ខ្ញុំបាទនឹងកែប្រែការសរសេរប្រវត្តនិនេះ ទៅជា ប្រវត្តិសាស្រ្តបែប វិទ្យាសាស្រ្តឬ ភូមិវិទ្យាវិញ ត្បិតអត្តបទខាងក្រោមមានលំនាំជារឿងនិទាន សូមអានរឿងនិទានដូចខាងក្រោមនេះ៖
ផែនទី តំបន់ ចតុមុខ សម័យបារាំងចូលស្រុក រវាងឆ្នាំ ១៨៩០ ជាង ដែល ជ្រោយ រអោក ឬ រ៉ាអោក(តាមសម្លេង) សំដៅថា និយាយគ្នាឮសូរខ្លាំង ៗ ញ៉េវញ៉ាវៗជាសម្លេងជនជាតិ យួននិយាយគ្នា ជាតំបន់និគមន៍ យួន ព្រោះនៅខាងជើង មាននិគមន៍ ជ្វា Jewa ហៅថា ជ្រោយជ្វារ ដែលក្លាយមកជា ជ្រោយចង្វារ។ នៅក្បែរព្រះមរមរាជវាំង្គ មានវត្ត សួយ ពពៀ (ជនជាតិ ពៀ និង ជនជាតិ សួយ)។ ជនជាតិ សួយ Souy ក្រោយមក ក្លាយជា ស្វាយ ដូចជា ស្វាយរៀង ស្វាយអំពែ ស្វាយចេក ស្វាយស៊ីសុផន....
សាវតាជ្រោយអាអោក សព្វថ្ងៃជាស្ពានមុនីវង្ស- ស្រាវជ្រាវដោយ ស៊ិន សុវណ្ណនី លំនាំតាមឯកសារភូមិសាស្ដ្រខ្មែរ ឆ្នាំ១៩៦៨ សរសេរដោយ លោក ឌឹក គាម - សាវតាជ្រោយអាអោក សព្វថ្ងៃម្តុំស្ពានមុនីវង្ស
មានសេចក្តីដំណាលតៗ គ្នាមកថា ម្តុំស្ពានមុនីវង្ស ពីដើមជាជ្រោយ របស់តាឱក ដែលបាន មកតាំងដីភូមិ នៅកន្លែងនោះមុនគេ។ បើវិភាគតាមឈ្មោះ ដូចជាមិនសមហេតុផលទេ ព្រោះខ្មែរយើងមិនដែលហៅមនុស្សចាស់ថា អា ទេ ព្រោះខ្លាចបាប។ ប៉ុន្តែ នៅក្នុងពង្សាវតារខ្មែរ មានចែងថា នៅរវាង គស១៥៩៩ គឺក្នុងរជ្ជកាលព្រះបរមរាជា មានបុរសម្នាក់ឈ្មោះកែវ ជាមនុស្សខ្លាំងពូកែ មានទីលំនៅ នោះខាងត្បូងវត្ដខ្ពបតាយ៉ង ក្រុងភ្នំពេញ នាសម័យនោះ គឺ ត្រង់វត្ដបទុមវតី សព្វថ្ងៃនេះ។ បុរសនេះចេះថ្នាំពូកែស័ក្ដិសិទ្ធិណាស់ តែងដើរមើលជម្ងឺអ្នកស្រុក ដោយវិធីផ្លុំស្ដោះ។ ពេលគាត់ផ្លុំស្ដោះជម្ងឺ គេឃើញមានអណ្ដាតភ្លើងចេញតាមមាត់របស់គាត់ ទើបគេសន្មតហៅគាត់ថា កែវព្រះភ្លើង។ កែវព្រះភ្លើងបានលើកខ្លួន អោយរាស្ដ្រហៅថា ស្ដេចកែវព្រះភ្លើង បើនឹងធ្វើការអ្វីត្រូវឱ្យទាន់ចិត្ដ ព្រោះគាត់មានចិត្ដក្ដៅដូចភ្លើង ហើយធ្លាប់តាំងកងទ័ពលើកទៅវាយយក ខេត្ដសំរោងទង និងខេត្ដបាទី បច្ចុប្បន្នស្រុកបាទី ខេត្ដតាកែវ។ ព្រះបរមរាជាបានជ្រាបដូច្នោះហើយ ក៏លើកទ័ពទៅបង្ក្រាប កំចាត់ស្ដេចកែវព្រះភ្លើង តែត្រូវទទួលត្រូវបរាជ័យ។ ព្រះអង្គក៏លើកទ័ពត្រឡប់មកវិញ បញ្ឈប់ទ័ព នៅភូមិតាឯក ក្នុងខេត្ដស្រីសឈរ បច្ចុប្បន្នហៅថា ស្រីសន្ធរក្នុងខេត្ដកំពង់ចាម ដើម្បីសម្រាកព្រះកាយពល។ ពេលនោះ មានប្រជាពលរដ្ឋជាច្រើន ចូលមកថ្វាយបង្គំព្រះអង្គ។ ក្នុងចំណោមរាស្ដ្រទាំងនោះ មាននាម៉ឺនម្នាក់ ឈ្មោះពញាថី បាននាំប្រពន្ធរបស់ខ្លួន ឈ្មោះនាងទាវ ដែលមានរូបសម្ផស្សស្រស់ស្អាត ចូលទៅថ្វាយបង្គំព្រះអង្គដែរ។ គ្រាន់តែទតយល់នាងទាវភ្លាម ព្រះអង្គក៏ចាប់ចិត្តប្រតិពទ្ធ័ ហើយចាត់អោយមានការដង្ហែនាំនាងទាវ ទៅរាជវាំងមុន ព្រោះនាងទាវនេះមានជាប់ខ្សែ ស្រឡាយជា ព្រះញាតិវង្សផង។ ឯពញាថីក៏ចេញទៅតាមពីក្រោយដែរ។ លុះព្រះបរមរាជា ចៅពញាអន យាងមកដល់រាជវាំងវិញ ព្រះអង្គក៏លើកនាងទាវ ធ្វើជាព្រះស្នំឯក ហើយកំណត់អោយ នាងទាវស្នាក់នៅ តែក្នុងបរិវេណរាជវាំង។ ឯពញាថីវិញ នៅតែខាងក្រៅវាំង ច្រាស់ច្រាល រកមធ្យោបាយ យកប្រពន្ធរបស់ខ្លួន ចេញពីរាជវាំងមកវិញ ទើបចូលជួបស្ដេចកែវព្រះភ្លើង ថ្វាយសុំជំនួយ។ កែវព្រះភ្លើង ក៏ប្រគល់មនុស្ស១៥នាក់ អោយទៅជួយពញាថី។ លុះពាក់កណ្ដាល អាធ្រាត្រមួយ ពញាថីនាំមនុស្សទាំង១៥នាក់កលបចូលទៅក្នុងវាំង ហើយបានធ្វើ គតព្រះចៅពញាអន នាំនាងទាវ រត់ចេញទៅ។ មន្ដ្រីក្នុងវាំងក៏ផ្អើលជ្រួលច្របល់ ឆោឡោវឹកវរ នាំគ្នាដេញលាន់ ច្រឡំស្មានថា ជាទ័ពកែវព្រះភ្លើង។
បន្ទាប់ពីស្ដេចចៅពញាអន សុគតទៅ រាជសម្បត្ដិត្រូវបានទៅសម្ដេច ព្រះកែវហ្វ៊ា ពញាញោម។ ពេលនោះ ប្រទេសកម្ពុជា មានចម្បាំងក្នុងស្រុក មានជម្ងឺរាតត្បាតផ្សេងៗ ហើយមានកើតចោរលួចប្លន់ ស្ទើរគ្រប់តំបន់។ ព្រះទេវីក្សត្រី ឈ្វេងយល់ ឃើញប្រទេសកើតភន្ត័ប្រែដូច្នេះ ទើបចាត់ឧកញ៉ាចក្រីសោម ជារាជទូត ឧកញ៉ាភិមន្ទវង្សាទុយ១ ឧកញ៉ាវង្សាធូបេសស្រី១ជាឧបទូត និង អ្នករាជការ១០នាក់ទៀត ឱ្យអញ្ជើញព្រះសុរិយាពណ៌ ពីក្រុងស្រីអយុធ្យា ឱ្យយាងត្រឡប់មកប្រទេសកំណើតរបស់ព្រះអង្គវិញ។ ពេលនោះ ព្រះនរេន្ទ្រសូរ ដែលជាព្រះចៅក្រុងអយុធ្យា(ស្យាម) ក៏អនុញ្ញាត្តអោយ សុរិយាពណ៌ យាងត្រឡប់ទៅ ប្រទេសកម្ពុជាវិញ ដោយនាំមន្ដ្រី រាជទូត និងទ័ពសៀម បីពាន់នាក់ ហែហមដំណើរតាមទូក រហូតមកដល់ស្រុកបាសាក់។ ឧកញ៉ាអធិវង្សាតន់ ចៅហ្វាយស្រុកបាសាក់ បាននាំនាម៉ឺន ទៅគាល់ថ្វាយស្វាគមន៍ព្រះអង្គរួចហើយកេណ្ឌរាស្ដ្រឱ្យសង់ព្រះពន្លា ថ្វាយព្រះអង្គ។ ក្រោយមក ទ្រង់សុរិយោពណ៌បានកេណ្ឌរាស្ដ្រ ធ្វើជាកងទ័ព ហើយតែងតាំង ឧកញ៉ារាជសេនាកែវ ឱ្យឡើងងារជាឧកញ៉ាក្រឡាហោមកែវ ជាមេទ័ពមុខ។ មុនដំបូងទ្រង់ចាប់ធ្វើការ ផ្លាស់ប្តូរ ពីស្រុកព្រះត្រញំង ក្រមួនស រៀងរហូតដល់ មាត់ជ្រូក ខេត្ដទ្រាំង កម្ពុជាក្រោម។ មកដល់ខេត្ដទ្រាំងចៅហ្វាយ ស្រុកទ្រាំង ក៏ចេញទ័ពតទប់ទល់ ក្រឡាហោមកែវ តែមិនបានប៉ុន្មាន ចៅហ្វាយស្រុកទ្រាំង ក៏ត្រូវគ្រាប់កាំភ្លើង ស្លាប់ទៅ។ លុះបង្ក្រាបខេត្ដទ្រាំងរួច ទើបមេទ័ពកែវ លើកទ័ពចូលមក ខេត្ដបន្ទាយមាស បាទី ព្រៃកប្បាស បានជោគជ័យរហូតមក។
ឯ ស្ដេចកែវព្រះភ្លើង កាលបើបានដឹងថា ឧកញ៉ាក្រឡាហោមកែវ លើកទ័ពមកកាន់តែជិតហើយ ក៏ប្រមែប្រមូលកេណ្ឌ អោយមកជួយតទល់ តែត្រូវស្លាប់ស្ទើរតែអស់ ដោយសារខាងមេទ័ពកែវ មានកាំភ្លើង។ ដោយសារពពួកទ័ពកែវ ព្រះភ្លើងរត់រប៉ាត់រប៉ាយ មិនមានរបៀបរៀបរយ ទើបកន្លែងនេះជាប់ឈ្មោះ រហូតមកថា ជ្រោយរអែករអោក យូរទៅក៏ហៅក្លាយទៅជាជ្រោយ អាឱក។ ឯស្ដេចកែវព្រះភ្លើង បានលើកទ័ពដែលនៅសេសសល់ ចេញតទល់នឹងទ័ពក្រឡាហោមកែវទៀត តែក៏ត្រូវក្ស័យនឹងគ្រាប់កាំភ្លើងរបស់មេទ័ពកែវ។ ចំណែកកងទ័ពដែលនៅសល់ក៏ចុះចូលទ័ពហ្លូងទាំងអស់។
ស្រាវជ្រាវដោយ ស៊ិន សុវណ្ណនីលំនាំតាមឯកសារភូមិសាស្ដ្រខ្មែរ ឆ្នាំ១៩៦៨
សរសេរដោយ លោក ឌឹក គាម