Saturday, April 6, 2024

ចលនាទន្រ្ទានដីព្រៃ ខេត្ត ព្រះវិហារ

ចលនាទន្រ្ទានដីរដ្ឋ គឺជាចលនាប្រឆាំង រដ្ឋាភិបាលកម្ពុជា ប្រឆាំងជាមួយ កងកម្លាំងប្រដាប់អាវុធកម្ពុជា ដោយសារ កងកម្លាំងប្រដាប់អាវុធ ត្រូវបានគេដឹងថា ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់។ ចុះ ចលនាប្រឆាំង ជានណា? នៅលើឆាកអន្តរជាតិ មាន រដ្ឋាភិបាលបរទេស និង មាន អង្គការក្រៅរដ្ឋាភិបាលបរទេស ដោយ បើកយុទ្ធនាការគាំពារសិទ្ធិជនជាតិដើមភាគតិច តាមបណ្តាខេត្តក្រុងនានា ដូចជា ជនជាតិនៅ ខេត្តពោធិសាត់នេះជាដើម។ បរទេសគាំទ្រជនជាតិដើម ក្នុងការការពារដីភូមិ ដីដូនតា ដីស្រែ ចំការ ដីសហគមន៍ ដីព្រៃសហគមន៍ និយាយរួម គឺជាការបង្កើតរដ្ឋក្នុងរដ្ឋ។​ ជនជាតិដើម្បី ប្រឆាំងជាមួយ ក្រុមហ៊ុនសប្បទាន និងក្រុមហ៊ុននានាដែលចូលទៅរកស៊ីនៅលើទឹកដីភូមិករណ៍ពួកគេ។


 2024-04-06 03:02pm  Hout Songhak សមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ ក្រោយពីបុគ្គលម្នាក់នេះមានចេតនាអាក្រក់ ដើរញុះញង់ប្រជាពលរដ្ឋ និងប្រឌិតព័ត៌មានក្លែងក្លាយបង្កចលាចល ពាក់ព័ន្ធករណីដីធ្លីនៅខេត្តព្រះវិហារ (ភ្នំពេញ)៖ បុគ្គលម្នាក់ឈ្មោះ កើត សារ៉ាយ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោយពីបុគ្គលម្នាក់នេះមានចេតនាអាក្រក់ ដើរញុះញង់ឲ្យប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តព្រះវិហារភ័យខ្លាច គោលបំណងដើម្បីគេងចំណេញនយោបាយ បង្កឲ្យមានការភាន់ច្រឡំថាអាជ្ញាធរគៀបសង្កត់ប្រជាពលរដ្ឋ។



ក្រៅពីមានចេតនាទុច្ចរិតបំផ្លាញសន្តិភាព បុគ្គលនេះ និងបក្សពួក ក៏បានដើរប្រឌិតព័ត៌មានក្លែងក្លាយ ហើយផ្ដល់បទសម្ភាសដល់សារព័ត៌មាននៅក្រៅស្រុក ក្នុងចេទនាញុះញង់បង្កចលាចល ពាក់ព័ន្ធករណីដីធ្លីនៅខេត្តព្រះវិហារ។ ដូច្នេះដើម្បីជាទប់ស្កាត់នូវអំពើបង្កភាពចលាចលនៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តុលាការបានសម្រេចចេញដីកា ឃាត់ខ្លួនជននេះដើម្បីការទប់ស្កាត់នូវការបង្កអស្ថេរភាព និងបង្កការរំខានដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកវរសេនីយ៍ សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចាប់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»។
បើតាមអ្នកនាំពាក្យ, បុគ្គលរូបនេះធ្លាប់ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារម្ដងរួចមកហើយពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ដូចគ្នានេះ។ ប៉ុន្ដែបុគ្គលនេះមិនរៀងចាលនោះឡើយ។

ពោលកាលពីពេលកន្លងទៅថ្មីៗនេះ បុគ្គលឈ្មោះ កើត សារ៉ាយ បានប្រឌិតនូវព័ត៌មានក្លែងក្លាយពាក់ព័ន្ធបញ្ហាវិវាទដីធ្លីនៅខេត្តព្រះវិហារ ដើម្បីផ្ដល់បទសម្ភាសដល់សារព័ត៌មាននៅក្រៅស្រុក ក្នុងគោលបំណងញុះញង់បង្កឲ្យមានការរេីសអេីង និងធ្វេីឲ្យការខឹងសម្បារមកដល់រាជរដ្ឋាភិបាល ពិសេសទៅកាន់ឆាកអន្ដរជាតិ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បែបនេះថា «យើងអាចសន្និដ្ឋានបានថាឈ្មោះ កើត សារ៉ាយ គឺពិតជាមានចេតនាញុះញង់ឲ្យប្រជាពលរដ្ឋមានការខឹងសម្បាញនឹងរាជរដ្ឋាភិបាល ហើយបុគ្គលនោះថែមទាំងបានផ្តល់ព័ត៌មានដល់សារព័ត៌មានឧទ្ទាមមាន VOD និង RFA ចេញផ្សាយបំភ្លៃព័ត៌មានមិនពិត និងប្រឌិតព័ត៌មាន ដើម្បីបង្ហាញឲ្យក្រៅប្រទេសបានឃើញ និងដាក់ទណ្ឌកម្មមកលើកម្ពុជា»។សូមជម្រាបថា ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

១៧ មិនា ២០២៤ RFA Khmer ពលរដ្ឋមានជម្លោះដីធ្លីនៅព្រះវិហារ បន្តលាក់ខ្លួនក្នុងព្រៃ គេចពីការតាមចាប់របស់អាជ្ញាធរ

ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ អះអាងថា អាជ្ញាធរខេត្តព្រះវិហារ នៅមិនទាន់មានដំណោះស្រាយឲ្យពលរដ្ឋ រងការបណ្ដេញចេញតាមការសន្យារបស់អភិបាលខេត្តព្រះវិហារនោះទេ និងថែមទាំងបន្តតាមចាប់ខ្លួនពលរដ្ឋបន្ថែមទៀត ខណៈពលរដ្ឋជាច្រើននាក់បន្តរត់ពួនក្នុងព្រៃ។ ការអះអាងនេះ បន្ទាប់ពីអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ប្រកាសថា នឹងដោះស្រាយឲ្យពលរដ្ឋរងគ្រោះនៅ ឃុំស្រយង់ ជាង១០០គ្រួសារ


ប្រជាពលរដ្ឋរងការបណ្ដេញចេញ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សិលាដាម៉ិច (Seila Damex) រស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ អះអាងថា អាជ្ញាធរខេត្តព្រះវិហារ នៅមិនទាន់មានដំណោះស្រាយសមរម្យ ឲ្យពលរដ្ឋដែលអាជ្ញាធរបានដុតកម្ទេចផ្ទះសម្បែងចោល និងប្រើប្រាស់អំពើហិង្សានៅឡើយនោះទេ រហូតទល់ពេលនេះ ហើយអាជ្ញាធរនៅតែបន្តតាមចាប់ខ្លួនពលរដ្ឋបន្ថែមទៀតក្នុងវិវាទដីធ្លីនេះ។

ប្រជាពលរដ្ឋ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ លោកស្រី ឡុង សុធាវី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែមីនាថា ជិតកន្លះខែមកហើយ ដែលអាជ្ញាធរបានឈូសឆាយ និងដុតកម្ទេចផ្ទះសម្បែងរបស់លោកស្រី ដោយមិនទាន់មានដំណោះស្រាយសមរម្យណាមួយនៅឡើយទេ មិនតែប៉ុណ្ណោះ អាជ្ញាធរបន្តតាមចាប់ខ្លួនប្ដីរបស់លោកស្រីបន្ថែមទៀត។ លោកស្រីបន្ថែមថា ដីស្រែចម្ការ និងផ្ទះសម្បែងទាំងនោះ ជាកេរមរតកដែលឪពុកម្ដាយរបស់លោកស្រីចែកឲ្យ ដើម្បីអាស្រ័យផល ពីរនាក់បងប្អូនចំនួន ៥ ហិកតារ ប៉ុន្តែបច្ចុប្បន្នត្រូវអាជ្ញាធរពាក់ព័ន្ធហ៊ុំព័ទ្ធដីនោះឲ្យទៅក្រុមហ៊ុន សិលាដាម៉ិច ទៅវិញ ។

លោកស្រី ឡុង សុធាវី៖ «ប៉ះពាល់ច្រើនណាស់ ដូចខ្ញុំជាអ្នកស្រយង់ពិត មិនមែនអ្នកចំណូលមកពីណាទេកេរមកពីឪទៀតដីហ្នឹង សុំសំណូមពរដល់ថ្នាក់ដឹកនាំ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយដោះស្រាយឲ្យខ្ញុំបានផ្ទះនៅ ឲ្យខ្ញុំបានដីនៅ ខ្ញុំអត់មានទេ ឥឡូវមកជ្រកនៅជាមួយក្មួយបាយទឹកជាមួយគេ រកលុយ​ទិញម្ហូបគ្មាន អត់មានផ្ទះមានសម្បែង ទៅស៊ីឈ្នួលគេបាន៤ម៉ឺនបីនាក់ម៉ែកូន»។

ចំណែកពលរដ្ឋដែលកំពុងរត់ពួនក្នុងព្រៃ ដើម្បីគេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ពលរដ្ឋនៅតែបន្តរត់ពួននៅក្នុងព្រៃ ដោយមិនទាន់ហ៊ានចេញមករស់នៅក្នុងភូមិវិញនោះទេ ព្រោះព្រួយបារម្ភខ្លាចអាជ្ញាធរចាប់ពួកគេដាក់ពន្ធនាគារ ហើយពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដមិនទាន់មានដំណោះស្រាយនោះទេ។

ពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «ខ្ញុំនៅតែវេទនាដដែល យើងអត់មានទៅស៊ីឈ្នួលគេ យើងគេចខ្លួនរហូតដេកចល័តគ្រប់កន្លែង ដេកមួយថ្ងៃកន្លែងនេះ មួយថ្ងៃកន្លែងនោះ តាមចាប់នៅតែតាមចាប់ គេមិនបញ្ឈប់បើគេបញ្ឈប់ទៅ ចេះតែដើរស៊ីឈ្នួលគេបាន ដល់គេមិនបញ្ឈប់យើងព្រួយបារម្ភពីសុវត្ថិភាពមិនមានពេលចេះរកអ្វីបានទេ បានអ្នកស្រុកជួនកាលទៅជួបគេឲ្យអង្ករ២ទៅ៣កំប៉ុងដាំបាយបបរហូបទៅពិបាកណាស់»។

ពលរដ្ឋអះអាងទៀតថា ពលរដ្ឋដែលអាជ្ញាធរប្រកាសដោះស្រាយឲ្យនោះ មិនមែនជាពលរដ្ឋដែល​រងផលប៉ះពាល់ផ្ទាល់ជាមួយក្រុមហ៊ុន សិលាដាម៉ិច នោះទេ។ ចំណែកពលរដ្ឋរងការបណ្ដេញចេញ និងដុតកម្ទេចផ្ទះសម្បែង អាជ្ញាធរពាក់ព័ន្ធកំពុងតែតាមចាប់ខ្លួន និងស្វែងរកទាំងយប់ទាំងថ្ងៃ។
វិទ្យុ​អាស៊ីសេរីមិនអាចទាក់ទង អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៦ ខែមីនា ដោយសារទូរស័ព្ទចូលតែគ្មានអ្នកទទួល ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី១២ខែមីនា អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានប្រកាសប្រាប់ប្រជាពលរដ្ឋនៅឃុំស្រយង់និងបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា ដីជាង ១ពាន់ ហិកតារត្រូវបានកាត់ឆ្វៀលនិងធ្វើប្លង់រឹង ឲ្យប្រជាពលរដ្ឋជិត១៥០គ្រួសារ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ដែលមានទីតាំងជាប់ក្រុមហ៊ុន សិលាដាម៉ិច ប៉ុន្តែលោកមិនបានបញ្ជាក់ថា ការបែងចែកដីទាំងនោះ គឺផ្ដល់ទៅឲ្យប្រជាពលរដ្ឋរងការបង្ក្រាបដោយហិង្សា កាលពីថ្ងៃទី០៦ ខែមីនានោះទេ

ក្រោយពីមានការប៉ះទង្គិចគ្នារវាង កងកម្លាំងប្រដាប់អាវុធនិងពលរដ្ឋ កាលពីថ្ងៃទី០៦ខែមីនា មានពលរដ្ឋចំនួន ២៩នាក់ ត្រូវបានតុលាការខេត្តព្រះវិហារចោទប្រកាន់ពីបទ «កាប់រានព្រៃឈូសឆាយដីព្រៃហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ» យោងតាមមាត្រា៩៧កថាខណ្ឌទី១ចំណុច៦នៃច្បាប់ស្ដីពីព្រៃឈើ និងសម្រេចឃុំខ្លួនពលរដ្ឋចំនួន ២៥នាក់ និង ៤នាក់ទៀត ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននិងបន្តតាមចាប់ពលរដ្ឋមួយចំនួនបន្ថែមទៀត ។

ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញថា អាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវតែចុះសិក្សាស្រាវជ្រាវ អំពីបញ្ហានេះឲ្យបានម៉ត់ចត់ ប្រសិនបើពលរដ្ឋទាំងអស់នោះ មិនមានដីស្រែចម្ការសម្រាប់អាស្រ័យផល អាជ្ញាធរគួរតែស្វែង​រក​ដីសាធារណៈរបស់រដ្ឋ ផ្ដល់ដីទាំងនោះឲ្យទៅពលរដ្ឋ សម្រាប់អាស្រ័យផល ដើម្បីផ្គត់ផ្គង់គ្រួសារ។ លើសពីនោះ លោកថា អាជ្ញាធរគួរធ្វើវេទិកាសាធារណៈ ដើម្បីស្ដាប់មតិនិងទុកកង្វល់របស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការដោះស្រាយដល់ពួកគាត់ ។

លោក ប៉ឹក សោភ័ណ៖ «យើងមានការបែងចែកលៃលកមានដីស្រែដីលំនៅឋានដល់ពួកគាត់ឲ្យបានសមរម្យទៅ ប្រសើរជាជាងកុំឲ្យពួកគាត់មានពាក្យមានសម្ដីវាយប្រហារទៅដល់អាជ្ញាធរខេត្តក៏ដូចជាមន្ត្រីជំនាញហ្នឹងវាជារឿងមួយដ៏ល្អ»។

មកទល់ពេលនេះ ប្រជាពលរដ្ឋមានជម្លោះដីធ្លីមួយចំនួន មិនត្រឹមតែរងអំពើហិង្សា និងបាត់បង់ដីធ្លី ផ្ទះសម្បែងនោះទេ ពួកគាត់ ក៏កំពុងរស់នៅបែកបាក់ក្រុមគ្រួសារផងដែរ។ ពលរដ្ឋមួយចំនួន ឲ្យដឹងថា គ្រួសារខ្លះ គឺអាជ្ញាធរចាប់ឃុំខ្លួនឪពុកម្ដាយដោយបន្សល់ទុកកូនតូចៗនៅក្នុងផ្ទះ ខណៈគ្រួសារខ្លះទៀត គឺអាជ្ញាធរចាប់ប្តី តែដោះលែងប្រពន្ធ ហើយគ្រួសារខ្លះទៀត កំពុងរត់ពួនក្នុងព្រៃ ដោយមានទាំងក្មេងតូចៗផងដែរ ព្រមទាំងខ្វះអាហារបរិភោគគ្រប់គ្រាន់ និងគ្មានកន្លែងស្នាក់នៅត្រឹមត្រូវជាដើម៕

ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះនិងយកដីធ្លី
ស្ត្រីមានទំនាស់ដីធ្លីនៅ ស្រុកគូលែន ខេត្តព្រះវិហារ លេបថ្នាំសម្លាប់ខ្លួនឯង ដោយសារឈឺចិត្ត នឹងក្រុមអាជ្ញាធរ ចុះដុតផ្ទះសម្បែង រឹបអូសទ្រព្យសម្បត្តិ ឈូសឆាយនិងយកដីធ្លីឲ្យក្រុមហ៊ុន សិលាដាម៉ិច (Seila Damex )ក្រោយពីបង្ក្រាបដោយហិង្សា។

ស្ត្រីសម្លាប់ខ្លួននោះ ឈ្មោះ ហែម ឡី អាយុ៥៩ឆ្នាំ មានកូនចំនួន៤នាក់ រស់នៅភូមិក្ដាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ កូនប្រុសរបស់លោកស្រី ហែម ឡី គឺលោក ហ៊ុក ហុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែមីនាថា ម្ដាយរបស់លោកបានលេបថ្នាំសម្លាប់ស្មៅតាំងពីថ្ងៃទី៩ ខែមីនា ចំថ្ងៃអាជ្ញាធរបានចុះដុតផ្ទះ ឈូសឆាយដំណាំដីចម្ការរបស់គាត់ចំនួន ២ ហិកតារ ប៉ុន្តែទើបស្លាប់កាលពីថ្ងៃទី១៦ ខែមីនា បើទោះជាគ្រួសារខិតខំយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលមួយសប្ដាហ៍រួចហើយក្ដី។

លោក ហ៊ុក ហុន បន្តថា លោកឈឺចាប់ បន្ទាប់ពីបាត់បង់ផ្ទះសម្បែង និងដីស្រែចម្ការ ហើយត្រូវបាត់បង់ម្ដាយបន្ថែមទៀត។ លោកអំពាវនាវដល់រដ្ឋាភិបាលជួយដោះស្រាយ និងរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់លោក។

កាលពីព្រឹកថ្ងៃទី០៦ ខែមីនា សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានចុះរុះរើនិងដុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅ ឃុំស្រយង់ និងឃុំត្បែងពីរ ត្រូវបានពលរដ្ឋជាង១០០នាក់ នាំគ្នារារាំងបណ្ដាលឲ្យមានការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់។ ក្រោយព្រឹត្តិការណ៍នេះ សមត្ថកិច្ចបានបន្តចុះរុះរើផ្ទះពលរដ្ឋជាបន្តបន្ទាប់ និងបានចាប់ឃុំខ្លួនពលរដ្ឋចំនួន ២៥ នាក់ និងកំពុងបន្តតាមចាប់ខ្លួនពលរដ្ឋផ្សេងទៀត ខណៈពលរដ្ឋមួយចំនួនកំពុងរត់ពួនក្នុងព្រៃដើម្បីគេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរ និងកំពុងប្រឈមការលំបាក៕

សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍ពិស្ដារជុំវិញរឿងនេះ នៅក្នុងកម្មវិធីផ្សាយព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរី នៅល្ងាចម៉ោង ៧ យប់ ថ្ងៃអាទិត្យ ទី១៧ ខែមីនានេះ!

អាជ្ញាធរខេត្តព្រះវិហារព្រមកាត់ឆ្វៀលដីប៉ះពាល់ឲ្យពលរដ្ឋជាង១០០គ្រួសារ និងបន្តឃុំខ្លួនពលរដ្ឋ​២៥​នាក់ក្រោយការបង្ក្រាបហិង្សា

អាជ្ញាធរខេត្តព្រះវិហារ បានសន្យានៅមុខប្រជាពលរដ្ឋរាប់រយនាក់ ដោយព្រមកាត់ឆ្វៀលដីជាង១ពាន់ហិកតារ និងធ្វើប្លង់រឹង ឲ្យប្រជាពលរដ្ឋជិត១៥០គ្រួសារ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ដែលមាន ទីតាំងជាប់ ក្រុមហ៊ុន សិលាដាម៉ិច (Seila Damex) ខណៈពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សិលាដាម៉ិច ចំនួន ២៥នាក់ត្រូវបានតុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួននៅពន្ធនាគារ និង៤នាក់ទៀតដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោមហេតុផលមិនទាន់គ្រប់អាយុ និងចាស់ជរា។

ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៤៣ គ្រួសារ ដែលរស់នៅក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ជាប់ជាមួយទីតាំងក្រុមហ៊ុន សីលា ដាម៉ិច ដែលរដ្ឋបាលខេត្តអនុវត្តច្បាប់កន្លងមក។
រដ្ឋបាលខេត្តកំពុងចុះធ្វើប្លង់រឹង ជូនប្រជាពលរដ្ឋដែលអាស្រ័យផលលើដីស្របច្បាប់ ឲ្យបានឆាប់បំផុត។
ចំពោះបងប្អូនដែលចូលទន្ទ្រានដីរដ្ឋខុសច្បាប់ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនបញ្ឈប់សកម្មភាពនេះ ហើយ​វិលត្រឡប់ទៅលំនៅដ្ឋានដើមរបស់ខ្លួនវិញ។ រដ្ឋបាលខេត្ត និងបន្តបង្ក្រាបសកម្មភាពខុសច្បាប់ នៅទីតាំងមួយចំនួនទៀត។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួម ពិធីចាប់ឆ្នោតយកលេខរៀង គណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ ២០២៤ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត។

ការចាត់វិធានការច្បាប់ថ្ងៃ៦មីនា មិនមែនជារឿងថ្មីទេ នេះគឺជាលើកទី២ក្នុងទីតាំងដីតែមួយ

លោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ៖ ការចុះអនុវត្តវិធានការច្បាប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ចំពោះក្រុមអនាធិបតេយ្យដែលរុករានទន្រ្ទានដីរដ្ឋខុសច្បាប់ គឺមិនមែនជារឿងថ្មីនោះទេ ពោលនេះគឺជាការចាត់វិធានការលើកទី២ហើយ នៅក្នុងទីតាំងដដែល។

ការបញ្ជាក់បែបនេះបានធ្វើឡើងនៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសបើកសន្និសីទសារព័ត៌មានក្រោយពីបានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមដែលរំលោភយកដីរដ្ឋ​ កាលពីថ្ងៃទី០៦មីនា។