Friday, October 2, 2015

រដ្ឋបាល ឃុំ សង្កាត់

រដ្ឋបាលឃុំ សង្កាត់
     I.        របបគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ មាត្រា១ បានកមណត់ថា ការគ្រប់គ្រង​រដ្ឋបាល​ឃុំសង្កាត់ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា គឺប្រព្រឹត្តតាមនយោបាយវិមជ្ឈការ។ ឃុំសង្កាត់​ជានីតិបុគ្គល[1]។ ដូច្នេះបើគ្មានច្បាប់ចែងថាជានីតិបុគ្គលទេ បុគ្គលមួយនេះ គ្រាន់តែជា ក្រុមបុគ្គល​តែប៉ុន្នោះ។ប្រព័ន្ធនៃអភិបាលកិច្ចមូលដ្ឋាន ត្រូវអនុវត្តនៅថ្នាក់ឃុំ សង្កាត់។

ឃុំ សង្កាត់គ្រប់គ្រងកិច្ចការមូលដ្ឋានក្នុងដែនដីរបស់ខ្លួន ដោយផ្អែកទៅតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធ។

នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ យើងកត់សម្គាល់ឃើញថាព្រះរាជាណាចក្រ    កម្ពុជា​ប្រកាន់​យកនូវរបបគ្រប់គ្រងតាមបែបវិមជ្ឈការ បានន័យថា​រដ្ឋបាលកណ្តាល​បែងចែកអំណាច​ទៅឲ្យរដ្ឋបាលមូលដ្ឋានក្នុងការសម្រេចកិច្ចការរបស់ខ្លួន ឲ្យស្របទៅនឹងច្បាប់​ដែលបានកំណត់​ក្នុង​គោលបំណងអភិវឌ្ឍ និងស្តារឡើងវិញនូវវិស័យសេដ្ឋកិច្ចសង្គម ដែលជាទិសដៅមួយដ៏មាន​សារៈសំខាន់​ក្នុងការរៀបចំ និងកែលំអហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិទាំងមូល ដើម្បីឈានឈ្ពោះ​ទៅរកការកាត់បន្ថយភាពក្រីក្រ និងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ។

១. សមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំសង្កាត់

ឃុំ សង្កាត់នីមួយៗមានអំណាចពីរគឺ អំណាចបញ្ញត្តិ និងអំណាចប្រតិបត្តិ។ អំណាចបញ្ញត្តិ​ត្រូវបានផ្តល់ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ រីឯអំណាចប្រតិបត្តិ ជារបស់មេឃុំចៅ សង្កាត់។​ ប៉ុន្តែទោះជាមានអំណាចពីរយ៉ាងនេះក្តី ក៏មេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចៅសង្កាត់រងទី១​ចៅសង្កាត់រងទី២ ដើរតួនាទីក្នុងអំណាចបញ្ញត្តិផង និងអំណាចប្រតិបត្តិផងដែរ។ ក្រុមប្រឹក្សាឃុំ សង្កាត់ ជាអ្នកដាក់ចេញនូវអំណាចបញ្ញតិ តាមរយ:ដីកាឃុំ​ សង្កាត់ ហើយមេឃុំ ចៅសង្កាត់​ជាអ្នក​ប្រតិបត្តិ នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារបស់ខ្លួន។ រដ្ឋបាលឃុំ សង្កាត់ដឹកនាំ គ្រប់គ្រងឃុំ​សង្កាត់ ដោយក្រុមប្រឹក្សាឃុំ សង្កាត់ដែលប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ជាមេឃុំចៅសង្កាត់[4]។

រដ្ឋាលឃុំ សង្កាត់មានតួនាទីៈ

ក. តួនាទីផ្ទាល់ខ្លួន(មាត្រា៤៣ គឺបម្រើកិច្ចការមូលដ្ឋាន សម្រាប់ផលប្រយោជន៍ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ របស់ខ្លួន។ ក្នុងតួនាទីនេះរដ្ឋបាលឃុំ សង្កាត់មានភារកិច្ចៈ
  1. រក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងមូលដ្ឋាន
  2. គ្រប់គ្រងសេវាសាធារណៈ ហើយធានាឲ្យបានថា សេវាសាធារណៈ ដំណើរការយ៉ាងមាន​ប្រសិទ្ធិភាពក្នុងមូលដ្ឋាន។
  3. ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយលើកកម្ពស់ ជីវភាពរស់នៅរបស់​ប្រជាពល​រដ្ឋ នៅក្នុងឃុំសង្កាត់របស់ខ្លួន។​
ខ.  តួនាទីជាភ្នាក់ងារតំណាងរដ្ឋ (មាត្រា៤៤) រដ្ឋបាលឃុំ សង្កាត់ ជាភ្នាក់ងារតំណាងរដ្ឋ ក្រោមការចាត់តាំ ឬប្រគល់អំណាច​ជាភ្នាក់ងារ​មួយ របស់រាជរដ្ឋាភិបាល ដែលមុខងារនេះត្រូវអនុវត្តតាមច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិត​បទដ្ឋាន​ដែលពាក់ព័ន្ធផ្សេងៗទៀត។  រាជរដ្ឋាភិបាល ឬក្រសួងទាំងអស់ អាចធ្វើប្រតិភូកម្មអំណាចទៅឲ្យក្រុមប្រឹក្សាឃុំ សង្កាត់​បាន តែមិនត្រូវធ្វើប្រតិភូកម្មដោយផ្ទាល់ទៅឲ្យមេឃុំ ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សា ឬមន្ត្រីណាម្នាក់​នៅ​​ក្នុងក្រុមប្រឹក្សាឡើយ។   រាជរដ្ឋាភិបាល ឬក្រសួង ត្រូវផ្តល់សមត្ថភាព មធ្យោបាយ សម្ភារៈ និងថវិកា សម្រាប់អនុវត្ត​ការ​​ធ្វើប្រតិភូកម្មទាំងអស់។
     ទន្ទឹមនឹងតួនាទីទាំងពីរនេះ ច្បាប់បានហាមឃាត់មិនឲ្យឃុំ សង្កាត់ សម្រេចលើវិស័យ​ព្រៃឈើ ការពារជាតិ សន្តិសុខជាតិ កិច្ចការបរទេស សេវាប្រៃសនីយ៍ គោលនយោបាយរូបិយវត្ថុ គោល​នយោបាយ​សារពើពន្ធ និងវិស័យផ្សេងៗទៀដែលមានចែងក្នុច្បាប់ ឬ លិខិតបទដ្ឋានផ្សេងទៀត។
    រដ្ឋាភិបាលឃុំ សង្កាត់ មានតួនាទីជម្រុញ និងការពារអភិបាលកិច្ចល្អ និងចាត់ចែង​ប្រើប្រាស់​ធនធាននានា ដែលមានប្រកបដោយចិរភាព និងតម្លាភាព ដោយបើកចំហឲ្យមានការចូល​រួមពីសំណាក់ប្រជាពលរដ្ឋ ដើម្បើឆ្លើយតបទៅនឹងតម្រូវការ និងមានការទទួលខុសត្រូវខ្ពស់[6]។
អំណាចបញ្ញត្តិត្រូវអនុវត្តិតាមការធ្វើដីការបស់ក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងក្របខណ្ឌនៃមុខងារ និងអំណាចរបស់ខ្លួន ហើយផ្សព្វផ្សាយដីការបស់ខ្លួនជាបន្ទាន់។ ដីការដែលផ្ទុយទៅនឹងកតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិ ស្មារតីរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋាន ផ្សេងៗរបស់រាជរដ្ឋាភិបាល ត្រូវចាត់ទុកជាមោឃៈ។

ក្រុមប្រឹក្សាឃុំ សង្កាត់ អាចធ្វើប្រតិភូកម្មអំណាចទៅមេឃុំ ចៅសង្កាតរបស់ខ្លួន លើកលែង​តែអំណាចៈ
  1.  អំណាចថវិការបស់ឃុំ សង្កាត់
  2.  កំណត់ពន្ធ និងកម្រៃនៅមូលដ្ឋាន
  3.  អនុម័តបទបញ្ជាផ្ទៃក្នុងដីការបស់ឃុំ សង្កាត់
  4.  កិច្ចការផ្សេងៗទៀត ដែលមានកំណត់ដោយរដ្ឋមន្រ្តី  ​
ក្រុមប្រឹក្សាឃុំសង្កាត់មានភារកិច្ចៈ
  1. លើកទឹកចិត្តឲ្យមានការបង្កើនផាសុកភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់​​របស់ខ្លួន។
  2. ការពារថែរក្សបរិស្ថាន និងធនធានធម្មជាតិក្នុងឃុំ សង្កាត់
  3. សម្របសម្រួលទស្សនៈរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់ ដើម្បីលើកកំពស់​ការយោគ​យល់ និងការអធ្យាស្រ័យគ្នាទៅវិញទៅមក
  4.  បំពេញកិច្ចការទូទៅដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់។
  5. ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំអនុម័ត និងអនុវត្តផែនការតម្រូវ​ទៅលើសេចក្តីត្រូវការ​របស់ពលរដ្ឋ ក្នុងគោលបំណងកំណត់ដោយទស្សនៈវិស័យនៃកិច្ចអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួនក្នុង​កិច្ចការ​​ធ្វើផែនការអភិវឌ្ឍន៍ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវចេះវាយតម្លៃអំពីអាទិភាពនៃការអភិវឌ្ឍ និងសកម្មភាព អភិវឌ្ឍៈ
  6. ត្រូវចេះប្រមូលផ្តុំសេចក្តីត្រូវការទាំងឡាយ ដោយផ្អែកទៅលើធនធានទាំងឡាយដែល ឃុំ សង្កាត់មាន និង ទទួលបាន
  7. រៀបចំកម្មវិធី ដែលឆ្លើយតបនឹងសេចក្តីត្រូវការនានាតាមរយៈការផ្តល់សេវា និងការ​អភិវឌ្ឍ ហើយកម្មវិធីទាំងនេះ ត្រូវបញ្ចូលទៅក្នុងថវិកា របស់ឃុំ សង្កាត់របស់ខ្លួន
  8. ធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍឃុំ សង្កាត់ ជូនប្រជាពល​រដ្ឋ​របស់ខ្លួន។ល។
២. មធ្យោបាយរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឲ្យមានប្រសិទ្ធិភាព ការធ្វើវិមជ្ឈការឃុំ សង្កាត់ កំណត់ថាឃុំ សង្កាត់មាន​មធ្យោបាយ​ដែលខ្លួនត្រូវទទួលខុសត្រូវ ចំពោះដែនសមត្ថកិច្ចរបស់ខ្លួន គឺ មធ្យោបាយច្បាប់ មធ្យោបាយធនធាន​មនុស្ស មធ្យោបាយសម្ភារៈ និងមធ្យោបាយហិរញ្ញវត្ថុ។
  1. Ø  មធ្យោបាយច្បាប់ៈ ដើម្បីអនុវត្តដែនសមត្ថកិច្ចដែលប្រគល់ជូន និងអនុវត្តសេចក្តី​សម្រេច ដែលធ្វើឡើងដោយក្រុមប្រឹក្សា ឬមេឃុំ ចៅសង្កាត់ ឃុំ សង្កាត់មានអំណាច​គ្រប់គ្រងដែលបុគ្គលគ្មាន។ អំណាចនេះ ផ្តល់លទ្ធភាពឲ្យឃុំ សង្កាត់ អាចធ្វើ​សកម្មភាព​ឆ្លើយតបទៅនឹងផលប្រយោជន៍ ទូទៅបានល្អប្រសើរ។
  2. Ø  ធនធានមនុស្សៈ ឃុំ សង្កាត់ ត្រូវការមូលដ្ឋានបុគ្គលិក ដើម្បីគ្រប់គ្រង​កិច្ចការ​នៅ​ក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។
  3. Ø  មធ្យោបាយសម្ភារៈ : ក្រុមប្រឹក្សា ឃុំ សង្កាត់រៀបចំសេវាសាធារណៈដែលបង្កលក្ខណៈ ងាយស្រួលដល់ការបំពេញបេសកកម្មនានា។
  4. Ø  មធ្យោបាយហិរញ្ញវត្ថុៈ ឃុំ សង្កាត់មានធនធានហិរញ្ញវត្ថុ ថវិការ និងទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន[7]។ ឃុំសង្កាត់ទទួលបានចំណូល ដែលបានមកពីចំណូលសារពើពន្ធ និងចំណូលពុំមែនសារពើពន្ធ និងកម្រៃសេវាផ្សេងៗ[8]។ ចំណូលសារពើពន្ធរួមមាន ពន្ធលើដីធ្លី ពន្ធលើអចលនទ្រព្យ និង ពន្ធនៃការជួល។ ឃុំសង្កាត់មានសិទ្ធិទទួល​បាននូវធនធាន     វិភាជន៍ពីចំណូលរដ្ឋ សម្រាប់ថវិការរបស់ខ្លួន។ ធនធានវិភាជន៍​នេះ​​រួមមានៈ
  5. ·ការផ្ទេរទាំងមូល ឬមួយផ្នែកនៃប្រាក់ចំណូលសារពើពន្ធ និងចំណូលមិនមែន​សារពើពន្ធ
  6. ·ទាយជ្ជទាន និងធនធានវិភាជន៍ ឧបត្ថម្ភធន ឬអនុប្បទានដែលបានពីប្រាក់​ចំណូល​រដ្ឋ។
៣. ការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់​និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រង់មាត្រា១៤ និង​ មាត្រា៩៤​បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងពីរភេទដែលមានសិទ្ធិ  និងមានបំណងឈរឈ្មោះ​ជាបេក្ខជន​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញលក្ខខណ្ឌសំខាន់ៗដូចខាងក្រោមៈ
  1. មានសញ្ជាតិខ្មែរពីកំណើត
  2. ចេះអាននិងសរសេរអក្សរខ្មែរ
  3. បានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ក្នុងឃុំ សង្កាត់ ដែលខ្លួនមានបំណង​ឈរ​ឈ្មោះ
  4. មានអាយុយ៉ាងតិច២៥ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
  5. មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ ស្តីពីការបោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ជនគ្រប់រូបដែលមានបំណងឈរឈ្មោះ ជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជន នៃគណៈបក្សនយោបាយ។

៤. លក្ខន្តិកៈរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ឃុំ សង្កាត់នីមួយៗត្រូវមានក្រុមប្រឹក្សាមួយ ហៅថា ក្រុមប្រឹក្សាឃុំ​ សង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសឡើងដោយការបោះឆ្នោត ដោយប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ខ្លួន ស្របទៅតាមនីតិវិធីដែលកំណត់ដោយច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ក្រុមប្រឹក្សាឃុំសង្កាត់មានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែល មានក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីចូលកាន់តំណែង។
ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ត្រូវតែគោរពអនុវត្តច្បាប់ បទបញ្ជា និងសេចក្តីណែនាំ​របស់ក្រសួងមហាផ្ទៃ។  ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវទទួលខុសត្រូវចំពោះច្បាប់ ដែលបានកំណត់​អំពីសិទ្ធិ ភារកិច្ច និងអំណាចរបស់ខ្លួន នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមិនគោរពបទបញ្ញត្តិនៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ​សង្កាត់ត្រូវពិន័យដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតដូចជាៈ
  1. ស្តីបន្ទោសក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ដោយមានកំណត់ហេតុច្បាស់លាស់
  2. ករណីនៅតែប្រព្រឹត្តកំហុស ត្រូវកាត់មួយផ្នែកឬទាំងអស់នូវប្រាក់ឧបត្ថម្ភ។ ប្រាក់ដែល​កាត់នេះ ត្រូវបានមកជាប្រយោជន៍នៃថវិការឃុំ សង្កាត់។
  3. សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាចបាត់បង់សមាជិកភាពក្នុងករណីៈ
  4.  សាមីខ្លួនទទួលមរណៈភាព
  5. សាមីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីក្រសួង ឬស្ថាប័នមាន​សមត្ថកិច្ច
  6.  សមីខ្លួនសុំលាលែងជាលាយលក្ខណ៍អក្សរ
  7. សាមីខ្លួនត្រូវតុលាការផ្តន្ទារទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬមជ្ឈិមណាមួយ
  8. សមាជិកត្រូវបានបណ្តេញចេញ ដោយប្រព្រឹត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុង​នៃក្រុមប្រឹក្សា​ឃុំ​ សង្កាត់ តាមលក្ខខណ្ឌដែលមានចែងនៅ​ក្នុងមាត្រា៨៤នៃច្បាប់ស្តីពី​ការ គ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់
  9. ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងមូលត្រូវបានរំលាយ
  10. សាមីខ្លួនបាត់បង់សមាជិកភាពពីគណៈបក្សនយោបាយរបស់ខ្លួន​។
  11. សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មានសេរីភាពក្នុងការបញ្ចេញមតិ ក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់រូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយហេតុពីសម្តែងយោបល់ ឬបញ្ចេញមតិក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ឡើយ។        
៥.តួនាទីរបស់មេឃុំ ចៅសង្កាត់

មេឃុំ ចៅសង្កាត់ជាអ្នកតំណាងឃុំ សង្កាត់ដែលជានីតិបុគ្គល។ មេឃុំ ចៅសង្កាត់ត្រូវត្រួតឃុំ សង្កាត់ និងធ្វើតាមសេចក្កីសម្រេចនៃក្រុមប្រឹក្សាឃុំ សង្កាត់។ ម្យ៉ាងទៀត មេឃុំ ចៅសង្កាត់ ជាអ្នកតំណាងរដ្ឋក្នុងឃុំ សង្កាត់ ចំពោះការប្រតិបត្តិច្បាប់ បទបញ្ជា និងសេចក្តីសម្រេចរាជការ​ជាន់ខ្ពស់ មានមុខងារពន្ធដារ និងក្រុមនគរបាលជាដើម។

ក. ការរាជការទូទៅ
  1. មេឃុំ ចៅសង្កាត់ត្រូវចុះហត្ថលេខាលើលិខិតឆ្លើយឆ្លង ជាមួយអភិបាលស្រុក។
  2. មេឃុំ ចៅសង្កាត់ជាអ្នកបើកការប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ ហើយត្រូវធ្វើជាប្រធាន​នៃការ​ប្រជុំនេះ។
  3. មេឃុំ ចៅសង្កាត់ជាមន្រ្តីអត្រានុកូលដ្ឋាន ហើយជាអ្នករក្សានូវសៀវភៅអត្រានុកូលដ្ឋាន​របស់ឃុំ សង្កាត់។ មេឃុំ ចៅសង្កាត់ត្រូវចេញសេចក្តីចម្លងអត្រានុកូលដ្ឋាន ហើយត្រូវមានសេចក្តី​បញ្ជាក់     ផង។ មេឃុំ ចៅសង្កាត់ត្រូវផ្សាយនូវច្បាប់ ក្រឹត្យ ប្រកាស ដីកា សារាចរ និងសេចក្តី​សម្រេច​ពិសេសពីរាជការជាន់ខ្ពស់ ដែលទាក់ទងជាមួយ​      បណ្តារាស្រ្ត ហើយប្រតិបត្តិឲ្យបាន​សម្រេច​តាម​ច្បាប់ទាំងនេះ។
  4. មេឃុំ ចៅសង្កាត់ត្រូវជួយ និងទំនុកបម្រុងមន្ត្រី និងភ្នាក់ងាររាជការ ដែលធ្វើដំណើរជាផ្លូវការ ឬធ្វើបេសកកម្មក្នុងឃុំ សង្កាត់។
  5. មេឃុំ ចៅសង្កាត់ត្រូវកាន់បញ្ជីបណ្តាជន បញ្ជីទាហ៊ានបម្រុងរាជការ បញ្ជីលោកសង្ឃ ហើយត្រូវចេញច្បាប់អនុញ្ញាតឲ្យបួស។
  6. មេឃុំ ចៅសង្កាត់ត្រូវកាន់ ហើយរក្សាទុកនូវបញ្ជីកត់សត្វពាហនៈ។
ខ. ក្រុមនគរបាល
  1. មេឃុំ ចៅសង្កាត់ត្រូវរួមជាមួយនឹងកងកម្លាំង ក្រុមនគរបាល ដែលនៅក្រោមអំណាច​រាជការជាន់ខ្ពស់ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងឃុំ សង្កាត់។ មេឃុំ ចៅសង្កាត់​ត្រូវការពារមិនឲ្យមានការប្រព្រឹត្តបទល្មើសច្បាប់ និងបទបញ្ជានានាជាធរមាន។
  2. មេឃុំ ចៅសង្កាត់ត្រូវចាប់បញ្ជូនអ្នកប្រព្រឹត្តបទល្មើសទៅតុលាការ។ មេឃុំ ចៅសង្កាត់​ត្រូវការពារ និងបង្ក្រាបនូវអំពើចោរកម្ម ក្នុងតួនាទីឃុំ ក្រោមអំណាចអភិបាលស្រុក។ ក្នុយន័យនេះ មេឃុំ​ ចៅសង្កាត់ត្រូវៈ
  3. រៀបចំក្រុមស៊ើបព័ត៌មាន ដោយទាក់ទងជាមួយមេឃុំ ចៅសង្កាត់នៅជិតខាង
  4. តាមមើលសកម្មភាពនៃកងរក្សាខេត្ត ក្រុង ឬកងកម្លាំងក្រុមនគរបាល ឯទៀតដែល​ធ្វើបេសកកម្មក្នុងស្រុក ខណ្ឌ ហើយត្រូវប្តឹងទៅអភិបាលស្រុក ខណ្ឌអំពីរឿងនេះ។
  5. ក្នុងភូមិភាគដែលតែងតែមានចោរកម្ម ត្រូវរៀបចំឲ្យមានការយាមល្បាត ដោយពឹង​ប្រាស្រ័យលើអ្នកស្រុកទាំងអស់
គ. តុលាការ
  1. មេឃុំ ចៅសង្កាត់ត្រូវធ្វើជាតំណាងឃុំ សង្កាត់ នៅចំពោះមុខតុលាការទាំងអស់ ក្រោយពី​បានទទួលការអនុញ្ញាតពីក្រុមប្រឹក្សាឃុំ សង្កាត់ ដោយមានការយល់ព្រមពីអភិបាលខេត្ត ក្រុងផង។
  2. មេឃុំ ចៅសង្កាត់ជាមន្ត្រីនគរបាលយុត្តិធម៌ និងជាជំនួយតុលាការក្នុងព្រំដែនឃុំ សង្កាត់។
  3. មេឃុំ ចៅសង្កាត់មានគុណសម្បត្តិនឹងធ្វើឲ្យលិខិតទាំងឡាយ មានចារឹកត្រឹមត្រូវតាមច្បាប់ តាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់រដ្ឋប្បវេណី។
ឃ. ហិរញ្ញវត្ថុ
  1. មេឃុំត្រូវធ្វើបញ្ជីពន្ធទាំងអស់ដែលជាប្រយោជន៍ថវិការជាតិ និងថវិការខេត្ត លើកលែង​តែពន្ធ​ណា​ដែលជាកម្មវត្ថុ នៃបទបញ្ញត្តិនៃនីតិក្រមពិសេស។
  2. ក្នុងឋានៈជាភ្នាក់ងារបន្តនៃរតនាគារ មេឃុំត្រូវទទួលប្រាក់ពន្ធ និងអាករ ហើយត្រូវចេញ​បង្កាន់ដៃឲ្យ។ នៅពេលទារប្រាក់ពន្ធមេឃុំត្រូវដាក់ប្រាក់ដែលទារបាន ហើយទទួលបង្កាន់ដៃ។
   II.        ឃុំសង្កាត់ និងដៃគូរបស់ខ្លួន
១. ទំនាក់ទំនងរវាងរដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលកណ្តាល
  1. ដំណើរការវិមជ្ឈការត្រូវបានរៀបចំឡើង ដើម្បីបង្កើតឲ្យមានអាជ្ញាធរមូលដ្ឋាន នៅក្នុងឃុំ សង្កាត់នីមួយៗ ដែលមានរដ្ឋបាលខុសពីរដ្ឋបាលរដ្ឋ និងដឹកនាំដោយតំណាងឃុំសង្កាត់​ដែលជាប់​ឆ្នោត ដើម្បីអនុវត្តដែនសមត្ថកិច្ចបែបវិសហមជ្ឈការ នៅក្នុងក្របខណ្ឌរបស់ឃុំ សង្កាត់។ មួយវិញ​ទៀត ដំណើរការវិសហមជ្ឈការ ផ្តល់លទ្ធភាពដល់រដ្ឋបាលដែនដី របស់រដ្ឋដែលមានស្រាប់ នៅ​តាមបណ្តាខេត្ត និងស្រុក ដើម្បីទទួលខុសត្រូវចំពោះដែនសមត្ថកិច្ច ដ៏ទូលំទូលាយ ដែលបាន​ផ្ទេរទៅឲ្យរដ្ឋបាលដែនដី ដោយក្រសួងនានា។
  2. តាមស្មារតីសហការជាវិជ្ជមាន ឃុំ សង្កាត់ និងរដ្ឋបាលដែនដី(ក្នុងករណីខ្លះ​គឺរដ្ឋបាល​កណ្តាល) នឹងធ្វើការរួមគ្នារក្នុងវិស័យជាអាទិភាពដូចជាៈ
  3.  ឃុំ សង្កាត់អនុវត្តការទទួលខុសត្រូវរបស់ខ្លួននៅក្នុងវិស័យនានា ដែលមានចែង​ក្នុង​ច្បាប់(សមត្ថកិច្ចទូទៅ ឬសមត្ថកិច្ចចាំបាច់)។ ឃុំ សង្កាត់ ផ្តោតការយកចិត្ត​ទុកដាក់ទៅលើដែនដីរបស់ឃុំ សង្កាត់ និងប្រជាជនក្នុងឃុំ សង្កាត់របស់ខ្លួន។ ជាផ្នែកមួយនៃប្រព័ន្ធ ឃុំ សង្កាត់ទទួលខុសត្រូវចំពោះ (១)សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ និងបញ្ហាច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់រដ្ឋបាល (២) សេវាសាធារណៈ ដែលត្រូវផ្តល់ជូនប្រជាជនក្នុងឃុំ សង្កាត់ (៣) ការអភិវឌ្ឍ។ នៅពេលដែលឃុំ សង្កាត់គ្រប់គ្រង ដែនសមត្ថកិច្ចជាក់លាក់ រដ្ឋបាល​ដែនដី​ផ្តល់ជំនួយបច្ចេកទេស ដល់ឃុំ សង្កាត់ទាំងនោះ។
  4. ការអភិវឌ្ឍដែនដី អាចជាហេតុផលមួយសម្រាប់រដ្ឋបាលបែបវិសហមជ្ឈការ ក្នុង​ការ​​រៀបចំគ្រប់គ្រងខេត្ត ក្រុង ក៏ដូចជាគម្រោងគ្រប់គ្រងដែនដីខេត្ត ក្រុង ដោយ​ផ្អែកលើសេចក្តីណែនាំដែលចេញពីរដ្ឋបាលកណ្តាល។ យុទ្ធសាស្ត្រនិង​គម្រោង​ខេត្ត ក្រុង គឺជាកម្រិតគោល និងក្របខណ្ឌសម្រាប់ឃុំ សង្កាត់នានានៅក្នុងខេត្ត ក្រុង នៅពេលដែលឃុំតម្រូវឲ្យមានការរៀបចំផែនការ និងកម្មវិធីផ្ទាល់របស់ខ្លួន។
  5. មេឃុំ ចៅសង្កាត់ អាចទទួលខុសត្រូវចំពោះបេសកកម្មជំនួសឲ្យរដ្ឋាភិបាល។ នេះ​អាចទាក់ទងទៅនឹងការងារដូចជា ការរក្សាបញ្ជីស្តីពីអត្រានុកូលដ្ឋាន បញ្ជី       បោះឆ្នោត ឯកសារស្តីពីផែនការនគរូបនីយកម្មមួយចំនួន បញ្ជីស្តីពីការ​ប្រើប្រាស់​ដីធ្លី។ល។ នេះមិនមែនជាបញ្ហានៃការផ្ទេរដែនសមត្ថកិច្ចទេ ប៉ុន្តែជាការបញ្ជាក់ថា​ មេឃុំ ចៅសង្កាត់ជាភ្នាក់ងាររបស់រដ្ឋ។
  6. នៅក្នុងការវិភាគចុងក្រោយ រដ្ឋបាលដែនដីរបស់រដ្ឋ និងអាជ្ញាធរមូលដ្ឋាន និងរក​ឃើញ​ចំនុចរួមនៅក្នុងវិស័យអាទិភាពទាំងបួន(១) ជំនួយបច្ចេកទេសសម្រាប់ឃុំ (២) ការត្រួតពិនិត្យរបស់រដ្ឋលើសេចក្តីសម្រេចរបស់ឃុំ (៣) គម្រោងអភិវឌ្ឍន៍ (៤)បេសកកម្មដែលអនុវត្តដោយផ្នែកនានារបស់ឃុំ ជំនួសមុខឲ្យរដ្ឋ។
២. ទំនាក់ទំនងឃុំ  សង្កាត់ និងប្រជាពលរដ្ឋ
ប្រជាធិបតេយ្យមូលដ្ឋាន ជាប្រព័ន្ធផ្សព្វផ្សាយ ដែលចាំបាច់​សម្រាប់ការ អនុវត្ត​ដំណើរ​ការ      វិមជ្ឈការ ​ឃុំសង្កាត់។ នៅក្នុងទំនាក់ទំនងនេះ រដ្ឋបាលឃុំ សង្កាត់ៈ
  1. ផ្តល់ព័ត៌មានសមស្រប ដល់ប្រជាជន។ ច្បាប់បញ្ញត្តិ ក៏ដូចជាខ្លឹមសារនៃសេចក្តី​សម្រេច​សំខាន់ៗ ត្រូវតែបានបោះពុម្ពផ្សាយ។ ឃុំត្រូវតែមានលទ្ធភាពរៀបចំ      ឯកសារទៅតាមការស្នើសុំដូចជា កំណត់ហេតុអង្គប្រជុំក្រុមប្រឹក្សា ថវិការ របាយការណ៍ គណនេយ្យ។ល។
  2. ផ្តល់ព័ត៌មានដល់សមាជិកក្រុមប្រឹក្សា។ តំណាងជាប់ឆ្នោតត្រូវតែទទួលរាល់​លិខិត​ស្នាមទាំងអស់ដែលខ្លួនត្រូវការ ហើយត្រូវជូនដំណឹងជាមុន មុននឹងធ្វើការសម្រេច​ចិត្ត ដើម្បីគេអាចសិក្សាពីកត្តាដែលទាក់ទងដល់ការសម្រេចចិត្តនេះ។
  3. រៀបចំកម្រិតនៃការចូលរួម នៅក្នុងសកម្មភាពរបស់ឃុំដូចជា តាមរយៈការ​ប្រើ​ប្រាស់​​​គណៈកម្មការពិគ្រោះយោបល់ សម្រាប់សេវាសាធារណៈ មូលដ្ឋាននីមួយៗ ឬគណៈកម្មាធិការទទួលបន្ទុក បញ្ហាសំខាន់ៗទាក់ទងនឹងឃុំ​ សង្កាត់។​
  4. ពិគ្រោះយោបល់ដោយផ្ទាល់ជមួយនឹងប្រជាពលរដ្ឋ មុននឹងធ្វើការសម្រេចចិត្ត អំពីបញ្ហាទាក់ទងនឹងឃុំ សង្កាត់។​
  III.   ប្រព័ន្ធត្រួតពិនិត្យលើរដ្ឋបាលឃុំ សង្កាត់

១. ការត្រួតពិនិត្យផ្នែករដ្ឋបាល
រដ្ឋបាលចំហរបស់ឃុំ សង្កាត់មិនមែនមានន័យថា  ឃុំ សង្កាត់អាច​ធ្វើអ្វីដែល​ខ្លួនចង់ធ្វើតាម​ទំនើងចិត្តនោះទេ។ ឃុំ សង្កាត់ ស្ថិតនៅក្រោមកាតព្វកិច្ចច្បាប់ ដែលពិនិត្យលើផ្នែកនានារបស់ខ្លួន​(ក្រុមប្រឹក្សា និង មេឃុំ ចៅសង្កាត់)។ សំខាន់ជាងនេះទៅទៀត មានប្រភេទផ្សេងៗទៀត នៃការពិនិត្យលើសេចក្តីសម្រេច ការពិនិត្យលើនីត្យានុកូល គឺភាពស្របទៅតាមច្បាប់​នៃសេចក្តី​សម្រេច ដែលរួមមាន សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាសេចក្តីសម្រេច​ដែលធ្វើឡើងដោយមេឃុំ ចៅសង្កាត់ ។​
នៅពេលដែលឃុំ សង្កាត់ អនុវត្តដែនសមត្ថកិច្ចជាក់លាក់របស់ខ្លួន រដ្ឋបាលរបស់រដ្ឋាភិបាល ត្រូវតែពិនិត្យលើឃុំ សង្កាត់។ វាទាក់ទងនឹងការត្រួតពិនិត្យនីត្យានុកូលភាព សេចក្តីសម្រេច​របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងសេចក្តីសម្រេចរដ្ឋបាល និងសេចក្តីសម្រេចរបស់មេឃុំ ចៅសង្កាត់ លើសវនកម្មថវិកា និងសវនកម្មបញ្ជីគណនេយ្យករឃុំ សង្កាត់។ ការត្រួតពិនិត្យនេះ ត្រូវធ្វើឡើង​ដោយរដ្ឋបាលដែលជិតស្និទ្ធ ដែលនេះសំដៅទៅលើរដ្ឋបាលដែនដី ជាជាងរដ្ឋបាលកណ្តាល។ ហេតុផលចំពោះប្រការនេះគឺថា សវនកម្មត្រូវបានគ្រោងឡើងសម្រាប់អប់រំតាមធម្មតា ជាជាងការ​បង្រ្កាបរយៈពេលខ្លី និងរយៈពេលវែង។
រដ្ឋាភិបាលត្រួតពិនិត្យទៅលើនីត្យានុកូលភាព នៃសេចក្តីសម្រេចដែលធ្វើឡើងដោយឃុំ    សង្កាត់។ រដ្ឋាភិបាលសម្រេចថា តើលក្ខខណ្ឌយ៉ាងណាដែលត្រូវប្រគល់ទៅឲ្យឃុំ សង្កាត់ និងធានាថា ច្បាប់នានាត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។ ការត្រួតពិនិត្យនេះ ត្រូវតែជាការ​ត្រួតពិនិត្យមួយ ដែលស្ថិតនៅជិត ដើម្បីឲ្យមានប្រសិទ្ធិភាព និងផ្តល់នូវការបណ្តុះបណ្តាល។

២. ការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ
ឃុំ សង្កាត់ត្រូវបង្កើតឲ្យមាននូវប្រព័ន្ធគ្រប់គ្រង តាមដាន និងត្រួតពិនិត្យហិរញ្ញវត្ថុ របស់ខ្លួន​ដែលរួមមានៈ
-       បទដ្ឋានហិរញ្ញវត្ថុ និងការអនុវត្តជាក់ស្តែង ផ្នែកគណនេយ្យ
-       ការចាត់ចែង គ្រប់គ្រងទ្រព្យសម្បត្តិ
-       តម្រូវការផ្សេងៗ ក្នុងការធ្វើសវនកម្ម
-       ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងការទទួលខុស​ត្រូវ[10]។
ដើម្បីគ្រប់គ្រងលើគោលការណ៍ទាំងនេះបាន លុះត្រាតែឃុំសង្កាត់ដែលជាប់ឆ្នោតនោះ មានជំនួយបន្ថែមលើបច្ចេកទេសនៃការគ្រប់គ្រង តាមដាម និងត្រួតពិនិត្យហិរញ្ញវត្ថុរបស់ខ្លួន។ ដូច្នេះ​ជំនួយបច្ចេកទេសហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសគណនេយ្យ គឺបានមកពីរដ្ឋបាលកណ្តាល ឬរដ្ឋបាលដែនដី ជាអ្នកចាត់ចែងផ្តល់ឲ្យឃុំ សង្កាត់ទាំងនោះ។
នៅពេលដែលឃុំ សង្កាត់អនុវត្តនូវតួនាទីរបស់ខ្លួនលើផ្នែកហិរញ្ញវត្ថុ រដ្ឋបាលកណ្តាល​ត្រូវតែមានសិទ្ធិ ក្នុងការត្រួតពិនិត្យតាមដាន​ ដើម្បីឲ្យការអនុវត្តនោះ ឈានទៅរកការរីកចម្រើន។

សន្និដ្ឋាន
  1. តាមរយៈការបង្ហាញខាងលើ យើងឃើញថា ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ នៅកម្ពុជាមាន របៀបរបបស្មុគស្មាញ និងប្រកបទៅដោយទំនួលខុសត្រូវខ្ពស់ ស្របទៅតាមបទដ្ឋាននៃការអនុវត្ត ដើម្បីតម្រូវតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន។ មេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់ត្រូវអនុវត្តកិច្ចការរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ មានតម្លាភាព មានគណនេយ្យភាព និងភាពបើកចំហ។ រដ្ឋបាលឃុំ សង្កាត់ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង         រដ្ឋបាលកណ្តាល និងប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន។ ភារៈកិច្ចដែល ឃុំ សង្កាត់ត្រូវបំពេញ ត្រូវស្របទាំងកាលានុវត្តភាពសង្គម និង ស្របតាមនីត្យានុកូលភាព​នៃបទដ្ឋានប្រតិបត្តិ។ ទំនួលខុសត្រូវដែលរដ្ឋបាលឃុំសង្កាត់មានចំពោះប្រជាពលរដ្ឋ និងទំនួលខុស​ត្រូវ​ដែលរដ្ឋបាលឃុំសង្កាត់ មានចំពោះរដ្ឋបាលកណ្តាល គឺជាការអនុវត្តដែលស្របទៅតាម​គោលនយោបាយ វិមជ្ឈការ និង វិសហមជ្ឈការឃុំ សង្កាត់។
  2. បច្ចុប្បន្ននេះ ទោះបីជាការប្រព្រឹត្តទៅជាក់ស្តែងនៃរដ្ឋបាលឃុំ សង្កាត់ មិនទាន់មានភាពរលូន​ណាស់ណា ក៏ដោយ ក៏យើងឃើញថា ការៀបចំ និងការដឹកនាំឃុំ សង្កាត់មួយចំនួនស្រប​ទៅនឹងតម្រូវការសង្គម និងប្រជាពលរដ្ឋ ដែលគួរទទួលយកបាន។ យើងក៏មានសុទិដ្ឋិនិយមថា សង្គមខ្មែរនឹងទទួលបានរបៀបរបបដឹកនាំ និងការដឹកនាំរដ្ឋបាលដែលមានលក្ខណៈសមស្រប និងប្រកបដោយប្រសិទ្ធិភាពតាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់រដ្ឋបាលកណ្តាល។