មូលនិធិឃុំ សង្កាត់គឺជាកញ្ចប់ថវិកាមួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវផ្ទេរទៅឲ្យឃុំ សង្កាត់។ មូលនិធិនេះរួមមានចំណូលពីចំណែកដ៏ជាក់លាក់នៃចំណូលចរន្តនៃថវិការដ្ឋប្រចាំឆ្នាំ និងពីការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នានា។ មូលនិធិនេះមានពីរផ្នែកសំខាន់ៗ គឺផ្នែករដ្ឋបាលទូទៅ និងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។
ផ្នែករដ្ឋបាលទូទៅ គឺសម្រាប់ចំណាយប្រតិបត្តិការ និងវិនិយោគដោយរដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តភារកិច្ចរដ្ឋបាលទូទៅរបស់ខ្លួន។ ចំណាយទាំងនេះរួមមាន៖
- ប្រាក់បំណាច់សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់
- បៀវត្សមន្ត្រីឃុំ សង្កាត់ និងចំណាយផ្សេងៗដល់មន្ត្រី បុគ្គលិកទាំងនោះ
- ការទិញ ឬការជួលទីតាំងសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់
- សង្ហារឹម និងឧបករណ៍ការិយាល័យ ឬមធ្យោបាយសម្ភារៈរដ្ឋបាលសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់
- ការជួសជុល និងការថែទាំមធ្យោបាយសម្ភារៈរដ្ឋបាល
- ថ្លៃប្រើប្រាស់ទឹក និងអគ្គិសនី
- ទិញ ឬជួលយានជំនិះ
- ប្រេងឥន្ធនៈ ប្រេងរំអិល និងការថែទាំយានជំនិះ
- ចំណាយផ្សេងៗ។
ផ្នែកអភិវឌ្ឍន៍មូលដ្ឋាន គឺសម្រាប់ចំណាយប្រតិបតិ្តការ និងចំណាយវិនិយោគដោយរដ្ឋបាលឃុំ សង្កាត់ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន (លើកលែងមធ្យោបាយសម្ភារៈរដ្ឋបាល) និងការផ្តល់សេវាសេដ្ឋកិច្ច សង្គម នៅឃុំ សង្កាត់ (លើកលែងរដ្ឋបាល) ។
ឃុំ សង្កាត់អាចប្រើប្រាស់ថវិកាមួយចំណែកនៃថវិកាវិភាជន៍របស់មូលនិធិឃុំ សង្កាត់ សម្រាប់សមាសភាគអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីរ៉ាប់រងលើការចំណាយមួយចំនួនដូចខាងក្រោម៖
- ការអង្កេត គំនូសប្លង់ ការសាងសង់ ការជួសជុល និងថែទាំផ្លូវ ផ្សារ មណ្ឌលសុខភាព សាលារៀន មជ្ឍមណ្ឌលសហគមន៍ សំណង់ប្រព័ន្ធធារាសាស្ត្រ ឃ្លាំងផ្ទុកកសិកផល ប្រព័ន្ធផ្គត់ផ្គង់ទឹក និងថាមពល និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមកិច្ចផ្សេងទៀត។ ចំណាយទាំងនេះ ត្រូវចុះក្នុងមាតិកាថវិកាដែលមានលេខកូដ ៦៨ “ចំណាយវិនិយោគអភិវឌ្ឍន៍មូលដ្ឋាន”។
- ចំណាយពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន រួមមាន ការថែទាំ ការជួលជុលតូច និងតម្លៃចំណាយផ្សេងទៀត ដែលចាំបាច់សម្រាប់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាដែលមានការពាក់ព័ន្ធ។ ចំណាយទាំងនេះ ត្រូវចុះក្នុងមាតិកាថវិកាដែលមានលេខកូដ ៦២ “ចំណាយសេវាសាធារណៈ”។
- ចំណាយសម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដូចជា ការប្រមូលទិន្នន័យសេដ្ឋកិច្ចសង្គម ការប្រឹក្សាជាមួយប្រជាពលរដ្ឋមូលដ្ឋាន ការបោះពុម្ពនិងផ្សព្វផ្សាយឯកសារផែនការ។ ចំណាយទាំងនេះត្រូវចុះក្នុងមាតិកាថវិកាដែលមានលេខកូដ ៦១ “ចំណាយរដ្ឋបាលទូទៅ”។
- ចំណាយពាក់ព័ន្ធនឹងឧបត្ថម្ភគាំទ្រដល់កម្មវិធីអភីវឌ្ឍន៍មូលដ្ឋាន ដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ដូចជា ចំណាយលើការអប់រំ និងយុទ្ធនាការព័ត៌មានសម្រាប់ស្រ្តីផលប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋមូលដ្ឋាន។ ចំណាយទាំងនេះត្រូវចុះក្នុងមាតិកាថវិកាដែលមានលេខកូដ ៦៤ “ចំណាយអន្តរាគមន៍ផ្នែកសង្គមកិច្ច”។
បញ្ជាក់ៈ ក្នុងករណីគម្រោងសេវាកម្មរៀបចំជាកញ្ចប់ដែលបញ្ចូលនូវសកម្មភាព ឬលទ្ធផលនានាដែលមានទំនាក់ទំនងនិងគាំទ្រគ្នាទៅវិញទៅមកដើម្បីសម្រេចបាននូវទិសដៅគម្រោង ការចំណាយនៃគម្រោងនេះ ក៏ត្រូវចុះក្នុងមាតិកាថវិកាដែលមានលេខកូដ ៦៤ “ចំណាយអន្តរាគមន៍ផ្នែកសង្គមកិច្ច” ផងដែរ។