត្រូវជាបងប្រុសលោក ហោង ទ្រី និងលោក លីម សុខហេង ត្រូវជាក្មួយលោកហោង ទ្រី ដែលស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង១៨ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន​១៥ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ សមត្ថភាពផលិតត្រីប្រាបាន ២ ០០០តោនក្នុង១ឆ្នាំ ដោយប្រើចំណីផលិតដោយខ្លួនឯងផង និងក្រុមហ៊ុនផង។

កសិដ្ឋានទី២៖ ចិញ្ចឹមត្រីប្រាដូចគ្នា ស្ថិតនៅភូមិធំខាងជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកភ្នៅ។ លោក ង៉ែត ទូច អ្នកគ្រប់គ្រងទូទៅ បានឲ្យដឹងថា កសិដ្ឋាននេះបានដំណើរការរយៈពេល៧ឆ្នាំមកហើយ បច្ចុប្បន្នមានស្រះចិញ្ចឹមត្រីប្រាធំៗចំនួន ៨ស្រះ សរុបដាក់កូនត្រីចិញ្ចឹម ១លានកូន។ ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដូចជាការផ្តល់ចំណី ការសម្អាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ រួមផ្សំជាមួយពូជល្អ ចំណីមានគុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល ការថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការលក់ដុំ និងលក់រាយដោយខ្លួនឯងផ្ទាល់នៅលើទីផ្សារ មិនរំពឹងឈ្មួញកណ្តាល កសិដ្ឋានអាចប្រមូលផល និងលក់បាន ៧០០តោនក្នុង១ឆ្នាំ ហើយអនាគតគ្រោងចិញ្ចឹមឲ្យបាន ១ ០០០ក្នុង១ឆ្នាំ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារក្នុងស្រុក។

ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹមរបស់កសិដ្ឋានទាំងពីររួចមក ឯកឧត្ដមរដ្ឋមន្រ្តីវេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល។

ក្នុងសកម្មភាពចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រាជធានី-ខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយរកទីផ្សារ ដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ។ ឯកឧត្តម បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង ហើយអំពាវនាវដល់អ្នកនាំចូលត្រីងាកមកប្រមូលទិញត្រីរបស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ទន្ទឹមនឹងនេះ ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ កែច្នៃផលិតផលត្រី សូមបន្តជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្មក្នុងស្រុកឱ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសលោកសុំឱ្យវិនិយោគិនក្នុងស្រុកបង្កើនការវិនិយោគក្នុងវិស័យវារីវប្បកម្ម ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩។

សូមជម្រាបជូនថា សកម្មភាពនៃការអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីនាព្រឹកនេះ គឺជាផ្នែកមួយនៃការជួយជំរុញ និងលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមត្រីក្នុងស្រុក តាមរយ:ការនាំយកតួអង្គពីរសំខាន់មកជួបគ្នា គឺរដ្ឋបាលជលផល និងសមាគមវារីវប្បករកម្ពុជា ដើម្បីសហការ សម្របសម្រួលទាំងផ្នែកទីផ្សារ និងការអនុវត្តបច្ចេកទេសឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពលើផលិតកម្មចិញ្ចឹមក្នុងគោលដៅរួមមួយគឺអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មស្បៀងតាមរយ:ការបង្កើនផលិតកម្មចិញ្ចឹមត្រីដូចជាត្រីអណ្តែង ត្រីប្រា ត្រីឆ្តោ ត្រីពោ និងកង្កែប៕ជា សេឌី

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​មាន​តម្រូវការ​តី្រ​សាច់​ប្រមាណ ៧៤០​ពាន់​តោន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុង​នោះ កម្ពុជា​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​នាំចូល​ត្រី​សាច់​មក​ពី​ប្រទេស​ជិត​ខាង ដូចជា វៀតណាម​និង​ថៃ។ការ​នាំចូល​ត្រី​ពី​ក្រៅ​ប្រទេស​ច្រើន​នេះ គឺ​ដោយសារ​តែ​ត្រី​ធម្មជាតិ​និង​ការ​ចិញ្ចឹម​ត្រី​ផ្គត់ផ្គង់​នៅ​ក្នុង​ស្រុក​មិន​ទាន់​គ្រប់​ចំនួន​តម្រូវការ​នៅ​ឡើយ។ 

ប្រទេស​កម្ពុជា​មាន​ទន្លេ​មេគង្គ មាន​បឹង​ទន្លេ​សាប​ជា​បឹង​ទឹក​សាប​ធំ​ជាង​គេ​បំផុត​នៅ​អាស៊ី ដែល​បឹង​នេះ​ជា​ជម្រក​ត្រី​ដ៏​ធំ​អស្ចារ្យ​សម្រាប់​ចិញ្ចឹម​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។ តើ​ហេតុ​អ្វី​បាន​ជា​ត្រី​ធម្មជាតិ​កម្ពុជា​មិនគ្រប់​គ្រាន់​បំពេញ​តម្រូវការ​ក្នុង​ស្រុក?

ត្រង់ចំណុច​នេះ លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ (CPS) និង​ជា​អ្នកសេដ្ឋកិច្ច​​ដ៏​មាន​ពិសោធន៍​មួយ​រូប​នៅ​កម្ពុជា ទំនង​ជា​បន្ទោស​បញ្ហា​ខ្វះ​ត្រី​ផ្គត់ផ្គង់​​ក្នុង​ស្រុក​នេះ ទៅ​លើ​ការហូរចេញ​នូវ​ត្រី​ធម្មជាតិ​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ជិត​ខាង។ លោក ច័ន្ទ​ សុផល បាន​សរសេរ​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់​លោក៖ «ថៃ​​ហូប​​ត្រី​​រ៉ស់​​ធម្មជាតិ​​ពី​​បឹង​​ខ្មែរ​ ខ្មែរ​​ហូប​​ត្រី​​ចិញ្ចឹម​​ពី​​វៀតណាម​»។ លោក ច័ន្ទ សុផល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ចំពោះ​បញ្ហា​នេះ៖ «ខ្ញុំ​​ចង់​​ឲ្យ​រដ្ឋាភិបាល​​ខ្មែរ​​យក​​ពន្ធ​​ខ្ពស់​ លើ​ការ​​នាំ​​ត្រី​​ចេញ​ទៅ​ប្រទេស​​​ថៃ​ ដើម្បី​​ឲ្យ​ត្រី​​ទាំង​​នោះ​ ត្រូវ​​បង្វិល​​ចូល​​មក​​លក់​​ក្នុង​ស្រុក​ខ្មែរ​ ហើយ​ខ្មែរ​អាច​បរិភោគត្រីបឹង​ធម្មជាតិ​ទាំងនោះ​ បាន​ច្រើន​ជាងមុនក្នុង​ថ្លៃ​ទាប​ជាង​មុន»​។វិស័យ​កសិកម្ម បសុសត្វ និង​វារី​វប្បកម្ម បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ប្រភព​ចំណូល​ជាង ៧០​ភាគរយ ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ស្មើនឹង ៣០​ភាគ​រយ នៃ​ផលទុន​ជាតិ​សរុប។ 

ប៉ុន្តែ ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ក្នុង​ការ​នាំ​ចូល​ផលិត​ផល​កសិកម្ម​មក​ពី​បរទេស​ទៅ​វិញ។ ជាក់ស្តែង ក្នុង​១​ឆ្នាំៗ កម្ពុជា​ចំណាយ​ប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ ដើម្បី​នាំ​ចូល​ត្រី​មក​ពី​ប្រទេស​ជិត​ខាង។

យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម​បង្ហាញ​ថា មនុស្ស​ម្នាក់ៗ​ក្នុង​១​ឆ្នាំ បរិភោគ​សាច់​ត្រី ៦៣​គីឡូក្រាម អង្ករ ១៤៣​គីឡូក្រាម និង​បន្លែ ៥២​គីឡូក្រាម។

ការបន្ត​នាំ​ចូល​ត្រី​មក​ពី​បរទេស​នេះ បង្កការ​ខាត​បង់​ថវិកា​ជាតិ​យ៉ាង​ច្រើន។ ដូច្នេះ បើ​តាម​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​អះអាង​ថា អ្វីជា​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ គឺ​ទាក់ទាញ​វិនិយោគ​ពី​បរទេស ដោយត្រូវ​ប្រែក្លាយ​ការ​ចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ ទៅ​ជា​លក្ខណៈ​ធ្វើ​ជំនួញ​វិញ។ ធ្វើ​បែប​នេះ ដើម្បី​ទប់​ស្កាត់​ការ​ហូរ​ចូល​ត្រី​ពីប្រទេស​ជិត​ខាង។ ម្យ៉ាង​វិញ​ទៀត ​ភាគ​ច្រើន​​នៃ​​ទំនិញ​​កសិផល​នាំចូល​មួយ​ចំនួន​ធំ ជាទំនិញ​ខុស​ស្តង់ដារ និង​ខូច​គុណភាព ទៀត​ផង៕

ការនាំចូលត្រីខ្យារ ពីវៀតណាម តាមច្រកចំនួនបីមិនតិចជាង៦០០តោន ក្នុងមួយថ្ងៃ (ភាគទី២)
លោក សយ សុភាព ៖ការនាំចូលត្រីខ្យារ ពីវៀតណាម តាមច្រកចំនួនបីមិនតិចជាង៦០០តោន ក្នុងមួយថ្ងៃ (ភាគទី២)

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោកលោក ហោង ទ្រី ស្ថិតនៅភូមិក្អមសំណលើ ឃុំក្អមសំណរ ស្រុកលើកដែក
ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២០

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោកលោក ហោង ទ្រី ស្ថិតនៅភូមិក្អមសំណលើ ឃុំក្អមសំណរ ស្រុកលើកដែក។

លោក ហោង ទ្រី បានឲ្យដឹងថាកសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ១០ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានសមត្ថភាពផលិតកូនត្រីពូជ និងចិញ្ចឹមត្រីយកសាច់មានដូចជាត្រីប្រា ត្រីឆ្តោ និងត្រីសណ្តាយ នៅលើផ្ទៃដីចំនួនសរុបចំនួន៥៣ ១០០ម៉ែត្រការ៉េដែលមានស្រះសរុបចំនួន ១០ ស្រះ ក្នុងនោះស្រះដែលមានទំហំ ៨០ម x ៩០ម មានចំនួន០៦ស្រះ ដោយស្រះនីមួយៗដាក់កូនត្រីពូជចាប់ពី ១០-១២ម៉ឺនកូន ហើយស្រះទំហំ ៤៥ម x ៧០ម មានចំនួន ០៤ ស្រះ ដែលក្នុង ០១ស្រះដាក់កូនពូជចាប់ពី ៥-៦ម៉ឺនក្បាល។ ចំពោះការចិញ្ចឹម ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដូចជាការផ្តល់ចំណី ការសំអាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ រួមផ្សំជាមួយពូជល្អ ចំណីមានគុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល និងការថែទាំ នោះអាចប្រមូលផលបានក្នុងរយ:ពេលតែ ៨ខែ ហើយស្រះធំគិតជាមធ្យមប្រមូលផលបាន ៦៥- ៧០តោន គិតជាសាចប្រាក់លក់បានជាង ១០-១៥ម៉ឺនដុល្លារ។ បច្ចុប្បន្នតម្លៃត្រីឆ្តោ ១ ០០០- ១១ ៥០០រៀល/គ.ក្រ។ 

ពិនិត្យឃើញទិដ្ឋភាពជារួមរបស់កសិដ្ឋាន និងសកម្មភាពចិញ្ចឹម (ផ្តល់ចំណី) រួចមក ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យលោក ហោ ទ្រី ត្រូវបន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ដោយសារបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជាដែលទើបបង្កើតថ្មី ជួយសម្របសម្រួលទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែន ការផលិតកម្ម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការភ្ញាស់កូន ការផលិត និងផ្តល់ចំណី ឈានឆ្ពោះទៅប្រែក្លាយជាកសិដ្ឋានគំរូនៅទូទាំងខេត្ត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចជួយកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង ហើយអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញដើម្បីជួយជំរុញកំណើនផលិតកម្មក្នុងស្រុកឲ្យកាន់តែកើនឡើងទាំងបរិមាណ និងតម្លៃ ជាពិសេស លោកសុំឲ្យអ្នកវិនិយោគក្នុងស្រុកងាកមកចាប់អារម្មណ៍លើវិស័យកសិកម្ម ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងនាំចេញ។

ឈប់បរិភោគ ត្រីប្រា នាំចូលពីវៀតណាមទៀតទៅ អ្នកជំនាញបានព្រមានពីផលប៉ះពាល់ខ្លាំងបំផុតត្រីបា ជាប្រភេទត្រីទឹកសាប ដែលប្រជាជនភាគច្រើនចូលចិត្តទទួលទានបំផុត ព្រោះវាមានតម្លៃថោក។ ប៉ុន្តែ បើយោងតាមគេហទំព័រ cbtelevision បានចុះផ្សាយ អ្វីដែលគួរឲ្យខ្លាចនោះ គឺជនជាតិវៀតណាមនិយមចិញ្ចឹម ត្រីបា នៅតាមដងទន្លេមេគង្គដែលកខ្វក់បំផុត ឬអាងទឹកស្អុយ ដែលត្រូវបានអ្នកជំនាញរកឃើញថា មានកម្រិតជាតិពុលខ្ពស់ និងបាត់តេរីច្រើនរាប់មិនអស់។ ម្យ៉ាងទៀត ត្រីប្រភេទនេះត្រូវបានគេចិញ្ចឹម ដោយឲ្យចំណីជាកាកសំណល់មិនល្អ ដែលអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងខ្លាំង។លើសពីនេះទៅទៀត អ្នកជំនាញបានអះអាងថា ត្រីបា ដែលបានដាក់លក់លើទីផ្សារនៅក្រៅប្រទេស បានចាក់ថ្នាំអង់ទីប៊ីយូទិច និងអ័រម៉ូន ដើម្បីធ្វើឲ្យវាឆាប់ធំធាត់លឿនជាងមុនរហូតដល់ទៅ៤ដង។ ហេតុនេះហើយទើបធ្វើឲ្យ ត្រីប្រា ដែលបាននាំចេញពីប្រទេសវៀតណាម ចូលទៅលក់នៅប្រទេសប៉ែកអឺរ៉ុប មានតម្លៃថោក។ ប៉ុន្តែវាមានគុណភាពទាប និងអាចប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ ប្រទេសអាមេរិក ក៏បានហាមឃាត់ការនាំចូលត្រីប្រភេទនេះ ព្រោះត្រូវបានរកឃើញថាមានមេរោគ និងសង្ស័យថាមានផ្ទុកថ្នាំអង់ទីប៊ីយ៉ូទិច។ ម្យ៉ាងទៀត ត្រីទាំងនេះ ខ្វះអាហារូបត្ថម្ភ និងគ្មានខ្លាញ់អូមេហ្គា៣ ឬសារធាតុចឹញ្ចឹមសំខាន់ៗ ដូចត្រីធម្មជាតិឡើយ៕

កម្ពុជាបន្ថយពន្ធនាំចូលត្រី សត្វ តែតម្លើងពន្ធនាំចូលរថយន្តនិងស៊ីម៉ង់ត៍ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​នៅពាក់​កណ្តាល​ខែ​ធ្នូ​នេះ ដោយ​បាន​បន្ធូរបន្ថយ​ពន្ធ​នាំ​ចូល​ផលិត​បរិភោគ​ជាច្រើនមុខ និង​ពន្ធ​នាំ​ចូល​ទូរស័ព្ទ​ដៃ ​ប៉ុន្តែ​បាន​តម្លើង​ថ្លៃ​អត្រាអាករ​ពិសេស​ចំពោះ​សម្ភារៈ​ប្រើ​ប្រាស់​ដូចជា​រថយន្ត​ជាដើម​។​សម្រាប់​អ្នក​តាម​ដាន​សង្គម​ វាមិន​ល្អ​ទេ​ការ​ដែល​រដ្ឋាភិបាល​បន្ថយ​ពន្ធ​នាំចូល​ ដូច​ជា ត្រី និង​សត្វ​នោះ ព្រោះ​ធ្វើ​ឲ្យ​កសិករខ្មែរ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​តម្លៃ​ផលិតផល​កសិកម្ម​។​

ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១៨ តទៅ ចំពោះ​សត្វ​រស់ ដូចជា​ត្រីឬ​សត្វ​រស់ក្នុង​ទឹក ទឹកដោះគោ​រាវ ​ម្សៅ​ទឹកដោះគោ និង​ម្សៅ​ស្រូវ​សាលី​ ត្រូវ​បាន​បញ្ចុះ​តម្លៃ​ពន្ធ​នាំ​ចូល​ពី ១៥​ភាគរយ មកនៅ​តែ៧​ភាគរយ​ប៉ុណ្ណោះ​។ ចំពោះ​ផលិតផល​សាច់ ដូចជា​សាច់​ត្រី​និង​សាច់​សត្វ​ក្នុង​ទឹក ត្រូវបាន​បញ្ចុះ​ពន្ធនាំ​ចូល​ពី​៣៥​ភាគរយ​មក​នៅ​តែ​១៥​ភាគរយ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយ​ក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅថ្ងៃទី​១៤​ខែ​ធ្នូ​នេះ​។​

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ចុះ​អាករ​ពិសេស​ពី ៤៥​ភាគរយ មកនៅ២០​ភាគរយ ចំពោះ​នាវា​កម្សាន្ត និង​ពី១០​ភាគរយ មកសល់ ៥​ភាគរយ​ចំពោះ​ពន្ធនាំចូលទូរ​សព្ទ​ ខណៈដែល​ឧបករណ៍​មេកានិច​បាញ់​ព្រួសសម្រាប់​​កសិកម្ម​ត្រូវ​បាន​លើកលែង​ពន្ធ​នាំ​ចូល​។​

ទោះជា​យ៉ាង​ណា តាម​សេចក្ដី​ជូនដំណឹង​ដដែល រដ្ឋាភិបាល​បាន​ដំឡើង​អត្រា​អាករ​ពិសេសពី ៦៥ភាគរយ ទៅ៧០ភាគរយ សម្រាប់​ប្រភេទ​រថយន្ត​គ្រួសារ​ប្រើ​ចំហេះ​ឥន្ធនៈ​សុទ្ធ ដែល​មានទំហំ​ស៊ីឡាំង​លើសពី ៣០០០CC ខណៈ ពន្ធ​នាំចូល​ស៊ីម៉ង់ត៍​ត្រូវ​បាន​តម្លើង​ពី​០​ទៅ​៥​ភាគរយ។

​ចំពោះ​ផលិតផល​នាំ​ចេញ​វិញ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដំឡើង​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ ខ្សាច់ ឈើ ថ្ម​ម៉ាប និង​ថ្ម​ក្រា​នី​ត​។

សម្រាប់​អ្នក​តាម​ដាន​សង្គម ដូចជា លោក សន ជ័យ ការ​ដែល​រដ្ឋ​បន្ថែម និង​បន្ថយ ពន្ធអារក ពិសេស​នេះ ហាក់​មិន​ល្អទាល់​តែ​សោះ​សម្រាប់​ផលិត​ផល​ក្នុង​ស្រុក​។ ​មិន​ល្អ​ដោយ​លោក​ថាការ​បន្ថយ​ពន្ធ​នេះ​ហាក់​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​នាំ​ចូល​កាន់​តែ​ច្រើន​នូវ​បន្លែ​ត្រីសាច់ ដែល​អាចមាន​សារធាតុ​គីមី ប៉ុន្តែ​ការ​ចិញ្ចឹម​សត្វ និង​ការ​ដាំដុះ​ក្នុង​ស្រុក​បែរជា​តម្លៃ​ថោក ហើយ​ក៏​ជា​កត្តានាំឲ្យ បន្លែ ត្រី សាច់​ជ្រូកខ្មែរ ពិបាក​ប្រកួត​ប្រជែង​ជាមួយ​ផលិត​នាំ​ចូល នឹង​ឈាន​ទៅ​ខាត​បង់ធ្ងន់​ធ្ងរ​។ នេះ​មិន​ទាន់​គិត​ដល់​ការ​ខាត​បង់​ពន្ធគយ​ទៀត​ផង​។ មួយទៀត​ពន្ធ​ខ្លះ​ថយ​ចុះ​តើ តម្លៃទំនិញ​នៅលើ​ទីផ្សារ​អាច​ចុះ​ថោក​ដែរ​ទេ?​ទាំងនេះ​គឺ​ជាការ​លើក​ឡើង​របស់​អ្នកតាម​ដាន​សង្គមរូប​នេះ។​

ប៉ុន្តែ​លោក​បណ្ឌិត​សេដ្ឋកិច្ច គី សេរីវឌ្ឍន៍ យល់ថា ការ​បន្ថយ​ពន្ធនាំ​ចូល​ត្រី សាច់ គឺផ្តល់​ផល​ប្រយោជន៍​ច្រើន​ជាង​គុណវិបត្តិ​។ ​លោកបក​ស្រាយ​ថា បច្ចុប្បន្ន​ការ​ផ្គត់​ផ្គង់ បន្លែ ត្រី សាច់ មិន​ទាន់​ទាន់​គ្រប់​តាម​តម្រូវ​ការ​របស់​ប្រជាជន​កម្ពុជា​នៅឡើយ ហើយ​លោកថា​ការ​នាំចូល​មួយ​ភាគ​គឺ​ជា​ការ​គេច​ពន្ធ​ដែល​រដ្ឋ​បាត់​ចំណូល ដោយសារ​យក​ពន្ធ​ខ្ពស់​៕

គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ស្នើឱ្យឈ្មួញផ្អាកយកត្រីវៀតណាម ភ្នំពេញ៖ លោក ហាស់ សារ៉េត ប្រធានគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា បានស្នើឱ្យឈ្មួញត្រីគ្រប់រូបផ្អាកយកត្រីរបស់រៀតណាម ដោយងាកមកប្រមូលទិញត្រីរបស់កសិករដែលចិញ្ចឹមនៅតាមបណ្តាខេត្ត យកមកចែកចាយលក់បន្តនៅលើទីផ្សារនានាវិញ។ ការស្នើដល់ឈ្មួញឱ្យងាកមកទិញត្រីក្នុងស្រុកវិញនេះ គឺធ្វើឡើងបន្ទាប់វារីវប្បករចិញ្ចឹមត្រីនានា លើកឡើងពីបញ្ហាតម្លៃត្រីចិញ្ចឹមក្នុងស្រុកកំពុងចុះថោកខ្លាំង មិនដែលធ្លាប់ពីមុនមក ព្រោះតែការនាំចូលត្រីពីវៀតណាមដ៏លើសលុប។

បើតាមលោក ហាស់ សារ៉េត កាលព្រឹកថ្ងៃទី២៥ធ្នូ គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា បានជួបប្រជុំលើកដំបូងជាមួយឈ្មួញទិញត្រីប្រភេទពីវៀតណាមប្រមាណ១០នាក់ និងសមាគមវារីប្បករនៅកម្ពុជា ដើម្បីដោះស្រោយចំពោះលើបញ្ហាតម្លៃត្រីចិញ្ចឹមក្នុងស្រុកដែលបានធ្លាក់ថ្លៃយ៉ាងគំហុកក្នុងរយៈពេលមួយខែមកនេះ។ សម្រាប់ដំណោះស្រោយនៃបញ្ហាត្រីចិញ្ចឹមក្នុងស្រុកធ្លាក់ថ្លៃខ្លាំងបែបនេះ លោក សារ៉េត បានស្នើឱ្យឈ្មួញគ្រប់រូបផ្អាកយកត្រីរបស់វៀតណាមចំពោះប្រភេទត្រីណា ដែលវារីវប្បករខ្មែរ ចិញ្ចឹមបាន ដូចជាត្រីប្រា ត្រីពោ ត្រីស្តោ និងត្រីអណ្តែងជាដើម មកចែកចាយលក់បន្តនៅទីផ្សារ។ប្រធានគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ឈ្មួញត្រីបានទទួលយកសំណើរបស់ខ្ញុំហើយ ក្នុងការផ្អាកយកត្រីរបស់វៀតណាមសិន ហើយងាកមកជួយទិញរបស់វារីវប្បករយើងក្នុងតម្លៃសមរម្យណាមួយវិញ»។ ជាមួយគ្នានេះ លោក សង្ឃឹមថាតម្លៃត្រីនានារបស់វារីវប្បករក្នុងស្រុក នឹងមានតម្លៃល្អប្រសើរឡើងវិញ ក្នុងរយៈពេលមួយសប្តាហ៍ទៀត យ៉ាងយូរ។ 

ពាក់ព័ន្ធនឹងសំណើរបស់គណៈកម្មការជំរុញវារីវប្បកម្មកម្ពុជាក្នុងការឱ្យឈ្មួញផ្អាកយកត្រីរបស់វៀតណាម មកលក់លើទីផ្សារពិបាកណាស់ ប្រសិនបើការនាំចូលត្រីពីវៀតណាមច្រើននៅមានរាល់ថ្ងៃបែបនេះ។ នេះជាការលើកឡើងរបស់ លី សុខា វារីវប្បករចិញ្ចឹមត្រីពោ នៅក្នុងខេត្តតាកែវ។ វារីវប្បករដែលមានត្រីពោជិត៥តោន ពេញសាច់ និងពេញទម្ងន់ ត្រូវបញ្ចេញលក់នៅលើទីផ្សាររូបនេះ បាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«បើចង់ជួយកសិករពិតមែន គួរណាស់ខាងគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ស្នើឱ្យក្រសួងផ្អាកឬបិទការនាំចូលត្រីពីវៀតណាម! មិនមែនស្នើសុំឈ្មួញឱ្យផ្អាកយកត្រីរបស់​រៀតណាម ហើយមកទិញត្រីនោះទេ។ លោក សុខា បន្តនិយាយដូច្នេះ៖ «ត្រីវៀតណាម មានគេលួចដឹកចូលដល់កន្លែងបោះដុំក្នុងដីខ្មែររាល់ថ្ងៃ! ហើយត្រីវៀតណាម គឺថោកជាងត្រីខ្មែរ...អ៊ីចឹងឈ្មួញឯណា សុខចិត្តយកត្រីរបស់វារីវប្បករយើងទៅលក់បន្ត ដោយទទួលបានប្រាក់ចំណេញតិចនោះ»។ 

បញ្ហាត្រីកំពុងធ្លាក់ថ្លៃខ្លាំង ហើយគ្មានឈ្មួញមកទិញក្នុងស្រះ ដែលវារីវប្បករនានាកំពុងជួបប្រទះនេះ លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា បានដាក់សំណើទៅរដ្ឋមន្ត្រីកសិកម្ម តាមរយៈគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ក្នុងការបិទ ឬផ្អាកការនាំចូលនូវប្រភេទត្រីមួយចំនួនពីវៀតណាម ផងដែរ។ បើតាមលោក សុខ រ៉ាដែន ការដាក់សំណើសុំផ្អាកការនាំចូលត្រីពីវៀតណាមនោះមាន ប្រភេទត្រីអណ្តែង ត្រីប្រា ត្រីពោ និងត្រីស្តោ ដើម្បីជួយស្តារឡើងវិញនូវតម្លៃត្រីចិញ្ចឹមរបស់វារីវប្បករក្នុងស្រុក និងសិក្សាអំពីលទ្ធភាពនៃផ្គត់ផ្គង់ត្រីនៅលើទីផ្សារពីសំណាក់ប្រជាកសិករចិញ្ចឹមត្រីនៅក្នុងប្រទេស។ 

ប្រភេទត្រីនីមួយៗសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារបច្ចុប្បន្ននេះ លោក សុខ រ៉ាដែន និយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ខ្ញុំហ៊ានអះអាងថា ចំពោះត្រីប្រា វារីវប្បករយើង គឺអាចផ្គត់ផ្គងគ្រប់តម្រូវការទីផ្សារបានទាំងស្រុង។ ដូច្នេះ ខ្ញុំសុំកុំឱ្យមានការនាំចូលនូវប្រភេទនេះទៀត។ ហើយចំពោះការចិញ្ចឹមត្រីពោ និងត្រីផ្សេងៗទៀត ក៏យើងមានសន្ទុះកើនឡើងខ្លាំងផងដែរ»។ 

ជាមួយនឹងគ្នានេះ លោក រ៉ាដែន ក៏បានលើកឡើងថា ក្រោយមានការអន្តរាគមន៍ពីគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា មានឈ្មួញចំនួនបានសម្រេចចិត្តផ្អាកយកត្រីរបស់វៀតណាមហើយងាកមកយកត្រីរបស់វារីវប្បករក្នុងស្រុកនានា សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារផងដែរ។ លោកបានបញ្ជាក់ថា ឈ្មួញឬពាណិជ្ជករ បានយល់ព្រមប្រមូលទិញត្រីអណ្តែង ត្រីស្តោ ត្រីរ៉ស់ និងត្រីក្រាញ់ ពីវារីវប្បករទាំងក្នុងសមាគម និងក្រៅសមាគម៕

September 26, 2020 ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិច កូនត្រីអណ្ដែង កូនកង្កែប និងចំណី សំរាប់អនុវត្តសកម្មភាពវារីវប្បកម្ម

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិច កូនត្រីអណ្ដែង កូនកង្កែប និងចំណី សំរាប់អនុវត្តសកម្មភាពវារីវប្បកម្ម ក្នុងអំឡុងពេល នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥២ គ្រួសារ រស់នៅក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មានប្រាសាទសំណេះសំណាល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា បានលើកឡើងថា សកម្មភាព នៃយុទ្ធនាការជំរុញផលិតកម្មស្បៀងមាន៖ ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និងកង្កែប ជាលក្ខណគ្រួសារតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារ ដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀតកំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ស្រុកខ្សាច់កណ្តាល ជាស្រុកមួយក្នុងចំណោមស្រុកទាំង ១១ ក្នុងខេត្តកណ្តាល ដែលមានសក្តានុពលផ្នែកផលិតកម្មបន្លែសម្រាប់ផ្គត់ផ្គង់ឱ្យរាជធានីភ្នំពេញ ហេតុនេះហើយ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករ ត្រូវឆ្លៀតទាញយកប្រយោជន៍ពីឱកាសមាសនេះ តាមរយ:ការខិតខំបង្កើនផលិតភាព ផលិតកម្មបន្លែ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំរួមផ្សំ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គងឲ្យទីផ្សារ និងសន្តិសុខស្បៀង។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវចុះមកជួយជំរុញការចិញ្ចឹមត្រី ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ ត្រូវធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឱ្យការចិញ្ចឹម ទទួលបានផលល្អ។ ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែម លើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច រៀបចំបណ្តុំផលិតកម្មចិញ្ចឹម ដើម្បីធានាការផ្គត់ផ្គង រៀបចំផែនការចិញ្ចឹមច្បាស់លាស់ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ត្រូវតែបន្តយុទ្ធនាការ នៃការជំរុញផលិតកម្មស្បៀងនេះ ឱ្យមាននិរន្តរភាព តាមរយ:បង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។រដ្ឋបាលជលផលត្រូវពិនិត្យលើគោលការណ៍នាំចូលត្រីគ្រប់ប្រភេទដើម្បីធ្វើការកាត់បន្ថយបរិមាណ ឬបញ្ឈប់ការនាំចូល ដែលនាំឱ្យប៉ះពាល់ដល់ផលិតកម្មត្រីក្នុងស្រុក។ សម្រាប់ថ្ងៃនេះ កសិករចំនួន ៥២គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី ៤បាវ និងតង់ប្លាស្ទិកចិញ្ចឹមត្រី១៕

Sa Thoura J uly 04,2020 2.2 Kត្រីនាំចូលនឹងកាន់តែថយចុះ! ថៅកែត្រីខេត្ដកំពង់ចាម ចិញ្ចឹមត្រីលើដី ៦ហិចតា ក្នុងស្រះ ៨ អាចរកចំណូលបាន ៣៥ ម៉ឺន$/ឆ្នាំ ។ ត្រីគឺជាអាហារដែលជាទីពេញនិយមរបស់ប្រជាជនកម្ពុជា ប៉ុន្ដែជាក់ស្ដែងត្រីដែលរកបានពីបឹងទន្លេសាបតាមរយៈការនេសាទ និង ចិញ្ចឹមនៅតាមកសិដ្ឋាននានា មិនទាន់អាចផ្គត់ផ្គងទីផ្សារក្នុងស្រុកបាននៅឡើយទេ។ ក្នុងមួយថ្ងៃៗកម្ពុជានាំចូលត្រីពីប្រទេសជិតខាងមិនតិចតោននោះទេ។ 

ដូច្នេះដើម្បីរួចចំណែកកាត់បន្ថយការនាំចូលត្រី ពីក្រៅប្រទេស ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅភូមិតាងិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម លោក តាំង អ៊ីមសារ៉ាវី បានសម្រេចចិត្ដប្រកបរបរចិញ្ចឹមត្រីដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុកតាំងពីឆ្នាំ ២០១៥ រហូតដល់បច្ចុប្បន្ន។

បើយោងតាមការចុះផ្សាយរបស់ហ្វេសប៊ុកផេកផ្លូវការនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក រ៉ាវី បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី យ៉ាងក្បោះក្បាយថា លោកបានចាប់យករបរចិញ្ចឹមត្រីតាំងពីឆ្នាំ២០១៥ ហើយបច្ចុប្បន្នកសិដ្ឋានចិញ្ចឹមត្រីរបស់លោកពង្រីកផ្ទៃដីចិញ្ចឹមបាន ៦ ហិចតា និងមានស្រះចិញ្ចឹមចំនួន ៨ ស្រះ ដោយស្រះនីមួយៗ មានទំហំពី ៨.០០០-១០.០០០ ម៉ែត្រការ៉េ ។

ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អ្នកខេត្ដកំពង់ចាមរូបនេះបាន បញ្ចាក់ទៀតថា កសិដ្ឋានចិញ្ចឹមត្រីរបស់លោក មានការរីកចម្រើនដូចសព្វថ្ងៃគឺ ដោយសាររូបលោកបានអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជល ផល ដូចជាការផ្តល់ចំណី ការសំអាតស្រះត្រី ការដាក់កូនត្រី ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមត្រីរបស់លោក តាំង អ៊ីមសារ៉ាវី ជាមធ្យមអាចប្រមូលផលបានពី ២៥០តោន/ឆ្នាំ។ ក្នុងនោះដែរត្រីដែលលោកចិញ្ចឹមគឺមាន ៣ ប្រភេទរួមមាន ត្រីពោ ត្រីឆ្តោ និងត្រីប្រា ដោយក្នុងមួយឆ្នាំៗ លោក តាំង អ៊ីមសារ៉ាវី ទទួលបានចំណូលសរុបដែលមិនទាន់ទូទាត់ថ្លៃដើមចំណាយគឺមានចំនួន ៣៥ ម៉ឺនដុល្លារ៕

01/01/2021 10:00 am ភ្នំពេញភ្នំពេញ៖ សមាគមវារីប្បករកម្ពុជា ទើបតែបានបង្កើតឡើងនៅពាក់កណ្ដាលឆ្នាំ២០២០ ដោយមានការគាំទ្រដោយអង្គការសណ្ដែកសៀងអាមេរិកកាំង ក្នុងផ្ដល់បច្ចេកទេសដល់អ្នកចិញ្ចឹមនៅកម្ពុជា។ ការបង្កើតសមាគមនេះឡើងដើម្បីចងក្រងវារីវប្បករកុំឲ្យចិញ្ចឹមដាច់ដោយឡែកពីគ្នា ជាពិសេសជួយបង្កើនផលិតភាពផលិត និងពង្រីកទីផ្សារ។

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករនៅកម្ពុជា ប្រាប់សារព័ត៌មានThmeyThmey25ថា គោលការណ៍របស់សមាគមវារីវប្បករ គឺជំរុញផលិតផលត្រីក្នុងស្រុកឲ្យមានគុណភាពល្អ កាត់បន្ថយការនាំចូលត្រីពីបរទេស និងអាចឈានដល់ការនាំចេញទៅខាងក្រៅវិញ។ បើតាមលោក រ៉ាដែន ការបង្កើតសមាគមនេះ គឺមានការចូលរួមគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា និងពលរដ្ឋខ្មែរ។ 

«ការនាំចូលត្រីនៅតែមាន នេះជាបញ្ហាដ៏ធំសម្រាប់អ្នកចិញ្ចឹមត្រីក្នុងស្រុក ដូច្នេះសមាគមសូមស្នើក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ទប់ស្កាត់ការនាំចូលត្រីពីខាងក្រៅឲ្យមានប្រសិទ្ធភាព»។ នេះជាការបញ្ជាក់របស់លោក សុខ រ៉ាដែន ដែលបានបន្ថែមថា កន្លងមកសមាគមវារីវប្បកម្ម បានស្នើទៅក្រសួងកសិកម្ម និងរដ្ឋបាលជលផល ច្រើនលើកច្រើនសាររួចមកហើយ ដើម្បីទប់ស្កាត់នូវបញ្ហានេះ ប៉ុន្តែសកម្មភាពការនាំចូលត្រីពីប្រទេសជិតខាងនៅតែមាន។លោក សុខ រ៉ាដែន បន្ថែមថា៖«ការចូលរួមពីអ្នកបរិភោគ ជាផ្នែកមួយជួយជំរុញវិស័យវារីវប្បកម្មកម្ពុជា ហើយចំពោះការបរិភោគត្រីចិញ្ចឹម មិនខុសគ្នានោះទេ បើអ្នកចិញ្ចឹមមានការចិញ្ចឹមបានត្រឹមត្រូវ ដោយគិតលើប្រភពទឹក ពូជត្រី បច្ចេកទេស និងចំណី។ ដូច្នេះពលរដ្ឋបើអ្នកបរិភោគគួរគិតឲ្យបានដិតដល់ចំពោះការបរិភោគ ព្រោះយើងមិនដឹងទេថាត្រីដែលបាននាំចូល វាអាចប៉ះពាល់អ្វីខ្លះដល់សុខភាព។ វាជារយៈពេលខ្លីមួយដែលសមាគមវារីវប្បកម្មត្រូវបានបង្កើត ហើយជាជំហានបន្ទាប់ក្រៅពីផ្ដល់បច្ចេកទេសចិញ្ចឹមដល់សមាជិក គឺត្រូវការការចូលរួមរបស់ក្រសួងពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការនាំចូលត្រីជាមុន»។

សមាគមវារីវប្បករលើកទឹកចិត្តដល់វារីវប្បករ ឲ្យបង្កើនគុណភាពក្នុងការចិញ្ចឹម ដើម្បីឈានដល់កម្រិតស្តង់ដា។ សមាគមវារីវប្បករកម្ពុជា បង្កើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយមានសមាជិក ៩នាក់ប៉ុណ្ណោះ។ តែមកដល់បច្ចុប្បន្នសមាគមនេះ មានសមាជិកជាង ១៦០នាក់៕