Monday, September 30, 2024

តំបន់​ទេសចរណ៍​ ព្រៃវែង

ឯកសារយោង ឯកសារពាក់ព័ន្ធរួមមាន៖
  1. រដ្ឋបាលដែនដី ខេត្ត ព្រៃវែង--ព្រៃឡង់
  2. តំបន់ព្រំដែន ខេត្ត ព្រៃវែង
  3. តំបន់​ទេសចរណ៍​ ព្រៃវែង
តំបន់​ទេសចរណ៍​ ព្រៃវែង ជាទំព័រមួយ ដកស្រង់ ចម្លងស្នាដៃផ្សេងៗ វិភាគ បន្ថែម អ្វីៗដែលទាក់ទងជាមួយ តំបន់​ទេសចរណ៍​ ព្រៃវែង មានដូចជា៖ 
Baray Andet Resort
Viel Brang
វត្តវិហារធំ 👈 ឬ ទួល នេន ទុំ សឹក 👈
Ba Phnom បាភ្នំ 👈
Nokor Phnom
Vihear Chan Temple

ខ្ញុំជាម្ចាស់ប្លុកប្រវត្តិសាស្រ្ត ភូមិសាស្រ្តខ្មែរ។ ខ្ញុំធ្លាប់ចុះធ្វើការនៅព្រៃវែង តាំងពីឆ្នាំ ២០០០ និងធ្លាប់បានចទៅចូលរួមពិធីបុណ្យឡើងអ្នកតា តែកាលនោះ មិនទាន់សូវមានការយល់ដឹងច្រើនរឿងប្រវត្តិសាស្រ្ត លុះឆ្នាំ ២០១០ ជាឆ្នាំដែលខ្ញុំបានដើរធ្វើការគ្រប់ទាំង ២៥ ខេត្តក្រុងនៅកម្ពុជា ជាវេលាដែលខ្ញុំមាន ឯកសារច្រើនល្មម ជាពិសេសមាន ផែនទី យោធា ដែលលំអិតសណ្ឋានដី Topography map ល្អជាង ផែនទី ស៊ីវិល ដែលខ្ញុំអាច វិភាគប្រវត្តិសាស្រ្តមាន Logic ជាង ជនបរទេស។

សេចក្តីបំភ្លឺនៃ រដ្ឋបាលស្រុកបាភ្នំ ខែ កញ្ញា ២០២៤

តំបន់​ទេសចរណ៍​ ព្រៃវែង


ខ្ញុំសូមចូលរួម ក្នុងការវិភាគថា តើ នគរភ្នំ ស្ថិតនៅ អង្គរបុរី?  ព្រៃកប្បាស? គោកធ្លក? ...ឆ្លងតាមការវិភាគ លើឈ្មោះភូមិនានាទាំងអស់នៅកម្ពុជា ដែលមាន ឈ្មោះ "ឈើ" ចំនួន ១២៨ ភូមិ  ឃើញថា ពាក្យ "ឈើ ដូចជា ឈើកាច់ ឈើពុក ឈើទាល ឈើតុំ ឈើទេព ឈើនាង ឈើត្រែង ឈើត្រាវ បន្ទាយឈើ ឈើភ្លើង ឈើស្លាប់ រកឃើញថា ឈើទាល មានចំនួនច្រើនជាងគេ ចំណែកឈើ កាច់មានមិនដល់ ១០ ពាក្យ។ ឯ ភូមិ មាន ពាក្យ " កាច់" ដូចជា អូរកាច់ ក្រាំងកាច់ ត្រាំកាច់ ឈើកាច់  កាចាញ កាច្រូន ស្ទឹងកាច់..មាន ១៨ ភូមិ -- ជាការសរុប ពាក្យថា ភ្នំ ឈើ កាច់ គួរតែ ចេញមកពី ពាក្យថា ភ្នំ Phnom ឈើ គឺព្រៃឈើ ចំណែក កាច់ គួរតជា កំឡាយពាក្យ កាច ដោយសារ ពាក្យទាក់ដំរី គឺ ពាក្យគាច់ បង្ខំ ធ្វើបាប ដែល ជួន នឹង ទន្លេតូចមួយ ហៅថា ទន្លេស្លូត (ស្ទឹងស្លូត) ចំណុចនេះ ភាសាខ្មែរ បើមាន កាច់ ត្រូវមាន ស្លូត មាន មេ ត្រូវមាន បារ ខាងជើង ត្រូវមាន ខាងត្បូង មានភ្នំតាម៉ៅ (តាខ្មៅ) ត្រូវមាន ភ្នំ មេ ស ...) 

ផែនទី តំបន់ បាភ្នំ

ផែនទី តំបន់ បាភ្នំ

ផែនទី តំបន់ បាភ្នំ
រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសិក្សាលទ្ធភាពដាក់ «នគរភ្នំ-ឈើកាច់បាភ្នំ» ស្ថិតនៅក្នុងឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្តដោយសារវាជាទីតាំងដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃ នគរគោកធ្លក ឬ នគរភ្នំ ជាដើមកំណើតទឹកដីកម្ពុជា។  អាណាចក្រ ភ្នំ (ហ្វូណន វ្នំ FUNAN- PHNOM)👈

ភូមិសាស្រ្តព្រៃវែង និង ប្រវត្តិឈ្មោះ ព្រៃវែង 👈 ដើម្បីជាការសង្ខេប និងសន្ធិដ្ឋាន ខ្ញុំបាទជាម្ចាស់ blog សូមធ្វើការបកស្រាយថា នគរខ្មែរពី ដើម មាន ០៣ គឺ នៅ កម្ពុជាក្រោម នៅ បាភ្នំ និង នៅ​ស្រុកសៀមសព្វថ្ងៃ។ យើងអាចមើលផែនទី នៅ សៀម គេដូរឈ្មោះខេត្តខ្លះទៅជា ណាខនភ្នំ/នគរភ្នំ ឬ នគរភ្នំ។ ចំណែក នៅ កម្ពុជាក្រោម ជាប់ព្រំដែនកម្ពុជា មានឈ្មោះ បាណាម (ភ្នំ)។ ដោយសារ នគរខ្មែរមាន ៣ ហើយ វៀតណាមគេមានអំណាចខ្លាំងជាង គេមិនទទួលយក វប្បធម៍ខ្មែរ មន Khmer Mon Civilization  ទើបធ្វើឲ្យមាន ទំនាស់ សង្រ្គាម ជាមួយ ក្រុមវៀតណាម ចាម ដែលគេមាន វប្បធម៍ អូកែវ Okeo Civilization ចំណុចនេះ យើងអាចដឹងថា នគរទឹក Water Kingdom/ ចេនឡា ទឹក របសខ្មែរ បាត់បង់ គឺយើងនៅ សល់តែ នគរភ្នំ។ ដោយសារ មានស្តេច មួយអង្គរ យាងមកពី ឥណ្ឌា ចូលគ្រប់គ្រងកាន់កាប់ នគរ គោកធ្លក (​នគរបុរី កម្ពុជាក្រោម) បានរៀប អភីសេកជាមួយ បុត្រីនគរខ្មែរ/ម្ចាស់ក្សត្រីនគរខ្មែរ ឈ្មោះ ព្រះនាងនាគ ទើបមានការ ងឿងឆ្ងល់់ថា នគរភ្នំ មានទីតាំងនៅ ចំនុចណា? ខ្លះថា ព្រះថោង នាងនាគ មានទីតាំងនៅ បាភ្នំ នេះឯង ខ្ញុំសូមជំទាស់ថា មិនអាច មិនសមរម្យទេ ដោយសារ នគរខ្មែរពីដើម ជានគរទឹកលិច ដូច្នេះ ស្តេចខ្មែរព្រះនាងនាគ គឺពិតជា គង់នៅ ឋានភុជុង្គនាគ ម្តុំ ពោធិសាត់ កោះកុង ដែលជា តំបន់ភ្នំខ្ពស់។ ចម្បាំងរវាង ស្តេចខ្មែរ និង ស្តេចមកពី ឥណ្ឌា ក្លាយជាចំណងស្នេហ៍ ទៅជា ព្រះថោងនាងនាគ គឺជា បង្រួមបង្រួម ចេនឡាទឹក និង ចេនឡាគោក។
តំបន់​ទេសចរណ៍​ ព្រៃវែង
ភ្នំឈើកាច់ គឺជាភ្នំមួយស្ថិតក្នុង ភូមិមាត់ព្រៃ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ មានចម្ងាយ ៧៨គ.ម ពីទីក្រុងភ្នំពេញ និង មានចម្ងាយ ៤៥គ.ម ពី ក្រុងព្រៃវែង បត់ឆ្វេងដៃត្រង់ផ្សារកំពង់សឹងចូលចម្ងាយប្រហែល ៧គ.ម។ រមណីយដ្ឋាន បាភ្នំមានភ្នំ ៤ នៅផ្ដុំគ្នា គឺ ភ្នំសំពៅ ភ្នំស្អាង ភ្នំធំ និង ភ្នំបញ្ជរ។ បាភ្នំ ជារាជធានីចាស់ឈ្មោះថា នគរភ្នំ គឺស្ថិតនៅក្បែរភ្នំទាំងឡាយក្នុង ស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្លាក់ស្នាមខ្លះៗ ប៉ុណ្ណោះដូចជា ប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅក្នុងឃុំជើងភ្នំ។ មានចំងាយពីផ្លូវជាតិលេខ១ ប្រមាណ១,៥​គម ​ពីឃុំកំពង់សឹងតាមផ្លូវលំក្រហម។ ភ្នំឈើកាច់ ជាទីតាំងប្រវត្តិសាស្រ្តមួយនៃ នគរគោកធ្លក និងមានប្រវត្តិរឿងជាប្រពៃណីខែ្មរជាច្រើនផង។ ក្នុងប្រវត្តិរឿងទុំទាវភ្នំឈើកាច់ជាកន្លែងដែលនេនទុំបានសាងផ្នូសនៅទីនេះ។

BTV Cambodia អន្តរក្រសួង គាំទ្រការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្តនគរភ្នំ-ឈើកាច់បាភ្នំ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតនៅក្នុងឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ និងតំណាងរដ្ឋបាលខេត្តព្រៃវែង។ មតិរួមរបស់អន្តរក្រសួងបានគាំទ្រចំពោះការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ដែលជាទីតាំងដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃ នគរគោកធ្លក ឬនគរភ្នំ ដើមកំណើតទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

ខេត្ត​នេះ​បែងចែក​ជា​១៣​ក្រុង​-​ស្រុក ក្នុង​នោះ​ស្រុក​បាភ្នំ គឺជា​ស្រុក​តែ​មួយ​គត់ ដែល​មាន​ភ្នំ​ដែល​មហាជន​ទូទៅ​បាន​ស្គាល់​យ៉ាង​ច្បាស់ គឺ​ភ្នំ​ឈើ​កាច់ ហើយ​ភ្នំ​នេះ​ក៏​មាន​ជាប់​ទាក់ទិន​ទៅ​និង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ក៏​ដូច​ជា រឿងព្រេង​ជា​ច្រើន​ផង​ដែរ ។

តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ស្រុក​បាភ្នំ​បាន​ឲ្យ​ដឹង​ថា ភ្នំ​ឈើ​កាច់​ នេះ​ជា​កម្រង​ជួរ​ភ្នំ​ដ៏​ធំ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ជើងភ្នំ និង​ឃុំ​ឈើ​កាច់​នៃ​ស្រុក​បាភ្នំ​កម្រង​ជួរ​ភ្នំ​នេះ​មាន​ភ្នំ​ទាំង​តូច ទាំង​ធំ សរុប​ចំនួន ​១៤​ភ្នំ ស្ថិត​នៅ​ក្បែ​ៗ​គ្នា និង​មានឈ្មោះ​រៀង​ៗ​ខ្លួន​ដែល​ចាស់ទុំ​ពី​មុន​ដាក់​ឲ្យ​ទៅ​តាម​រូបសណ្ឋាន​របស់​វា​ដូច​ជា
  1.  ភ្នំ​សំពៅ 
  2. ភ្នំ​បាញ់​ចារ 
  3. ភ្នំ​តូច
  4.  ភ្នំ​ធំ 
  5. ភ្នំ​ល្អាង
  6.  ភ្នំ​អ្នកតា​ទូល​ឈ្នាង
  7. ភ្នំ​យាយ​ទូល​កញ្ច្រែង
  8.  ភ្នំ​គុក​ប្រជៀវ
  9.  ភ្នំ​កំ​ផ្លុ​ក 
  10. ភ្នំ​ស្លឹកគ្រៃ 
  11. ភ្នំ​ថ្ម​បាញ់ 
  12. ភ្នំ​ថ្ម​សរ 
  13. ភ្នំ​យាយ​មេសរ និង​
  14. ភ្នំ​កំពូល​ឈើ​កាច់ ។

បើ​តាម​ការ​រៀបរាប់​របស់​ចាស់ព្រឹទ្ធាចារ្យ​ដែល​រស់នៅ​ក្នុង​តំបន់​ភ្នំ​ឈើ​កាច់​នេះ​បាន​ឲ្យ​ដឹង​ថា ភ្នំ​មួយ​ចំនួន​ក្នុង​ចំណោម​ភ្នំ​ទាំង​អស់នេះ​មាន​ភ្នំ​មួយ​ចំនួន​មានរឿង​រ៉ាវ​ទាក់ទង​ទៅ​នឹង​រឿងព្រេង​និទាន​ដូច​ជា ភ្នំ​សំពៅ ​ដែល​នៅ​ក្បែ​វត្ត​វិហារ​ធំ ឬ​វិហារ​គុក ដូនតា​ពី​សម័យ​មុន​បាន​នាំ​គ្នា​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សំពៅ ព្រោះ​ទីតាំង​នោះ​មានរឿង​ព្រេង​និទាន​ដំណាល​ថា មាន​ សំពៅ​ធំ​១​គ្រឿង​ បាន​បើក​មក​លិច​បាត់​នៅ​ត្រង់​ទីតាំង​នោះ​តែ​មិនដឹង​ពិត ឬ​មិន​ពិត​នោះ​ទេ លឺ​តែ​ចាស់​ៗ​ដំណាល​ត​ៗ​គ្នា​មក​ទើប​នាំ​គ្នា​ហៅ​ភ្នំ​នោះ​ថា ភ្នំ​សំពៅ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

ភ្នំ​អ្នកតា​ទូល​ឈ្នាង នៅ​លើ​កំពូលភ្នំ​នេះ​មាន​ដុំ​ថ្ម​១​ផ្ទាំង​ធំ ដែល​មាន​រាង​ដូច​ឈ្នាង និង​មាន​ដុំ​ថ្ម​១​ដុំ​ទៀត នៅ​ទូល​ពីក្រោម​ដែល​គេ​មើលទៅ​មិន​សម​អាច​បន្តុប​ជាប់​គ្នា​សោះ ព្រោះ​ថ្ម​ខាងលើ​មាន​ទំហំ​ធំ ឯ​ថ្ម​ខាងក្រោម​តូច​ខុស​គ្នា​ឆ្ងាយ តែ​បែរជា​អាច​ទ្រ​ថ្ម​ខាងលើ​ជាប់ ទោះបីជា​ប្រឈម​និង​ភ្លៀង​ខ្យល់​បោកបក់​មក​រាប់រយ​ឆ្នាំ​ហើយ​ក៏​ដោយ ។ ភ្នំ​នេះ​ចាស់​ៗ​បាន​ដំណាល​ត​ៗ​គ្នា​មក​ថា មាន​បុរស​ម្នាក់​ដែល​រស់នៅ​ជាមួយ​ម្តាយ​នៅ​ក្នុង​ខេត្ត​បាភ្នំ ( ឈ្មោះ​ខេត្តព្រៃវែង​សម័យ​មុន ក្រោយមក​ដូរ​ជា​ខេត្តព្រៃវែង​វិញ​) បាន​វាយ​សម្លាប់​ម្តាយ​របស់​ខ្លួន​ដោយសារ​តែ​ឃើញ​បាយ​ដែល​ម្តាយ​យក​មក​ឲ្យ​ហូប​តិច​ពេក លុះ​ពេល​វាយ​ម្តាយ​ស្លាប់​ហើយ​ហូប​បាយ​នោះ​មិនអស់​ទើប​ភ្ញាក់ខ្លួន​ស្តាយស្រណោះ​អាណិតម្តាយ ហើយ​បាន​ដាក់​អង្ករ​ក្នុង​ឈ្នាង​ដើរ​រក​ដូរ​ម្តាយ ពី​អ្នកស្រុក តែ​គ្មាន​អ្នក​ណា​ដូរ​ឲ្យ​រហូត​ចុង​ក្រោយ​ក៏​ដើរមក​ដួល​ស្លាប់​នៅ​លើ​ភ្នំ​នេះ​កើត​ទៅ​ជា​ដុំ​ថ្ម​២​ដុំ ខាងក្រោម​តូច​ទូល​ដុំ​ថ្ម​ផ្ទាំង​ធំ​នៅ​ខាងលើ​ដូច​ជា បុរស​ទូល​ឈ្នាង​ដើរ​រក​ម្តាយ​ទើប​ចាស់​ៗ​នាំ​គ្នា​ហៅ​ភ្នំ​នេះ​ថា អ្នកតា​ទូល​ឈ្នាង​រហូត​ដល់​សព្វថ្ងៃ ។

ចំណែក​ភ្នំ​ល្អាង​ វិញ​ភ្នំ​នេះ​មាន​ល្អាង​ដ៏​ធំ​មួយ​នៅ​ចង្កេះភ្នំ​ហើយ​មាន​ជម្រៅ​ជ្រៅ​ចុះ​ទៅ​ក្រោម ងងឹត​សូន្យឈឹង​ប្រៀប​ដូច​ជា រូងភ្នំ​ដ៏​វែង​មួយ​ចាស់​ៗ​បាន​ដំណាល​ប្រាប់ត​ៗ​គ្នា​ថា នៅ​ក្នុង​រូង​នេះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់នៅ ហើយ​ធ្លាប់​មាន​អ្នក​សច្ចំ អ្នករៀន​មន្តអាគម​ចុះ​ទៅ​ក្នុង​រូងភ្នំ​នេះ ហើយ​បាន​ទៅ​ផុស​ឡើង​មក​លើ​វិញ​នៅ ​ភ្នំ​ជើង​អណ្តែង​ ឯ​ខេត្តស្វាយរៀង​ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ដី​ប្រទេស​វៀតណាម​ឯណោះ តែ​ទោះជា​យ៉ាងណា​រាប់​សិប​ឆ្នាំ​មកនេះ​មិន​ដែល​មាន​អ្នក​ណា​ហ៊ាន​ចុះ​ទៅ​ក្នុង​រូងភ្នំ​នេះ​ទៀត​ទេ​ព្រោះ វា​ប្រថុយ និង​គ្រោះថ្នាក់​ខ្លាំង​មិនដឹង​ថា ក្នុង​នោះ​ពេល​នេះ​មាន​សត្វ​សាហាវ និង​កត្តា​គ្រោះថ្នាក់​អ្វីខ្លះ ។ រីឯ​ភ្នំ​យាយ​ទូល​កញ្ច្រែង​មាន​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​នៅ​លើ​កំពូលភ្នំ​រូប​រាងដូចជា កញ្ច្រែង និង​មានរឿង​ព្រេង​និទាន​ដូច​ជា ភ្នំ​អ្នកតា​ទូល​ឈ្នាង​ដែរ ប៉ុន្តែ​ដោយសារ តែ​មិន​មាន​អ្នក​យក​មក​និយាយ ទើប​យូរ​ៗ​ទៅ​អ្នកស្រុក​ភ្លេច​រឿងនិទាន​នេះ​អស់​នៅ​សល់​តែ​ឈ្មោះ​រហូត​ដល់​សព្វថ្ងៃ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្នុង​ចំណោម​ភ្នំ​ទាំង​អស់នោះ​មាន​ភ្នំ​មួយ​ដែល​អ្នកស្រុក​មាន​ជំនឿ​ថា​ជា​ភ្នំ​មាន​បារមី​ស័ក្ដិសិទ្ធិ ហើយ​តែងតែ​នាំ​គ្នា​ធ្វើ​ពិធីបុណ្យ​សែនព្រេន​ជា​រៀង​រាល់​ឆ្នាំ រហូត​ដល់​សព្វ​ថ្ងៃនេះ ដោយ​ឲ្យ​ឈ្មោះ​ថា បុណ្យ​ឡើងអ្នកតា​នោះ គឺ​ភ្នំ​យាយ​មេសរ ។ ភ្នំ​នេះ​មានរឿង​ព្រេង​និទាន​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​ចាស់​ៗ​បាន​ដំណាល​ថា កាលសម័យ​នគរ​ភ្នំ​ស្តេច​ខ្មែរ​បាន​បញ្ជូន​មេទ័ព​ម្នាក់​ឈ្មោះ​ គី​រី​ផល ​ឲ្យ​ទៅ​រៀន​ក្បួន​យុទ្ធសាស្ត្រ​ធ្វើសឹក​សង្គ្រាម និង​មន្ត​វិជ្ជា​សិ​ល៌្ប​សាស្ត្រ​នៅ​ប្រទេស ​ក្រិ​ច ​ជាមួយ​បុរស​ខ្មែរ​ម្នាក់​ទៀត ដែល​ខ្លាំងពូកែ​នៅ​ក្នុង​នគរ ។

នៅ​នគរ​ក្រិ​ចក​ម្លោះ​គី​រី​ផល​បាន​ជួប និង​នារី​ម្នាក់​ឈ្មោះ មេ​.​សរ ដែល​ជា​មេទ័ព​ប្រទេស​ក្រិ​ច ហើយ​ក្រោយ​ពី​រៀន​ចប់​ស្តេច​ប្រទេស​ក្រិ​ច​បាន​រៀប​ការ​ឲ្យ​អ្នក​ទាំង​២​តែ​មិន​ឲ្យ​គី​រី​ផល​ត្រឡប់​មក​នគរ​ភ្នំ​វិញ​ទេ ។ ចំណែក​គី​រី​ផល ពេល​ដែល​រួមរស់​ជាមួយ​គ្នា​បានកូន​ប្រុស​ម្នាក់​ឈ្មោះ គី​រី​ជោ​ត ហើយ​ក្រោយមក​គី​រី​ផល​បានលឺ​ដំណឹង​ថា នគរ​ភ្នំ​កំពុង​មាន​ចម្បាំង​ជាមួយ​នគរ ​ចំប៉ា​ ក៏​រត់គេច​ខ្លួន​ត្រឡប់​មក​នគរ​វិញ​តែ​ម្នាក់ឯង ហើយ​រឿង​នេះ​បានដឹង​ដល់​ស្តេច​ក្រិ​ច​មានការ​ខឹងសម្បា​ជា​ខ្លាំង​ក៏​បញ្ជា​ឲ្យ​គេ​តាម​មក​កាត់​ក្បាល​ គី​រី​ផល ​ដាក់​ហឹប​យក​ទៅ​វិញ ។ រីឯ​ប្រពន្ធ​គី​រី​ផល និង​កូនប្រុស​ក៏​តាម​មក​ដែរ តែ​យឺត​ពេល​ទៅ​ហើយ​ព្រោះ​គី​រី​ផល​បាន​ព្រម​ឲ្យ​គេ​កាត់​ក្បាល ដើម្បី​ជា​ថ្នូរ​មិន​ប្រកាសសង្គ្រាម​ជាមួយ ​ប្រទេស ​ក្រិ​ច ពេល​ឃើញ​សព​ប្តី​អត់​ក្បាល​នាង​មេសរ​ក៏​កាត់​ក្បាល​កូន​ដំរី​យក​មក​ភ្ជាប់ និង​ដងខ្លួន​ប្តី​ធ្វើ​ឲ្យ​ប្តី​រស់​ឡើង​វិញ តែ​និយាយ​មិនកើត ព្រោះ​ដំរី​មិន​ចេះ​និយាយ ។ អស់​រយៈពេល​ច្រើន​ឆ្នាំ​ក្រោយមក​ទាំង​៣​នាក់​ឳ​ពុក​ម្តាយកូន​ក៏​បាន​ស្លាប់​អស់​ព្រះរាជា​នគរ​ភ្នំ​ក៏​បាន​ចាត់​ឲ្យ​គេ​សាងសង់​ប្រាសាទ​មួយ​តម្កល់​រូបសំណាក​អ្នក​ទាំង​៣​នៅ​លើ​ទីទួល​ដ៏​ខ្ពស់​នេះ​សម្រាប់​ធ្វើបុណ្យ​រំលឹក​គុណ​អ្នក​ទាំង​៣ ហើយ​ចំណេរ​ក្រោយ​ៗ​មក​អ្នកស្រុក​ក៏​នាំ​គ្នា​ហៅ​រូបសំណាក​នោះ​ថា អ្នកតា​មេសរ និង​នាំ​គ្នា​ធ្វើបុណ្យ​សែនព្រេន​គោរព​បូជា​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ចំណែក​ភ្នំ​ថ្ម​បាញ់ គឺជា​ទីតាំង​ដែល​បារាំង​វាយ​យក​ថ្ម ក្នុង​សម័យ​ដែល​ជនជាតិ​បារាំង​គ្រប់គ្រង​ទឹកដី​កម្ពុជា ហើយ​គេ​ក៏​បន្ត​យក​ថ្ម​នៅ​ទីតាំង​នេះ​រហូត​ដល់​សព្វថ្ងៃ ។ រីឯ​ភ្នំ​កំ​ផ្លុ​ក​នៅ​ក្នុង​សម័យ​ប៉ុ​ល​ពត​ទីតាំង​នេះ គឺជា​រណ្តៅ​ពិឃាដ​ដែល​ពួក​ខ្មែរក្រហម​បាន​យក​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រាប់​ពាន់​នាក់​មក​សម្លាប់​កប់​ក្នុង​រណ្តៅ​នៅ​តំបន់​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​ភ្នំ​ទាំង​១៤​ភ្នំ​នេះ​មាន​ភ្នំ​ចំនួន​៣ ហើយ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ក្រុម និង​ក្រុមហ៊ុន​ឯកជន​ចំនួន​៧​កំពុង​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ គឺ​ភ្នំ​កំ​ផ្លុ​ក ភ្នំ​ថ្ម​បាញ់ និង​ភ្នំ​ស្លឹកគ្រៃ ដោយ​ភ្នំ​ស្លឹកគ្រៃ និង​ភ្នំ​ថ្ម​បាញ់​គេ​កំពុង​បាញ់​យក​ថ្ម ។ ចំណែក​ភ្នំ​កំ​ផ្លុ​ក​គេ​យក​ធ្វើ​ជា​ការដ្ឋាន​កិន​ថ្ម​សម្រាប់​ដឹក​យក​ទៅ​លក់ ។ ឯខាង​មន្ត្រី​ជំនាញ​រ៉ែ​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រសួង​រ៉ែ និង​ថាមពល​ក៏​ដូច​ជា រាជរដ្ឋាភិបាល​បាន​សម្រេច​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ តែ​នៅ​លើ​ភ្នំ​ទាំង​៣​នេះ​ទេ គឺ​មិន​អនុញ្ញាតិ​ឲ្យ​បន្ត​ទៅ​ធ្វើ​លើ​ភ្នំ​ផ្សេង​ៗ​ទៀត​ឡើយ ៕
  1. 1) ឈើកាច់ បាភ្នំ ជំរុំកវី កំណើតអើយស្នេហ៍ថ្មីត្រួតលើរឿងចាស់ កាលទុំជាសង្ឃអើយបួសលើភ្នំនេះ មានទូលគោកច្រេះព្រំដែនសាក្សី។
  2. 2) កំពង់សាច់ស ភូមិគោកសណ្តែក ទ្រូងខ្ញុំអើយប្រេះបែកព្រោះរឿងព្រាត់ស្រី ឯ ភូមិព្រះស្រែ ប្រែទិដ្ឋភាពថ្មី អ្នកនេះឬអ្វីលួចលាក់ស្នេហ៍ខ្ញុំ?
  3. បន្ទរ) ត្បូងឃ្មុំរឿងទុំ បាភ្នំរឿងថ្មី រឿងខ្ញុំអើយព្រាត់ស្រីដោយគេបង្ខំ បើគេចុះចាញ់ខ្ញុំត្រូវឈ្នះដ…ូចរូបទុំ តែបងសូមអោយចិត្តមុំ កុំធ្វើត្រាប់តាមទាវ។
  4. 3) ដើមស្វាយតានី អ្នកធ្លាប់មានឬទ្ធិ ខ្ញុំមានវិបត្តិ ម្តេចអ្នកមិនជួយ បើខ្ញុំដូចទុំ បាភ្នំត្រូវព្រួយ គេដាក់ឈ្មោះអោយជាត្បួងឃ្មុំថ្មី!
នេះជាចំរៀងរបស់លោកអ៊ិន យ៉េង តាមរយៈស្នាដៃនិពន្ធរបស់បុរសម្នាក់ ដែលរៀបរាប់ពីស្នេហាកើតឡើងក្នុងទឹកដីឈើកាច់បាភ្នំ។

សូមគូសផែនទីទីតាំងភូមិឃុំទាំងឡាយក្នុងបទចំរៀងនេះជូនសណ្តាប់!

ឈើកាច់ជាឈ្មោះភ្នំក៏ដូចជាឈ្មោះភូមិដែលស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រែវែង។ បើលោកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខមួយ ត្រូវធ្វើដំណើរប្រមាណ២ម៉ោង ដែលត្រូវឆ្លងកាត់តំបន់អ្នកលឿងដោយឆ្លងសាឡាង ហើយបន្តដំណើរទៅទៀត(២គម) រហូតដល់ភូមិកំពង់សឹងរួចបត់ឆ្វេងចូលតាមផ្សារកំពង់សឹង។ លោកអ្នកធ្វើដំណើររហូតដល់ជើងភ្នំ។ ទីនោះជាទីប្រជុំជនស្រុក មានការិយាល័យរដ្ឋបាលស្រុក វិទ្យាល័យស្រុក ( តាំងពីមុនសម័យសង្គមរាស្រ្តនិយម គឺវិទ្យាល័យបាភ្នំដ៏ល្បីល្បាញព្រោះមានសិស្សមកពីទូទាំងស្រុកបាភ្នំមករៀននៅលីសេ នេះ) មានផ្សារ តំបន់ពាណិជ្ជកម្ម និងធនាគារផ្សេងៗ។ នៅខាងជើងភ្នំមានវត្តពីរ គឺវត្តវិហារគុហ៍ និងវត្តវិហារធំ។ វត្តវិហារធំនេះហើយដែលជាវត្តដែលនេនទុំបួស ហើយដំបូកដែលនេនទុំលួចទៅសឹកនោះមានឈ្មោះថាទូលគោកច្រេះ គឺនៅមានវត្តមានរហូតដល់សព្វថ្ងៃ គឺខាងកើតព្រះវិហារធំនោះឯង។នៅខាងកើតភ្នំឈើកាច់ និងក្បែរវត្តវិហារគុហ៍មានប្រាសាទបុរាណមួយដែលសង់ឡើងពីថ្មបាយក្រៀម (មិនដឹងអាយុកាល) ឈ្មោះប្រាសាទវិហារចន្ទ័ ដែលអ្នកស្រុកមានជំនឿថា ជារាជធានីចាស់របស់ខ្មែរគឺនគរភ្នំ (មតិមិនស្របគ្នាជាមួយប្រាសាទភ្នំដារខេត្តតាកែវ)។ នៅខាងមុខសាលាស្រុកបច្ចុប្បន្នគឺជាវាលដែលគេតែងប្រារព្ធពិធីឡើងអ្នកតាមេសជារៀងរាល់ឆ្នាំ ដែលជាទូទៅគេធ្វើឡើងនៅខែឧសភា (ទល់មុខការិយាល័យអង្គការសេដាកស្រុកបច្ចុប្បន្ន និងបឋមសិក្សាឈើកាច់)។

លុះធ្វើដំណើរតាមផ្លូវនោះ(ពីត្បូងទៅជើង)ទៅកាន់ភូមិគោកសណ្តែកដែលមានចំងាយប្រមាណ ៧គមពីឈើកាច់ គេត្រូវឆ្លងកាត់តាមភូមិរោងដំរី ទៅដល់ទ្រុងខ្លា (ប្រហែលនេះជាឈ្មោះដែលគេដាក់តាមតំបន់ដែលបញ្ជាក់ថាទីនោះគឺជាតំបន់ដែលមានព្រៃពីដើមមក??)។ រក្សជ័យជាឈ្មោះមួយទៀតដែលគេហៅជំនួសគោកសណ្តែក។ ទីនោះឥឡូវបានក្លាយជាទីផ្សារ ដោយវិទ្យាល័យមួយត្រូវបានគេសាងសង់មានឈ្មោះថាវិទ្យាល័យជាស៊ីមរក្ស័ជ័យ (កសាងប្រហែលចុងឆ្នាំ ២០០៧ នៅរក្សជ័យឬអ្នកស្រុកភាគច្រើនស្គាល់ថាគោកសណ្តែក) ។

ចុះតាមផ្លូវគោកសណ្តែកទៅលិចគឺទៅកាន់ ភូមិសាច់ស អ្នកខ្លះថាខ្សាច់ស (មានទន្លេធំមួយដែលគេដំណាលថាក្រពើរលោកនេន្ទ មកងាប់នៅទីនោះគឺត្រង់បឹងចាក់ខ្លាញ់ក្បែរពាមរ៏ផ្លូវទៅទីរួមខេត្តព្រៃវែង) រួចគេប្រទះឃើញក្រពើនោះក្នុងបឹងដែលតមកពី បឹងចាក់ខ្លាញ់ រួចគេនាំគ្នាហៅថាទន្លេសាច់សរ (សាច់របស់ក្រពើ)។

ចុះតាមផ្លូវគោកសណ្តែកទៅកើតគឺត្រូវឆ្លងកាត់ភូមិនានា ប្រមាណ ៣គម ទើបទៅដល់ភូមិពោធិលោកដែលមានដើមស្វាយតានីដ៏ធំបែកមែនសាខាគ្របលើផ្លូវ (ដើមស្វាយនោះងាប់ប្រមាណ៣ឆ្នាំមុន គឺនៅសល់តែសាលាឆទានប៉ុណ្ណោះ)។ យើងធ្វើដំណើរទៅមុខទៀត ប្រមាណ១គម នៅខាងឆ្វេងដៃឬខាងជើងផ្លូវគឺវត្តព្រះស្រែ (ស្ថិតក្នុងភូមិព្រះស្រែ តែឥឡូវគេនាំគ្នាហៅនិងសរសេរថាភូមិប្រស្រែទៅវិញ)

ចុះតាមផ្លូវគោកសណ្តែកទៅជើងគឺឆ្លងកាត់ភូមិជ្រួលថ្មី រូចដល់ភូមិស្នេហ៍ ឃុំធាយ រួចទៅព្រៃកណ្តៀង ហើយទៅដល់ទីរួមខេត្តព្រៃវែង។

(ពីភូមិព្រះស្រែទៅកើតប្រមាណ៣គមដល់ផ្ទះរបស់ខ្ញុំហើយគឺភូមិបឹងព្រះ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយនៅជាប់វាលខាងកើតផ្ទះខ្ញុំគឺព្រំប្រទល់ស្រុកមេសាង)

សូមបញ្ជាក់ថា ការរៀបរាប់នេះធ្វើឡើងតាមការចេះដឹងនិងដំណាលតៗគ្នាពីចាស់ៗ ដោយផ្ទាល់មាត់និងដោយហេតុថាវាជាស្រុកកំណើតរបស់ខ្ញុំ ដោយមិនបានធ្វើការស្រាវជ្រាវអោយបានស៊ីជម្រៅឬមានឯកសារជាសំអាងឡើយ។

រឿង អ្នកតាមេស នៅស្រុកបាភ្នំ នៅខាងកើតភ្នំបាភ្នំ(ភ្នំខ្សាច់ស) ចម្ងាយប្រមាណជា ១,៥០០ម ខាងអាគ្នេយ៏នៃសាលាស្រុក បាភ្នំសព្វនេះ ប្រហែលជា ៥០០ ម មានភ្នំមួយតូច ស្ថិតនៅក្បែរមាត់ព្រៃកម្កល់ប្រមាណជា ១០ ម ។ នៅលើកំពូលភ្នំនោះ និងនៅជាចន្លោះនៃថ្មភ្នំធំៗដែលបន្ទុបលើគ្នាច្រូងច្រាំង គេឃើញមានរោងមួយ ធ្វើដោយស៊ីម៉ង់ត៏យ៉ាងស្អាត ទំហំប្រហែល ២ ម បួនជ្រុង បែរមុខឆ្ពោះទៅទិសខាងកើតដែលមាន ផ្លូវបូកស៊ីម៉ង់តថែមជាជណ្ដើរបត់បែនឡើង ។ ក្នុងរោងនោះ ផ្នែកពាក់កណ្ដាលខាងក្រោយ គេធ្វើជាថ្នាក់ ខ្ពស់ឡើងប្រហែលកន្លះម៉ែត្រ ភ្ជាប់ទៅនិងថ្មភ្នំដែលលយចូលមកក្នុងរោង ហើយមានគំនូរូប សត្វផ្សេងៗ ។ នៅលើថ្នាក់នោះ មានរូបខាងសាសនាព្រាហ្មណ៏តូចខ្លះ ធំខ្លះ នៅល្អខ្លះបាក់បែកនៅ តែខ្លូន ហើយបូកស៊ីម៉ង់ធ្វើជាក្បាល ដៃ ជើង ថែមឡើងខ្លះ ដាក់តម្រៀបគ្នាជាជួរ៣សង្កាត់ ។ មាន ជើង ១ សម្រាប់ដោតធូប មានរូបដំរីពីរ ធ្វើដោយថ្មពណ៌សពព្រូស នៅសងខាងមានជើងដែលពួកចិន យកទៅថ្វាយ ខាងក្រោយបន្ទាប់នោះមក ជាទីធ្លាក្រាលឥដ្ឋពណ៌ ទូលាយមនុស្សពីរនាក់ ចូលទៅអង្គុយ បន់ស្រន់បានដោយស្រួល ។ ឯរោង និងគ្រឿងសក្ការ:ជារបៀបចិនទាំងអស់ ព្រោះពួកចិនជាអ្នកតាក់តែងធ្វើរោងឡើងជាខាង ក្រោយ ។ ពីដើមអ្នកតានេះធ្លាប់មានអាស្រមរួចមកហើយ តែដល់បាក់បែកទៅ ទើបពួកចិនសាងជាថ្មី ជំនួសឡើង ។ ក្នុងចំណោមរូបទាំង ៣សង្កាត់នោះ ត្រង់សង្កាត់កណ្ដាល មានរូបមួយនៅចំកណ្ដាលគេរូប ឈរ មានកម្ពស់ប្រហែល ៦០ សង្ទីម៉ែត្រ រូបនោះភាពជាស្រ្ដីភេទ សក់ក្បាលទំនងជាបួងញាត់ឡើងលើ ពាក់ក្បាំង មុខរាងមូល ថ្ពាល់ពេញ ដោះក្បំស្រួច មានដៃបួន ដៃខាងស្ដាំបត់មកខាងមុខ ទ្ររបស់អ្វីមួយ រាងចតុកោណកែង ផតកណ្ដាលបន្តិច ដៃខខាងឆ្វេងបត់ឡើងលើ ទន្ទឺមនិងស្មាកាន់កងចក្រ ដៃមួយទៀងសំយុងចុះក្រោម ចាប់កន្ទុយខ្លា ឬ រាជសីហ៍ ជើងឈរជាន់លើសត្វនោះផ្អៀងមកខាងស្ដាំ បន្ដិច មានអាការដូចជាប្រឹងលើសត្វនោះដោយមានទឹកមុខបែបអំនួត(១) ។ តាម្នាក់ឈ្មោះ ដោក ថាន់ អាយុ ៧០ ឆ្នាំ នៅភូមិរោងដំរី ប្របជើងភ្នំខាងជើង ដែលនាំដើរមើល បានប្រាប់យើងថា “ នេះហើយជា រូបអ្នកតាមេល “ ដែលជាធំលើសលែងជាងអ្នកតាទាំងប៉ុន្មានក្នុងស្រុកបាភ្នំ និងជាទីគោរពកោតក្រែង របស់អ្នកស្រុក តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ ។ ឯរូបក្រៅពីនេះ ជាអ្នកតាបន្ទាប់បន្សំ បើ រាប់រូបទាំងអស់ ទាំងអ្នកតាមេសផង ឃើញ ១៥ រូប ។ នៅខាងមុខអ្នកតាមេសនេះប្រហែល ៥០ ម មានអ្នកតាពីរទៀង នៅអមផ្លូវដែលចុះមកពីមេស ហៅថា អ្នកតាទ្វារ ខ្លះហៅថាអ្នកតាឆ្វេងស្ដាំ ។ ខាងមុខអ្នកតានេះ ប្រហែលជា១០ ម ជាកន្លែងកាប់ក្របីថ្វាយអ្នកតា ចម្ងាយពីរទីនេះទៅខាងកើត ប្រមាណ ១០០ម ជាកន្លែងកាប់មនុស្សថ្វាយអ្នកតាកាលជាន់មុន តែសព្វថ្ងៃនេះ ត្រង់ទីនោះជាវាល ស្រែទៅហើយ ។ អំពីពិធីឡើងអ្នកតាមេស កាលពីដើម មិនដដឹងជាពីត្រឹមណាមកទេ ព្រោះគ្មាននរណាចាំបានតែគេតែងដំណាលថា គេតែកាប់មនុស្សថ្វាយអ្នកតាមេសនេះរាល់ឆ្នាំរៀងមក សូម្បីមកដល់សម័យក្រឡាហោម ប៉ាង ធម្នាគេជា ហែន ធម្មាតេជាតី ដែលបានជាអភិបាលខែត្របាភ្នំមកហើយ ក៏នៅមានគេដឹងឬប្រាកដថា មានសម្លាប់មនុស្សថ្វាយនៅឡើយ ។ លោកតាដោក-ថាន់បាននិយាយថា ប្រហែល ៦០ ឆ្នាំមុនក្នុងសម័យលោកឧកញ៉ាតេជោ (ភី) ធ្វើជាអភិបាលខែត្រនោះ គាត់បានទៅមើលគេសម្លាប់មនុស្សថ្វាយអ្នកតា ២ ដង(គឺ ២ឆ្នាំ) ។ កំណត់កាប់មនុស្សឬសត្វ ថ្វាយអ្នកតានោះ គេធ្វើតែនៅថ្ងៃសៅរ៍ ក្នុងខែជេស្ឋ ខ្នើតក៏បាន រនោចក៏បាន ។ តាមពាក្យលោកដោក-ថាន់ អភិបាលស្រុកកំពង់ត្របែកថា គេធ្វើនៅតែថ្ងៃពុធខាងខ្នើត ខែជែស្ឋ តែលោកតាអិន-វ៉ា អាយុ ៧៣ឆ្នាំជាអាចារ្យវត្តប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែកថា គេធ្វើតែក្នុងថ្ងៃអង្គារឬសៅរ៏ ខាងខ្នើតខែពិសាខ(ឬជេស្ឋ) ។ កាសពីដើម ច្រើនតែធ្វើបុណ្យឡើងអ្នកតា យ៉ាងឪឡារឹក៣-៥ឬ៧ថ្ងៃ ព្រមទាំងមានការប្រជុំអស់ទាំងចលសង្កាត់ គ្រប់សង្កាត់ដែលជាចំណុចខែត្រ បាភ្នំជំនាន់ដើមផង ។ គេធ្វើរោងបុណ្យនៅទីវត្តវិហារធំ នៅនាទិសពាយ័ព្យនៃអ្នកតាមេស ចម្ងាយ ប្រហែលជា ១ គម ។ មាននិមន្តព្រះសង្ឃសូត្រមន្តនៅទីនោះ ព្រឹកឡើង និមន្តលោកទៅដារនៅទី អ្នកតាមេសខ្លះ នៅទីអ្នកតាក្រហមនៅឯខាងជើងភ្នំខ្លះ ដារថ្វាយអ្នកតាសព្វឋាននៅត្រង់ចង្កេះភ្នំធំ ខាងលិចខ្លះនៅទីអ្នកតាទួលឈ្នាងនៅលើភ្នំទួល ឈ្នាងខាងត្បូងខ្លះ រាល់ថ្ងៃ ទាល់តែដល់ថ្ងៃសៅរ៏ ត្រូវធ្វើបុណ្យឡើងអ្នកតា ។ អំពីរឿងមនុស្សដែលត្រូវសម្លាប់ថ្វាយអ្នកតានោះ គឺគេយកតែមនុស្សណាដែលមានទោសធ្ងន់ ត្រូវប្រហារជីវិតបង់ ។ មុននឹងសម្លាប់គេហៅមនុស្សនោះ មកនិយាយប្រាប់ឲដឹងខ្លួនជាមុន ហើយ គេបើកឲមនុស្សនោះស៊ីផឹកយ៉ាងឆ្ងាញ់តាមចំណង់នាំទៅឲមើលល្បែង មើលបុណ្យហាក់ដូចជាមនុស្ស ធម្មតា ។ លុះដល់ថ្ងៃសម្លាប់ គេរៀបចំដាក់ឃ្នាងមនុស្សនោះ ហើយដង្ហែចេញទៅពីទីប្រជុំបុណ្យ ដោយ ក្បូនហែយ៉ាងអឹកអធឹក មានទាហានកាន់សស្រ្ដាវធុ ឬកាំភ្លើងមុខក្រោយ ព្រមដោយអ្នកស្រុករាប់ពាន់ នាក់ ហែទៅកាន់ទីអ្នកតាព្រះស្រុក (មេស្រុក) នៅខាងកើតវត្តវិហារធំ ចម្ងាយប្រហែល ៥០០ម ។ គេគំនាប់អ្នកតានោះដោយអុជផាវ បាញ់កាំភ្លើងរួចហើយ ទើបគេហែមនុស្សទោសសំដៅទៅអ្នកតា មេសដែលស្ថិតនៅខាងត្បូងអ្នកតាព្រះស្រុកនេះប្រហែល ៨០០ ម ។ ដល់ហើយ គេក៏រៀបចំបួងសួង បន់ស្រន់ សូមឲអ្នកតាមេសជួយឲស្រុកបានសុខសប្បាយជួយរក្សាអភិបាលស្រុក នាម៉ឺនសព្វមុខមន្រ្តី និងបណ្ដាលរាស្រ្ត ព្រមទាំងសូមឲទឹកភ្លៀងធ្លាក់ចុះមកតាររដូវកាល ។ ល ។ រួចហើយ ទើបគេស្រែកភូមា (យក្សអឺ !) ៣ ដង ទើបអ្នកសម្លាប់ដែលមានងារជាមនោ (អ៊ិន) ដែលកាន់ដាវរាំរែកដើរក្រឡឹងជុំវិញមនុស្សទោស ដាវកាប់តែ១ខ្វាត់ដាច់តែម្ដង ហើយគេសំគាល់ មើល បើឈាមបាញ់ទៅលើ ទៅខាងស្មើគ្នា ជាទឹកភ្លៀងនឹងធ្លាក់ស្មើគ្រប់ស្រុក បើឈាមបាញ់ទៅតែ ខាងណា ថាភ្លៀងនឹងធ្លាក់នៅស្រុកខាងនោះ ។ នាពេលដំណាលគ្នានេះ បានបាញ់កាំភ្លើង អុជផាវ យ៉ាងគគ្រឹកគគ្រេងផង ។ ចំណែកខាងក្រមដែលដង្ហែទៅខាងអ្នកតាករហម អ្នកតាសព្វឋាន និងអ្នក តាទួលឈ្នាង ។ លុះឮសូរកាំភ្លើងខាងអ្នកតាមេសហើយ ទើបបាញ់កាំភ្លើងអុជផាវគំនាប់អ្នកតាខាង ខ្លួនជាលំដាប់បន្ទាប់ៗគ្នាទៅ ។ ឯមនុស្សដែលគេសម្លាប់រួចនោះ គេយកក្បាលទៅដោតថ្វាយអ្នក តាមេស ព្រមទាំងឲយកសាច់ដោតជា ១០០ ច្រនួចថ្វាយផង ។ រួចហើយយកសាច់ ៥០ ច្រនួចទៀតបញ្ជូនទៅថ្វាយអ្នកតាក្រហមក ៥០ ច្រនួចសម្រាប់អ្នកតាសព្វស្ថាន និង ៥០ ច្រនួចទៀត ថ្វាយអ្នកតាទួលឈ្នាង ។ ក្នុងសម័យលោកធម្មាតេជោតីនេះដែរ ដែលតមកខាងក្រោយ គែលែងសម្លាប់មនុស្ស ប្រេជា សម្លាប់ក្របីជំនួសវិញ ប៉ុន្តែគេរើសរកតែក្របីឡើងកមានតម្លៃពី៥០រៀលឡើងទៅ(តម្លៃជំនាន់នោះ) ។ ឯរបៀបរៀបចំធ្វើបុណ្យក៏នៅមានធ្វើដូចគ្នា ។ វេលាដែលគេសម្លាប់ក្របីនោះទៀត ក៏សម្គាល់ ឈាមដូចគ្នានឹងការសម្លាប់ឈាមមនុស្សដូចពោលខាងលើនោះដែរ រួចហើយ គេអារសាច់ក្របីដោត ១០០ច្រនួចថ្វាយអ្នកតាមេស អារភ្លៅ១ឲសុភាឆ្វេង យកទៅថ្វាយអ្នកតាក្រហមក អារភ្លៅ១ទៀត ឲសុភាស្ដាំ យកទៅថ្វាយអ្នកតាសព្វឋាន ។ ឯអ្នកតាទួលឈ្នាងមិនឭនិយាយថាដូចម្ដេចទេ(ប្រហែល ជាគេលែងឡើងយូរហើយ ដោយនៅឆ្ងាយពីគេពេក)។ ប៉ុន្តែ មានការប្លែងម្យ៉ាងចំពោះក្របីដែលគេ សម្លាប់នោះ បើនៅពេលរៀបសម្លាប់ វាស្ទុះរត់រួចពីកន្លែងទៅគេសម្លាប់ថា អ្នកតាមិនទទួល ត្រូវរក ទិញក្របីមួយទៀត យកមកសម្លាប់ថ្វាយវិញ ។ ដល់មកសម័យលោកធម្មាជោប្លុង គេឈប់សម្លាប់ក្របីទៅទៀត គេថ្វាយក្របីទាំងរស់ គិតពីនោះមកដល់ឥឡូវនេះ (១៩៤៤) ប្រហែលម្ភៃឆ្នាំហើយៗគេបែរជាសម្លាប់ជ្រូកជំនួសវិញ ។ លុះតមកខាងក្រោយរហូតដល់សព្វថ្ងៃនេះ គេឈប់ទាំងសម្លាប់ជ្រូកទៅទៀត គឺគេយកតែសាច់ជ្រូក ដែលគេទិញ ចំនួន១០០ច្រនួច ទៅថ្វាយតែម្ដង ។ សម័យខាងក្រោយមក នៅពេលឡើងអ្នកតា តែង មានរូបសម្នឹងចូលជាន់ផង ។ គេបញ្ជាន់រូប ឲអ្នកតាមេសចូលមកសណ្ឋិត រួចគេនាំគ្នាសួរពីសុខទុក្ខក្នុង ស្រុកគ្រប់ប្រការ ។ ល ។ ប្រពន្ធលោកតាដោក-ថាន់ ជារូបសម្នឹងដែលអ្នកតាមេសចូលជាន់រូបនោះស៊ីអ្វី មិនបានទេ អ្នកតាតម្រូវឲស៊ីបាយតែសាបជាធម្មតា ម្ល៉ោះហើយ រូបសម្នឹងនេះក៏រីងរៃទាល់តែស្លាប់ទៅ ។ ឯកិច្ចពិធីឡើងអ្នកតាមេស គេនៅតែនាំគ្នាធ្វើជារៀងរាល់ឆ្នាំប៉ន្តែធ្វើដោយខ្សត់ខ្សោយណាស់ធ្វើសោះតែ ខាន មិនបានជាអធឹកអធមដូចកាលនៅសង្កាត់នានា ជាខាងក្រោយ ។ ចំណែកពួកនាម៉ឺនដែលមាន បណ្ដាលស័ក្តិធំៗ មិនដែលហ៊ានទៅជិត ឬ ដើរកាត់មុខអ្នកតាមេសឡើយ ដោយជឿថានិងស្លាប់ ឬ ខូចបុណ្យសក្ដិ ។ ក្រោយអំពីអ្នកតាដែលពោលខាងលើនេះ នៅមានអ្នកតាខ្លះទៀតដែលនៅជិតៗគ្នានោះគឺ អ្នកតាទូងស្គរ អ្នកតានាងត្រដាច អ្នកតាសម្ដើងកែវ អ្នកតាព្រះស្រែ អ្នកតាបុះលៀនអ្នកតាច្រកចំបក់ អ្នកតាសូន យក្ស ។ អ្នកតាទាំងអម្បាលមាណនេះ មិនមានរូបទេ មានតែថ្ម២-៣ដុំជាសម្គាល់ ដែល ឃើញមានរូបថ្មច្រើនតែចំពោះអ្នកតាមេសប៉ុណ្ណោះ ។ ( ចប់ )

បាភ្នំ ជាអតីតរាជធានីនគរភ្នំ ដែលជាទីកំណើតស្នេហ៍ រវាងព្រះអង្គម្ចាស់ឥណ្ឌា ហ៊ុន ទាន និងព្រះនាង លីវយី ភ្នំពេញ ៖ ឈើកាច់បាភ្នំ ស្ថិតនៅខេត្តព្រៃវែង ។ ពីអតីតកាលដ៏យូរលង់មកហើយ បាភ្នំជារាជធានីនៃនគរភ្នំ មានចម្ងាយ៥០០លី (២០០គម.) ពីកំពង់ផែអូកែវ ដែលក្រោយមក ស្តេច ហ៊ុន ប៉ានហួន បានកសាងរាជធានីនៅក្បែរភ្នំនេះ ដោយដាក់ឈ្មោះថា “វិជ័យហភុរៈ”​(Vyādhapura)​​។ នេះបើតាមការស្រាវជ្រាវពីលោក ឥន្ទ សុផល ជាអ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរ។លោក ឥន្ទ សុផល បានស្រង់ចេញពីក្នុងកំណត់ត្រារបស់លោក កាង តៃ ជាឯកអគ្គរាជទូតចិនថា លោក កាង តៃ មកបំពេញបេសកកម្មនៅនគរភ្នំ ក្នុងអំឡុងឆ្នាំ២៤០គ.ស ដោយគូសបញ្ជាក់ថា “នគរភ្នំ” ដែលភាសាចិនហៅ “ហ្វ៊ូណន” នោះ គឺស្តេចខ្មែរបានយកតាមឈ្មោះ “ភ្នំបាភ្នំ” ព្រោះជាភ្នំដ៏ពិសិដ្ឋរបស់នគរ។លោក ឥន្ទ សុផល បន្តថា មូលហេតុព្រះមហាក្សត្រខ្មែរជ្រើសតំបន់នេះ ធ្វើជារាជធានី ដោយសារងាយស្រួលទំនាក់ទំនងជាមួយកំពង់ផែអូកែវ ព្រោះនៅជាប់ទន្លេមេគង្គដែលជាខ្សែទឹកមេ ភ្ជាប់ទៅទន្លេបាសាក់ និងទន្លេផ្សេងទៀតជាច្រើន ដែលជាផ្លូវយុទ្ធសាស្ត្រការពារមិនឲ្យសត្រូវវាយចូលមកបាន គឺត្រូវកងទ័ពខ្មែរវាយស្ទាក់ជាប់នៅតំបន់ Mekong Delta ដែលជាផ្លូវទឹកដ៏ស្មុគស្មាញ។ ជាមួយគ្នានេះដែរ លោកបានស្រាវជ្រាវបន្តថា បាភ្នំ ក៏ជាទឹកដីនៃកំណើតស្នេហ៍រវាងព្រះអង្គម្ចាស់ឥណ្ឌាព្រះនាម ហ៊ុន ទាន (កៅណ្ឌិន្យ) និងព្រះនាងលីវយី (សោម៉ា) ដែលជាបុត្រីម្ចាស់នគរភ្នំ (ឯកសារខ្លះថាជាព្រះមហាក្សត្រីយ៍ ប៉ុន្តែឯកសារឥណ្ឌាថា ជាបុត្រីម្ចាស់នគរភ្នំ)។ បាភ្នំនេះ ក៏ពាក់ព័ន្ធជាមួយរឿងព្រេងខ្មែរ “ព្រះថោងនាងនាគ នគរគោកធ្លក” ដែលនិយាយពីដើមកំណើតនគរភ្នំដែរ។

តាមខ្លឹមសារសាស្ត្រាស្លឹករឹត នឹងតាមការដំណាល របស់ចាស់ទុំ បានឲ្យដឹងថា កាលមុនគ្រឹស្តសករាជ
ជាយូរលង់ណាស់មកហើយ ស្រុកបាភ្នំកើតឡើង មានឈ្មោះ ថា អង្គរភ្នំ។ អង្គរភ្នំ មានព្រះមហាក្សត្រ
ដឹកនាំ និងមានមេទ័ព ប្រុស-ស្រី គ្រប់ប្រភេទទ័ព និងកម្លាំងពលករតាមតំបន់អាណាខេត្ត។ ភ្នំនីមួយៗមានវត្ថុបុរាណជាទីតាំង ដូចជា កំពូល ភ្នំឈើកាច់ ដែលមានចេតិយមួយធំ ស្រដៀង ចេតិយវត្តភ្នំ ប៉ុន្តែត្រូវខូចខាតដោយរបបប៉ុលពត។ ភ្នំសំពៅមានរាងថ្ម ដូចជាគេរៀបបាវស្រូវ នៅគូថសំពៅ។ល។ ទ័ពការពារនគរភ្នំ គឺមានទ័ពបា ទ័ពមេ ជាច្រើន។ ទ័ពបា និង ទ័ពមេ តែងតែប្រលងប្រជែងគ្នា លើការងារ បំរើនគរ ហើយនាំគ្នាពូនភ្នំប្រលង ប្រជែងគ្នា។ ខាងបា គេពូនភ្នំខាងបា មេដែង គេពូនភ្នំ
ខាងមេដែង។ បន្ទាប់ពីខាងបា ត្រូវពូនភ្នំចាញ់មេដែង គេបន្តការប្រលងបាញ់ធ្នូ ស្នា ទៅវិញទៅមក។ ខាង ទ័ពបា គេកាច់ឈើល្អៗ ធ្វើព្រួញបាញ់ទៅខាងមេដែង ជាប់នាមមកថា ភ្នំឈើកាច់។ ខាងទ័ពភ្នំមេដែង គេកាច់ ឈើតូចតាចមិនល្អធ្វើព្រួញបាញ់មកខាងទ័ពភ្នំបាម្ល៉ោះ ហើយភ្នំឈើកាច់មានដើមឈើតូចៗ ទាបមិនល្អ ដូចសព្វថ្ងៃ ជាប់នាម មកថា បាភ្នំ និងភ្នំជើងមេដែង។ មានមេទ័ពមួយ មានរិទិទ្ធខ្លាំងក្លា ឈ្មោះ តេជោ។ មេទ័ពនេះសំណប់ចិត្តព្រះមហាក្សត្រ។ ក្រោយមក តេជោ យកនាងរ័ត្ន មានកូនប្រុសមួយឈ្មោះ មគ្គរីផល។ ប្តីប្រពន្ធ ក៏បានបញ្ជូនកូនឲ្យទៅបំពេញវិជ្ជា នៅ ប្រទេសក្រិច។ក្រោយមកទៀត ស្តេចក្រិច ពេញចិត្ត នឹងមគ្គរីផល ក៏លើកកូនស្រីឈ្មោះ មេស ឲ្យទៅមគ្គរីផល និងមានកិច្ចឹសន្យា មិនឲ្យ មគ្គរីផល វិលទៅប្រទេសវិញ ដោយ តែងតាំងឲ្យធ្វើជាមេទ័ពប្រទេសក្រិច។ ក្រោយមក
ទៀត មគ្គរីផល បានកូនប្រុស មួយមាននាម ថា គរីជោគ។ កាលនោះនគរភ្នំមានសង្គ្រាម ឪពុក មគ្គរីផល ក៏បានសរសេរសំបុត្រទៅប្រទេសក្រិច ឲ្យកូនប្រុស មកកាន់ប្រទេសជាបន្ទាន់ ដោយយកលេសថា ខ្លួនមាន ជម្ងឺធ្ងន់ ពេលនោះ មគ្គរីផល ក្បត់នឹងកិច្ចសន្យា ដែលខ្លួន បានព្រមព្រៀង ជាមួយឪពុកក្មេង ថា មិនវិលមកកាន់ ប្រទេសវិញ ដោយខ្លួនបានលបលួចមក នគរភ្នំ ដើម្បី ជួយឪពុកច្បាំង និងសត្រូវ ក្រោយពីបានឈ្នះសង្គ្រាម លើសត្រូវឈ្លានពាននៅនរគភ្នំ ឪពុក មគ្គរីផល បាន
តែងតាំងឲ្យធ្វើជាមេទ័ពប្រចាំនគរ។ ក្រោយមកទៀត ស្តេចប្រទេសក្រិច ខឹងនិងកូនប្រសារ យ៉ាងខ្លាំង ដែលបានក្បត់ពាក្យសន្យា ក៏រកមធ្យោបាយ សំលាប់ មគ្គរីផល ដោយធ្វើហឹបយន្តឲ្យមគ្គរីផលមួយ ពេលបើកហឹបនោះឡើង កាំបិតយន្ត បានកាត់ក្បាល មគ្គរីផលទំលាក់ក្នុងហឹបយន្តនោះស្លាប់ទៅ។ ស្តេចខ្មែរ មានការសោកស្តាយជាខ្លាំង ចំពោះការស្លាប់របស់ មគ្គរីផល ដែលជាមេទ័ពខ្លាំងពូកែ ក៏បានធ្វើបុណ្យ ឧទ្ទិសកុសល ជូនចំនួន ៧ ថ្ងៃ ជារៀងរាល់ឆ្នាំ។ ក្រោយមក បុណ្យនេះ នៅសល់តែបីថ្ងៃ គឺថ្ងៃទី ១៣, ១៤, ១៥ កើត ខែជេស្ឋរៀលរាល់ឆ្នាំ។ តមក ហៅក្លាយថា ជាបុណ្យឡើង អ្នកតា ‹អ្នកតា មគ្គរីផល›។ ម្យ៉ាងវិញទៀត ភាពស័ក្តិសិទ្ធ ល្បីល្បាញ នៃទីក្រុងបាភ្នំ ក៏ពាក់ព័ន្ធទៅ នឹងប្រាសាទ បុរាណមួយដែរ ប៉ុន្តែប្រាសាទនេះ ត្រូវរលំរំលុះនាសម័យ ប្រល័យពូជសាសន៍ប៉ុលពត។ ចំពោះ ប្រាសាទច័ន្ទ នៅក្រោមជើងនៃភ្នំបាភ្នំវិញ (អ្នកស្រុកប៉ាន់ស្មានថា ឈ្មោះ ច័ន្ទ នេះមកពី ពាក្យចាម ប៉ុន្តែការប៉ាន់ស្មាននេះ គឺមិនត្រឹមត្រូវទេ) ត្រូវបាន ស្ថាបនាឡើង នាសម័យអង្គរ ដើម្បីឧទ្ទិសចំពោះ លទ្ធិព្រហ្មញ្ញសសនា។ បូជនីយដ្ឋាន ប្រាសាទច័ន្ទនេះ មានទំហំប្រមាណជា ៨០ម៉ែត្របួនជ្រុង ហើយមានខឿនធ្វើអំពីថ្មបាយក្រៀមហ៊ុំព័ទ្ធជុំវិញ។ ប្រាសាទច័ន្ទ ស្ថិតក្នុង ភូមិបាភ្នំ ក្នុងបរិវេណវត្តព្រះវិហារគុក ដែលស្ថិតនៅលើជម្រាលភ្នំបាភ្នំក្នុងខេត្តព្រៃវែង។ ប្រាសាទសម័យអង្គរនេះត្រូវបាន បំផ្លាញទាំងស្រុងទៅហើយ ដោយគ្រាន់តែបន្សល់ទុកនូវទម្រង់និងស៊ុំទ្វារចូល ដែលធ្វើអំពីថ្មភក់។ប្រាសាទនេះមានក្លោងទ្វារចូល ចំនួន ៣ បែរមុខទៅខាងកើត ព្រមទាំងទ្វារបង្អួច ចំនួន ៣ សម្រាប់បំភ្លឺនៅពេលយប់។ពីដើមមុនឆ្នាំ១៩៧០ គេសង្កេតឃើញមានគុហារតូចៗជាច្រើន ដែលមានតម្កល់ព្រះបដិមាបុរាណជាច្រើន បំផ្លាញចោលទាំងស្រុងទៅហើយ។ នៅឯខាងលិចភ្នំ គឺគុហារកែវ និងស្រះកែវអាថ៌កំបាំង ។ នៅភ្នំធំ មានគុហារមួយឈ្មោះ គុហារចិវ
ដែលមានរូងមួយជ្រៅ។ នៅជាប់គុហារតូច ខាងជើងឈៀងឦសាន្ត មានគុហារធំមួយមានពុទ្ធដិមាករធំមួយសាងអំពីថ្មបាយក្រៀម ហើយក្លាយមកជាវត្តគុហារធំ។នៅមុខ ប្រាសាទច័ន្ ទប្រហែល ៣០០ម មានស្រះមួយ ឈ្មោះ ស្រះស្រង់ ហើយនៅខាងកើតស្រះស្រង់ ជាកន្លែងចេតិយបុរាណធំមួយ ដែលបាក់បែកអស់ ហើយសព្វថ្ងៃ បានក្លាយវត្តកំពូលឈើកាច់៕

យោងតាម សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ (គេហទំព័រhttps://www.postkhmer.com) ៖
ផ្នូរ​បុរាណ​ចំនួន ៦ ត្រូវ​បាន​អ្នក​បុរាណ​វិទូ​រក​ឃើញ ដោយ​បញ្ចប់​ការ​ធ្វើ​កំណាយ​កាល​​​​ពី​ថ្ងៃ​ទី ២ ខែ ​មេសា​ ដោយ​សន្និដ្ឋាន​ថា ផ្នូរ​បុរាណ​ទាំង​នេះ​ ត្រូវ​បាន​គេ​ធ្វើ​ឡើង ចាប់​តាំង​ពី​​​ក្នុង​សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍ទី​៥ ក្នុង​សម័យ​ហ្វូណន​នៅ​ស្ថានីយ​​អង្គក្តី ក្នុង​ភូមិ​ត្នោត​ទ្រេត សង្កាត់​តាកោ ត្រង់​ចំណុច​លើ​ការដ្ឋាន​ធ្វើ​ផ្លូវ​ក្រវាត់​ក្រុង​ព្រៃវែង​។យោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរ ភាគ១ និង ភាគ២ ( ត្រឹង ងា ១៩៧៣) បានលើកឡើងថា ៖

សិលាចារឹកខ្មែរសម័យក្រោយ មកទៀត បាននិយាយថា វ្យាធបុរៈ (បុរីនៃស្តេចទាក់ដំរី) ដែលអ្នកប្រវត្តិ សាស្ត្របាន ចាត់ទុកថា ជារាជធានី របស់នគរភ្នំ (ហ្វូណន) ថា តូម៊ូ (T’o-Mou) ដែលលោក G.Coedes ថា ត្រូវនឹងពាក្យខ្មែរបុរាណ ទ្វាក់ ឬ ទល្មាក់ ( អ្នកទាក់ដំរី) ។​លោកយល់ថា ក្រុងវ្យាធបុរៈនេះ ស្ថិតនៅម្តុំ បាភ្នំ និង​បាណាម ក្នុងខេត្តព្រៃវែង សព្វថ្ងៃ ។ ភិក្ខុប៉ាងខាត់ ក៏មានព្រះ យោបល់ដូច្នោះដែរ ។ ព្រះអង្គសរសេរថា រាជធានី វ្យាធបុរ តាំង នៅបាភ្នំ ទំនង ជានៅភ្នំខ្សាច់ បច្ចុប្បន្ននេះ ព្រោះគេបានរកឃើញបុរាណដ្ឋាននិង បុរាណទេវរូបជាច្រើន ។ សិលាចារឹកមួយនៅវត្តចក្រឹត នៅជើងភ្នំ ពីសតវត្ស ទី ១០ បាននិយាយពីការកសាង ទេវរូប ព្រះឥសូរហៅថា អទ្រិវ្យាធបុរេស្វរ តំកល់ទីនោះ (២៥) ។​ គួរកត់សំគាល់ម្យ៉ាងទៀតថា នៅ បាភ្នំឈើកាច់សព្វថ្ងៃ នេះមានភូមិជាច្រើនដែលមានឈ្មោះទាក់ទង នឹងដំរី គឺ​ ភូមិរោងដំរី ក្បាលដំរី និង ព្រៃដំរី ។​ក្នុងផែនដី ព្រះស្រីសុរិយោទ័យ ១៤៧១ បានរៀបរាប់ពីការតាំង ចៅហ្វាយស្រុកឱ្យរក្សាខេត្ត តាំងពីខេត្ត សៀមបូក សម្បុកសម្បូណ៌ ក្រចេះ​ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោ ជើង បាដែង រហូតដល់នគរចាម នោះបានទៅជាខាងព្រះបាទស្រីសុរិយោទ័យទាំងអស់ ។ យើងអាចសិក្សាឃើញថា ព្រៃវែងជាខេត្តដាច់ពី បាភ្នំ ដោយមានចៅមឿង គ្រប់គ្រងផ្សេង ដូច្នោះខេត្ត និងរដ្ឋបាលក្រុង(បញ្ជាក់ពុំទាន់ប្រាប់ពីទីតាំងទេខណ្ឌសីមាទេ) ព្រៃវែង ឯកសារដដែរ ក៏បានបញ្ជាក់ ក្នុងផែនដី ព្រះបរម ខត្តិយា មហាចន្ទរាជា ទ្រង់បាន ចាត់ស្តេចត្រាញ់ទាំង៥ (សូមលើកយកតែខេត្តបាភ្នំ) តាំង ចៅពញ្ញាធម្មាតេជោ ចៅហ្វាយស្រុកខែត្របាភ្នំ មានចៅមឿង ៧ ស្រុក គឺ មឿងកោះ១ ចៅមឿងមេចុង១ មេកង១ ស្វាយទាង១ រំដួល១ កណ្តាល១ ។​

យោងតាម ប្រវត្តិសាស្ត្រ ត្រឹង ងា ក្នុងរាជព្រះបាទ បរមរាជា ទី៤ ឆ្នាំ១៥៧២ ក្រុងលង្វែក មានការជល់ដំរី ដាក់នគរ ជាមួយស្តេចលានជាង (ឡានឆាង ឈ្មោះនគរលាវ) ប្រជល់នៅ ក្បែរក្រុងលង្វែក ។ ដំរីខ្មែរមានជ័យលើដំរីលាវ បានឃាត់ ពលលាវ ១០០នាក់ និង ឱ្យនាម៉ឺនលាវ២ នាក់ត្រលប់ទៅគាល់ស្តេចលាវវិញ ។ ស្តេចលាវខ្ញាល់ ចូលវាយខ្មែរ ខ្មែរ ក៏ជ័យបាន ឃាត់បាន ឈ្លើយលាវ ។ ព្រះបាទ បរមរាជា ទី៤ ឱ្យលាវ ៨០០នាក់ ទុកនៅបាភ្នំ និង ៥០០ នាក់ សំរាប់ថែរក្សា វត្តភ្នំពេញ ។​ ក្នុងរាជព្រះបាទ ធម្មរាជាទី២ ១៧១០ កាលនោះពួកលាវដែលមកតាមរាជាលាវ ដើម្បីបះបោរឡើង ព្រះរាជាទ្រង់ចាត់ទ័ព វាយបង្រ្កាបរត់ខ្ចាត់ខ្ចាយ ។ ព្រះបាទកែវហ៊្វាអង្គអិម បានឱកាសប្រមូលពួកនោះ មក ចោមឡោម ព័ទ្ធក្រុងឧដុង្គ ចំណែកព្រះអង្គធម្មរាជា ភៀសព្រះកាយពីឧដុង្គ ជាមួយរាជបុត្រា និងអនុជ ទៅក្រុងស្រីអយុធ្យា ។ ព្រះបាទកែវហ៊្វាអង្គអិម ឡើងគ្រងរាជ១៧១០ (ដូច្នោះបានជាមានលាវនៅខេត្តស្វាយរៀង ភូមិក្សេត្រ ក្នុងស្រុកកំពង់ត្របែក នៅភូមិជាងដែក ។ យោង លើ ប្រវត្តិសាស្ត្រ ត្រឹង ងា ក្នុងរាជព្រះបាទ សត្ថាទី១ ក្នុងឆ្នាំ ១៧៣០ មានលាវ ម្នាក់ ប្រសូត នៅបាភ្នំ បានតាំង ខ្លួនជា ធម្មិកជន ដោយសម្អាងលើប្រវត្តិទាំងបីនៃវត្តមាន ជនជាតិលាវ ក្នុង ខេត្តព្រៃវែង (បាភ្នំ ) យើងក៏មាន ឈ្មោះ ស្រុកកំពុងលាវ (សង្កាត់កំពង់លាវ​ បច្ចុប្បន្ន ក្នុងក្រុងព្រៃវែង ) អាចមានជាប់ទាក់ទងគ្នាដែរឬទេ?

ភ្នំពេញៈ អ្នក​ជំនាញ​ក្រសួង​បរិស្ថាន ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ព្រមទាំង​អាជ្ញាធរ​ខេត្ត​ព្រៃវែង ​កំពុង​សិក្សា​បច្ចេកទេស​ក្នុង​ការរៀបចំ​បង្កើត​តំបន់​បេតិក​ភណ្ឌ​ធម្មជាតិ ​និង​ប្រវត្តិសាស្ត្រ​វប្បធម៌ ​នៅ​តំបន់​ភ្នំឈើ​កាច់​បាភ្នំ ​ក្នុង​ភូមិសាស្ត្រ​ស្រុក​បាភ្នំ ​ខេត្ត​ព្រៃវែង។

លោក​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ ​និង​ជាមន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន ​ថ្លែង​នៅ​ថ្ងៃទី ៣០ ​ខែកញ្ញា​ថា ​អ្នកជំនាញ​ក្រសួង​បរិស្ថាន ​ក្រសួង​វប្បធម៌​ និង​អាជ្ញាធរ​ខេត្ត​ព្រៃវែង ​បាន​និង​កំពុង​សិក្សា​បច្ចេកទេស​ពិនិត្យ​ទៅលើ​ការរៀបចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ​និង​ប្រវត្តិសាស្ត្រ​វប្បធម៌ ​នៅ​តំបន់​ភ្នំឈើ​កាច់​បាភ្នំ ​នៅ​ក្នុង​ខេត្ត​ព្រៃវែង។

លោក​ថ្លែងថា​៖ «ក្រសួង​បរិស្ថាន​យើង​ចាំបាច់​ត្រូវ​បង្កើត​តំបន់​ការពារ​ធម្មជាតិ ​ដើម្បី​យើង​អភិរក្ស​តំបន់​ហ្នឹង​ផង ​ធនធាន​ធម្មជាតិ​នៅ​ទី​ហ្នឹង​ផង​ និង​វប្បធម៌​ប្រវត្តិសាស្ត្រ​នៅ​ហ្នឹង​ផង»។

នៅ​ថ្ងៃនោះ​ដែរ​ លោក​ ឈៀង សុវណ្ណរ៉ា ​នាយក​រដ្ឋបាល​ខេត្ត​ព្រៃវែង​បានឱ្យ​ដឹងថា ​ការរៀបចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ​និង​ប្រវត្តិសាស្ត្រ​វប្បធម៌​តំបន់​ភ្នំ​ឈើកាច់​បាភ្នំ​នេះ ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នៅ​ឡើយ។

លោក​ថ្លែងថា​៖ «មិន​ទាន់​មាន​លទ្ធផល​អី​ទេ ​ដោយសារ​នៅលើ​បាភ្នំ​ហ្នឹង​សុទ្ធតែ​កន្លែង​ទ័ព​ កន្លែង​ទាហាន​ គេ​នៅ​ឈរ​ជើង​ការពារ​ទឹក​ដី។ អ៊ីចឹង​ឥឡូវ​ គឺ​យើង​កំពុង​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ»។

លោក​ ទេព ភារុណ ​អភិបាល​ស្រុក​បាភ្នំ​ថ្លែង​នៅ​ថ្ងៃទី ៣០ ​ខែកញ្ញា​ថា ​ចំពោះ​ការសិក្សា​បច្ចេកទេស​ក្នុង​ការបង្កើត​តំបន់​នេះ​ ក្រុម​ការងារ​ធ្លាប់​បាន​ធ្វើការ​ប្រជុំ២​លើក​មក​ហើយ។ កិច្ចប្រជុំ​ចុងក្រោយ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ២៨ ​ខែកញ្ញា ​គឺ​ដើម្បី​ពិនិត្យ​មើល​ការពាក់ព័ន្ធ​ទាំងអស់​ ព្រោះ​តាម​ការផ្តួចផ្តើម​របស់​ក្រសួង​បរិស្ថាន​ គឺ​ត្រូវ​រៀបចំ​ជាតំបន់​ការពារ​ធម្មជាតិ។

លោក​ថ្លែងថា​៖ «ការសិក្សា​នោះ ​គឺ​ដើម្បី​ដឹង​ថា ​តើវា​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ ​និង​ចំណុច​សំខាន់​អី​ខ្លះ​ដែល​ត្រូវ​ធ្វើជា​ទល្ហីកណ៍ ​ដើម្បី​ធ្វើកា​ររៀប​ជូន​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង​ដើម្បី​សម្រេច»។

លោក ​ឡុង ប៉ុណ្ណាស៊ីរីវត្ថ ​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ថ្លែងថា ​នេះ​ជាការងារ​បច្ចេកទេស​ធម្មតា​ ដែល​កិច្ចការងារ​បែបនេះ​ក៏ធ្លាប់​ធ្វើ​កន្លែង​ផ្សេងៗ​ផង​ដែរ។ ​នេះជា​ការសហការ​គ្នា​ដើម្បី​ងាយស្រួល​កុំឱ្យ​មាន​ការប៉ះពាល់​ផ្នែក​វប្បធម៌។ ក្នុង​ន័យ​នេះ​លោក​បញ្ជាក់ថា ​ពេល​ក្រសួង​បរិស្ថាន​ធ្វើការ​រៀបចំ​កំណត់​តំបន់​ធម្មជាតិ​ណាមួយ ​ដោយ​ខ្លាច​ប៉ះពាល់​ស្ថានីយ​បុរាណវិទ្យា ​ក៏ហៅ​ក្រសួង​វប្បធ៌​ទៅ​ដើម្បី​សហការគ្នា​រៀបចំ​តំបន់​មួយ​ដែល​មាន​គ្រប់​ជំនាញ។

លោក​ថ្លែងថា​៖ «កាលណា​[ប៉ះ]​អី​វប្បធម៌​យើង ​យើង​ចុះ​បញ្ជី​ ចុះ​តាម​ហ្នឹង​ទៅ ​ឬ​មួយ​កន្លែង​ហ្នឹង​ឧបមាថា ​ខាង​ដែនដី​ គេ​កំណត់​តំបន់​ហ្នឹង​ប៉ុន្មាន​ហិកតា ​ដីជា​តំបន់​ការពារ​ធម្មជាតិ ​ក្នុង​ហ្នឹង​វា​មាន​ស្ថាននីយ​បុរាណវិទ្យា​ប៉ុន្មាន​ អី​ប៉ុន្មាន​អ៊ីចឹង​ទៅ។ ​ខាង​ក្រសួង​វប្បធម៌​មាន​បញ្ជី​សារពើ​ភណ្ឌ ​យើង​សហការ​គ្នា​តាម​ជាក់ស្តែង​អ៊ីចឹង​ទៅ»៕

ខាងក្រោម​នេះ​ជា​ប្រស្នា​ប្រជាប្រិយ “​ចាក់ទឹកដូង​” ដែល​គេ​ចាត់ទុកថា ជា​ប្រស្នា​ប្រជាប្រិយ​ដើម បាន​ចុះផ្សាយ​នៅក្នុង ទស្សនា វ​ដ្តី កម្ពុជសុរិយា កាលពី​ឆ្នាំ ១៩៦៦ ។ ប្រស្នា ទាំងអស់​មាន ៨ វគ្គ គឺ​៖
  1. “​ចាក់ទឹកដូង អំ​ផូង​មួយ​ពាន់​
  2. កាច់​ឈើឈ្នាន់ អ​ន្ទ​ន់​អន្ទង​
  3. កាច់​របង រំលង​សីមា​
  4. កន្ទុយ​ត្រី​ប្រា មី​នាង​ឧក​
  5. កន្ទុយ​ត្រី​ផ្ទក់ មី​នាង​កែវ​
  6. អកកំបោរ ប្រចាំ​ថង់​
  7. បំពង់​ឫស្សី ប្រចាំ​វែក​
  8. ក្បាលទំពែក ក្អែក​ជុះអាចម៍​ដាក់​” ។​
​តែ​ក្រោយមក​ប្រស្នា​នេះ ត្រូវគេ​កែ​កាឡៃ​មក​ឲ្យ​ខុសពី​សេចក្ដី​ដើម ទៅតាម​ភូមិ​ស្រុក​នីមួយៗ ។ ខាង ក្រោម​នេះ ជា​ប្រស្នា​ប្រជាប្រិយ “​ចាក់ទឹកដូង​” នៅ​ដែនដី​កម្ពុជា​ក្រោម ។​
  1. “​ចាក់ទឹកដូង អំ​ផូង​ទឹក​ស្លា​
  2. ចិន​ចា​វ៉ា ពាក់អាវ​ក្រពើ​
  3. ក្រពើ​ជិះសេះ អញ​ជិះ​ដំរី​
  4. ក្រពើ​កង​កី អញ​កង​កាក់​
  5. ក្រពើ​ចាក់​ច្រវាក់ អញ​ចាក់​ម្ជុល​….” ។​
​ចំណែក​នៅ​ខេត្តតាកែវ ប្រទេស​កម្ពុជា​វិញ គេ​ច្រៀង​បែបនេះ​វិញ ។​
  1. “​ចាក់ទឹកដូង មី​ឡូង​មី​ឡែ​
  2. កន្ទុយ​មាន់ចែ ពាក់អាវ​ក្រពើ​
  3. ក្រពើ​ជិះសេះ អញ​ជិះ​ដំរី​
  4. ក្រពើ​កង​កី អញ​កងចក្រ​
  5. ក្រពើ​ចាក់​វ៉ា​ក់ អញ​ចាក់​ម្ជុល​
  6. ក្រពើ​ទល់​មល់ អញ​ពង​ប្រិច​” ។​
កន្លែង​ខ្លះ​នៅក្នុង​ប្រទេស​កម្ពុជា គេ​ច្រៀង​ថា​៖
  1. “​ចាក់ទឹកដូង មី​ឡូង​មី​ឡា​
  2. កន្ទុយ​ត្រី​ប្រា មី​នាង​ឧក​
  3. អកកំបោរ ប្រចាំ​ថង់​
  4. បំពង់​ឫស្សី ប្រចាំ​វែក​
  5. ក្បាលទំពែក ក្អែក​ជុះ​អាម​ច៍​ដាក់​ប៉ក់​” ។​
​ចំពោះ​ប្រស្នា​នេះ លោក លូ លិ​ន ថា​យ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយរូប សព្វថ្ងៃ​នៅ​ទីក្រុង Stockton រដ្ឋ California សហរដ្ឋ អាមេរិក បាន​បកស្រាយ​ត្រង់​ឃ្លា​ខ្លះៗ នៃ​សេចក្ដី​ដើម​ដូច​ត ទៅនេះ ។​

ត្រង់​ឃ្លា “ កន្ទុយ​ត្រី​ប្រា មី​នាង​ឧក​” មានន័យថា ដី​កម្ពុជា​ក្រោម​ប្រៀបបាន​នឹង​កន្ទុយ​ត្រី​ប្រា បាន​ទៅ យួន​ព្រោះតែ​មហេសី​យួន ប្រៀប​ទៅនឹង​នាង​ឧក ។ ត្រង់​ឃ្លា “ កន្ទុយ​ត្រី​ផ្ទក់​មី​នាង​កែវ​” មានន័យថា ដី​កម្ពុជា​ភាគ​ខាងលើ ត្រូវបាន​ទៅ​សៀម និង ឃ្លា “​ក្បាលទំពែក ក្អែក​ជុះអាចម៍​ដាក់​” មានន័យថា ដី​ខ្មែរ​ដែល​នៅសល់​សព្វថ្ងៃ ប្រៀបបាន​នឹង​ក្បាល ទំពែក ត្រូវ​ក្អែក​ជុះអាចម៍ ដាក់ នោះបាន​ដល់​បរទេស​នៅ​ជិតខាង​មាន​សៀម និង​យួន​ជាដើម​មើល ងាយ​ចូល​ឈ្លានពាន​រាល់ថ្ងៃ ។​

នៅ​ខាងដើម​គ្រិស្ដសករាជ រដ្ឋ​ដែល​ខំ​ខាន់​ជាងគេ​នៅ​អាស៊ី​អ​គ្នេ​យ៍​គឺ អាណាចក្រ​ភ្នំ​។ ចិន​ហៅថា ហ្វូណន​។ ពាក្យ​ហ្វូណន ចិន​បូរាណ​អាន​ថា បឺ​យូ​ណា​ម ដែលជា​ពាក្យ​គ្មាន​ន័យ​អ្វី​អោយ​ប្រា​ដក​ក្នុង​ភាសា​ចិន​ទេ​។ ដោយហេតុនេះ ហើយ​បានជា​អ្នកសិក្សា​ស្រាវជ្រាវ បាន​ព្យាយាម​រាវរក​មើលថា​តើ​ពាក្យ ហ្វូណន នេះ​ត្រូវ​នឹង​ពាក្យ​អ្នកស្រុក​អាយ​ថា​ម៉េច​?

មានមតិ​ខ្លះ​ចាត់ទុកថា ហ្វូណន ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា ភ្ន​ង ដោយ​សំអាងថា កុល​សំ​ព័ន្ធ​ភ្ន​ង ដែល​រស់​នៅលើ​ខ្ពង់ រាប​សព្វថ្ងៃ ស្ថិតនៅក្នុង​អំបូរ​ជាមួយ​ខ្មែរ​នេះ​ម្យ៉ាង ហើយ​ម្យ៉ាងទៀត ដោយ​សំអាងថា​រូបចំលាក់​នៅលើ​ជញ្ជាំង ប្រាសាទ​បូរាណ​ខ្មែរ បាន​បង្ហាញថា​ខ្មែរ​ក្នុងសម័យ​នោះ មាន​សំលៀកបំពាក់ និង​ទំលាប់​ខ្លះ​ដូច​ពួក​ភ្ន​ង​ដែរ​។ ចំពោះ​រឿងនេះ​គួរកត់សំគាល់​ថា​លោក​សាស្ដ្រ​ចា​រ្យ L. Brumpt បាន​បញ្ជាក់ថា ខ្មែរ​និង​ភ្ន​ង​ពិតជា​មានពូជ​អំបូរ​ជាមួយគ្នា​មែន ដោយ​សំអាង​ទៅលើ​លទ្ធផល​នៃ​ការសិក្សា​របស់លោក ទៅលើ​ឈាមក្រហម hémoglobines(23)​។​

ចំណែក​លោក G. Coedès លោក​យល់ថា ហ្វូណន ត្រូវ​នឹង​ពាក្យ​ខ្មែរ​បុរាណ វ្នំ ដែល​សព្វថ្ងៃ​ក្លាយជា​ភ្នំ​។ លោក​បាន​បញ្ជាក់ថា ស្ដេច​នៅ​សម័យ​នោះ​មាន​ឋានន្ដរនាម​ថា ស្ដេចភ្នំ ពាក្យ​ខ្មែរ​បុរាណ​ថា កុ​រុង​វ្នំ ត្រូវ​នឹង​សំស្ក្រឹត​ថា បវិត​ភូបាល ឬ សៃ​ល​រាជ​។ ជនជាតិ​ចិន​ក៏បាន​យក​ឋានន្ដរនាម​នេះ​ប្រើ​សំរាប់​ហៅ​ប្រទេស​ដែល​ស្ដេច​ទាំងនោះ គ្រប់គ្រង​ផងដែរ​។​

ចំពោះ​ទំលាប់​ខាងលើនេះ លោក E Aymonier បានកត់សំគាល់​ឃើញថា ក្នុងសម័យ​បុរាណ​ចិន​មិនចេះ​វែកញែក​មនុស្ស​អោយដាច់​ពី​ប្រទេស​ទេ​។ ពួកនេះ​ច្រើន​ប្រើ​ឈ្មោះ​តែមួយ​សំរាប់​សំគាល់​មនុស្ស​ផង រាជធានី​ផង ប្រទេស​ទាំងមូល​ផង ឬ ក៏​ឈ្មោះ​ឋានន្ដរនាម​របស់​អ្នកដឹកនាំ​ផង​(24)​។​ចំពោះ​ទស្សនៈ​របស់លោក G.coedès នេះ គួរ​កត់សំគាល់ថា ឯកសារ​ចិន​បាន​និយាយ​ច្បាស់​ថា អធិរាជ​អាណាចក្រ​ភ្នំ​មាន​ឋានន្ដរនាម គូ​លុង គឺ ក្រុង​ដែល​សព្វថ្ងៃ​មានន័យថា ស្ដេច​សោយរាជ្យ​។

បើ​ដូច្នេះ​ពាក្យ ហ្វូណន ចិន​ហៅ​តាម​ឋានន្ដរនាម​របស់​អធិរាជ​អាណាចក្រ​ភ្នំ គឺ​កុ​រុង​ភ្នំ នេះឯង​។ ឯការ​ដែលមាន​ឋានន្ដរនាម​យ៉ាងនេះ​គឺ ប្រហែល​មកពី​ភ្នំ​ជាទី​កន្លែង​ដែល​អធិរាជ​ឡើងទៅ​ជួបនឹង​ព្រះ​ឥសូរ ឯ​ចិន​បាន​និយាយថា «​ព្រះអាទិទេព​យាង ចុះ​លើ​ភ្នំ​ម៉ូ​តាន Mo-tan ជា​ញឹកញាប់ ព្រះអង្គ​មក​ទីនោះ ដើម្បី​បញ្ចេញ​ម​ហិ​ទ្ធិ​រិ​ទ្ធ​របស់​ព្រះអង្គ ព្រះ​អធិរាជ​ទាំងឡាយ​បានទទួល​នូវ​ពរជ័យ​ពី​ព្រះអង្គ ហើយ​ប្រជារាស្ដ្រ​ក៏បាន​សុខ​ចំរើន​ដោយសារ​នោះ​ផង​»​។​
២. បញ្ហា​ទីតាំង​
នៅ​មុនពេល​សង្គ្រាម​សកលលោក​លើក​ទី​១ គេ​ឃើញ​មាន​សង្វែង​យោបល់​ច្រើន​ចំពោះ​ទីតាំង​របស់​អាណាចក្រ​ភ្នំ​ ។ ​លោក A. Rémusat ជឿថា ហ្វូណន​ជា​អាណា​ខេត្ដ​មួយ​របស់​ចិន ហើយ​ស្ថិតនៅត្រង់​ប្រទេស​តុងកឹង​។ លោក klaproth និង Pauthier ថា ហ្វូណន​ត្រូវ​នឹង​ដែនដី pégou និង​ប្រទេស​ភូមា​។ លោក Dequines ថា​ត្រូវ នឹង​កោះ​មួយ​នៅ​ខាងលិច​ប្រទេស​សៀម​។ ឯ​លោក Barth ថា​ត្រូវ​នឹង​ឆ្នេរសមុទ្រ​តេ​ណា​ស្សេរី​ម ក្រៅពីនេះ​អ្នក សិក្សា​ឯទៀត​ជឿថា ហ្វូណន​នៅត្រង់​ប្រទេស​ខ្មែរ ឬ​ប្រទេស​សៀម​។​
ដើម្បីអោយ​បានដឹង​ច្បាស់​ពី​ទីតាំង​របស់​ហ្វូណន គួរ​គប្បី​យើង​លើកយក​ឯកសារ​ចិន​មក​ពិនិត្យ​អោយបាន​ហ្មត់ចត់​សិន​។ ឯកសារ​ទាំងនោះ​បានផ្ដល់​ពត៌មាន​សំខាន់ៗ​ដូចតទៅ​៖

១. ហ្វូណន​មាន​ចំងាយ ៣០០០​លី ខាងលិច​ប្រទេស​លីន​យី​
២. ហ្វូណន​មាន​ចំងាយ ៧០០០​លី ពី Jenan តុងកឹង​
៣. ហ្វូណន​មាន​ទំហំ ៣០០០ លី ក្រោយ​ពង្រីក​ធំ​ដល់ ៥០០០ ឬ ៦០០០​លី​
៤. ហ្វូណន​ស្ថិតនៅក្នុង​ឈូង​សមុទ្រ​ធំ​មួយ​
៥. មាន​ទន្លេធំ​មួយ​ហូរ​ពី​ខាងលិច ឯកសារ​ខ្លះ​ថា​ពាយព្យ ហើយ​ចាក់​ទៅ​សមុទ្រ​។​

​ប្រសិនបើ​យើង​គិតថា ១​លី​មាន​ប្រវែង ៥៧៦​ម៉ែត្រ ចំងាយ​ពី​លីន​យី​មក​ហ្វូណន​មាន ១៧២៨​គ​.​ម គឺ​ត្រូវ​នឹង​ប្រទេស​ខ្មែរ​សព្វថ្ងៃ កម្ពុជា​ក្រោម និង​ប្រទេស​ថៃ​ផ្នែក​កណ្ដាល​។ ឈូង​សមុទ្រ​ធំ​ក្នុង​ឯកសារ​ចិន​គឺ​ឈូង​សមុទ្រ​ថៃ ឯ​ទន្លេធំ​ដែល​ហូរ​ចាក់​ទៅក្នុង​សមុទ្រ គឺ​គ្មានអ្វី​ក្រៅពី​ទន្លេមេគង្គ ឬ​បើ​និយាយអោយចំ​ទៅ គឺ​ទន្លេសាប​ហ្នឹងឯង​។ សរុបសេចក្ដី​មក​ឃើញថា​មជ្ឈមណ្ឌល​របស់​ហ្វូណន ស្ថិតនៅត្រង់​វាលទំនាប​ខាងក្រោម​នៃ​ទន្លេមេគង្គ​នេះឯង​។ ត្រង់នេះ​អ្នកសិក្សា​ហាក់ដូចជា​យល់ស្រប​គ្នា​ហើយ តែ​នៅមាន​ចំនុច​មួយទៀត​ដែល​អ្នកសិក្សា​នៅ​មិនទាន់​ហ៊ាន​អារកាត់​នៅឡើយ គឺ​រឿង​ទីតាំង​នៃ​រាជធានី​ដំបូង​របស់​ហ្វូណន​។​

យ៉ាងនាមិញ សិលាចារឹក​ខ្មែរ​សម័យ​ក្រោយមកទៀត​បាន​និយាយ​ពី​ក្រុង វ្យា​ធ​បុ​រ (​បុរី​នៃ​ស្ដេច​ទាក់ដំរី​) ដែល​អ្នក​ប្រ​វ​ត្ដិ​សាស្ដ្រ​ចាត់ទុកថា ជា​រាជធានី​មួយ​របស់​ហ្វូណន ចិន​ហៅ​រាជធានី​ហ្វូណន​ថា តូ​ម៉ូ (T’o mou) ដែល​លោក G. Coedès ថា​ត្រូវ​នឹង​ពាក្យ​ខ្មែរ​បុរាណ ទ្មាក់ ឬទ​ល្មាក់ (​អ្នក​ទាក់ដំរី​)​។ លោក​យល់​ទៀតថា ក្រុង​វ្យា​ធ​បុ​រ​នេះ​ស្ថិត នៅ​ម្ដុំ​បាភ្នំ​និង​បា​ណា​ម​ក្នុង​ខេត្ដ​ព្រៃវែង​សព្វថ្ងៃ​។ ព្រះ​ភិក្ខុ​ប៉ាង ខាត់ ក៏មាន​ព្រះ​យោបល់​ដូច្នេះ​ដែរ​។ ព្រះអង្គ​បានសរសេរថា «​រាជធានី​វ្យា​ធ​បុ​រ តាំងនៅ​តំបន់​បាភ្នំ ទំនងជា​នៅ​ខេត្ដ​ខ្សាច់​បច្ចុប្បន្ននេះ ព្រោះ​គេ​បាន​រកឃើញ បុរាណ​ដ្ឋា​ន និង​បុរាណ​ទេវរូប​ជាច្រើន​នៅ​ទីនោះ​។ លិ​លា​ចារឹក​មួយ​នៅ​វត្ដ​ច​ក្រិត​នៅ​ជើងភ្នំ​ពីស​.​វ​ទី​១០ បាន​និយាយ​ពី​ការកសាង​ទេវរូប​ព្រះ​ឥសូរ​ហៅថា អ​ទ្រិ​វ្យា​ធ​បុ​រេ​ស្វរ តំកល់ទុក​នៅ​ទីនោះ​»(25)​។​

គួរកត់សំគាល់​ម្យ៉ាង​ទៀតថា នៅ​តំបន់​បាភ្នំ​ឈើកាច់​សព្វថ្ងៃនេះ​មាន​ភូមិ​ជាច្រើន​ដែលមាន​ឈ្មោះ​ទាក់ទង​នឹង ដំរី គឺ​ភូមិ​រោងដំរី ក្បាលដំរី និង​ព្រៃ​ដំរី​។ តើ​យើង​អាច​ចាត់ទុក​ឈ្មោះ​ទាំងនេះ​ថា ជា​អនុស្សាវរីយ៍​លើ​ទីតាំង​រាជធានី​អាណាចក្រ​ភ្នំ​បានទេ​? តាម​ប្រ​វ​ត្ដិ​រាជវង្ស​លាង ក្រុង​នេះ​ស្ថិតនៅ​ប្រហែល​២០០​លី ពី​សមុទ្រ បើ​គិត​ទៅ​គឺ​ត្រូវ នឹង​ចំងាយ​ពី​បាភ្នំ​ទៅ អូរ​កែវ​ដែលជា​កំពង់ផែ​ធំ​មួយ​របស់​ហ្វូណន​។
នៅពេល​សង្គ្រាមលោកលើកទី​២ លោក Louis Malleret អ្នកប្រាជ្ញ​បារាំង​បានធ្វើ​កំនាយ​ផ្សេងៗ ក្នុង​ដែនដី​សន្ដរ​ទន្លេមេគង្គ ហើយ​បាន​រកឃើញរ​ម្មណី​យ​ដ្ឋា​ន អូរ​កែវ​នេះ ដែល​លោក​ចាត់ទុកថា ជា​កំពង់ផែ​ធំ​របស់​ហ្វូណន ព្រោះ​នៅ​ទីនោះ​គឺ​នៅ​ខាងត្បូង​ភ្នំ​បា​ថេ ខេត្ដ​ក្រមួនស គេ​បាន​ជីក​រកឃើញ​ឃឿន​សំណង់​ផ្សេងៗ ព្រមទាំង​វត្ថុ​ផ្សេងៗ​ទៀត​ជាច្រើន ខ្លួះ​មកពី​ចក្រភព​រ៉ូម ខ្លះទៀត​មកពី​ប្រ ទេស​ឥណ្ឌា និង​ខ្លះទៀត​ជា​វត្ថុ​ធ្វើ​ពី​ថ្ម​រំលីង​។ ដោយហេតុ​នេះហើយ​ទើប​មានមតិ​ខ្លះ​យល់ថា អូរ​កែវ​នេះ​រាជធានី ដើម​បង្អស់​របស់​ហ្វូណន​។

ប៉ុន្ដែ​មាន​អ្នកសិក្សា​ខ្លះទៀត​ដូចជា​លោក Jean Boisselier ជាដើម​បែរជា​យល់ថា រាជធានី​នេះ​ស្ថិតនៅត្រង់​វាលទំនាប ខាងក្រោម​នៃ​ទន្លេ​មេ​នាម​វិញ ព្រោះ​លោក​សំអាងថា នៅ​ទីនោះ​លោក​បាន​រកឃើញ​រូប​ខ្លះ​ធ្វើ​ពី​ឥដ្ឋ​។ បើតាម​លោក របស់​បែបនេះ​គឺជា​របស់​ធ្វើ​ក្នុងស្រុក មិនមែន​នាំយក​មកពី​ក្រៅ​ទេ​។ ប៉ុន្ដែ​អ្នកប្រាជ្ញ​បារាំង​នេះ​យល់​ដែរ​ថា នៅ​ខាងចុង​សម័យ​ហ្វូណន រាជធានី​នេះ​ត្រូវ​លើកយក​ទៅ​តាំង​ត្រង់​កន្លែង​មួយ នៅ​ជិត​ពាម​ទ​ន្ល​មេគង្គ​ខាងត្បូង​ប្រទេស​កម្ពុជា​(26) ។​

ទួល នេនទុំ សឹក នៅ​ស្រុក​បាភ្នំ រក្សា​ទ្រង់​ទ្រាយ​ដើម ព្រោះ​គ្មាន​អ្នក​ហ៊ាន​ប៉ះពាល់ «...ថ្លា​ថ្លែង​សម្ដែង​ដើម​ឈ្មោះ​ទុំ នៅ​ស្រុក​បាភ្នំ ដែន​ដី​ស្រែ កើត​កប​ទំនៀម​មាន​ឪ​ម៉ែ ប៉ុន្តែ​ហេតុ​ត្បិត​ឥត​សម្ដែង។ កើត​ឡើង​លុះ​ធំ​ល្មម​ប្រមាណ ឆ្នាំ​ច្រើន​សោត​បាន​ម្ដាយ​តុប​តែង យក​ទៅ​អោយ​រៀន​ចោល​គ្រឿង​ល្បែង ស្វះ​ស្វែង​នៅ វត្ត​វិហារ​ធំ…។» នេះ​ជា​កំណាព្យ​ក្នុង​រឿង​ទុំ​ទាវ ដែល​បង្ហាញ​ពី​ទី​អារាម​របស់​នេនទុំ​ធ្លាប់​គង់ គឺ​វត្ត​ព្រះវិហារ​ធំ ស្រុក​បាភ្នំ ខេត្ត​ព្រៃ​វែង។ ចំណែក​ទួល​ដែល​នេន​ទុំ​សឹក​ក្នុង​បរិវេណ​វត្ត នៅ​រក្សា​ទ្រង់​ទ្រាយ​ដើម​ដល់​សព្វ​ថ្ងៃ ព្រោះ​គ្មាន​អ្នក​ហ៊ាន​ប៉ះ​ពាល់​ឡើយ។ ទួល​ដែល​សន្មត​ថា​កន្លែង​នេន​ទុំ​សឹក ស្ថិត​ក្នុង​វត្ត​ព្រះ​វិហារ​ធំ មាន​ទីតាំង​នៅ​ភាគ​ខាង​ជើង ជ្រុង​ខាងកើត​ភ្នំ​ឈើកាច់​ ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​សព្វ​ថ្ងៃ។ បច្ចុប្បន្ន ទួល​នេះ​នៅ​មាន​សណ្ឋាន​ខ្ពស់​ដូច​ដើម ឯ​ព្រៃឈើ​ដុះ​ស៊ុបទ្រុប​ជុំជិត ដោយ​គ្មាន​អ្នក​ហ៊ាន​ទៅ​អារ​កាត់​ឡើយ ព្រោះ​ខ្លាច​បារមី​ផ្លូវ​ងងឹត ហើយ​ក៏​ធ្លាប់​កើត​មាន​ចំពោះ​អ្នក​បំពាន​ដែរ។ លោក អ៊ុយ រ៉ាស៊ឺង ប្រធាន​ការិយាល័យ​វប្បធម៌ និង​ការិយាល័យ​ស្រុក​បាភ្នំ បាន​ប្រាប់​ថា ទួល​នេះ​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ចុះ​បញ្ជី​ដើម្បី​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​រួច​ហើយ។ លោក​បាន​លើក​ឡើង​ថា ដើម​ឈើ​ទាំង​អស់​នៅ​លើ​ទួល​នេះ ត្រូវ​រក្សា​ទុក ហើយ​ក៏​មិន​អាច​ប៉ះ​ពាល់​បាន​ដែរ ព្រោះ​មាន​បារមី​ផ្លូវ​ក្នុង។

លោក អ៊ុយ រ៉ាស៊ឺង បាន​បន្ត​ទៀត​ថា កាល​ពី​មុន ធ្លាប់​មាន​អ្នក​រស់​នៅ​ជិត​របង​វត្ត បាន​រើស​ឈើ​លើ​ទួល​នេះ​ទៅ​ធ្វើ​អុស​ដុត បែរ​ជា​ឈឺ​មើល​មិន​ជា។ ពេល​ព្រឹក​ឡើង គេ​បាន​យក​ឈើ​ទាំង​នោះ ទៅ​ដាក់​កន្លែង​ដើម​វិញ ទើប​ជា​ពី​ជំងឺ។ ក្រោយ​មក ក៏​លែង​មាន​អ្នក​ហ៊ាន​ទៅ​ប៉ះ​ពាល់​ទួល​ទុំ​សឹក ព្រោះ​គិត​ថា​មាន​បារមី​ផ្លូវ​ងងឹត​នៅ​ចាំ​ថែរក្សា​ការពារ។ ​

ដោយសារ​មាន​ទួល​ច្បាស់​លាស់ និង​ដើម្បី​រក្សា​ដាន​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​បាភ្នំ គណៈ​អភិបាល​ស្រុក​បាន​រួម​គំនិត​គ្នា សាងសង់​រូប​សំណាក​ទុំ​មួយ​យ៉ាង​ធំ​នៅ​ផ្សារ​បាភ្នំ។ លោក ម៉ម កាយ អភិបាល​រង​ស្រុក​បាភ្នំ បាន​បញ្ជាក់​ថា រូប​សំណាក​នេន​ទុំ ត្រូវ​បាន​សាង​សង់​យ៉ាង​ផ្ចិតផ្ចង់​បំផុត ក្នុង​ឆ្នាំ​២០១៥ ដោយ​ចំណាយ​អស់​ប្រាក់​ប្រមាណ ១​ម៉ឺន​ដុល្លារ៕

ការិយាល័យនិពន្ធកាសែតនគរវត្ត បានទទួលទូរស័ព្ទពីប្រជាពលរដ្ឋច្រើននាក់ រស់នៅ​ ឃុំ ជើងភ្នំ ស្រុកបាភ្នំខេត្តព្រៃវែង ដោយសុំឲ្យជួយចុះផ្សាយនិងជូនដំណឹងឲ្យអាជ្ញាធរ ដែនដី​មេត្តាជួយគិតគូរដល់ប្រជាកសិករ និងអ្នកក្រីក្ររស់នៅជើងភ្នំឈើកាច់ផង ព្រោះសព្វ ថ្ងៃនេះ​មាន​ក្រុមហ៊ុនឯកជនមួយ កំពុងគាស់កាយរុករានយកដី ថ្ម និងរ៉ែក្រោមដី រាប់សិប​ហិកតាធ្វើ​ឲ្យ​គ្មានកន្លែងដាំដំណាំ និងរកស្មៅឲ្យគោស៊ីមិនបានទេ ។
ផែនទី ភូមិសាស្រ្ត តំបន់ បាភ្នំ

ប្រជាពលរដ្ឋទាំងនោះបានប្រាប់ថា កាលដើមឡើយ ដីរាប់រយហិកតា នៅជម្រាលភ្នំ ឈើកាច់ ក្នុងឃុំ ជើងភ្នំ នេះ ប្រជាពលរដ្ឋអាចដាំដំឡូងមី ឬដំណាំកសិផលគ្រាន់ដោះស្រាយ ជីវភាពបានខ្លះ ជាពិសេសនៅវាលធំធេងមានស្មៅដុះអាចលែងគោ ក្របី ឲ្យស៊ីស្មៅបាន ។ ប៉ុន្តែ មកដល់ឥឡូវនេះ មិនដឹងជាអាជ្ញាធរដែនដី ឃុបឃិតជាមួយក្រុមហ៊ុនឯកជនយ៉ាងណា នោះទេ បានជានៅជម្រាលជើងភ្នំមួយនេះ ត្រូវគេគាស់កាយ រុករាន ជីកយកថ្ម និងរ៉ែ នៅក្រោមដី ធ្វើ ឲ្យក្រហេងក្រហូង ក្លាយជាជង្ហុកធំៗ មានដក់ទឹកពេលភ្លៀងម្តងៗ ហើយ អ្វីដែលប្រជាពលរដ្ឋនិយាយលែងចេញនោះ គឺនៅទីនោះលែងដាំដំណាំកសិផលគួបផ្សំបាន ដូចជាដំឡូងមី ពោត សណ្តែក និងលែងមានស្មៅដុះសម្រាប់គោ ក្របី ស៊ីដូចពីមុនទៀត​ហើយ ។

រូបភាព ភ្នំឈើកាច់
​ប្រជាពលរដ្ឋច្រើនគ្រួសារ បានសំណូមពរដល់អាជ្ញាធរ ឃុំ ស្រុក និង ខេត្ត មេត្តា​ជួយគិតគូរ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្លះផង កុំមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន របស់បុគ្គល(ក្រុមហ៊ុនឯកជន) ហើយមកបំផ្លាញសម្បត្តិរួម សម្បត្តិប្រជាពលរដ្ឋដល់ឫសគល់ បែបនេះមិនសមទេ ។ ម្យ៉ាងទៀតត្រូវមើលពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់ដោយពឹង ផ្អែកចិញ្ចឹមគោក្របីឲ្យស្មៅស៊ី និងដាំដំណាំគួបផ្សំបន្តិចបន្តួច តាមជម្រាលជើងភ្នំឈើកាច់​នេះ។
​ពួកគាត់បានត្អូញត្អែរថា « ថាភ្នំឈើកាច់ទៅចុះ ក្រុមហ៊ុនឯកជនវាយយកថ្មទៅលក់ ធ្វើមាន ធ្វើបានចង់អស់មួយចំហៀងទៅហើយ ចុះនៅជម្រាលជើងភ្នំនេះ ហេតុអីគេតាម​បំផ្លាញរកស្មៅមួយសរសៃឲ្យគោក្របីស៊ីលែងបាន ? » ៕